ព័ត៌មានអន្តរជាតិ May 29, 2021

ចិនសម្រេចបានការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ជាង «៦០០លានដូស» ជូនប្រជាជនទូទាំងប្រទេស

Khmerpress

(ប៉េកាំង)៖ គណៈកម្មការសុខាភិបាលជាតិចិន (NHC) បានប្រកាសថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ជាង ៦០០លានដូសហើយ ត្រូវបានចាក់ជូនប្រជាជននៅទូទាំងប្រទេស គិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១។ តួលេខនេះគឺកើនប្រមាណជិត ២០លានដូសក្នុងមួយថ្ងៃ ពីចំនួន ៥៨៤.៤លានដូសដែលបានរាយការណ៍កាលពីថ្ងៃសុក្រម្សិលមិញនេះ។

បច្ចុប្បន្នប្រទេសចិនមានសមត្ថភាព ផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនរហូតដល់ទៅខ្ទង់ ២០លានដូស ឬលើសនេះទៀតក្នុងមួយថ្ងៃ ដែលជាចំនួនខ្ពស់ជាងគេបំផុត នៅលើពិភពលោក។

គួរបញ្ជាក់ថា ប្រទេសចិនបានប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 ផលិតក្នុងស្រុកផ្ទាល់ ដើម្បីចាក់ជូនប្រជាជនរបស់ខ្លួន។ សម្រាប់វ៉ាក់សាំងផលិតដោយចិនដូចជា Sinovac និង Sinopharm ក៏ត្រូវបានបរិច្ចាគ និងផ្គត់ផ្គង់ទៅតាមការបញ្ជាទិញពីប្រទេសជាច្រើន នៅជុំវិញពិភពលោកផងដែរ ក្នុងនោះប្រទេសធំៗដូចជា ប្រេស៊ីល តួកគី និងឥណ្ឌូណេស៊ីជាដើម សុទ្ធតែបានបញ្ជាទិញវ៉ាក់សាំងពីចិន៕ ផ្តល់សិទ្ធិដោយ៖ freshnews