(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជូនជនសង្ស័យចំនួន៣នាក់ ជាមួយវត្ថុតាងម៉ូតូ១គ្រឿង និងមាសក្លែងក្លាយមួយចំនួន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនិតិវិធី ក្រោយស្រាវជ្រាវបង្ក្រាបបានបន្តបន្ទាប់ពាក់ព័ន្ធប្រព្រឹត្តបទល្មើសអំពើឆបោក (ជម្រុះមាសក្លែងក្លាយឆបោកទ្រព្យសម្បត្តិពីជនរងគ្រោះ) ដោយយកបានទាំងខ្សែក, ខ្សែដៃ, ចិញ្ជៀន, ទូរសព្ទដៃ, ប្រាក់ដុល្លារ និងប្រាក់រៀល។ លោកវរសេនីយ៍ឯក ម៉ម សាវន បានឲ្យដឹងថា ចំពោះការតាមស្រាវជ្រាវបង្ក្រាបឃាត់ខ្លួន និងបញ្ចូនជនសង្ស័យទាំង៣នាក់ បានអនុវត្តឡើងយ៉ាងយកចិត្តទុកដាក់ ក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងស្នងការរងទទួលដឹកនាំការិយាល័យ និងមានការសម្របសម្រួលដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងមួយចំនួន ដូចជា កាបូបដៃម៉ាក GIORGIO ARMANI ពណ៌សូកូឡា១, ថង់ក្រណាត់ពណ៌ក្រហម១, ខ្សែកកាឡៃជ្រលក់ទឹកមាស (មាសក្លែងក្លាយ) ម៉ូតច្រវ៉ាក់ឆាបលាយថ្នាំងអំពៅ១ខ្សែ, បង្កាន់ដៃលក់ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ចំនួន១សន្លឹក, ម៉ូតូម៉ាកហុងដា […]