ព័ត៌មានជាតិ

ខេត្តតាកែវ​ នឹងចាប់ផ្តើមសាកល្បងដាក់ឱ្យដំណើរការ «ផ្សារផលិតផលខ្មែរ ឬផ្សារចុងសប្តាហ៍» នៅខែតុលានេះ

Liny Chan October 2, 2025 02/10/2025

(ភ្នំពេញ)៖ មន្ទីរពាណិជ្ជកម្មខេត្តតាកែវ នឹងអនុវត្តន៍សាកល្បងផ្សារផលិតផលខ្មែរខេត្តតាកែវ (ផ្សារចុងសប្តាហ៍)​​ សម្រាប់តាំងលក់ផលិតផលរបស់ក្រុមផលិត ដើម្បីបង្កើនប្រាក់ចំណេញដល់ក្រុមកសិករផលិត និងអាជីវករ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់​មន្ទីរពាណិជ្ជកម្មខេត្តតាកែវ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ។ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា មន្ទីរពាណិជ្ជកម្មខេត្តតាកែវ បានកំពុងអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ​​ហើយ​ការរៀបចំផ្សារផលិតផលខ្មែរ ជាសកម្មភាពអាទិភាពមួយនៃគម្រោង (AIMS) ដើម្បីលើកកម្ពស់តម្លៃ សរុបនៃផលិតផលកសិកម្មនៅលើទីផ្សារ និងជាការតាំងលក់ផលិតផលរបស់ក្រុមផលិត ដែលបានទទួលការគាំទ្រ ពីគម្រោងក្នុងការអភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃដើម្បីបង្កើនប្រាក់ចំណេញដល់ក្រុមកសិករផលិត និងអាជីវករ។ ​ការអនុវត្តន៍សាកល្បង ផ្សារផលិតផលខ្មែរខេត្តតាកែវ (ផ្សារចុងសប្តាហ៍) គឺមានរយៈពេល៣(បី)ខែ រៀងរាល់ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ។ មន្ទីរពាណិជ្ជកម្មខេត្ត នឹងចាប់ផ្តើមអនុវត្តន៍ចាប់ពីសប្តាហ៍ទី១ នៃខែតុលា ត្រូវនឹងថ្ងៃទី៤ និងទី៥ ខែតុលា ឆ្នាំ២០២៥ នេះតទៅ ដែលមានទីតាំងស្ថិតនៅលើសួនច្បារទល់មុខរោងមហោស្របខេត្ត។ មន្ទីរពាណិជ្ជកម្មខេត្តតាកែវ ក្នុងនាមជាអ្នកសម្របសម្រួលក្នុងការអនុវត្តន៍ ផ្សារផលិតផលខ្មែរ ខេត្តតាកែវ សូមអញ្ជើញ លោក-លោកស្រី និងសាធារណៈជនទូទៅ ចូលរួមជួយគាំទ្រផលិតផលខ្មែរ ស្នាដៃ កសិករខ្មែរ ដែលជាផលិតផលក្នុងខេត្តតាកែវ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក​ឱ្យបានច្រើន៕ […]

សហរដ្ឋអាមេរិក៖ អគារខ្ពស់មួយក្នុងទីក្រុងញូវយ៉ក ដួលរលំមួយផ្នែក តែមិនមានអ្នករបួស

Liny Chan October 2, 2025 02/10/2025

(ញូវយ៉ក)៖ ផ្នែកមួយនៃអគារផ្ទះល្វែងកម្ពស់ខ្ពស់ នៅក្នុងទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិក បានដួលរលំ កាលពីថ្ងៃពុធ ថ្ងៃទី១ ខែតុលា ដោយបន្សល់ទុកនូវគំនរកម្ទេចកម្ទីថ្ម ប៉ុន្តែមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP។ នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​ក្រុង​ ​មិន​ទទួលបានរបាយការណ៍​​អំពី​អ្នក​រង​របួស​ទេ ហើយកំពុងឆ្លើយតបទៅនឹងករណីផ្ទុះហ្គាស ដែលបណ្តាលឱ្យបាក់បំពង់បញ្ចេញផ្សែងនៃអគារកម្ពស់ ២០ជាន់ ក្នុងសង្កាត់ Bronx។ អភិបាលក្រុងញូវយ៉ក លោក Eric Adams និយាយថា ក្រុមមន្ត្រីនៅបន្តធ្វើការវាយតម្លៃលើផលប៉ះពាល់ទាំងស្រុង។ នាយកដ្ឋានប៉ូលិសក្រុងញូវយ៉ក បាននិយាយឱ្យដឹងថា នៅពេលទៅដល់កន្លែងកើតហេតុ អគារ Mitchel Houses ក្រុមមន្រ្តីសង្កេតឃើញ ផ្នែកមួយនៃអគារបានដួលរលំ។ គួរបញ្ជាក់ថា បំពង់បញ្ចេញផ្សែងពីអគារ នៅក្នុងទីក្រុងញូវយ៉ក ត្រូវបានប្រើប្រាស់សម្រាប់បញ្ចេញសំរាមចោល ដែលត្រូវបានដុតនៅក្នុងនោះតែម្តង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ អត្រាពន្ធបដិការ ១៩% កម្ពុជានៅតែក្សាបានភាពប្រកួតប្រជែង ក្នុងការទាក់ទាញវិនិយោគ និងការនាំចេញទៅទីផ្សារអាមេរិក

Liny Chan October 2, 2025 02/10/2025

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីបើកវេទិកាស្ដីពី «ការវិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក» ដែលប្រព្រឹត្តទៅនៅសាលាជាតិគយនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ វេទិកាស្ដីពី «ការវិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក» ត្រូវបានរៀបចំឡើង ដើម្បីជាឱកាសនៃការជួបជុំរវាងអ្នករៀបចំគោលនយោបាយ ប្រតិបត្តិករគោលនយោបាយ និងផ្នែកឯកជន ដើម្បីពិភាក្សាអំពីប្រធានបទដែលមានសារៈសំខាន់ដើម្បីរក្សា ពង្រឹងនិងពង្រីកពាណិជ្ជកម្ម និងវិនិយោគជាមួយសហរដ្ឋអាម៉េរិក រួមជាមួយនឹងការដោះស្រាយបញ្ហាប្រឈមនានា នៅក្នុងបរិការណ៍នៃការផ្លាស់ប្តូរឥតឈប់ឈរ នៃបរិយាកាសពាណិជ្ជកម្មពិភពលោកនាពេលបច្ចុប្បន្ន។ ថ្លែងក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកពីសាវតានៃការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក, តួលេខនៃការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក, និងសាវតានៃកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិក ដែលបានធ្វើឡើងជាបន្តបន្ទាប់ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតីនាយករដ្ឋមន្ត្រី។ ដោយជាលទ្ធផលរដ្ឋបាលសហរដ្ឋអាម៉េរិក បានបញ្ចុះអត្រាពន្ធបដិការមកលើកម្ពុជានៅត្រឹម ១៩% ដែលជាអត្រាមួយអនុញ្ញាតឱ្យកម្ពុជា រក្សាបាននូវភាពប្រកួតប្រជែងក្នុងការទាក់ទាញវិនិយោគ និងការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ ឆ្លៀតក្នុងឱកាសនេះលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់អំពីសារសំខាន់នៃវេទិកានេះ ដែលត្រូវបានរៀបចំឡើងក្នុងពេលវេលាដ៏សំខាន់សម្រាប់អនាគតសេដ្ឋកិច្ចកម្ពុជា។ តាមរយៈការសហការគ្នារវាងភាគីពាក់ព័ន្ធទាំងអស់របស់រាជរដ្ឋាភិបាល និងផ្នែកឯកជន យើងនឹងធានាបានថា កម្ពុជានៅតែរក្សាបាននូវអនុលោមភាព ភាពប្រកួតប្រជែង និងភាពទាក់ទាញសម្រាប់ វិនិយោគ និងពាណិជ្ជកម្ម។ […]

ក្រុមសង្រ្គោះឥណ្ឌូណេស៉ី ថាលែងរកឃើញសញ្ញានៅមានជីវិត ខណៈមនុស្ស៥៩នាក់ បន្តបាត់ខ្លួនក្នុងករណីបាក់ស្រុតអគារសាលារៀន

Liny Chan October 2, 2025 02/10/2025

(ហ្សាការតា)៖ នាថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ក្រុមសង្រ្គោះនៅប្រទេសឥណ្ឌូណេស៉ី បាននិយាយថា ពួកគេលែងប្រទះឃើញសញ្ញាមានជីវិត នៅក្រោមគំនរអគារសាលារៀនដែលបាក់ស្រុតទៀតហើយ ជាទីដែលមនុស្ស៥៩នាក់ ត្រូវបានជឿថានៅបន្តបាត់ខ្លួននៅឡើយ។ ប្រការនេះបង្កើនការភ័យព្រួយថា លែងមានអ្នកនៅរស់ផ្សេងទៀត ដែលនឹងត្រូវរកឃើញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ប្រធានទីភ្នាក់ងារបង្ការគ្រោះមហន្តរាយឥណ្ឌូណេស៉ី បាននិយាយថា នាថ្ងៃព្រហស្បតិ៍នេះ ក្រុមសង្រ្គោះបានបន្តប្រើប្រាស់មធ្យោបាយគ្រប់បែបយ៉ាង រួមមានទាំង​ឧបករណ៍ទំនើបៗ ប៉ុន្តែមិនប្រទះឃើញសញ្ញាមានជីវិតទៀតនោះទេ នៅក្រោមគំនរអគារ ដែលបានបាក់ស្រុតតាំងពីថ្ងៃចន្ទដើមសប្តាហ៍។ កាលពីថ្ងៃព្រហស្បតិ៍ មនុស្សចំនួន៥នាក់ ត្រូវបានទាញចេញពី​ក្រោមគំនរបាក់បែក ទាំងនៅមានជីវិត។ គួរបញ្ជាក់ថា សាលារៀនអ៉ីស្លាមខាងលើ ដែលស្ថិតក្នុងក្រុង Sidoarjo លើកោះជ្វា បានបាក់ស្រុត ខណៈដែលគ្រឹះរបស់អគារ មិនអាចគាំទ្រការងារសាងសង់ ដែលធ្វើឡើងនៅជាន់ខាងលើបាន ហើយសង្កត់លើសិស្សជាច្រើននាក់ ដែលពេលនោះ កំពុងប្រមូលផ្តុំគ្នាធ្វើការថ្វាយបង្គំប្រចាំថ្ងៃ។ តួលេខផ្លូវការចុងក្រោយនៃអ្នកស្លាប់ក្នុងហេតុការណ៍នេះ ត្រូវបានអាជ្ញាធរឥណ្ឌូណេស៉ី បញ្ជាក់ថា មានចំនួន៥នាក់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោក ប៉ែន បូណា៖ គ្មានអ្វីអាចយកឈ្នះលើបញ្ញាញាណ និងកម្លាំងមហាសាមគ្គីជាតិខ្មែរបានឡើយ!

Liny Chan October 2, 2025 02/10/2025

(ភ្នំពេញ)៖ រយៈពេលចុងក្រោយនេះ មានការផ្សព្វផ្សាយព័ត៌មានមិនពិត ប្រឌិត បំផ្លើសបំភ្លៃជាច្រើនដែលបម្រើឱ្យសង្គ្រាមចិត្តសាស្ត្ររបស់ភាគីអមិត្តដែលចង់បំផ្លាញកម្ពុជាក្នុងគោលដៅបំបែកបំបាក់សាមគ្គីភាពក្នុងចំណោមប្រជាពលរដ្ឋខ្មែរដែលជាខែលដ៏រឹងមាំដើម្បីការពារជាតិ។ ដើម្បីឆ្លើយតបនឹងផ្សព្វផ្សាយបែបនេះ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានបង្ហាញនូវប្រភេទព័ត៌មានដែលមានចរិតញុះញង់និងបំបែកបំបាក់ទាំងនោះ ដែលធ្វើឡើងក្រោមរូបភាពច្រើនយ៉ាងដូចជា៖ ទី១៖ ការបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដោយដាក់ឈ្មោះខ្មែរ និងសរសេរភាសាខ្មែរ ប៉ុន្តែម្ចាស់គណនីទាំងនោះមិនមែនជាខ្មែរទេ។ ទី២៖ ការប្រើប្រាស់បណ្តាញផ្សាយព័ត៌មានផ្លូវការជាឧបករណ៍បម្រើសង្គ្រាមចិត្តសាស្ត្រដោយចំហតាមរយៈការផ្សាយព័ត៌មានមិនពិត និងញុះញង់ដើម្បីបង្កការឈឺចាប់ បំបាក់ទឹកចិត្ត ក្នុងគោលបំណងបំបែកសាមគ្គីភាពរវាងប្រជាពលរដ្ឋ កងទ័ព និងរាជរដ្ឋាភិបាល។ ទី៣៖ ការប្រើប្រាស់ខ្មែរមួយចំនួនដែលរស់នៅក្រៅប្រទេសនិងដែលគេស្គាល់យ៉ាងច្បាស់ថា ជាអ្នកប្រឆាំងផ្កាប់មុខ ប្រឆាំងមិនស្គាល់កាលៈទេសៈ និងហ៊ានប្រឆាំងទាំងប្រយោជន៍ជាតិខ្លួនឯង ដើម្បីជាឧបករណ៍បំពងសំឡេងសង្គ្រាមចិត្តសាស្ត្ររបស់ពួកគេ។ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានកត់សម្គាល់ប្រកបដោយមោទនភាពយ៉ាក្រៃលែងគឺ ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស មិនត្រឹមតែមិនធ្លាក់ក្នុងអន្ទាក់របស់គេប៉ុណ្ណោះទេ តែពួកគេថែមទាំងបានវាយបកវិញយ៉ាងសកម្មនិងយ៉ាងសមស្របនិងទាន់ពេលវេលា ដែលធ្វើឱ្យសង្គ្រាមចិត្តសាស្ត្រទាំងនោះសាបរលាបទៅវិញយ៉ាងឆាប់រហ័ស។ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានសូមបងប្អូនកត់ចំណាំថា ក្នុងកាលៈទេសៈបែបនេះ អ្នកស្រឡាញ់ជាតិពិតប្រាកដ បាននិងកំពុងស្រាក់ដៃគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាលនិងកងទ័ពដើម្បីការពារផលប្រយោជន៍ជាតិក្នុងនាមជាខ្មែរដែលត្រូវឈរការពារផលប្រយោជន៍ខ្មែរទោះជាក្នុងតម្លៃណាក៏ដោយ។ ខ្មែរស្នេហាជាតិមិនឆ្លៀតបំបែកបំបាក់ខ្មែរគ្នាឯងនៅក្នុងកាលៈទេសៈបែបនេះឡើយ។ សកម្មភាពដែលប្រជាពលរដ្ឋយើងទាំងក្នុងនិងក្រៅប្រទេសបាននិងកំពុងបន្តធ្វើគឺជាឧទាហរណ៍ជាក់ស្តែងដែលបង្ហាញពីទឹកចិត្តស្រឡាញ់ជាតិពិតប្រាកដ និងបង្កើតបានជាមោទនភាពដ៏ធំធេងសម្រាប់ប្រជាជាតិខ្មែរទាំងមូល។ លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានសូមជនរួមជាតិខ្មែរបន្តថែរក្សាកម្លាំងមហាសាមគ្គីជាតិនេះឱ្យបានស្ថិរស្ថេរជារៀងរហូត និងបន្តជឿជាក់លើរាជរដ្ឋាភិបាល លើកងទ័ពនិងកងកម្លាំងគ្រប់ប្រភេទ ជាពិសេសលើថ្នាក់ដឹកនាំដែលដឹងយ៉ាងច្បាស់ថា តើកាលៈទេសៈណាត្រូវប្រើវិធីសាស្ត្រអ្វីដើម្បីការពារសុខសន្តិភាពនិងបូរណភាពទឹកដី។ គ្មានអ្វីអាចយកឈ្នះលើបញ្ញាញាណ និងកម្លាំងមហាសាមគ្គីជាតិខ្មែរបានឡើយ៕ […]

ក្រសួងការងារ គ្រោងរៀបចំពិព័រណ៍ការងារនៅខេត្តធំៗចំនួន៥ ដើម្បីផ្ដល់ឱកាសការងារជាង ៨ម៉ឺនកន្លែងជូនដល់ពលករទើបត្រឡប់មកពីប្រទេសថៃ

Liny Chan October 2, 2025 02/10/2025

(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គ្រោងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តធំៗចំនួន៥ ដើម្បីផ្ដល់ឱកាសការងារជាង៨ម៉ឺនកន្លែង ជូនបងប្អូនពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃ និងយុវជនកំពុងស្វែងរកការងារធ្វើ។ ពិព័រណ៍នេះ គ្រោងរៀបចំនៅខេត្តបាត់ដំបង ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែតុលា, នៅខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា, នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា, ខេត្តព្រៃវែង និងខេត្តកំពង់ធំ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា។ ឱកាសការងារសរុបចំនួន ៨៤ ៧៦៧កន្លែង ដែលស្ថិតក្នុងវិស័យឧស្សាហកម្ម, សេវាកម្ម និងកសិកម្ម នឹងត្រូវផ្ដល់ជូនបងប្អូនអតីតពលករខ្មែរត្រឡប់មកពីថៃ ក៏ដូចជាយុវជនកំពុងស្វែងរកការងារធ្វើ ដោយពួកគាត់អាចដាក់ពាក្យ និងអាចសម្ភាសការងារភ្លាមៗ ដោយមិនចាំបាច់រង់ចាំឡើយ។ សម្រាប់ព័ត៌មានបន្ថែមបងប្អូនពលករខ្មែរ និងយុវជន អាចទាក់ទងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) តាមរយៈលេខទូរស័ព្ទ Hotline ១២៩៧៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ទឹកជំនន់ភ្លាមៗ បណ្ដាលឱ្យជីវិតមនុស្ស ៩នាក់បាត់បង់ជីវិតក្នុងតំបន់ Odesa ភាគខាងត្បូងអ៊ុយក្រែន

Liny Chan October 2, 2025 02/10/2025

(កៀវ)៖ ទឹកជំនន់ក្នុងតំបន់ Odesa ប្រទេសអ៊ុយក្រែន បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ៩នាក់ រួមទាំងមួយគ្រួសារដែលមានសមាជិក ៥នាក់ ជាប់គាំងនៅក្នុងផ្ទះដែលត្រូវទឹកជន់លិច ខណៈភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យមនុស្សរាប់រយនាក់ត្រូវការសង្គ្រោះ និងរាប់ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ ២០២៥។ សេវាសង្គ្រោះបន្ទាន់បាននិយាយកាលពីថ្ងៃពុធថា ក្រុមរបស់ខ្លួនកំពុងធ្វើការទាំងយប់ ដើម្បីជួយសង្រ្គោះមនុស្ស ៣៦២នាក់ និងរំដោះទឹកចេញពីអគារនានា។ អភិបាលតំបន់ Odesa លោក Oleh Kiper និយាយថា តំបន់បានទទួលរងនូវជំនន់ទឹកភ្លៀង រយៈពេលពីរថ្ងៃមកហើយ ដោយជន់លិចផ្លូវថ្នល់ កាត់ផ្តាច់ចរន្តអគ្គិសនី ខូចខាតទ្រព្យសម្បត្តិ និងបានរលំដើមឈើ។ ក្រុមការងារជាង ៥០០នាក់​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រឹងប្រែង​​សង្គ្រោះ ដោយបន្ថែមថា មនុស្ស ៤២ ០០០នាក់នៅក្នុងភូមិចំនួន ៣២ និងទីប្រជុំជនក្នុងតំបន់ នៅតែគ្មានអគ្គិសនីប្រើប្រាស់ជាបណ្តោះអាសន្ន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានណែនាំឱ្យឧបនាយករដ្ឋមន្ត្រីម្នាក់ ចុះត្រួតពិនិត្យប្រតិបត្តិការនៅក្នុងតំបន់ដែលកំពុងរងគ្រោះនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អគ្គនាយកដ្ឋានពន្ធដារ៖ មធ្យោបាយដឹកជញ្ជូនចំនួន ៥ប្រភេទ ត្រូវបានលើកលែងពន្ធលើមធ្យោបាយដឹកជញ្ជូន

Liny Chan October 2, 2025 02/10/2025

(ភ្នំពេញ)៖ បើតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្ធលើមធ្យោបាយដឹកជញ្ជូន ត្រូវអនុវត្តលើមធ្យោបាយដឹកជញ្ជូន នៅកម្ពុជាមានជាអាទិ៍៖ កប៉ាល់ សាឡង់ ទូក កាណូត អូប័រ រថយន្ត ក្បាលរថយន្តសណ្តោង រ៉ឺម៉កសណ្តោង ស៊ីមីរ៉ឺម៉កសណ្តោង ទោចក្រយានយន្ត ត្រីចក្រយានយន្តត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល។ ពន្ធលើមធ្យោបាយដឹកជញ្ជូន ក៏ត្រូវបានលើកលែងចំពោះមធ្យោបាយដឹកជញ្ជូនចំនួន ៥ប្រភេទ ដូចខាងក្រោម៖ ១៖ រថយន្តគិលានសង្គ្រោះ និងរថយន្តពន្លត់អគ្គិភ័យជាកម្មសិទ្ធិរបស់រដ្ឋ។២៖ យានយន្តដែលជាកម្មសិទ្ធិរបស់អង្គភាពកងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ នគរបាលជាតិ ដែលបម្រើការងារសម្រាប់ គោលដៅនៃការការពារជាតិសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមតែប៉ុណ្ណោះ។៣៖ យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា។៤៖ ទោចក្រយានយន្ត និងត្រីចក្រយានយន្តគ្រប់ប្រភេទ ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល និងជលយានយន្តគ្រប់ប្រភេទដែលមានកម្លាំងដល់ ១៥០សេះ ឬតិចជាង។៥៖ រថយន្តដែលបំប្លែងមកពីគោយន្ត និងរថយន្តកែច្នៃកង់បីដែលបំពាក់ម៉ាស៊ីន។ គួរបញ្ជាក់ផងដែរថា មធ្យោបាយដឹកជញ្ជូនទាំងឡាយណា ដែលមានបង្កាន់ដៃបង់ពន្ធនាំចូលចេញមុនខែធ្នូ តែមានបណ្ណសម្គាល់យានជំនិះ ចេញលើកដំបូងក្នុងខែធ្នូនៃឆ្នាំជាប់ពន្ធចរន្ត ត្រូវបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនក្នុងឆ្នាំនោះ ដោយទទួលបានការលើកលែងប្រាក់ពន្ធបន្ថែម។ ក្នុងករណីបណ្ណសម្គាល់យានជំនិះចេញលើកដំបូងក្នុងខែធ្នូ និងមានបង្កាន់ដៃបង់ពន្ធនាំចូល ចេញក្នុងខែធ្នូឆ្នាំតែមួយ ត្រូវបានអនុញ្ញាតឱ្យបង់ពន្ធសម្រាប់ឆ្នាំបន្ទាប់។ ម្ចាស់កម្មសិទ្ធិនៃមធ្យោបាយដឹកជញ្ជូន ដែលមានកាតព្វកិច្ចពន្ធលើមធ្យោបាយដឹកជញ្ជូន ត្រូវប្រកាស និងបង់ប្រាក់ពន្ធចាប់ពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ […]

UPDATE: អ្នកបាត់បង់ជីវិតក្នុងគ្រោះរញ្ជួយដីនៅហ្វីលីពីន កើនដល់ ៧២នាក់

Liny Chan October 2, 2025 02/10/2025

(ម៉ានីល)៖ អាជ្ញាធរនៅក្នុងប្រទេសហ្វីលីពីន បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ថាចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីកម្រិត៦.៩រ៉ិចទ័រដែលបានវាយប្រហារលើភាគកណ្ដាលនៃប្រទេស កាលពីយប់ថ្ងៃអង្គារកន្លងទៅនេះ បានកើនដល់ ៧២នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ទីភ្នាក់ងារការពារជនស៊ីវិលហ្វីលីពីន បានបញ្ជាក់ទៀតថាមនុស្ស២៩៤នាក់ផ្សេងទៀតក៏បានរងរបួសផងដែរ។ តួលេខអ្នកស្លាប់ចុងក្រោយបំផុតនេះបានកើនឡើងបន្ទាប់ពីមនុស្ស៣នាក់ទៀត បានស្លាប់ ហើយអ្នកស្លាប់ទាំងអស់ត្រូវបានរាយការណ៍ក្នុងតំបន់ Visayas ភាគកណ្ដាលនៃប្រទេស។ គ្រោះរញ្ជួយដីកម្រិត៦.៩រ៉ិចទ័រ បានវាយប្រហារទីក្រុង Cebu កាលពីយប់ថ្ងៃអង្គារ ដោយបណ្ដាលឱ្យខូចខាតដល់បណ្ដាញផ្គត់ផ្គង់អគ្គិសនី ស្ពាន និងអគារជាច្រើនក្នុងនោះរួមមានទាំងព្រះវិហារគ្រឹស្តមួយមានអាយុកាលជាង១០០ឆ្នាំ។ គ្រោះរញ្ជួយដីនៅទីក្រុង Cebu គឺជាគ្រោះរញ្ជួយដីដ៏អាក្រក់បំផុតមួយនៅហ្វីលីពីន ចាប់តាំងពីឆ្នាំ២០១៣មក ជាពេលដែលគ្រោះរញ្ជួយដីកម្រិត ៧.២រ៉ិចទ័រវាយប្រហារលើកោះ Bohol ដោយសម្លាប់មនុស្ស ២២២នាក់។ ហ្វីលីពីនជាប្រទេសមួយមានទីតាំងភូមិសាស្ត្រស្ថិតនៅលើខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក និងតែងជួបប្រទះការរញ្ជួយដីយ៉ាងហោច ៨០០លើកក្នុងមួយឆ្នាំៗ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News