(កណ្ដាល)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហើបថា នៅថ្ងៃខាងមុខការហោះហើរត្រង់រវាងកម្ពុជា និងអូស្ដ្រាលី នឹងបើកដំណើរការ ក្រោយកិច្ចព្រមព្រៀងស្ដីពីការបើកច្រកទំនាក់ទំនងវិស័យផ្លូវអាកាសរវាងប្រទេសទាំងពីរ បានចុះហត្ថលេខារួចរាល់ហើយ នៅពេលដែលសម្ដេចដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅប្រទេសអូស្ដ្រាលី កាលពីសប្ដាហ៍កន្លងទៅនេះ។ ការឲ្យដឹងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ សម្រេចបានប្រមាណ៦៦.១ភាគរយ និងបានចំណាយទឹកប្រាក់សរុប សម្រាប់ការសាងសង់ចំនួន ៩៦១លានដុល្លារអាមេរិក នៃគម្រោងទឹកប្រាក់វិនិយោគសរុបចំនួន ១,៥០០លានដុល្លារអាមេរិក។ បើតាមប្រសាសន៍របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី, ការហោះហើរត្រង់រវាងកម្ពុជា-អូស្ដ្រាលី នឹងធ្វើឡើងនៅពេលដែលចំនួនអ្នកធ្វើដំណើរមានការកើនឡើង ខណៈបច្ចុប្បន្ននេះរាល់ការធ្វើដំណើរមកពីប្រទេសអូស្ដ្រាលី ត្រូវឆ្លងកាត់បណ្ដាប្រទេសផ្សេងៗ ទើបបន្ដមកដល់ប្រទេសកម្ពុជា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ថ្ងៃមុនទៅអូស្ដ្រាលីយើងបានចុះកិច្ចព្រមព្រៀងជាមួយអូស្ដ្រាលីពីការបើកច្រកសម្រាប់ទំនាក់ទំនងវិស័យអាកាស, យើងថ្ងៃមុខអាចឈានទៅដល់ការហោះហើរត្រង់តែម្ដង។ ឥលូវនេះយើងហោះមកចូលតាមប្រទេសផ្សេងៗ […] យើងចុះកិច្ចព្រមព្រៀងជាមួយអូស្ដ្រាលីបើកច្រក ថ្ងៃក្រោយបើមានចំនួនមនុស្សធ្វើដំណើរ»។ សម្ដេចធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ការចុះកិច្ចព្រមព្រៀងតភ្ជាប់ជើងហោះហើរត្រង់ពីបណ្ដាប្រទេសនានានៅលើពិភពលោក មកកាន់ប្រទេសកម្ពុជា នឹងមានភាពងាយស្រួលនៅពេលដែលកម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធវិស័យផ្លូវអាកាសគ្រប់គ្រាន់ ពោលជាក់ស្ដែងដូចអាកាសយានដ្ឋានអន្ដរជាតិតេជោ […]