ព័ត៌មានអន្តរជាតិ

ករណីកូនសិស្សអាយុ ១៣ឆ្នាំដែលមានម្តាយជនជាតិខ្មែរ ហើយប្រឈមនឹងការបណ្តេញចេញពីប្រទេស ត្រូវបានអន្តរាគមន៍

Liny Chan August 29, 2025 29/08/2025

(បាងកក)៖ នាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ លោក Phumtham Wechayachai បានចេញមុខអន្តរាគមន៍ដោយផ្ទាល់ក្នុងករណីសិស្សប្រុសអាយុ ១៣ឆ្នាំ ដែលមានម្តាយជាជនជាតិខ្មែរ ក្រោយរូបគេត្រូវបានចាប់ខ្លួន និងប្រឈមនឹងការបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ បន្ទាប់ពីម្តាយរបស់គេត្រូវបានឃាត់ខ្លួនពីបទចូលប្រទេសដោយខុសច្បាប់។ នេះបើយោងតាមសេចក្តីរាយការណ៍ របស់កាសែតក្នុងស្រុកថៃ។ នាយករដ្ឋមន្ត្រីបណ្ដោះអាសន្នរូបនេះ បានដាក់បញ្ជាឲ្យមន្ត្រីពាក់ព័ន្ធស្វែងរកដំណោះស្រាយរឿងនេះជាបន្ទាន់។ លោក Phumtham បានបញ្ជាក់ថា «ទោះបីមន្ត្រីត្រូវអនុវត្តតាមច្បាប់ក៏ដោយ ក៏រដ្ឋាភិបាលត្រូវតែគិតគូរពីគោលការណ៍មនុស្សធម៌ដែរ»។ គួរបញ្ជាក់ថា តាមការចេញផ្សាយរបស់សារព័ត៌មានថៃ Khaosod នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា គ្រូបង្រៀនម្នាក់ នៅខេត្ត Surin នៃប្រទេស បាន​អះអាងថា មានការចាប់ខ្លួនកូនសិស្សអាយុ១៣ឆ្នាំម្នាក់ ក្រោមការចោទប្រកាន់ថា ក្មេងម្នាក់នោះគឺជាជនអន្តោប្រវេសន៍ខុសច្បាប់។ កូនសិស្សរូបនោះ ដែលមានម្តាយជាជនជាតិខ្មែរ និងឪពុកចុងជាជនជាតិថៃ ត្រូវបានប៉ូលិសឃាត់ខ្លួន នៅឯសាលារៀន កាលពីថ្ងៃពុធ ដើម្បីគ្រោងបណ្តេញចេញពីប្រទេស៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អាជ្ញាធរថៃ បន្តព្រមានពីគ្រោះទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស​ ខណៈអ្នកបាត់បង់ជីវិតកើនដល់ ៤នាក់

Liny Chan August 28, 2025 28/08/2025

(បាងកក)៖ ក្រុមមន្ត្រីឧតុនិយមនៅក្នុងប្រទេសថៃ​ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហានេះបានបន្តព្រមានពីភ្លៀងធ្លាក់ខ្លាំងដែលអាចបង្កជាគ្រោះទឹកជំនន់ និងរអិលបាក់ដីនៅទូទាំងប្រទេស ជាមួយការអំពាវនាវឱ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ ខណៈចំនួនអ្នកស្លាប់ដោយសារគ្រោះរអិលបាក់ដីក្នុងខេត្ត Chiang Mai កើនដល់ ៤នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation។ ទឹកជំនន់ និងគ្រោះរអិលបាក់ដីដែលបង្កឡើងព្យុះ Kajiki បានវាយប្រហារលើស្រុក Mae Chaem ខេត្ត Chiang Mai។ តាមអាជ្ញាធរថៃមនុស្ស៥នាក់នៅតែបន្តបាត់ខ្លួននៅឡើយ ហើយប្រតិបត្តិការជួយសង្រ្គោះកំពុងបន្តធ្វើឡើង។ ចំណែក មនុស្ស១៥នាក់ផ្សេងទៀតបានរងរបួស។ គួរបញ្ជាក់ថា ទឹកជំនន់ និងគ្រោះរអិលបាក់ដីបានកើតឡើងក្នុងស្រុក Mae Chaem ខេត្ត Chiang Mai កាលពីម៉ោង ២៖៥០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែសីហា ដោយសារតែឥទ្ធិពលព្យុះ Kajiki។ អាជ្ញាធរថៃបានជម្លៀសប្រជាជនចេញពីតំបន់មានហានិភ័យគ្រោះថ្នាក់ ដោយសារតែភ្លៀងនៅតែបន្តធ្លាក់ខ្លាំង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ថៃ៖ ជនសង្ស័យជាង ៥២០០នាក់ និងកាំ-ភ្លើងរាប់ពាន់ដើម រួមទាំងគ្រា-ប់បែកខ្ទង់ម៉ឺនគ្រាប់ ត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការ ១០ថ្ងៃបង្រ្កាបអា-វុធ និងគ្រឿងផ្ទុះខុសច្បាប់ទូទាំងប្រទេស

Liny Chan August 27, 2025 27/08/2025

(បាងកក)៖ កាលពីថ្ងៃអង្គារ ទី២៦ ខែសីហា ប៉ូលិសថៃបានប្រកាសឱ្យដឹងថា ជនសង្ស័យសរុបច្រើនជាង៥២០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងសំណុំរឿងជាង៦៣០០ករណី អំឡុងប្រតិបត្តិការរយៈពេល១០ថ្ងៃ ដើម្បីបង្រ្កាបអាវុធនិងគ្រឿងផ្ទុះខុសច្បាប់ទូទាំងប្រទេស ក្នុងខែនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation។ ក្នុងចំណោមអាវុធ ដែលរឹបអូសបានអំឡុងប្រតិបត្តិការខាងលើ រួមមានកាំភ្លើង២៩៣ដើម គ្រាប់កាំភ្លើង១១៤៥៨គ្រាប់ និងគ្រាប់បែកកែច្នៃ១គ្រាប់ ពាក់ព័ន្ធទៅនឹងការលក់អនឡាញ។ ក្រៅពីនោះ កាំភ្លើង៦ ២១៨ដើមផ្សេងទៀត គ្រាប់កាំភ្លើង ៣៦ ៧១៨គ្រាប់ គ្រាប់បែកចម្រុះប្រភេទរហូតដល់ជាង១០ ០០០គ្រាប់ ពាក់ព័ន្ធករណីមិនមែនអនឡាញ ក៏ត្រូវបានរឹបអូសដូចគ្នា។ បើតាមការបញ្ជាក់របស់ប៉ូលិសថៃ ប្រតិបត្តិការទ្រង់ទ្រាយធំនេះ ត្រូវបានធ្វើឡើងកាលពីចន្លោះថ្ងៃទី១៥ ដល់ថ្ងៃទី២៤ ខែសីហា ក្រោមគោលដៅកាត់បន្ថយ ការកាន់កាប់ក៏ដូចជាការលក់អាវុធនិងគ្រឿងផ្ទុះខុសច្បាប់ ដើម្បីទប់ស្កាត់កុំឱ្យពួកវាត្រូវបានយកទៅ​ប្រើប្រាស់ក្នុងឧក្រិដ្ឋកម្មផ្សេងៗ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ភ្លៀងជន់លិចទីក្រុងឈៀងម៉ៃរបស់ប្រទេសថៃ, បង្កឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង

Liny Chan August 27, 2025 27/08/2025

(ឈៀងម៉ៃ)៖ ភ្លៀងធ្លាក់យ៉ាងគំហុកក្នុងរយៈពេលមិនដល់មួយម៉ោង បានបណ្តាលឱ្យតំបន់ជាច្រើនក្នុងទីក្រុងឈៀងម៉ៃ ប្រទេសថៃ ទទួលរងការជន់លិចភ្លាមៗ បង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ នេះបើយោងតាមការរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយថៃ។ ទោះបីព្យុះ Kajiki បានថយឥទ្ធិពលក្រោយឆ្លងកាត់ប្រទេសឡាវក៏ដោយ ក៏សំណល់ឥទ្ធិពលរបស់វានៅតែបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើងប្រទេសថៃ។ អ្វីដែលគួរឱ្យកត់សម្គាល់ គឺតំបន់មួយចំនួនដែលមិនធ្លាប់រងគ្រោះទឹកជំនន់ពីមុនមក ក៏ត្រូវបានជន់លិចផងដែរ ជាពិសេសនៅតំបន់កណ្តាលក្រុង ដែលធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាព។ ជាមួយគ្នានេះ អាជ្ញាធរឧតុនិយមថៃប្រចាំតំបន់ភាគខាងជើង បានចេញសេចក្តីប្រកាសព្រមានថា ឥទ្ធិពលព្យុះនេះនឹងគ្របដណ្តប់លើតំបន់ភាគខាងជើងទាំងមូល ដោយនឹងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់ ព្រមទាំងហានិភ័យនៃគ្រោះទឹកជំនន់ភ្លាមៗ និងទឹកជំនន់ព្រៃភ្នំ។ តាមការព្យាករណ៍ នៅចន្លោះថ្ងៃទី ២៦-២៧ ខែសីហា តំបន់នេះនឹងមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីជាង ៨០% ហេតុដូច្នេះ អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យត្រៀមលក្ខណៈ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់៕ ផ្ដល់សិទ្ធិដោយ៖​ Fresh News

អតីតចៅអធិការវត្តមួយនៅថៃ ត្រូវបានប៉ូលិសចាប់ខ្លួន ពីបទស៊ីដាច់លុយវត្ត

Liny Chan August 26, 2025 26/08/2025

(បាងកក)៖ ប៉ូលិសថៃ នៅថ្ងៃអង្គារ​ ទី២៦ ខែសីហា បានចាប់ខ្លួនអតីតចៅអធិការឈ្មោះ Luang Phor Alongkot ក្រោមបទចោទប្រកាន់ច្រើនករណីក្នុងនោះរួមមានកិបកេងលុយវត្ត និងលាងលុយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post។ ប៉ូលិសថៃបានចាប់ខ្លួនអតីតចៅអធិការ Luang Phor Alongkot នៅឯវត្ត Phra Bat Nam Phu ក្នុងខេត្ត Lop Buri នៅម៉ោងប្រហែល ១រលំងអាធ្រាត្រ ក្រោយទទួលបាន ព័ត៌មានថាអតីតចៅអធិការអង្គនេះព្យាយាមរត់គេចខ្លួន។ ប៉ូលិសបាននាំខ្លួនអតីតចៅអធិការ Luang Phor Alongkot ទៅកាន់អង្គភាពប្រឆាំងបទល្មើសព្រហ្មទណ្ឌ ក្នុងទីក្រុងបាងកកដើម្បីសួរចម្លើយ។ អតីតចៅអធិការ Luang Phor Alongkot មានព្រះជន្ម ៦៥ព្រះវស្សា បានស្ថិតក្រោមដីកាចាប់ខ្លួនចេញដោយតុលាការកាលពីថ្ងៃសុក្រសប្ដាហ៍មុន។ ព្រមពេលជាមួយគ្នា ប៉ូលិសថៃក៏បានចាប់ខ្លួន influencer ម្នាក់ឈ្មោះ Seksan «“Mor Bee”» Sapsubbsakul មានអាយុ៤៣ឆ្នាំ ដែលបានរួមចំណែងជួយរៃអង្គាសប្រាក់សម្រាប់វត្ត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ចិនបិទទីក្រុងទេសចរណ៍ Sanya បណ្ដោះអាសន្ន ខណៈព្យុះទីហ្វុង Kajiki បក់បោកកាន់តែខ្លាំង

Nisaiy KP August 24, 2025 24/08/2025

(ប៉េកាំង)៖ ទីក្រុង Sanya ដែលជាទីក្រុងទេសចរណ៍ដ៏ល្បីមួយស្ថិតនៅភាគខាងត្បូងប្រទេសចិន បានបិទការទទួលភ្ញៀវទេសចរណ៍ ហាងទំនិញ និងផ្អាកសេវាដឹកជញ្ជូនសារធារណៈ ជាបណ្ដោះអាសន្ននៅថ្ងៃអាទិត្យ ទី២៤ ខែសីហា ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងព្យុះទីហ្វុង Kajiki។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ អាជ្ញាធរឧតុនិយមចិនបានឱ្យដឹងថាព្យុះ Kajiki កំពុងស្ថិតនៅចម្ងាយប្រហែល ២០០គីឡូម៉ែតពីភាគអាគ្នេយ៍នៃទីក្រុង Sanya ស្ថិតនៅក្នុងខេត្ត Hainan គិតត្រឹមម៉ោង ៩ព្រឹក ជាមួយល្បឿនខ្យល់បក់ ៣៨ម៉ែត្រក្នុងមួយវិនាទី។ ព្យុះ Kajiki ត្រូវបានព្យាករថាទំនងជានឹងបង្កើនអនុភាពនៅពេលវាបក់បោកឆ្ពោះទៅទិសពាយព្យជាមួយល្បឿនខ្យល់ ២០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងអាចឡើងដល់ ៤៨ម៉ែត្រក្នុងមួយវិនាទី។ តាមអាជ្ញាធរឧតុនិយម​ចិន ព្យុះ Kajiki អាចនឹងបកបោកដល់ដីគោកនៅតាមបណ្ដោយឆ្នេរនៃខេត្ត Hainan នៅរសៀលថ្ងៃអាទិត្យនេះ រហូតដល់ល្ងាចថ្ងៃដដែល ឬក៏រំកិលទៅ ឆ្នេរភាគខាងត្បូង មុននឹងបក់បោកឆ្ពោះទៅកាន់វៀតណាម។ បន្ថែមពីលើនេះ អាជ្ញាធរចិនក៏បានព្រមានផងដែរពីភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងនៅក្នុងខេត្ត Hainan រួមទាំងខេត្ត នៅក្បែរខាងដូចជា Guangdong និង Guangxi ខណៈតំបន់ខ្លះនៃខេត្ត Hainan អាចនឹងទទួលកម្រិតទឹកភ្លៀង ៤០០មីលីម៉ែត្រ៕ ផ្ដល់សិទ្ធិដោយ៖ […]

កូរ៉េខាងជើង ធ្វើតេស្ដបាញ់ប្រព័ន្ធការពារដែនអាកាស ក្រោយចោទកូរ៉េខាងត្បូងបង្ករឿង

Nisaiy KP August 24, 2025 24/08/2025

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃអាទិត្យ ទី២៤ ខែសីហា ថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យ និងបញ្ជា ដោយផ្ទាល់លើការធ្វើតេស្ដបាញ់ប្រព័ន្ធការពារដែនអាកាស បន្ទាប់ពីទីក្រុងព្យុងយ៉ាងចោទកូរ៉េខាងត្បូងថាបានដុតបញ្ឆេះភាពតានតឹងនៅតំបន់ព្រំដែន។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ តាម KCNA ការធ្វើតេស្ដបាញ់ប្រព័ន្ធការពារដែនអាកាសខាងលើធ្វើឡើងកាលពីថ្ងៃសៅរ៍ម្សិលមិញ ដោយបានបង្ហាញថាប្រព័ន្ធអាវុធនេះមានសមត្ថភាពប្រយុទ្ធខ្ពស់។ KCNA មិនបានបញ្ជាក់លម្អិតពីប្រព័ន្ធអាវុធនេះនោះទេ ហើយក៏មិនបានឱ្យដឹងថាតើការធ្វើតេស្ដត្រូវបានធ្វើឡើងនៅទីតាំងណាមួយនោះដែរ ដោយគ្រាន់តែនិយាយថាការធ្វើប្រតិបត្តិការ និងប្រតិកម្មតបតនៃប្រព័ន្ធខែលប្រឆាំងមីស៊ីលទាំង២ ផ្អែកលើបច្ចេកវិទ្យាទំនើប និងពិសេសដាច់គេ។ ក្រុមអ្នកវិភាគបាននិយាយថា ដោយរៀនសូត្រពីសង្រ្គាមនៅអ៊ុយក្រែន កូរ៉េខាងជើងទំនងជាងកំពុងបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាសសំដៅទប់ទល់នឹងដ្រូន ហើយពួកគេយល់ឃើញបែបនេះ ដោយផ្អែកលើសេចក្ដីរាយការណ៍របស់ KCNA ដែលសង្កត់ធ្ងន់ជាពិសេសពីដ្រូន និងគ្រូសមីស៊ីល។ គួរបញ្ជាក់ថា ការធ្វើតេស្ដបាញ់ប្រព័ន្ធខែលប្រឆាំងមីស៊ីលរបស់កូរ៉េខាងជើង កើតមានឡើងបន្ទាប់ពីយោធាកូរ៉េខាងត្បូងកាលពីថ្ងៃសៅរ៍ បានឱ្យដឹងថាទាហានរបស់ខ្លួនបានបាញ់ ព្រមានទាហានកូរ៉េខាងជើងជាច្រើននាក់ដែលព្យាយាមឆ្លងព្រំដែនចូលដីកូរ៉េខាងត្បូងរយៈពេលខ្លី កាលពីដើមសប្ដាហ៍កន្លងទៅនេះ។ កូរ៉េខាងជើង តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ក៏បានសេចក្តីថ្លែងការណ៍ពាក់ព័ន្ធករណីខាងលើផងដែរ ដោយនិយាយថាការបាញ់ព្រមានរបស់យោធាកូរ៉េខាងត្បូងនៅក្បែរព្រំដែន គឺជាសកម្មភាពបង្កហេតុដោយចេតនា៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

គ្រោះរញ្ជួយដីកម្រិត ៤.១រ៉ិចទ័រ វាយប្រហារលើរដ្ឋ Johor ធ្វើឱ្យញ័រដល់រដ្ឋជាច្រើននៅម៉ាឡេស៊ី

Nisaiy KP August 24, 2025 24/08/2025

(CNA)៖ គ្រោះរញ្ជួយដីកម្រិតស្រាលមួយបានវាយប្រហារលើរដ្ឋ Johor នៃប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែសីហា ដោយបង្កឱ្យមានរំញ័រដល់រដ្ឋមួយចំនួនទៀត ផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ នាយកដ្ឋានឧតុនិយមម៉ាឡេស៊ី បាននិយាយក្នុងការបង្ហោះមួយលើ Facebook គ្រោះរញ្ជួយដីកម្រិត ៤.១រ៉ិចទ័រ បានកើតឡើងនៅម៉ោង ៦៖១៣នាទីព្រឹក ថ្ងៃអាទិត្យនេះដោយ មានជម្រៅរញ្ជួយនៅក្នុងដី ១០គីឡូម៉ែត្រ និងស្ថិតនៅចម្ងាយ៥គីឡូម៉ែត្រពីភាគខាងលិច ទីក្រុង Segamat។ គ្រោះរញ្ជួយដីនេះបានបង្កឱ្យរំញ័រនៅក្នុងតំបន់ជាច្រើននៃរដ្ឋ Johor, Negeri Sembilan, Melaka និងរដ្ឋ Pahang។ នាយកដ្ឋានឧតុនិយមម៉ាឡេស៊ីបានបន្ថែមថាខ្លួនកំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ ហើយថាមិនមានការព្រមានពីរលកស៊ូណាមិឡើយ។ ដោយឡែកក្រុមមន្ត្រីក្នុង រដ្ឋ Johor បានឱ្យដឹងថាមិនមានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការខូចខាតធ្ងន់ធ្ងរដល់ទ្រព្យសមត្តិនោះទេ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ស្រ្តីទីមួយតួកគី ស្នេីស្រ្តីទីមួយអាមេរិក Melania Trump ឱ្យបញ្ចេញសំឡេង ជុំវិញបញ្ហាកុមារហ្កាហ្សា

Nisaiy KP August 24, 2025 24/08/2025

(អង់ការ៉ា)៖ ស្រ្តីទីមួយតួកគី លោកស្រី Emine Erdogan បានសរសេរទៅកាន់ភរិយារបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺលោកស្រី Melania Trump ហើយបានជំរុញឱ្យលោកស្រីទាក់ទងទៅកាន់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល និងលើកឡើងពីស្ថានភាពរបស់កុមារនៅតំបន់ហ្កាហ្សា។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ ២០២៥។ លោកស្រី Emine Erdogan សរសេរលិខិតនេះ បន្ទាប់ពីលោកស្រី Melania Trump បានផ្ញើលិខិតមួយទៅកាន់ប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ដែលនិយាយអំពីកុមារនៅអ៊ុយក្រែន និងរុស្ស៉ី។ នៅក្នុងខ្លឹមនៃលិខិតនោះ លោកស្រី Emine Erdogan សរសេរ ថា «ខ្ញុំមានជំនឿថា បញ្ហារសើបដែលអ្នក (Melania Trump) បានលេីកឡេីងសម្រាប់កុមារអ៊ុយក្រែនចំនួន ៦៤៨ នឹងត្រូវបានពង្រីកទៅតំបន់ហ្កាហ្សាផងដែរ។ ប៉ុន្មានថ្ងៃនេះ នៅពេលដែលពិភពលោកកំពុងភ្ញាក់រឭកជាសមូហភាព ហេីយការទទួលស្គាល់ប៉ាឡេស្ទីនក្លាយជាឆន្ទៈសកល ខ្ញុំជឿថា ការអំពាវនាវរបស់អ្នកអំពីហ្កាហ្សា នឹងបំពេញការទទួលខុសត្រូវជាប្រវត្តិសាស្ត្រចំពោះប្រជាជនប៉ាឡេស្ទីន»។ គួរបញ្ជាក់ថា ក្រុមឃ្លាំមើលករណីភាពអត់ឃ្លានជាសាកលបានកំណត់កាលពីថ្ងៃសុក្រថាទីក្រុង Gaza City និងតំបន់ជុំវិញនោះកំពុងទទួលរងនូវគ្រោះទុរ្ភិក្ស […]

ទឹកជំនន់ កំពុងវាយលុកប្រទេសថៃ ដោយជនលិចសហគមន៍ជាច្រេីន រួមទាំងតំបន់ទេសចរណ៍

Nisaiy KP August 24, 2025 24/08/2025

(បាងកក)៖ ថៃកំពុងរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងខេត្តមួយចំនួនដូចជា​ Chiang Mai, Saraburi និង​ Nan​ ប៉ះពាល់ដល់សហគមន៍ តំបន់ទេសចរណ៍​ និងផ្ទះប្រជាជន។ នេះបេីយោងតាមការចេញផ្សាយដោយកាសែត Khaosod។ ភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗនៅខេត្ត Chiang Mai កាលពីយប់ឈានចូលថ្ងៃទី២៣ ខែសីហា នៅក្នុងសង្កាត់ Chang Phueak និងសាកលវិទ្យាល័យ Chiang Mai។ ទឹកហូរហៀរប្រឡាយបានជន់លិចសហគមន៍មួយ​ បង្ខំឱ្យប្រជាពលរដ្ឋប្រញាប់រើរបស់របរដើម្បីរត់ទៅកាន់កន្លែងសុវត្ថិភាព។ ទឹកជំនន់ ក៏បានជន់លិចបណ្ណសារប្រវត្តិសាស្ត្រប្រជាជនភាគខាងជើងខេត្ត​បណ្តាលឱ្យខូចខាតយ៉ាងទូលំទូលាយនៅខាងក្នុងអាគារ។ នៅឯខេត្ត Saraburi មន្ត្រីអនុរក្សឧទ្យានជាតិ Khao Yai បានជួយសង្គ្រោះអ្នកទេសចរពីតំបន់ទឹកធ្លាក់ កាលពីថ្ងៃទី២១ ខែសីហា បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ភ្លាមៗដ៏គ្រោះថ្នាក់។ អ្នកទៅទស្សនាឧទ្យានទាំងអស់ក៏ត្រូវបានជម្លៀសចេញផងដែរ ដើម្បីសុវត្ថិភាព។ ក្នុងខេត្ត Nan ពលរដ្ឋនៅភូមិ Ban​ Sobkhun បាននាំគ្នាធ្វេីរបាំងការពារ បន្ទាប់ពីការបាក់ដីបំផ្លាញផ្ទះជាង ១០ខ្នង អំឡុងពេល មានភ្លៀងធ្លាក់ខ្លាំង។ មានពលរដ្ឋជាង ៥០គ្រួសារប្រឈមនឹងគ្រោះទឹកជំនន់ដែលអាចកើតមាន​ និងការរអិលបាក់ដីពីភ្នំ។ អ្នកភូមិកំពុងប្រើបង្គោលបេតុង និងឈើជារនាំង ក្នុងគោលបំណងទប់ស្កាត់ការបំផ្លិចបំផ្លាញបន្ថែមទៀត៕ ផ្ដល់សិទ្ធិដោយ៖ Freshnews