ព័ត៌មានអន្តរជាតិ

ប្រទេសតួកគី សម្រេចផាកពិន័យ Elon Musk ក្នុងទំហំទឹកប្រាក់ដ៏ច្រើនផ្អែកទៅលើចំណូលសរុប Twitter កាលពីឆ្នាំ ២០២២

Naren March 7, 2023 07/03/2023

(បរទេស)៖ កំពូលមហាសេដ្ឋីបច្ចេកវិទ្យា និងជានាយកប្រតិបត្តិក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម Twitter លោក Elon Musk កំពុងប្រឈមមុខនឹងការពិន័យសាច់ប្រាក់ជាច្រើននៅក្នុងប្រទេសតួកគី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។ នៅថ្ងៃចន្ទសប្តាហ៍នេះ ក្រុមប្រឹក្សាប្រកួតប្រជែងរបស់ប្រទេសតួកគីបាននិយាយថា ខ្លួនបានសម្រេចពិន័យមហាសេដ្ឋី Elon Musk ចំនួន ០.១ភាគរយ នៃប្រាក់ចំណូលសរុបរបស់ Twitter នៅក្នុងប្រទេសតួកគីក្នុងឆ្នាំ២០២២។ ខណៈដើមហេតុនោះគឺដោយសារការកាន់កាប់នៅ Twitter របស់ Musk កើតឡើងដោយគ្មានការអនុញ្ញាតពីក្រុមប្រឹក្សាភិបាល។ ក្រុមប្រឹក្សាភិបាលបានបន្ថែមទៀតថា សេចក្តីសម្រេចនេះនឹងបើកចំហរចំពោះបញ្ហាប្រឈមផ្លូវច្បាប់។ គួរបញ្ជាក់ដែរថា ចាប់តាំងពីការឈានជើងមកដល់ Twitter របស់ Musk រចនាសម្ព័ន្ធជាច្រើននៅ Twitter ត្រូវបានផ្លាស់ប្តូរ ខណៈដែលចំណូលពីការផ្សាយពាណិជ្ជកម្មវិញខាតបង់ស្ទើតែរាល់ថ្ងៃ ទាំងនេះក៏ដោយសារតែការមិនពេញចិត្តពីវិនិយោគិនចំពោះការគ្រប់គ្រងរបស់ Musk នឹងបាននាំគ្នាបញ្ឈប់ការផ្សាយពាណិជ្ជកម្មជាបន្តបន្ទាប់៕ ផ្តល់សិទ្ធិដោយ៖ FRESH NEWS

អាមេរិកកំពុងពិចារណាធ្វើការចាក់វ៉ាក់សាំងទៅកាន់សត្វមាន់ ក្រោយជំងឺផ្តាសាយបក្សីកំពុងបង្កការរាតត្បាតក្នុងកម្រិតធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមក

Khmerpress March 7, 2023 07/03/2023

អាមេរិក៖ រដ្ឋាភិបាលអាមេរិកកំពុងធ្វើការពិចារណាក្នុងការចាក់វ៉ាក់សាំងទៅកាន់សត្វមាន់ ក្រោយជំងឺផ្តាសាយបក្សីហាក់កំពុងតែរាតត្បាតយ៉ាងខ្លាំងនៅទូទាំងអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌ The Strait Time នៅព្រឹកថ្ងៃអង្គារ ទី៧ ខែកុម្ភៈនេះ។ គិតត្រឹមពេលនេះមានសត្វមាន់រាប់សិបលានក្បាលត្រូវបានងាប់ព្រោះតែជំងឺផ្តាសាយបក្សី ហើយកត្តានេះក៏កំពុងតែជម្រុញឲ្យតម្លៃស៊ុតមាន់នៅលើទីផ្សារអាមេរិកកំពុងឡើងថ្លៃផងដែរ។ បើតាមអាជ្ញាធរអាមេរិកបានបញ្ជាក់ថា គិតត្រឹមពេលនេះជំងឺផ្តាសាយបក្សីបានកំពុងតែបង្កការរាតត្បាតនៅក្នុងកសិដ្ឋានចិញ្ចឹមសត្វមាន់ចំនួន ៥៨លានកន្លែង ដែលស្ថិតនៅក្នុងរដ្ឋចំនួន ៤៧ផ្សេងគ្នា ខណៈការរាតត្បាតនេះត្រូវបានគេកត់សម្គាល់ថាគឺជាការរាតត្បាតជំងឺផ្តាសាយបក្សីទ្រង់ទ្រាយធំបំផុតដែលមិនធ្លាប់កើតមាននៅក្នុងប្រវត្តិសាស្រ្តរបស់អាមេរិកនោះទេ។ យ៉ាងណាក្តី អាជ្ញាធរអាមេរិកមិនបានបញ្ជាក់ពីផលប៉ះពាល់នៃជំងឺកាចសាហាវមួយនេះចំពោះពលរដ្ឋទូទៅនោះទេ តែអាជ្ញាធរអាមេរិកបានបញ្ជាក់ថា​ ជំងឺនេះបានសាយភាយទៅកាន់ថនិកសត្វមួយចំនួនដូចជាសត្វសំពោច កញ្ជ្រោង និងសត្វខ្លាឃ្មុំជាដើម៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត  

យន្តហោះអាមេរិកដឹកអ្នកដំណើរជិត១៥០នាក់ ចុះចតបន្ទាន់នៅគុយបា ដោយសារមានបញ្ហាម៉ាស៉ីន ក្រោយបុកហ្វូងបក្សី

Naren March 6, 2023 06/03/2023

(ឡាហាវ៉ាន់)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អាកាសចរណ៍អាមេរិក ដែលហោះចេញពីប្រទេសគុយបា បានជួបបញ្ហាផ្នែកម៉ាស៉ីន បន្ទាប់ពីបុកហ្វូង​សត្វបក្សី ហើយក៏បកក្បាលត្រឡប់មករដ្ឋធានីឡាហាវ៉ាន់របស់គុយបាវិញ ដើម្បីធ្វើការចុះចតបន្ទាន់កាលពីថ្ងៃអាទិត្យកន្លងទៅនេះ (ពេលវេលាក្នុងតំបន់)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣។ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក Southwest Airlines ហើយនិងអាជ្ញាធរអាកាសចរណ៍ស៉ីវិលគុយបា បានឱ្យដឹងថា ផ្សែងបានហុយជ្រាបចូលក្នុងកាប៊ីនរបស់​យន្តហោះ ប៉ុន្តែពុំមាននរណាម្នាក់រងគ្រោះថ្នាក់ឡើយ នៅក្នុងឧប្បត្តិហេតុមួយដែលពាក់ព័ន្ធជាមួយ ជើងហោះហើរលេខ៣៩២៣ ដែលមានគោលដៅឆ្ពោះ​ទៅកាន់ទីក្រុង ហ្វត ឡោដឺឌែល (Fort Lauderdale) នៃរដ្ឋផ្លូរីដា (Florida)​ របស់សហរដ្ឋអាមេរិក។ គួរបញ្ជាក់ថា យន្តហោះខាងលើប្រភេទ Boeing 737 មានផ្ទុកអ្នកដំណើរសរុប១៤៧នាក់ និងសហសេវិកយន្តហោះ៦នាក់។ សត្វបក្សីមួយហ្វូងបានបុកចំ ម៉ាស៉ីនមួយគ្រឿងរបស់យន្តហោះ ក្រោយវាធ្វើដំណើរចេញពីអាកាសយានដ្ឋាន ក្នុងទីក្រុងឡាហាវ៉ាន់បានតែបន្តិចប៉ុណ្ណោះ។ ក្រុមពីឡុតបាននាំយកយន្តហោះនោះ ត្រឡប់ទៅចុះចតនៅទីតាំងដើមវិញដោយសុវត្ថិភាព ហើយអ្នកដំណើរត្រូវបានជម្លៀសចេញពីយន្តហោះ តាមពោងខ្យល់រំអិល ដោយសារតែផ្សែង៕ ផ្តល់សិទ្ធិដោយ៖ FRESH NEWS

កុមារាម្នាក់ដែលមានសំណាងរួចផុតជីវិតពីគ្រោះរញ្ជួយដីនៅស៊ីរីបានសម្រេចក្តីសុបិន្តក្នុងជីវិតមួយបន្ថែមទៀតគឺបានជួបផ្ទាល់ជាមួយ Cristiano Ronaldo

Khmerpress March 6, 2023 06/03/2023

អារ៉ាប៊ីសាអូឌីត៖ ក្មេងប្រុសម្នាក់ដែលមានសំណាងអាចនៅរស់មានជីវិតក្រោយជួបប្រទះនឹងគ្រោះរញ្ជួយដីដ៏អាក្រក់បំផុតនៅក្នុងប្រទេសស៊ីរីកាលពីពេលថ្មីៗនេះ ពេលនេះរូបគេទទួលបានសំណាងមួយបន្ថែមទៀត ដោយមានឱកាសបានជួបផ្ទាល់ជាមួយ Idol របស់គេ គឺកំពូលកីឡាករបាល់ទាត់ Cristiano Ronaldo។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានបញ្ជាក់ថា ក្មេងប្រុសរូបនេះមានឈ្មោះថា Nabil Saeed ដែលជាក្មេងប្រុសម្នាក់មានចំណូលចិត្តលើបាល់ទាត់យ៉ាងខ្លាំង។ គួររម្លឹកជូនថា ក្រោយកើតមានហេតុការណ៍រញ្ជួយដីកម្រិត ៧,៨​ រ៉ិចទ័រនៅក្នុងប្រទេសតួកគីនិងស៊ីរីអស់រយៈពេលជាច្រើនថ្ងៃមក ក្រុមអ្នកជួយសង្គ្រោះបានប្រទះឃើញកុមារា Nabil Saeed នៅក្នុងគំនរបាក់បែកមួយ ខណៈដែលរូបគេស្ទើរតែដាច់ដង្ហើមស្លាប់បាត់ទៅហើយព្រោះតែត្រូវអត់អាហារជាច្រើនថ្ងៃ។ ដោយមើលឃើញកុមារា Nabil Saeed គឺជាជនរងគ្រោះម្នាក់ដែលអាចនៅរស់យ៉ាងកម្របំផុតនោះ ក្រុមអ្នកកាសែតបានសួរគេថា តើរូបគេមានក្តីសុបិន្តអ្វីក្រោយបានរួចផុតពីការស្លាប់ទាំងមិនគួរឲ្យជឿដូចនេះ? ភ្លាមនោះរូបគេបានឆ្លើយថា ចង់ជួបផ្ទាល់ជាមួយកីឡាករ Cristiano Ronaldo។ គួរបញ្ជាក់ជូនថា ជំនួបរវាងកុមារា Nabil Saeed និងកីឡាករ Cristiano Ronaldo ត្រូវបានរៀបចំឡើងនៅក្នុងកីឡដ្ឋានបាល់ទាត់ Al Nassr ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីចុងសប្តាហ៍កន្លងទៅនេះ ពោលគឺបន្ទាប់ពីក្រុម Al Nassr បានប្រកួតឈ្នះក្រុម Riyadh ក្នុងលទ្ធផល ៣ ទល់នឹង ១៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត […]

រដ្ឋាភិបាលថៃ​ ជំរុញ​ឲ្យ​មានការផ្សព្វផ្សាយ “ល្បែងជល់​មាន់”​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរបរទេស

Khmerpress March 6, 2023 06/03/2023

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ លោក Somsak Thepsuthin បានដាក់សំណើ ឱ្យជួយផ្សព្វផ្សាយពី ការជល់មាន់ និងជល់ត្រី ដែលជាការប្រកួតបែបប្រពៃណី ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស។ ជាមួយគ្នានេះ លោក Worachit Paengpairee ម្ចាស់ទីតាំងជល់មាន់នៅក្នុងស្រុក Muang ខេត្តភាគឦសានប្រទេសថៃ បានយល់ស្របជាមួយនឹងសំណើនេះ។ លោក Worachit បានលើកឡើងថា ប្រសិន​បើ​ការ​ប្រកួត​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​ព្រឹត្តិការណ៍​ប្រពៃណី​របស់​ប្រទេស​ថៃ​នោះ ប្រជាប្រិយភាព​របស់​ការជល់មាន់​នឹង​កើន​ឡើង ហើយការ​បង្កាត់​ពូជ ការ​ចិញ្ចឹម និង​ការ​ជួញ​ដូរ​មាន់​ជល់​ក៏​នឹង​កើន​ឡើង​ដែរ ខណៈបើទោះបីជាការជល់មាន់ត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងក៏ដោយ ក៏មាន់ជល់អាចលក់បានរហូតដល់មួយលានបាតដែរ។ លោកបានបន្តទៀតថា ជាងនេះទៅទៀត បើសិនបើកបង្ហាញប្រវត្តិនៃការជល់សត្វ (មាន់ និងត្រី) នៅក្នុងប្រទេសថៃ នោះទេសចរបរទេសអាចនឹងចង់ដឹង ហើយចង់ទស្សនាការជល់សត្វទាំងនោះ។ ទោះជាយ៉ាងណាក្ដី ម្ចាស់ទីតាំងជល់មាន់រូបនេះ ស្នើឱ្យមានការត្រួតពិនិត្យឱ្យបានហ្មត់ចត់ និងលើកកម្ពស់សម្រាប់តែនៅទីលាន និងសង្វៀនណាដែលមានអាជ្ញាប័ណ្ណ អនុញ្ញាតឱ្យអ្នកទស្សនាភ្នាល់លើការប្រកួតតែប៉ុណ្ណោះ ព្រោះថា ការជល់មាន់នេះជាប់ទាក់ទងនឹងល្បែងស៊ីសង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

មន្ត្រីជំនិតម្នាក់របស់លោក គីស៉ីដា ថាជប៉ុនអាចនឹងត្រូវ «ផុតពូជ» ពីផែនដី បើមិនអាចទប់ស្កាត់ការធ្លាក់ចុះអត្រាកំណើត

Khmerpress March 6, 2023 06/03/2023

(តូក្យូ)​៖ មន្ត្រីជំនិតម្នាក់របស់លោកនាយករដ្ឋមន្ត្រី ហ្វូមីអុ គីស៉ីដា បាននិយាយថាជប៉ុនអាចនឹង «ផុតពូជ» ពីពិភពលោក ប្រសិនបើមិនអាចទប់ស្កាត់ការធ្លាក់ចុះនៃអត្រាកំណើតនាពេល សព្វថ្ងៃបានទេនោះ ដែលកំពុងគំរាមកំហែងយ៉ាងខ្លាំងដល់សេដ្ឋកិច្ចនៃប្រទេសជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣។ លោកស្រី ម៉ាសាកូ ម៉ូរី (Masako Mori) ដែលជាមន្ត្រីជំនិតម្នាក់របស់លោក គីស៉ីដា ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងបទសម្ភាសន៍មួយនៅឯទីក្រុងតូក្យូ។ លោកស្រី ម៉ូរី បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើយើងបន្តទៅមុខជាមួយនិន្នាការបែបនេះ (អត្រាកំណើតធ្លាក់ចុះ) ប្រទេសមួយនេះ (ជប៉ុន) នឹងរលាយផុតពូជ»។ លោកស្រីបន្ថែមថា ប្រជាជនជប៉ុនដែលកំពុងរស់នៅត្រូវឆ្លងកាត់ដំណើរការនៃការផុតពូជនេះ នឹងត្រូវប្រឈមមុខនឹងការបំផ្លិចបំផ្លាញយ៉ាងសម្បើម ហើយវាក៏នឹងបង្កការឈឺចាប់ដល់កុមារផងដែរ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅ ជប៉ុនបានប្រកាសថាចំនួនទារកចាប់កំណើតកាលពីឆ្នាំ២០២២ បានស្ថិតនៅក្នុងអត្រាដ៏ទាបជាប់កំណត់ត្រាថ្មីមួយ។ កាលពីឆ្នាំ២០២២ នៅក្នុងប្រទេសជប៉ុន ចំនួនអ្នកស្លាប់មានច្រើនជាងចំនួនទារកចាប់កំណើតដល់ទៅ២ដង ដោយអត្រាចាប់កំណើតមានជាង ៨០០,០០០នាក់ រីឯអ្នកស្លាប់មានចំនួនដល់ទៅ ១.៥៨លាននាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

អាមេរិក​​បន្ថែមជំនួយ ៤០០លានដុល្លារទៅកាន់អ៊ុយក្រែនដើម្បីសាងសង់ស្ពានយុទ្ធសាស្រ្តមួយខែ្សនៅក្នុងសមរភូមិ

Khmerpress March 4, 2023 04/03/2023

អាមេរិក៖ ទីក្រុងវ៉ាស៊ីនតោនបានប្រកាសផ្តល់ជំនួយដែលមានតម្លៃចំនួន ៤០០លានដុល្លារបន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន នេះបើយោងទៅតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែមីនានេះ។ នៅក្នុងកញ្ចប់ជំនួយដែលមានតម្លៃ ៤០០លានដុល្លារនេះនឹងមានបញ្ចូលទាំងអាវុធ រំសេវ ហើយអ្វីដែលជាជំនួយគួរឲ្យកត់សម្គាល់នោះគឺស្ពានយុទ្ធសាស្រ្តចំនួនមួយខែ្ស។ ប្រភពខាងលើបានបន្តថា ស្ពានយុទ្ធសាស្រ្តគឺជាជំនួយថ្មីមួយដែលអាមេរិកមិនធ្លាប់បានផ្តល់ជូនអ៊ុយក្រែននោះទេចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងអស់រយៈពេលជាង ១ឆ្នាំមក។ ការសម្រេចផ្តល់ជំនួយសម្រាប់សាងសង់ស្ពានយុទ្ធសាស្រ្តនៅពេលនេះគឺត្រូវបានធ្វើឡើងដោយផ្អែកទៅតាមស្ថានជាក់ស្តែងនៅក្នុងសមរភូមិក្នុងប្រទេសអ៊ុយក្រែន ដោយស្ពានយុទ្ធសាស្រ្តមួយនេះនឹងក្លាយជាចរន្តផ្លូវដ៏សំខាន់មួយដែលជួយឲ្យកងទ័ពអ៊ុយក្រែនអាចធ្វើការចល័តរថគ្រោះ និងរថពាសដែកបានយ៉ាងឆាប់រហ័ស៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ពលរដ្ឋថៃមួយចំនួនផ្ទុះកំហឹងយ៉ាងខ្លាំងក្រោយឯកអគ្គរាជទូតអង់គ្លេសបានយកនំបង្អែមខ្មែរទៅបង្ហោះជាសាធារណៈនិងបានបញ្ជាក់ថាជានំរបស់ខ្មែរ ខណៈពួកគេយល់ច្រឡំថានំទាំងនោះជារបស់ថៃ

Khmerpress March 4, 2023 04/03/2023

ថៃ៖ ពលរដ្ឋថៃមួយចំនួនបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះលោក Dominic Williams ដែលជាឯកអគ្គរាជទូតនៃប្រទេសអង់គ្លេសប្រចាំនៅក្នុងប្រទេសកម្ពុជា ក្រោយរូបលោកបានបង្ហោះរូបភាពនំបង្អែមខ្មែរមួយសន្លឹកនៅលើប​ណ្តាញសង្គម Facebook ផ្លូវការរបស់គាត់។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger បានឲ្យដឹងថា ប្រតិកម្មរបស់ពលរដ្ឋថៃបានផ្ទុះឡើងជាច្រើនថ្ងៃមកហើយ​ ខណៈពួកគេបានប្រើប្រាស់បណ្តាញសង្គមសម្រាប់ធ្វើជាវេទិកាបញ្ចេញមតិផ្ទាល់ខ្លួនរបស់ពួកគេម្នាក់ៗ។ ប្រភពខាងលើបានបន្តថា កំហឹងរបស់ពលរដ្ឋថៃបានកើតឡើងក្រោមហេតុផលថា ពួកគេគិតថានំបង្អែមដែលលោក Dominic Williams បានយកទៅបង្ហោះជាសាធារណៈនោះគឺជានំបង្អែមរបស់ថៃដែលមានតាំងពីសម័យអយុធ្យាមកម្ល៉េះ ខណៈដែលលោកឯកអគ្គរាជទូតអង់គ្លេសបានយកនំបង្អែមទាំងនោះទៅបង្ហោះដោយបញ្ជាក់ថា ជាបង្អែមរបស់ខ្មែរ។ សូមបញ្ជាក់ជូនថា នំបង្អែមដែលជាប្រធានបទចម្បងធ្វើឲ្យពលរដ្ឋថៃមិនសប្បាយចិត្តនោះមានដូចជា បាយដំណើបខ្នុរ ត្រាវកូរ ត្រាវខ្ទិះ សង់ខ្យាល្ពៅ សង់ខ្យាកាត់ អាកោខ្ទិះ  នំច័ក្កច័ន នំផ្លែអាយ​ នំទ្រាបតើយ នំសរសៃមាស និងនំជាច្រើមុខផ្សេងទៀត ដែលសុទ្ធតែជានំបុរាណរបស់ខ្មែរ និងមានវត្តមាននៅកម្ពុជាមុនសម័យអាយុធ្យារបស់ថៃទៅទៀត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត​

បុរសម្នាក់នៅសហរដ្ឋអាមេរិកដែលជាប់ពន្ធនាគារអស់រយៈពេលជិត ៤០ឆ្នាំ ត្រូវបានប្រកាសថា«គ្មានទោសកំហុស»​ និងជាជនស្អាតស្អំ

Khmerpress March 3, 2023 03/03/2023

(ឡូសអេនជឺលេស)៖ ចៅក្រមនៅទីក្រុងឡូសអេនជឺលេសកាលពីថ្ងៃពុធបានប្រកាសថា បុរសម្នាក់ដែលត្រូវបានជាប់ពន្ធនគារជាង ៣៨ឆ្នាំពីបទឃាតកម្ម ដែលគាត់មិនបានប្រព្រឹត្តក្នុងឆ្នាំ១៩៨៣ ត្រូវបានចៅក្រមទីក្រុង Los Angeles ប្រកាស​ថា​ គ្មាន​កំហុស​ទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៣។ លោក Maurice Hastings ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​កាល​ពី​ឆ្នាំ​មុន​ បន្ទាប់​ពី​ភស្តុតាង DNA បាន​ចង្អុល​ទៅ​លើ​ជន​សង្ស័យ​ផ្សេង​ទៀត។ កាលពីខែតុលាកន្លងទៅ ចៅក្រមបានលុបចោលការផ្តន្ទាទោសលើ លោក Hastings តាមសំណើរបស់រដ្ឋអាជ្ញាមកពីការិយាល័យមេធាវីខោនធី Los Angeles និងមេធាវីសម្រាប់គម្រោង Los Angeles Innocence ។ រដ្ឋអាជ្ញា និងមេធាវីរបស់ លោក Hastings បានត្រឡប់ទៅតុលាការវិញ ដោយសុំឱ្យចៅក្រម លោក William C. Ryan ចាត់វិធានការបន្ថែម ក្នុងការប្រកាសថា គាត់មិនពាក់ព័ន្ធនឹងការសម្លាប់កាលពី ៤០ឆ្នាំមុនទេ។ ចៅក្រមនេះកាលពីថ្ងៃពុធសប្តាហ៍នេះបានប្រកាសថា លោក Hastings ពិតជាគ្មានកំហុស ដែលមានន័យថា […]

ក្រិក៖ រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន ចុះចេញពីតំណែង បន្ទាប់ពីមានហេតុការណ៍រថភ្លើងបុកគ្នា

Naren March 3, 2023 03/03/2023

(អាថែន)៖ រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនប្រទេសក្រិក លោក កូសតាស់ ការ៉ាម៉ាន់លីស (Kostas Karamanlis) បានចុះចេញពីតំណែង បន្ទាប់ពីហេតុការណ៍រថភ្លើងបុកគ្នា កាលពីយប់ថ្ងៃអង្គារសប្ដាហ៍នេះ ដែលបានធ្វើឲ្យមនុស្សយ៉ាងហោច ៤៣នាក់បានស្លាប់ និងមនុស្សជាច្រើនទៀតត្រូវរបួស។ នេះបើតាមការចេញផ្សាយដោយសារព័ត៏មានចិន Chinadaily នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០២៣។ ជុំវិញសោកនាដកម្មនេះដែរ ប៉ូលិសក្រិក ក៏បានចាប់ខ្លួនអ្នកគ្រប់គ្រងស្ថានីយរថភ្លើង នៅទីក្រុង ឡារីសា នឹងបានចោទប្រកាន់ពីបទឃាតកម្ម បន្ទាប់ពីការប៉ះទង្គិចរវាងរថភ្លើងដឹកភ្ញៀវដែលបានចេញដំណើរពីទីក្រុង អាថែន (Athens) ឆ្ពោះទៅកាន់ទីក្រុងថេសសាឡូនីគី (Thessaloniki) និងរថភ្លើងដឹកទំនិញដែលកំពុងបរនៅតាមផ្លូវតែមួយនៅជិតទីក្រុង ថេមប៉េ (Tempe) ស្ថិតនៅចម្ងាយប្រហែល ៣៨០គីឡូពីភាគខាងជើង នៃទីក្រុងអាថែន។ មកទល់នឹងពេលនេះ មូលហេតុដែលធ្វើឱ្យរថភ្លើងទាំង២ខាងលើបុកគ្នា កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ ខណៈរដ្ឋាភិបាលក្រិក បានប្រកាសកាន់ទុក្ខរយៈពេល៣ថ្ងៃ នៅទូទាំងប្រទេស៕ ផ្តល់សិទ្ធិដោយ៖ FRESH NEWS