ព័ត៌មានអន្តរជាតិ

រុស្ស៉ី ច្រានចោលការអំពាវនាវរបស់លោក ហ្សេលេនស្គី ឱ្យដកកងទ័ពចេញពីអ៊ុយក្រែន

Khmerpress December 14, 2022 14/12/2022

(មូស្គូ)៖ រុស្ស៉ី បានច្រានចោលផែនការសន្តិភាពរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលនឹងតម្រូវឱ្យមានការដកកងទ័ពរុស្ស៉ី ជាមួយ ការសង្កត់ធ្ងន់ថាទីក្រុងកៀវចាំបាច់ត្រូវតែទទួលស្គាល់ការពិតជាប់ពាក់ព័ន្ធនឹងទឹកដីថ្មី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២។ នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃអង្គារសប្ដាហ៍នេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានបញ្ជាក់ទៀតថាការពិតដែល អ៊ុយក្រែនត្រូវទទួលស្គាល់ នោះគឺទឹកដីអ៊ុយក្រែនចំនួន៤ តំបន់ ដែលរុស្ស៉ីកាត់បញ្ចូលក្នុងឧបសម្ព័ន្ធរបស់ខ្លួនកាលពីខែកញ្ញាកន្លងទៅ ក្រោមការថ្កោលទោស ពីសំណាក់បណ្ដាប្រទេសភាគច្រើនជាសមាជិក UN ដែលចាត់ទុកថានេះជាទង្វើខុសច្បាប់។ លោក ប៉េសកូវ ធ្វើការកត់សម្គាល់បែបនេះជាការឆ្លើយតបទៅនឹង សំណើររបស់លោក ហ្សេលេនស្គី ស្នើទៅកាន់មេដឹកនាំនៃក្រុមប្រទេស G7 កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ ឱ្យបញ្ជូនអាវុធមកបន្ថែម គាំទ្រផ្នែកហិរញ្ញវត្ថុ ថាមពល ព្រមទាំងគាំទ្រដល់ផែនការសន្តិភាពរបស់លោក ដែលចង់ចាប់ផ្ដើមជាមួយការដកកងទ័ពរុស្ស៉ីចេញពីអ៊ុយក្រែន នៅរដូវបុណ្យណូអែលខាងមុខនេះ។ ប៉ុន្តែ បើតាមលោក ប៉េសកូវ រុស្ស៉ីនឹងមិនដកកងទ័ពរបស់ខ្លួនចេញនៅមុនដំណាច់ឆ្នាំ២០២២នេះទេ ហើយថាអ៊ុយក្រែនគួរតែទទួលស្គាល់ការពិតដែលបានកើតឡើង ក្នុងពេលបច្ចុប្បន្ន នោះគឺទឹកដីអ៊ុយក្រែនចំនួន៤ នៅភាគខាងត្បូង និងភាគខាងកើតនៃប្រទេសដែលរុស្ស៉ីបានកាត់យក […]

អាមេរិកសម្រេចចំណាយប្រាក់ ២ពាន់លានដុល្លារដើម្បីទិញថ្នាំកូវីដ-១៩ ប្រភេទ Paxlovid សម្រាប់ទុកប្រើប្រាស់នៅក្នុងឆ្នាំ ២០២៣

Khmerpress December 14, 2022 14/12/2022

អាមេរិក៖ រដ្ឋាភិបាលអាមេរិកបានសម្រេចចំណាយប្រាក់ចំនួន ២ពាន់លានដុល្លារបន្ថែមទៀតដើម្បីទិញថ្នាំប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រភេទ Paxlovid សម្រាប់ទុកប្រើប្រាស់នៅក្នុងឆ្នាំ​ ២០២៣ ខាងមុខនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times បានបញ្ជាក់ថា ទឹកប្រាក់ចំនួន ២ពាន់លានដុល្លាររបស់រដ្ឋាភិបាលអាមេរិកនៅពេលនេះគឺអាចបញ្ជាទិញថ្នាំ Paxlovid ពីក្រុមហ៊ុន Pfizer បានប្រមាណជា ៣,៧លានប្រអប់។ សូមបញ្ជាក់ជូនថា ការអនុម័តលើកញ្ចប់ថវិកាចំនួន ២ពាន់លានដុល្លារនៅពេលនេះគឺជាការអនុម័តថវិកាបន្ថែមពីលើគម្រោងថវិកាចាស់ ខណៈនាពេលកន្លងមកអាមេរិកធ្លាប់បានបញ្ជាទិញថ្នាំប្រភេទខាងលើចំនួន ២លានប្រអប់រួចម្តងហើយ។ ប្រភពខាងលើបន្តទៀតថា​ តាមគម្រោងថវិកាចាស់គឺរដ្ឋាភិបាលអាមេរិកគ្រោងនឹងចំណាយប្រាក់រហូតដល់ ១០,២ពាន់លានដុល្លារសម្រាប់បញ្ជាទិញថ្នាំប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយថវិកានេះនឹងត្រូវអនុម័តជាកញ្ចប់តូចៗជាច្រើនដំណាក់កាលផ្អែកលើភាពចាំបាច់ជាក់ស្តែង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ប្រទេសជាង ៤០ បានសន្យាផ្តល់ជំនួយជាង ១.១ ពាន់លានដុល្លារ ដល់ប្រទេសអ៊ុយក្រែន ដើម្បីឱ្យពលរដ្ឋរួចផុតពីភាពត្រជាក់ខ្លាំងក្នុងរដូវរងានេះ

Khmerpress December 14, 2022 14/12/2022

ប្រទេសរាប់សិបបានសន្យាផ្តល់ជំនួយជាង ១ ពាន់លានអឺរ៉ូ ឬប្រហែល ១.១ ពាន់លានដុល្លារ សម្រាប់ជាជំនួយបន្ថែមដល់អ៊ុយក្រែន ដើម្បីជួយប្រជាជននៅទីនោះឱ្យរួចផុតពីអាកាសធាតុត្រជាក់ក្នុងរដូវរងា។ កិច្ច​ព្រមព្រៀង​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​សន្និសីទ​ជំនួយ​មួយ ​ដែល​ធ្វើ​ឡើង​ក្នុង​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃ​អង្គារ។ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បានស្ថិតនៅក្នុងសន្និសីទនោះ ដោយមានគណៈប្រតិភូជាង ៤០ ប្រទេសចូលរួម។ ប្រទេសបារាំងបានផ្តួចផ្តើមកិច្ចប្រជុំនេះ ដោយសារតែការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី បានធ្វើឱ្យពលរដ្ឋអ៊ុយក្រែនខ្វះថាមពល កម្ដៅ និងទឹកទូទាំងប្រទេស។ រដ្ឋាភិបាលបារាំងបាននិយាយថា ៤០% នៃជំនួយដែលបានសន្យា នឹងត្រូវជួយដល់ការស្ដារការផ្គត់ផ្គង់ថាមពល រួមទាំងការផ្តល់ម៉ាស៊ីនភ្លើងផងដែរ។ ក្រុមហ៊ុនឯកជនជាង ៧០០ នៅប្រទេសបារាំង ក៏បានចូលរួមក្នុងសន្និសីទនេះផងដែរ។ ពួកគេមួយចំនួនបានបង្ហាញពីឆន្ទៈក្នុងការជួសជុលស្ពាន និងផ្លូវដែកក្នុងប្រទេសអ៊ុយក្រែន។ រដ្ឋាភិបាល​បារាំង​មាន​គម្រោង​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​ ដោយ​មានទាំង​ជំនួយ​ហិរញ្ញវត្ថុទៀតផង។ ជាក់ស្ដែង រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Bruno Le Maire មានប្រសាសន៍ថា វិស័យសាធារណៈ និងឯកជនរបស់បារាំង នឹងរួមគ្នាជួយដល់ការកសាងឡើងវិញរបស់អ៊ុយក្រែន។ នាយកប្រតិបត្តិនៃក្រុមហ៊ុនសំណង់ដ៏ធំរបស់បារាំងបានប្រាប់ NHK ថា គាត់បានចូលរួមសន្និសីទដើម្បីប្រមូលព័ត៌មានអំពីគម្រោងនានាក្នុងប្រទេសអ៊ុយក្រែន។ លោក​បាន​និយាយ​ថា ប្រទេស​បារាំង​អាច​ដើរ​តួនាទី​សំខាន់​ក្នុង​ដំណើរ​ការ​កសាង​ឡើង​វិញ​៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សហរដ្ឋ​អាមេរិក​បាន​ប្រកាសគម្រោង​ផ្តល់​ជំនួយ​ ៥៥ ពាន់​លាន​ដុល្លារ​ ដល់​ទ្វីបអាហ្វ្រិក​ក្នុង​រយៈពេល​ ៣​ ឆ្នាំ​ខាង​មុខ

Khmerpress December 13, 2022 13/12/2022

សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ថា ខ្លួន​មាន​គម្រោង​ផ្តល់​ជំនួយ​ចំនួន ៥៥ ពាន់​លាន​ដុល្លារ​ ដល់​តំបន់អាហ្វ្រិក​ក្នុង​រយៈពេល​ ៣​ ឆ្នាំ​ខាង​មុខ។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បានធ្វើសេចក្តីប្រកាសនេះកាលពីថ្ងៃចន្ទ ខណៈប្រធានាធិបតីលោក ចូ បៃដិន កំពុងរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាមេរិក-អាហ្រ្វិកនៅទីក្រុងវ៉ាស៊ីនតោន ដែលនឹងចាប់ផ្ដើមនៅថ្ងៃអង្គារ។ មេដឹកនាំមកពីប្រទេសអាហ្វ្រិកប្រហែល ៥០ កំពុងអញ្ចើញចូលរួមក្នុងកិច្ចប្រជុំកំពូល ដែលមានរយៈពេល ៣ ថ្ងៃមួយនេះ។ សហភាពអាហ្រ្វិកមានបំណងចង់ចូលរួមជាមួយក្រុមសេដ្ឋកិច្ចទាំង ២០ (G20) ខណៈលោក ចូ បៃដិន ត្រូវបានគេរំពឹងថា នឹងប្រកាសពីការគាំទ្ររបស់លោកចំពោះបំណងនោះ។ នេះ​ជា​លើក​ទី​១ ​ក្នុង​រយៈ​ពេល​ ៨​ឆ្នាំ ​ដែល​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ជាមួយ​មេដឹកនាំ​អាហ្វ្រិក។ ពោលគឺលោក បារ៉ាក់ អូបាម៉ា គឺជាប្រធានាធិបតីចុងក្រោយបង្អស់ ដែលបានបើកកិច្ចប្រជុំកំពូលជាមួយ​មេដឹកនាំ​តំបន់អាហ្វ្រិក។ ម្យ៉ាងវិញទៀត សហរដ្ឋអាមេរិកកំពុងព្យាយាមចង់ប្រកួតប្រជែងជាមួយចិន និងរុស្ស៊ី ដោយសារប្រទេសទាំង ២ បាននិងកំពុងបង្កើនឥទ្ធិពលរបស់ពួកគេនៅក្នុងទ្វីបអាហ្វ្រិក។ ពាណិជ្ជកម្មរបស់ចិនជាមួយបណ្តាប្រទេសនៅទ្វីបអាហ្រ្វិកកាលពីឆ្នាំមុន មានចំនួនជាង ២៥០ ពាន់លានដុល្លារ ដែលស្មើនឹងប្រហែល ៤ដង ច្រើនជាងសហរដ្ឋអាមេរិក។ ចំណែករុស្ស៊ី​ក៏បាន​ពង្រឹង​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​ជាមួយ​បណ្តា​ប្រទេស​អាហ្វ្រិក​ ដោយការ​ផ្តល់​ជំនួយ​យោធាជាដើម៕ ផ្តល់សិទ្ធិដោយ៖ […]

ទាហានឥណ្ឌានិងទាហានចិននៅតាមច្រកព្រំដែនបានផ្ទុះអាវុធដាក់គ្នាមួយប្រាវបង្កឲ្យមានរបួសទាំងសងខាង

Khmerpress December 13, 2022 13/12/2022

ឥណ្ឌា៖ ទាហាននៃប្រទេសឥណ្ឌានិងទាហាននៃប្រទេសចិនដែលកំពុងប្រចាំការនៅតាមច្រកព្រំដែនបានប៉ះទង្គិចគ្នាដោយអាវុធមួយប្រាវ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅថ្ងៃអង្គារ ទី១៣ ខែធ្នូនេះ។ ការប៉ះទង្គិចគ្នានេះបានកើងឡើងនៅតំបន់ Arunachal Pradesh ភាគខាងលិចនៃប្រទេសឥណ្ឌា និងជាតំបន់ដែលមានព្រំដែនជាប់ជាមួយនិងប្រទេសចិន។ ប្រភពខាងលើបានបន្តថា ក្រោយមានការប៉ះទង្គិចគ្នាគឺទាហានរបស់ភាគីទាំងសងខាងសុទ្ធតែបានរងរបួស តែយ៉ាងណាក្តីទាំងភាគីខាងឥណ្ឌានិងភាគខាងប្រទេសចិនមិនបានបញ្ជាក់អំពីចំនួនជនរងគ្រោះនោះទេ។ ភ្លាមៗក្រោយពេកកើតហេតុមេបញ្ជាការកងទ័ពឥណ្ឌានិងចិនបានជួបគ្នា ដើម្បីដោះស្រាយបញ្ហានៅនឹងកន្លែងកើតហេតុនោះតែម្តង ខណៈក្រសួងការបរទេសនៃប្រទេសទាំង ២នេះមិនបានបញ្ចេញប្រតិកម្មយ៉ាងណានោះទេ។ គួររម្លឹកជូនថា កាលពីឆ្នាំ ២០២០កន្លងទៅនេះហេតុការណ៍ស្រដៀងគ្នាក៏ធ្លាប់កើតមានម្តងដែរ  តែនៅពេលនោះក្រុមទាហាននៃភាគីទាំង ២បានប៉ះទង្គិចគ្នាដោយដៃទល់នឹងដៃប៉ុណ្ណោះ មិនមែនផ្ទុះអាវុធដូចពេលនេះទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អ៊ុយក្រែនត្រូវការថវិកាបន្ទាន់ចំនួន ១ពាន់លានដុល្លារ ដើម្បីស្តាររចនាសម្ព័ន្ធថាមពលសម្រាប់រដូវរងា

Khmerpress December 13, 2022 13/12/2022

(កៀវ)៖ នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក ដេននី ស៉្មីហែល (Denys Shmyhal) បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា ប្រទេសអ៊ុយក្រែនត្រូវការជំនួយយ៉ាងឆាប់រហ័សសរុបចំនួន ១ពាន់លានដុល្លារ ដើម្បីបញ្ជូនបណ្តាញអគ្គិសនី និងប្រព័ន្ធកំដៅឲ្យត្រឡប់ទៅដំណើរការធម្មតាឡើងវិញ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២។ ក្នុងសុន្ទរកថាទៅកាន់កិច្ចប្រជុំនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ លោក ស៉្មីហែល បានថ្លែងថា ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានធ្វើឲ្យខូចខាតរហូតដល់ពាក់កណ្តាលនៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ប្រទេស។ ហើយការងារស្តារឡើងវិញត្រូវបែងចែកជា ៣ដំណាក់កាល។ ប៉ុន្តែអាទិភាពចម្បងឥឡូវនេះគឺដំណាក់កាលនៃការរស់រានមានជីវិតរបស់ប្រជាជន ដោយស្តាររចនាសម្ព័ន្ធសំខាន់ៗ និងវិស័យថាមពលឱ្យបានឆាប់រហ័សដើម្បីឆ្លងផុតរដូវរងា។ លោកនាយករដ្ឋមន្រ្តីអ៊ុយក្រែន បានគូសបញ្ជាក់ថា «ការចំណាយប្រហាក់ប្រហែលនៃជំនួយបន្ទាន់សម្រាប់វិស័យថាមពលមានចំនួន ៥០០លានដុល្លារ។ រីឯ ការចំណាយប្រហាក់ប្រហែលនៃជំនួយបន្ទាន់សម្រាប់ការផ្គត់ផ្គង់កំដៅគឺមានចំនួន ៥០០លានដុល្លារបន្ថែមទៀត»។ គួរបញ្ជាក់ថា ចាប់តាំងពីខែតុលាមក រុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូនទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន និងទីតាំងផ្សេងទៀតស្ទើរតែរៀងរាល់សប្តាហ៍៕ ផ្តល់សិទ្ធិដោយ៖ freshnews

ក្រុមហ៊ុន Foxconn ប្រកាសវិនិយោគខ្ទង់ ៥០០លានដុល្លារក្នុងប្រទេសឥណ្ឌា ក្រោមហេតុផលគេចចេញពីទីផ្សារប្រទេសចិន

Khmerpress December 12, 2022 12/12/2022

(បរទេស)៖ ថ្មីៗនេះ ក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ការផលិត iPhone ដ៏ធំបំផុតរបស់ Apple បានប្រកាសពីការវិនិយោគប្រមាណ ៥០០លានដុល្លារនៅក្នុងទីផ្សារប្រទេសឥណ្ឌា។ ពោលគឺ Foxconn កំពុងតែបង្វែផលិតកម្មរបស់ខ្លួនស្របតាមក្រុមហ៊ុន Apple ស្ទើតែមួយផ្នែកធំចេញពីប្រទេសចិន ដែលងាកទៅបង្កើនការផលិតនៅក្នុងប្រទេសឥណ្ឌាជំនួសវិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន PhoneArena នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។ បច្ចុប្បន្ននេះក្រុមហ៊ុនអាមេរិកជាច្រើនកំពុងតែនាំគ្នាបង្វែរផលិតកម្មមួយចំនួនរបស់ខ្លួនចេញពីប្រទេសចិន ដោយក្នុងនោះ Apple ទើបតែប្រកាសកាលពីសប្តាហ៍មុនជុំវិញការផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្ម iPad របស់ខ្លួន។ សូម្បីតែក្រុមហ៊ុន Foxconn ក៏បានប្រកាសបង្វែរខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនជាបន្តបន្ទាប់ចេញពីប្រទេសចិន ទៅកាន់ប្រទេសឥណ្ឌា និង វៀតណាមផងដែរ។ ទាំងនេះក៏ដោយសារតែភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ក៏ដូចជា គោលនយោបាយ Zero-Covid ក្នុងប្រទេសនេះ ដែលបានបង្ខំឱ្យក្រុមហ៊ុនធំៗជាច្រើនសម្រេចបិទទ្វា រួមទាំងក្រុមហ៊ុនមួយចំនួនទៀតបង្ខំចិត្តបញ្ឈប់បុគ្គលិកស្ទើរតែពាក់កណ្តាលក្រុមហ៊ុនឯណោះ។ ជាក់ស្តែង Foxconn មានវត្តមានក្នុងប្រទេសឥណ្ឌាស្រាប់ទៅហើយ ដោយក្នុងនោះរួមមានការផលិតម៉ូដែល iPhone ជាច្រើនសូម្បីតែ iPhone 14 ជំនាន់ថ្មីក៏ត្រូវបានផលិតនៅទីនោះផងដែរ។ ដោយឡែកក្រៅពីការវិនិយោគនៅឥណ្ឌាកាលពីខែសីហាកន្លងទៅ Foxconn បានយល់ព្រមបោះទុនវិនិយោគប្រមាណ ៣០ម៉ឺនដុល្លារទៅក្នុងរោងចក្រក្នុងប្រទេសវៀតណាម ដែលជាប្រទេសមួយផ្សេងទៀតក្រៅពីប្រទេសឥណ្ឌា […]

សង្រ្គាមអ៊ុយក្រែនកាន់តែវិវត្តន៍ទៅរកហាយនភាព…រុស្ស៉ីប្រកាសផលិតអាវុធជំនាន់ថ្មីបន្ថែមទៀត

Khmerpress December 12, 2022 12/12/2022

(កៀវ)៖ សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនបានឈានចូលដល់ថ្ងៃទី២៩១ហើយ គិតត្រឹមថ្ងៃច័ន្ទទី១២ធ្នូ ឆ្នាំ២០២២។ សេចក្តីរាយការណ៍បានបង្ហាញថារុស្ស៊ីដែលគេជឿថាកំពុងខ្វះអាវុធសំខាន់ៗដើម្បី វាយប្រហារដាក់លើអ៊ុយក្រែនដែលមានអាវុធមិនខ្វះដោយសារតែការជួយពីសហរដ្ឋអាមេរិក និងអង្គការណាតូនោះ បានអះអាងការផលិតអាវុធថ្មីដោយមានកិច្ចសហការពីប្រទេសអ៊ីរ៉ង់ ថែមទៀត។ សហរដ្ឋអាមេរិកនិងក្រុមប្រទេសលោកខាងលិចបានបង្ហាញការព្រួយបារម្ភភាព បន្តឆេះសន្ធោរសន្ធៅនៃសង្គ្រាមក្នុងអ៊ុយក្រែនខណៈដែលរុស្ស៊ីកំពុងធ្វើកិច្ចសហការបង្កើត អាវុធសំខាន់ៗដើម្បីការទប់ទល់ក្នុងសង្គ្រាមនៅអ៊ុយក្រែននេះ។ អ៊ុយក្រែនបានថ្លែងថាអាកាសធាតុត្រជាក់ បានធ្វើឱ្យអាវុធដ្រូនអត្តឃាតរបស់អ៊ីរ៉ង់មិនអាចប្រើប្រាស់ការវាយប្រហារបានឡើយក្នុងរដូវរងារធ្លាក់ព្រិលនិងទឹកកក។ ការអះអាងនេះបានធ្វើឡើងទន្ទឹមនឹងសេចក្តីរាយការណ៍ជុំវិញអ៊ីរ៉ង់និងរុស្ស៊ីកំពុងសហការគ្នាផលិតរួមគ្នានូវដ្រូនសម្លាប់មនុស្ស និងការអះអាងរបស់អ៊ុយក្រែននេះទៀតបានធ្វើឡើងបន្ទាប់ពីអតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvidev បាននិយាយបញ្ជាក់ថារុស្ស៊ីកំពុងតែផលិតអាវុធជំនាន់ថ្មី ដើម្បីការទប់ទល់វាយប្រហាររបស់សត្រូវ។ លោក Dmitry Medvedev ដែលជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី បាននិយាយ កាលពីថ្ងៃអាទិត្យទី១១ធ្នូថា រុស្ស៊ីកំពុងបង្កើនការផលិតអាវុធជំនាន់ថ្មីនោះ ដើម្បីការពារខ្លួនពីសត្រូវនៅអឺរ៉ុប, សហរដ្ឋអាមេរិក និងអូស្ត្រាលី។ លោក Dmitry Medvedev បានបញ្ជាក់ក្នុងសម្តីរបស់លោកតាមប្រព័ន្ធ App តេឡេក្រាមថា «យើងកំពុងបង្កើនការផលិតនូវមធ្យោបាយកម្ទេចដ៏មានឥទ្ធិពលខ្លាំងក្លាជាងគេបំផុត ដោយរួមមានទាំងមធ្យោបាយទាំងឡាយ ដែលផ្អែកលើគោលការណ៍ថ្មី»។ លោក Medvedev ទោះជាយ៉ាងណាក៏ដោយមិនបានផ្តល់ព័ត៌មាន លម្អិត ជុំវិញការផលិតអំពីអាវុធថ្មីនោះឡើយ។ លោក Medvedev បានចាត់ទុកផ្នែកនៃទឹកដីអ៊ុយក្រែនគឺជាអតីតទឹកដីរបស់រុស្សីពីអតីតកាល។ លោកបាននិយាយបន្តថា “សត្រូវរបស់យើងមិនត្រឹមតែលេបយកខេត្តគៀវ នៃទឹកដីដ៏តូច របស់រុស្ស៊ីម៉ាឡូរ៉ូស៊ីយ៉ា Malorossiya ប៉ុណ្ណោះទេ” ។ *សង្គ្រាមកាន់តែវិវត្តន៍ទៅរកភាពអាក្រក់ធ្ងន់ធ្ងរ […]

ថៃរៀបចំពិធីស្វាគមន៍ភ្ញៀវទេសចរណ៍ទី ១០លានដែលបានមកកំសាន្តក្នុងប្រទេសខ្លួន ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា

Khmerpress December 12, 2022 12/12/2022

ថៃ៖ អាជ្ញាធរទេសចរណ៍ថៃបានរៀបចំពិធីអបអរសារទរដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិទី ១០លាន ដែលបានធ្វើដំណើរកំសាន្តមកកាន់ទឹកដីខ្លួន បើគិតចាប់តាំងពីពេលដែលអាជ្ញាធរថៃបានសម្រេចលុបចោលវិធានការបិទខ្ទប់ប្រទេសដើម្បីទប់ស្កាត់នឹងជំងឺកូវីដ-១៩មក។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger បានបញ្ជាក់ថា ពិធីអបអររសារទរនេះត្រូវបានរៀបចំឡើងនៅក្នុងប្រលានយន្តហោះអន្តរជាតិជាតិសុវណ្ណភូមិ កាលពីរសៀលថ្ងៃអាទិត្យ ទី១១ ខែធ្នូម្សិលមិញនេះ។ ប្រភពខាងលើបានបន្តថា ពិធីអបអរសារទរនេះត្រូវបានគេដាក់ឈ្មោះថា “Amazing Thailand 10 Million Celebrations” ជាកម្មវិធីដែលបានផ្តួចផ្តើមរៀបចំឡើងដោយក្រសួងទេសចរណ៍ថៃ ខណៈនៅក្នុងពិធីដ៏កម្រនេះក៏មានការចូលរួមពីសំណាក់លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ផងដែរ។ អ្នកទេសចរណ៍ទី ១០លាននេះត្រូវបានអាជ្ញាធរថៃបញ្ជាក់ថា គឺជាអ្នកដំណើរមកពីប្រទេសអារ៉ាប៊ីសាអូឌីត ដែលមានគម្រោងទៅស្នាក់នៅក្នុងប្រទេសថៃចំនួន ១០ថ្ងៃ ខណៈនៅក្នុងឱកាសសំណាងនេះរូបគាត់នឹងទទួលបានការស្នាក់នៅដោយមិនគិតថ្លៃពីសំណាក់សណ្ឋាគារប្រណិតៗជាច្រើនកន្លែងនៅទូទាំងប្រទេសថៃ។ តាមគម្រោងអាជ្ញាធរថៃនឹងរៀបចំពិធីដូចគ្នាសម្រាប់ភ្ញៀវទេសចរណ៍ទី ២០លានផងដែរ៕  ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អ្នកជំនាញព្រមានថា កូវីដ-១៩នឹងរាតត្បាតយ៉ាងឆាប់រហ័សនៅប្រទេសចិន ក្រោយអាជ្ញាធរចិនសម្រេចបន្ធូរបន្ថយវិធានការទប់ស្កាត់មួយចំនួន

Khmerpress December 12, 2022 12/12/2022

ចិន៖ អ្នកជំនាញចិនម្នាក់បានព្រមានថា ជំងឺកូវីដ-១៩នឹងរាតត្បាតយ៉ាងឆាប់រហ័សនៅទូទាំងប្រទេស ក្រោយអាជ្ញាធរចិនបានសម្រេចបន្ធូរបន្ថយវិធាការទប់ស្កាត់ជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី១១ ខែធ្នូនេះ។ គួរកត់សម្គាល់ថា​ ការសម្រេចបន្ធូរបន្ថយវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ របស់អាជ្ញាធរចិនត្រូវបានធ្វើឡើងជាបន្ទាន់ ក្រោយបាតុកម្មពីសំណាក់ប្រជាពលរដ្ឋបានកើតមានជាបន្តបន្ទាប់នៅតាមទីក្រុងធំៗ ដ្បិតពលរដ្ឋទាំងនោះយល់ឃើញថា វិធានការបិទខ្ទប់របស់អាជ្ញាធរចិនពិតជាមានលក្ខណៈតឹងរឹងខ្លាំងណាស់ ខណៈនៅតាមបណ្តាប្រទេសជាច្រើនជុំវិញពិភពលោកគេលែងអនុវត្តអស់ហើយ។ យ៉ាងណាក្តី បើតាមលោក Zhong Nanshan ដែលជាអ្នកជំនាញផ្នែកជំងឺឆ្លងចិនបានពន្យល់ថា គិតត្រឹមពេលនេះពលរដ្ឋចិនជាច្រើននាក់នៅមិនទាន់បានទៅចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ឲ្យបានគ្រប់គ្រាន់តាមការណែនាំរបស់អាជ្ញាធរសុខាភិបាលនៅឡើយទេ ខណៈមេរោគកូវីដ-១៩ ដែលកំពុងរាតត្បាតនៅពេលនេះគឺជាមេរោគអូមីក្រុង ដែលជាប្រភេទមេរោគមានសមត្ថភាពអាចបង្កការចម្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀតបានយ៉ាងលឿនជាទីបំផុត។ នៅក្នុងស្ថានភាពបែបនេះ បើមិនមានការអនុវត្តវិធានការតឹងរឹងនោះទេគឺវាច្បាស់ណាស់ថា មេរោគអាចនឹងរាតត្បាតយ៉ាងឆាប់រហ័សនៅតាមសហគមន៍។ សូមបញ្ជាក់ថា ការសម្រេចបន្ធូរបន្ថយលើវិធានការទប់ស្កាត់ជំងឺកូវីដ-១៩​ របស់អាជ្ញាធរចិនមានដូចជា អនុញ្ញាតឲ្យអ្នកជំងឺស្រាលអាចព្យាបាលនៅផ្ទះបានដោយខ្លួនឯង មិនតម្រូវឲ្យពលរដ្ឋធ្វើតេស្តពេលធ្វើដំណើរឆ្លងកាត់ខេត្ត តំបន់ ឬកន្លែងណាមួយ និងលើកលែងការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំជាដើម៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត