(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអាមេរិក Tesla កំពុងប្រកាសប្រមូលរថយន្តបន្ថែមទៀតនៅក្នុងទីផ្សារប្រទេសចិន សរុបជាង ៨០,០០០គ្រឿងដែលផលិតតំាងពីដើមឆ្នាំ២០១៣ ជុំវិញបញ្ហាផ្នែក Software និងខ្សែក្រវ៉ាត់កៅអីរថយន្ត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។ បើយោងតាមសេចក្តីថ្លែងការណ៍របស់និយតករទីផ្សារចិនបានឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានប្រកាសប្រមូលឡើងវិញនូវរថយន្ត Model S និង Model X ចំនួន ៦៧,៦៩៨គ្រឿងដែលបាននាំចូលទៅកាន់ប្រទេសចិននៅចន្លោះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។ ខណៈការប្រមូលត្រឡប់មកវិញនេះត្រូវបានគេគូសបញ្ជាក់ថា បណ្តាលមកពីបញ្ហាបច្ចេកទេសផ្នែក Software ដែលប៉ះពាល់ដល់ប្រព័ន្ធគ្រប់គ្រងអាគុយនៅក្នុងរថយន្ត។ បន្ថែមពីនេះទៅទៀត Tesla បានគូសបញ្ជាក់ថា សម្រាប់រថយន្ត Model 3 ដែលបាននាំចូលចំនួន ២,៧៣៦គ្រឿងដែលផលិតនៅចន្លោះខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០១៩ និងរថយន្តម៉ូដែលដូចគ្នាដែលផលិតនៅប្រទេសចិនចំនួន ១០,១២៧គ្រឿង ដែលផលិតនៅចន្លោះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ក៏ត្រូវបានប្រមូលត្រឡប់មកជួសជុលឡើងវិញផងដែរ។ ទាំងនេះក៏ដោយសារតែមូលហេតុបញ្ហា ខ្សែក្រវ៉ាត់សុវត្ថិភាព […]