ព័ត៌មានអន្តរជាតិ

ជម្រើសជាតិជប៉ុនសម្អាតបន្ទប់យ៉ាងស្អាតភ្លឹង ហើយបត់ចាបក្រដាសសំណាងល្អទុកឱ្យទៀត ក្រោយ​ចប់ការ​ប្រកួត World Cup យកឈ្នះ​អាល្លឺម៉ង់

Khmerpress November 24, 2022 24/11/2022

បន្ទាប់ពីបានយកឈ្នះក្នុងលទ្ធផល ២-១ យ៉ាងអស្ចារ្យលើម្ចាស់ជើងឯក World Cup ៤សម័យ គឺក្រុមឥន្ទ្រីដែកអាល្លឺម៉ង់កាលពីម្សិលមិញនេះ ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុនបានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាថ្មីម្តងទៀត នៅពេលដែលពួកគេបានសម្អាតបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ពួកគេនៅឯកីឡដ្ឋាន Khalifa International Stadium យ៉ាងស្អាតភ្លឹងតែម្ដង។ ពួកគេក៏បានបត់សត្វចាបក្រដាស Origami ដែលជានិមិត្តរូបសំណាងល្អ និងនិរន្តភាពនៅក្នុងប្រទេសជប៉ុន ទុកនៅក្នុងបន្ទប់ផ្លាស់សម្លៀកពាក់នោះផងដែរ។ ក្រុមការងារបានបត់កន្សែង រៀបចំដបទឹក និងធុងដាក់អាហារយ៉ាងស្អាត ទុកដាក់នៅលើតុនៅកណ្តាលបន្ទប់ នៅមុនពេលពួកគេចាកចេញពីកីឡដ្ឋាន។ រំលឹកផងដែរថា នៅក្នុងព្រឹត្តិការណ៍ World Cup 2018 នៅប្រទេសរុស្ស៊ី ក្រុមសាមូរ៉ៃជប៉ុនក៏ធ្លាប់បានទទួលបានការកោតសរសើរពីសំណាក់អ្នកគាំទ្រ នៅពេលដែលពួកគេបានសម្អាតបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ពួកគេ បន្ទាប់ពីពួកគេចាញ់ក្រុមបែលហ្ស៊ិកក្នុងលទ្ធផល ៣-២ ក្នុងជុំទី១៦ ហើយក៏បានបន្សល់ទុកនូវសំបុត្រសរសេរពាក្យថា «សូមអរគុណ» ជាភាសារុស្សីទៀតផង។ មុននេះ ក្រុមអ្នកគាំទ្ររបស់ជប៉ុនក៏ទទួលបានការសរសើរនៅក្នុងប្រទេសកាតា សម្រាប់ការនៅសម្អាតកីឡដ្ឋានក្រោយការប្រកួត។ ពោលគឺបន្ទាប់​ពី​ការ​ប្រកួត​ទល់​នឹង​អាល្លឺម៉ង់ អ្នកគាំទ្រ​ជប៉ុន​​ត្រូវ​បាន​គេ​ឃើញ​ថា បានយក​ថង់​សំរាម​ពណ៌​ខៀវ​ខ្ចី ហើយ​ដើររើស​សំរាម​នៅ​ក្នុង​កីឡដ្ឋាន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

គួរឲ្យគោរពណាស់! ទោះជាសប្បាយរីករាយជាមួយលទ្ធផលឈ្នះរបស់ក្រុមជម្រើសជាតិជប៉ុនទៅលើអាឡឺម៉ង់យ៉ាងណាក៏ដោយ តែអ្នកគាំទ្រជប៉ុននៅតែមិនភ្លេចជួយសម្អាតកីឡដ្ឋានឡើយ

Khmerpress November 24, 2022 24/11/2022

កាតា៖ ពលរដ្ឋជប៉ុនមួយក្រុមដែលជាអ្នកទៅទស្សនាការប្រកួតបាល់ទាល់រវាងក្រុមជម្រើសជាតិជប៉ុនលេងទល់នឹងក្រុមជម្រើសជាតិអាឡឺម៉ង់ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាល់ពិភពលោក (World Cup) ២០២២ នៅក្នុងប្រទេសកាតាកាលពីថ្ងៃម្សិលមិញនេះត្រូវបានគេប្រទះឃើញនាំគ្នាជួយប្រមូលសម្បកដបទឹកនិងសំរាមផ្សេងៗនៅក្រោយពេលចប់ការប្រកួត ខណៈក្រុមអ្នកទស្សនាជាច្រើនផ្សេងទៀតបាននាំដើរចេញពីកីឡដ្ឋានអស់ហើយ។ ឥរិយាបថដ៏គួរឲ្យគោរពបំផុតនេះមិនមែនកើតឡើងជាលើកទីមួយនោះទេសម្រាប់ក្រុមអ្នកគាំទ្របាល់ទាល់ជប៉ុន ដ្បិតពួកគេតែធ្វើសកម្មភាពបែបនេះជាប្រចាំ បើទោះជាការប្រកួតនោះមិនមែនជាការប្រកួតរបស់ក្រុមបាល់ទាត់ជាតិជម្រើសជាតិនៃប្រទេសជប៉ុនក៏ដោយ។ ជាក់ស្តែងកាលពីថ្ងៃបើកព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដំបូង ដែលមានការប្រកួតរវាងក្រុមម្ចាស់ផ្ទះកាតាលេងទល់នឹងក្រុមជម្រើសជាតិអេក្វាឌ័រក៏គេបានប្រទះឃើញ ក្រុមអ្នកគាំទ្របាល់ទាត់ជនជាតិជប៉ុននាំគ្នារើសសំរាមដើម្បីសម្អាតកីឡដ្ឋានដែរ ក្រោយការប្រកួតត្រូវបានបញ្ចប់។ គួរកត់សម្គាល់ថា នៅក្នុងការប្រកួតកាលពីថ្ងៃម្សិលមិញនេះគឺក្រុមបាល់ទាត់ជម្រើសជាតិជប៉ុនបានយកឈ្នះទៅលើក្រុមជម្រើសជាតិអាឡឺម៉ង់ក្នុងលទ្ធផល ២-១ ដែលជាភាពជោគជ័យដ៏កម្របំផុតនិងជាប្រវត្តិសាស្រ្តដ៏អស្ចារ្យមួយសម្រាប់វិស័យបាល់ទាត់ជប៉ុនផងដែរ។ យ៉ាងណាក្តី បើទោះជាត្រូវសប្បាយរីករាយនិងត្រូវអបអរសាទរជាមួយនឹងសមិទ្ធផលថ្មីមួយនេះក្នុងកម្រិតណាក៏ដោយ ក៏អ្នកគាំទ្រជប៉ុននៅតែមិនភ្លេចនាំគ្នាប្រមូលសំរាមនោះទេក្រោយពេលចប់ការប្រកួត។ គួររម្លឹកជូនថា នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកកាលពីឆ្នាំ ២០១៨ កន្លងទៅ ជប៉ុនធ្លាប់ទទួលបានពាននៃការកោតសរសើរថា ជាពលរដ្ឋដែលបានជួយសម្អាតកន្លែងសាធារណៈគួរឲ្យគោរពបំផុតពីសំណាក់រដ្ឋាភិបាលរុស្ស៊ីដែលជាម្ចាស់ផ្ទះរៀបចំការប្រកួតផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

BREAKING: ទីបំផុតលោក Anwar Ibrahim ត្រូវបានព្រះមហាក្សត្រម៉ាឡេស៉ីជ្រើសរើស ឱ្យក្លាយជានាយករដ្ឋមន្រ្តីថ្មី

Khmerpress November 24, 2022 24/11/2022

(គូឡាឡាំពួ)៖ ទីបំផុតនៅថ្ងៃព្រហស្បតិ៍នេះ ព្រះមហាក្សត្រម៉ាឡេស៉ី បានសម្រេចជ្រើសរើស លោក អាន់វ៉ា អ៉ីប្រាហ៉ីម (Anwar Ibrahim) ឱ្យធ្វើជានាយករដ្ឋមន្រ្តីដើម្បីបង្កើតរដ្ឋាភិបាលថ្មីហើយ ក្រោយការជាប់គាំងអស់ប៉ុន្មានថ្ងៃ ក្រោយការបោះឆ្នោតសកល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។ មហាក្សត្រម៉ាឡេស៉ី ព្រះចៅស៊ូលតង់ អាប់ឌូលឡោះ ស៊ូតង់ អាមេដ ស្សា (Abdullah Sultan Ahmad Shah) បានធ្វើការសម្រេចដូចខាងលើ បន្ទាប់ពីទ្រង់បានកោះប្រជុំក្រុមប្រឹក្សាពិសេសមួយ ដើម្បីទទួលយកការយល់ឃើញពីព្រះចៅស៊ូលតង់ដទៃទៀត លើបញ្ហានៃការបង្កើតរដ្ឋាភិបាលថ្មី។ បើតាមព្រះរាជបន្ទូលទ្រង់ ទ្រង់មានព្រះទ័យជឿជាក់ថា លោក អាន់វ៉ា ហើយនិងក្រុមគណបក្សចម្រុះ ប៉ាកាតាន់ ហារ៉ាប៉ាន់ (Pakatan Harapan ឬ PH) របស់លោក មានសំឡេងគាំទ្រគ្រប់គ្រាន់នៅក្នុងសភា សម្រាប់ឈានទៅបង្កើតរដ្ឋាភិបាល ដើម្បីដឹកនាំម៉ាឡេស៉ីក្នុងរយៈពេល៥ឆ្នាំខាងមុខ។ ក្រោយការបោះឆ្នោតសកល កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ ក្រុមចម្រុះ PH របស់លោក អាន់វ៉ា និងក្រុមគណបក្សចម្រុះធំមួយ​ទៀតគឺ […]

ប៉ូលិសថៃបានឃាត់ខ្លួនមនុស្សចំនួន ៦៥៦នាក់ ពាក់ព័ន្ធនឹងការភ្នាល់លទ្ធផលនៃការប្រកួតបាល់ទាត់ FIFA World Cup 2022

Khmerpress November 24, 2022 24/11/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានរាយការណ៍ថា ប៉ូលិសថៃបាននិយាយថា មនុស្សចំនួន ៦៥៦នាក់ ត្រូវបានចាប់ខ្លួននៅក្នុងរយៈពេល ៤ ថ្ងៃចុងក្រោយនេះ សម្រាប់ការលេងល្បែងស៊ីសង ពាក់ព័ន្ធលទ្ធផលនៃការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022។ ជំនួយការអគ្គស្នងការនគរបាលជាតិថៃ លោក ឧត្តមសេនីយ៍ឯក Phanurat Lakboon បាននិយាយថា ជនសង្ស័យចំនួន ៤៥៤នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារតែមួយ នៅក្នុងការបង្រ្កាបល្បែងស៊ីសងបាល់ទាំងក្រៅបណ្តាញ និងតាមអ៊ីនធឺណិត។ ក្នុងនោះអ្នកបើកភ្នាល់ចំនួន ៣ នាក់ អ្នកភ្នាល់ចំនួន ៤០៤ នាក់ និងអ្នកទទួលភ្នាល់ចំនួន ៤ នាក់ ត្រូវបានចាប់ខ្លួនពីបទលេងល្បែងក្រៅបណ្តាញ ខណៈដែលអ្នកបើកភ្នាល់ម្នាក់ និងអ្នកភ្នាល់ចំនួន ៤២ នាក់ ត្រូវបានចាប់ខ្លួនពីបទលេងល្បែងអនឡាញ។ លោក​បាន​និយាយ​ថា ប៉ូលិស​បាន​ចាប់​ផ្តើម​បង្ក្រាប​ការ​ភ្នាល់​លើ​ការ​ប្រកួត World Cup តាំង​ពី​ថ្ងៃ​សៅរ៍​មកម្ល៉េះ។ ក្នុងរយៈពេល ៤ ថ្ងៃនេះ មានអ្នកបើកភ្នាល់ចំនួន ៩នាក់ អ្នកភ្នាល់ចំនួន ៥៨៧ […]

ចោរដៃឆៅមួយក្រុមចូលទៅលួចកាក់មាសបុរាណដ៏កម្របំផុតមានតម្លៃ ១,៧លានដុល្លារពីសារមន្ទីរក្នុងប្រទេសអាឡឺម៉ង់

Khmerpress November 24, 2022 24/11/2022

អាឡឺម៉ង់៖​ ចោរដៃឆៅមួយក្រុមបានចូលទៅលួចកាក់មាសបុរាណដ៏កម្របំផុតពីក្នុងសារមន្ទីរមួយកន្លែងនៅក្នុងប្រទេសអាឡឺម៉ង់ ខណៈកាក់មាសនោះមានអាយុកាលជាង ១០០ឆ្នាំ។ បើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤នេះបានឲ្យបញ្ជាក់ថា សារមន្ទីរដែលជាកន្លែងកើតហេតុនោះមានឈ្មោះថា Celtic and Roman Museum មានទីតាំងស្ថិតនៅក្នុងទីក្រុងប៊ែរឡាំង ខណៈសកម្មភាពនៃការលួចប្រកបដោយជំនាញខ្ពស់នេះត្រូវបានគេរកឃើញថា បានកើតឡើងតាំងថ្ងៃអង្គារម្លេះ ខណៈដំណឹងដ៏ហួសចិត្តមួយនេះទើបត្រូវបានគេចុះផ្សាយសាធារណៈនៅព្រឹកមិញនេះ។ ប្រភពខាងលើបានបន្តថា កាក់មាសដែលក្រុមចោរបានលួចទៅនោះមានចំនួន ៤៨៣កាក់ មានទម្ងន់សរុបចំនួន ៤គីឡូក្រាម ហើយយោងតាមតម្លៃជាក់ស្តែងនាពេលបច្ចុប្បន្ននេះគឺកាក់មាសទាំងអស់នេះអាចមានតម្លៃខ្ទង់ ១,៧លានដុល្លារឯណោះ។ បើតាមលោក Markus Blume ដែលជារដ្ឋមន្ត្រីទទួលបន្ទុកផ្នែកវិទ្យាសាស្រ្តនិងសិល្បៈអាឡឺម៉ង់បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងដូចការសម្តែងនៅក្នុងខ្សែភាពយន្តអីចឹង​ ពោលវាគឺជាការលួចប្រកបដោយជំនាញខ្ពស់បំផុត ខណៈគិតត្រឹមពេលនេះខាងអាជ្ញាធរហាក់គ្មានតម្រុយណាមួយទាល់តែសោះក្នុងការចាប់តាមក្រុមចោរ។ យ៉ាងណាក្តី ក្រុមប៉ូលិសជំនាញអាឡឺម៉ង់បានប្តេជ្ញាថា នឹងខិតខំព្យាយាមបំបែកសំណុំរឿងនេះដើម្បីតាមចាប់ខ្លួនក្រុមចោរឲ្យមកទទួលទោសឲ្យទាល់តែបាន៕  ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ហេតុអ្វីបានជា ក្រុមកីឡាករអាឡឺម៉ង់ ថតរូបយកដៃខ្ទប់មាត់ មុនបើកការប្រកួតជាមួយជប៉ុនកាលពីយប់មិញ?

Khmerpress November 24, 2022 24/11/2022

(កាតា)៖ កីឡាករអាឡឺម៉ង់ទាំង១១ បានយកខ្ទប់មាត់ដៃ ក្នុងអំឡុងពេលថតរូបជាក្រុម មុខកាមេរ៉ារបស់អ្នកសារព័ត៌មានរាប់សិបនាក់ មុនការប្រកួតជាមួយជប៉ុនក្នុងពូល E នៃព្រឹត្តិការណ៍ World Cup 2022 នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។ បើយោងតាម Reuters សកម្មភាពនេះត្រូវបានគេនិយាយថាជាការតវ៉ាប្រឆាំងនឹងសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដែលបានដាក់បម្រាមមិនឱ្យពាក់ខ្សែរុំកំភួនដៃដែលមានអក្សរសរសេរថា «OneLove» នៅក្នុងការប្រកួត World Cup ឆ្នាំ២០២២នេះ។ មុនពេលការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ ចាប់ផ្តើម ប្រធានក្រុមកីឡាបាល់ទាត់ទាំង៧ មកពីទ្វីបអឺរ៉ុប មាន អាល្លឺម៉ង់ អង់គ្លេស វេលស៍ បែលហ្សិក ដាណឺម៉ាក ហូឡង់ និងស្វីស គ្រោងនឹងពាក់ខ្សែរុំកំភួនដៃ “OneLove” ក្នុងអំឡុងពេលប្រកួតនៅប្រទេសកាតាដើម្បីផ្ញើសារ។ ខ្សែនេះមានទង់ឥន្ទធនូតំណាងឱ្យសហគមន៍ LGBTQ និងមានន័យថា «ប្រឆាំងនឹងរាល់ការរើសអើង»។ យ៉ាងណាក៏ដោយ FIFA បានព្រមានពិន័យកីឡាករដែលពាក់ខ្សែមួយនេះនឹង ទទួលបានកាតលឿងភ្លាមៗនៅពេលការប្រកួតបានចាប់ផ្តើម។ យោងតាមបទប្បញ្ញត្តិរបស់ FIFA កីឡាករមិនត្រូវមានសារនយោបាយ សាសនា ឡើយ៕​ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ក្រោយយកឈ្នះលើអាហ្សង់ទីនសមាជិកក្រុមបាល់ទាត់ជម្រើសជាតិអារ៉ាប៊ីសាអូឌីទាំងអស់នឹងទទួលបានការដូជារថយន្ត Rolls Royce ម្នាក់មួយគ្រឿងពីព្រះអង្គម្ចាស់ Mohammed bin Salman

Khmerpress November 24, 2022 24/11/2022

អារ៉ាប៊ីសាអូឌីត៖ ជ័យជំនះរបស់ក្រុមបាល់ទាត់ជម្រើសជាតិនៃប្រទេសអារ៉ាប៊ីសាអូឌីតទៅលើក្រុមបាល់ទាត់ជម្រើសជាតិនៃប្រទេសអាហ្សង់ទីននៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (World Cup) ២០២២ បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយវាក៏បានក្លាយជាប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយសម្រាប់ប្រទេសអាស៊ីមួយនេះផងដែរ។ ក្រោយទទួលបានជ័យជំនះក្នុងការប្រកួតកីឡាជាប្រវត្តិសាស្រ្តនេះរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបានសម្រេចរៀបចំឲ្យមានថ្ងៃឈប់ថ្នាក់ជាតិមួយ ដើម្បីអនុញ្ញាតឲ្យពលរដ្ឋអារ៉ាប៊ីសាអូឌីតរាប់លាននាក់អាចនាំគ្នារៀបចំពិធីអបអរសាទរចំពោះភាពជោគជ័យថ្មីក្នុងវិស័យកីឡាមួយនេះ។ ព្រះអង្គម្ចាស់ Mohammed bin Salman ជាងនេះទៅទៀតបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Indonesia Postsen បានឲ្យដឹងថា ក្រុមកីឡាករបាល់ទាត់អារ៉ាប៊ីសាអូឌីត ដែលជាតួអង្គសំខាន់ក្នុងការបង្កើតប្រវត្តិសាស្រ្តមួយនេះនឹងទទួលបានការដូយ៉ាងគាប់ចិត្តពីសំណាក់ព្រះអង្គម្ចាស់ Mohammed bin Salman (MbS) នៃព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត ដោយកីឡាករទាំងអស់នឹងទទួលបានរថយន្តប្រណិតម៉ាក Rolls Royce Phantom ម្នាក់មួយគ្រឿង។ ប្រភពខាងលើបានបញ្ជាក់ថា រថយន្ត Rolls Royce Phantom នោះគឺជារថយន្តទំនើបស៊េរីចុងក្រោយផលិតនៅក្នុងឆ្នាំ ២០២២នេះ ខណៈរថយន្តប្រភេទនេះមានតម្លៃជាង ៥,៥ លានដុល្លារឯណោះលើទីផ្សារក្នុងពេលបច្ចុប្បន្ននេះ។ គួររម្លឹកជូន ថា ក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីតបានយកឈ្នះលើក្រុមជម្រើសជាតិអាហ្សង់ទីនក្នុងលទ្ធ ២-១ នៅក្នុងវគ្គសន្សំពិន្ទុនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដែលបានរៀបចំឡើងនៅក្នុងប្រទេសកាតាកាលពីថ្ងៃអង្គារកន្លងទៅនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អង្គការសុខភាពពិភពលោក គ្រោងនឹងប្តូរឈ្មោះជំងឺអុតស្វា (monkeypox) ទៅជា MPOX

Khmerpress November 24, 2022 24/11/2022

(ញូវយ៉ក)៖ អង្គការសុខភាពពិភពលោក គ្រោងនឹងប្តូរឈ្មោះជំងឺអុតស្វា (monkeypox) ដោយហៅវាថា MPOX ជំនួសវិញ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ការប្រមាថចេញពីមេរោគ ចំពោះសត្វស្វា ដែលបានទទួលការចាប់អារម្មណ៍នៅសហរដ្ឋអាមេរិកកាលពីដើមឆ្នាំនេះ។ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន Politico នៅថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកានេះ ដោយបានដកស្រង់ចេញពីប្រភពស្និតនឹងបញ្ហានេះ។ កាសែត Politico បានបន្ថែមថា ការសម្រេចចិត្តដែលអាចនឹង ត្រូវប្រកាសនៅថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) គឺដើម្បីឆ្លើយតបទៅនឹងសម្ពាធកើនឡើងពីមន្ត្រីជាន់ខ្ពស់របស់រដ្ឋបាល លោក បៃដិន ដែលបានជំរុញជាឯកជនដល់មេដឹកនាំ WHO ឱ្យផ្លាស់ប្តូរឈ្មោះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ស្ដេចអារ៉ាប៊ីសាអូឌីតបាន​ប្រកាសថ្ងៃ​ឈប់​សម្រាក​ថ្នាក់ជាតិ បន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិរបស់ខ្លួនយកឈ្នះលើអាហ្សង់ទីនក្នុងលទ្ធផល ២-១

Khmerpress November 24, 2022 24/11/2022

​យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera បានឱ្យដឹងថា អាជ្ញាធរ​​រដ្ឋធានីក្រុង Riydh របស់អារ៉ាប៊ីសាអូឌីត បាន​ប្រកាស​ថ្ងៃ​ឈប់​សម្រាក​ថ្នាក់ជាតិ ​ដើម្បី​អបអរ​ការ​ទទួល​ជ័យ​ជម្នះ​ដ៏​គួរ​ឱ្យភ្ញាក់​ផ្អើលរបស់ខ្លួន នៅ​ក្នុង​ការ​ប្រកួតកីឡាបាល់ទាត់ពិភពលោក World Cup នាពេលថ្មីៗនេះ។ ជ័យជម្នះក្នុងលទ្ធផល ២-១ របស់ក្រុមស្ទាំងបៃតងអារ៉ាប៊ីសាអូឌីត លើក្រុមជម្រើសជាតិអាហ្សង់ទីន ដែលជាក្រុមមួយក្នុងចំណោមក្រុមលំដាប់កំពូលរបស់ពិភពលោក ត្រូវបានមើលឃើញថា គឺជាលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃការប្រកួតនេះ។ ស្តេច Salman ទ្រង់បានប្រកាសថ្ងៃឈប់សម្រាកថ្នាក់ជាតិមួយ សម្រាប់កម្មករក្នុងវិស័យសាធារណៈ និងឯកជន ក៏ដូចជាសិស្សានុសិស្សក្នុងព្រះរាជាណាចក្រមួយនេះ ដើម្បីអបអរសាទរជ័យជម្នះរបស់ក្រុមបាល់ទាត់ជម្រើសជាតិរបស់ខ្លួន។ ការប្រកាសនេះផងដែរ ក៏ស្រដៀងទៅនឹងប្រទេសកាមេរូនក្នុងអំឡុងការប្រកួត World Cup ឆ្នាំ១៩៩០ នៅប្រទេសអ៊ីតាលី នៅពេលដែលក្រុមជម្រើសជាតិរបស់ខ្លួនបានផ្តួលក្រុមអាហ្សង់ទីន ហើយក៏បានប្រកាសថ្ងៃឈប់សម្រាកជាសាធារណៈនៅថ្ងៃបន្ទាប់។ ជម្រាបដែរថា អារ៉ាប៊ីសាអូឌីតធ្លាប់ឈ្នះការប្រកួត World Cup ត្រឹមតែ ៣ដងប៉ុណ្ណោះក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន នៅមុនពេលបង្កើតកំណត់ត្រាថ្មីទល់នឹងអាហ្សង់ទីន ជាមួយនឹងគ្រាប់បាល់នៅតង់ទី ២ ដោយកីឡាករ Saleh al-Shehri និង Salem al-DawsarI បន្ទាប់ពីការស៊ុតបាល់ប៉េណាល់ទីរបស់ក្រុមអាហ្សង់ទីន ដោយកីឡាករ Lionel Messi នៅនាទីទី ១០។ អារ៉ាប៊ីសាអូឌីត នឹងប៉ះប៉ូឡូញនៅថ្ងៃសៅរ៍ ហើយបន្ទាប់មកប៉ះម៉ិកស៊ិកនៅថ្ងៃអង្គារសប្តាហ៍ក្រោយក្នុងពូល […]

លោកមហាសេដ្ឋី Jeff Bezos បរិច្ចាគប្រាក់ ១២៣លានដុល្លារ ដើម្បីជួយពលរដ្ឋគ្មានទីលំនៅពិតប្រាកដនៅអាមេរិក

Khmerpress November 23, 2022 23/11/2022

អាមេរិក៖ លោក Jeff Bezos បានបរិច្ចាគប្រាក់ចំនួន ១២៣លានដុល្លារដើម្បីជួយពលរដ្ឋដែលមានលំនៅដ្ឋាននៅក្នុងសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃពុធ ទី២៣ ខែវិច្ឆិកានេះ។ តាមគម្រោងគឺគេនឹងប្រើប្រាស់ប្រាក់ទាំងអស់នេះដើម្បីជួយឲ្យពលរដ្ឋមួយចំនួនមានលំនៅដ្ឋានពិតប្រាកដនិងអចិន្ត្រៃយ៍ ដើម្បីធានាបាននូវសិទ្ធរស់រានមានជីវិតរបស់ពួកគេ។ ប្រភពខាងលើបាបន្តថា ពលរដ្ឋដែលអាចទទួលប្រាក់ឧ​បត្ថម្ភនេះមានចំនួន ៤០ក្រុម មកពីរដ្ឋចំនួន ២៦ផ្សេងគ្នា ដោយក្រុមនីមួយៗអាចទទួលបានប្រាក់ក្នុងទំហំផ្សេងៗគ្នា ពោលគឺចាប់ពី ៦០០ ០០០ ដុល្លារ រហូតដល់ ៥លានដុល្លារនៅក្នុងមួយក្រុម។ គួរកត់សម្គាល់ថា  ការបរិច្ចាគប្រាក់ខាងនេះគឺជាផ្នែកមួយនៃគម្រោងជួយសង្គ្រោះពលរដ្ឋដែលគ្មានទីលំនៅច្បាស់លាស់របស់មូលនិធិ Day One Fund ដែលតាមគម្រោងគឺមូលនិធិមួយនេះត្រូវការចំណាយប្រាក់រហូតដល់ ២ពាន់លានដុល្លារឯណោះ។ សូមបញ្ជាក់ជូនផងដែរថា លោក  Jeff Bezos អាយុ ៥៨ឆ្នាំ គឺជាម្ចាស់ក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណជា ១១៥,៦ ពាន់លានដុល្លារ ហើយនាពេលបច្ចុប្បន្ននេះរូបលោកគឺជាមហាសេដ្ឋីលំដាប់ទី ៤នៅលើពិភពលោកផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត