ព័ត៌មានអន្តរជាតិ

នយោបាយអង់គ្លេស កាន់តែឡើងកម្ដៅ ក្រោយលេចឮថាលោក បូរីស ចនសុន មានបំណងត្រឡប់មកដឹកនាំប្រទេសជាថ្មី

Khmerpress October 21, 2022 21/10/2022

(ឡុងដ៍)៖ ខណៈក្រុមអ្នកគាំទ្រមួយចំនួន ចង់ឲ្យអតីតនាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) ត្រលប់មកដឹកនាំប្រទេសវិញ ក៏មានក្រុមអ្នករិះគន់ បានហៅសកម្មភាពនេះ ថាជា «ការប្រមាថ» ដល់ប្រជាជនអង់គ្លេស ដែលបញ្ហានេះបានបន្ថែមភាពក្តៅគគុកលើនយោបាយអង់គ្លេស ដែលកំពុងពុះកញ្រ្ជោលរួចទៅហើយ នោះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២។ នៅលើបណ្តាញសង្គម Twitter ក្រុមអ្នកគាំទ្រគណបក្សអភិរក្សកំពុងព្យាយាមទាញការចាប់អារម្មណ៍ ដោយការបង្ហោះសារ ដែលសរសេរថា #BringBorisBack ភ្លាមៗ បន្ទាប់ពីលោកស្រី លីស ត្រាស់ បានប្រកាសលាលែងពីតំណែង កាលពីយប់ថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់)។ ចំណែក សមាជិកសភាមួយរូប គឺលោក ប្រេនដាន់ ក្ល៊ឺកស្មីត (Brendan Clarke-Smith) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស យ៉ាងដូច្នេះថា «នាយករដ្ឋមន្ត្រីបន្ទាប់ គឺត្រូវការ «អាណត្តិ» ពីអ្នកបោះឆ្នោត និងសមាជិកបក្ស ហើយ លោក ចនសុន គួរតែជា «អ្នកដែលអាចក្លាយជាអ្នកឈ្នះ»។ […]

មហាសេដ្ឋីលោក Elon Musk ត្រូវបានគេរាយការណ៍ថា កំពុងចង់បញ្ឈប់បុគ្គលិករបស់ Twitter រាប់ពាន់នាក់

Khmerpress October 21, 2022 21/10/2022

Twitter កំពុងរៀបចំសម្រាប់ការបញ្ឈប់បុគ្គលិកមួយចំនួនធំ មិនថាជាលោក Elon Musk ទិញយកក្រុមហ៊ុននេះ ឬអត់នោះទេ ហើយវាអាចចាប់ផ្ដើមភ្លាមៗនៅថ្ងៃសុក្រនេះ នេះបើយោងតាមរបាយការណ៍ពី The Washington Post។ ម្យ៉ាងវិញទៀតលោក Musk ក៏ធ្លាប់ប្រាប់អ្នកវិនិយោគហើយដែរថា លោកគ្រោងនឹងបញ្ឈប់បុគ្គលិកប្រមាណ ៧៥% ក្នុងចំណោមបុគ្គលិកទាំង ៧៥០០ របស់ Twitter នៅពេលដែលកិច្ចព្រមព្រៀងរបស់គាត់នឹងបញ្ចប់ ដែលជាការផ្លាស់ប្តូរដែលទំនងជានឹងធ្វើឱ្យខូចប្រតិបត្តិការរបស់ Twitter និងចុះខ្សោយសមត្ថភាពក្នុងការសម្របសម្រួលមាតិកា និងធានាសុវត្ថិភាពរបស់អ្នកប្រើប្រាស់។ . ម៉្យាងវិញទៀត ឯកសារផ្ទៃក្នុងដែលទទួលបានដោយកាសែត The Washington Post បានបង្ហាញថា នៅមុនពេលកិច្ចព្រមព្រៀងជាមួយលោក Musk, អ្នកដឹកនាំក្រុមហ៊ុនបច្ចុប្បន្នគ្រោងនឹង «រៀបចំបញ្ជីប្រាក់បៀវត្សរ៍របស់ក្រុមហ៊ុន» ប្រហែល ៨០០ លានដុល្លារ ដែលជាការកាត់បន្ថយ ២៥% នៃកម្លាំងពលកម្ម ដែលស្មើនឹងការកាត់បន្ថយបុគ្គលិកចំនួន ១៩០០ នាក់ រួមជាមួយនឹងការកាត់បន្ថយហេដ្ឋារចនាសម្ព័ន្ធ «សំខាន់ៗ» និងការបិទមជ្ឈមណ្ឌលទិន្នន័យនានា។ ទាំងអស់នេះនឹងនាំឱ្យមានភាពរអាក់រអួល ក៏ដូចជាបញ្ហាជាច្រើនទៀតសម្រាប់បណ្ដាញ Twitter ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អ៊ុយក្រែន ចោទរុស្ស៉ី ថាចង់បង្កហេតុឲ្យប្រជាជនធ្វើចំណាកស្រុក ទៅសហភាពអឺរ៉ុបកាន់តែច្រើន ដោយការវាយប្រហាររោងចក្រថាមពល

Khmerpress October 21, 2022 21/10/2022

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា រុស្ស៉ីកំពុងវាយប្រហាររោងចក្រថាមពលអ៊ុយក្រែន ដោយសារតែចង់បង្ខំឲ្យប្រជាជនចាកចេញ ពីផ្ទះសម្បែងរបស់ពួកគេហើយផ្លាស់ទីទៅកាន់ភាគខាងលិចសហភាពអឺរ៉ុប។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២។ កាលពីដើមសប្តាហ៍នេះ លោក ហ្សេលេនស្គី បានអះអាងថា រុស្ស៉ីបានបំផ្លិចបំផ្លាញប្រហែលមួយភាគបី លើរោងចក្រថាមពលនៃប្រទេសរបស់លោក ដែលបណ្តាលឲ្យមានការដាច់ចរន្តអគ្គិសនី និងទឹក ចំពេលរដូវរងារចូលមកដល់។ ថ្លែងតាមរយៈវីដេអូទៅកាន់កិច្ចប្រជុំកំពូលសហភាពអឺរ៉ុប លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «រុស្ស៉ីកំពុងបង្កឲ្យមានរលកថ្មីនៃការធ្វើចំណាកស្រុករបស់ប្រជាជនអ៊ុយក្រែន ទៅកាន់បណ្តាប្រទេសសហភាពអឺរ៉ុប។ ភេវកម្មរបស់រុស្ស៉ី ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់យើង គឺមានបំណងបង្កើតបញ្ហាជាច្រើនទាក់ទងនឹងការប្រើប្រាស់អគ្គិសនី ឬកំដៅ តាមដែលអាចធ្វើទៅបានសម្រាប់អ៊ុយក្រែន ក្នុងរដូវស្លឹកឈើជ្រុះ និងរដូវរងារ ដូចនេះហើយប្រជាជនអ៊ុយក្រែនកាន់តែច្រើន នឹងចាកចេញទៅកាន់បណ្តាប្រទេសអឺរ៉ុប»។ គួរបញ្ជាក់ថា បើតាមអង្គការសហប្រជាជាតិ, ប្រជាជនអ៊ុយក្រែនចំនួន ៧.៧លាននាក់ ឬប្រហែល១៩ភាគរយនៃប្រជាជនរបស់ខ្លួន ឥឡូវនេះកំពុងរស់នៅទូទាំងតំបន់អឺរ៉ុប ក្រោយភៀសខ្លួនចេញពីការវាយប្រហាររបស់រុស្ស៉ី នៅថ្ងៃទី២៤ ខែកុម្ភៈមក៕ ផ្តល់សិទ្ធិដោយ៖ freshnews

ក្រុងដាណាងរបស់វៀតណាមត្រូវខាតបង់សេដ្ឋកិច្ចអស់ជាង ៦០លានដុល្លារដោយសារទឹកជំនន់ត្រឹម ១សប្តាហ៍

Khmerpress October 21, 2022 21/10/2022

វៀតណាម៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលានេះបានឲ្យដឹងថា ទីក្រុងដាណាង ដែលជាក្រុងទេសចរណ៍ដ៏មានសក្តានុពលមួយរបស់វៀតណាមបានរងនូវការគំរាមគំហែងយ៉ាងខ្លាំងដោយទឹកជំនន់កាលពីសប្តាហ៍ទៅនេះ ខណៈទឹកជំនន់នោះត្រូវបានគេមើលឃើញថា ជាគ្រោះធម្មជាតិដ៏អាក្រក់បំផុតដែលមិនធ្លាប់កើតមាននាពេលកន្លងមកនោះទេ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយវៀតណាមបានឲ្យដឹងថា ទឹកជំនន់បានកើតមានឡើងយ៉ាងឆាប់រហ័សក្រោយមានខ្យល់ព្យុះនិងភ្លៀងធ្លាក់យ៉ាងខ្លាំងក្នុងរយៈពេលជាច្រើនថ្ងៃជាប់ៗគ្នា ហើយនៅក្នុងស្ថានភាពបន្ទាន់ដូចនេះពលរដ្ឋមួយចំនួនមិនបានត្រៀមខ្លួនរួចរាល់សម្រាប់ឆ្លើយតបនឹងគ្រោះធម្មជាតិនោះទេ។ បើតាមលោក Le Trung Chinh ដែលជាអភិបាលក្រុងដាណាងបានបញ្ជាក់ថា គិតត្រឹមពេលនេះគឺឥទ្ធិពលនៃទឹកជំនន់បានបំផ្លាញផលដំណាំរបស់ប្រជាកសិករក្នុងផ្ទៃដីចំនួន ៧៤ហិចតា សម្លាប់សត្វគោ ក្របី មាន់ ទា អស់ជាងចំនួន ៦០,០០០ក្បាល បំផ្លាញសាលារៀនអស់ចំនួន ១៤កន្លែង បំផ្លាញសៀវភៅសម្រាប់សិក្សាអស់ចំនួន ៤,០០០សម្រាប់ និងធ្វើឲ្យខូចខាតផ្ទះចំនួន ៧០,០០០ខ្នង ខណៈមានរថយន្តចំនួន ២,០០០គ្រឿង និងម៉ូតូចំនួន ៣០,០០០គ្រឿងក៏បានរងនូវការខូចខាតផងដែរ។  អភិបាលក្រុងរូបនេះបានបន្តថា គិត​ជាសរុបរួមទាំងការបំផ្លាញទ្រព្យសម្បតិ្ត ការខកខានធ្វើអាជីវកម្ម និងផលប៉ះពាល់ផ្សេងៗជាច្រើនទៀតនោះគឺក្រុងដាណាងបានខាតបង់សេដ្ឋកិច្ចអស់ប្រមាណជា ១,៤៨លានលានដុង (៦០,៣ លានដុល្លារអាមេរិក) ក្នុងរយៈពេលត្រឹមមួយសប្តាហ៍កន្លងទៅនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោកស្រី Liz Truss បានប្រកាសលាលែងពីតំណែងនាយករដ្ឋមន្ត្រីអង់គ្លេស ក្រោយបានចូលកាន់តំណែងបានទើបតែ ៤៤ថ្ងៃប៉ុណ្ណោះ

Khmerpress October 21, 2022 21/10/2022

អង់គ្លេស៖ យោងតាមប្រភពព័ត៌មាន BBC និង TheSun បានអោយដឹងថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នេះ លោកស្រី Liz Truss នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស បាន​ធ្វើការ​ប្រកាស​លាលែង​ពី​តំណែង​នៅ​ម៉ោង ១ និង ៣០ នាទី​រសៀល​ម៉ោង​ក្នុង​ស្រុក ឬប្រមាណជាម៉ោង ៧:៣០ យប់ម៉ោងនៅកម្ពុជា។ លោកស្រី Liz Truss បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសត្រឹមតែ​៤៤​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់ពី​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​ថ្មីបន្តពី​លោក Boris Johnson ដែលបាន​លាលែង​ពី​តំណែង​មុននេះដែរ​ នេះក៏ដោយ​សារ​តែ​មាន​សម្ពាធ​ពី​ក្នុង​បក្ស​អភិរក្ស (អភិរក្សនិយម)៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អ៊ុយក្រែននិយាយថា ខ្លួនបានបាញ់ទម្លាក់ដ្រូនពិឃាដដែលផលិតដោយអ៊ីរ៉ង់ចំនួន ២២៣គ្រឿង ចាប់តាំងពីពាក់កណ្ដាលខែកញ្ញា

Khmerpress October 20, 2022 20/10/2022

អ៊ុយក្រែនបាននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកពិឃាដផលិតដោយអ៊ីរ៉ង់ចំនួន ២២៣ គ្រឿង ចាប់តាំងពីថ្ងៃទី១៣ ខែកញ្ញា។ យោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានប្រើប្រាស់មីស៊ីលប្រឆាំងការវាយប្រហារតាមអាកាស យន្តហោះចម្បាំង កាំភ្លើងយន្ត និងអាវុធផ្សេងទៀត ដើម្បីកម្ទេចយន្តហោះគ្មានមនុស្សបើក Shahed-136 ដែលជាផលិតផលអ៊ីរ៉ង់ ប្រើប្រាស់ដោយរុស្ស៊ីក្នុងការវាយប្រហារតាមអាកាសលើរដ្ឋធានីអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅក្នុងសារវីដេអូមួយកាលពីថ្ងៃអង្គារថា៖«ការពិតនៃការអំពាវនាវរបស់រុស្ស៊ីទៅកាន់ប្រទេសអ៊ីរ៉ង់សម្រាប់ជំនួយបែបនេះ គឺការទទួលស្គាល់របស់វិមានក្រឹមឡាំងចំពោះការក្ស័យធនផ្នែកយោធា និងនយោបាយរបស់ខ្លួន។ យ៉ាងណាក៏ដោយ អ៊ីរ៉ង់​បាន​បដិសេធ​ថាខ្លួនមិន​ផ្តល់ឱ្យ​រុស្ស៊ី​នូវ​យន្តហោះ​គ្មាន​មនុស្ស​បើក​ដែល​ប្រើ​ក្នុង​ការ​វាយ​ប្រហារនោះទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ឥណ្ឌូនេស៊ី សម្រេចហាមឃាត់ទឹកស៊ីរ៉ូសម្រាប់កុមារគ្រប់ប្រភេទ ក្រោយកើតមានករណីក្មេងៗជិត ១០០នាក់នៅប្រទេសហ្គាំប៊ីបាត់បង់ជីវិតក្រោយផឹកស៊ីរ៉ូបំបាត់ក្អករួច

Khmerpress October 20, 2022 20/10/2022

ឥណ្ឌូនេស៊ី៖ រដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃពុធ ទី១៩ ខែតុលានេះបានសម្រេចហាមឃាត់ទឹកស៊ីរ៉ូ និងថ្នាំដែលមានលក្ខណៈជាទឹកគ្រប់ប្រភេទទាំងអស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times។ ការសម្រេចហាមឃាត់នេះគឺត្រូវបានធ្វើឡើងក្រោយកើតមានករណីគួរឲ្យបារម្ភមួយ ពោលគឺមានកូនក្មេងជិត ១០០នាក់នៅក្នុងប្រទេសហ្គាំប៊ីបានស្លាប់បាត់បង់ជីវិត ក្រោយពួកគេបានប្រើប្រាស់ទឹកស៊ីរ៉ូសម្រាប់បំបាត់អាការៈក្អកនិងផ្តាសាយរួច។ គួរកត់សម្គាល់ថា ក្មេងៗដែលបានស្លាប់នៅក្នុងប្រទេសហ្គាំប៊ីទាំងអស់នោះសុទ្ធតែមានបញ្ហាក្រលៀនធ្ងន់ធ្ងរ ហើយទឹកស៊ីរ៉ូដែលពួកគេបានប្រើប្រាស់នោះគឺជាផលិតផលរបស់ប្រទេសឥណ្ឌា។ បើតាមអាជ្ញាធរសុខាភិបាលនៃប្រទេសហ្គាំប៊ីបានបញ្ជាក់ថា ករណីដែលកុមារមានបញ្ហាសុខភាពក្រោយប្រើប្រាស់ទឹកស៊ីរ៉ូរួចគឺបានកើតមានរហូតដល់ ២០៦ករណីនៅក្នុងខេត្តចំនួន ២០ផ្សេងគ្នានៅទូទាំងប្រទេសហ្គាំប៊ី ហើយក្នុងនោះគឺមានកុមារចំនួន ៩៩នាក់បានស្លាប់បាត់បង់ជីវិតតែម្តង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោក វ្ល៉ាឌីមៀ ពូទីន ប្រកាសច្បាប់អាជ្ញាសឹកលើតំបន់ទាំង ៤ ដែលខ្លួនទើបតែកាត់យកពីអ៊ុយក្រែនថ្មីៗនេះ

Khmerpress October 20, 2022 20/10/2022

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាន​ប្រកាស​ច្បាប់អាជ្ញាសឹកទៅក្នុងតំបន់អ៊ុយក្រែនចំនួន ៤ ដែលគាត់បានដាក់បញ្ចូលកាលពីខែមុន ដែលមានដូចជាតំបន់៖ Donetsk, Kherson, Luhansk និង Zaporizhzhia ។ លោក ពូទីន បានប្រាប់សមាជិកក្រុមប្រឹក្សាសន្តិសុខរបស់គាត់ថា វាចាំបាច់ដើម្បីផ្តល់អំណាចបន្ថែមទៀត ដល់សម្ព័ន្ធមិត្តរបស់គាត់នៅភាគខាងកើតអ៊ុយក្រែន។ សេចក្តីប្រកាសនេះនឹងអនុញ្ញាតឱ្យអាជ្ញាធរដែលគាំទ្រដោយរុស្ស៊ី អាចធ្វើការដាក់បម្រាមគោចរ រឹបអូសទ្រព្យសម្បត្តិ និងរឹតបន្តឹងការធ្វើដំណើរ និងការប្រមូលផ្តុំសាធារណៈនានា។ ជម្រាបផងដែរថា តំបន់ទាំង ៤ ត្រូវបានរុស្ស៊ីដាក់បញ្ចូលបន្ទាប់ពីការបោះឆ្នោតប្រជាមតិ ប៉ុន្តែជាក់ស្ដែងលោក ពូទីន មិនទាន់អាចគ្រប់គ្រងតំបន់ទាំងោះបានទេ ដោយសារការតស៊ូយ៉ាងខ្លាំងក្លាពីសំណាក់អ៊ុយក្រែន។ លោក ពូទីន បាននិយាយថា៖«យើងកំពុងធ្វើការដើម្បីដោះស្រាយកិច្ចការដ៏លំបាក និងទ្រង់ទ្រាយធំ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពរបស់រុស្ស៊ីនាពេលអនាគត ដើម្បីការពារប្រជាជនរបស់យើង»។ គាត់បាននិយាយថា «ប្រព័ន្ធគ្រប់គ្រងរដ្ឋទាំងមូល» ត្រូវតែរៀបចំដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនៅក្នុងសង្រ្គាមនេះ។ អាជ្ញាធរដែលគាំទ្រដោយរុស្ស៊ីនៅក្នុងតំបន់ Kherson បានចាប់ផ្តើមផ្លាស់ប្តូរទីតាំងជនស៊ីវិល ដើម្បីបញ្ចៀសការវាយប្រហារ។ ពួកគេចង់តាំងលំនៅថ្មីឱ្យពលរដ្ឋរហូតដល់ ៦០,០០០ នាក់។ ចំណែកភាគីអ៊ុយក្រែនបាននិយាយថា ច្បាប់អាជ្ញាសឹកនេះនឹងមិនផ្លាស់ប្ដូរអ្វីនោះទេ ព្រោះពួកគេនឹងបន្ដរំដោះទឹកដីរបស់ពួកគេមកវិញ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អ៊ុយក្រែនសម្រេចរឹតបន្តឹងការផ្គត់ផ្គង់អគ្គិសនីនៅទូទាំងប្រទេស ក្រោយរុស្ស៊ីបានវាយប្រហាររោងចក្រផលិតថាមពលជាច្រើនកន្លែង

Khmerpress October 20, 2022 20/10/2022

អ៊ុយក្រែន៖ ជំនួយការជាន់ខ្ពស់របស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានឲ្យដឹងថា អាជ្ញាធរអ៊ុយក្រែននឹងរឹតបន្តឹងការផ្គត់ផ្គង់អគ្គិសនីនៅទូទាំងប្រទេសចាប់ពីថ្ងៃព្រហស្បតិ៍ ទី២០​ ខែតុលានេះតទៅ ដើម្បីឆ្លើយតបនឹងបរិមាណនៃប្រភពថាមពលអគ្គិសនីដែលអាជ្ញាធរកំពុងមាននៅពេលនេះ។ យោងតាមការចុះផ្សាររបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា វិធានការរបស់អាជ្ញាធរអ៊ុយក្រែននៅពេលនេះគឺត្រូវបានដាក់ចេញ ក្រោយពេលដែលកងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារជាបន្តបន្ទាប់នៅលើទីតាំងដែលមានរោងចក្រថាមពលរបស់អ៊ុយ​ក្រែន និងធ្វើឲ្យរោងចក្រផលិតថាមពលអគ្គិសនីជាច្រើនត្រូវរងនូវការខូចខាតមិនអាចដំណើរបាន។ ប្រភពខាងលើបានបន្តថា គិតត្រឹមក្នុងសប្តាហ៍នេះស្ថានីយ៍ផលិតថាមពលអគ្គិសនីនៅក្នុងប្រទេសអ៊ុយក្រែនប្រមាណជា ៣០% បានរងនូវការវាយប្រហារដោយយន្តគ្មានមនុស្សបើករបស់រុស្ស៊ី ខណៈប្រព័ន្ធថាមពលមួយចំនួនត្រូវបានបំផ្លាញទាំងស្រុងតែម្តង ពោលគឺគេមិនអាចជួសជុលសម្រាប់ប្រើប្រាស់នៅពេលក្រោយបានវិញនោះទេ។ បើតាមអាជ្ញាធរថាមពលអ៊ុយក្រែនបញ្ជាក់ថា វិធានការរឹងបន្តឹងការប្រើប្រាស់ថាមពលអគ្គិសនីដែលនឹងអនុវត្តនៅទូទាំងប្រទេសអ៊ុយក្រែនមានដូចជា បិទអំពូលភ្លើងដែលមិនសូវចាំបាច់នៅទីសាធារណៈឬនៅតាមដងផ្លូវ ហើយនៅតាមផ្ទះវិញប្រជាពលរដ្ឋម្នាក់ៗក៏ត្រូវតែចូលរួមសន្សំសំចៃថាមពលអគ្គិសនីផងដែរ ខណៈនៅចន្លោះពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ១១យប់ តំបន់ខ្លះអាចនឹងប្រឈមនឹងបញ្ហាដាច់ភ្លើងក្នុងរយៈពេលខ្លីតែម្តង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អាជ្ញាធរវៀតណាមពិន័យបុរសម្នាក់ជិត ១ពាន់ដុល្លារ ក្រោយរូបគាត់បានបើករថយន្តរាំងផ្លូវរថយន្តសង្គ្រោះបន្ទាន់

Khmerpress October 19, 2022 19/10/2022

វៀតណាម៖ អាជ្ញាធរវៀតណាមសម្រេចធ្វើការពិន័យអ្នកបើកបររថយន្តដឹកទំនិញម្នាក់ជាប្រាក់ចំនួន ២០លានដុង (៨១៩,២៥ដុល្លារអាមេរិក) ក្រោយអ្នកបើកបររូបនេះមិនព្រមបើកផ្លូវអនុញ្ញាតឲ្យរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងបើកវារថយន្តរបស់គាត់។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត​ Tuyen Quang ភាគខាងជើងប្រទេសវៀតណាម កាលពីម៉ោង ៥ និង ៣០នាទីល្ងាចថ្ងៃចន្ទដើមសប្តាហ៍នេះ ខណៈជនបង្កហេតុត្រូវបានអាជ្ញាធរវៀតណាមបញ្ជាក់ថា មានឈ្មោះ Vu The Phuong អាយុ ៤៤ឆ្នាំ។ ប្រភពខាងលើបានបន្តថា នៅក្នុងថ្ងៃកើតហេតុនោះគឺមានរថយន្តសង្គ្រោះបន្ទាន់មួយបានព្យាយាមបើកបរយ៉ាងលឿនដើម្បីនាំយកអ្នកជំងឺម្នាក់ពីខេត្ត​ Tuyen Quang ទៅធ្វើការវះកាត់បន្ទាន់នៅក្នុងមន្ទីរពេទ្យ Viet Duc ក្នុងទីក្រុងហាណូយ តែយ៉ាងណាក្តីពេលបើកបរដល់ផ្លូវ National Highway 2C ត្រង់ចំណុចស្រុក Son Duong ស្រាប់តែត្រូវរថយន្តរបស់លោក Vu The Phuong​ បើករាំងផ្លូវមិនឲ្យវ៉ាតែម្តង។ បើតាមអាជ្ញាធរវៀតណាមបានបញ្ជាក់ថា បើទោះជាបានឮសំឡេងស៊ឺរ៉ែនសុំផ្លូវរបស់រថយន្តសង្គ្រោះបន្ទាន់ក៏ដោយ តែលោក Vu The Phuong មិនបានខ្វល់នោះទេ ដោយគាត់នៅបន្តបើកបររាំងផ្លូវរថយន្តសង្គ្រោះបន្ទាន់ក្នុងចម្ងាយជាង ៤ គីឡូម៉ែត្រឯណោះ។ សកម្មភាពរបស់លោក […]