ព័ត៌មានអន្តរជាតិ

ថៃរកឃើញករណីដំបូងនៃអ្នកឆ្លងមេរោគបំប្លែងខ្លួន BQ.1 ដែលជាមេរោគអាចបង្កការចម្លងបានលឿនបំផុត

Khmerpress October 19, 2022 19/10/2022

ថៃ៖ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃនៅថ្ងៃពុធទី ១៩ ខែតុលានេះបានប្រកាសពីការរកឃើញអ្នកឆ្លងមេរោគបំប្លែងខ្លួនប្រភេទ BQ.1 លើកដំបូង ដែលមេរោគនេះគឺជាប្រភេទមេរោគអាចបង្កការចម្លងបានលឿនបំផុត។ តាមរយៈសេចក្តីជូនដំណឹងខាងលើនេះអាជ្ញាធរថៃក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវបន្ថែមការប្រុងប្រយ័ត្នចំពោះវត្តមាននៃមេរោគថ្មីនេះ ខណៈក្រុមអ្នកជំនាញបានព្យាករណ៍ថា វត្តមាននៃមេរោគបំប្លែងខ្លួន BQ.1 អាចនឹងបង្កបញ្ហាក្នុងសង្គមជាថ្មីម្តងទៀតផងដែរ​ ពោលគឺហានិភ័យនៃការរាតត្បាតមេរោគប្រភេទនេះមានកម្រិតខ្ពស់ណាស់។ គួរបញ្ជាក់ជូនថា មេរោគបំប្លែងខ្លួន BQ.1​ គឺជាវ៉ារ៉្យង់ដែលបានបំប្លែងខ្លួនចេញពីមេរោគកូវីដ-១៩ អូមីក្រុងប្រភេទ BA.5 ខណៈមេរោគ BQ.1 មានកម្រិតនៃការចម្លងលឿនជាងមេរោគអូមីក្រុងប្រភេទផ្សេងៗទៀតរហូតដល់ ១៥%ឯណោះ។ ជាងនេះទៅទៀតនាពេលកន្លងមក លោកវេជ្ជបណ្ឌិត Anthony Fauci នាយកវិទ្យាស្ថានជាតិអាឡែស៊ី និងជំងឺឆ្លងរបស់សហរដ្ឋអាមេរិកធ្លាប់បានលើកឡើងថា មេរោគ BQ.1 អាចបង្កគ្រោះថ្នាក់ចំពោះអ្នកជំងឺធ្ងន់ធ្ងរជាងមេរោគកូវីដ-១៩ទូទៅ ខណៈមេរោគប្រភេទបានចម្លងទៅកាន់ពលរដ្ឋអាមេរិកប្រមាណជា ១០% នៅក្នុងចំណោមពលរដ្ឋអាមេរិកដែលបានឆ្លងជំងឺកូវីដ-១៩ទាំងអស់។ សូមបញ្ជាក់ជូនផងដែរថា  កាលថ្ងៃម្សិលមិញនេះអាជ្ញាធរក៏បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ដែលជាវ៉ារ្យ៉ង់បំប្លែងខ្លួនថ្មីមួយប្រភេទផ្សេងទៀតផងដែរ គឺមេរោគប្រភេទ XBB ដែលជាមេរោគបំប្លែងខ្លួនចេញពីមេរោគកូវីដ-១៩ អូមីក្រុង BA.2៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សហរដ្ឋអាមេរិក​នឹង​បញ្ចេញ​ប្រេង​បម្រុងចំនួន ១៥ ​លាន​បារ៉ែលបន្ថែមទៀត ដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃប្រេង

Khmerpress October 19, 2022 19/10/2022

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន គ្រោងនឹងបញ្ចេញប្រេងពីឃ្លាំងបម្រុងយុទ្ធសាស្ត្ររបស់ប្រទេសនេះ នៅក្នុងគោលបំណងទប់ស្កាត់ការកើនឡើងនៃតម្លៃប្រេងសាំង។ រដ្ឋបាល​គ្រោង​នឹង​បញ្ចេញប្រេងចំនួន ១៥ លាន​បារ៉ែលបន្ថែមទៀត ​ក្នុង​ខែធ្នូខាងមុខនេះ ដែលវានឹងបង្គ្រប់ចំនួន ១៨០ លានបារ៉ែល ដែលបានប្រកាសកាលពីនិទាឃរដូវ។ ផែនការនេះគឺជាផ្នែកមួយនៃការឆ្លើយតបរបស់សហរដ្ឋអាមេរិក ចំពោះការសម្រេចចិត្តរបស់អង្គការ OPEC Plus ក្នុងការកាត់បន្ថយផលិតកម្មចំនួន ២ លានបារ៉ែល ក្នុងមួយថ្ងៃៗ។ សេតវិមានបាននិយាយថា ប្រធានាធិបតីលោក ចូ បៃដិន នឹងធ្វើអ្វីគ្រប់យ៉ាងដែលគាត់អាចធ្វើបាន ដើម្បីទប់ស្កាត់តម្លៃប្រេងឡើងថ្លៃ ហើយនឹងពិចារណាការចេញផ្សាយទ្រង់ទ្រាយធំមួយផ្សេងទៀតប្រសិនបើចាំបាច់។ រដ្ឋបាលលោក បៃដិន ទំនង​ជា​ចង់​បញ្ចុះ​តម្លៃ​ប្រេសសាំង ​ខណៈដែលការ​បោះ​ឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នៅ​កៀក​បង្កើយ។ ប៉ុន្តែវានៅតែមិនទាន់ច្បាស់ថា តើការចេញផ្សាយនេះនឹងមានឥទ្ធិពលលើតម្លៃប៉ុន្មាននោះទេ នៅពេលដែល OPEC Plus មានជំហរកាត់បន្ថយការផលិត ខណៈរដ្ឋាភិបាល​អាមេរិក​ប្រឆាំង​នឹង​ផែនការ​នេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត​

ក្រុមហ៊ុន Microsoft ប្រកាសកាត់បន្ថយបុគ្គលិកជិត ២០០០នាក់

Khmerpress October 19, 2022 19/10/2022

(បរទេស)៖ កាលពីពេលថ្មីៗនេះអ្នកនាំពាក្យក្រុមហ៊ុន Microsoft បានឱ្យដឹងថា ក្រុមហ៊ុនកំពុងបញ្ឈប់បុគ្គលិកខ្ទង់ ១ភាគរយបន្ថែមទៀតនៃបុគ្គលិកសរុប ដោយសារតែប្រាក់ចំណូលដែលរកបានមកពីការបង្កើត Software និងដាក់លក់អាជ្ញាប័ណ្ណ Window សម្រាប់កុំព្យូទ័រកំពុងតែប្រឈមមុខនឹងការធ្លាក់ចុះជាខ្លាំង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។ គិតមកទល់ពេលនេះបុគ្គលិកសរុបរបស់ក្រុមហ៊ុន Microsoft នៅទូទាំងពិភពលោកមានប្រមាណ ២២១,០០០នាក់ ខណៈការប្រកាសបង្ហាញកាត់បន្ថយប្រមាណ ១ភាគរយនាពេលថ្មីៗនេះ ត្រូវបានគេរំពឹងថា នឹងមានផលប៉ះពាល់ដល់បុគ្គលិកជាង ២០០០នាក់ឯណោះដែលប្រឈមមុខនឹងការបញ្ឈប់ការងារ។ យ៉ាងណាមិញទាក់ទិននឹងបញ្ហានេះប្រភពពីអ្នកនាំពាក្យដដែលបានថ្លែងប្រាប់ CNBC ថា «Microsoft មិនខុសពីក្រុមហ៊ុនផ្សេងៗទៀតនោះទេ យើងបានធ្វើការវាយតម្លៃអាទិភាពអាជីវកម្មរបស់យើងជាប្រចាំ ហើយយើងធ្វើការកែតម្រូវរចនាសម្ព័ន្ធទៅតាមនោះ»។ «យើងនឹងបន្តវិនិយោគលើអាជីវកម្មរបស់យើង រួមជាមួយនឹងការផ្តល់អាទិភាពជួលបុគ្គលិកច្រើននៅក្នុងតំបន់រីកចម្រើនសំខាន់ៗនាពេលខាងមុខ»។ ខណៈការផ្លាស់ប្តូរទាំងនេះត្រូវបានគេលើកឡើងថា Microsoft ធ្វើឡើងក្នុងគោលបំណងកាត់បន្ថយចំណាយ សូម្បីតែក្រុមហ៊ុន Meta Platforms និង Salesforce ក៏ស្ថិតក្នុងការកាត់បន្ថយបុគ្គលិកនាពេលថ្មីៗនេះដែរ។ តែយ៉ាងណាចំពោះការបញ្ឈប់បុគ្គលិកខាងលើនេះប្រភពមិនបានបញ្ជាក់លម្អិតនោះទេថា តំបន់ណានឹងរងផលប៉ះពាល់ពី Microsoft ខ្លាំងនោះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត គ្រោងពិភាក្សាជុំវិញការផ្គត់ផ្គង់ យន្ដហោះដ្រូនអ៉ីរ៉ង់ ឱ្យរុស្ស៉ី នៅ UN

Khmerpress October 19, 2022 19/10/2022

(ញូវយ៉ក)៖ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង មានគម្រោងលើកយកការចោទប្រកាន់ពាក់ព័ន្ធនឹងការផ្គត់ផ្គង់យន្ដហោះដ្រូនដោយអ៉ីរ៉ង់ ឱ្យរុស្ស៉ី មកពិភាក្សានៅឯកិច្ចប្រជុំបិទទ្វារមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅញូវយ៉ក)។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២។ សេចក្ដីរាយការណ៍ពីកិច្ចប្រជុំបិទទ្វារខាងលើ កើតមានឡើងបន្ទាប់ពីរុស្ស៉ីត្រូវបានអ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិចចោទប្រកាន់ថាបានប្រើប្រាស់ «យន្ដហោះដ្រូនអត្តឃាត» ផ្ដង់ផ្គង់ដោយអ៉ីរ៉ង់ វាយប្រហារបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ុយក្រែន និងផ្ដាច់យកជីវិតមនុស្ស៥នាក់ក្នុងទីក្រុងកៀវ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ បើតាមរដ្ឋាភិបាលអ៊ុយក្រែន យន្ដហោះដ្រូនដែលរុស្ស៉ីបានប្រើ គឺជាប្រភេទយន្ដហោះដ្រូនអ៉ីរ៉ង់ សាហ៉ីដ-១៣៦ (Shahed-136) ហើយទីប្រឹក្សាមួយចំនួន របស់លោក ហ្សេលេនស្គីក៏កំពុងជំរុញឱ្យទីក្រុងកៀវ ផ្ដាច់ទំនាក់ទំនងការទូតជាមួយទីក្រុងតេហេរ៉ង់ផងដែរ។ យ៉ាងណាក៏ដោយ អ៉ីរ៉ង់បានបដិសេធថាខ្លួនមិន បានផ្គត់ផ្គង់យន្ដហោះដ្រូនឱ្យរុស្ស៉ីនោះទេ ខណៈទីក្រុងវ៉ាស៊ីនតោនចោទថាអ៉ីរ៉ង់និយាយកុហក៕ ផ្តល់សិទ្ធិដោយ៖ freshnews

ស្រីលង្កាអនុម័តច្បាប់អនុញ្ញាតឱ្យក្រុមហ៊ុនមកពីប្រទេសផលិតប្រេងនាំប្រេងចូលក្នុងប្រទេសខ្លួន

Khmerpress October 19, 2022 19/10/2022

(ក្រុងកូឡុំបូ)៖ នៅថ្ងៃអង្គារសប្តាហ៍នេះប្រទេសស្រីលង្កាបានអនុម័តច្បាប់ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនមកពីប្រទេសផលិតប្រេងនាំចូល និងលក់ប្រេងឥន្ធនៈ​ក្នុងប្រទេស​របស់ខ្លួន ខណៈប្រទេសនេះព្យាយាមទប់ទល់នឹងការចំណាយលើប្រេងឥន្ធនៈ​ដ៏ច្រើនដែលធ្វើឱ្យវិបត្តិហិរញ្ញវត្ថុរបស់ខ្លួនកាន់តែមានស្ថានភាពអាក្រក់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ប្រទេសដីកោះដែលមានប្រជាជនចំនួន ២២លាននាក់នេះកំពុងជាប់គាំងក្នុងកង្វះខាតប្រាក់បម្រុងរូបិយប័ណ្ណបរទេសយ៉ាងធ្ងន់ធ្ងរដែលបណ្តាល​ឱ្យមានការពិបាកក្នុងការនាំចូលសម្ភារចាំបាច់គ្រប់គ្រាន់រួមទាំងប្រេង ថ្នាំ ជី និងអាហារផងដែរ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការដោយដងស្រង់សំដីរបស់លោក Kanchana Wijesekera រដ្ឋមន្ត្រីក្រសួងថាមពលស្រីលង្កាខណៈថ្លែងទៅកាន់សភាជាតិថា៖ «ដោយសារស្ថានភាពហិរញ្ញវត្ថុរបស់ប្រទេសជាតិ យើងមិនអាចមានលទ្ធភាពទិញប្រេងឥន្ធនៈដែលយើងត្រូវការបានទេ»។ លោកបានបន្ថែមថា៖ «ស្រីលង្កាស្ថិតក្នុងវិបត្តិថាមពលដ៏ធ្ងន់ធ្ងរមួយ»។ លោកបានបន្ថែមថា ការចំណាយលើថ្លៃប្រេងឥន្ធនៈប្រចាំខែរបស់ប្រទេសស្រីលង្កាបានកើនឡើងទ្វេដងដល់ ៦០០លានដុល្លារនៅឆ្នាំនេះ ដែលមួយផ្នែកដោយសារការឡើងថ្លៃសកលដោយសារសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែប្រទេសនេះអាចមានលទ្ធភាពចំណាយត្រឹមតែប្រហែល ៣៥០លានដុល្លារប៉ុណ្ណោះ។ រដ្ឋមន្ត្រីរូបនេះបាននិយាយទៀតថា ធនាគាររដ្ឋក៏បានជួបការលំបាកផងដែរក្នុងការទូទាត់សងបំណុលប្រហែល ៧៥១លានដុល្លារដែលជំពាក់ក្រុមហ៊ុនផ្គត់ផ្គង់។ ច្បាប់ថ្មីនេះនឹងធ្វើសេរីភាវូបនីយកម្មឧស្សាហកម្មប្រេងឥន្ធនៈដែលអនុញ្ញាតឱ្យក្រុមហ៊ុនអន្តរជាតិនាំចូល និងលក់ប្រេងឥន្ធនៈដោយផ្ទាល់នៅក្នុងប្រទេសស្រីលង្កា និងកាត់បន្ថយការពឹងផ្អែកលើការផ្គត់ផ្គង់ប្រាក់ដុល្លារតិចតួចរបស់ប្រទេសនេះ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការដោយដងស្រង់ប្រភពមួយពីក្រសួងថាមពលស្រីលង្កាដោយស្នើសុំមិនបញ្ចេញឈ្មោះថា ក្រសួងបានទទួលពាក្យសុំចំនួន២៤ រួចហើយពីប្រទេសជាច្រើន រួមមាន ឥណ្ឌា ចិន អារ៉ាប៊ីសាអូឌីត រុស្សី ម៉ាឡេស៊ី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រទេសវៀតណាមប្រមូលពន្ធបានជាង ២៣០លានដុល្លារពីក្រុមហ៊ុនអ៊ីនធឺណិតធំៗរួមទាំង Facebook និង Google

Khmerpress October 18, 2022 18/10/2022

(ហាណូយ)៖ ក្រសួងហិរញ្ញវត្ថុវៀតណាមបានឱ្យដឹងនៅចុងសប្តាហ៍មុនថា ភ្លែតហ្វមអនឡាញនានារួមទាំង Facebook និង Google បានបង់ពន្ធចំនួន ៥,៥៩ពាន់ពាន់លានដុង (២៣១,៦លានដុល្លារអាមេរិក) ចាប់ពីឆ្នាំ២០១៨ រហូតដល់ខែសីហាឆ្នាំ២០២២នេះ។ នេះបើយោងតាមកាសែត VN Express របស់វៀណាម។ កាសែត VN Express បានរាយការណ៍ដោយដកស្រង់របាយការណ៍មួយដែលផ្ញើទៅកាន់រដ្ឋសភាដោយក្រសួងហិរញ្ញវត្ថុវៀតណាមថា ពន្ធនេះត្រូវបានបង់ដោយភ្លែតហ្វមពាណិជ្ជកម្មឆ្លងព្រំដែន និងអេឡិចត្រូនិកនានា ដោយ Facebook និង Google រួមចំណែកច្រើនបំផុតគឺ ២,០៩៩ពាន់ពាន់លានដុង (ប្រហែល ៨៥,៩២លានដុល្លារ) និង ២,១១៥ពាន់ពាន់លានដុង (ប្រហែល៨៦,៦១លានដុល្លារ) រៀងគ្នា។ ក្រុមហ៊ុនដែលបង់ពន្ធច្រើនជាងគេទី៣ គឺក្រុមហ៊ុន Microsoft ដែលបង់ពន្ធចំនួន ៧១៤ពាន់លានដុង (ប្រហែល ២៩,២៦លានដុល្លារ)។ កាសែត VN Express បានរាយការណ៍ថា កាលពីឆ្នាំ២០២១ អាជ្ញាធរវៀតណាមបានប្រមូលប្រាក់ពន្ធបានចំនួន ១,៥៩១ពាន់ពាន់លានដុង (ប្រហែល ៦៥,២២លានដុល្លារ) ដែលច្រើនឆ្នាំ២០២០ ចំនួន ៣៩%។ ចាប់ពីដើមឆ្នាំ២០១៨ រហូតដល់ចុងខែសីហា ឆ្នាំនេះ […]

ថៃរកឃើញអ្នកឆ្លងមេរោគបំប្លែងខ្លួនថ្មីប្រភេទ XBB ចំនួន ២ករណី

Khmerpress October 18, 2022 18/10/2022

ថៃ៖ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានប្រកាសពីការរកឃើញករណីអ្នកឆ្លងមេរោគបំប្លែងខ្លួនថ្មីប្រភេទ XBB ចំនួន ២ ករណី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែតុលានេះ។ អ្នកជំងឺដែលបានឆ្លងមេរោគរងប្រភេទ XBB នោះគឺជាអ្នកដំណើរដែលទើបត្រលប់មកពីក្រៅប្រទេស ហើយពួកគាត់គឺជាអ្នកដំណើរក្នុងចំណោមមនុស្សចំនួន ១២៨នាក់ ដែលត្រូវបានអាជ្ញាធរថៃយកសំណាកទៅពិនិត្យរកមេរោគនៃជំងឺកូវីដ-១៩។ ប្រភពខាងលើបាន​បន្តថា ក្នុងចំណោមអ្នកធ្វើតេស្តទាំងអស់នោះគឺមាន ១២៦នាក់បានវិជ្ជមានជំងឺកូវីដ-១៩ អូមីក្រុង BA.4 និងBA.5 និង ២ ករណីបានវិជ្ជមានជំងឺកូវីដ-១៩ អូមីក្រុង BA.2 បំប្លែងខ្លួនជាមេរោគថ្មីប្រភេទBA.2.75 ឬតាមធម្មតាក្រុមជំនាញបានហៅថា មេរោគ XBB។ គិតរហូតមកទល់នឹងពេលនេះគេនៅមិនទាន់បានរកឃើញថា អ្នកដែលបានឆ្លងមេរោគបំប្លែងខ្លួន XBB មានអាការៈអ្វីធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់នៅឡើយទេ តែយ៉ាងណាក្តីក្រុមអ្នកជំនាញកំពុងតាមដានបច្ចុប្បន្នភាពរបស់មេរោគថ្មីនេះយ៉ាងយកចិត្តទុកដាក់បំផុត ដ្បិតគេបារម្ភថាវាអាចវិវឌ្ឍន៍ក្លាយជាមេរោគដ៏គ្រោះថ្នាក់នៅថ្ងៃខាងមុខ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ប្រទេសថៃនឹងស្នើឱ្យយូណេស្កូ (UNESCO) ដាក់បញ្ចូលព្រះអង្គម្ចាស់ ភូមិពល អតុល្យតេជ ក្នុងបញ្ជីបុគ្គលឧត្ដុង្គឧត្ដមរបស់ពិភពលោក

Khmerpress October 18, 2022 18/10/2022

ក្រសួងអប់រំថៃនឹងស្នើឱ្យអង្គការយូណេស្កូ (UNESCO) ដាក់បញ្ចូលព្រះមហាក្សត្រជាទីគោរពស្រឡាញ់របស់ប្រទេសថៃ គឺព្រះអង្គម្ចាស់ ភូមិពល អតុល្យតេជ ទៅក្នុងបញ្ជីបុគ្គលឧត្ដុង្គឧត្ដមរបស់ពិភពលោក (The world’s eminent personalities)។ រដ្ឋមន្ត្រីក្រសួងអប់រំ លោកស្រី Trinuch Theinthong បាននិយាយនៅថ្ងៃចន្ទនេះថា ក្រសួងសង្ឃឹមថាព្រះអង្គម្ចាស់ ភូមិពល ត្រូវបានគេគោរពជាសាកល ចំពោះការងារដែលព្រះអង្គបានធ្វើសម្រាប់ប្រជារាស្ត្ររបស់ព្រះអង្គ ក៏ដូចជាសហគមន៍ពិភពលោក។ ជាឧទាហរណ៍ លោកស្រីបានមានប្រសាសន៍ថា ទស្សនវិជ្ជាសេដ្ឋកិច្ចរបស់ព្រះមហាក្សត្រ ភូមិពល ឥឡូវនេះកំពុងត្រូវបានអនុម័តនៅទូទាំងពិភពលោក។ លោកស្រី Trinuch បាននិយាយថា ក្រសួងរបស់លោកស្រីនឹងអំពាវនាវឱ្យអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) បន្ថែមព្រះមហាក្សត្រ ភូមិពល ទៅក្នុងបញ្ជីដែលបានរៀបរាប់ខាងលើ មុនពេលថ្ងៃគម្រប់ខួប ១០០ឆ្នាំ របស់ទ្រង់ ដែលនឹងត្រូវប្រារព្ធនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៧។ លោកបណ្ឌិត Atthapol Sangkhawasi លេខាធិការអចិន្ត្រៃយ៍នៃក្រសួងអប់រំបាននិយាយថា អង្គការយូណេស្កូពិចារណាឈ្មោះសម្រាប់បញ្ជីបុគ្គលឧត្ដុង្គឧត្ដមរបស់ខ្លួនជារៀងរាល់ឆ្នាំ ហើយរហូតមកដល់ពេលនេះ ឥស្សរជនថៃចំនួន ២នាក់ ត្រូវបានបញ្ចូលទៅក្នុងបញ្ជីនោះ។ កាលពីខែវិច្ឆិកាឆ្នាំមុន អង្គការយូណេស្កូបានដាក់បញ្ចូលព្រះអង្គម្ចាស់ក្សត្រី កល្យានី វឌ្ឍនា (Galayani Vadhana) ដែលជាម្ចាស់បងរបស់ទ្រង់ ភូមិពល […]

សហរដ្ឋអាមេរិក ប្រកាសផ្ដល់ជំនួយយោធាបន្ថែម ៧២៥លានដុល្លារ សម្រាប់អ៊ុយក្រែន

Khmerpress October 15, 2022 15/10/2022

(វ៉ាស៊ីនតោន)៖ សេតវិមាន បាននិយាយថាសហរដ្ឋអាមេរិកនឹងបញ្ជូនកញ្ចប់ជំនួយយោធាបន្ថែមក្នុងទំហំទឹកប្រាក់ ៧២៥លានដុល្លារឱ្យអ៊ុយក្រែន ដែលនេះជាកញ្ចប់ ជំនួយយោធាលើកដំបូងបំផុត ចាប់តាំងពីរុស្ស៉ីបាញ់ស្រោចមីស៊ីលលើទីក្រុងកៀវ រួមទាំងទីក្រុងជាច្រើនទៀតនៅទូទាំងប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០២២។ បើតាមសេតវិមាន កញ្ចប់ជំនួយយោធាខាងលើមិនមានរួមបញ្ចូលអាវុធ ឬប្រព័ន្ធការពារដែនអាកាសថ្មីនោះទេ តែវាផ្ដោតសំខាន់លើការផ្គង់ផ្គង់បន្ថែមឱ្យអ៊ុយក្រែននូវ គ្រាប់រំសេវ និងអាវុធដែលទីក្រុងកៀវ បានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពក្នុងប្រតិបត្តិការវាយបកដណ្ដើមយកទឹកដីពីកងទ័ពរុស្ស៉ីមកវិញ។ ជំនួយយោធាថ្មីនេះ ក្នុងនោះរួមមានគ្រាប់រំសេវសម្រាប់ប្រព័ន្ធមីស៊ីល HIMARS ដែលនឹងធ្វើឱ្យជំនួយយោធាអាមេរិកសម្រាប់អ៊ុយក្រែននឹងកើនដល់ ១៨.៣ពាន់លានដុល្លារ ចាប់តាំងពី លោក ចូ បៃដិនឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក មក។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានផ្ដល់ប្រព័ន្ធមីស៊ីល HIMARS ចំនួន២០គ្រឿងឱ្យអ៊ុយក្រែន ជាមួយការសន្យាផ្ដល់១៨គ្រឿងបន្ថែមទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំ ខាងមុខ។ ប្រព័ន្ធមីស៊ីលដ៏ទំនើបនេះបានសម្ដែងឫទ្ធានុភាពដ៏អស្ចារ្យ នៅក្នុងសង្រ្គាមអ៊ុយក្រែន ហើយវាក៏ជាផ្នែកមួយជួយឱ្យកងកម្លាំងអ៊ុយក្រែនមានសមត្ថភាព វាយប្រហារលើកងទ័ពរុស្ស៉ីផងដែរ៕ ផ្តល់សិទ្ធិដោយ៖ Freshnews

ពិធីបុណ្យថ្នាក់រដ្ឋរបស់លោក អាបេ ស៊ីនហ្សូ គឺចំណាយអស់ប្រមាណ ៨ លានដុល្លារអាមេរិក ដែលទាបជាងការប៉ាន់ស្មានដំបូង

Khmerpress October 14, 2022 14/10/2022

ប្រភពរដ្ឋាភិបាលជប៉ុនបាននិយាយថា ការចំណាយជាក់ស្តែងនៃពិធីបុណ្យសពថ្នាក់រដ្ឋរបស់អតីតនាយករដ្ឋមន្ត្រី អាបេ ស៊ីនហ្សូ កាលពីថៃទី២៧ ខែកញ្ញា កន្លងទៅនោះ ត្រូវបានគេរំពឹងថាប្រមាណជា ១.២ ពាន់លានយ៉េន ឬជាង ៨ លានដុល្លារ ដែលទាបជាងការប៉ាន់ស្មានពីមុន។ មតិសាធារណៈនៅក្នុងប្រទេសជប៉ុនមានភាពខ្វែងគំនិតគ្នាថា តើរដ្ឋាភិបាលចាំបាច់គួរតែធ្វើពិធីបុណ្យសពរដ្ឋ ដោយប្រើលុយដែលពលរដ្ឋជាអ្នកបង់ពន្ធ ឬយ៉ាងណា។ រដ្ឋាភិបាលពីមុនបានប៉ាន់ប្រមាណថា ពិធីបុណ្យសពនឹងត្រូវចំណាយអស់ប្រហែល ១.៦៦ ពាន់លានយ៉េន ឬប្រហែល ១១ លានដុល្លារ ហើយខ្លួនក៏បានបញ្ជាក់ដែរថា នឹងបញ្ចេញតួលេខបឋមភ្លាមៗ នៅពេលដែលវាពិនិត្យព័ត៌មានលម្អិត បន្ទាប់ពីពិធីបុណ្យសព។ ប្រភពបាននិយាយថា ការចំណាយពិតប្រាកដគឺតិចជាងការប៉ាន់ស្មានប្រមាណ ៤០០ លានយ៉េន ពីចំនួនដែលរដ្ឋាភិបាលបានប្រកាសដំបូង។ មន្ត្រីរដ្ឋាភិបាលម្នាក់បានប្រាប់ NHK ថា ការចំណាយលើការដាក់ពង្រាយបុគ្គលិកសន្តិសុខ និងការស្វាគមន៍ឥស្សរជនបរទេសបានថយចុះ ដោយសារតែចំនួនអ្នកចូលរួម រួមទាំងភ្ញៀវបរទេសមានចំនួនតិចជាងការប៉ាន់ស្មានដំបូង។ ជាមួយគ្នានេះ រដ្ឋាភិបាលក៏គ្រោងនឹងបង្ហាញព័ត៌មានលម្អិតអំពីការចំណាយដល់សមាជិកបក្សកាន់អំណាច និងគណបក្សប្រឆាំងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការថវិការបស់សភាជាន់ទាបនៅថ្ងៃសុក្រ។ ពិធីបុណ្យសពថ្នាក់រដ្ឋនេះត្រូវបានគេរំពឹងថា ជាប្រធានបទសំខាន់ក្នុងការជជែកពិភាក្សានៅឯសម័យប្រជុំនៃសភា Diet របស់ជប៉ុន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត