ព័ត៌មានអន្តរជាតិ

អាមេរិកប្រកាសកញ្ចប់ជំនួយយោធាថ្មីទៀតទំហំ ១.១ពាន់លានដុល្លារ ក្នុងនោះរួមមានទាំង ប្រព័ន្ធបាញ់មីស៉ីល HIMARS ១៨គ្រឿងបន្ថែម

Khmerpress September 29, 2022 29/09/2022

(វ៉ាស៉ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃពុធសប្តាហ៍នេះ បានប្រកាសថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយយោធាថ្មីទំហំ ១.១ពាន់លានដុល្លារ ដល់អ៊ុយក្រែន ដោយក្នុងនោះរួមមានទាំង ប្រព័ន្ធបាញ់ផ្លោងមីស៉ីល HIMARS ដែលកងកម្លាំងអ៊ុយក្រែនបានប្រើប្រាស់ ចាប់តាំងពីខែមិថុនាមក ហើយនិងសព្វាវុធក៏ដូចជាបរិក្ខារយោធាដទៃៗទៀត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Aljazeera នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២។ កញ្ចប់ជំនួយខាងលើនាំឱ្យការផ្តល់ជំនួយសរុប របស់អាមេរិកដល់អ៊ុយក្រែន កើនដល់ជិត ១៧ពាន់លានដុល្លារហើយ ចាប់តាំងតែពីលោក បៃដិន បានឡើងកាន់អំណាច កាលពីដើមឆ្នាំ២០២១មក។ ក្នុងកញ្ចប់នោះ រួមមានប្រព័ន្ធ HIMARS ចំនួន១៨គ្រឿងបន្ថែម និងប្រព័ន្ធ Titan ចំនួន១២គ្រឿង សម្រាប់ប្រឆាំងនឹងយន្តហោះដ្រូន។ ក្នុងកញ្ចប់ជំនួយដដែល ក៏រួមមានផងដែរនូវ ថវិកាសម្រាប់យានយន្តប្រហែល៣០០គ្រឿង, រថយន្តធុនធំរាប់សិបគ្រឿង សម្រាប់ការដឹកជញ្ជូនសម្ភារៈយោធាធុនធ្ងន់ ហើយនិងប្រព័ន្ធរ៉ាដា ក៏ដូចជាឧបករណ៍ទំនាក់ទំនងនិងឈ្លបការណ៍ចម្រុះប្រភេទ រួមជាមួយសម្ភារៈសម្រាប់កងទ័ព។ លើសពីនេះទៅទៀត ក៏មានថវិកាសម្រាប់បរិក្ខាសម្រាប់ស្វែងរកគ្រឿងផ្ទុះ និងសម្រាប់ការជួសជុលថែទាំ ព្រមទាំងការហ្វឹកហាត់ថែមទៀតផង។ គួរបញ្ជាក់ថា មកទល់ពេលនេះ សង្រ្គាមនៅអ៊ុយក្រែន បានឈានដល់រយៈពេលជាង៧ខែហើយ […]

ពលរដ្ឋរុស្ស៊ីរាប់សែននាក់បន្តចាកចេញពីប្រទេសកំណើត ដើម្បីគេចចេញពីការកែនទ័ពយកទៅធ្វើសង្គ្រាមនៅអ៊ុយក្រែន

Khmerpress September 29, 2022 29/09/2022

រុស្ស៊ី៖ យ៉ាងហោចណាស់មានពលរដ្ឋរុស្ស៊ីចំនួន ២០០,០០០នាក់បានសម្រេចចាកចេញពីប្រទេសកំណើតរបស់ខ្លួនដើម្បីគេចចេញពីការកែនទ័ព នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញានេះ។ តួលេខខាងលើនេះត្រូវបានផ្តល់ជូនដោយបណ្តាប្រទេសជិតខាងរបស់រុស្ស៊ី ហើយវាគឺជារបាយការណ៍នៃជាការបូកសរុបចំនួនពលរដ្ឋរុស្ស៊ីដែលបានសម្រេចចិត្តចាកចេញពីប្រទេសកំណើតនៅក្នុងរយៈពេលត្រឹមតែ ១សប្តាហ៍ចុងក្រោយនេះក្រោមហេតុផលចម្បងមួយ គឺពួកគេមិនចង់ចូលបម្រើក្នុងជួរកងទ័ពរុស្ស៊ីនោះទេ។ គួររម្លឹកជូនថា កាលពីថ្ងៃទី២១ ខែកញ្ញាកន្លងទៅ លោកប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន បានប្រកាសថា រដ្ឋាភិបាលរុស្ស៊ីត្រូវការកងទ័ពចំនួន ៣០០,០០០នាក់បន្ថែមទៀត ដើម្បីយកទៅធ្វើសង្គ្រាមនៅលើទឹកដីអ៊ុយក្រែន ហើយទ័ពថ្មីទាំង ៣០០,០០០នាក់នោះនឹងត្រូវធ្វើការកែនចេញពីពលរដ្ឋពេញវ័យរុស្ស៊ី ដែលនាពេលបច្ចុប្បន្នមានចំនួនសរុបប្រមាណជា ២៥លាននាក់។ ក្រោយមានការប្រកាសកែនទ័ពខាងលើនេះ ពលរដ្ឋរុស្ស៊ីដែលមិនចង់ចូលបម្រើកងទ័ពបានសម្រេចចាកចេញពីប្រទេសកំណើតជាបន្តបន្ទាន់​ ហើយប្រទេសទី ២ដែលពួកគេបានភៀសខ្លួនទៅនោះរួមមាន ប្រទេសម៉ុងហ្គោលី ប្រទេសកាហ្សាក់ស្ថាន ប្រទេសហ្សកហ្ស៊ី និងប្រទេសហ្វាំងឡង់ជាដើម៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ពលរដ្ឋថៃជាង ៤,០០០នាក់បានធ្វើការជម្លៀសខ្លួនជាបណ្តោះអាសន្នដើម្បីរក្សាសុវត្ថិភាពពីព្យុះទីហ្វូងណូរូ

Khmerpress September 29, 2022 29/09/2022

ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញានេះបានឲ្យដឹងថា មានពលរដ្ឋថៃជាង ៤,០០០នាក់បានធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងជាបណ្តោះអាសន្នដើម្បីរក្សាសុវត្ថិភាពពីព្យុះទីហ្វូងណូរូ។ ព្យុះទីហ្វូងណូរូបានធ្វើដំណើរទៅដល់ប្រទេសថៃកាលយប់ថ្ងៃពុធឆ្លងចូលថ្ងៃព្រហស្បតិ៍នេះ និងកំពុងតែបង្កការគំរាមគំហែងក្នុងកម្រិតដ៏ខ្ពស់មួយនៅតំបន់ភាគភាគឦសាននៃប្រទេសថៃ។ ឥទ្ធិពលនៃខ្យល់ព្យុះបានបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ខណៈកម្ពស់ទឹកទន្លេនៅតាមតំបន់ក្នុងភាគភាគឦសានប្រទេសថៃបានឡើងខ្ពស់ស្រាប់ទៅហើយ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយថៃបានបញ្ជាក់ថា ពលរដ្ឋដែលបានធ្វើការជម្លៀសខ្លួនទាំងអស់នោះគឺជាពលរដ្ឋរស់នៅក្នុងខេត្ត Ubon Ratchathani មានចំនួនជាក់ស្តែង ៤,១៦៩នាក់ ខណៈព្យុះកំពុងបង្កការគំរាមគំហែងនៅក្នុងខេត្តចំនួន ១២ផ្សេងទៀតនៅតំបន់ភាគភាគឦសាននិងតំបន់ភាគខាងជើងនៃប្រទេសថៃ។ បើតាមនាយ​កដ្ឋានឧតុនិយមថៃបានព្រមានថា ទឹកជំនន់ក៏អាចកើតមាននៅតាមតំបន់ខាងលើនេះផងដែរ ពោលគឺជាជំនន់ទឹកភ្លៀងដែលអាចបង្កហានិភ័យក្នុងរយៈពេលខ្លី។ គិតត្រឹមពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍បញ្ជាក់ថា មានអ្នករងរបួសឬស្លាប់នៅឡើយទេ ខណៈផលដំណាំរបស់ប្រជាកសិករក្នុងផ្ទៃប្រមាណជា ៩៩,០០០រ៉ៃត្រូវបានរាយការណ៍ថា បានរងនូវការខូចខាត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ថៃទាញសញ្ញាអាសន្នកម្រិតខ្ពស់ចំពោះព្យុះទីហ្វូងណូរូដែលអាចនឹងវាយប្រហារតំបន់ភាគឦសានប្រទេសនៅថ្ងៃស្អែកនេះ

Khmerpress September 28, 2022 28/09/2022

ថៃ៖ អាជ្ញាធរថៃបានទាញសញ្ញាអាសន្នកម្រិតខ្ពស់មួយចំពោះព្យុះទីហ្វូងណូរូដែលអាចនឹងវាយប្រហារតំបន់ភាគឦសានប្រទេស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃពុធ ទី២៨ ខែកញ្ញានេះ។ បើតាមនាយកដ្ឋានឧតុនិយមថៃ​បានធ្វើការព្យាករណ៍ថា ព្យុះទីហ្វូងណូរូអាចនឹងធ្វើដំណើរមកដល់តំបន់ភាគភាគឦសានប្រទេសថៃនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញានេះ ហើយខេត្តដែលអាចរងនូវការវាយប្រហាររួមមានខេត្ត Ubon Ratchathani និងខេត្ត Amnat Charoen។ នាយកដ្ឋានឧតុនិយមថៃ​បានបន្តថា ព្យុះនឹងបន្តធ្វើដំណើរទៅដល់តំបន់ភាគខាងជើងប្រទេសថៃ និងអាចបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ Central Plains Region, ខេត្ត Si Sa Ket ខេត្ត Surin និងខេត្ត Buri Ram។ គួរបញ្ជាក់ជូនថា ព្យុះទីហ្វូងណូរូត្រូវបានគេចាត់ទុកថា ជាព្យុះដ៏កំណាចមួយនៅក្នុងឆ្នាំ ២០២២នេះ ហើយពេលនេះព្យុះកំពុងបង្កការគំរាមគំហែងយ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាម ដោយបានបង្ខំឲ្យពលរដ្ឋវៀតណាមប្រមាណជា ២៦០,០០០នាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់ ហើយព្រលានយន្តហោះជាច្រើននៅតំបន់កណ្តាលប្រទេសវៀតណាមត្រូវបិទទ្វារផ្អាកដំណើរការជាបណ្តោះ ។ ដោយឡែកកាលពីសប្តាហ៍មុនព្យុះទីហ្វូងណូរូក៏បានវាយប្រហារប្រទេសហ្វីលីពីនផងដែរ ដោយឥទ្ធិពលរបស់ព្យុះបានយកជីវិតពលរដ្ឋហ្វីលីពីនចំនួន ៦នាក់ និង ៧៤,០០០នាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនជាបន្ទាន់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ស្ព្រៃបាញ់ចម្រុះការពារជំងឺកូវីដ១៩ របស់ប្រទេសថៃនឹងមានដាក់លក់ចាប់ពីដើមខែក្រោយនេះ

Khmerpress September 28, 2022 28/09/2022

ស្ព្រៃបាញ់ចម្រុះប្រឆាំងនឹងជំងឺ COVID-19 ដែលជាការបង្កើតឡើងរួមគ្នាដោយវិទ្យាស្ថានស្រាវជ្រាវប្រព័ន្ធសុខាភិបាល (HSRI), មហាវិទ្យាល័យវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Chulalongkorn, អង្គការឱសថរដ្ឋាភិបាល (GPO) និងក្រុមហ៊ុន Hibiocy ត្រូវបានប្រកាសថា នឹងមានលក់នៅតាមទីផ្សារចាប់ពីថ្ងៃទី០១ ខែតុលា ខែក្រោយនេះតទៅ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS world ។ លោកវេជ្ជបណ្ឌិត Nopporn Cheanklin នាយកអង្គការ PHRI កាលពីថ្ងៃអង្គារបាននិយាយថា ស្ព្រៃបាញ់ច្រមុះប្រឆាំងនឹងជំងឺ COVID-19 ដែលមានឈ្មោះពាណិជ្ជកម្មថា «Vaill CoviTRAP» ត្រូវបានអនុម័តរួចហើយ ដោយរដ្ឋបាលចំណីអាហារ និងឱសថថៃ។ លោកបានពន្យល់ថា ស្ព្រៃបាញ់ច្រមុះនេះមានសមត្ថភាពទប់ទល់នឹងមេរោគ COVID-19 មិនឱ្យជាប់នឹងផ្ទៃខាងក្នុងនៃប្រហោងច្រមុះ ដោយសារធាតុ Hydroxypropyl Methyl Cellulose (HPMC) ដែលមាននៅក្នុងស្ព្រៃ។ ស្ព្រៃនេះត្រូវប្រើប្រាស់ ៣ដង ក្នុងមួយថ្ងៃ រៀងរាល់ប្រាំមួយម៉ោងម្តង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សហរដ្ឋអាមេរិក ត្រៀមកញ្ចប់ជំនួយអាវុធបន្ថែម ១.១ពាន់លានដុល្លារ ឱ្យអ៊ុយក្រែន

Khmerpress September 28, 2022 28/09/2022

(វ៉ាស៉ីនតោន)៖ ក្រុមមន្ត្រីអាមេរិក បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិកកំពុងរៀបចំកញ្ចប់ជំនួយយោធាថ្មី សម្រាប់ជួយអ៊ុយក្រែនដើម្បីតស៊ូ ប្រយុទ្ធជាមួយរុស្ស៉ី ដែលមានទំហំទឹកប្រាក់ ១.១ពាន់លានដុល្លារ ហើយអាចនឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២។ ក្រុមមន្ត្រីអាមេរិកខាងលើនេះ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបន្ថែមថាកញ្ចប់ជំនួយយោធានេះនឹងត្រូវប្រកាស នៅប៉ុន្មានថ្ងៃខាងមុខជាការបង្កើន ជំនួយសព្វាវុធចុងក្រោយបំផុតសម្រាប់អ៊ុយក្រែន ដែលកំពុងប្រយុទ្ធនឹងកម្លាំងរុស្ស៊ីនៅឯភាគខាងកើត។ គេរំពឹងថាកញ្ចប់ជំនួយថ្មីនេះនឹងប្រើប្រាស់មូលនិធិពីគំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន (USAI) ដែលសមស្របសម្រាប់សភាដើម្បីអនុញ្ញាតឱ្យរដ្ឋបាល លោក បៃដិន ទិញអាវុធពីក្រុមហ៊ុនអាមេរិក ជាជាងយកចេញពីស្តុកអាវុធរបស់សហរដ្ឋអាមេរិកដែលមានស្រាប់។ កញ្ចប់នេះនឹងរួមបញ្ចូលនូវប្រព័ន្ធបាញ់បង្ហោះរ៉ុក្កែត HIMARS, អមដោយគ្រាប់រំសេវប្រភេទផ្សេងៗនៃប្រព័ន្ធប្រឆាំងយន្តហោះដ្រូន និងប្រព័ន្ធរ៉ាដា រួមជាមួយនឹងគ្រឿងបន្លាស់, ការបណ្តុះបណ្តាល និងជំនួយបច្ចេកទេស ផងដែរ។ គួរបញ្ជាក់ថា គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើង សហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាជាង១៥ពាន់លានដុល្លារដល់អ៊ុយក្រែន ដើម្បីតស៊ូប្រយុទ្ធមួយរុស្ស៊ី៕ ផ្តល់សិទ្ធិដោយ៖ freshnews

វៀតណាម បន្ធូរបន្ថយកម្រិតព្យុះទីហ្វុង Noru មកជាព្យុះត្រូពិក តែព្រមានពីទឹកជំនន់

Khmerpress September 28, 2022 28/09/2022

(ហាណូយ)៖ វៀតណាម នៅថ្ងៃពុធនេះបានបន្ធូរបន្ថយកម្រិតព្យុះទីហ្វុង Noru មកនៅត្រឹមជាព្យុះត្រូពិកវិញ ប៉ុន្តែបានព្រមានឱ្យប្រជាជននៅតែបន្តការប្រុងប្រយ័ត្ន ខ្ពស់ជានិច្ច ចំពោះហានិភ័យនៃគ្រោះទឹកជំនន់ និងរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២។ ព្យុះទីហ្វុង Noru បានវាយប្រហារលើខេត្ត កាងណាំ (Quang Nam) ជាមួយល្បឿនខ្យល់បក់ ១១៧គីឡូម៉ែត្រក្នុងមួយម៉ោង កាលពីយប់ថ្ងៃអង្គារ ឈានចូល ថ្ងៃពុធនេះ។ ភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ជនរងគ្រោះណាមួយនៅឡើយទេ ប៉ុន្តែរូបភាពជាច្រើនត្រូវបានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមបានបង្ហាញពីដើមឈើ ជាច្រើនដើមដួលរលំ និងល្បាប់ភក់នៅពាសពេញផ្លូវថ្នល់។ មុនបក់បោកមកដល់វៀតណាម ព្យុះទីហ្វុង Noru គឺជាព្យុះដ៏កំណាចមួយដែលបានវាយប្រហារលើ ប្រទេសហ្វីលីពីនក្នុងឆ្នាំ២០២២នេះ ដោយផ្ដាច់ជីវិតមនុស្ស ៨នាក់ កាលពីយប់ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ពលរដ្ឋនៅវៀតណាមជាង ២០០,០០០ នាក់ ត្រូវជម្លៀសរកទីជម្រក ខណៈព្យុះទីហ្វុង Noru បានបន្ដវាយប្រហាររហូតដល់ព្រឹកថ្ងៃពុធនេះ

Khmerpress September 28, 2022 28/09/2022

ព្យុះទីហ្វុង Noru នៅព្រឹកថ្ងៃពុធ ទី២៨ ខែកញ្ញានេះ បានបោកបក់ចូលឆ្នេរសមុទ្រភាគកណ្តាលរបស់ប្រទេសវៀតណាម ដោយបាននាំមកនូវខ្យល់បក់ និងភ្លៀងធ្លាក់យ៉ាងខ្លាំង ខណៈពលរដ្ឋរាប់សែននាក់ត្រូវភៀសខ្លួនរកទីជម្រកបណ្ដោះអាសន្ន។ នៅទីក្រុងដាណាង ដែលជាទីក្រុងធំជាងគេទី៣របស់ប្រទេសនេះ អគារខ្ពស់ៗ និងផ្ទះរបស់ប្រជាពលរដ្ឋត្រូវបានរងការខូចខាត ខណៈដើមឈើក៏បានដួលរលំ ហើយក្នុងនោះ ក៏មានការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំផងដែរ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ឧតុនិយមបាននិយាយថា៖«ទីតាំងរបស់ព្យុះទីហ្វុងនៅម៉ោង ៤ ព្រឹកម៉ោងក្នុងស្រុក នៅថ្ងៃពុធ ទី២៨ ខែកញ្ញា គឺស្ថិតនៅចន្លោះទីក្រុងដាណាង និងក្វាងណាម ដោយបន្ថែមល្បឿនខ្យល់គឺពី ១០៣ គីឡូម៉ែត្រក្នុងមួយម៉ោង ទៅ ១១៧ គីឡូម៉ែត្រក្នុងមួយម៉ោង»។ មនុស្សជាង ២០០,០០០ នាក់ នៅក្នុងប្រទេសវៀតណាម បានជ្រកកោននៅក្នុងទីជម្រកបណ្ដោះអាសន្នមួយយប់ បន្ទាប់ពីអ្នកព្យាករណ៍បានព្យាករណ៍ថា ព្យុះនេះនឹងក្លាយជាព្យុះដ៏ធំបំផុតមួយ ដែលបានវាយប្រហារប្រទេសអាស៊ីអាគ្នេយ៍នេះ។ ល្បឿនខ្យល់គឺយឺតជាងការរំពឹងដំបូង ប៉ុន្តែអ្នកព្យាករណ៍បាននិយាយថា ភ្លៀងធ្លាក់ខ្លាំងនឹងបន្ត ហើយបានព្រមានពីការបាក់ដី និងទឹកជំនន់ធ្ងន់ធ្ងរផងដែរ។ ក្រសួងការពារជាតិវៀតណាមបានចល័តទាហានប្រហែល ៤០,០០០ នាក់ និងសមាជិកកងជីវពល ២០០,០០០ នាក់ បំពាក់ដោយរថពាសដែក […]

វីដេអូបង្ហាញបុរសដឹកជញ្ជូនអាហារនៅអារ៉ាប៊ីសាអូឌីតមួយ កំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្ដាញសង្គម

Khmerpress September 27, 2022 27/09/2022

ថ្មីៗនេះអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមបានចែករំលែកវីដេអូឃ្លីបមួយ ដែលបង្ហាញពីបុរសដឹកជញ្ជូនម្នាក់ (Deliveryman) បានដឹកជញ្ជូនទំនិញទៅកាន់អគារខ្ពស់មួយ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដោយការហោះហើរទំនើបខ្លាំងមែនទែន! យោងតាមវីដេអូដែលបានចែកចាយនោះវាបានបង្ហាញថា បុរសនោះបានដឹកជញ្ជូនដោយប្រើប្រាស់យានម៉្យាងសម្រាប់ការហោះហើរ និងផ្លាស់ទីពីប៉មមួយទៅប៉មមួយទៀតយ៉ាងស្ទាត់ជំនាញ។ យ៉ាងណាក៏ដោយ គេនៅមិន​មាន​ព័ត៌មាន​លម្អិត​ច្បាស់​លាស់​អំពី​ក្រុមហ៊ុន​ដែលបម្រើសេវាកម្ម ឬ​ទីតាំង​ជាក់លាក់នៃ​ដឹកជញ្ជូននោះឡើយ។ រំលឹកដែរថា កន្លងមកយើងក៏ធ្លាប់បានឃើញវីដេអូនៃការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ដោយភោជនីយដ្ឋានមួយចំនួនជុំវិញពិភពលោក ដើម្បីចែកចាយភីហ្សា និងការបញ្ជាទិញអាហារ ព្រោះឧបករណ៍ទាំងនោះវាអាចកំណត់ទីតាំងអតិថិជនតាមរយៈ GPS និងកាមេរ៉ាវីដេអូ ដើម្បីធានាថា ពួកគេទៅដល់អ្នកទទួលត្រឹមត្រូវក្នុងរយៈពេលខ្លី តិចជាង ១ ភាគ ៤ បើប្រៀបនឹងការដឹកជញ្ជូនធម្មតា។ ប៉ុន្តែសម្រាប់លើកនេះវិញ គឺវាកាន់តែទំនើបជាងមុនទៅទៀត។ គួរឱ្យកត់សម្គាល់ដែរថា ឧស្សាហកម្មចែកចាយអាហារពិភពលោកកំពុងកើនឡើង ១០% ជារៀងរាល់ឆ្នាំ ហើយទំហំនៃទីផ្សារនេះត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៣៦៥ ពាន់លានដុល្លារ នៅឆ្នាំ២០៣០ ខណៈពេលដែលប្រទេសនៅមជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង ក៏មិនអាចមើលរំលងពីវិស័យនេះផងដែរ ដោយសារប្រាក់ចំណូលរបស់វិស័យនេះមានលើសពី ៩ ពាន់លានដុល្លារ ក្នុងខែមីនា ឆ្នាំ២០២១ ដែលជាការកើនឡើងប្រហែល ៧៥% បើធៀបនឹងខែមីនា ឆ្នាំ២០២០៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

តម្លៃមាសពិភពលោក បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង២ឆ្នាំ

Khmerpress September 27, 2022 27/09/2022

(អន្តរជាតិ)៖ យោងតាម ទិន្នន័យ របស់ Kitco នៅព្រឹក ថ្ងៃទី២៧ ខែកញ្ញា នៅក្នុងវគ្គជួញដូរដំបូងនៃសប្តាហ៍នៅផ្សារហ៊ុនញូវយ៉ក តម្លៃមាសពិភពលោកបានធ្លាក់ចុះដល់ ១,៦២៣ដុល្លារ ក្នុងមួយអោន (តម្លៃអាចប្រែប្រួលជាបន្ត) ធ្លាក់ចុះទាបបំផុតក្នុងរយៈពេលជាង២ឆ្នាំ ខណៈដែលធនាគារកណ្តាលជុំវិញពិភពលោកបានដំឡើងអត្រាការប្រាក់ដើម្បីទប់ទល់នឹងអតិផរណា ដោយអ្នកគ្រប់គ្រងមូលនិធិរំពឹងថានឹងមានការធ្លាក់ចុះដ៏ធំ។ ធនាគារកណ្តាលអាមេរិក (Fed) ដែលចង់កាត់បន្ថយអតិផរណាមកត្រឹម ២ភាគរយ នៅតែបន្តបង្កើនអត្រាការប្រាក់។ ការដំឡើងអត្រាការប្រាក់នេះបានជួយឱ្យសន្ទស្សន៍ប្រាក់ដុល្លារកើនឡើងដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ។ តម្លៃមាសបានធ្លាក់ចុះអស់រយៈពេល ៥ខែ។ ១,៦២៣ដុល្លារ ជាតម្លៃទាបបំផុតក្នុងមួយអោននៃមាសចាប់តាំងពីខែមេសា ឆ្នាំ២០២០៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត