ព័ត៌មានអន្តរជាតិ

អ្នកបាត់បង់ជីវិតកើនដល់ ៥៥នាក់ ក្នុងករណីឆេះអគារនៅទីក្រុងហុងកុង

Liny Chan November 27, 2025 27/11/2025

(ហុងកុង)៖ អាជ្ញាធរពន្លត់អគ្គិភ័យនៅទីក្រុងហុងកុងនៃប្រទេសចិន នារសៀលថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា តួលេខអ្នកស្លាប់ដោយសារ​គ្រោះអគ្គិភ័យដ៏ធំសម្បើម នៅតំបន់អគារអាផាតធឺមិនមួយកន្លែង បានកើនដល់៥៥នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ អាជ្ញាធរពន្លត់អគ្គិភ័យក្រុងហុងកុង បាននិយាយថា មនុស្ស៥១នាក់បានស្លាប់ នៅកន្លែងកើតហេតុផ្ទាល់ ខណៈ៤នាក់បានស្លាប់ នៅឯមន្ទីរពេទ្យ ហើយក្នុងចំណោមអ្នកបាត់បង់ជីវិតទាំងនោះ មានម្នាក់ជាភ្នាក់ងារពន្លត់អគ្គិភ័យ។ ក្រៅពីអ្នកស្លាប់ មនុស្សរាប់សិបកំពុងស្ថិតក្នុងមន្ទីរពេទ្យជាមួយស្ថានភាពធ្ងន់ធ្ងរ ហើយគិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍នេះ មនុស្សចំនួន ២៧៩នាក់ផ្សេងទៀត នៅបន្តបាត់ខ្លួន ដោយមិនអាចទាក់ទងបាន។ តំបន់អគារអាផាតធឺមិនខាងលើ ហៅថា Wang Fuk Court ស្ថិតក្នុងខណ្ឌ Tai Po នៅភាគខាងជើងទីក្រុងហុងកុង។ នៅទីនោះ មានអគារស្នាក់នៅកម្ពស់ខ្ពស់សរុប៨ខ្នង គិតជាបន្ទប់២០០០បន្ទប់ និងជាជម្រករបស់មនុស្សជាង ៤៦០០នាក់។ អាជ្ញាធរពន្លត់អគ្គិភ័យហុងកុង បានឱ្យដឹងថា មកទល់ឥឡូវ ភ្លើងឆាបឆេះនៅអគារ៤ខ្នង ត្រូវបានពន្លត់ទាំងស្រុង ខណៈភ្លើងឆេះ​នៅអគារ៣ទៀត ត្រូវគ្រប់គ្រងបាន ហើយអគារមួយខ្នង មិនបានរងការប៉ះពាល់។ អគ្គិភ័យបានចាប់ផ្តើមកើតឡើង កាលពីរសៀលថ្ងៃពុធ។ គួរបញ្ជាក់ថា នាពេលនេះ […]

លោក ដូណាល់ ត្រាំ ជំរុញនាយករដ្ឋមន្ត្រីជប៉ុនចៀសវាងបង្កើនជម្លោះជាមួយចិន 

Liny Chan November 27, 2025 27/11/2025

(តូក្យូ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើឱ្យនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ចៀសវាងការបង្កជម្លោះថែមទៀតជាមួយចិនអំឡុងកិច្ចពិភាក្សាតាមទូរស័ព្ទ ក្នុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា។ ប្រភពពីមន្ត្រីរដ្ឋាភិបាលជប៉ុន២រូបដែលបានដឹងពីកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះរវាងលោក ត្រាំ និងលោកស្រី Takaichi បានប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាលោកប្រធានាធិបតីអាមេរិកបានបង្ហាញពីសេចក្ដីប្រាថ្នាចង់ឱ្យលោកស្រី Takaichi ចៀសវាងការបង្កើនជម្លោះដែលអាចធ្វើឱ្យចិនកាន់តែខឹងសម្បា។ តែលោក ត្រាំ ដែលកំពុងព្យាយាមបទឈប់បាញ់ពាណិជ្ជកម្មដ៏ផុយស្រួយជាមួយចិន មិនបានស្នើសុំជាពិសេសអ្វីពីលោកស្រី Takaichi នោះទេជុំវិញជម្លោះជាមួយចិន។ លោកស្រី Takaichi បានបង្កឱ្យមានជម្លោះការទូតជាមួយចិន នៅពេលលោកស្រីប្រាប់សមាជិករដ្ឋសភាជប៉ុនថាការវាយប្រហារណាមួយរបស់ចិនដើម្បីគ្រប់គ្រងតៃវ៉ាន់ អាចនឹងជំរុញឱ្យជប៉ុន ធ្វើការឆ្លើយតបដោយយោធា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អគ្គិភ័យលេបត្របាក់តំបន់អនាធិបតេយ្យនៅបង់ក្លាដែស, បំផ្លាញផ្ទះ ១,៥០០ខ្នង និងមនុស្សរាប់ពាន់នាក់គ្មានទីជម្រក

Liny Chan November 27, 2025 27/11/2025

(ដាកា)៖ អាជ្ញាធរបង់ក្លាដែស បានប្រកាសនៅថ្ងៃពុធនេះថា អគ្គិភ័យដ៏សន្ធោសន្ធៅមួយបានបំផ្លាញផ្ទះសម្បែងប្រមាណ ១,៥០០ខ្នង នៅក្នុងតំបន់អនាធិបតេយ្យដ៏កកកុញមួយក្នុងរដ្ឋធានីដាកា ដោយបន្សល់ទុកមនុស្សរាប់ពាន់នាក់ឱ្យគ្មានទីជម្រក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ អគ្គិភ័យនេះបានចាប់ផ្តើមឆាបឆេះនៅល្ងាចថ្ងៃអង្គារ នៅតំបន់អនាធិបតេយ្យ Korail និងត្រូវបានពន្លត់ទាំងស្រុងនៅថ្ងៃពុធ បន្ទាប់ពីឆេះអស់រយៈពេល ១៦ម៉ោង។ មន្ត្រីពន្លត់អគ្គិភ័យបានបញ្ជាក់ថា មិនមានសេចក្តីរាយការណ៍អំពីអ្នកស្លាប់ ឬរបួសនោះទេ។ លោកវរសេនីយ៍ទោ ម៉ូហាម៉ាត់ តាជុល អ៊ីស្លាម ជូធូរី (Mohammad Tajul Islam Chowdhury) នាយកសេវាកម្មពន្លត់អគ្គិភ័យ បានឱ្យដឹងថា ផ្ទះប្រមាណ ១,៥០០ខ្នងត្រូវបានឆេះបំផ្លាញ ឬខូចខាត។ ក្រុមពន្លត់អគ្គិភ័យបានជួបការលំបាកយ៉ាងខ្លាំងក្នុងការចូលទៅដល់កន្លែងកើតហេតុ ដោយសារផ្លូវតូចចង្អៀត។ យោងតាមទិន្នន័យផ្លូវការ គ្រួសារប្រហែល ៦០,០០០គ្រួសារ ដែលភាគច្រើនជា «ជនភៀសខ្លួនអាកាសធាតុ» រស់នៅក្នុងតំបន់អនាធិបតេយ្យនេះ។ នៅថ្ងៃពុធ ពលរដ្ឋដែលបាត់បង់ផ្ទះសម្បែងបាននាំគ្នារុករកទ្រព្យសម្បត្តិដែលនៅសេសសល់ក្នុងគំនរបាក់បែកយ៉ាងអស់សង្ឃឹម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

UPDATE: ប៉ូលិសហុងកុងចាប់ខ្លួនមនុស្ស ៣នាក់ ខណៈអ្នកបាត់បង់ជីវិតក្នុងអគិ្គភ័យឆេះអាផាតធឺមិនកើនដល់ ៤៤នាក់ និងជិត ៣០០នាក់បាត់ខ្លួន

Liny Chan November 27, 2025 27/11/2025

(ហុងកុង)៖ ប៉ូលិសហុងកុង នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា បានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារអគ្គិភ័យដ៏សម្បើមឆាបឆេះអគារអាផាតធឺមិនមួយនៅក្នុងទីក្រុងហុងកុង បានកើនដល់ ៤៤នាក់ និងមនុស្សជិត ៣០០នាក់បាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្រុមអ្នកពន្លត់អគ្គិភ័យបានចំណាយពេលពេញមួយយប់ថ្ងៃពុធម្សិលមិញ ដើម្បីពន្លត់អគ្គិភ័យឆាបឆេះអគារអាផាតធឺមិន Wang Fuk ស្ថិតនៅភាគខាងជើងនៃតំបន់ Tai Po។ អគ្គិភ័យនេះ បានឆាបឆេះកាលពីរសៀលថ្ងៃពុធ លើអគារផាតធឺមិន Wang Fuk ដែលមាន ២០០០បន្ទប់។ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះដែរ ក្រុមអាជ្ញាធរហុងកុងបាននិយាយថាពួកគេបាន គ្រប់គ្រងភ្លើងឆេះបានមួយចំនួន ខណៈភ្លើង និងផ្សែងនៅតែបន្តឆេះហ៊ុយចេញពីផ្នែកខ្លះនៃអគារ។ ពាក់ព័ន្ធនឹងអគ្គិភ័យនេះដែរ ប៉ូលិសហុងកុងបានចាប់ខ្លួនមនុស្ស ៣នាក់ដែលជាបុគ្គលិករបស់ក្រុមហ៊ុនសំណង់សាងសង់អគារខាងលើ ក្នុងនោះរួមមាននាយក ២នាក់ និងអ្នកប្រឹក្សាវិស្វកម្មម្នាក់ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើងដើម្បីស្វែងរកមូលហេតុបណ្ដាលឱ្យអគ្គិភ័យឆាបឆេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

យានអវកាស Shenzhou-22 ដឹកទំនិញហោះហើរទៅកាន់ស្ថានីយអវកាសចិន បេសកកម្មបាញ់បង្ហោះជាបន្ទាន់ជាលើកដំបូងរបស់ប្រទេសចិន ទទួលបានជោគជ័យយ៉ាងគាប់ប្រសើរ

Liny Chan November 26, 2025 26/11/2025

(ប៉េកាំង)៖ យោងតាមព័ត៌មាននៃការិយាល័យកម្មវិធីយានអវកាសដឹកមនុស្សប្រទេសចិន បានឱ្យដឹងថានៅវេលាម៉ោង១២ និង១១នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥តាមម៉ោងប៉េកាំង រ៉ុក្កែតដឹកជញ្ជូន Changzheng Y-22ដែលផ្ទុកយានអវកាស Shenzhou-22 បានត្រូវបាញ់បង្ហោះនៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប JiuQuan។ ប្រហែល១០នាទីក្រោមមក យានអវកាសបានបំបែកខ្លួនចេញពីរ៉ុក្កែតដោយជោគជ័យ និងចូលទៅគន្លងតារាវិថីតាមការកំណត់ បេសកកម្មបាញ់បង្ហោះទទួលបានជោគជ័យយ៉ាងគាប់ប្រសើរ។ បន្ទាប់ពីចូលគន្លងតារាវិថី យានអវកាសនឹងតភ្ជាប់ដោយស្វ័យប្រវត្តិ ជាមួយស្ថានីយអវកាស។ យានអវកាស Shenzhou-22 គឺមិនមានផ្ទុកមនុស្សទេ តែបានដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ ផ្លែឈើនិងបន្លែស្រស់ៗ ឧបករណ៍សម្រាប់ជុសជុលស្នាមប្រេះនៃបង្អួចយានអវកាស Shenzhou-20 និងគ្រឿងបន្លាស់ និងសម្ភារៈប្រើប្រាស់ចាំបាច់នៃស្ថានីយអវកាស។ នេះជាបេសកកម្មការបាញ់បង្ហោះលើកទី៣៨ ចាប់តាំងពីការចាប់ដំណើរការសកម្មវិធីយានអវកាសដឹកមនុស្ស របស់ប្រទេសចិនមក ហើយក៏ជាបេសកកម្មបាញ់បង្ហោះជាបន្ទាន់ជាលើកដំបូង នៃកម្មវិធីយានអវកាសដឹកមនុស្សរបស់ប្រទេសចិនផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News វិទ្យុមិត្តភាពកម្ពុជាចិន

អគ្គិភ័យសន្ធោសន្ធៅ ឆាបឆេះអគារស្នាក់នៅក្នុងទីក្រុងហុងកុង បណ្តាលឱ្យមនុស្សយ៉ាងហោច ៤នាក់បាត់បង់ជីវិត

Liny Chan November 26, 2025 26/11/2025

(ហុងកុង)៖ អាជ្ញាធរនៅទីក្រុងហុងកុងនៃប្រទេសចិន បានឱ្យដឹងថា នាថ្ងៃពុធនេះ គ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅ បានកើតឡើងនៅតំបន់អគារខ្ពស់សម្រាប់ស្នាក់នៅមួយកន្លែង ជាហេតុនាំឱ្យមនុស្សយ៉ាងហោច៤នាក់ បានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ ហេតុការណ៍ខាងលើ បានកើតឡើងនៅខណ្ឌ Tai Po ភាគខាងជើងទីក្រុងហុងកុង ក្នុងតំបន់អគារស្នាក់នៅ ហៅថា Wang Fuk Court ដែលប្រមូលផ្តុំអគារខ្ពស់ៗសរុប៨ខ្នង សម្រាប់ផ្តល់បន្ទប់ស្នាក់នៅជិត២០០០បន្ទប់ ហើយអគារប៉ុន្មានខ្នងនៅទីនោះ ត្រូវបានភ្លើងឆាបឆេះ។ ហេតុការណ៍ភ្លើងឆេះនេះ គឺចំពេលដែល អគារទាំងនោះ កំពុងមានសំណង់រន្ទាឬស្សី នៅខាងក្រៅពួកវា។ គួរបញ្ជាក់ថា បើតាមព័ត៌មានចុងក្រោយបំផុត មនុស្ស៤នាក់ត្រូវរកឃើញថាបានស្លាប់ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ ខណៈ៣នាក់ផ្សេងទៀត បានរងរបួស ក្នុងនោះ​២នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

មនុស្សយ៉ាងហោច៣៣នាក់ស្លាប់ ក្នុងគ្រោះទឹកជំនន់ដ៏កាចសាហាវ នៅភាគខាងត្បូងប្រទេសថៃ

Liny Chan November 26, 2025 26/11/2025

(បាងកក)៖ នៅថ្ងៃពុធនេះ រដ្ឋាភិបាលថៃ បានឱ្យដឹងថា គ្រោះមហន្តរាយទឹកជំនន់ដ៏កាចសាហាវបំផុតមួយ ដែលបាននិងកំពុងវាយប្រហារ​លើតំបន់ភាគខាងត្បូងប្រទេស អស់រយៈពេលប៉ុន្មានថ្ងៃមកនេះ បានផ្តាច់ជីវិតមនុស្សកើនដល់យ៉ាងហោច ៣៣នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Siripong Angkasakulkiat បានប្រាប់អ្នកសារព័ត៌មានថា ខាងអាជ្ញាធរបានរាយការណ៍ថា មនុស្សសរុបចំនួន៣៣នាក់ បានស្លាប់នៅទូទាំងខេត្តចំនួន៧ ដោយសារមូលហេតុ ដូចជាត្រូវទឹកហូរនាំយកទៅ ឆក់ចរន្តអគ្គិសនី និងលង់ទឹក ជាដើម។ គួរបញ្ជាក់ថា រដ្ឋាភិបាលថៃ បានប្រកាសដាក់ខេត្ត Songkhla ទាំងមូល ក្រោមភាពអាសន្ន កាលពីថ្ងៃអង្គារ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង តាំងតែពីចុងសប្តាហ៍មុន បានបង្កការជន់លិចយ៉ាងធ្ងន់ធ្ងរមិនធ្លាប់ជួបប្រទះពីមុនមក នៅទីក្រុង Hat Yai ព្រមទាំងនៅកន្លែងជាច្រើនផ្សេងទៀត នៃតំបន់ភាគខាងត្បូងប្រទេសថៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ភាគខាងត្បូងប្រទេសថៃ កំពុងរងគ្រោះទឹកជំនន់ខ្លាំងធ្ងន់ធ្ងរ ដោយប្រជាជនជិត ២លាននាក់ នៅខេត្តចំនួន១០ រងផលប៉ះពាល់ ហើយខេត្ត Songkhla ទាំងមូល ត្រូវបានប្រកាសជាតំបន់គ្រោះមហន្តរាយ

Liny Chan November 24, 2025 24/11/2025

(បាងកក)៖ អាជ្ញាធរទប់ស្កាត់និងបង្ការគ្រោះមហន្តរាយរបស់ថៃ នាថ្ងៃចន្ទនេះ បានរាយការណ៍ថា គ្រោះមហន្តរាយទឹកជំនន់ កំពុងវាយប្រហារខ្លាំងលើខេត្តសរុបចំនួន១០ នៅភាគខាងត្បូងប្រទេស ប៉ះពាល់ដល់ប្រជាជនសរុបជិត២លាននាក់ ហើយកម្ពស់ទឹក កំពុងបន្តកើនឡើងថែមទៀត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod នាថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្នុងចំណោមខេត្តភាគខាងត្បូងទាំងនោះរបស់ប្រទេសថៃ ខេត្ត Songkhla បានប្រកាសដាក់ខេត្តទាំងមូល ជាតំបន់គ្រោះមហន្តរាយ ដោយអភិបាលខេត្ត បានបញ្ជាឱ្យជម្លៀសពលរដ្ឋទាំងអស់ ចេញទៅរកកន្លែងមានសុវត្ថិភាព បន្ទាប់ពីស្ថានការណ៍ទឹកជំនន់ នៅស្រុក Hat Yai ព្រមទាំងស្រុកមួយចំនួនទៀតនៃខេត្តនេះ ត្រូវបានរាយការណ៍ថា ឈានដល់កម្រិតធ្ងន់ធ្ងរបំផុត។ គួរបញ្ជាក់ថា ចំណែកនៅតំបន់ភាគខាងជើង និងភាគកណ្តាលប្រទេសថៃ ក៏បានជួបបញ្ហាជន់លិច ដែលប៉ះពាល់ដល់ខេត្តចំនួន១១ និងមនុស្សជិតកន្លះលាននាក់ផងដែរ ប៉ុន្តែកម្ពស់ទឹកភាគច្រើន បានចាប់ផ្តើមស្រកចុះទៅវិញជាបណ្តើរៗហើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ម៉ាឡេស៊ីគ្រោងបិទសិទ្ធិប្រើបណ្ដាញសង្គមចំពោះក្មេងអាយុក្រោម ១៦ ឆ្នាំ ចាប់ពីឆ្នាំ ២០២៦ តទៅ

Liny Chan November 24, 2025 24/11/2025

(បរទេស)៖ រដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសពីផែនការដ៏ម៉ឺងម៉ាត់មួយ គឺការហាមឃាត់មិនឱ្យអ្នកដែលមានអាយុក្រោម ១៦ ឆ្នាំ ប្រើប្រាស់បណ្ដាញសង្គមគ្រប់ប្រភេទ ចាប់ពីឆ្នាំ ២០២៦ តទៅ។ គោលបំណងចម្បងនៃវិធានការនេះ គឺដើម្បីការពារសុវត្ថិភាព និងសុខភាពផ្លូវចិត្តរបស់យុវជនម៉ាឡេស៊ីពីគ្រោះថ្នាក់តាមអ៊ីនធឺណិតដែលកំពុងតែកើនឡើង។ គ្រោះថ្នាក់ទាំងនោះរួមមាន ការគំរាមកំហែងគ្នា (Cyberbullying), ការបោកប្រាស់លុយកាក់ (Financial Scams), និង ការបំពានផ្លូវភេទលើកុមារ ខណៈការសម្រេចចិត្តនេះបានធ្វើឱ្យម៉ាឡេស៊ីក្លាយជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសដែលកំពុងរឹតបន្តឹងច្បាប់លើវេទិកាឌីជីថលទូទាំងសកលលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោក ហ្វាហមី ហ្វាដហ្ស៊ីល (Fahmi Fadzil) រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពច្បាប់នេះ ដោយលោកបានថ្លែងថា៖ «យើងសង្ឃឹមថា នៅឆ្នាំក្រោយនេះ វេទិកាបណ្ដាញសង្គមនានានឹងគោរពតាមការសម្រេចចិត្តរបស់រដ្ឋាភិបាល ដើម្បីហាមឃាត់អ្នកដែលមានអាយុក្រោម ១៦ ឆ្នាំ មិនឲ្យបើកគណនីអ្នកប្រើប្រាស់»។ បច្ចុប្បន្ន ម៉ាឡេស៊ីកំពុងសិក្សាពីរបៀបអនុវត្តច្បាប់នេះ ដោយពិនិត្យមើលបទពិសោធន៍របស់ប្រទេសផ្សេងទៀត ដូចជា អូស្ត្រាលី ដែលនឹងបិទគណនីក្មេងក្រោម ១៦ ឆ្នាំ នៅខែក្រោយ និងបណ្តាប្រទេសអឺរ៉ុបដែលកំពុងសាកល្បងកម្មវិធីផ្ទៀងផ្ទាត់អាយុ។ គួរជម្រាបថា វិធានការហាមឃាត់នេះ គឺជាផ្នែកមួយនៃការបង្កើនការត្រួតពិនិត្យរបស់ម៉ាឡេស៊ីទៅលើក្រុមហ៊ុនបណ្ដាញសង្គម ក្រោយពីរកឃើញការកើនឡើងនូវខ្លឹមសារបង្កគ្រោះថ្នាក់ជាច្រើន ដូចជាការផ្សព្វផ្សាយ ល្បែងស៊ីសងអនឡាញ […]

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar ទាត់ចោលការចោទប្រកាន់ពីការជ្រៀតជ្រែកជម្លោះព្រំដែនកម្ពុជា-ថៃ

Nisaiy KP November 23, 2025 23/11/2025

(គូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានច្រានចោលការចោទប្រកាន់អំពីការជ្រៀតជ្រែកចូលជម្លោះព្រំដែនរបស់ថៃជាមួយកម្ពុជា ដោយប្រកាន់ខ្ជាប់ថាម៉ាឡេស៊ីគឺជួយ សម្របសម្រួលឱ្យមានកិច្ចចរចារវាងប្រទេសទាំង២ តែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ ថ្លែងនៅឯសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ ទី២២ ខែវិច្ចិកា ក្នុងទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូងជាទីដែលរូបលោកចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងឆ្នាំនេះ លោក Anwar បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់។ ដំបូងគេបំផុតក្នុងនាមជាអ្នកជិតខាង ជាការពិតណាស់យើងមានការព្រួយបារម្ភពីជម្លោះ ប៉ុន្តែយើងមិនបានលូកដៃចូលពាក់ព័ន្ធនោះទេ»។ លោក បន្ថែមថាម៉ាឡេស៊ីបានត្រឹមជួយសម្របសម្រួលឱ្យមានកិច្ចចរចារវាងកម្ពុជា និងថៃប៉ុណ្ណោះ ដើម្បីសម្រេចឱ្យបាននូវការផ្សះផ្សា និងស្វែងរកដំណោះស្រាយសម្រាប់ជម្លោះរវាងប្រទេសទាំង២។ តាមលោក Anwar កម្ពុជា និងថៃបានចាត់ទុកម៉ាឡេស៊ីជាមិត្ត ហើយម៉ាឡេស៊ីក៏មិនបានផ្ដល់ការណែនាំ ឬវិធីសាស្ត្រពិសេសថាតើកម្ពុជា និងថៃត្រូវដោះស្រាយបញ្ហាដោយរបៀបណានោះដែរ។ គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Anwar ធ្វើឡើងបន្ទាប់ពីក្រុមបាតុករថៃបានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ានៅខាងមុខស្ថានទូតម៉ាឡេស៊ី ក្នុងទីក្រុងបាងកក ដោយចោទប្រកាន់រូបលោកថា បានបំពានលើតួនាទីជាប្រធានអាស៊ាន និងលូកលាន់កិច្ចការរបស់ថៃដើម្បីការពារអធិបតេយ្យរបស់ខ្លួន៕ ផ្ដល់សិទ្ធិដោយ៖ Freshnews