ព័ត៌មានអន្តរជាតិ

អង់គ្លេសនឹងបង្ហាញមុខនាយករដ្ឋមន្ត្រីថ្មីជំនួយលោក Boris Johnson នៅថ្ងៃទី ៥ ខែកញ្ញាខាងមុខនេះ

Khmerpress July 12, 2022 12/07/2022

អង់គ្លេស៖ គណបក្សអភិរក្សនិយមនៅអង់គ្លេសបានបញ្ជាក់ឲ្យដឹងថា បេក្ខភាពនាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេសថ្មី ដែលត្រូវចូលមកកាន់តំណែងជំនួយលោក Boris Johnson នឹងត្រូវប្រកាសឲ្យដឹងជាសាធារណៈនៅថ្ងៃទី ៥ ខែកញ្ញា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃអង្គារ ទី១២ ខែកក្កដានេះ។ គួរបញ្ជាក់ជូនថា លោក Boris Johnson នឹងត្រូវចុះចេញពីតំណែងជានាយករដ្ឋមន្រ្តី ក្រោយប្រជាប្រិយភាពរបស់គាត់បានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងចំណោមពលរដ្ឋអង់គ្លេស ក្នុងចំណោមសមាជិករដ្ឋាភិបាល​ ខណៈគណបក្សអភិរក្សនិយមដែលជាគណបក្សកំពុងកាន់អំណាចនោះក៏ផ្តើមលែងមានទំនុកចិត្តចំពោះរូបគាត់ផងដែរ។ គួររម្លឹកថា ការធ្លាក់ចុះប្រជាប្រិយភាពនិងទំនុកចិត្តចំពោះលោក Boris Johnson បានកើតឡើងព្រោះតែគាត់បានបង្កើតឲ្យមានរឿងអាស្រូវជាបន្តបន្ទាប់ ដូចជារៀបចំពិធីខួបកំណើត​ក្នុងសម័យកូវីដ-១៩កំពុងផ្ទុះខ្លាំងនិងធ្វើការជួបជុំគ្នាទទួលទានគ្រឿងស្រវឹងក្នុងវិមានរដ្ឋាភិបាលយ៉ាងសប្បាយរីករាយ ខណៈដែលប្រទេសអង់គ្លេសទាំងមូលកំពុងបិទខ្ទប់ដើម្បីទប់ទល់នឹងការរាតត្បាតនៃជំងឺកូវីដ-១៩។ គួរបញ្ជាក់ថា កាលពីពេលថ្មីៗ​នេះមានមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលអង់គ្លេសជាច្រើនរូបហើយដែលបានចុះចេញពីតំណែងព្រោះហេតុផលដូចគ្នា ហើយលោក Boris Johnson បានទទួលពាក្យស្នើសុំឲ្យរូបគាត់ចុះចេញពីតំណែងពីសមាជិករដ្ឋាភិបាលអង់គ្លេសរហូតដល់ ៥០សំណើឯណោះ ដែលវាជាសំឡេងប្រឆាំងនិងមិនចេញចិត្តយ៉ាងច្រើនផងដែរសម្រាប់លោកនាយករដ្ឋមន្ត្រីវ័យ ៥៨ឆ្នាំរូបនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សហរដ្ឋអាមេរិក ថាអ៉ីរ៉ង់មានផែនការបញ្ជូនយន្ដហោះដ្រូន រាប់រយគ្រឿងឱ្យរុស្ស៉ី ប្រើក្នុងសង្រ្គាមអ៊ុយក្រែន

Khmerpress July 12, 2022 12/07/2022

(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអះអាងថាអ៉ីរ៉ង់កំពុងត្រៀមបញ្ជូនយន្ដហោះដ្រូនរាប់រយគ្រឿង ក្នុងនោះរួមមានទាំង យន្ដហោះដ្រូនប្រយុទ្ធប្រដាប់ដោយមីស៊ីល ទៅឱ្យរុស្ស៉ីដើម្បីប្រើប្រាស់ នៅក្នុងសង្រ្គាមនៅអ៊ុយក្រែន ដែលលោកខាងលិចចាត់ទុកថាជាការឈ្លានពាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Washington Post នៅថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០២២។ ផែនការបញ្ជូនយន្ដហោះដ្រូនខាងលើរបស់អ៉ីរ៉ង់ ទៅឱ្យរុស្ស៉ី ត្រូវបានប្រកាសដោយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) នៅឯសន្និសីទសារព័ត៌មានខ្លីមួយនៅឯសេតវិមាន នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ លោក ស៊ូលីវ៉ាន់ បានគូសបញ្ជាក់ដូច្នេះថា «ព័ត៌មាន របស់យើងបានបញ្ជាក់ថារដ្ឋាភិបាលអ៉ីរ៉ង់កំពុងត្រៀមបញ្ជូនយន្ដហោះដ្រូនរាប់រយគ្រឿងឱ្យរុស្ស៉ី ក្នុងនោះរួមមានទាំងយន្ដហោះដ្រូនប្រយុទ្ធប្រដាប់ដោយ មីស៊ីល»។ លោកបន្ថែមទៀតថា អ៉ីរ៉ង់ក៏កំពុងត្រៀមបណ្ដុះបណ្ដាលរុស្ស៉ី ពីរបៀបប្រើយន្ដហោះដ្រូន និងអាវុធរបស់ខ្លួនផងដែរដែលអាចនឹងធ្វើឡើង ឆាប់ៗនេះ ឬអាចនៅក្នុងខែកក្កដានេះតែម្ដង។ គួរបញ្ជាក់ថា បើតាមលោក ជេក ស៊ូលីវ៉ាន់ ផែនការបញ្ជូនយន្ដហោះដ្រូនពីសំណាក់អ៉ីរ៉ង់ឱ្យរុស្ស៉ី អាចនឹងជួយពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងមូស្គូ ក្នុងការកំណត់ទីតាំង និងការកម្ទេចអាវុធ ដែលអ៊ុយក្រែនទទួលបានពីលោកខាងលិច ដ្បិតអាវុធទាំងនេះកំពុងពន្យឺតការវាយលុករបស់រុស្ស៉ី។ ម្យ៉ាងវិញទៀត ការប្រកាសនេះទៀតសោត ធ្វើឡើងនៅមុនពេលលោកប្រធានាធិបតី […]

អារ៉ាប៊ីសាអូឌីត ប្រទេសផលិតប្រេងធំជាងគេរបស់ពិភពលោក នឹងដំឡើងថ្លៃប្រេងសម្រាប់អ្នកទិញនៅតំបន់អាស៊ីចាប់ពីខែក្រោយនេះ

Khmerpress July 11, 2022 11/07/2022

អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសផលិតប្រេងធំជាងគេរបស់ពិភពលោក ថ្មីៗនេះបានប្រកាសថា ខ្លួននឹងដំឡើងថ្លៃប្រេងសម្រាប់អ្នកទិញនៅតំបន់អាស៊ី ដោយការដំឡើងថ្លៃនេះ នឹងចាប់ផ្ដើមនៅខែក្រោយ។ ក្រុមហ៊ុន Saudi Aramco អ្នកផលិតប្រេងរបស់រដ្ឋនឹងដំឡើងតម្លៃប្រេងឆៅប្រភេទ Arab Light ក្នុងខែសីហាចំនួន ៩.៣០ដុល្លារក្នុងមួយបារ៉ែល លើសពីតម្លៃស្តង់ដារក្នុងតំបន់។ ការដំឡើងតម្លៃមកចំនួននេះ មានន័យថាតម្លៃរបស់អ្នកផលិតប្រេងដ៏ធំបំផុតមួយរបស់ពិភពលោក បានហក់ឡើងខ្ពស់ហួសពីប្រទេសផ្សេងទៀតនៅមជ្ឈិមបូព៌ា ដែលស្ទើរតែលើសពីកម្រិតខ្ពស់កាលពីមុនគឺ ៩.៣៥ ក្នុងមួយបារ៉ែលក្នុងខែឧសភា។ ជាមួយគ្នានេះដែរ វាគឺជាការកើនឡើងមួយទៀតនៃតម្លៃនៅឆ្នាំនេះ ដោយសារអ្នកផលិតប្រេងបានជួបការលំបាកក្នុងការបំពេញតម្រូវការនៅឆ្នាំនេះ ចំពេលមានការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងប្រេងរុស្ស៊ី។ គួរបញ្ជាក់ថា តម្លៃប្រេងរបស់អារ៉ាប៊ីសាអូឌីតសម្រាប់អាស៊ី បានកើនឡើងជាង ៧ដុល្លារចាប់តាំងពីប្រទេសរុស្ស៊ីបានឈ្លានពានអ៊ុយក្រែននៅចុងខែកុម្ភៈ នេះបើយោងតាម ​​​​Bloomberg៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អ្នកជំនាញព្យាករណ៍ថា កូវីដ-១៩នៅថៃនឹងផ្ទុះខ្លាំងឡើងវិញនៅអំឡុងខែសីហាហើយតួលេខអ្នកឆ្លងអាចកើនដល់ខ្ទង់ ២-៣ម៉ឺននាក់ក្នុងមួយថ្ងៃ

Khmerpress July 11, 2022 11/07/2022

ថៃ៖ អាជ្ញាធរសុខាភិបាលថៃបានជូនដំណឹងដល់ប្រជាពលរដ្ឋខ្លួនថា ជំងឺកូវីដ-១៩នឹងផ្ទុះការរាតត្បាតខ្លាំងឡើងវិញនៅទូទាំងប្រទេសថៃនៅក្នុងអំឡុងខែសីហា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger កាលពីថ្ងៃអាទិត្យ ទី១០ ខែកក្កដាកន្លងទៅ។ យ៉ាងណាក្តី បើតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ-១៩ ថៃបានបញ្ជាក់ថា រលករាតត្បាតនេះអាចនឹងធ្លាក់ចុះមកវិញនៅអំឡុងខែវិច្ឆិកា ប្រសិនបើពលរដ្ឋបានចូលរួមសហការណ៍ជាមួយអាជ្ញាធរដោយការទទួលខុសត្រូវខ្ពស់ក្នុងការទប់ស្កាត់ការចម្លង តាមរយៈនាំគ្នាពាក់ម៉ាស់ កាត់បន្ថយការជួបជុំ រក្សាគម្លាត និងរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន។ បើតាមលោកវេជ្ជបណ្ឌិត Nitiphat Chierakul ដែលជាអ្នកជំនាញផ្នែកជំងឺឆ្លងប្រចាំនៅមន្ទីរពេទ្យ Siriraj បានព្យាករណ៍ថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃអាចនឹងកើនឡើងដល់ខ្ទង់ ២០,០០០-៣០,០០០នាក់ក្នុងមួយថ្ងៃឡើងវិញ ខណៈនាពេលបច្ចុប្បន្ននេះតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ជាមធ្យមគឺមានចំនួនប្រមាណជា ២,០០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។ នៅចំពោះមុខរលកនៃការរាតត្បាតកូវីដ-១៩ទ្រង់ទ្រាយធំឡើងវិញនេះ លោកវេជ្ជបណ្ឌិត Nitiphat Chierakul បានអំពាវឲ្យពលរដ្ឋថៃគ្រប់រូបដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩គ្រប់គ្រាន់ត្រូវប្រញាប់ទៅទទួលយកវ៉ាក់សាំងឲ្យបានលឿនបំផុត ពោលគឺមុនខែសីហាចូលមកដល់ និងត្រៀមការពារខ្លួនពីមេរោគក្នុងស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ប្រធានាធិបតីស្រីលង្កាប្រកាសចុះចេញពីតំណែងនៅថ្ងៃពុធ ទី១៣ សប្តាហ៍នេះ

Khmerpress July 11, 2022 11/07/2022

ស្រីលង្កា៖ ប្រធានាធិបតីនៃប្រទេសស្រីលង្កាគឺលោក Gotabaya Rajapaksa បានប្រកាសកាលពីថ្ងៃអាទិត្យ ទី១០ ខែកក្កដា ម្សិលមិញថា រូបគាត់នឹងលាលែងចេញពីតំណែងជាថ្នាក់ដឹងនាំកំពូលនេះហើយ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍។ ការសម្រេចបោះបង់ចោលតំណែងជាប្រធានាធិបតីនេះត្រូវបានធ្វើឡើងក្រោយប្រជាពលរដ្ឋស្រីលង្កាជាច្រើននាក់បាននាំគ្នាចុះថ្នល់ធ្វើបាតុកម្មទ្រង់ទ្រាយធំនិងបាននាំចូលទៅអុកឡុកដល់ក្នុងវិមានរដ្ឋាភិបាលស្រីលង្កានិងទៅដល់ផ្ទះរបស់លោក Gotabaya Rajapaksa ផ្ទាល់ទៀតផង។ ហេតុផលចម្បងនៃការចុះថ្នាក់ធ្វើបាតុកម្មនោះគឺដើម្បីសម្តែងនូវការមិនពេញចិត្តចំពោះការដឹកនាំប្រទេសរបស់ប្រធានាធិបតី Gotabaya Rajapaksa ដែលធ្វើឲ្យស្រីលង្កាបានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន និងទាមទារឲ្យលោកប្រធានាធិបតីរូបនេះត្រូវចុះចេញពីតំណែងតែម្តង ដើម្បីផ្តល់ឱកាសឲ្យអ្នកដែលមានសមត្ថភាពមកកាន់ការងារនេះវិញម្តង។ បើយោងតាមអ្នកនាំពាក្យឲ្យរដ្ឋាភិបាលស្រីលង្កាបានបញ្ជាក់ថា បើគ្មានអ្វីប្រែងប្រួលនោះទេគឺលោក Gotabaya Rajapaksa នឹងត្រូវចុះចេញពីតំណែងនៅថ្ងៃពុធ ទី១៣ ខែកក្កដានេះហើយ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ឃើញភ្លាមចូលភ្លែត! សម្តេចតេជោ ហ៊ុន សែន ឆ្លៀតសួរសុខទុក្ខជនពិការប្រកបរបរម៉ាស្សា

Khmerpress July 11, 2022 11/07/2022

(ភ្នំពេញ)៖ ក្នុងពេលអញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍នៅសណ្ឋាគារសុខា នាព្រឹកថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតចូលសួរសុខទុក្ខជនពិការមួយក្រុម ដែលប្រកបរបរម៉ាស្សានៅក្បែរសណ្ឋាគារនោះ។ ហាងម៉ាស្សាមានឈ្មោះថា «សំណាង ខេមបូឌា» គឺជាកន្លែងម៉ាស្សាផ្តល់សេវាដោយជនពិការភ្នែក។ ការអញ្ជើញចូលសួរសុខទុក្ខជនពិការនៅក្នុងហាងម៉ាស្សានេះ មិនមានបានរៀបចំទុកជាមុននោះឡើយ ពោលជាការអញ្ជើញចូលសួរសុខទុក្ខដោយមិនបានព្រៀងទុក។ ពេលធ្វើដំណើរចាកចេញពីកម្មវិធីសម្តេចតេជោ ហ៊ុន សែន ក៏បានក្រឡេកឃើញ ហើយសម្តេចក៏បានប្រាប់អ្នកបើកបរឱ្យឈប់ និងដើរចូលទៅក្នុងហាងម៉ាស្សានោះតែម្តង។ វត្តមានរបស់សម្តេចតេជោ បានធ្វើឱ្យបងប្អូនជនពិការបម្រើការងារនៅក្នុងហាងស្រឡាំងកាំងភ្ញាក់ផ្អើល ហើយក៏រំភើបផងដែរ។ ក្រៅតែពីការសាកសួរសុខទុក្ខ និងព័ត៌មានពាក់ព័ន្ធនឹងការប្រកបរបរហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកាមួយចំនួនជូនដល់បងប្អូនជនពិការបម្រើការងារនៅទីតាំងនោះផងដែរ។ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតដល់ការរស់នៅរបស់បងប្អូនជនពិការ។ ការយកចិត្តទុកដាក់នេះ ដោយសារតែសម្តេចយល់ពីទុក្ខលំបាករបស់ជនពិការ ក្នុងនាមសម្តេចជាជនពិការភ្នែកផងដែរនោះ។ បន្ថែមពីលើនោះ ការយកចិត្តទុកដាក់លើជនពិការ ជាស្មារតីនៃការទទួលខុសត្រូវក្នុងនាមជាប្រមុខដឹកនាំកម្ពុជា ដើម្បីជំរុញសមត្ថភាព និងលទ្ធភាពដល់ជនពិការ ខណៈដែលពួកគេមិនមានកាយសម្បទាគ្រប់គ្រាន់ ដើម្បីបង្កភាពងាយស្រួលក្នុងការរស់នៅ ឬប្រកបរបរចិញ្ចឹមជីវិតដូចអ្នកមានកាយសម្បទាគ្រប់គ្រាន់នោះ។ តាមរយៈកាយវិការនាព្រឹកមិញនេះ ជាការស្តែងឱ្យឃើញកាន់តែប្រចក្សថែមទៀតថា សម្តេចតេជោ ហ៊ុន […]

ក្រុងសៀងហៃប្រកាសរកឃើញ ករណីបំប្លែងខ្លួនថ្មីទៀតនៃវីរុសអូមីក្រុង

Khmerpress July 11, 2022 11/07/2022

(សៀងហៃ)៖ មន្ត្រីម្នាក់បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃអាទិត្យនេះថា ទីក្រុងសៀងហៃបានរកឃើញករណីកូវីដ១៩ អូមីក្រុងប្រភេទថ្មីមួយទៀតគឺ BA.5.2.1 ដែលជាសញ្ញាបង្ហាញពីការលំបាក ដែលប្រទេសចិនប្រឈមមុខក្នុងការបន្តគោលនយោបាយ «សូន្យ-កូវីដ» របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២។ លោក Zhao Dandan អនុប្រធានគណៈកម្មការសុខភាពទីក្រុងបាននិយាយថា ករណីនេះត្រូវបានរកឃើញនៅក្នុងសង្កាត់ហិរញ្ញវត្ថុ Pudong កាលពីថ្ងៃទី០៨ ខែកក្កដា ដោយវាមានទំនាក់ទំនងជាមួយនឹងករណីមកពីក្រៅប្រទេស។ ទីក្រុងសៀងហៃដែលស្ថិតនៅភាគខាងកើតប្រទេសចិន ទើបតែដើរចេញពីវិធានការបិទខ្ទប់ដែលមានរយៈពេល ២ខែនៅដើមខែមិថុនាកន្លងទៅ ប៉ុន្តែវាបានបន្តដាក់កម្រិតយ៉ាងតឹងរ៉ឹង ដោយបិទអគារ ឬបរិវេនណាមួយភ្លាមៗនៅពេលដែលខ្សែចម្លងសក្តានុពលថ្មីលេចឡើង។ លោក Zhao ប្រធានគណៈកម្មាការសុខភាពសៀងហៃបានព្រមានថា «ទីក្រុងរបស់យើង (សៀងហៃ)នាពេលថ្មីៗនេះ បានបន្តរាយការណ៍ករណីវិជ្ជមានក្នុងតំបន់បន្ថែមទៀត ខណៈហានិភ័យនៃការឆ្លងរីករាលដាលក្នុងសង្គមនៅតែមានកម្រិតខ្ពស់»៕ ផ្តល់សិទ្ធិដោយ៖ freshnews

Twitter កំពុងត្រៀមឯកសារប្ដឹងលោក Elon Musk ក្រោយពីដកខ្លួនពីកិច្ចព្រមព្រៀងទិញលក់តម្លៃ ៤៤ពាន់លានដុល្លារអាមេរិក

Khmerpress July 11, 2022 11/07/2022

(បរទេស)៖ ក្រុមហ៊ុន Twitter បានជួលក្រុមហ៊ុនច្បាប់អាមេរិក Wachtell, Lipton, Rosen & Katz LLP ដើម្បីរៀបចំឯកសារ ប្ដឹង កំពូល មហាសេដ្ឋីលំដាប់លេខមួយគឺលោក Elon Musk បន្ទាប់ពីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងទិញលក់ដែលមានតម្លៃរហូតដល់ ៤៤ពាន់ លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។ លោក Musk បច្ចុប្បន្នជានាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានបញ្ចប់កិច្ចព្រមព្រៀង ៤៤ពាន់លានដុល្លារអាមេរិក កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ ដោយបាននិយាយថា ក្រុមហ៊ុន Twitter បានបរាជ័យក្នុងការផ្ដល់ព័ត៌មានលម្អិតអំពីគណនីក្លែង ក្លាយ ដែល ការដកខ្លួននេះបានធ្វើឱ្យលោក Bret Taylor ប្រធានក្រុមប្រឹក្សាភិបាល Twitter បានប្ដេជ្ញាថានឹងប្រឆាំងជាមួយលោក Musk តាម ផ្លូវច្បាប់។ បើយោងតាមប្រភពមនុស្សដែលជិតស្និទ្ធនឹងបញ្ហានេះបាននិយាយថា Twitter គ្រោងនឹងដាក់ពាក្យបណ្តឹងនៅដើមសប្តាហ៍នេះ ខណ:ដែល ក្រុមហ៊ុន Twitter មិនបានឆ្លើយបំភ្លឺចំពោះករណីនេះឡើយ។ Wachtell, Lipton, […]

Elon Musk ប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀង Twitter ចំនួន ៤៤ពាន់លានដុល្លារហើយ

Khmerpress July 9, 2022 09/07/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo ចេញផ្សាយនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ នេះ បានឱ្យដឹងថា មហាសេដ្ឋី Elon Musk បានដកខ្លួនចេញពីកិច្ចព្រមព្រៀង Twitter ចំនួន ៤៤ពាន់លានដុល្លារហើយ។ អ្នកមានបំផុតលើលោករូបនេះ បាននិយាយកាលពីល្ងាចថ្ងៃសុក្រថា គាត់កំពុងបញ្ចប់កិច្ចព្រមព្រៀង ៤៤ពាន់លានដុល្លាររបស់គាត់ដើម្បីទិញ Twitter ដោយសារតែក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ បានបរាជ័យក្នុងការផ្តល់ព័ត៌មានអំពីគណនីក្លែងក្លាយនៅលើវេទិកា។ ជាមួយគ្នានេះដែរ មេធាវីរបស់ Musk បាននិយាយនៅក្នុងឯកសារមួយថា Twitter បានបរាជ័យ ឬបដិសេធមិនឆ្លើយតបទៅនឹងសំណើជាច្រើនសម្រាប់ព័ត៌មានអំពីគណនីក្លែងក្លាយ ឬ spam នៅលើវេទិកា ដែលជាមូលដ្ឋានគ្រឹះសម្រាប់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន។ គួរបញ្ជាក់ផងដែរថា មុនពេលសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀង លោក Elon Musk ដែលជានាយកប្រតិបត្តិ Tesla បានគំរាមបញ្ឈប់កិច្ចព្រមព្រៀងនេះ លុះត្រាតែក្រុមហ៊ុនបង្ហាញភស្តុតាងថា spam និងគណនី bot មានអ្នកប្រើប្រាស់តិចជាង ៥%៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ប្រធានាធិបតីស្រីលង្កា ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ក្រោយក្រុមបាតុករឡោមព័ទ្ធគេហដ្ឋាន

Khmerpress July 9, 2022 09/07/2022

(កូឡុំបូ)៖ ប្រធានាធិបតីស្រីលង្កា លោក ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) បានភៀសខ្លួនចេញពីគេហដ្ឋានរបស់លោកក្នុងរដ្ឋធានី កូឡុំបូ មុននឹងទូរទស្សន៍នៅក្នុងស្រុកជាច្រើនរាយការណ៍ពីក្រុមបាតុកររាប់ពាន់នាក់ធ្វើបាតុកម្មតវ៉ាទាមទារឱ្យលោកចុះចេញពីតំណែង។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៩ ខែកក្កដា ឆ្នាំ២០២២។ ទីភ្នាក់ងារសារព័ត៌មាន AFP ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីយោធាជាន់ខ្ពស់ស្រីលង្កាម្នាក់។ មន្ត្រីរូបនេះដដែល បានប្រាប់ AFP ដូច្នេះថា «លោកប្រធានាធិបតីត្រូវបានជម្លៀសចេញពីគេហដ្ឋានដោយសុវត្ថិភាព ហើយកងទ័ពបានបាញ់ព្រមានទៅលើអាកាសដើម្បីរារាំង ក្រុមបាតុករដែលកំពុងខឹងសម្បារ និងព្យាយាមសម្រុកចូលគេហដ្ឋានរបស់លោក»។ ប៉ុន្តែមន្ត្រីរូបនេះមិនបានបញ្ជាក់ថាតើលោក Gotabaya កំពុងស្ថិតនៅ ទីណានោះទេ។ គួរបញ្ជាក់ថា ក្រុមបាតុករ បានប្រមូលផ្ដុំធ្វើការតវ៉ាជាថ្មីនៅថ្ងៃសៅរ៍នេះក្នុងរដ្ឋធានីកូឡុំបូ ដោយបានបំបែករារាំងការពាររបស់ប៉ូលិស និងព្យាយាមសម្រុកចូល ក្នុងគេហដ្ឋានរបស់លោកប្រធានាធិបតី Gotabaya Rajapaksa នៅចំពោះមុខវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានដែលកំពុងធ្វើឱ្យប្រជាជនស្រីលង្កា ប្រឈមមុខនឹងការខ្វះខាតទាំងថាមពលអគ្គិសនី ចំណីអាហារ ថ្នាំពេទ្យ និងប្រេងឥន្ធនៈជាដើម៕ ផ្តល់សិទ្ធិដោយ៖ freshnews