ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងធ្វើតេស្តទឹកទន្លេ ទឹកបឹង កាកសំណល់រាវនៅតាមផ្ទះ ខ្យល់ និងសំរាមដើម្បីទប់ទល់នឹងការរាតត្បាតកូវីដ-១៩

Khmerpress May 28, 2022 28/05/2022

កូរ៉េខាងជើង៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី២៧ ខែឧសភានេះបានឲ្យដឹងថា អាជ្ញាធរសុខាភិបាលកូរ៉េខាងជើងបានផ្តើមធ្វើតេស្តទឹកទន្លេ ទឹកបឹង កាកសំណល់រាវនៅតាមផ្ទះ ខ្យល់ និងសំរាមនៅតាមទីសាធារណៈ ដែលវិធានការនេះត្រូវបានធ្វើឡើងជាផ្នែកមួយសម្រាប់ទប់ទល់ទៅនឹងការរាតត្បាតនៃជំងឺកូវីដ-១៩។ ការសម្រេចធ្វើតេស្តខាងលើនេះត្រូវបានធ្វើឡើងស្របពេលដែលស្ថានភាពរាតត្បាតជំងឺកូវីដ-១៩ នៅក្នុងប្រទេសកូរ៉េខាងជើងបានធូរស្រាលបន្តិច ប៉ុន្តែខាងអាជ្ញាធរសុខាភិបាលចង់បញ្ជាក់ច្បាស់ថា​ ប្រភពចម្លងដូចបានជម្រាបជូនខាងលើនេះពិតជាគ្មានផ្ទុកមេរោគនៃជំងឺកូវីដ-១៩នោះទេ។ គួរបញ្ជាក់ជូនថា តួលេខអ្នកមានអាការៈក្តៅខ្លួននៅក្នុងប្រទេសកូរ៉េខាងជើងបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ពោលគឺបានធ្លាក់ចុះពីខ្ទង់ ៤០០,០០០ កាលពីជាង ១០ថ្ងៃមុន មកសល់ត្រឹម ១០០,៦៤០នាក់ប៉ុណ្ណោះនៅល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ គិតត្រឹមពេលនេះកូរ៉េខាងជើងបានរកឃើញអ្នកមានអាការៈក្តៅខ្លួនសរុបជាង ៣,២លាននាក់ ស្លាប់សរុប ៦៩នាក់ ក្នុងចំណោមពលរដ្ឋសរុបជាង​ ២៥លាននាក់។ គួររម្លឹកជូនផងដែរថា កូរ៉េខាងជើងមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ជូនពលរដ្ឋខ្លួននោះទេ ហើយកូរ៉េខាងជើងក៏មិនបានធ្វើតេស្តរកជំងឺកូវីដ-១៩ក្នុងចំណោមអ្នកមានអាការៈគ្រុនក្តៅដែរ ដោយខាងក្រុមគ្រូពេទ្យគ្រាន់តែព្យាបាលអ្នកជំងឺតាមអាការៈជាក់ស្តែងរបស់ពួកគេតែប៉ុណ្ណោះ ខណៈក្រុមអ្នកជំងឺទាំងអស់នោះគឺមានអាការៈដូចគ្នានឹងអ្នកជំងឺកូវីដ-១៩ទូទៅអីចឹងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

WHO និយាយថា ជំងឺអុតស្វាអាចទប់ស្កាត់បាន ប្រសិនបើយើងធ្វើសកម្មភាពឥឡូវនេះ

Khmerpress May 28, 2022 28/05/2022

(ហ្សឺណែវ)៖ មន្ត្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃសុក្រ (២៧ ឧសភា) ថា ប្រទេសនានាគួរតែចាត់វិធានការរហ័ស ដើម្បីទប់ស្កាត់ការរីករាលដាលនៃអុតស្វា និងចែករំលែកទិន្នន័យអំពីស្តុកវ៉ាក់សាំងរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២។ លោក Sylvie Briand នាយកអង្គការសុខភាពពិភពលោក សម្រាប់ការត្រៀមលក្ខណៈបង្ការជំងឺឆ្លងសកលបានប្រាប់អង្គសន្និបាតប្រចាំឆ្នាំរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិថា «យើងគិតថា ប្រសិនបើយើងដាក់វិធានការត្រឹមត្រូវឥឡូវនេះ យើងប្រហែលជាអាចទប់ស្កាត់វា(អុតស្វា) បានយ៉ាងងាយស្រួល»។ ជំងឺអុតស្វាគឺជាជំងឺឆ្លងមេរោគកម្រិតស្រាល ដែលកើតមានជាទូទៅនៅក្នុងផ្នែកខ្លះនៃអាហ្វ្រិកខាងលិច និងកណ្តាល។ ជំងឺនេះឆ្លងរាលដាលជាចម្បងតាមរយៈការទំនាក់ទំនងជិតស្និទ្ធ និងរហូតដល់ការផ្ទុះឡើងនាពេលថ្មីៗនេះ កម្រត្រូវបានគេឃើញនៅក្នុងតំបន់ផ្សេងទៀតនៃពិភពលោកណាស់ ដែលជាមូលហេតុដែលការលេចឡើងនៃករណីថ្មីៗនៅអឺរ៉ុប សហរដ្ឋអាមេរិក និងតំបន់ផ្សេងទៀតនាពេលបច្ចុប្បន្នបានធ្វើឲ្យមានការព្រមាន។ រហូតមកដល់ពេលនេះមានប្រហែល ៣០០ករណីដែលត្រូវបានបញ្ជាក់ ឬសង្ស័យថា មាននៅក្នុងប្រហែល ២០ប្រទេស ដែលមេរោគនេះមិនធ្លាប់ឆ្លងរាលដាលពីមុនមក៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថៃកំពុងស្វែងរកទិញវ៉ាក់សាំងជំងឺអុតស្វា Monkeypox មកមប្រុងទុក បើទោះជាមិនទាន់រកឃើញករណីឆ្លងដំបូងក៏ដោយ

Khmerpress May 27, 2022 27/05/2022

ថៃ៖ រដ្ឋាភិបាលថៃកំពុងព្យាយាមស្វែងរកទិញវ៉ាក់សាំងជំងឺអុតស្វា Monkeypox ​ពីអង្គការសុខភាពពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែឧសភានេះ។ បើតាមលោក Anutin Charnvirakul ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា គិតត្រឹមពេលនេះថៃនៅមិនទាន់រកឃើញករណីរាតត្បាតជំងឺអុតស្វា Monkeypox នៅឡើយទេ តែការព្យាយាមទិញវ៉ាក់សាំងនេះគឺដើម្បីជាការបម្រុងទុកមុនសម្រាប់ទុកប្រើប្រាស់ឲ្យបានទាន់ពេលវេលាក្នុងករណីដែលជំងឺឆ្លងថ្មីនេះបានរាតត្បាតចូលក្នុងសហគមន៍ថៃ។ គួររម្លឹកជូនថា ថៃបានយកចិត្តទុ​កដាក់ចំពោះបច្ចុប្បន្នភាពនៃជំងឺអុតស្វា Monkeypox យ៉ាងខ្លាំង ​ដោយកាលពីពេលថ្មីៗនេះអាជ្ញាធរថៃបានសម្រេចបង្កើតការិយាល័យសុខភាពនៅតាមប្រលានយន្តហោះទៀតផងដើម្បីត្រួតពិនិត្យសុខភាពអ្នកដំណើរអន្តរជាតិ ពិសេសអ្នកដំណើរមកពីបណ្តាប្រទេសដែលកំពុងមានការរាតត្បាតជំងឺប្រភេទនេះ។ សូមបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលនេះជំងឺអុតស្វា Monkeypox កំពុងបង្កការរាតត្បាតគួរឲ្យកត់សម្គាល់នៅក្នុងប្រទេសអង់គ្លេស ដោយអង់គ្លេសបានរកឃើញអ្នកឆ្លងថ្មីជាច្រើនថ្ងៃជាប់ៗគ្នាមកហើយ ខណៈនៅក្នុងថ្ងៃនេះអង់គ្លេសក៏បានរកឃើញករណីឆ្លងជំងឺអុតស្វា Monkeypox ចំនួន ៩នាក់បន្ថែមទៀតផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍ ផ្តល់សិទ្ធិដោយ៖ Khmernote

គ្រោះរញ្ជួយដីកម្រិត ៧.២រុិចទ័រ វាយប្រហារភាគខាងត្បូងប្រទេសប៉េរូ

Khmerpress May 27, 2022 27/05/2022

(ប៉េរូ)៖ ទីភ្នាក់ងារតាមដានភូមិសាស្ត្រ និងគ្រោះរញ្ជួយដីអាមេរិក (USGS) បានប្រកាសថា មានគ្រោះរញ្ជួយដីកម្រិត ៧.២រ៉ិចទ័របានវាយប្រហារតំបន់ Tirapata ភាគខាងត្បូងប្រទេសប៉េរូនៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០២២។ USGS បានគូសបញ្ជាក់ថា ការរញ្ជួយដីនេះមានជម្រៅ ២១២ គីឡូម៉ែត្រ។ ប្រព័ន្ធព្រមានរលកយក្សស៊ូណាមិរបស់សហរដ្ឋអាមេរិក បាននិយាយថា មិនមានការព្រមានអំពីរលកយក្សស៊ូណាមិនោះទេ ហើយក៏មិនមានរបាយការណ៍ដំបូងអំពីការខូចខាត ឬអ្នករងរបួសដែរ៕ ផ្តល់សិទ្ធិដោយ៖ Freshnews

រដ្ឋាភិបាលឡាវជំរុញកុំឱ្យប្រជាជនធ្វើដំណើរបើមិនចាំបាច់ ដើម្បីសន្សំសំចៃប្រេងឥន្ធនៈ

Khmerpress May 27, 2022 27/05/2022

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ និងសមាគមប្រេងឥន្ធនៈ និងឧស្ម័នឡាវ កំពុងជំរុញប្រជាជនឱ្យសន្សំសំចៃក្នុងការប្រើប្រាស់ប្រេងឥន្ធនៈ និងកុំធ្វើដំណើរបើមិនចាំបាច់។ ការអំពាវនាវនេះ គឺដើម្បីធានាថា ប្រេងសាំងបម្រុងមានគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ក្នុងការធ្វើកសិកម្ម និងសកម្មភាពសំខាន់ៗផ្សេងទៀត។ កសិករមួយចំនួនបានត្អូញត្អែរថា ពួកគេមិនអាចបង្កបង្កើនផលបានដោយសារកង្វះខាតប្រេងឥន្ធនៈ និងបានអំពាវនាវឱ្យភាគីពាក់ព័ន្ធនានាចាត់វិធានការដោះស្រាយវិបត្តិនេះឱ្យបានឆាប់រហ័ស។ ខេត្តខាំមួនជាខេត្តមួយក្នុងចំណោមខេត្តជាច្រើនដែលទទួលរងការខ្វះខាតប្រេងឥន្ធនៈ ហើយម៉ាស៊ីនបូមប្រេងនៅតាមស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួនចាប់ផ្តើមស្ងួត ដែលមានន័យថា អ្នកបើកបរយានយន្តជាច្រើនមិនអាចប្រើប្រាស់យានជំនិះរបស់ពួកគេបាន។ សារព័ត៌មាន Laotian Times បានរាយការណ៍ថា រដ្ឋសភាឡាវបានអនុម័តសេចក្តីសម្រេចមួយដើម្បីកាត់បន្ថយពន្ធអាករទៅលើប្រេងឥន្ធនៈ ដើម្បីព្យាយាមបញ្ចៀសវិបត្តិប្រេងឥន្ធនៈនៅក្នុងប្រទេស។ ពន្ធអាករលើប្រេងម៉ាស៊ូតនឹងត្រូវបានកាត់បន្ថយពី ២១ភាគរយមកនៅត្រឹម ១១ភាគរយ ខណៈដែលពន្ធអាករលើប្រេងឥន្ធនៈនឹងធ្លាក់ចុះពី ៣១ភាគរយមកនៅត្រឹម ១៦ភាគរយ។ ការកាត់បន្ថយពន្ធលើប្រេងឥន្ធនៈ គឺជាវិធានការបណ្ដោះអាសន្នដែលមានរយៈពេលបីខែ ហើយអាចនឹងត្រូវលុបចោលវិញប្រសិនបើស្ថានការណ៍ពិភពលោកមានការផ្លាស់ប្តូរ៕(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល

ទីក្រុងសៀងហៃ កំពុងឆ្ពោះចេញពីការបិទខ្ទប់កូវីដ១៩ ប៉ុន្តែសេដ្ឋកិច្ចចិន នៅតែជួបបញ្ហាប្រឈម

Khmerpress May 26, 2022 26/05/2022

(ប៉េកាំង)៖ ទីក្រុងសៀងហៃ ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់របស់ចិន នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសពីផែនការបន្ថែមទៀត ស្តីពីការបញ្ចប់វិធានការបិទខ្ទប់ ដើម្បីវិលទៅរកប្រក្រតីភាពឡើងវិញ ក្រោយពីបានរងគ្រោះ ដោយការរាលដាលនៃជំងឺកូវីដ១៩ ប៉ុន្តែការស្ទុះងើបនៃសេដ្ឋកិច្ចទូទាំងប្រទេសចិន នឹងត្រូវចំណាយពេលច្រើនទៀត ហើយតម្រូវឲ្យមានការគាំទ្របន្ថែម។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០២២។ មន្រ្តីក្នុងទីក្រុងសៀងហៃ បាននិយាយថា សិស្សានុសិស្សនៅកម្រិតអនុវិទ្យាល័យ និង វិទ្យាល័យ អាចចូលរៀនក្នុងសាលាឡើងវិញ ចាប់ពីថ្ងៃទី៦ ខែមិថុនា ខណៈដែលផ្សារទំនើប និងហាងទំនិញនានា នឹងត្រូវបានអនុញ្ញាតឲ្យបើកឡើងវិញជាក្រុមៗ ចាប់ពីថ្ងៃទី១ ខែមិថុនា។ ទីក្រុងដែលមានសេដ្ឋកិច្ចធំបំផុតរបស់ប្រទេសចិនមួយនេះ បានទទួលផលប៉ះពាល់ចំពោះសេដ្ឋកិច្ចរបស់ខ្លួន ដោយសារតែការបិទខ្ទប់ តាំងពីដើមខែមេសាកន្លងទៅ។ រីឯទីក្រុងផ្សេងទៀត រួមទាំងរដ្ឋធានីប៉េកាំង ទោះមិនបានស្ថិតក្រោម វិធានការបិទខ្ទប់ក៏ដោយ ក៏បានរងសម្ពាធសេដ្ឋកិច្ចផងដែរ ដោយសារតែវិធានការរឹតត្បិត COVID-19។ នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាំង (Li Keqiang) បាននិយាយថ្ងៃពុធសប្តាហ៍នេះថា ផលវិបាកសេដ្ឋកិច្ច នៅក្នុងទិដ្ឋភាពមួយចំនួន គឺធំជាងកាលពីឆ្នាំ២០២០ទៅទៀត នៅពេលដែលប្រទេសចិន បានរងគ្រោះ […]

ចក្រភពអង់គ្លេសបានរកឃើញករណីជំងឺអុតស្វា Monkeypox ចំនួន ៧ ករណីបន្ថែមទៀត

Khmerpress May 26, 2022 26/05/2022

យោងតាមទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បានឱ្យដឹងថា ចំនួនករណីជំងឺអុតស្វា Monkeypox បានកើនឡើងដល់ ៧៨ ករណី នៅក្នុងចក្រភពអង់គ្លេស។ តួលេខចុងក្រោយនេះកើតឡើង បន្ទាប់ពីអ្នកជំងឺថ្មីចំនួន ៧នាក់ ត្រូវបានរកឃើញនៅក្នុងប្រទេសអង់គ្លេស។ ប៉ុន្តែគិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ មិនមានករណីណាមួយ ត្រូវបានគេកំណត់អត្តសញ្ញាណនៅក្នុងប្រទេសវែល ឬអៀរឡង់ខាងជើង ដែលជាប្រទេសនៅក្នុងចក្រភពអង់គ្លេសដូចគ្នានោះឡើយ។ ក្រុមការពារសុខភាព UKHSA កំពុងទាក់ទងទៅមនុស្សដែលត្រូវបានចាត់ទុកថា មានមានហានិភ័យខ្ពស់ ឬមានទំនាក់ទំនងជាមួយអ្នកជំងឺ ហើយកំពុងណែនាំពួកគេអំពីការថែទាំសុខភាព និងឱ្យពួកគេនៅដាច់ដោយឡែកនៅផ្ទះរហូតដល់ ២១ ថ្ងៃ។ លើសពីនេះ UKHSA បានទិញការវ៉ាក់សាំងជំងឺអុតធំ (smallpox) គឺវ៉ាក់សាំង Imvanex ផ្គត់ផ្គង់ដោយក្រុមហ៊ុន Bavarian Nordic សម្រាប់បង្ការដល់ពលរដ្ឋ ដោយថាជំងឺអ៊ុតស្វា Monkeypox ក៏មិនខុសគ្នាពីជំងឺអុតធំនោះដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោក ហ្សេលេនស្គី ចេញបញ្ជាឱ្យបិទបញ្ចប់គោលនយោបាយលើកលែងទិដ្ឋាការ សម្រាប់ពលរដ្ឋរុស្ស៉ី

Khmerpress May 26, 2022 26/05/2022

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃពុធសប្ដាហ៍នេះបានសម្រេចចេញបញ្ជាឱ្យបិទបញ្ចប់គោលនយោបាយលើកលែងទិដ្ឋាការ សម្រាប់ពលរដ្ឋរុស្ស៉ី ដោយលើកឡើងពីតម្រូវការធ្វើឱ្យប្រសើរឡើងនូវសន្តិសុខតាមព្រំដែន នៅក្នុងបរិបទនៃសង្រ្គាម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០២២។ ពលរដ្ឋរុស្ស៉ី កន្លងមក ត្រូវបានអនុញ្ញាតឱ្យចូលមកកាន់ប្រទេសអ៊ុយក្រែន ដោយមិនតម្រូវឱ្យមានទិដ្ឋាការឡើយ។ តែនៅក្នុងបញ្ជាដែលបានបង្ហោះនៅលើគេហទំព័រ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បាននិយាយថា លោកបានគាំទ្រយ៉ាងពេញទំហឹងចំពោះញត្តិរបស់ពលរដ្ឋអ៊ុយក្រែនម្នាក់ ដែលបានផ្ញើមកដើម្បីស្នើសុំឱ្យ បិទបញ្ចប់គោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋរុស្ស៉ី។ លោកបានបន្ថែមដូច្នេះថា «ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី បញ្ហាដែលបានលើកឡើង គឺមានសារៈសំខាន់។ ខ្ញុំគាំទ្រយ៉ាងពេញទំហឹង ចំពោះតម្រូវការក្នុងការពង្រឹងការគ្រប់គ្រងការចូលមកកាន់ប្រទេសអ៊ុយក្រែនរបស់ពលរដ្ឋរុស្ស៉ី»។ បើតាមលោក ហ្សេលេនស្គី លោកផ្ទាល់បានផ្ញើលិខិតមួយទៅកាន់នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក ដេនីស ស្ម៊ីហាល់ (Denys Shmyhal) ដើម្បីសុំឱ្យគាត់ធ្វើការលើ បញ្ហានេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។ គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីដើមខែមុន បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលណែនាំអំពីការរឹតបន្តឹងទិដ្ឋាការសម្រាប់ពលរដ្ឋ នៃបណ្ដាប្រទេសនានា ដែលទីក្រុងមូស្គូចាត់ទុកថាជា […]

បងប្អូនខ្មែរធ្វើការនៅថៃ សូមប្រយ័ត្ន ព្រោះនឹងមានភ្លៀងធ្លាក់ខ្លាំង និងបាតុភូតផ្គររន្ទះ អាចកើតមាននៅតំបន់ភាគច្រើនទូទាំងប្រទេសថៃ ចាប់ពីស្អែកទៅ

Khmerpress May 26, 2022 26/05/2022

នាយកដ្ឋានឧតុនិយមថៃ បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ភ្លៀងធ្លាក់ច្រើននិងខ្លាំង អាចនឹងមានឡើងនៅភាគឦសាន តំបន់កណ្តាល បូព៌ា និងភាគខាងត្បូង ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែឧសភា។ ក្នុងអំឡុងពេលនេះ ខ្យល់មូសុងមកពីភាគនិរតី នៅសមុទ្រ Andaman និងឈូងសមុទ្រថៃ នឹងកាន់តែមានកម្លាំងខ្លាំងជាងមុន។ សមុទ្រ Andaman អាចនឹងមានរលកកម្ពស់ពី ២ ទៅ ៣ ម៉ែត្រ ដោយមានកម្ពស់ ២ ម៉ែត្រ នៅឈូងសមុទ្រខាងលើ និង ៣ ម៉ែត្រ នៅពេលដែលវាមានផ្គររន្ទះ។ បន្ថែមពីលើនេះ មានខ្យល់មូសុងមួយបានឆ្លងកាត់ទៅភាគខាងជើង ដែលធ្វើឱ្យមានសម្ពាធទាប នៅពេលដែលវាផ្លាស់ទីពីលើឈូងសមុទ្រតុងកឹង។ នាយកដ្ឋានបានណែនាំឱ្យប្រជាពលរដ្ឋ​ត្រូវ​រក្សា​ការប្រុង​ប្រយ័ត្ន ​ចំពោះ​ភ្លៀង​ធ្លាក់​ខ្លាំង និង​ជំនន់​ទឹកភ្លៀង ​ដែល​អាច​បង្ក​ឱ្យ​មានគ្រោះ​ជំនន់​ និង​ទឹក​ជន់​។ ក្រសួង​បាន​ណែនាំ​ឱ្យមធ្យោបាយផ្លូវទឹក​ទាំងអស់ (នាវា) ​នៅ​ឈូងសមុទ្រ​ខាង​លើ និង​សមុទ្រ​ Andaman បន្ត​រក្សាការ​ប្រុង​ប្រយ័ត្ន និង​នៅ​ឱ្យ​ឆ្ងាយ​ពី​តំបន់​ដែល​មាន​បាតុភូត​ផ្គរ​រន្ទះ ខណៈ​ទូក​តូចៗ​មិនគួរចេញដំណើរឡើយ។ ខាងក្រោមនេះគឺជាការព្យាករណ៍របស់នាយកដ្ឋានឧតុនិយមថៃពីថ្ងៃទី២៧-៣១ ខែឧសភា៖ -ភាគខាងជើង៖ ភ្លៀងផ្គររន្ទះ ពី ៤០ ទៅ ៦០% […]

UN នឹងបោះឆ្នោត ជុំវិញដំណោះស្រាយដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ

Khmerpress May 26, 2022 26/05/2022

(UN)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងធ្វើការបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លើសេចក្ដីព្រាងដំណោះស្រាយមួយរបស់សហរដ្ឋអាមេរិក ដែលស្នើឱ្យមានការពង្រឹងការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ជុំវិញការបាញ់សាកល្បងមីស៊ីលផ្លោងឡើងវិញ ខណៈចិនដែលមានអំណាចវេតូនោះ បានលើកឡើងថាទណ្ឌកម្មមិនអាចដោះស្រាយបញ្ហាបានឡើយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០២២។ ការបោះឆ្នោតនេះ នឹងធ្វើឡើង១ថ្ងៃ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលចំនួន៣គ្រាប់ ដែលក្នុងចំណោមនោះអាចមានមីស៊ីលផ្លោងអន្តរទ្វីប ICBM ដ៏ធំ បំផុតរបស់ខ្លួនផងដែរ ក្រោយលោក ចូ បៃដិន បានបញ្ចប់ដំណើរទស្សនកិច្ចនៅតំបន់អាស៊ី។ នេះគឺជាការធ្វើតេស្ដមីស៊ីលផ្លោងថ្មីមួយទៀតក្នុងឆ្នាំនេះ ដែលត្រូវបានហាមឃាត់ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ បើតាមមន្រ្តីអាមេរិក «សេចក្តីព្រាងដំណោះស្រាយ នឹងបន្ថែមការរឹតត្បិតចំពោះសមត្ថភាពរបស់កូរ៉េខាងជើងលើការជំរុញកម្មវិធីផលិតអាវុធប្រល័យលោក (WMD) និងមីស៊ីលផ្លោងខុសច្បាប់ ហើយនឹងបន្ថែមភាពងាយស្រួលក្នុងការអនុវត្តទណ្ឌកម្មលើទីក្រុងព្យុងយ៉ាង និងជួយដល់ការបើកផ្លូវដើម្បីនាំយក ជំនួយមនុស្សធម៌ទៅឲ្យអ្នកដែលត្រូវការជំនួយ»។ អ្នកនាំពាក្យរបស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ បានប្រាប់ Reuters ថា «យើងគិតថាដំណោះស្រាយដូចដែលសហរដ្ឋអាមេរិកបានស្នើឡើងនោះ មិនអាចដោះស្រាយបញ្ហាណាមួយបានទេ ដូច្នេះចិនស្នើឱ្យក្រុមប្រឹក្សាអនុម័តសេចក្តីថ្លែងការណ៍ថ្កោលទោស ជំនួសឱ្យការដាក់ទណ្ឌកម្ម»។ គួរបញ្ជាក់ថា កូរ៉េខាងជើង បានទទួលរងនូវទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ២០០៦ ហើយទណ្ឌកម្មនេះត្រូវបានបង្កើនជាលំដាប់ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ក្នុងគោលបំណងកាត់ផ្តាច់មូលនិធិសម្រាប់កម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ទីក្រុងព្យុងយ៉ាង។ តែចិន និងរុស្ស៉ី បានត្រូវសហរដ្ឋអាមេរិក […]