ព័ត៌មានអន្តរជាតិ

ថៃគ្រោងដាក់បញ្ចូល”បាយដំណើបស្វាយទុំ”ជាសម្បត្តិបេតិកភណ្ឌវប្បធម៌ក្រោយអាហារប្រពៃណីមួយនេះកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅលើឆាកអន្តរជាតិ

Khmerpress April 19, 2022 19/04/2022

ថៃ៖ គណៈកម្មាធិការគតិបណ្ឌិតនិងបេតិកភណ្ឌវប្បធម៌ក្នុងតំបន់នៃក្រសួងវប្បធម៌ថៃអាចនឹងស្នើសុំអង្គការយូណេស្កូ (Unesco) ឲ្យដាក់បញ្ចូលអាហារថៃមួយប្រភេទគឺបាយដំណើបស្វាយទុំជាបេតិកភណ្ឌវប្បធម៌ថៃ នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែមេសានេះ។ លោកនាយករដ្ឋមន្ត្រីថៃបានបង្ហាញសុទិដ្ឋិនិយមថា បាយដំណើបស្វាយទុំ (Mango Sticky Rice ឬសំនៀងជាភាសាថៃហៅថា Khao Nieo Mamuang) អាចនឹងក្លាយជាកម្លាំងទន់ (Soft Power) ដ៏មានប្រសិទ្ធភាពមួយសម្រាប់លើកកម្ពស់វប្បធម៌និងសេដ្ឋកិច្ចថៃនៅលើឆាកអន្តរជាតិ។ គួររម្លឹកជូនថា បាយដំណើបស្វាយទុំកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅជុំវិញពិភពលោកក្រោយពីមានតារាចម្រៀងថៃម្នាក់គឺកញ្ញា Danupha “Milli” Khanatheerakul បានយកជាអាហារប្រពៃណីថៃមួយប្រភេទនេះទៅបង្ហាញនៅលើឆាកប្រគុំតន្ត្រីលំដាប់អន្តរជាតិដ៏ធំនៅអាមេរិកគឺកម្មវិធី Coachella Valley Music and Arts Festival កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ វីដេអូញ៉ាំបាយដំណើបជាមួយស្វាយទុំរបស់តារាចម្រៀងរ៉េបវ័យ ១៩ឆ្នាំរូបនេះ ត្រូវបានក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមជុំវិញពិភពលោកចូលមើលរាប់លានដងក្នុងរយៈពេលដ៏ខ្លីជាមួយនឹងការបង្ហាញចំណាប់អារម្មណ៍ថា ពួកគេចង់ភ្លក់រសជាតិអាហារថៃនេះខ្លាំងណាស់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សហរដ្ឋអាមេរិកប្រកាសឈប់ធ្វើតេស្ត «មីស៉ីលបាញ់កម្ទេចផ្កាយរណប» និងអំពាវនាវឱ្យប្រទេសដទៃ ចូលរួមធ្វើដូចគ្នា

Khmerpress April 19, 2022 19/04/2022

(វ៉ាស៉ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស (Kamala Harris) នៅថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសថា សហរដ្ឋអាមេរិកនឹងហាមឃាត់ ការធ្វើតេស្តមីស៉ីលបាញ់កម្ទេចផ្កាយរណប ហៅកាត់ថា ASAT ដោយសារតែវាបង្កហានិភ័យខ្ពស់ តាមរយៈការបង្កើតកម្ទេចកម្ទីនៅជុំវិញផែនដី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Space News នៅថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២។ កំលុងទស្សនកិច្ចនៅមូលដ្ឋានកងកម្លាំងអវកាស វែនដិនបឺហ្គ (Vandenberg) ក្នុងរដ្ឋកាលីហ្វ័រញ៉ា លោកស្រី Harris បានសង្កត់ធ្ងន់ថា «ការធ្វើតេស្តប្រភេទនេះ គឺគ្រោះថ្នាក់ខ្លាំង ហើយយើងនឹងមិនធ្វើតេស្តពួកវាទៀតទេ»។ បើតាមលោកស្រីអនុប្រធានាធិបតីអាមេរិក ការសម្រេចដាក់បម្រាមដោយខ្លួនឯងយ៉ាងដូច្នេះ គឺជាកិច្ចប្រឹងប្រែងមួយដើម្បីផ្តួចផ្តើម ការបង្កើតបទដ្ឋានអន្តរជាតិថ្មីមួយ ដើម្បីឱ្យមានការធ្វើសកម្មភាព ដោយការទទួលខុសត្រូវ នៅក្នុងលំហអវកាស។ លោកស្រី Harris ក៏បានអំពាវនាវឱ្យបណ្តាប្រទេសដទៃទៀត ចូលរួមបញ្ឈប់ការធ្វើតេស្ត បាញ់កម្ទេចផ្កាយរណបដូចគ្នា។ គួរបញ្ជាក់ថា កន្លងមកនេះ រុស្ស៉ី ចិន ឥណ្ឌា និងសហរដ្ឋអាមេរិកផ្ទាល់ សុទ្ធតែបានធ្វើតេស្ត ASAT ខណៈការធ្វើតេស្តចុងក្រោយបង្អស់ គឺធ្វើឡើងដោយរុស្ស៉ីកាលពីខែវិច្ឆិកា […]

ឃើញគេផុសលក់ទូរស័ព្ទ IPhone មួយទឹកតម្លៃ ១២ដុល្លារ នារីម្នាក់ដាក់កម្ម៉ង់ភ្លាម តែពេលអីវ៉ាន់មកដល់គាំងនិយាយមិនចេញ

Khmerpress April 19, 2022 19/04/2022

ថៃ៖ តាមប្រភពព័ត៌មានបានអោយដឹងថា កាលពីថ្ងៃទី១៧ ខែមេសា វេលាម៉ោង ១៧:០០នាទី អ្នកកាសែតបានធ្វើដំណើរទៅកាន់បន្ទប់ជួល ម្តុំបាងបួថង ខេត្តនន់ថាក់បុរី បានជួបនារីរងគ្រោះឈ្មោះ ព្រីសាណា ខុមសាប់ អាយុ ៣៤ឆ្នាំ ដែលបានទិញទូរស័ព្ទម៉ាក IPhone មួយទឹកពីផេកមួយនៅក្នុងហ្វេសបុក ក្នុងតម្លៃ ១២ដុល្លារ ដោយបញ្ជាក់ប្រាប់ថា អាចធ្វើការទូទាត់ក្រោយពេលទំនិញដល់ដៃអតិថិជន។ នាង ព្រីសាណា បានកម្ម៉ង់ទិញកាលពីថ្ងៃទី១៤ ខែមេសា ប៉ុន្តែក្រោយពេលដែលទំនិញមកដល់បែរជាទទួលបានត្រីខកំប៉ុងចំនួន១កំប៉ុង ព្រមទាំងខ្សែសាកទូរស័ព្ទតម្លៃ ២៥០០រៀលចំនួន ២ខ្សែទៅវិញ។ នាង ព្រីសាណា បានបន្តទៀតថា៖ រូបនាងបានកម្ម៉ង់ទិញទូរស័ព្ទខាងលើ ដោយសារតែឃើញគេអះអាងថាអាចជឿទុកចិត្តបាន ព្រមទាំងបានទទួលទូរស័ព្ទដៃពិតៗប្រសិនបើមិនពិតធានាសងលុយវិញ៕  ប៉ុន្តែជាក់ស្តែងនាងបែរជាទទួលបានអីវ៉ាន់ដូចបានរៀបរាប់ខាងលើទៅវិញ ទើបនាងបានធ្វើការទាក់ទងទៅកាន់ក្រុមហ៊ុនដឹកជញ្ជូនអោយផ្អាកការទូទាត់លុយទៅកាន់ម្ចាស់ទំនិញសិន ប៉ុន្តែខាងក្រុមហ៊ុនដឹកជញ្ជូនបែរជាឆ្លើយតបថា បានទូទាត់បិទបញ្ជីបាត់ទៅហើយ ទើបខាងក្រុមហ៊ុនមិនអាចធ្វើការទូទាត់លុយសងអតិថិជនវិញទេ។ ជាមួយគ្នានេះដែរនាង ព្រីសាណា ក៏បានដាក់ពាក្យបណ្តឹងទៅកាន់ក្រុមហ៊ុនដឹកជញ្ជូន ដោយនាងជឿថា ក្រុមហ៊ុនដឹកជញ្ជូនចូលរួមផ្សំគំនិតក្នុងការបោកប្រាស់នេះដែរ ចំណែកផេកនៅក្នុងហ្វេសបុ៊កដែលនាងបានបញ្ជាទិញនោះបានប្លុកនាងបាត់ទៅហើយទើបនាងមិនអាចទាក់ទងត្រឡប់ទៅផេកនោះបាន ចុងក្រោយនាងព្រីសាណាបានសុំដាស់តឿនដល់ បងប្អូនដែលនិយមកម្ម៉ង់អនឡាញសូមមានការប្រុងប្រយ័ត្នអោយបានខ្ពស់ រួមនាងមើលករណីរបស់នាងជាគំរូផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោក ចូ បៃដិន កោះប្រជុំបន្ទាន់ជាមួយសម្ព័ន្ធមិត្ត ខណៈសង្រ្គាមអ៊ុយក្រែន ចូលដល់ដំណាក់កាលទី២

Khmerpress April 19, 2022 19/04/2022

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ នៅថ្ងៃអង្គារសប្ដាហ៍នេះជាមួយសម្ព័ន្ធមិត្ត ដើម្បីពិភាក្សាពីសង្រ្គាមនៅអ៊ុយក្រែន ក្នុងនោះរួមមានទាំងថាតើត្រូវធ្វើកិច្ចសហប្រតិបត្តិការដូចម្ដេចក្នុងការនាំខ្លួនរុស្ស៉ីឱ្យទទួលខុសត្រូវលើ សង្រ្គាមសព្វថ្ងៃ។ នេះបើតាមសេតវិមាន ដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន សេតវិមានបានបញ្ជាក់ដូច្នេះថា «លោកប្រធានាធិបតី បៃដិន នឹងកោះប្រជុំតាមប្រព័ន្ធវីដេអូជាមួយសម្ព័ន្ធមិត្ត រួមទាំងដៃគូនានា ដើម្បីពិភាក្សាពីការបន្តការគាំទ្ររបស់យើងចំពោះអ៊ុយក្រែន និងកិច្ចខិតខំប្រឹងប្រែងនាំខ្លួនរុស្ស៉ីឱ្យទទួលខុសត្រូវ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់ពួកយើង»។ គួរបញ្ជាក់ថា ការប្រកាសខាងលើរបស់សេតវិមាន កើតមានឡើងចំពេលដែលអ៊ុយក្រែនបានអះអាងថារុស្ស៉ីបានចាប់ផ្ដើមវាយយកតំបន់ដុនបាស់ (Donbas) នៃភាគខាងកើតប្រទេសអ៊ុយក្រែនហើយកាលពីថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយកងទ័ពរុស្ស៉ីមួយភាគធំកំពុងផ្តោតលើ ការវាយលុកនេះដែលជាដំណាក់កាលទី២នៃសង្រ្គាមអ៊ុយក្រែន៕ ផ្តល់សិទ្ធិដោយ៖ freshnews

លោក វ្ល៉ាឌីមៀ ពូទីន លើកឡើងថា ទណ្ឌកម្មដែលមេដឹកនាំលោកខាងលិចដាក់លើរុស្ស៊ីបរាជ័យហើយ

Khmerpress April 19, 2022 19/04/2022

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានមើលឃើញថា មេដឹកនាំលោកខាងលិចបានណែនាំការដាក់ទណ្ឌកម្មថ្មីទៀត បន្ទាប់ពីការដាក់ទណ្ឌកម្មនាពេលកន្លងមកជាការឆ្លើយតបទៅនឹងការឈ្លានពានអ៊ុយក្រែន។ យ៉ាងណាមិញលោក ពូទីន កាលពីថ្ងៃច័ន្ទ បាននិយាយថា ទណ្ឌកម្មសេដ្ឋកិច្ចមិនដំណើរការឡើយ។ ប្រធានាធិបតីរូបនេះបានលើកឡើងថា យុទ្ធសាស្រ្តនៃ “economic blitzkrieg” បានបរាជ័យ ដោយទណ្ឌកម្ម​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់អ្នកដែលណែនាំឱ្យមានការដាក់បន្ថែម ដោយ​បង្ក​ឲ្យ​មាន​អតិផរណា និង​គ្មាន​ការងារ​ធ្វើ។ លោកបានបន្តថា តម្លៃនៅក្នុងប្រទេសកំពុងមានស្ថិរភាព ប៉ុន្តែទោះយ៉ាងណាក៏ដោយ ប្រជាជនរុស្ស៊ីកំពុងមានអារម្មណ៍ពីឥទ្ធិពលនៃអតិផរណា ខណៈគាត់បានសន្យាថា រដ្ឋាភិបាលរបស់គាត់នឹងគាំទ្រពួកគេ។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីត្រូវបានដាក់ទណ្ឌកម្មនាពេលកន្លងមក ប្រធានាធិបតីរុស្ស៊ី បានទាមទារឱ្យអ្នកទិញបរទេសប្រើប្រាស់ “ប្រាក់រូប” ដើម្បីទូទាត់ថ្លៃថាមពលរបស់រុស្ស៊ី ឬប្រថុយនឹងការកាត់ការផ្គត់ផ្គង់របស់ពួកគេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អ៊ុយក្រែនថា រុស្ស៉ីចាប់ផ្ដើមដំណាក់កាលទី២នៃសង្រ្គាម ដោយវាយលុកលើតំបន់ភាគខាងកើត

Khmerpress April 19, 2022 19/04/2022

(កៀវ)៖ អ៊ុយក្រែនបាននិយាយថារុស្ស៉ីបានចាប់ផ្ដើមវាយលុកលើតំបន់ភាគខាងកើតនៃប្រទេសហើយ ដោយស្នូរផ្ទុះជាច្រើនលាន់ឮនៅតាម បណ្ដោយសមរភូមិទាំងអស់ រួមទាំងតំបន់ជាច្រើនទៀតផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២។ នៅក្នុងសុន្ទរកថាជាវីដេអូមួយ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងថារុស្ស៉ីបានចាប់ផ្ដើមវាយយកតំបន់ដុនបាស់ (Donbas) នៃភាគខាងកើតប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ហើយកងទ័ពរុស្ស៉ីមួយភាគធំកំពុងផ្តោត លើការវាយលុកនេះដែលជាដំណាក់កាលទី២នៃសង្រ្គាមអ៊ុយក្រែន។ តែទោះជាយ៉ាងណាក៏ដោយ លោក ហ្សេលេនស្គី នៅតែអំពាវនាវឱ្យប្រជាជនអ៊ុយក្រែនជឿទុកចិត្តលើសមត្ថភាពកងទ័ពអ៊ុយក្រែន ដោយសង្កត់ ធ្ងន់ដូច្នេះថា «មិនថារុស្ស៉ីបញ្ជូនកងទ័ពប៉ុន្មាននាក់ទៅកាន់ទីនោះនោះទេ, យើងនឹងតស៊ូប្រយុទ្ធ។ យើងនឹងការពារទឹកដីរបស់យើង»។ គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន, ស្នូរផ្ទុះជាច្រើនបានលាន់ឮជាបន្តបន្ទាប់ នៅតាមបណ្ដោយសមរភូមិទាំងអស់នៅក្នុងតំបន់ ដូណេត ក្នុងនោះរួមមានទីក្រុង ម៉ារីនកា (Marinka), ស្លាយ៉ាន់ (Slavyansk) និងក្រាម៉ាទ័ស (ramatorsk)៕ ផ្តល់សិទ្ធិដោយ៖ freshnews

បង្អែមបាយដំណើបស្វាយទុំរបស់ថៃ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអន្តរជាតិ បន្ទាប់ពីតារារ៉េបស្រីជនជាតិថៃលើកយកទៅបង្ហាញនៅលើឆាកតន្ត្រី Coachella

Khmerpress April 18, 2022 18/04/2022

បង្អែមបាយដំណើបស្វាយទុំរបស់ប្រទេសថៃ កំពុងទទួលបានការចាប់អារម្មណ៍ជាច្រើនពីអន្តរជាតិ បន្ទាប់ពីតារារ៉េបថៃវ័យក្មេងបានផ្សព្វផ្សាយបង្អែមដ៏ពេញនិយមមួយនេះ ក្នុងអំឡុងពេលការសម្តែងដ៏ឡូយរបស់នាងនៅឯពិធីបុណ្យតន្ត្រី Coachella។ មិនតែប៉ុណ្ណោះ ឥឡូវនេះ នាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ គ្រោងនឹងស្នើដើម្បីដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូរបស់ប្រទេសថៃទៀតផង។ តារាស្រីរ៉េបជនជាតិថៃអាយុ ១៩ឆ្នាំ ឈ្មោះថា Danupa “Milli” Kanateerakul បានសម្ដែងនៅ Coachella Valley Music and Arts Festival 2022 កាលពីល្ងាចថ្ងៃសៅរ៍ក្នុងរដ្ឋកាលីហ្វ័រញ៉ា។ កាលពីម្សិលមិញ hashtag#MILLLILiveatCoachella បានជាប់នៅលើទំព័រ Twitter របស់ប្រទេសថៃ បន្ទាប់ពីការសម្តែងរបស់តារាស្រីរ៉េបរូបនេះ បង្ហាញពីបង្អែមដ៏ពេញនិយមមួយរបស់ប្រទេសថៃនោះ បាយដំណើបស្វាយទុំ។ តារារ៉េប Milli បានយកបាយដំណើបមកញ៉ាំនៅលើឆាកពេល​ច្រៀងជិតចប់ ហើយបានសួរទៅកាន់ទស្សនិកជនថា “តើមាននរណាខ្លះចង់ភ្លក់?”។ ក្រោយមកដោយសារឥទ្ធិពលនៃបណ្ដាញសង្គម ការសម្ដែងរបស់នាង បានធ្វើបង្អែមថៃដ៏ល្បីល្បាញមួយមុខនេះលក់ដាច់ស្ទើរតែគ្រប់ហាងក្នុងប្រទេសថៃកាលពីថ្ងៃអាទិត្យ។ យ៉ាងណាមិញ ខណៈពេលដែលប្រជាជនថៃជាច្រើនបានសរសើរការសម្តែងរបស់នាង និងពីរបៀបដែលនាងបានផ្សព្វផ្សាយបង្អែមថៃនៅលើឆាកអន្តរជាតិនោះ អ្នកខ្លះគិតថាវាមិនល្អក្នុងការញ៉ាំក្នុងអំឡុងពេលសម្តែងរបស់នាង។ អ្នក​ខ្លះ​ក៏​បាន​សន្និដ្ឋាន​ថា ស្ទីល​របស់​នាង​អាច​នឹង​បំផ្លាញ​កេរ្តិ៍ឈ្មោះ​ម្ហូប​ថៃ ជាជាង​ការ​ផ្សព្វផ្សាយ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

មហាសេដ្ឋីរុស្ស៊ី Roman Abramovich កំពុងព្យាយាមស្តារ​ការ​ចរចា​សន្តិភាព​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន បន្ទាប់ពីទ្រព្យ ៧ពាន់លានដុល្លារត្រូវបានបង្កកថ្មីៗនេះ

Khmerpress April 18, 2022 18/04/2022

មហាសេដ្ឋី Roman Abramovich ត្រូវ​បាន​គេ​រាយការណ៍​ថា​ កំពុង​ព្យាយាម​ស្តារ​ការ​ចរចា​សន្តិភាព​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​បន្ទាប់​ពី​ការ​ពិភាក្សា​ជាប់គាំង។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃសោរិ៍ថា មហាសេដ្ឋីរុស្ស៊ី​ និងជាមិត្តជិតស្និទ្ធប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានទៅទស្សនកិច្ចនៅទីក្រុងគៀវ ហើយបាននិយាយជាមួយអ្នកចរចាអ៊ុយក្រែនអំពីមធ្យោបាយដើម្បីបន្តការចរចាសន្តិភាពឡើងវិញ បន្ទាប់ពីទ្រព្យសម្បត្តិចំនួន ៧ពាន់លានដុល្លាររបស់មហាសេដ្ឋីរូបនេះត្រូវបានជាប់គាំងកាលពីពេលថ្មីៗនេះ។ នៅពេលនិយាយពីការរៀបចំការចរចា មហាសេដ្ឋី Roman Abramovich មានចំណែកធំដែរនៅក្នុងរឿងនេះ ដោយសារមហាសេដ្ឋីរូបនេះ រួមជាមួយនឹងមហាសេដ្ឋីរុស្ស៊ីផ្សេងទៀត ត្រូវបានដាក់ក្នុងបញ្ជីទណ្ឌកម្មជាច្រើន ព្រោះតែទំនាក់ទំនងរបស់គាត់ជាមួយលោក ពូទីន ដែលជំរុញឱ្យមានការរឹបអូសទ្រព្យសម្បត្តិយ៉ាងច្រើន។ ជាក់ស្ដែងប៉ុន្មានថ្ងៃមុននេះ តុលាការរាជវង្សនៃកោះ Jersey បានបង្កកទ្រព្យសម្បត្តិជាង ៧ ពាន់លានដុល្លារ ដែលជឿថាមានទំនាក់ទំនងជាមួយលោក Abramovich ។ ជាមួយគ្នានេះ បារាំង​ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​រឹបអូស​ទ្រព្យសម្បត្តិ​រាប់សិប​ជា​កម្មសិទ្ធិ​របស់​លោក Abramovich រួម​ទាំង​ផ្ទះតម្លៃ ៩៨ លាន​ដុល្លារ​ផង​ដែរ។ លើសពីនេះអ្នកជំនាញនិយាយថា គាត់កំពុងព្យាយាមសម្របសម្រួលកិច្ចចរចាសន្តិភាព ដើម្បីតាមដានយ៉ាងឆាប់រហ័សនូវការមិនបង្កកទ្រព្យសម្បត្តិរបស់គាត់ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសង្គ្រោះអាណាចក្រអាជីវកម្មរបស់គាត់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

កម្ពុជាទទួលចំណូលជាង ៩៩លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ នៅត្រីមាសទី១ ឆ្នាំ២០២២

Khmerpress April 18, 2022 18/04/2022

(ភ្នំពេញ)៖ នៅត្រីមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានចំណូលជាង៩៩លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២។ របាយការណ៍បានបញ្ជាក់ថា ចំណូលសរុបគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៩៩,១៤៦,៩៧០ដុល្លារ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន៩៨,៥៦០,២៧០ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន៥៨៦,៧០០ដុល្លារ។ ចំពោះបរិមាណនៃការនាំចេញគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន៦១,៨៣៩តោន កើនឡើងចំនួន៧៨៣តោន ស្មើនឹង១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន៨៣៦ម៉ែត្រគូប កើនឡើង៣.៤៧%។ សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ថ្លៃ១,៥៩៤ដុល្លារ ក្នុងមួយតោន បានថយចុះចំនួន៤២ដុល្លារ ក្នុងមួយតោន ស្មើនឹង០.៣% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១០,១៩៣ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមានចំនួន ៩៣,៨៥១ហិកតា […]

រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនថា ស្ថានភាពក្នុងទីក្រុង Mariupol អាចជា «បន្ទាត់ក្រហម» នៃកិច្ចចរចា

Khmerpress April 18, 2022 18/04/2022

(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba) បាននិយាយថា គ្មានការជួបទាក់ទងណាមួយ ក្នុងកម្រិតនៃក្រសួងការបរទេសរវាងរុស្ស៉ី និងអ៊ុយក្រែនទេ នាពេលថ្មីៗនេះ ខណៈស្ថានភាពធ្ងន់ធ្ងរក្នុងទីក្រុងកំពង់ផែ ម៉ារីយូប៉ូល (Mariupol) អាចក្លាយជាបន្ទាត់ក្រហមនៃការចរចារវាងភាគីទាំងពីរ។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CBS លោក កាលពីថ្ងៃអាទិត្យកន្លងទៅនេះ លោក Kuleba បានលើកឡើងថា Mariupol កំពុងស្ថិតនៅលើបន្ទាត់ក្រហម ខណៈការចរចា ធ្វើឡើងដោយមានតែក្រុមអ្នកតំណាងមកពីស្ថាប័នផ្សេង និងសមាជិកសភាប៉ុណ្ណោះ ដោយបន្តពិគ្រោះយោបល់លើកម្រិតជំនាញ ប៉ុន្តែមិនមានកិច្ចពិភាក្សាកម្រិតខ្ពស់ណាមួយនោះទេ។ លោក Kuleba បន្ថែមថា «ទាហានអ៊ុយក្រែនព្យាយាមទប់ទល់នឹងឱសានវាទរបស់រុស្ស៉ីឲ្យទម្លាក់អាវុធ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍ ជាអ្វីដែល ទីក្រុងមូស្គូ អះអាងថាជារង្វាន់នៃការធ្វើសង្រ្គាមរបស់ខ្លួនលើទឹកដីអ៊ុយក្រែនរយៈពេលជិតខែ ដោយដណ្តើមកាន់កាប់បានស្ទើរតែទាំងស្រុង នៃទីក្រុងកំពង់ផែមួយនេះ»។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនរូបនេះក៏បានព្រមានដែរថា «ការប្រយុទ្ធគ្នាកាន់តែខ្លាំងនឹងកើតមាន នៅភាគខាងកើតអ៊ុយក្រែន ក្នុងប៉ុន្មានសប្តាហ៍ខាងមុខទៀត»។ គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក ដេនីសស៍ ស្ម៉ីហាល់ […]