ព័ត៌មានអន្តរជាតិ

ប្រទេសស្រីលង្កាបានប្រកាសក្ស័យធន ហើយមិនអាចសងបំណុលបរទេសទាំង ៥១ ពាន់លានដុល្លារ ដែលខ្លួនជំពាក់នោះទេ

Khmerpress April 16, 2022 16/04/2022

ថ្មីៗនេះរដ្ឋាភិបាលស្រីលង្កាបានបង្ហាញសញ្ញាថា ប្រទេសរបស់ខ្លួនគឺធ្លាក់ចូលក្នុងភាពក្ស័យធន ដោយប្រកាសផ្អាកជាបណ្តោះអាសន្ននៃការសងបំណុលខាងក្រៅទាំងអស់ ចាប់តាំងពីថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២ ដោយនិយាយថា ប្រទេសនេះមិនអាចគោរពការប្តេជ្ញាចិត្តរបស់ខ្លួនបានទៀតទេ ដោយសារស្ថានភាពហិរញ្ញវត្ថុខ្សោយខ្លាំង ដែលបណ្តាលមកពីការប៉ះទង្គិចខាងក្រៅ និងខាងក្នុង។ ប្រទេសនេះក៏បានជំរុញឱ្យពលរដ្ឋនៅក្រៅប្រទេសផ្ញើប្រាក់មកផ្ទះ ដើម្បីជួយទូទាត់ថ្លៃអាហារ និងប្រេងឥន្ធនៈដែលត្រូវការជាចាំបាច់កាលពីថ្ងៃពុធ បន្ទាប់ពីបានប្រកាសមិនអាចទូទាត់បំណុលបរទេសទាំង ៥១ ពាន់លានដុល្លារ ដែលខ្លួនបានជំពាក់។ ប្រទេសកោះមួយនេះ កំពុងស្ថិតក្នុងស្ថានភាពនៃវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួន ចាប់តាំងពីការប្រកាសឯករាជ្យនៅឆ្នាំ ១៩៤៨ ជាមួយនឹងកង្វះខាតយ៉ាងធ្ងន់ធ្ងរនៃទំនិញសំខាន់ៗ និងការដាច់ភ្លើងជាប្រចាំថ្ងៃ ដែលបង្កឱ្យមានការលំបាកយ៉ាងទូលំទូលាយ។ អាជ្ញាធរកំពុងទទួលរងនូវការខឹងសម្បារជាសាធារណៈ និងការតវ៉ាដ៏ខ្លាំងក្លា ដែលទាមទារឱ្យរដ្ឋាភិបាលលាលែងពីតំណែង មុនពេលការចរចាសម្រាប់ថវិកាសង្គ្រោះរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund) នឹងចាប់ផ្ដើម។ រដ្ឋាភិបាលក៏កំពុងស្វែងរកជំនួយផ្នែកហិរញ្ញវត្ថុពីដៃគូពហុភាគី និងទ្វេភាគីផ្សេងទៀត ដើម្បីសម្រាលទុក្ខលំបាកដែលប្រជាជនកំពុងប្រឈម៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អ៊ុយក្រែននិយាយថា គ្រាប់ធញ្ញជាតិប្រមាណ ១.២៥លានតោនកំពុងជាប់គាំងលើកាប៉ាល់នៅកំពង់ផែសមុទ្រខ្មៅ ដែលនឹងត្រូវខូចខាតក្នុងរយៈពេលខ្លីខាងមុខ

Khmerpress April 16, 2022 16/04/2022

(កៀវ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្មរបស់ប្រទេសអ៊ុយក្រែនបាននិយាយថា គ្រាប់ធញ្ញជាតិប្រហែល ១.២៥លានតោននៅលើនាវាពាណិជ្ជកម្ម នៅតែត្រូវបានជាប់គាំងនៅក្នុងកំពង់ផែសមុទ្រអ៊ុយក្រែនដោយសារតែការឈ្លានពានរបស់រុស្ស៊ី ខណៈទំនិញទាំងនោះមួយចំនួន អាចនឹងខូចខាតក្នុងរយៈពេលដ៏ខ្លីខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៥ ខែមេសា ឆ្នាំ២០២២។ លោក Solsky បាននិយាយថា «បច្ចុប្បន្នមានកប៉ាល់ចំនួន៥៧គ្រឿង ដែលផ្ទុកគ្រាប់ធញ្ញជាតិ និងគ្រាប់ប្រេងចំនួន ១.២៥លានតោន (កំពុងជាប់គាំងនៅកំពុងផែសមុទ្រខ្មៅអ៊ុយក្រែន)»៕ គួរបញ្ជាក់ថា អ៊ុយក្រែនធ្លាប់តែនាំចេញគ្រាប់ធញ្ញជាតិស្ទើរតែទាំងអស់របស់ខ្លួនតាមរយៈកំពង់ផែសមុទ្រ ហើយឥឡូវនេះត្រូវបានបង្ខំឱ្យស្វែងរកផ្លូវថ្មី ដោយសារកំពង់ផែត្រូវបានរារាំង។ មុនសង្រ្គាម អ៊ុយក្រែនបាននាំចេញគ្រាប់ធញ្ញជាតិ និងគ្រាប់ផលិតជាប្រេងរហូតដល់ ៦លានតោនក្នុងមួយខែ ខណៈដែលក្នុងខែមីនាកន្លងទៅការនាំចេញបានធ្លាក់ចុះមកនៅត្រឹម ២០០,០០០តោនប៉ុណ្ណោះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

រុស្ស៉ី ប្ដេជ្ញាបង្កើនការវាយប្រហារលើទីក្រុងកៀវ ក្រោយអ៊ុយក្រែនអះអាងថាបាញ់ពន្លិចនាវាចម្បាំងរបស់ខ្លួន

Khmerpress April 15, 2022 15/04/2022

(កៀវ)៖ ក្រសួងការពារជាតិរុស្ស៉ី នៅថ្ងៃសុក្រនេះបានឱ្យដឹងថាខ្លួនបានវាយប្រហារលើគោលដៅយោធាមួយ នៅឯជាយទីក្រុងកៀវ ដោយ ប្រើមីស៊ីលគ្រូស ហើយសន្យាថានឹងបង្កើនការវាយប្រហារបន្ថែមលើរដ្ឋធានីនៃប្រទេសអ៊ុយក្រែន ជាការសងសឹកទៅនឹងការវាយប្រហាររបស់ អ៊ុយក្រែនចូលក្នុងទឹកដីរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៥ ខែមេសា ឆ្នាំ២០២២។ ការកត់សម្គាល់ខាងលើរបស់ក្រសួងការពារជាតិរុស្ស៉ី ធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ និងបន្ទាប់ពីអ៊ុយក្រែនអះអាងថាបានបាញ់ពន្លិច នាវាចម្បាំងរុស្ស៉ីនៅក្នុងតំបន់សមុទ្រខ្មៅ និងក្រោយមានសេចក្ដីរាយការណ៍ថាឧទ្ធម្ភាគចក្រអ៊ុយក្រែនបានវាយប្រហារលើភូមិ គ្លីម៉ូវ៉ូ (Klimovo) នៃតំបន់ប្រ៊ីយ៉ាន់ (Bryansk) ក្នុងទឹកដីរុស្ស៉ីកាលពីថ្ងៃទី១៤ ខែកុម្ភៈកន្លងទៅនេះ។ បើតាមសេចក្ដីថ្លែងការណ៍ដដែល យោធារុស្ស៉ីបានវាយប្រហារលើរោងចក្រយោធាមួយស្ថិតនៅជាយរដ្ឋធានីអ៊ុយក្រែន ដែលមានតួនាទីផលិត និងជួសជុលមីស៊ីល ក្នុងនោះរួមមានទាំងមីស៊ីលប្រឆាំងនាវាចម្បាំងជាដើម។ មិនតែប៉ុណ្ណោះ មូស្គូក៏បានអះអាងដែរថាកងទ័ពរបស់ខ្លួនបាន វាយគ្រប់គ្រងរោចចក្រ អ៉ីលយីគ (Ilyich) ស្ថិតនៅក្នុងទីក្រុងកំពង់ផែម៉ារីយូប៉ូល។ គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិរុស្ស៉ី ឧទ្ធម្ភាគចក្រអ៊ុយក្រែនធុន Mi-8 ដែលបានវាយប្រហារលើភូមិ (Klimovo) រួមទាំងយន្ដហោះ ចម្បាំង Su-27 មួយគ្រឿងរបស់អ៊ុយក្រែន ក៏ត្រូវបានបាញ់ទម្លាក់ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ចិន ធ្វើសមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់ ចំពោះមុខដំណើរទស្សនកិច្ច របស់ប្រតិភូសភាអាមេរិក

Khmerpress April 15, 2022 15/04/2022

(ប៉េកាំង)៖ ចិនបាននិយាយថាខ្លួនបានដឹកនាំការធ្វើសមយុទ្ធយោធាជាច្រើន នៅជុំវិញកោះតៃវ៉ាន់នៅថ្ងៃសុក្រនេះ ខណៈប្រតិភូសភាអាមេរិក មួយក្រុម ផ្ដើមបំពេញទស្សនកិច្ចនៅទីក្រុងតៃប៉ិ ដើម្បីបង្ហាញការគាំទ្រដល់តៃវ៉ាន់ បើទោះជាទីក្រុងប៉េកាំងចោទថាដំណើរទស្សនកិច្ចនេះជា ទង្វើបង្ករឿងនាំឱ្យភាពតានតឹងកាន់តែកើនឡើងក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៥ ខែមេសា ឆ្នាំ២០២២។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ទីបញ្ជាការប្រចាំភូមិភាគខាងកើត នៃកងទ័ពរំដោះប្រជាជនចិន បានឱ្យដឹងថាយោធាចិនបានបញ្ជូន នាវាចម្បាំង, យន្ដហោះទម្លាក់គ្រាប់បែក និងយន្ដហោះចម្បាំងជាច្រើនគ្រឿង ទៅកាត់តំបន់សមុទ្រចិនខាងកើត និងតំបន់ជុំវិញកោះតៃវ៉ាន់។ សេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់ដូច្នេះថា «ការធ្វើសមយុទ្ធយោធានេះគឺជាការឆ្លើយតបទៅនឹងការបញ្ជូនសញ្ញាខុសរបស់អាមេរិក ទៅកាន់តៃវ៉ាន់។ សកម្មភាពអាក្រក់ និងកលល្បិចរបស់សហរដ្ឋអាមេរិកគឺជារឿងឥតប្រយោជន៍ និងដ៏គ្រោះថ្នាក់។ តែអ្នកដែលលេងជាមួយ ភ្លើង នឹងត្រូវបានភ្លើងឆេះខ្លួនឯង»។ គួរបញ្ជាក់ថា សេចក្ដីថ្លែងការណ៍របស់យោធាចិន មិនបានលើកឡើងចំៗពីដំណើរទស្សនិច្ចរបស់ប្រតិភូសភាអាមេរិកមកកាន់តៃវ៉ាន់ នោះទេ តែវាធ្វើឡើងនៅចំពេលក្រុមប្រតិភូនេះធ្វើសន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រនេះ ក្នុងទីក្រុងតៃប៉ិក៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រទេសកូរ៉េខាងត្បូងនឹងដកចេញរាល់ការរឹតបន្តឹងទាក់ទងនឹងជំងឺកូវីដ១៩ រួមទាំងបម្រាមគោចរនៅដើមសប្តាហ៍ក្រោយនេះ

Khmerpress April 15, 2022 15/04/2022

ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសុក្រ ទី១៥ ខែមេសា ឆ្នាំ២០២២ បាននិយាយថា ខ្លួននឹងដកចេញការរឹតបន្តឹងភាគច្រើនទាក់ទងនឹងជំងឺរាតត្បាត COVID-19 នៅដើមសប្តាហ៍ក្រោយ រួមទាំងបម្រាមគោចរនៅពាក់កណ្តាលអធ្រាត្រ សម្រាប់អាហារដ្ឋានផងដែរ ដោយសារករណីជំងឺ COVID-19 និងវ៉ារ្យ៉ង់អូមីក្រុង បានបង្ហាញសញ្ញានៃការថយចុះ។ លោកនាយករដ្ឋមន្ត្រី Kim Boo-kyum បានប្រាប់កិច្ចប្រជុំឆ្លើយតបនឹងមេរោគឆ្លងថា ចាប់ពីថ្ងៃទី១៨ ខែមេសា តទៅ បម្រាមគោចរពាក់កណ្តាលអធ្រាត្រលើភោជនីយដ្ឋាន និងអាជីវកម្មផ្សេងទៀតនឹងត្រូវលុបចោល រួមជាមួយនឹងការកំណត់ចំនួនមនុស្ស ១០ នាក់ នៅក្នុងការជួបជុំបែបឯកជន។ រដ្ឋាភិបាលក៏នឹងអនុញ្ញាតឱ្យមានការប្រមូលផ្តុំគ្នា និងព្រឹត្តិការណ៍ផ្សេងទៀត ដែលមានមនុស្សពី ៣០០នាក់ ឬច្រើនជាងនេះ  ខណៈនឹងដកការរឹតត្បឹតលើសមត្ថភាពផ្ទុក ៧០% នៅឯទីតាំងទាក់ទងនឹងសាសនា។ លោក Kim បាននិយាយថា៖«ការពាក់ម៉ាស់នៅតែជាមធ្យោបាយដ៏សំខាន់បំផុតដើម្បីការពារខ្លួនយើង។ វាជៀសមិនរួចក្នុងការព្យាយាមពាក់ម៉ាស់ទាំងនៅក្នុងអគារ (indoor) សម្រាប់ពេលវេលាចាំបាច់នេះ»។ ពាក់ព័ន្ធនឹងការពាក់ម៉ាស់នៅខាងក្រៅ លោក Kim បាននិយាយថា  រដ្ឋាភិបាលនឹងពិនិត្យឡើងវិញថា តើត្រូវលុបចោលការរឹតបន្តឹងដែលមានស្រាប់ក្នុងរយៈពេល ២ សប្តាហ៍ទៀត អាស្រ័យលើស្ថានភាពមេរោគ COVID-19 ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ប្រទេសចិនហាមឃាត់រយៈពេល ៣ថ្ងៃ លើការនាំចូលផ្លែឈើពីប្រទេសថៃ ក្រោយរកឃើញដាននៃជំងឺកូវីដ១៩ នៅលើកញ្ចប់ និងលើរថយន្តដឹកផ្លែឈើរបស់ថៃ

Khmerpress April 15, 2022 15/04/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានឱ្យដឹងថា ប្រទេសចិនបានហាមឃាត់រយៈពេល ៣ថ្ងៃ សម្រាប់ការនាំចូលផ្លែឈើរបស់ប្រទេសថៃ ដោយសារមានកញ្ចប់ទុរេនមួយចំនួន ត្រូវបានរកឃើញថាមានដាននៃជំងឺ COVID-19 ហើយឥឡូវនេះ ប្រតិបត្តិករនៃវិស័យនាំចេញផ្លែឈើរបស់ប្រទេសថៃ កំពុងណែនាំឱ្យអនុវត្ត និងត្រួតពិនិត្យឱ្យបានតឹងរឹងបំផុត។ ចំណាត់ការនេះកើតឡើង បន្ទាប់ពីការដឹកជញ្ជូនផ្លែទុរេនរបស់ប្រទេសថៃ នៅឯប៉ុស្តិ៍ត្រួតពិនិត្យ Mohan របស់ប្រទេសចិន ត្រូវបានភាគីខាងប្រទេសចិនរកឃើញថា វាមានដាននៃជំងឺ COVID-19 ទាំងនៅលើកញ្ចប់ខ្ចប់ និងលើឡានដឹកផ្លែទុរេននោះតែម្ដង។ យោងតាមបទបញ្ជារបស់លោកអភិបាលខេត្ត Suthee Thongyaem, គាត់បានបង្គាប់ឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវមានការធ្វើតេស្តរកជំងឺ COVID-19 លើកម្មករនៅតាមទីតាំងអាជីវកម្មលក់ផ្លែឈើ ខណៈការបិទរយៈពេល ៣ថ្ងៃ ក៏ត្រូវបានណែនាំផងដែរ ប្រសិនបើមានការផ្ទុះឡើងខ្លាំងមិនអាចចៀសបាន។ បទបញ្ជា​នោះបាន​បន្ត​ថា ប្រសិនបើ​បរិវេណដែលសង្ស័យ​ត្រូវបន្ថែមពេលវេលាបិទខ្ទប់ អភិបាល​ខេត្ត​គួរ​តែ​ជូនដំណឹង​ ដើម្បី​ឱ្យ​គណៈកម្មាធិការ​គ្រប់គ្រង​ជំងឺ​ខេត្ត​អាច​បញ្ជា​ឱ្យ​បិទទ្រង់ទ្រាយធំ និង​ផ្តល់​វិធានការ​ចាំបាច់​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នេះ។ ប្រទេសថៃក៏ព្យាយាមជំរុញភ្នាក់ងារពាក់ព័ន្ធ ដើម្បីឱ្យមានការអនុវត្តពិធីសារ COVID-19 ឱ្យបានខ្ជាប់ខ្ជួន ពីព្រោះប្រទេសថៃមិនអាចឱ្យមានការហាមឃាត់ការនាំចេញរបស់ខ្លួន ទៅប្រទេសចិនបានឡើយ។ គួរឱ្យដឹងផងដែរថា ផ្លែទុរេនប្រហែល ២៥,០០០ តោន ក្នុងចំណោម ៧២០,០០០ តោន ឬស្មើនឹង ៤% នៃទិន្នផលសរុបរបស់ប្រទេសថៃ គឺត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសចិន។ ដូច្នេះហើយ ប្រទេសថៃត្រូវចាត់វិធានការចាំបាច់ […]

រុស្ស៊ី​ព្រមាន​នឹង​ពង្រាយអាវុធ​នុយក្លេអ៊ែរ និងមីស៊ីល​ Hypersonic ប្រសិនបើស៊ុយអែត និងហ្វាំងឡង់ ចូលរួមជាមួយណាតូ

Khmerpress April 15, 2022 15/04/2022

អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Dmitry Medvedev កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា ឆ្នាំ២០២២ បានព្រមានទៅណាតូថា ប្រសិនបើស៊ុយអែត និងហ្វាំងឡង់ ចូលរួមជាមួយសម្ព័ន្ធមិត្តយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក នោះរុស្ស៊ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរ និងមីស៊ីលលឿនជាងសំឡេង Hypersonic នៅក្នុងឧបទ្វីបអឺរ៉ុប។ ការលើកឡើងនេះ គឺដោយសារប្រទេសហ្វាំងឡង់ដែលមានព្រំដែន ១,៣០០ គីឡូម៉ែត្រ ជាមួយប្រទេសរុស្ស៊ី ហើយប្រទេសស៊ុយអែត កំពុងពិចារណាចូលរួមជាមួយសម្ព័ន្ធភាពណាតូ។ នាយករដ្ឋមន្ត្រីប្រទេសហ្វាំងឡង់ Sanna Marin បាននិយាយកាលពីថ្ងៃពុធថា  ប្រទេសហ្វាំងឡង់នឹងសម្រេចចិត្តក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។ លោក Dmitry Medvedev ដែលជាសម្ព័ន្ធមិត្ត​ជិត​ស្និទ្ធ​បំផុត​របស់​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ប្រសិនបើស៊ុយអែត និងហ្វាំងឡង់ ចូលរួមជាមួយអង្គការណាតូ នោះរុស្ស៊ីនឹងត្រូវពង្រឹងកម្លាំងទ័ពជើងគោក ជើងទឹក និងដែនអាកាសរបស់ខ្លួននៅសមុទ្របាល់ទិក។ លោក Medvedev ក៏បានលើកឡើងយ៉ាងច្បាស់ពីការគម្រាមកំហែងនុយក្លេអែរ ដោយនិយាយថា មិនអាចមានការពិភាក្សាអំពីតំបន់បាល់ទិក «គ្មាននុយក្លេអ៊ែរ» ទៀតបានទេ។ នេះមានន័យថា រុស្ស៊ីអាចនឹងប្រើប្រាស់តំបន់បាល់ទិក ដែលមានដូចជាប្រទេស៖ អេស្តូនី ឡាតវៀ និងលីទុយអានី មកធ្វើជាទីតាំងដាក់ពង្រាយ នុយក្លេអ៊ែររបស់ខ្លួន៕ ផ្តល់សិទ្ធិដោយ៖ […]

ម្សិលមិញនេះ ប៉ូលិសថៃបានរឹបអូសកាំភ្លើងបាញ់ទឹកពីអ្នកលក់ដូរ និងអ្នកដើរលេងតាមផ្លូវ Khaosan ទីក្រុងបាងកក

Khmerpress April 15, 2022 15/04/2022

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប៉ូលិសថៃបានរឹបអូសកាំភ្លើងបាញ់ទឹកពីអ្នកលក់ដូរ និងអ្នកដើរលេងតាមផ្លូវ Khaosan ខណៈដែលប៉ុស្តិ៍ត្រួតពិនិត្យជាច្រើនត្រូវបានដាក់ឡើង ដើម្បីអនុវត្តការហាមប្រាមមិនឱ្យមានការលេងបាញ់ទឹក។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Thanakorn Wangboonkongchana មានប្រសាសន៍ថា នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា មានការព្រួយបារម្ភថា ការលេងបាញ់ ឬជះទឹក អាចនាំឱ្យមានចង្កោមករណីជំងឺ COVID ថ្មីៗ ហើយលោកបានបញ្ជាឱ្យអាជ្ញាធរអនុវត្តវិធានការសុខភាពយ៉ាងតឹងរ៉ឹង។ ជម្រាបដែរថា អាជ្ញាធរថៃបានសម្រេចធ្វើការហាមឃាត់មិនឱ្យមានការលេងជះទឹក និងបាញ់ទឹកដាក់គ្នា នៅលើដងផ្លូវ Khaosan នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីនេះទេ ខណៈនាពេលកន្លងមកផ្លូវដ៏មមាញឹកមួយនេះ គឺជាតំបន់ទេសចរណ៍សម្រាប់ពលរដ្ឋថៃ និងជនបរទេសយ៉ាងមានសក្តានុពលជាទីបំផុត។ ពលរដ្ឋតែងតែមកប្រមូលផ្ដុំគ្នាយ៉ាងច្រើននៅទីតាំងនេះ ដើម្បីលេងកម្សាន្ដជារៀងរាល់ឆ្នាំ ប៉ុន្តែដោយសារការរីករាលដាលនៃជំងឺ COVID-19 មិនទាន់បានធូរស្រាលពេញលេញ ទើបអាជ្ញាធរតម្រូវឱ្យផ្អាកការលេងបែបនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ស៊ីរ៉ែនប្រកាសអាសន្នបន្លឺសំឡេងទូទាំងប្រទេសអ៊ុយក្រែន បន្ទាប់ពីនាវាចម្បាំងរុស្ស៉ីលិចចូលសមុទ្រ

Khmerpress April 15, 2022 15/04/2022

(កៀវ)៖ ស្នូរផ្ទុះដ៏សម្បើមបានកើតឡើង នៅក្នុងទីក្រុងកៀវនៅថ្ងៃសុក្រនេះ ហើយស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺសំឡេងពាសពេញ ប្រទេសអ៊ុយក្រែន ខណៈប្រជាជនអ៊ុយក្រែនកំពុងត្រៀមខ្លួនសម្រាប់ការវាយប្រហារជាថ្មីរបស់រុស្ស៉ី បន្ទាប់ពីនាវាចម្បាំងមួយរបស់មូស្គូ បានលិចនៅឯតំបន់សមុទ្រខ្មៅ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៥ ខែមេសា ឆ្នាំ២០២២។ សំឡេងផ្ទុះខាងលើដែលមិនទាន់មានការផ្ទៀងផ្ទាត់ ត្រូវបានគេរាយការណ៍នៅក្នុងទីក្រុងកៀវ ហើយនេះអាចជាហេតុការណ៍ដ៏សំខាន់ បំផុតមួយ ចាប់តាំងរុស្ស៉ីដកកងទ័ពចេញពីតំបន់រដ្ឋធានីនៃប្រទេសអ៊ុយក្រែន ដើម្បីត្រៀមខ្លួនប្រយុទ្ធជាថ្មីនៅឯតំបន់ភាគខាងត្បូង និងភាគខាងកើតរបស់អ៊ុយក្រែន។ គួរបញ្ជាក់ថា រុស្ស៉ី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដែរ បានឱ្យដឹងថានាវាចម្បាំង ម៉ូស្វា (Moskva) របស់ខ្លួននៅឯតំបន់សមុទ្រខ្មៅ បានលិចជាផ្លូវការហើយ បន្ទាប់ពីមានហេតុការណ៍ផ្ទុះ និងអគ្គិភ័យ ដែលអ៊ុយក្រែនអះអាងថាបណ្តាលមកពី ការវាយប្រហារដោយមីស៉ីល។ បើតាមក្រសួងការពារជាតិរុស្ស៉ី នាវាចម្បាំង Moskva បានលិច ខណៈវាកំពុងត្រូវបានគេអូសចូលផែ ចំពេលមានព្យុះភ្លៀងដោយមិនបាន ទទួលស្គាល់ពីការវាយប្រហារណាមួយឡើយ ហើយថាការស៊ើបអង្កេតកំពុងធ្វើឡើង រីឯនាវិកទាំងអស់៥០០នាក់នៅលើនាវាចម្បាំងសល់ ពីអតីតសហភាពសូវៀតមួយនេះត្រូវបានជម្លៀសចេញដោយសុវត្ថិភាព។ ក៏ប៉ុន្តែ អ៊ុយក្រែនបានបញ្ជាក់ថាខ្លួនបានប្រើមីស៊ីលប្រឆាំង នាវាចម្បាំង ណិបទូន (Neptune) វាយប្រហារលើនាវាចម្បាំងរុស្ស៉ីមួយនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ទីក្រុងសៀងហៃបានរាយការណ៍ពីករណីជំងឺកូវីដ១៩ ច្រើនជាង ២៧,០០០ ករណី នៅថ្ងៃព្រហស្បតិ៍នេះ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានពីមុន

Khmerpress April 14, 2022 14/04/2022

មជ្ឈមណ្ឌលហិរញ្ញវត្ថុសៀងហៃ បានរាយការណ៍ករណីឆ្លងជំងឺ COVID-19 ច្រើនជាង ២៧,០០០ ករណី នៅថ្ងៃព្រហស្បតិ៍នេះ ដែលជាកំណត់ត្រាថ្មីមួយបំផុត នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ ទីក្រុងសៀងហៃកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺ COVID-19 ដ៏អាក្រក់បំផុតរនៅក្នុងប្រទេសចិន ចាប់តាំងពីមេរោគបានលេចចេញជាលើកដំបូងនៅទីក្រុង Wuhan នៅចុងឆ្នាំ២០១៩ ដែលធ្វើឱ្យអ្នកស្រុកចំនួន ២៥ លាននាក់ ក្នុងទីក្រុងនេះ ភាគច្រើនស្ថិតនៅក្រោមការបិទខ្ទប់ បើទោះបីជាការរឹតបន្តឹងត្រូវបានបន្ធូរបន្ថយមួយផ្នែកនៅក្នុងតំបន់មួយចំនួនក្នុងសប្តាហ៍នេះក៏ដោយ។ នៅក្រោមច្បាប់ដ៏តឹងតែងរបស់ប្រទេសចិន សូម្បីតែអ្នកជំងឺ COVID-19 ដែលមិនមានរោគសញ្ញា ក៏ត្រូវតែទៅដាក់ឱ្យនៅដាច់ពីគេ ហើយមនុស្សជាច្រើនបានត្អូញត្អែរអំពីស្ថានភាពទាំងនេះ។ គោលនយោបាយ Zero-COVID របស់ប្រទេសចិន ត្រូវបានប្រឈមមុខបន្ថែមទៀត ដោសារការកើនឡើងនៃវ៉ារ្យ៉ង់អូមីក្រុង ដែលធ្វើឱ្យមនុស្សរាប់លាននាក់ស្ថិតនៅក្រោមទម្រង់នៃការចាក់សោរផ្សេងៗគ្នា និងរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ខណៈដែលប្រទេសផ្សេងទៀតដកចេញការរឹតបន្តឹង ទោះបីជាមេរោគនៅតែរីករាលដាលខ្លាំងក៏ដោយ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត