ព័ត៌មានអន្តរជាតិ

រុស្ស៉ី ធ្វើតេស្ដមីស៊ីលអាចពំាក្បាលគ្រាប់នុយក្លេអ៊ែរ ដែលលោក ពូទីន ហៅថាល្អដាច់គេនៅលើពិភពលោក

Khmerpress April 21, 2022 21/04/2022

(ឡុងដ៍)៖ រុស្ស៉ី នៅថ្ងៃពុធសប្ដាហ៍នេះបានប្រកាសថា ខ្លួនបានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលបាលិស្ទីគអន្តរទ្វីបថ្មីមួយដែលមាន សមត្ថភាពពំាក្បាលគ្រាប់នុយក្លេអ៊ែរ ហើយដែលត្រូវបានលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ហៅថាជាអាវុធល្អដាច់គេនៅលើពិភពលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២។ លោក ពូទីន បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ ខណៈយោធារុស្ស៉ីកំពុងរាយការណ៍ជូនលោកថាមីស៊ីលបាលិស្ទីគអន្តរទ្វីប សាម៉ាត (Sarmat) ត្រូវបានបាញ់សាកល្បងជាលើកដំបូងចេញពីតំបន់ប្លេសិក (Plesetsk) នៃភាគពាយព្យ និងបានវាយប្រហារចំគោលដៅដែល បានកំណត់នៅឯឧបទ្វីប កាំឆាតកា (Kamchatka) ក្នុងរយៈចម្ងាយពីគ្នាជិត ៦,០០០គីឡូម៉ែត្រ។ ថ្លែងនាឱកាសនោះដែរ លោក ពូទីន បានបញ្ជាក់ដូច្នេះថា «អាវុធមួយនេះនឹងជួយពង្រឹងសមត្ថភាពប្រយុទ្ធនៃកងកម្លាំងរបស់យើង ក៏ដូចជាធានា សន្តិសុខរបស់រុស្ស៉ីពីការគំរាមកំហែងពីខាងក្រៅ ដោយវានឹងធ្វើឱ្យសត្រូវដែលចង់គំរាមកំហែងប្រទេសរបស់យើងត្រូវបញ្ឈប់ ឬគិត ២ដង មុននឹងពួកគេចង់ធ្វើអ្វីមួយ»។ គួរបញ្ជាក់ថា ការធ្វើតេស្ដមីស៊ីលបាលិស្ទីគអន្តរទ្វីប សាម៉ាត (Sarmat) ដែលកំពុងស្ថិតនៅក្រោមការអភិវឌ្ឍក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប្រហែលជាមិនមែនជារឿងភ្ញាក់ផ្អើលអ្វីសម្រាប់លោកខាងលិចនោះទេ ប៉ុន្តែវាកើតឡើងនៅចំពេលមានភាពតានតឹងខាងភូមិសាស្ត្រនយោបាយ និងការវាយលុកជាថ្មីរបស់កងទ័ពរុស្ស៉ី លើតំបន់ដុនបាស់នៃភាគខាងកើតអ៊ុយក្រែន៕ ផ្តល់សិទ្ធិដោយ៖ freshnews

អាមេរិកថាការព្រមានរបស់រុស្ស៉ីជា «ការព្រមានមាត់ទទេ» ប៉ុណ្ណោះ ពាក់ព័ន្ធការបញ្ជូនសព្វាវុធឱ្យអ៊ុយក្រែន

Khmerpress April 20, 2022 20/04/2022

(វ៉ាស៉ីនតោន)៖ ក្នុងសប្តាហ៍នេះ សេតវិមានបានហៅ ការព្រមានរបស់ទីក្រុងមូស្គូ ជុំវិញការបន្តបញ្ជូនអាវុធដោយអាមេរិក ឱ្យទៅអ៊ុយក្រែន ថាជា «ការព្រមានដោយមាត់ទទេ» ប៉ុណ្ណោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន RT នៅថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២។ កំលុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃចន្ទសប្តាហ៍នេះ អ្នកនាំពាក្យសេតវិមានលោកស្រី ចេន សាគី (Jen Psaki) បានលើកឡើងថា «យើងនឹងមិនធ្វើការអត្ថាធិប្បាយអ្វីទេ។ មានន័យថា ខ្ញុំនឹងមិនផ្តល់ការយល់ឃើញអ្វី ជុំវិញការព្រមានដោយមាត់ទទេពីសំណាក់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ឬថ្នាក់ដឹកនាំរុស្ស៉ីដទៃទៀតឡើយ»។ លោកស្រី Psaki បានបន្ថែមទៀតថា ជំនួយយោធារបស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន នឹងនៅតែបន្តដូចការសន្យារបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន រុស្ស៉ីបានព្រមានសហរដ្ឋអាមេរិកថា ប្រសិនបើនៅតែបន្តផ្តល់សព្វាវុធទំនើបៗដល់អ៊ុយក្រែន នោះមុខជានឹងត្រូវប្រឈមផលវិបាក ដែលមិនអាចប៉ាន់ស្មានបានជាមិនខានឡើយ។ ការព្រមាននោះធ្វើឡើង បន្ទាប់ពីអាមេរិក ប្រកាសផ្តល់ជំនួយយោធាទំហំ ៨០០លានដុល្លារថែមទៀត ដល់អ៊ុយក្រែន៕ ផ្តល់សិទ្ធិដោយ៖ freshnews

UN៖ មនុស្ស ២០លាននាក់ នៅអាហ្រ្វិកខាងកើត អាចប្រឈមមុខនឹងគ្រោះទុរ្ភិក្ស នាចុងឆ្នាំនេះ

Khmerpress April 20, 2022 20/04/2022

(ព្រុចសែល)៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិ (UN) នៅថ្ងៃអង្គារសប្តាហ៍នេះ បាននិយាយថាគ្រោះរាំងស្ងួត បូករួមទាំងជម្លោះ នៅអ៊ុយក្រែន អាចនឹងធ្វើឲ្យប្រជាជនចន្លោះពី១៤លាន ដល់២០លាននាក់ ដែលរស់នៅអាហ្រ្វិកខាងកើតហៅថា Horn of Africa ធ្លាក់ចូលទៅក្នុងគ្រោះទុរ្ភិក្ស នាចុងឆ្នាំ២០២២នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន CGTN នៅថ្ងៃពុធ ២០ ខែមេសា ឆ្នាំ២០២២។ បើតាមអ្នកនាំពាក្យប្រមុខ UN លោក ស្ទេហ្វិន ឌូហ្សារីក (Stephane Dujarric) , ប្រទេសក្នុងតំបន់អាហ្វ្រិកខាងកើតនឹងប្រឈមមុខ នឹងគ្រោះទុរ្ភិក្សកាន់តែខ្លាំង ប្រសិនបើនៅតែមិនមានភ្លៀងធ្លាក់, តម្លៃស្បៀងអាហារ និងឥន្ធនៈចេះតែបន្តកើនឡើងដោយសារតែ ជម្លោះអូសបន្លាយ ហើយការផ្តល់ជំនួយមនុស្សធម៌ នៅមានកម្រិតទាបទៀតនោះ។ លោក Dujarric បានលើកឡើងយ៉ាងដូច្នេះថា «កម្មវិធីស្បៀងអាហារពិភពលោក (WFP) ព្រមានថា ពេលវេលា គឺកាន់តែខើច សម្រាប់ក្រុមគ្រួសារដែលតស៊ូ ដើម្បីរស់»។ គួរបញ្ជាក់ថា ការអំពានាវចុងក្រោយបង្អស់ របស់ WFP គឺស្នើឲ្យមានការប្រមូលជំនួយ ឬមូលនិធិឲ្យបានយ៉ាងតិច៤ភាគរយ នៃតម្រូវការចាំបាច់នៃតំបន់អាហ្វ្រិកខាងកើត៕ ផ្តល់សិទ្ធិដោយ៖ […]

ខានស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន និងចូលរួមវេទិកាទឹកពិភពលោក

Khmerpress April 20, 2022 20/04/2022

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ខានស្អែកនេះ សម្តេចនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន រយៈពេល២ថ្ងៃ និងចូលរួមក្នុងវេទិកាទឹកពិភពលោក។ ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច និងលោក ការីម៉ាតា អាហ្សូហ្ស៉ី ភារធារីស្តីទី ស្ថានទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នៅព្រឹកថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២នេះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងអំឡុងទស្សនកិច្ចនៅប្រទេសជប៉ុននេះ សម្តេចក៏នឹងជួបពិភាក្សាជាមួយ លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន ព្រមទាំងមានចុះហត្ថលេខាលើឯកសារមួយផងដែរ។ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនេះ សម្តេចតេជោ នឹងអញ្ជើញត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។ ក្រោយមកដល់កម្ពុជា សម្តេចក៏ទទួលជួប មេប្រតិបត្តិការរបស់អ៊ុនតាក់ ដែលបំពេញបេសកកម្មនៅកម្ពុជា កាលពីទសវត្សរ៍៩០ ផងដែរ។ កម្ពុជា និងប្រទេសជប៉ុន […]

កំពូលអ្នកជួលផ្ទះ ៧ឆ្នាំសន្សំគំនរសម្រាមពេញផ្ទះ លក់របស់ទ្រព្យម្ចាស់ផ្ទះខ្ទេចគ្មានសល់ ហើយជំពាក់ថ្លៃជួល ម្ចាស់ប្តឹងតុលាការរយៈពេល ៤ឆ្នាំ ទម្រាំតែព្រមចេញ

Khmerpress April 20, 2022 20/04/2022

ថៃ៖ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ តាមប្រភពព័ត៌មានបានអោយដឹងថា មានរឿងរ៉ាវរបស់ម្ចាស់ផ្ទះជួល ស្ថិតនៅស្រុក ផូថារ៉ាម ខេត្ត រ៉ាតបុរី ត្រូវបានអ្នកជួលលួចរត់ចេញពីផ្ទះ ថែមទាំងជំពាក់ថ្លៃជួលផ្ទះជាង ៣ពាន់ដុល្លារ រួមទាំងបានបន្សល់ទុក គំនរសម្រាមដ៏ធំពេញបន្ទប់អោយថែមទៀតផង។ ក្រោយពីម្ចាស់ផ្ទះជួលជួបរឿងហួសចិត្តបែបនេះ ក៏បានធ្វើការផុសរៀបរាប់លើបណ្តាសង្គមហ្វេសបុ៊កដើម្បីជាការចែករំលែកនិងដាស់តឿនចំពោះបងប្អូនដែលមានផ្ទះជួលអោយដឹងថា៖ «ម្ចាស់ផ្ទះជួលត្រូវរងការឈឺចាប់ក្រោយពីឃើញសភាពផ្ទះដែលជាមរតកបន្សល់ទុកពីកុងហើយនិងម៉ា ដោយសង្ឃឹមថាពេលដាក់ផ្ទះអោយជួលទៅនឹងមានអ្នកជួយមើលថែរក្សាផ្ទះសំបែង ប៉ុន្តែបែរជាទុកអោយមានសភាពចាស់ទ្រុឌទ្រោម ថែមទាំងត្រូវបានផ្តាច់ភ្លើងផ្តាច់ទឹកអស់រយៈពេលជាង ៤ឆ្នាំទៅវិញ។» រឿងរ៉ាវខាងលើត្រូវបានបងប្អូនក្នុងសង្គមហ្វេសបុកធ្វើការស៊ែរចែករំលែកពីផេក ណាក់ ផូថារ៉ាម កាលពីថ្ងៃទី១៥ មេសា ឆ្នាំ២០២២ ដោយហ្វេសបុ៊កដែលជាម្ចាស់ផ្ទាល់មានឈ្មោះថា «Chommanard Lebkhurt» បានផុសសារចែករំលែករឿងក្នុងចិត្តថា «ជូនចំពោះបងប្អូនដែលមានផ្ទះអោយជួលណាចា នៅពេលបងប្អូនអោយនរណាម្នាក់ជួលផ្ទះត្រូវឆែកមើលប្រវិត្តអ្នកជួល អោយបានច្បាស់លាស់ កិច្ចសន្យាត្រូវតែមាន ត្រូវមានឯកសារអោយគ្រប់… ព្រោះខ្លួនខ្ញុំគឺបានជួបដោយផ្ទាល់ពេលដំបូងៗ ក៏បង់ថ្លៃជួលធម្មតា បន្ទាប់មកទៀតក៏សុំពន្យារថ្ងៃបង់ជារឿយៗ ចុងក្រោយគឺលែងបង់ថ្លៃជួល ថ្លៃភ្លើងក៏មិនបង់ត្រូវបានផ្តាច់ភ្លើង ទើបគាត់សម្រេចចិត្តដាក់ពាក្យបណ្តឹង។ ប៉ុន្តែអ្នកជួលមិនព្រមមកតាមការណាត់ មិនព្រមធ្វើការចរចាជាមួយម្ចាស់ផ្ទះ តុលាការសម្រេចអោយចេញពីផ្ទះជួលក៏មិនព្រមចេញ ទើបក្រុមសមត្ថកិច្ចដែលពាក់ព័ន្ធធ្វើដំណើរមកកាន់ផ្ទះជួលដោយផ្ទាល់ព្រមទាំងនាំយកឯកសារអោយចុះហត្ថលេខាព្រមទទួលកំហុសទើបព្រមចេញ…។ ទម្រាំតែចប់រឿងក្តីត្រូវចំណាយពេលដល់ទៅ ២ឆ្នាំ ថែមទាំងចំណាយថ្លៃឯកសារអស់ថវិកាច្រើនទៀតផង…ងាកមកមើលសភាពផ្ទះរបស់ខ្លួនបែរជាមានចំងល់ថា តើពួកគេរស់នៅបានដោយរបៀបណា ធ្លាប់ឃើញតែក្នុងព័ត៌មានមិននឹកស្មានដល់ថាខ្លួនឯងត្រូវជួបក្នុងហេតុការណ៍បែបនេះដែរសោះ»។ យ៉ាងណាមិញអ្នកសារព័ត៌មានថៃបានទាក់ទងទៅកាន់ម្ចាស់ហ្វេកបុ៊កដែលបានផុសទើបបានដឹងថា ម្ចាស់ផ្ទះភេទស្រី មានឈ្មោះថា […]

អាមេរិក អង់គ្លេស កាណាដា សន្យាបញ្ជូនកាំភ្លើងធំបន្ថែមឱ្យអ៊ុយក្រែន

Khmerpress April 20, 2022 20/04/2022

(វ៉ាស៊ីនតោន)៖ មេដឹកនាំសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកាណាដាបានសន្យាថានឹងបញ្ជូនកាំភ្លើងធំបន្ថែមទៅឱ្យអ៊ុយក្រែន ដែលកំពុងប្រឈមមុខនឹងការវាយលុកសាជាថី្មពីសំណាក់កងទ័ពរុស្ស៉ី នៅឯតំបន់ភាគខាងកើតនៃប្រទេស។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២។ ការសន្យាខាងលើធ្វើឡើង នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូកាលពីថ្ងៃអង្គារសប្ដាហ៍នេះដែលមានការចូលរួមពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន, នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន និងនាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ឌ្រូដូ ព្រមទាំងមេដឹកនាំ នៃប្រទេសជាសម្ព័ន្ធមិត្តជាច្រើនរូបទៀត។ លើសពីនេះទៅទៀត បើតាមប្រភពជាច្រើនពីក្រុមមន្ត្រីអាមេរិក, លោក ចូ បៃដិន ក៏ត្រូវបានគេរំពឹងដែរថានឹងប្រកាសនៅប៉ុន្មានថ្ងៃ ខាងមុខនេះ ពីការផ្ដល់ជំនួយយោធាបន្ថែម ដែលមានទំហំទឹកប្រាក់ប្រហែលនឹងជំនួយយោធា ៨០០លានដុល្លារដែលរដ្ឋបាលរបស់ លោកប្រកាសផ្ដល់ឱ្យអ៊ុយក្រែនកាលពីសប្ដាហ៍មុន។ ប្រសិនបើជំនួយយោធាថ្មីនេះត្រូវបានប្រកាសមែន នោះវានឹងធ្វើឱ្យកញ្ចប់ ជំនួយយោធាដែលអាមេរិកផ្ដល់ឱ្យអ៊ុយក្រែនកើនដល់ជាង ៣ពាន់លានដុល្លារ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ គួរបញ្ជាក់ថា រុស្ស៉ីក៏ធ្លាប់បានផ្ញើកំណត់ទូតផ្លូវការទៅកាន់សហរដ្ឋអាមេរិកផងដែរ ដើម្បីបង្ហាញការជំទាស់ទៅនឹងការផ្ដល់អាវុធឱ្យ អ៊ុយក្រែន ជាមួយការព្រមានពីផលវិបាកធ្ងន់ធ្ងរមិនអាចស្មានបាន បើវ៉ាស៊ីនតោន និង NATO នៅតែបន្តបញ្ជូនអាវុធឱ្យទីក្រុងកៀវ៕ ផ្តល់សិទ្ធិដោយ៖ […]

ប្រទេសជប៉ុនបានដាក់ការហាមឃាត់ការនាំចូលផលិតផលចំនួន ៣៨ មុខ ពីប្រទេសរុស្ស៊ី

Khmerpress April 19, 2022 19/04/2022

ប្រទេសជប៉ុនបានដាក់ការហាមឃាត់ការនាំចូលផលិតផលចំនួន ៣៨មុខ ពីប្រទេសរុស្ស៊ី ដែលជាវិធានការបន្ថែមទៀត ជុំវិញការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ នេះ​ជា​លើក​ទី​១ ​ដែលទី​ក្រុង​តូក្យូ​ បានដាក់​បម្រាម​ការ​នាំ​ចូល​ពីរុស្ស៊ី ទាក់​ទង​នឹង​ជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន។ ផលិតផលទាំងនោះរួមមាន៖ ភេសជ្ជៈមានជាតិអាល់កុល ដូចជាវ៉ូដកា ក៏ដូចជារបស់របរដែលទាក់ទងនឹងឈើ និងម៉ាស៊ីនអគ្គិសនី។ មន្ត្រីរដ្ឋាភិបាលបាននិយាយថា ទំនិញហាមឃាត់ទាំងនោះ គឺតំណាងឱ្យត្រឹមតែ ១.១% ធៀបនឹងការនាំចូលសរុបរបស់ប្រទេសជប៉ុន ពីប្រទេសរុស្ស៊ីកាលពីឆ្នាំមុនប៉ុណ្ណោះ។ ក្រសួងពាណិជ្ជកម្មនិយាយថា ឥទ្ធិពលលើឧស្សាហកម្មក្នុងស្រុកនឹងមានកម្រិត ដោយសារផលិតផលបែបនេះអាចទទួលបានតាមរយៈមធ្យោបាយដទៃទៀត។ អ្នកនាំពាក្យរដ្ឋាភិបាលកំពូលរបស់ប្រទេសជប៉ុននិយាយថា ទណ្ឌកម្មអន្តរជាតិកំពុងចាប់ផ្តើមមានផលប៉ះពាល់ដល់សេដ្ឋកិច្ចរុស្ស៊ី។ ជាក់ស្ដែងប្រធានខុទ្ទកាល័យលោក Matsuno Hirokazu មានប្រសាសន៍ថា៖«ដើម្បីបញ្ឈប់ការកើនឡើងនៃជម្លោះបន្ថែមទៀត និងដើម្បីនាំមកនូវបទឈប់បាញ់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប្រទេសជប៉ុនកំពុងសហការជាមួយសហគមន៍អន្តរជាតិ ដោយការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងប្រឆាំងនឹងប្រទេសរុស្ស៊ី»។ រដ្ឋាភិបាល​មិន​បាន​ហាមឃាត់​ការ​ទិញ​ឧស្ម័ន​ធម្មជាតិ ​និង​ប្រេង​ពី​រុស្ស៊ី​នោះទេ ដោយ​លើក​ឡើង​ពី​សន្តិសុខ​ផ្នែកថាមពល៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ក្រុងសៀងហៃបន្តរកឃើញករណីមរណភាពដោយកូវីដ-១៩ ចំនួន ៧នាក់បន្ថែមទៀត

Khmerpress April 19, 2022 19/04/2022

ចិន៖ អាជ្ញាធរសុខាភិបាលក្រុងសៀងហៃបានប្រកាសពីការរកឃើញអ្នកបាត់បង់ជីវិតដោយជំងឺកូវីដ-១៩ ចំ​នួន ៧នាក់បន្ថែមទៀតសម្រាប់របាយការណ៍នៅក្នុងថ្ងៃអង្គារ ទី១៩ ខែមេសានេះ ខណៈតួលេខនេះគឺមានការកើនឡើង បើប្រៀបធៀបជាមួយរបាយការណ៍កាលពីថ្ងៃកន្លងទៅ។ គួររម្លឹកជូនថា កាលពីថ្ងៃច​ន្ទដើមសប្តាហ៍នេះគឺជាថ្ងៃដំបូងដែលអាជ្ញាធរសុខាភិបាលក្រុងសៀងហៃបានផ្តើមរកឃើញអ្នកបាត់បង់ជីវិតដោយកូវីដ-១៩ ដោយពេលនោះតួលេខអ្នកបាត់បង់ជីវិតមានចំនួនត្រឹម ៣នាក់ប៉ុណ្ណោះ ដូចនេះបើសរុបត្រឹមពេលនេះគឺក្រុងសៀងហៃមានតួលេខអ្នកបាត់បង់ជីវិតចំនួន ១០នាក់។ ដោយឡែកសម្រាប់ករណីឆ្លងថ្មីឯណោះវិញក៏មានការកើនឡើងយ៉ាងគំហុកផងដែរ ដោយគិតជាមធ្យមក្រុងសៀងហៃមានតួលេខអ្នកឆ្លងជាង ១ពាន់នាក់ក្នុងមួយថ្ងៃបើគិតត្រឹមរយៈពេល ៧ ថ្ងៃចុងក្រោយនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងផងដែរថា រលកនៃជំងឺកូវីដ-១៩ ហាក់កំពុងរាតត្បាតខ្លាំងឡើងៗនៅក្នុងប្រទេសចិន ហើយសូម្បីតែតួលេខអ្នកឆ្លងថ្មីនៅក្នុងទីក្រុងប៉េកាំង ដែលជាក្រុងកំពុងអនុវត្តវិធានការទប់ស្កាត់ការរាតត្បាតកូវីដ-១៩ ​ឲ្យស្ថិតនៅកម្រិតសូន្យ (Zero-Covid Policy) នោះក៏មានការកើនឡើងផងដែរ តែមិនទាន់ដល់កម្រិតធ្ងន់ធ្ងរនោះទេ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលចិនបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួនជាង ១,៨ សែននាក់ និងបាត់បង់ជីវិតជាង ៤,៦ពាន់នាក់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ហេតុតែស្រឡាញ់ សុខចិត្តលះបង់ក្រលៀនម្ខាងជូនសង្សារ លុះបាន៧ខែសង្សារក្បត់ទៅមានថ្មីបាត់

Khmerpress April 19, 2022 19/04/2022

  New York post ៖ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នារីម្នាក់បានចេញមករៀបរាប់អំពីរឿងរាវស្នេហាដ៏សែនឈឺចាប់ទាំងទឹកភ្នែកថា  នាងបានបរិច្ចាគក្រលៀន ដើម្បីរក្សាជីវិតដល់មិត្តប្រុសរបស់នាង ប៉ុន្តែចុងក្រោយបែរជាត្រូវក្បត់ចិត្ត ព្រមទាំងសុំបែកតាមទូរស័ព្ទទៀតផង។ ការបរិច្ចាគក្រលៀនអោយនរណាម្នាក់មិនមែនជារឿងងាយៗឡើយ ប៉ុន្តែចំពោះ កញ្ញា «ខលលីន» មានឱកាសការពារជីវិតអោយមិត្តប្រុសរបស់នាងកាលពី ៦ឆ្នាំមុន។ នៅពេលនោះនាងស្ទើរតែមិនបានគិតឡើយថា ខ្លួននាងព្រមនឹងប្រថុយជីវិតដើម្បីរក្សាទុកមិត្តប្រុសដែលមានជម្ងឺក្រលៀនរ៉ាំរ៉ៃ តាំងពីអាយុ១៧ឆ្នាំ ពោលគឺមិត្តប្រុសរបស់នាងត្រូវលាងឈាមជាប្រចាំ ដោយចំនួនភាគរយនៃក្រលៀនរបស់មិត្តប្រុសនាងសល់ត្រឹមតែ ៥%តែប៉ុណ្ណោះ។ ដោយសារមិនចង់ឱ្យមិត្តប្រុសបាត់បង់ជីវិត ពេលនោះដែរ ខលលីន បានទៅពិនិត្យមើលក្រលៀនរបស់នាងថាត្រូវគ្នាជាមួយមិត្តប្រុសនាងរឺក៏អត់ ហើយជាសំណាងល្អដល់អ្នកទាំងពីរក្រោយពេលដែលការវះកាត់ទទួលបានជោគជ័យ អ្នកទាំងពីរបានជាសះស្បើយពីការវះកាត់យ៉ាងរហ័ស។ ស្ទើរតែមិនជឿថា ត្រឹមរយៈពេល ៧ខែក្រោយមក មិត្តប្រុសនាងគួរតែទទួលដឹងពីទំហំនៃសេចក្តីស្រឡាញ់របស់ ខលលីន តែបែរជាក្បត់ខលលីនទៅវិញ ព្រមទាំងឆ្លើយតបទៅកាន់ខលលីនទៅវិញថា «អ្នកគ្រាន់តែបរិច្ចាគក្រលៀនរបស់អ្នកដើម្បីអោយខ្លួនអ្នកមើលទៅជាមនុស្សល្អតែប៉ុណ្ណោះ»។ យ៉ាងណាមិញ ក្រោយពីឃ្លីបវីដេអូដែលនាងបានរៀបរាប់បានផុសចូលទៅសង្គមនានា ក៏មានអ្នកចូលមកខមមិនលើកទឹកចិត្តនិងសរសើរដល់នាងជាច្រើនផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ជប៉ុនផលិតចង្កឹះអេឡិចត្រូនិចដែលអាចជួយកាត់បន្ថយកម្រិតជាតិអំបិលក្នុងអាហារបាន

Khmerpress April 19, 2022 19/04/2022

ជប៉ុន៖ អ្នកវិទ្យសាស្រ្តជប៉ុនបានអភិវឌ្ឍន៍ចង្កឹះអេឡិចត្រូនិចដ៏ទំនើបមួយប្រភេទ ដែលអ្នកប្រើប្រាស់អាចកាត់បន្ថយកម្រិតជាតិអំបិលនៅក្នុងអាហាររ​បស់ពួកគេបាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែមេសានេះ។ បើតាមលោក Homei Miyashita ដែលជាសាស្រ្តាចារ្យនៃសាកលវិទ្យាល័យ Meiji និងជាសហស្ថាបនិកចង្កឹះអេឡិចត្រូនិចនេះបានបញ្ជាក់ថា ចង្កឹះដ៏ឆ្លាតវ័យនេះនឹងក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកតមអាហារដើម្បីរក្សាសុខភាព ពោលគឺសម្រាប់អ្នកចង់កាត់បន្ថយអំបិលក្នុងចំណីអាហារ តែចង់រក្សាកម្រិតរសជាតិអាហារឲ្យនៅដដែល។ លោកសាស្រ្តាចារ្យរូបនេះបានបន្តថា ដើម្បីអាចប្រើប្រាស់ចង្កឹះអេឡិចត្រូនិចនេះបានគឺអ្នកប្រើប្រាស់ទាំងអស់ត្រូវពាក់ឧបករណ៍មួយនៅកដៃរបស់ពួកគេដែលបានតភ្ជាប់ជាមួយចង្កឹះ ហើយឧបករណ៍នៅកដៃនោះនឹងជួយបញ្ជូនសារធាតុអ៊ីយ៉ុងសូដ្យូមពីអាហារទៅកាន់មាត់មនុស្សតាមរយៈចុងចង្កឹះ ដែលធ្វើមាត់អ្នកញ៉ាំអាហារមានអារម្មណ៍ថាអាហារមានជាតិប្រៃជាងធម្មតា ១,៥ដង។ ដូចនេះវាមានន័យថាដើម្បីញ៉ាំអាហារឲ្យមានរសជាតិប្រៃល្មម គឺអ្នកប្រើប្រាស់ចង្កឹះអេឡិចត្រូនិចទាំងអស់នឹងត្រូវបន្ថយជាតិអំបិលក្នុងអាហាររបស់របស់ពួកគេឲ្យតិចជាងធម្មតាចំនួន ១,៥ដងដែរ។ សូមបញ្ជាក់ជូនថា ការទទួលទានសារធាតុប្រៃលើសកម្រិតនឹងធ្វើឲ្យលោកអ្នកប្រឈមនឹងជំងឺធាត់ជ្រុល ហើយភាពធាត់ជ្រុលនឹងបង្កឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើនដូចជា បញ្ហាបេះដូង ជំងឺលើសឈាម ដាច់សរសៃឈាម និងជំងឺទឹកនោមផ្អែមជាដើម៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត