ព័ត៌មានអន្តរជាតិ

UN ស្នើឱ្យអង់គ្លេស ចាត់វិធានការការពារស្រ្តីជនភៀសខ្លួនអ៊ុយក្រែន ពីការកេងប្រវ័ញ្ចផ្លូវភេទ

Khmerpress April 14, 2022 14/04/2022

(ឡុងដ៍)៖ ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ បានទទូចឱ្យអាជ្ញាធរនៅចក្រភអង់គ្លេស ពិនិត្យនិងកែសម្រួលឡើងវិញនូវ នីតិវិធីនៃកម្មវិធីផ្តល់កន្លែងជ្រកកោនឱ្យជនភៀសខ្លួនអ៊ុយក្រែន បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានជនខិលខូចមួយចំនួន ព្យាយាមប្រើប្រាស់គម្រោងនេះ ដើម្បីកេងប្រវ័ញ្ចផ្លូវភេទលើ ស្រ្តីៗជាជនភៀសខ្លួនអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា ឆ្នាំ២០២២។ អ្នកនាំពាក្យឧត្តមស្នងការ UN ទទួលបន្ទុកជនភៀសខ្លួន បានលើកឡើងថា អាជ្ញាធរអង់គ្លេសគួរតែកែសម្រួល នីតិវិធីឱ្យសមស្របជាងមុន ដើម្បីធានាថាស្រ្តីនិងស្រ្តីដែលមានកូនៗ ត្រូវផ្គូផ្គងជាមួយគ្រួសារឬប្តី-ប្រពន្ធ ជាជាងជាមួយបុរសដែលនៅលីវ។ បើយោងតាមអ្នកនាំពាក្យ ការបណ្តោយឱ្យស្រ្តីជនភៀសខ្លួន ចូលទៅស្នាក់តាមផ្ទះ ដោយពុំមានការពិនិត្យល្អិតល្អន់ អាចនាំឱ្យពួកគេប្រឈមហានិភ័យកាន់តែខ្លាំង បន្ថែមពីលើទុក្ខលំបាកនៃការព្រាត់ប្រាសផ្ទះសម្បែង, ការឃ្លាតឆ្ងាយពីគ្រួសារ និងអំពើហិង្សា ដែលពួកគេបានឆ្លងកាត់រួចមកហើយ។ គួរបញ្ជាក់ថា កម្មវិធី Homes for Ukraine ត្រូវបានបង្កើតឡើង កាលពីពាក់កណ្តាលខែមីនា ដើម្បីជួយប្រជាជនអ៊ុយក្រែន ដែលរត់គេចពីសង្រ្គាម ស្វែងរកកន្លែងជ្រកកោនបណ្តោះអាសន្ន នៅក្នុងចក្រភពអង់គ្លេស៕ ផ្តល់សិទ្ធិដោយ៖ freshnews

ចាប់ពីពេលនេះទៅនឹងលែងមានវត្តមាន Nokia នៅក្នុងទីផ្សាររុស្ស៊ីទៀតហើយ

Khmerpress April 14, 2022 14/04/2022

(ស្តុកហូម)៖ ថ្មីៗនេះនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ Nokia បានប្រកាសបង្ហាញឱ្យដឹងថា ក្រុមហ៊ុនកំពុងតែដកខ្លួនចេញពីទីផ្សាររុស្ស៊ី បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២។ បន្ទាប់ពីសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែនកើតឡើងបណ្តាលក្រុមហ៊ុនធំៗជាច្រើនបាននឹងកំពុងកាត់ផ្តាច់ទំនាក់ទំនងជាមួយប្រទេសនេះ។ ខណៈពេលដែលវិស័យមួយចំនួន រួមទាំងទូរគមនាគមន៍បានលើកលែងពីការរឹតបន្តឹងផ្នែកខ្លះៗ លើហេតុផលមនុស្សធម៌សម្រាប់ប្រទេសនេះ ប៉ុន្តែNokia បានជ្រើសរើសយកផ្លូវចាកចេញ ដោយធ្វើការបញ្ជាក់ថា«ការចាកចេញពីប្រទេសរុស្ស៊ី គឺជាជម្រើសតែមួយគត់»របស់ខ្លួន។ ទន្ទឹមនឹងការចាកចេញពីទីផ្សាររុស្ស៊ីនេះនាយកប្រតិបត្តិលោក Pekka Lundmark បានលើកឡើងនៅក្នុងបទសម្ភាសន៍មួយថា«យើងគ្រាន់តែមិនឃើញពីលទ្ធភាពណាមួយដើម្បីបន្តនៅក្នុងប្រទេសនេះក្រោមកាលៈទេសៈបច្ចុប្បន្ននោះទេ»។ ដោយលោកបានបន្ថែមទៀតថា Nokia នឹងនៅតែបន្តបម្រើទៅដល់អ្នកប្រើប្រាស់ក្នុងអំឡុងពេលនៃការចាកចេញរបស់ខ្លួន ប៉ុន្តែមិនអាចកំណត់បាននោះទេថាដំណើរការនេះនឹងបន្តបានត្រឹមណា។ យ៉ាងណាមិញរុស្ស៊ីបាននឹងកំពុងដាក់សម្ពាធលើក្រុមហ៊ុននានាក្នុងការបង្កើត Networks ដោយតម្រូវឱ្យប្រើប្រាស់តែឧបករណ៍របស់រុស្ស៊ីតែប៉ុណ្ណោះ រួមទាំងព្យាយាមបញ្ចុះបញ្ចូល Nokia និង Ericsson ឱ្យបង្កើតរោងចក្រនៅក្នុងប្រទេសខ្លួនផងដែរ។ គួរជមា្របដែរថា ជាមួយនឹងការសម្រេចចិត្តនេះក្រុមហ៊ុន Nokia នឹងមិនអនុវត្តផែនការដែលប្រកាសកាលពីខែវិច្ឆិកាកន្លងទៅ ក្នុងបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយ YADRO របស់រុស្ស៊ីដើម្បីសាងសង់ស្ថានីយ៍ទូរគមនាគមន៍ 4G និង 5G នោះទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

រុស្សីបាន​និយាយ​ថា ​ទាហានម៉ារីនរបស់អ៊ុយក្រែនជា​ច្រើន​នាក់ នៅ​ឯកំពង់ផែ Mariupol បានយល់ព្រមទម្លាក់អាវុធសុំចុះចាញ់

Khmerpress April 14, 2022 14/04/2022

រុស្ស៊ីបាននិយាយថា ទាហានម៉ារីនរបស់អ៊ុយក្រែនជាង ១,០០០ នាក់ បានទម្លាក់អាវុធ និងយល់ព្រមចុះចាញ់ នៅឯកំពង់ផែ Mariupol ដែលត្រូវបានឡោមព័ទ្ធដោយកងកម្លាំងរុស្ស៊ី ប៉ុន្តែភាគីអ៊ុយក្រែនបានបដិសេធរឿងនេះ។ អភិបាលរងក្រុងលោក Serhiy Orlov បានប្រាប់ BBC ថា ទាហានអ៊ុយក្រែននៅទីនោះនៅតែបន្ដប្រយុទ្ធ ហើយការប្រយុទ្ធគ្នា នៅតែបន្តនៅជុំវិញរោងចក្រដែក Azovstal ដែលជាតំបន់ ១ ក្នុងចំណោមតំបន់ ២ ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ ទូរទស្សន៍​រុស្ស៊ី​ក៏បាន​ចាក់​ផ្សាយ​វីដេអូ​ដែល​និយាយ​ថា ទាហាន​ម៉ារីន​បាន​ទម្លាក់អាវុធរបស់​ខ្លួន​ ប៉ុន្តែ​ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយក្រែន​បាន​ទទូច​ថា តាម​ពិត​ទាហានម៉ារីន​ទាំងនោះដាច់ទំនាក់ទំនងពីកងវរសេនាតូច Azov នៅឯទីតាំងផ្សេងទៀត។ ជម្រាបដែរថា Mariupol គឺជាកំពង់ផែដ៏សំខាន់ និងជាគោលដៅសំខាន់សម្រាប់ប្រទេសរុស្ស៊ី ខណៈដែលខ្លួនស្វែងរកការបង្កើតផ្លូវគោកទៅកាន់ឧបទ្វីប Crimea ដែលរុស្ស៊ីបានដាក់បញ្ចូលក្រោមការគ្រប់គ្រងរបស់ខ្លួនក្នុងឆ្នាំ២០១៤។ ទីក្រុង​នេះ​ជា​ចំណុច​សំខាន់​នៃ​ការ​វាយ​ប្រហារ​ដ៏​សាហាវ​ដោយ​កង​កម្លាំង​រុស្ស៊ី ហើយ​ទាហាន​អ៊ុយក្រែន​នៅ​ទីនោះ​បាន​និយាយ​ថា ​ពួកគេ​កំពុងអស់​គ្រាប់​ដើម្បីទប់ទល់ការវាយប្រហារ។ កាលពីព្រឹកថ្ងៃពុធ អ្នកកាសែត រ៉យទ័រ បានឃើញអណ្តាតភ្លើងឆាបឆេះចេញពីរោងចក្រដែក Azovstal ដែលជាកន្លែងដែលទាហានម៉ារីនមកពីកងពលតូចទី៣៦ ត្រូវបានបង្ខាំងអស់រយៈពេលជាច្រើនសប្តាហ៍៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

នាវាចម្បាំងរុស្ស៉ីរងការខូចខាតយ៉ាងដំណំ ខណៈអ៊ុយក្រែនអះអាងថា គឺដោយសារមីស៉ីលខ្លួនវាយប្រហារ

Khmerpress April 14, 2022 14/04/2022

(មូស្គូ)៖ រុស្ស៉ីនៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា នាវាចម្បាំងរបស់ខ្លួនមួយគ្រឿង នៅសមុទ្រខ្មៅ បានទទួលរងការខូចខាតយ៉ាងដំណំ ក្រោយហេតុការណ៍ផ្ទុះមួយ ដែលមន្រ្តីអ៊ុយក្រែនបានអះអាងថា បណ្តាលមកពីការវាយប្រហារដោយមីស៉ីល។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា ឆ្នាំ២០២២។ ក្រសួងការពារជាតិរុស្ស៉ីបាននិយាយថា អគ្គិភ័យនៅលើនាវាចម្បាំង ម៉ូស្វា (Moskva) បានធ្វើឱ្យគ្រាប់នៅលើនោះផ្ទុះឡើង ជាហេតុតម្រូវឱ្យនាវិកទាំងអស់ ត្រូវជម្លៀសខ្លួនចេញពីនាវា។ ខាងរុស្ស៉ីមិនបានបញ្ជាក់ថា គ្រោះអគ្គិភ័យនោះកើតឡើងដោយសារអ្វីឡើយ ប៉ុន្តែអភិបាលតំបន់អូដេស្សា អូប្លាស (Odessa Oblast) នៃប្រទេសអ៊ុយក្រែន បានអះអាងថា នាវាចម្បាំងរុស្ស៉ី ត្រូវបានមីស៉ីលអ៊ុយក្រែន ណិបទូន (Neptune) ២គ្រាប់ បាញ់ចំ។ គួរបញ្ជាក់ថា Moskva គឺជានាវាយោធាទី២របស់រុស្ស៉ី ដែលត្រូវគេដឹងថាបានទទួលរងការខូចខាតធ្ងន់ធ្ងរ ចាប់តាំងពីសង្រ្គាមអ៊ុយក្រែន បានចាប់ផ្តើមឡើង។ កាលពីខែមុន អ៊ុយក្រែនបានអះអាងថា ខ្លួនបានវាយប្រហារនាវាយោធារុស្ស៉ីមួយគ្រឿងទៀត ឈ្មោះថា អ័ស (Orsk) នៅឯសមុទ្រអាហ្សូវ។ កំលុងសង្រ្គាមនៅអ៊ុយក្រែន កងទ័ពជើងទឹករុស្ស៉ី បានបាញ់មីស៉ីលគ្រូសជាច្រើន ចូលទៅកាន់ទឹកដីអ៊ុយក្រែន ខណៈប្រតិបត្តិការរបស់យោធាជើងទឹករុស្ស៉ី […]

អាមេរិកប្រកាសផ្តល់ជំនួយយោធា «៨០០លានដុល្លារ» ថែមទៀតដល់អ៊ុយក្រែន ក្នុងនោះរួមមានទាំងអាវុធធុនធ្ងន់

Khmerpress April 14, 2022 14/04/2022

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធសប្តាហ៍នេះ បានប្រកាសផ្តល់ជំនួយយោធាទំហំ ៨០០លានដុល្លារ បន្ថែមទៀត ដល់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា ឆ្នាំ២០២២។ កញ្ចប់ជំនួយថ្មីខាងលើ នឹងរួមមានឧទ្ធម្ភាគចក្រចំនួន១១គ្រឿង, កាំភ្លើងធំ១៨គ្រឿង, គ្រាប់កាំភ្លើងធំ ៤០,០០០គ្រាប់, ប្រព័ន្ធរ៉ាដាប្រឆាំងកាំភ្លើងធំ, រថពាសដែក២០០គ្រឿង និងដ្រូនអត្តឃាត ៣០០ដើម។ លោក បៃដិន បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា «អាមេរិកនឹងបន្តឈរនៅជាមួយអ៊ុយក្រែនជានិច្ច ក្នុងការប្រយុទ្ធតស៊ូរបស់ពួកគេ ដើម្បីសេរីភាព»។ គួរបញ្ជាក់ថា នេះជាលើកដំបូងបង្អស់ដែលសហរដ្ឋអាមេរិក បានផ្តល់កាំភ្លើងធំឱ្យទៅអ៊ុយក្រែន។ គិតចាប់តាំងពីរុស្ស៉ីបានឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ រហូតមកទល់នឹងពេលនេះ ទីក្រុងវ៉ាស៉ីនតោនបានផ្តល់ជំនួយយោធាសរុបជាង ២.៥ពាន់លានដុល្លារហើយ ដល់ទីក្រុងកៀវ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ធនាគារពិភពលោកអះអាងថា ខ្លួនកំពុងរៀបចំកញ្ចប់ជំនួយចំនួន ១.៥ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន

Khmerpress April 14, 2022 14/04/2022

ប្រធានធនាគារពិភពលោកលោក David Malpass បាននិយាយកាលពីថ្ងៃអង្គារថា ធនាគារពិភពលោកកំពុងរៀបចំកញ្ចប់ជំនួយថ្មីចំនួន ១.៥ ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែនដែលហែកហួរដោយសង្រ្គាម រួមទាំងការបង់ប្រាក់ចំនួន ១ ពាន់លានដុល្លារពីមូលនិធិអ្នកផ្តល់ប្រាក់កម្ចីសម្រាប់ការអភិវឌ្ឍន៍សម្រាប់ប្រទេសក្រីក្របំផុត។ លោក Malpass បាននិយាយនៅក្រុង Warsaw ថា កញ្ចប់នេះត្រូវបានបើកដោយការយល់ព្រមកាលពីថ្ងៃច័ន្ទចំនួន ១ ពាន់លានដុល្លារនៅក្នុងជំនួយរបស់សមាគមអភិវឌ្ឍន៍អន្តរជាតិ ក៏ដូចជាការបង់ប្រាក់ចំនួន ១០០ លានដុល្លារដល់ប្រទេសជិតខាង Moldova ។ ជាមួយគ្នានេះដែរ លោក Malpass បានបន្តទៀតថា ការគាំទ្ររបស់ធនាគារកំពុងជួយអ៊ុយក្រែនក្នុងការផ្តល់សេវាកម្មសំខាន់ៗ រួមទាំងការបង់ប្រាក់ឈ្នួលសម្រាប់បុគ្គលិកមន្ទីរពេទ្យ ប្រាក់សោធននិវត្តន៍ និងកម្មវិធីសង្គម។ ជំនួយនេះមានចំនួនប្រហែល ៩២៣លានដុល្លារក្នុងការផ្តល់ហិរញ្ញប្បទានឆាប់រហ័ស ដែលត្រូវបានអនុម័តដោយធនាគារពិភពលោកកាលពីខែមុន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ស្រីលង្កាប្រកាសបរាជ័យសងបំណុលបរទេសជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ

Khmerpress April 14, 2022 14/04/2022

(កូឡុំបូ)៖ ប្រទេសស្រីលង្កាបានប្រកាសកាលពីថ្ងៃអង្គារថា ដោយមានទុនបម្រុងរូបិយប័ណ្ណបរទេស ទាបខ្លាំង ប្រទេសដែលរងគ្រោះពីវិបត្តិនេះនឹងបរាជ័យសងបំណុលសាធារណៈដែលខ្ចីពីបរទេសរបស់ខ្លួន ដោយរង់ចាំកញ្ចប់ថវិកាសង្គ្រោះពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានក្យូតូ។ នេះជាលើកទីមួយហើយដែលប្រទេសកោះស្ថិតនៅតំបន់អាស៊ីខាងត្បូងមួយនេះបានប្រកាសពីការបរាជ័យសងបំណុលចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៤៨។ វិបត្តិដែលបង្កឡើងដោយការបរាជ័យសងបំណុលនេះ ទំនងជាបណ្តាលមកពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យទេសចរណ៍របស់ប្រទេសស្រីលង្កា និងអ្វីដែលគេហៅថាអន្ទាក់បំណុលពាក់ព័ន្ធនឹងការខ្ចីប្រាក់យ៉ាងច្រើនពីប្រទេសចិនសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលមិនមាននិរន្តរភាព។ ទីភ្នាក់ងារព័ត៌មានក្យូតូបានរាយការណ៍ដោយដងស្រង់សេចក្តីប្រកាសព័ត៌មានមួយដែលចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុស្រីលង្កាថា៖ «ប្រទេសស្រីលង្កាមានកំណត់ត្រាល្អនៃសេវាបំណុលបរទេសចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៤៨»។ សេចក្តីប្រកាសព័ត៌មានដដែលនេះបានឱ្យដឹងទៀតថា៖ «ទោះជាយ៉ាងណា ព្រឹត្តិការណ៍ថ្មីៗ រួមទាំងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងផលប៉ះពាល់ពីអរិភាពក្នុងប្រទេសអ៊ុយក្រែន បានបំផ្លាញស្ថានភាពសារពើពន្ធរបស់ប្រទេសស្រីលង្កា ដែលធ្វើឱ្យការបន្តផ្តល់សេវាកាតព្វកិច្ចបំណុលសាធារណៈខាងក្រៅមិនអាចធ្វើទៅបាន»។ យោងតាមក្រសួងហិរញ្ញវត្ថុស្រីលង្កា គោលនយោបាយរបស់ប្រទេសស្រីលង្កាក្នុងការផ្អាកការផ្តល់សេវាបំណុលនឹងចូលជាធរមានសម្រាប់រាល់មូលបត្របំណុលអន្តរជាតិទាំងអស់ ប្រាក់កម្ចីទ្វេភាគីទាំងអស់ ដោយមិនរាប់បញ្ចូលកិច្ចព្រមព្រៀងផ្លាស់ប្តូរ (Swaps) រវាងធនាគារកណ្តាល និងធនាគារកណ្តាលបរទេស និងប្រាក់កម្ចីទាំងអស់ជាមួយធនាគារពាណិជ្ជ និងស្ថាប័នផ្តល់ប្រាក់កម្ចីជាស្ថាប័ន។ ក្រសួងហិរញ្ញវត្ថុស្រីលង្កាបានឱ្យដឹងទៀតថា មូលនិធិ IMF បានវាយតម្លៃបំណុលបរទេសរបស់ប្រទេសស្រីលង្កាថាមិនមាននិរន្តរភាព និងថាការបន្តការសងបំណុលបរទេសបច្ចុប្បន្នលែងក្លាយជាគោលនយោបាយដែលអាចអនុវត្តបានទៀតហើយ។ សេចក្តីប្រកាសព័ត៌មានដដែលបានបន្តថា៖ «រដ្ឋាភិបាលមានបំណងបន្តការពិភាក្សារបស់ខ្លួនជាមួយ មូលនិធិ IMF ឱ្យបានលឿនតាមដែលអាចធ្វើទៅបានក្នុងគោលបំណងបង្កើត និងបង្ហាញទៅកាន់ម្ចាស់បំណុលរបស់ប្រទេសនូវផែនការដ៏ទូលំទូលាយមួយសម្រាប់ការស្តារបំណុលសាធារណៈខាងក្រៅរបស់ប្រទេសស្រីលង្កាឱ្យស្ថិតក្នុងជំហរប្រកបដោយនិរន្តរភាពពេញលេញ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានក្យូតូ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ស្ថានទូតរុស្ស៉ីប្រចាំវ៉ាស៊ីនតោន៖ ការអះអាងរបស់អាមេរិកថារុស្ស៉ីអាចនឹងប្រើ អាវុធគីមីនៅអ៊ុយក្រែន គឺជារឿងមិនពិត

Khmerpress April 13, 2022 13/04/2022

(វ៉ាស៊ីនតោន)៖ ស្ថានទូតរុស្ស៉ី ប្រចាំទីក្រុងវ៉ាស៊ីនតោន បានច្រានចោលការអះអាងដែលមិនមានមូលដ្ឋានច្បាស់លាស់របស់អ្នកនាំពាក្យ ក្រសួងការបរទេសសហរដ្ឋអាមេរិក លោក នេត ប្រាយ (Ned Price) អំពីលទ្ធភាពរបស់រុស្ស៉ី ក្នុងការប្រើប្រាស់អាវុធគីមីនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៉ី Tass នៅថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០២២។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ស្ថានទូតរុស្ស៉ី បានបញ្ជាក់យ៉ាងដូច្នេះថា «ការអត្ថាធិប្បាយរបស់លោក Price កាលពីថ្ងៃទី១២ ខែមេសា កន្លងទៅ ដែលថារុស្ស៉ីអាចប្រើប្រាស់អាវុធគីមី ដោយសារតែបរាជ័យ ក្នុងការធ្វើប្រតិបត្តិការយោធា គឺគ្មានភស្តុតាងទាល់តែសោះ»។ សេចក្តីថ្លែងការណ៍ដដែលបន្ថែមទៀតថា កងកម្លាំងរុស្ស៉ីមិនមាន ហើយមិនអាចធ្វើសង្រ្គាមដោយប្រើសារធាតុគីមីណាមួយនោះទេ ព្រោះរុស្ស៉ី បានបំផ្លាញចោលឃ្លាំងស្តុកអាវុធគីមី តាំងពីឆ្នាំ២០១៧មកម្ល៉េះ។ ជាមួយគ្នានេះ ស្ថានទូតរុស្ស៉ីក៏បានអំពាវនាវដល់ទីក្រុងវ៉ាស៊ីនតោន ឲ្យបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត ខណៈដែលសហរដ្ឋអាមេរិក នៅតែជារដ្ឋភាគីតែមួយគត់នៃអនុសញ្ញាអាវុធគីមី ដែលមិនបានបំពេញតាមការសន្យាជាអន្តរជាតិ៕ ផ្តល់សិទ្ធិដោយ៖ freshnews

លោក Volodymyr Zelenskiy និយាយថា រុស្ស៊ីប្រហែលជាបានប្រើប្រាស់អាវុធគីមីក្នុងប្រទេសអ៊ុយក្រែន

Khmerpress April 13, 2022 13/04/2022

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy កាលពីថ្ងៃចន្ទបាននិយាយថា រុស្ស៊ីអាចនឹងប្រើប្រាស់អាវុធគីមីក្នុងប្រទេសអ៊ុយក្រែន ហើយបានអំពាវនាវឱ្យលោកខាងលិចដាក់ទណ្ឌកម្មឱ្យកាន់តែខ្លាំងលើទីក្រុងមូស្គូ។ មានរបាយការណ៍ដែលមិនបានបញ្ជាក់លម្អិតមួយបានបង្ហាញថា អាវុធគីមីត្រូវបានប្រើប្រាស់នៅក្នុងកំពង់ផែ Mariupol ភាគខាងត្បូងអ៊ុយក្រែន ដែលជាតំបន់ត្រូវបានឡោមព័ទ្ធដោយយោធារុស្ស៊ី។ លោក Zelenskiy យល់ថាវាជារឿងសំខាន់សម្រាប់អ៊ុយក្រែន ហើយលោកក៏បានទទូចឱ្យមានការឆ្លើយតបភ្លាមៗ ចំពោះការឈ្លានពានរបស់រុស្ស៊ី ដែលកាន់តែខ្លាំងក្លា និងលឿនជាងមុនមកលើអ៊ុយក្រែន។ លោក Petro Andryushchenko ដែលជាជំនួយការរបស់អភិបាលក្រុង Mariupol បានសរសេរនៅលើ Telegram អំពីការវាយប្រហារដោយសារធាតុគីមីពីសំណាក់រុស្ស៊ី ហើយគាត់រំពឹងថា នឹងផ្តល់ព័ត៌មានលម្អិត និងការបំភ្លឺនេះនៅពេលក្រោយទៀត។ ជាមួយគ្នានេះដែរ លេខាធិការសារព័ត៌មានមន្ទីរបញ្ចកោណ លោក John Kirby បាននិយាយថា សហរដ្ឋអាមេរិកក៏បានដឹងអំពីរបាយការណ៍នេះ ហើយបាននិយាថា ពួកគេនឹងបន្តតាមដានស្ថានការណ៍យ៉ាងដិតដល់។ ប្រសិនបើវាជាការពិត វាពិតជាគួរឱ្យព្រួយបារម្ភខ្លាំងណាស់។ គួរឱ្យដឹងដែរថា ការលុកលុយរបស់រុស្ស៊ី បានសម្លាប់មនុស្សរាប់ពាន់នាក់ និងរាប់លាននាក់ ត្រូវផ្លាស់ចេញពីអ៊ុយក្រែន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

មេធំ Tesla ប្រាប់ពីមូលហេតុមិនចង់រស់នៅបានយូរ ខណៈមហាសេដ្ឋីជាច្រើនចង់មានជីវិតអមតៈ ខំចាយប្រាក់រាប់ពាន់លានដុល្លារលើការស្រាវជ្រាវ

Khmerpress April 13, 2022 13/04/2022

ក្នុងរយៈពេលមួយទសវត្សកន្លងមកនេះ មហាសេដ្ឋី Mark Zuckerberg, Jeff Bezos និង Peter Thiel សុទ្ធតែបានចំណាយប្រាក់ទៅលើការស្រាវជ្រាវដែលពន្យារអាយុជីវិត និងប្រឆាំងភាពចាស់។ ប៉ុន្តែក្នុងនោះនាយកប្រតិបត្តិ Tesla និង SpaceX លោក Elon Musk មិនបានចូលរួមជាមួយគេនោះទេ។ មហាសេដ្ឋីលំដាប់លេខ១ រូបនេះ បានប្រាប់ Insider ថ្មីៗនេះថា៖ “ខ្ញុំមិនគិតដូចមហាសេដ្ឋីឯទៀតទេ យើងមិនគួរធ្វើឱ្យមនុស្សរស់នៅបានយូរនោះទេ ព្រោះការពិតមនុស្សភាគច្រើនមិនផ្លាស់ប្ដូរចិត្តគំនិតដ៏ចាស់គំរិល​របស់ពួកគេឡើយ។ ដូច្នេះបើពួកគេមិនស្លា..ប់ទេ ពិភពលោកនឹង​ជាប់​គាំង​នឹង​គំនិត​ចាស់ៗទាំងនោះ ហើយ​សង្គម​ក៏​មិន​ជឿន​លឿន​ដែរ “។ បន្ថែមពីនេះ លោក Musk បានបន្តថា៖ “ខ្ញុំពិតជាចង់រក្សាសុខភាពឱ្យបានយូរ។ តែ​ខ្ញុំ​មិន​ខ្លាច​ស្លាប់​ទេ។ ខ្ញុំ​គិត​ថា ការស្លាប់គឺជារឿងមួយដែលជួយឱ្យកាន់តែមានភាពប្រសើរឡើងចំពោះពិភពលោក ក៏ដូចជាសង្គម”៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត​