(ភ្នំពេញ)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានអញ្ជើញដឹកនាំក្រុមប្រឹក្សាភិបាល គណៈប្រតិបត្តិ និងទីប្រឹក្សាជាន់ខ្ពស់របស់សមាគមសិល្បករខ្មែរ ចូលជួបសំណេះសំណាលសម្ដែងការគួរសមជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិកម្ពុជា និងទទួលអនុសាសន៍ណែនាំ។ ជាកិច្ចចាប់ផ្ដើម លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានគោរពថ្លែងអំណរគុណជូនចំពោះលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីជួបសំណេះសំណាលនេះ។ ក្នុងជំនួបនើដែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានជម្រាបជូនលោកជំទាវបណ្ឌិតស្ត្រីទី១ នៃកម្ពុជា អំពីប្រវត្តិរបស់សមាគម ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ រួមទាំងសមិទ្ធផលការងារថ្មីៗ ដែលសម្រេចបាននៅក្នុងអាណត្តិទី៦ ក្រោមការដឹកនាំរបស់លោកជំទាវអ្នកឧកញ៉ារយៈពេលជាង ៣ខែមកនេះ។ ការងារទាំងនោះរួមមាន ការរៀបចំសមាសភាពក្រុមប្រឹក្សាភិបាល, គណៈប្រតិបត្តិ និងក្រុមការងារសមាគម, ការកែសម្រួលលក្ខន្តិកៈសមាគម, ការប្រមូលកៀរគរធនធានមនុស្សមកពីអន្តរវិស័យ និងធនធានថវិកា ដើម្បីគាំទ្រដល់សកម្មភាពរបស់សមាគម ជាដើម។ ដោយឡែកចំពោះសកម្មភាពវិញ សមាគមបានរៀបចំ និងចូលរួមរៀបចំព្រឹត្តិការណ៍សង្គមវប្បធម៌ជាច្រើនរួចមកហើយ ហើយថ្មីៗនេះក៏បានដឹកនាំសិល្បករ-សិល្បការិនី ប្រមាណ ២០០នាក់ ចូលរួមអបអរសាទរមហាព្រឹត្តិការណ៍បើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណតេជោ»ផងដែរ រួមទាំងសកម្មភាពសប្បុរសធម៌ជួយសម្រួលដល់ជីវភាពសិល្បករចាស់ជរា […]