(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសេវាប្រឹពចាក់ (CAB-PrEP) ដែលឱសថនោះមានឈ្មោះថា «កាបូតេក្រាវៀ (Cabotegravir)» គឺជាប្រភេទឱសថចាក់ សម្រាប់បង្ការមុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍។ ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។ ការប្រកាសដាក់ឱ្យដំណើរជាផ្លូវការនេះ ក៏មានការចូលរួមពីលោកស្រី Patricia Ongpin នាយិការបស់អង្គការ UNAIDS ប្រចាំប្រទេសកម្ពុជា ឡាវ និងម៉ាឡេស៊ី, លោកវេជ្ជបណ្ឌិត រស់ សីលវ៉ាត់ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍, លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង និងលោក ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល, លោកបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ, តំណាងពីកាកបាទក្រហមកម្ពុជា និងអង្គការដៃគូជាច្រើនទៀត ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឹអេដស៍ សើស្បែក និងកាមរោគ។ លោកស្រី យក់ សម្បត្ដិ បានថ្លែងថា «ការប្រកាសដាក់ឱ្យប្រើប្រាស់ CAB-PrEP នេះ គឺជាផ្តល់ជាជម្រើសថ្មីមួយ ប្រកបដោយនវានុវត្តន៍ សម្រាប់ក្រុមប្រជាជនប្រឈមមុខ ដើម្បីជ្រើសរើសក្នុងការបង្ការខ្លួន […]