ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការពារជាតិ ច្រានចោលទាំងស្រុងនូវការអះអាងផ្ទុយពីការពិត និងគ្មានការទទួលខុសត្រូវ របស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ពាក់ព័ន្ធនឹងករណីទាហានថៃនាំអ្នកជិះកង់ជនជាតិថៃ១៥០នាក់ ឡើងប្រាសាទតាមាន់ធំ

Liny Chan June 23, 2025 23/06/2025

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ ច្រានចោលទាំងស្រុងនូវការអះអាងផ្ទុយពីការពិត និងគ្មានការទទួលខុសត្រូវ របស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ពាក់ព័ន្ធនឹងករណីទាហានថៃនាំអ្នកជិះកង់ជនជាតិថៃ១៥០នាក់ ឡើងប្រាសាទតាមាន់ធំដោយមិនមានការជូនដំណឹងជាមុន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា​ បានអះអាងថា កម្ពុជាបញ្ជាក់សាជាថ្មីថា ប្រាសាទតាមាន់ធំ ស្ថិតនៅក្នុងទឹកដីកម្ពុជា ហើយរាល់ការឆ្លើយតបរបស់កងទ័ពកម្ពុជា គឺមានភាពសមស្រប ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។ កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងដែលមានស្រាប់ឱ្យបានពេញលេញ និងម៉ឺងម៉ាត់ ព្រមទាំងជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិតដែលប៉ះពាល់ដល់ការជឿទុកចិត្តគ្នាទៅវិញទៅមក និងគំរាមកំហែងស្ថិរភាពក្នុងតំបន់។ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ច្រានចោលយ៉ាងដាច់អហង្ការចំពោះការអះអាងផ្ទុយពីការពិត និងគ្មានការទទួលខុសត្រូវរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ទាក់ទងនឹងឧប្បត្តិហេតុនៅប្រាសាទតាមាន់ធំ មានទីតាំងស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។ ដើម្បីផ្តល់ភាពច្បាស់លាស់ និងការពិតចំពោះឧប្បត្តិហេតុនេះ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបញ្ជាក់ចំនួន បួនចំណុចដូចតទៅ៖ ទីមួយ៖ ការអះអាងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ដែលថាខ្លួនបានជូនដំណឹងដល់កងទ័ពកម្ពុជាអំពីការមកទស្សនារបស់អ្នកជិះកង់ជនជាតិថៃចំនួន១៥០នាក់នៅប្រាសាទតាមាន់ធំ គឺជារឿងមិនពិត។ កងទ័ពកម្ពុជាពុំបានទទួលការជូនដំណឹងពីភាគីថៃ មិនថាជាពាក្យសម្តី ឬតាមរយៈទំនាក់ទំនងផ្លូវការ អំពីការមកទស្សនាប្រាសាទរបស់ក្រុមអ្នកជិះកង់ជនជាតិថៃទាំងនេះទេ។ ប្រសិនបើកងទ័ពថៃពិតជាមានភាពស្អាតស្អំ និងគ្មានចេតនាមិនល្អនោះទេ គួរតែធ្វើសកម្មភាពប្រកបដោយតម្លាភាព និងស្របតាមកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ ដែលបញ្ជាក់យ៉ាងច្បាស់ពាក់ព័ន្ធនឹងពេលវេលា […]

អ៉ីរ៉ង់ គំរាមវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា

Liny Chan June 23, 2025 23/06/2025

(តេហេរ៉ង់)៖ អ៉ីរ៉ង់ កាលពីថ្ងៃអាទិត្យ ទី២២ ខែមិថុនា បានគំរាមវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានបើកការវាយប្រហារទម្លាក់គ្រាប់បែក ដ៏សម្បើមមួយដែលលោក ដូណាល់ ត្រាំ អះអាងថាបានកម្ទេចកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ ទោះបីជាក្រុមមន្ត្រីមួយចំនួននិយាយថាទំហំនៃការខូចខាតស្ថិតក្នុងភាពមន្ទិលសង្ស័យក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក Ali Akbar Velayati ជាទីប្រក្សាម្នាក់របស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថាមូលដ្ឋានទ័ពដែលត្រូវបានប្រើប្រាស់ដោយកងកម្លាំងអាមេរិកអាចនឹង ត្រូវបានវាយប្រហារនៅក្នុងការសងសឹក។ «ប្រទេសណាមួយនៅក្នុងតំបន់ ឬនៅទីណាក៏ដោយដែលត្រូវបានកងកម្លាំងអាមេរិកប្រើដើម្បីទម្លាក់គ្រាប់បែកលើអ៉ីរ៉ង់ នឹងត្រូវបានចាត់ទុកថាជា គោលដៅស្របច្បាប់សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់យើង»។ គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ឱ្យអ៉ីរ៉ង់បិទបញ្ចប់ជម្លោះ ក្រោយរូបលោកចេញបញ្ជាឱ្យយោធាអាមេរិកទម្លាក់គ្រាប់បែកលើរោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់ចំនួន ៣ គឺ Fordow Isfahan និង Natanz ហើយទាំងព្រមានទៀតផងថាអ៉ីរ៉ង់នឹងត្រូវខ្លាំងជាងនេះ ប្រសិនបើហ៊ានតដៃសងសឹកវិញ។ ក្រោយចូលរួមជាមួយអ៉ីស្រាអែកវាយប្រហារលើអ៉ីរ៉ង់ ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃអាទិត្យ បានព្រមានឱ្យពលរដ្ឋអាមេរិកមានការប្រុងប្រយ័ត្នទាំងការធ្វើដំណើរទៅក្រៅប្រទេស ឬពលរដ្ឋអាមេរិកកំពុងរស់នៅក្រៅប្រទេស៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងទេសចរណ៍ និងសមាគមសិល្បករខ្មែរ ឯកភាពគ្នាជំរុញការផ្សព្វផ្សាយកម្ពុជា ក្នុងរដូវកាលបៃតង

Nisaiy KP June 22, 2025 22/06/2025

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ និងសហការី ស្តីពីការចូលរួមជួយជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ព្រមទាំងស្នើសុំកិច្ចសហការ និងគាំទ្រលើកិច្ចការទេសចរណ៍វប្បធម៌ផងដែរ។ ក្នុងជំនួបពិភាក្សា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកស្រីអ្នកឧកញ៉ាប្រធានសមាគម ព្រមទាំង លោក លោកស្រី បងប្អូនសិល្បករ សិល្បការិនី ដែលបានចូលរួមផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍ និងវប្បធម៌ទៅកាន់ពិភពលោក។ រដ្ឋមន្ត្រី ហួត ហាក់ ក៏បានជម្រាបទៅគណៈប្រតិភូមកពី សមាគមសិល្បករខ្មែរពី សសរស្តម្ភនៃកិច្ចសហប្រតិបត្តិការទាំង៦ របស់ក្រសួងទេសចរណ៍ និងអំពីវឌ្ឍនភាពនៃការដាក់ចេញយុទ្ធនាការទស្សនាកម្ពុជានៅ «រដូវកាលបៃតង» Green Season ជំនួសឲ្យពាក្យ «រដូវកាលភ្ញៀវតិច» Low Season។ ជាលទ្ធផលនៃជំនួបពិភាក្សា ក្រសួងទេសចរណ៍ និងសមាគមសិល្បករខ្មែរ បានឯកភាពគ្នាក្នុងការបង្កើនកិច្ចសហការក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ តាមរយៈការផលិតមាតិកាពាក់ព័ន្ធនឹងទេសចរណ៍នៅកម្ពុជា និងការរួមគ្នាបង្កើតព្រឹត្តិការណ៍ទេសចរណ៍បន្ថែមទៀត៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា-ម៉ាឡេស៊ី អញ្ជើញសម្ពោធបើក កម្មវិធីពិព័រណ៍ម្ហូបអាហារ និងការសម្តែងសិល្បៈម៉ាឡេស៊ី ឆ្នាំ២០២៥ នៅផ្លូវថ្មើរជើងចតុមុខ

Nisaiy KP June 22, 2025 22/06/2025

(ភ្នំពេញ)៖ តបតាមការអញ្ជើញពីស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីជាមួយលោក Dato Sri Tiong King Sing រដ្ឋមន្រ្តីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី កាត់ខ្សែបូរសម្ពោធបើកកម្មវិធីពិព័រណ៍ម្ហូបអាហារ និងការសម្តែងសិល្បៈម៉ាឡេស៊ី ឆ្នាំ២០២៥ (Malaysia Food and Culture Fest 2025) នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ នៅផ្លូវថ្មើរជើងចតុមុខ (walk street) ។ កម្មវិធីពិពរណ៍នេះ មានការយាងចូលរួមពីសំណាក់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ លោកឯកអគ្គរដ្ឋទូតនៃប្រទេសជាមិត្តប្រចាំនៅកម្ពុជា លោក អ៊ីមរ៉ន ហាស្សាន់ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ លោក-លោកស្រី តំណាងក្រុមហ៊ុនឯកជននានាពីប្រទេសកម្ពុជា និងម៉ាឡេស៊ី រួមទាំងភ្ញៀវជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋដែលអញ្ជើញមកទស្សនា សរុបប្រមាណជាង២០០នាក់។ លោករដ្ឋមន្រ្តីទាំងពីរ បានអញ្ជើញទស្សនាតាមស្តង់ពិព័រណ៌ ម្ហូបអាហារភេសជ្ជៈផលិតផលរបស់ម៉ាឡេស៊ី ពីបណ្តាតំបន់នានារបស់ប្រទេសម៉ាឡេស៊ី និងពីក្នុងប្រទេសកម្ពុជាផ្ទាល់ ព្រមទាំងអញ្ជើញទស្សនាការសម្តែងសិល្បៈវប្បធម៌ របាំប្រពៃណី និងការសម្តែងតន្ត្រីដ៏ល្អ និងរស់រវើកប្រកបដោយភាពប៉ិនប្រសប់របស់សិល្បករម៉ាឡេស៊ី។ […]

អភិបាលខេត្តតាកែវ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដល់កងទ័ព កំពុងឈរជើងការពារព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តរមានជ័យ

Nisaiy KP June 22, 2025 22/06/2025

(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្ត ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាជូនដល់កងទ័ពសមរភូមិមុខ តំបន់ទិសខេត្តឧត្តរមានជ័យ ប្រចាំការតាមព្រំដែនកម្ពុជា-ថៃ ពិធីនេះបានរៀបចំធ្វើឡើងនៅតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ។ នាឱកាសនោះលោក  វ៉ី សំណាង បានសម្ដែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះបងប្អូនកងទ័ពនៅសមរភូមិមុខទាំងអស់ដែលខិតខំបម្រើជាតិមាតុភូមិ ការពារសុខសន្ដិភាព និងអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជា នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដោយមិនឱ្យបាត់បង់សូម្បី ១មីលីម៉ែត។ ជាមួយគ្នានោះលោក វ៉ី សំណាង បានអំពាវនាវ និងលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការទាំងអស់ត្រូវរួមសាមគ្គីគ្នាជានិច្ច និងកុំជឿរតាមការញ៉ុះញ៉ុង​របស់ក្រុមជ្រុលនិយមនៅក្រៅប្រទេស​ដែលមានបំណងផ្ដួលរំលំរាជរដ្ឋាភិបាល បំផ្លាញសុខសន្ដិភាព និងការអភិវឌ្ឍនៅកម្ពុជាឲ្យសោះ ពោលទោះស្ថិតក្នុងតម្លៃណាក៏ដោយត្រូវបន្តប្ដេជ្ញាការពារ និងជឿជាក់លើការដឹកនាំ​របស់រាជរដ្ឋាភិបាលកម្ពុជា​ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បន្តដឹកនាំនាវាកម្ពុជាឈានឆ្ពោះទៅរកការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសុខសន្ដិភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិនៅទូទាំងប្រទេស។ សូមបញ្ជាក់ដែរថា សម្ភារនិងគ្រឿងឧបភោគ បរិភោគ ដែលអភិបាលខេត្តតាកែវនាំយកជូនបងប្អូនកងទ័ពមាន៖ អង្ករចំនួន ១០តោន ត្រីខ ៥ កេសទឹកត្រី ៥០ យួរ ទឹកស៊ីអ៊ីវ […]

លោកជំទាវ ស៊ាន សូរិយា ត្រូវបានតែងតាំងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយពុំទទួលប្រាក់បំណាច់មុខងារ

Nisaiy KP June 22, 2025 22/06/2025

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងលោកជំទាវ ស៊ាន សូរិយា ជាទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ ដោយពុំទទួលប្រាក់បំណាច់មុខងារ។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី២២ ខែមិថុ​នា ឆ្នាំ២០២៥នេះ។ ក្រៅពីលោកជំទាវ ស៊ាន សូរិយា ព្រះរាជក្រឹត្យដដែលនេះ មានឯកឧត្តម៤រូបផ្សេងទៀត ក៏ត្រូវបានតែងតាំងជាទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ ដោយពុំទទួលប្រាក់បំណាច់មុខងារផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

អនុវត្តន៍បទបញ្ជានាយករដ្ឋមន្ត្រី, នៅព្រឹកនេះ ច្រកទ្វារព្រំដែនជប់គគីរ និងច្រកទ្វារព្រំដែនជាំ ក្នុងខេត្តឧត្តរមានជ័យ ត្រូវបានបិទហើយ តបការសម្រេចជាឯកតោភាគីរបស់យោធាថៃ ដែលបិទច្រក​សាយតាគូ-ជប់គគីរ មុន

Nisaiy KP June 22, 2025 22/06/2025

(ឧត្តរមានជ័យ)៖ អភិបាលខេត្តឧត្តរមានជ័យ លោក មាន ចាន់យ៉ាដា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះថា បន្ទាប់ពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមិថុនានេះច្រកព្រំដែនជប់គគីរ និងច្រកទ្វារព្រំដែនជាំ ក្នុងខេត្តឧត្តរមានជ័យ ត្រូវបានបិទជាស្ថាពរហើយ។ គួរជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យអាជ្ញាធរខេត្តឧត្តរមានជ័យ បិទច្រកទ្វារព្រំដែនចំនួន២ គឺច្រកជប់គគីរ និងច្រកទ្វារព្រំដែនជាំ ចាប់ពីថ្ងៃទី២២ ខែមិថុនានេះតទៅ បន្ទាប់ពីកងទ័ពយោធភូមិភាគ២ របស់ថៃ ប្រកាសបិទច្រកសាយតាគូ-ជប់គគីរ ជាឯកតោភាគីមុន ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ សម្តេចបញ្ជាក់ថា ចាប់ពីថ្ងៃទី ៧ មិថុនា ឆ្នាំ ២០២៥ កងទ័ពថៃបានប្រើប្រាស់វិធានការបិទច្រកព្រំដែន និងកែប្រែពេលវេលានៃការបិទ-បើកច្រកព្រំដែនរវាងប្រទេសទាំងពីរជាឯកតោភាគី ដោយមិនបានគិតអំពីផលប៉ះពាល់ដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាជននៃប្រទេសទាំងពីរឡើយ។ កម្ពុជាមិនដែលមានបំណងចង់បង្កការលំបាកដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរដែលរស់នៅ ឬធ្វើដំណើរឆ្លងកាត់ច្រកព្រំដែននោះទេ។ ប៉ុន្តែបើកងទ័ពថៃនៅបន្តប្រើវិធីបែបនេះដើម្បីដាក់គំនាបមកលើកម្ពុជានោះ គឺកម្ពុជាកំដរបានគ្រប់ពេលវេលា។ សម្តេចនាយករដ្ឋមន្ត្រីបន្ថែមថា «វាជារឿងចម្លែកមួយដែរ ដែលថ្នាក់ដឹកនាំនយោបាយថៃ រួមទាំងនាយករដ្ឋមន្ត្រីថៃ តែងតែស្នើសុំឲ្យមានការចរចាបើកច្រកព្រំដែន ឲ្យមានភាពប្រក្រតីភាពឡើងវិញ។ ប៉ុន្តែពេលជាមួយគ្នា កងទ័ពរបស់ថៃនៅតែបន្តធ្វើការបិទបើកច្រក ឬកែសម្រួលម៉ោងបិទបើកច្រកតាមចិត្តនឹកឃើញ ជាឯកតោភាគីទៅវិញ។ […]

ក្រសួងសុខាភិបាលរកឃើញករណីបាត់បង់ជីវិតដោយសារជំងឺផ្តាសាយបក្សីចំនួន ០១ករណីទៀតលើបុរសអាយុ៥២ឆ្នាំម្នាក់ នៅខេត្តស្វាយរៀង

Liny Chan June 21, 2025 21/06/2025

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះ ប្រកាសរកឃើញ ករណីស្លាប់ដោយជំងឺផ្តាសាយបក្សីចំនួន ០១ករណី ដែលបានកើតលើបុរសអាយុ៥២ឆ្នាំ មានទីលំនៅក្នុងភូមិប្រាសាទ ឃុំពោធិ៍រាជ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។ បុរសរូបនេះ ត្រូវបានបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។ ទោះជាមានការយកចិត្តទុកដាក់ ថែទាំនិងជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យ អ្នកជំងឺបានទទួលមរណភាពនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១១និង៣០នាទីព្រឹក ដោយសារមានស្ថានភាពធ្ងន់ធ្ងរ រួមមានគ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើម។ តាមការសាកសួរបង្ហាញថាអ្នកជំងឺបានកាន់និងប៉ះពាល់មាន់ឈឺនិងងាប់ ២ថ្ងៃមុនថ្ងៃដែលអ្នកជំងឺចាប់ផ្តើមឈឺ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បញ្ជាក់ពីប្រក្រតីភាពនៃការផ្គត់ផ្គង់បន្លែផ្លែឈើ និងធានាការផ្គត់ផ្គង់តម្រូវការប្រេងឥន្ធនៈក្នុងប្រទេស ប្រសិនបើថៃបិទមិនឱ្យនាំចូលប្រេងមកកម្ពុជា

Liny Chan June 21, 2025 21/06/2025

(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងក្រសួងពាណិជ្ជកម្មកម្ពុជា បញ្ជាក់ពីប្រក្រតីភាពនៃការផ្គត់ផ្គង់បន្លែផ្លែឈើ និងធានាការផ្គត់ផ្គង់តម្រូវការប្រេងឥន្ធនៈក្នុងប្រទេស បើថៃបិទមិនឱ្យនាំចូលប្រេងមកកម្ពុជា។ ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះលោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា លោកស្រី ចម និម្មល រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មបានផ្ដល់ការណែនាំ ដល់ប្រធានមន្ទីរពាណិជ្ជកម្មចំនួន៧ខេត្តដែលនៅជាប់ព្រំដែនថៃ ដោយបានតាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើបញ្ហាថ្លៃ ក្នុងនោះបន្លែផ្លែឈើដែលនាំមកមានមួយចំនួនប្រើប្រាស់ក្នុងបណ្ដាខេត្តទាំង៧ ដែលនៅជាប់ព្រំដែន ប៉ុន្ដែតាមការពិនិត្យយ៉ាងដិតដល់បន្លែផ្លែឈើទាំងនេះសុទ្ធសឹងតែជា បន្លែផ្លែឈើដែលនាំចូលដើម្បីនាំចេញបន្ដទៅប្រទេសវៀតណាម។ លោកបានបន្ដថា ដូច្នេះបន្លែផ្លែឈើនាំចូលពីប្រទេសថៃ ដើម្បីប្រើប្រាស់មានតែមួយចំនួនប៉ុណ្ណោះ ដែលដាក់លក់ក្នុងបណ្ដាខេត្តទាំង៧។ បន្ទាប់ពីបិទមិនឲ្យនាំចូលបន្លែផ្លែឈើពីប្រទេសថៃមក ប្រជាជនដំបូងមានការត្អូញត្អែរដោយព្រួយបារម្ភចំពោះការកង្វះការផ្គត់ផ្គង់ ប៉ុន្ដែបន្ទាប់ពីមានការណែនាំពីប្រធានមន្ទីរមក និងមានការអំពាវនាវជាហូរហែរធ្វើឲ្យអាជីវករ ងាកមកទិញបន្លែផ្លែឈើក្នុងស្រុក ដើម្បីផ្គត់ផ្គង់ឡើងវិញ។ លោក ប៉ែន សុវិជាតិ បានបញ្ជាក់បន្ថែមថា ចំពោះទំនិញកសិផលរបស់កម្ពុជា ដែលនាំទៅប្រទេសថៃ ដូចជាពោត ដំឡូងមីជាដើម គឺបន្ដការនាំចេញជាធម្មតា ក្នុងនោះចំពោះទំនិញច្រើនដែលលំបាក ឬមិនបាននាំចេញ យើងបង្វែរទៅនាំចេញទៅកាន់ប្រទេសផ្សេងទៀត។ កត្តាមួយទៀតគឺការជំរុញឈ្មួញកណ្ដាលដែលតែងតែប្រមូលទិញទំនិញ កុំឆ្លៀតបន្ទាបតម្លៃ ចំណែកអ្នកលក់ដូរក្នុងផ្សារដូចគ្នា កុំឆ្លៀតដំឡើងថ្លៃ និងបង្វែរទិសដៅនៃការនាំចេញរបស់ខ្លួន ទៅប្រទេសម្ខាងទៀតដូចជាប្រទេសវៀតណាម […]