(ភ្នំពេញ)៖ ដូចគេដឹងហើយថា ប្រាសាទភ្នំដា ក្នុងខេត្តតាកែវ គឺជាប្រាសាទមួយ ស្ថិតនៅក្នុងបញ្ជីត្រៀមរបស់កម្ពុជា សម្រាប់ដាក់ស្នើជាតំបន់បេតិកភណ្ឌពិភពលោក ក្នុងចំណោមស្ថានីយ៍សំខាន់ៗចំនួន៧ ដូចជា៖ សារមន្ទីរទួលស្លែង (ដាក់ជាកញ្ចប់ជាមួយបឹងជើងឯក និងមន្ទីរម១៣) ប្រាសាទបន្ទាយឆ្មារ ភ្នំឧត្តុង្គ ភ្នំគូលែន ព្រះខណ្ឌស្រុកកំពង់ស្វាយ និងប្រាសាទបេងមាលា ជាដើម។ បើគេទៅលេងតំបន់ប្រាសាទភ្នំដា គេនឹងឃើញប្រាសាទភ្នំដា ដែលសង់នៅសម័យអង្គរផង និងប្រាសាទចាស់មួយទៀត ដែលសង់នៅសម័យអាណាចក្រភ្នំ ឬហ្វ៊ូណនផង។ ជាការណ៍ពិត អ្នកស្រាវជ្រាវជាច្រើនបានយល់ស្របគ្នាថា ប្រាសាទភ្នំដា ដែលនៅឈរមានរូងរាងល្អ និងសាងសង់ឡើងនៅរវាងសតវត្សទី១១ នៅសម័យអង្គរនោះ បានសង់ពីលើប្រាសាទដ៏ចំណាស់មួយ ដែលមានអាយុកាលពីសម័យហ្វ៊ូណនមកម៉្លេះ។ បើគេមើលផ្នែកខាងក្រៅនៃជ្រុងខាងលិច យើងគេអាចមើលឃើញប្រាសាទចាស់ នាសម័យហ្វូណន យ៉ាងប្រាកដ។ ម្យ៉ាងវិញទៀត ក្នុងចំណោមរចនាប័ទ្មខ្មែរទាំង១៣ រចនាប័ទ្មប្រាសាទភ្នំដា គឺជារចនាប័ទ្មដំបូងរបស់ខ្មែរ ពោលគឺជារចនាប័ទ្ម ដែលត្រូវបានបង្កើតឡើងក្នុងសម័យអាណាចក្រភ្នំ ឬហ្វ៊ូណន ដែលគេរាប់ចាប់ពីសតវត្សទី១ ដល់សតវត្សទី៦។ ប្រាសាទនេះ មានរាង៤ជ្រុងសង់ពីថ្មបាយក្រៀម និងថ្មភក់បែរមុខទៅទិសខាងជើង។ ទីនេះ ជាប្រភពសិលាចារឹកលេខ K.670, K.830, K.556, K.549,K29ខណៈតំបន់នេះដែរ ត្រូវបានគេជឿថា ជាកន្លែងចាប់ផ្តើមនៃអារ្យធម៌ខ្មែរ។ […]