ព័ត៌មានជាតិ

ក្រុមហ៊ុនក្នុងស្រុកមួយ គ្រោងបង្កើតរោងចក្រផលិតសាច់មាន់, អគ្គនាយក ARDB ស្នើឲ្យសហការផលិតជាមួយកសិដ្ឋានចិញ្ចឹមមាន់ក្នុងស្រុក

Liny Chan February 4, 2025 04/02/2025

(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យ ឧកញ៉ា ច័ន្ទ តារា អគ្គនាយកក្រុមហ៊ុន លីហ្វ៊ូដ និងលោក ហ្គារេត តាន់ នាយកគ្រប់គ្រងទូទៅ ព្រមទាំងសហការី បានចូលជួបសម្តែងការគួរសម និងធ្វើបទបង្ហាញអំពីគម្រោង ក្នុងការវិនិយោគបង្កើតរោងចក្រផលិតសាច់មាន់នៅកម្ពុជា។ ក្នុងឱកាសនេះដែរ លោកបណ្ឌិតប្រតិភូ បានធ្វើការផ្លាស់ប្តូរយោបល់ និងផ្តល់នូវអនុសាសន៍មួយចំនួន ដល់ថ្នាក់ដឹកនាំក្រុមហ៊ុន លីហ្វ៊ូដ។ លោកបណ្ឌិតប្រតិភូ ក៏សូមឲ្យក្រុមហ៊ុនធ្វើយ៉ាងណា ដើម្បីសហការផលិតជាមួយកសិដ្ឋានចិញ្ចឹមមាន់ក្នុងស្រុក និងផ្គត់ផ្គង់ជូនប្រជាពលរដ្ឋកម្ពុជានូវសាច់មាន់ ដែលប្រកបដោយគុណភាព អនាម័យ និងតម្លៃសមរម្យ ដែលអាចធ្វើទៅបាន ថែមទាំងអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង ស្របតាមចក្ខុវិស័យរបស់ធនាគារ ARDB និងក្រោមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលផ្តោតសំខាន់ក្នុងការលើកកម្ពស់ផលិតផលកសិកម្ម។ សូមបញ្ជាក់ថា ក្រុមហ៊ុន លីហ្វ៊ូដ បានបើកដំណើរការតាំងពីឆ្នាំ២០១០ ហើយក៏ជាក្រុមហ៊ុនដែលនាំមុខគេមួយ ក្នុងចំណោមក្រុមហ៊ុនធំៗដែលនាំចូល និងចែកចាយ ក្នុងវិស័យម្ហូបអាហារ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អាវុធហត្ថរាជធានីភ្នំពេញ ដាក់វិន័យរដ្ឋបាលដោយកោសក់ហាត់កីឡា ទៅលើក្មេងទំនើង ១៤នាក់ ដែលបង្ហោះម៉ូតូលើផ្លូវសាធារណៈ

Liny Chan February 4, 2025 04/02/2025

(ភ្នំពេញ)៖ នៅយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ បានធ្វើការល្បាតដើម្បី បង្ការ បង្ក្រាបក្រុមក្មេងទំនើងក្នុងភូមិសាស្រ្តខណ្ឌ ជាលទ្ធផលបានឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន១៥នាក់ (ស្រី១នាក់) ដែលធ្វើសកម្មភាពជាក្រុម បង្ហោះម៉ូតូតាមផ្លូវសាធារណៈ នៅចំណុចផ្លូវបេតុង ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។ ក្មេងទំនើងទាំងនេះ ត្រូវបញ្ជូនបន្តទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំ ក្នុងនោះក្មេងទំនើង១៤នាក់ ត្រូវដាក់វិន័យរដ្ឋបាល ដោយកោសក់ហាត់កីឡា លើកម៉ូតូដើរក្នងទីបញ្ជាការដោយស្រែកថា «ខ្ញុំក្មេងទំនើងបង្ហោះម៉ូតូ កុំយកតម្រាប់តាមខ្ញុំ ពីពេលនេះទៅ ខ្ញុំឈប់បង្ហោះម៉ូតូហើយ» ព្រមទាំងដកហូតម៉ូតូ៧គ្រឿង រក្សាទុក៣ខែផងដែរ។ សូមរំលឹកថា កន្លងមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ពាក់ព័ន្ធនឹងក្មេងទំនើង ដោយត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់។ ដោយឡែក ចំពោះក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទីពីរបន្តទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រដ្ឋបាលស្រុកទឹកឈូ ត្រួតពិនិត្យអវត្តមានសិស្សនៅវិទ្យាល័យ ហ៊ុន សែន ត្រសេកកោ រកឃើញសិស្សគេចសាលា៨នាក់

Liny Chan February 4, 2025 04/02/2025

(កំពត)៖ លោក អ៉ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានគិតគូរ និងយកចិត្តទុកដាក់ពាក់ព័ន្ធវិស័យអប់រំ ដោយបានលើកបញ្ជាក់ថា បញ្ហាអប់រំ ជាកត្តាចម្បង សម្រាប់អភិវឌ្ឍធនធានមនុស្ស ព្រមទាំងបង្កើនភាពកក់ក្តៅ ជូនឪពុកម្តាយអាណាព្យាបាលសិស្ស ក្នុងភូមិសាស្រ្តនៃស្រុកទឹកឈូ។ ឃើញដូច្នេះនារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ រូបលោក ក្នុងនាមគណៈបញ្ជាការឯកភាពស្រុក បានចាត់លោក ទុយ រុំ អភិបាលរងស្រុក ដឹកនាំកម្លាំងនៃអធិការនគរបាលស្រុក បញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុក ការិយាល័យជំនាញ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ចុះតាមដានសិស្សានុសិស្សគេចសាលាមិនចូលរៀនម៉ោងសិក្សា ព្រមទាំងត្រួតពិនិត្យរដ្ឋបាល អវត្តមានសិស្សនៅវិទ្យាល័យ ហ៊ុន សែន ត្រសេកកោង ស្ថិតក្នុងភូមិត្រសេកកោង ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។ អធិបាលស្រុក ក៏បានណែនាំដល់ក្រុមការងារមួយចំនួន រួមមាន៖ *១៖ ណែនាំអាជីវករ ករណីលក់នំចំណីដែលខូចគុណភាព ឬក្រសួងហាមឃាត់។*២៖ ហាមមិនឲ្យសិស្ស ផ្ញើម៉ូតូនៅក្រៅរបងសាលា។*៣៖ ហាមមិនឲ្យមានអាជីវកម្មហ្គេម ល្បែង និងបុកប៊ីយ៉ា នៅជុំវិញរបងសាលា។*៤៖ តេស្តស្វែងរកសារធាតុញៀនមុខសញ្ញាសិស្សមិនចូលថ្នាក់រៀន។*៥៖ ត្រួតពិនិត្យអនាម័យបរិស្ថាន ពិសេសបន្ទប់ទឹក។*៦៖ ត្រួតពិនិត្យបញ្ជីលេខទូរស័ព្ទអាណាព្យាបាលសិស្ស និងការអនុវត្តរបស់គ្រូករណីសិស្សអវត្តមាន។ ក្រោយពីក្រុមការងារខាងលើ […]

ក្មេងទំនើងដែលដេញកា.ប់គ្នានៅមាត់ស្ទឹងសង្កែ ក្រុងបាត់ដំបង ត្រូវកម្លាំងនគរបាលចាប់ខ្លួនបាន៤នាក់

Liny Chan February 4, 2025 04/02/2025

(បាត់ដំបង)៖ ករណីក្មេងទំនើងដេញកាប់ចាក់គ្នានៅមាត់ស្ទឹងសង្កែត្រើយខាងកើត ស្ថិតក្នុងសង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្ត ស្រាវជ្រាវបង្ក្រាបបាន៤នាក់។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ហេតុការណ៍ក្មេងទំនើងដេញកាប់ចាក់គ្នានេះ បានកើតឡើងនៅយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយក៏មានការចែកចាយសកម្មភាពវីដេអូនៅតាមបណ្ដាញសង្គមផងដែរ។ ក្រោយទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ បានដាក់បទបញ្ជាដល់ការិយាល័យជំនាញ និងអធិការនគរបាលក្រុងបាត់ដំបង ត្រូវចាត់វិធានការជាបន្ទាន់លើករណីនេះ។ រហូតមកដល់ពេលនេះ សមត្ថកិច្ចកំណត់មុខសញ្ញា និងបាននាំខ្លួនពួកគេចំនួន៤នាក់ យកមកធ្វើការសាកសួរ និងចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ។ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានដាស់តឿនជាថ្មីម្តងទៀត ចំពោះក្រុមយុវជន ដែលធ្លាប់បានធ្វើសកម្មភាពបង្កការអុកឡុករំខាន នៅទីសាធារណៈធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គមក្នុងមូលដ្ឋាន ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ ព្រោះសមត្ថកិច្ចមិនមានការលើកលែង អនុគ្រោះបន្តទៀតនោះទេ បើពួកគេនៅតែបន្តសកម្មភាពបែបនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អាជ្ញាធរខេត្តកំពង់ធំ បិទចរាចរយានយន្តដឹកទំនិញគ្រប់ប្រភេទឆ្លងកាត់ស្ពានអូរមៀន ស្ថិតនៅចំនុចភូមិសមរម្យ ឃុំមានជ័យ ស្រុកសណ្តាន់

Liny Chan February 4, 2025 04/02/2025

(កំពង់ធំ)៖ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ធំ បានជូនដំណឹងថា ស្ពានអូរមៀន ស្ថិតនៅចំនុចភូមិសមរម្យ ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ គឺជាហេដ្ឋារចនាសម្ព័នដ៏មានសារៈសំខាន់ សម្រាប់តភ្ជាប់ពីស្រុកប្រាសាទសំបូរ ទៅស្រុកសណ្តាន់។ នៅពេលថ្មីៗកន្លងទៅនេះ ក្រុមការងារបច្ចេកទេស បានចុះទៅពិនិត្យចំនុចស្ពានខាងលើឃើញថា មានស្ថានភាពទ្រុតទ្រោម និងមានផ្នែកខ្លះត្រូវបានបាក់ស្រុត ដោយមិនអាចទ្រាំទ្រនឹងទម្ងន់យានយន្តដឹកទំនិញគ្រប់ប្រភេទឆ្លងកាត់បានទេ។ ដើម្បីរក្សាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណជន ដែលធ្វើដំណើរពីស្រុកប្រាសាទសំបូរ ទៅស្រុកសណ្តាន់ដោយឆ្លងកាត់ស្ពានអូរមៀន រដ្ឋបាលខេត្ត សូមធ្វើការបិទចរាចរចំពោះយានយន្តដឹកទំនិញ គ្រប់ប្រភេទ ដោយអនុញ្ញាតឲ្យតែយានយន្តធន់តូចលក្ខណៈគ្រួសារ និងទោចក្រយានយន្តឆ្លងកាត់តែប៉ុណ្ណោះ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានសេចក្តីជូនដំណឹងជាថ្មី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

នគរបាលជាច្រើននាក់ នាំរថយន្តដឹកទឹកចុះជួយពន្លត់ករណីអគ្គិភ័យឆាបឆេះហាងសាឡនមួយនៅក្រុងប៉ោយប៉ែត

Liny Chan February 4, 2025 04/02/2025

(បន្ទាយមានជ័យ)៖ មានករណីអគ្គីភ័យមួយបានឆាប់ឆេះផ្ទះហាងសាឡនមួយកន្លែង យីហោឌីវ៉ា (Zing) នៅតាមបណ្តោយផ្លូវបេតុង មុខបុរីហ្គោដឡាក់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់បញ្ជូនកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងវីរនគរបាលការពារព្រំដែនគោកលេខ៨៩១,៩១១ ប្រមាណ៥០នាក់ នាំយករថយន្តដឹកទាំង១គ្រឿង សហការជាមួយកម្លាំងកង់រាជអាវុធហត្ថក្រុង អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ជួយពន្លត់ករណីអគ្គីភ័យនេះរហូតគ្រប់គ្រប់បាននិងភ្លើងរលត់ទៅវិញទាំងស្រុង។ លោកវីរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ករណីអគ្គីភ័យនេះបណ្ដាលមកពីទុស្សេចរន្តអគ្គីសនី ម៉ាស៉ីនត្រជាក់ បង្កឲ្យមានភ្លើងទើបបណ្តាលឲ្យឆាប់ឆេះបន្ទប់ជាន់លើ ឆេះពូក និងសម្ភារៈមួយចំនួនធំ តែមិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់រងរបួសឬស្លាប់បាត់បង់ជីវិតឡើយ។ ប្រតិបត្តិការពន្លត់អគ្គីភ័យនេះ សមត្ថកិច្ចបានប្រើទឹកអស់ចំនួន០៣ឡាន រថយន្តទឹកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត១គ្រឿង, រថយន្តទឹកក្រុមហ៊ុនកាស៊ីណូត្រូពីកាលណា១គ្រឿង និងរថយន្តទឹកក្រុមហ៊ុន កាស៉ីណណូប៉ោយប៉ែតរីសត, បំពង់ពន្លត់អគ្គីភ័យចំនួន៥ធុង៕ហើយយមកទល់ពេលនេះពុំទាន់ដឹងថាអស់ថវិការប៉ុន្មាននោះទេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងបរិស្ថាន៖ ចាប់ពីម៉ោង ៦ល្ងាចថ្ងៃទី៣​ ខែកុម្ភៈ ដល់ម៉ោង ៦ព្រឹកនេះ សន្ទស្សន៍គុណភាពខ្យល់នៅកម្ពុជា គឺ «ល្អ»

Liny Chan February 4, 2025 04/02/2025

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣​ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៦ព្រឹក ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥​ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤១.០៧ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អ»។ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់ មានខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តក្រចេះ រាជធានីភ្នំពេញ ខេត្តមណ្ឌលគីរី ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តតាកែវ ខេត្តកែប ខេត្តស្វាយរៀង​ ខេត្តឧត្តរមានជ័យ និងខេត្តត្បូងឃ្មុំ, ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តកណ្តាល ខេត្តកំពង់ធំ​ ខេត្តព្រៃវែង​ ខេត្តប៉ៃលិន និងខេត្តព្រះសីហនុ​​, ពណ៌លឿងៈ​ ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តកោះកុង​​, ពណ៌ក្រហមៈ ខេត្តពោធិ៍សាត់៕ […]

ផ្លូវជាតិលេខ៤៨ ភ្ជាប់ពីផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចការសាងសង់បាន ៨៣.១២%

Liny Chan February 3, 2025 03/02/2025

(កោះកុង)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ដោយមានការចូលរួមពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងមានថ្នាក់ដឹកនាំក្រសួងដែលទទួលបន្ទុកការងារ និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប។ សូមបញ្ជាក់ដែរថា ផ្លូវជាតិលេខ៤៨ ប្រវែងសរុប ១៤៨.០៣ គ.ម (PK០០០+០០០ – PK១៤៨+០៣៨) ប្រភេទផ្លូវកម្រាលបេតុងកៅស៊ូ (AC) ចាប់ផ្តើមពីចំណុចប្រសព្វផ្លូវជាតិលេខ៤ ត្រង់គ.មលេខ១៤១+៧៥០ (ចម្ការហ្លួង) រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង គម្រោងសាងសង់បានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ខណៈបច្ចុប្បន្ននេះសម្រេចការសាងសង់បាន ៨៣.១២%។ ផ្លូវនេះគឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ ប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម និងទេសចរណ៍ ហើយខ្សែផ្លូវនេះដើរតួនាទី ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក៏ដូចជាខេត្តកោះកុង ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការ​ជំរុញការដោះដូរ​ពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ […]

រដ្ឋមន្ត្រីថាមពល ព្រមានដកអាជ្ញាបណ្ណសេវាករផ្គត់ផ្គង់ថាមពលអគ្គិសនី ដែលប្រព្រឹត្តខុសយកថវិកាក្រៅផ្លូវការ និងតម្រូវឱ្យអតិថិជនទិញឧបករណ៍ពីខ្លួន

Liny Chan February 3, 2025 03/02/2025

(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងថា រាជរដ្ឋាភិបាលមិនដែលបានណែនាំឱ្យសេវាករទទួលសិទ្ធិផ្គត់ផ្គង់ថាមពលអគ្គិសនី ទៅយកថវិកាក្រៅផ្លូវការនោះទេ ហើយក្នុងឆ្នាំ២០២៥នេះ ត្រូវតែសម្អាតឱ្យអស់ ចំពោះសេវាករផ្គត់ផ្គង់ថាមពលអគ្គិសនី ណាដែលយកសេវាខុសពីគោលការណ៍ និងសេវាករណាដែលតម្រូវឱ្យអតិថិជនទិញសម្ភារ និងឧបករណ៍ខ្លួន ខុសពីអាជ្ញាបណ្ណដែលទទួលបានពីរាជរដ្ឋាភិបាល។ ការព្រមានបែបនេះ របស់លោករដ្ឋមន្ត្រី កែវ រតនៈ បានធ្វើឡើងនៅក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាព បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អាជ្ញាធរអគ្គិសនីកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ លោករដ្ឋមន្ត្រី កែវ រតនៈ បានលើកឡើងថា សូមកុំភ្លេចថានៅក្នុងពេល ដែលរាជរដ្ឋាភិបាលប្តូរផ្តាច់ មិនធ្វើជាតូបនីយកម្ម មានន័យថា មិនប្រមូលយកសេវាកម្មអគ្គិសនីមកធ្វើដោយខ្លួនឯងទាំងអស់ ឬមួយដាក់ក្រោមអគ្គិសនីកម្ពុជានោះទេ ប៉ុន្តែក៏ត្រូវទាមទារការទទួលខុសត្រូវពីអ្នកកាន់សេវាករអគ្គិសនីទាំងអស់ផងដែរ។ ពីព្រោះសេវាកម្មអគ្គិសនី គឺជាសេវាកម្ម ដែលរាជរដ្ឋាភិបាល បានប្រគល់សិទ្ធិដល់អ្នកកាន់អាជ្ញាបណ្ណទាំងអស់ ដើម្បីធ្វើការផ្គត់ផ្គង់ និងចែកចាយអគ្គិសនី ជួសមុខឱ្យរាជរដ្ឋាភិបាល តាមរយៈភាពជាដៃគូ អាជ្ញាបណ្ណ ឬសេចក្តីប្រកាសរបស់ក្រសួង។ លោករដ្ឋមន្ត្រី កែវ រតនៈ បានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាល មិនដែលបានណែនាំឱ្យទៅយកលុយក្រៅផ្លូវការនោះទេ ក្នុងឆ្នាំ២០២៥នេះ ត្រូវតែសម្អាតការខ្វះខាតដែលនៅមានតិចតួច ក្នុងប្រព័ន្ធផ្គត់ផ្គង់ថាមពលអគ្គិសនីរបស់កម្ពុជា […]

ក្រសួងកសិកម្ម៖ ការនាំចេញស្រូវប្រចាំថ្ងៃ បានវិលទៅរកប្រក្រតីភាពឡើងវិញ

Liny Chan February 3, 2025 03/02/2025

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ឃឹម ហ្វីណង់ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានបញ្ជាក់ថា ទំហំនាំចេញស្រូវនាពេលបច្ចុប្បន្ន គិតជាមធ្យមស្ថិតក្នុងចន្លោះពី ២០,០០០- ២៥,០០០តោន ក្នុងមួយថ្ងៃ ដែលជាបរិមាណប្រហាក់ប្រហែលគ្នានឹងមុនពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំ និងខ្ពស់ជាងមធ្យមភាគនៃបរិមាណប្រចាំ កាលពីដើមខែមករា ឆ្នាំ២០២៥ ដែលមានទំហំត្រឹមតែ ១០,០០០តោនក្នុងមួយថ្ងៃ។ លោកបានបន្តថា ទោះបីជាថ្លៃស្រូវអូអឹម ស្ថិតក្នុងរង្វង់ ៨០០រៀលដដែលក៏ដោយ តែស្ថានភាពបែបនេះ បានជួយកាត់បន្ថយសម្ពាធថ្លៃស្រូវនៅទីវាល និងជួយឱ្យមិនមានការរាំងស្ទះទីផ្សារលក់ចេញ របស់បងប្អូនកសិករយើងផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News