ព័ត៌មានជាតិ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសដាក់ដំណើរការម៉ាស៊ីនបកប្រែ TranslateKh ជំនាន់ទី១ ដល់សាធារណជន ដោយឥតគិតថ្លៃ

Liny Chan December 4, 2024 04/12/2024

(ភ្នំពេាញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានបង្កើតម៉ាស៊ីនបកប្រែ TranslateKh ដែលជាជំនួយការឆ្លាតមានលទ្ធភាពអាចជួយដល់ការបកប្រែពាក្យ ឃ្លាប្រយោគ ឬអត្ថបទ ពីភាសាខ្មែរទៅភាសាអង់គ្លេស និងពីភាសាអង់គ្លេសមកភាសាខ្មែរវិញ។ ម៉ាស៊ីនបកប្រែ TranslateKH គឺជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI)មួយ ដែលត្រូវបានបង្កើតឡើងប្រើប្រាស់វិធីសាស្ត្រសិក្សាស៊ីជម្រៅ(Deep Learning)។ អាស្រ័យហេតុនេះ សាធារណជនអាចប្រើប្រាស់ម៉ាស៊ីនបកប្រែ TranslateKh ជំនាន់ទី១ ជាជំនួយការបកប្រែកិច្ចសន្ទនានិងសារព័ត៌មានទូទៅ ។ ក.ប.ទ. នឹងបន្តអភិវឌ្ឍបន្ថែមដើម្បីឱ្យ TranslateKh អាចបកប្រែជាមួយលទ្ធផលល្អប្រសើរជាមួយនិងវិស័យផ្សេងទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អត្តពលិកបណ្ដាប្រទេសមួយចំនួន បានមកដល់ខេត្តសៀមរាបបណ្ដើរៗ ត្រៀមប្រកួតគុនខ្មែរជើងឯកពិភពលោក ចុងសប្ដាហ៍នេះ

Liny Chan December 4, 2024 04/12/2024

(ភ្នំពេញ)៖ ប្រតិភូ និងអត្តពលិកបណ្ដាប្រទេសមួយចំនួន បានធ្វើដំណើរមកដល់ខេត្តសៀមរាបជាបណ្ដើរៗហើយ ដើម្បីត្រៀមចូលរួមការប្រកួតកីឡាគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៥ ឆ្នាំ២០២៤ (World Kun Khmer Championship 2024) ដែលនឹងប្រឹត្តទៅចាប់ពីថ្ងៃទី០៦-០៨ ខែធ្នូចុងសប្ដាហ៍នេះ នៅមុខសួនព្រះរាជដំណាក់ ខេត្តសៀមរាប ។ យោងតាមការជូនដំណឹងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅព្រឹកថ្ងៃទី០៤ ខែធ្នូនេះ មានប្រតិភូ និងអត្តពលិក ៤ប្រទេសហើយ ដែលបានមកដល់ទឹកដីខេត្តសៀមរាប រួមមានប្រតិភូកីឡាគុនខ្មែរមកពីបារាំង អាមេរិក អ៊ីរ៉ង់ និងកៀហ្ស៊ីស៊ីស្ថាន ជាដើម ខណៈប្រតិភូបណ្ដាប្រទេសផ្សេងៗ កំពុងធ្វើដំណើរមកជាបន្ដបន្ទាប់ ដើម្បីចូលរួមព្រឹត្តិការណ៍គុនខ្មែរដ៏អស្ចារ្យលើទឹកដីអង្គរ នាចុងសប្ដាហ៍នេះ ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជាអគ្គលេខាធិការសហព័ន្ធគុនខ្មែរអន្ដរជាតិ(KIF) បានឲ្យដឹងថា ព្រឹត្តិការណ៍ World Kun Khmer Championship 2024 គឺមានអត្តពលិកជាង ២០ប្រទេស ដែលបានចុះឈ្មោះចូលរួម ក្នុងចំណោមបណ្ដាសមាជិក KIF ជាង ៦០ប្រទេសលើពិភពលោក ក្នុងនោះមានកីឡាករ-កីឡាការិនីជាង ១០០នាក់ […]

គម្រោងវិនិយោគ និងធុរកិច្ចចំនួន ៤៨ទៀត ក្រោមទុនវិនិយោគសរុប ៤៨៧លានដុល្លារ ក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេស ពីរាជរដ្ឋាភិបាល

Liny Chan December 3, 2024 03/12/2024

(ភ្នំពេញ)៖ តាមការណែនាំរបស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, នាព្រឹកថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី ១២ ដើម្បីពិនិត្យគម្រោងវិនិយោគ និងធុរកិច្ច ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ក្នុងក្របខ័ណ្ឌ «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤»។ អង្គប្រជុំបានសម្រេចជាគោលការណ៍ ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ៤៨ គម្រោង ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ១៦, គម្រោងថ្មីចំនួន ២៨, និងការពង្រីកគម្រោង ចំនួន ៤ ដែលមានទុនវិនិយោគសរុប ៤៨៧ លានដុល្លារអាមេរិក ជាអាទិ៍ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស […]

កម្ពុជា-ថៃ ឯកភាពបន្ថែមម៉ោងបើកឲ្យដឹកទំនិញចេញចូលតាមច្រកទ្វារព្រំដែនអន្ដរជាតិស្ទឹងបទ-បានណងអៀង ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១០យប់

Liny Chan December 3, 2024 03/12/2024

(បន្ទាយមានជ័យ)៖ ច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបទ-បានណងអៀង ត្រូវបានអាជ្ញាធរកម្ពុជា-ថៃ ឯកភាពគ្នាបន្ថែមម៉ោងបើកឲ្យធ្វើដំណើរការចេញ-ចូលដឹកទំនិញ ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១០យប់ ខណៈកន្លងទៅអនុញ្ញាតឲ្យត្រឹមម៉ោង៦ល្ងាចប៉ុណ្ណោះ។ លោក ញឹម ផឿង អភិបាលរងក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ អាជ្ញាធរកម្ពុជា និងថៃ បានបើកកិច្ចប្រជុំមួយនៅក្នុងស្រុកអរញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ភាគីកម្ពុជាដឹកនាំដោយលោក លៀម សូដា អភិបាលរងខេត្តបន្ទាយមានជ័យ និងខាងភាគីថៃដឹកនាំដោយអភិបាលរងខេត្តស្រះកែវ រួមជាមួយមន្ត្រីពាក់ព័ន្ធទាំងពីរភាគីជាច្រើននាក់។ លោកបានបញ្ជាក់ថា ការប្រជុំរវាងអាជ្ញាធរខេត្តជាប់ជាយដែនគ្នានេះ គឺប្រជុំផ្សព្វផ្សាយអំពីការដាក់ឲ្យដំណើរការច្រកទ្វារអន្តរជាតិស្ទឹងបទ-បានណងអៀង ត្រូវបន្ថែមវេលាដោយបើកដំណើរការចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១០យប់ សម្រាប់ការចេញចូលរថយន្តដឹកទំនិញធំៗ ដែលកន្លងមកបើកដំណើរចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាចតែប៉ុណ្ណោះ។ ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀង ជាច្រកព្រំដែនអន្តរជាតិរវាងប្រទេសកម្ពុជា និងប្រទេសថៃឡង់ ដែលបានបើកដំណើរឲ្យតែរថយន្តដឹកទំនិញចេញ-ចូលតែប៉ុណ្ណោះ ដើម្បីបញ្ចៀសការកកស្ទះនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលសម្រាប់ឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ រួមជាប្រជាពលរដ្ឋទាំងពីរភាគីធ្វើដំណើរទៅប្រកបមុខរបរធ្វើការងារតែប៉ុណ្ណោះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ម៉ាឡេស៉ី៖ ពលរដ្ឋរងគ្រោះដោយទឹកជំនន់មួយចំនួន ត្រលប់ទៅផ្ទះវិញ ខណៈដែលមានការព្យាករពីភ្លៀងធ្លាក់បន្តទៀត

Liny Chan December 3, 2024 03/12/2024

(គូឡាឡាំពួ)៖ អ្នកស្រុកនៃទីក្រុង Tumpat របស់ម៉ាឡេស៉ី បានត្រលប់ទៅផ្ទះដែលនៅជន់លិចដោយទឹក និងហាងលក់ទំនិញ របស់ពួកគេវិញហើយ ខណៈទឹកជំនន់ដ៏អាក្រក់បានធូរស្រាលខ្លះ ក្នុងតំបន់មួយចំនួន ហើយភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត ត្រូវបានព្យាករនៅថ្ងៃអង្គារ ទី៣ ខែធ្នូនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ មួយផ្នែកនៃប្រទេសម៉ាឡេស៉ី ពិសេសតំបន់ឆ្នេរភាគឦសាន និងភាគខាងត្បូងប្រទេសថៃ បានទទួលរងនូវភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ធ្ងន់ធ្ងរ សម្លាប់មនុស្សជាច្រើន បំផ្លិចបំផ្លាញផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងដំណាំស្រូវ រាប់ពាន់ហិកតា។ Tumpat ដែលជាទីក្រុងឆ្នេរសមុទ្រ ក្នុងរដ្ឋ Kelantan ជិតព្រំដែនថៃ ប្រជាជនអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ដែលខ្លះបានដួលរលំដោយផ្នែក ដូចជាជញ្ជាំង ដំបូលជាដើម។ នាយកដ្ឋានឧតុនិយមម៉ាឡេស៉ី ព្យាករថា ខ្យល់បក់បោក នឹងចាប់ផ្តើមនៅថ្ងៃអង្គារ ដែលអាចនាំមកនូវភ្លៀងធ្លាក់ខ្លាំង ជាមួយនិងការវិវត្តន៍ទៅជាខ្យល់មូសុង នៅថ្ងៃទី៨ ខែធ្នូ។ គួរបញ្ជាក់ថា ទឹកជំនន់ក្នុងប្រទេសម៉ាឡេស៉ី បណ្តាលមនុស្ស ៦នាក់ស្លាប់ និងច្រើនជាង ១៥០ ០០០នាក់ត្រូវជម្លៀស កាលពីសប្តាហ៍មុន។ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ អ្នកបន្តស្ថិតក្នុងជម្រកសុវត្ថិភាព នៅសល់ចំនួន ៩៥ ០០០នាក់ ស្របពេលដែលអាជ្ញាធរ […]

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តតាកែវ បំភ្លឺករណីចាប់ខ្លួនលោកយាយម្នាក់អាយុ៨២ឆ្នាំនៅស្រុកបាទី ខេត្តតាកែវ រឿងទំនាស់ដីធ្លីជាមួយអ្នកជិតខាង

Liny Chan December 3, 2024 03/12/2024

(តាកែវ)៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ បានចេញសេចក្ដីបំភ្លឺករណីអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលោកយាយ ជុំ យ៉េន ភេទស្រី អាយុជាង៨០ឆ្នាំ នៅស្រុកបាទី ខេត្តតាកែវ។ ក្នុងសេចក្ដីបំភ្លឺនេះ អយ្យការអមសាលាដំបូងខេត្តតាកែវ បានអះអាងថា ពាក់ព័ន្ធការចាប់ខ្លួនឈ្មោះ ជុំ យ៉េន គឺអយ្យការអមសាសាដំបូងខេត្តតាកែវ បានចេញដីកាបង្គាប់ចាប់ខ្លួន ដោយយោងតាមសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ ៣០ (ខ) ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តតាកែវ ដែលបានសម្រេចផ្តន្ទាទោសឈ្មោះ ជុំ យ៉េន ដាក់ពន្ធនាគារកំណត់រយៈពេល៨ (ប្រាំបី)ខែ ពីបទ «ធ្វើឲ្យខូចខាតដោយចេតនា និងធ្វើឲ្យបាត់ជំនឿលើ សេចក្ដីសម្រេចរបស់តុលាការ» ប្រព្រឹត្តនៅភូមិត្នោត ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទទោសតាមបញ្ញត្តិមាត្រា៤១០ និងមាត្រា៥២៣ នៃក្រមព្រហ្មទណ្ឌ។ ចំពោះការអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនខាងលើនេះ អយ្យការអមសាលាដំបូងខេត្តតាកែវ ធ្វើឡើងតាមអំណាចសាលក្រម ដែលបានចូលស្ថាពរកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។ ចំណែកតួនាទីរបស់អយ្យការ គឺធានាការអនុវត្តសាលក្រមស្ថាពររបស់សាលាដំបូងប៉ុណ្ណោះ រីឯសេចក្តីសម្រេចនៃសាលក្រម […]

មនុស្សបាត់បង់ជីវិតកើនដល់ ២៥នាក់ ដោយសារគ្រោះទឹកជំនន់នៅប្រទេសថៃ

Liny Chan December 3, 2024 03/12/2024

(បាងកក)៖ អាជ្ញាធរថៃ នាថ្ងៃអង្គារ ទី៣ ខែធ្នូ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ នៅភាគខាងត្បូងប្រទេស បានកើនដល់យ៉ាងហោច២៥នាក់ ខណៈបើតាមការព្យាករ គឺនឹងនៅបន្តមានភ្លៀងធ្លាក់ខ្លាំង ប៉ុន្មានថ្ងៃបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ខេត្តសរុបចំនួន១២ នៅប៉ែកខាងត្បូងប្រទេសថៃ បានរងការវាយប្រហារដោយគ្រោះទឹកជំនន់ ចាប់តាំងពីចុងខែវិច្ឆិកា ដែលប៉ះពាល់​ដល់ប្រជាជនសរុប ៤១០ ៤៥១នាក់។ តួលេខថ្មីខាងលើនៃអ្នកស្លាប់ គឺជាការធ្វើបច្ចុប្បន្នភាពតួលេខចាស់ ចំនួន៩នាក់ ដែលត្រូវបាន​រាយការណ៍ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ មនុស្សជាង ២២ ០០០នាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង ដោយសារទឹកជំនន់ នៅ​ខេត្ត Pattani, Narathiwat, Songkhla និង Yala។ គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះ ទីភ្នាក់ងារឧតុនិយមថៃ បានព្រមានថែមទៀត អំពីការបន្តធ្លាក់ភ្លៀងខ្លាំង រហូតដល់យ៉ាងហោចថ្ងៃទី៥ ខែធ្នូ។ ខាងរដ្ឋាភិបាលថៃ បានដាក់ពង្រាយ ក្រុមជួយសង្រ្គោះ និងបានបែងចែកថវិកា ប្រមាណ៥០លានបាត (១.៤៥លានដុល្លារ) ដល់ខេត្តនីមួយៗ សម្រាប់ប្រើប្រាស់ក្នុងកិច្ចប្រឹងប្រែងសង្រ្គោះទឹកជំនន់។ ក្នុងថ្ងៃដដែលនេះ គណៈរដ្ឋមន្រ្តីថៃ ក៏បានអនុម័តការផ្តល់​ប្រាក់ […]

កម្លាំងនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនក្រុមក្មេងទំនើងឈ្មោះ «ក្រុមលីអូហោះ» ២នាក់បន្ថែមទៀត ពាក់ព័ន្ធករណីហិ.ង្សា និងលួច

Liny Chan December 3, 2024 03/12/2024

(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនបក្ខពួកក្រុមក្មេងទំនើងឈ្មោះ ក្រុមលីអូហោះ ចំនួន២នាក់បន្ថែមទៀត ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថាន ទម្ងន់ទោស និងលួចមានស្ថានទម្ងន់ទោស កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤កន្លងទៅ នៅចំណុចភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងការិយាល័យបានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខា ជ័យវន្ត័ អាយុ១៧ឆ្នាំ នៅចំណុចផ្សារធីខេ សង្កាត់បឹងកក់១ ខណ្ឌទួលគោក និងឈ្មោះ សាន់ គីមហ៊ាង ហៅអាស្វា អាយុ១៧ឆ្នាំ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ដតាមនីតិវិធី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងទេសចរណ៍អំពាវនាវដល់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ អ្នកសារព័ត៌មាន ភ្ញៀវទេសចរ សាធារណជនចូលរួមផ្សព្វផ្សាយនិងចូលរួមការតាំងពិព័រណ៍ TRAVEX នៅប្រទេសម៉ាឡេស៊ី

Liny Chan December 3, 2024 03/12/2024

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានអំពាវនាវដល់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន និងភាគីពាក់ព័ន្ធនានាចូលរួមផ្សព្វផ្សាយនិងចូលរួមការតាំងពិព័រណ៍ពិព័រណ៍ទេសចរណ៍ ASEAN Travel Exchange (TRAVEX) ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី សំដៅទាក់ទាញទេសចរជាតិក្នុងតំបន់ និងអន្តរជាតិឱ្យមកទស្សនា «កម្ពុជា-ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង» កាន់តែច្រើនថែមទៀត។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ពិព័រណ៍ទេសចរណ៍ ASEAN Travel Exchange (TRAVEX) នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងចូហូ (Johor) ប្រទេសម៉ាឡេស៊ី។ ក្រសួងទេសចរណ៍នឹងចូលរួមការតាំងពិព័រណ៍ទេសចរណ៍ ASEAN Travel Exchange (TRAVEX) ដែលនឹងមានការចូលរួមពីប្រតិបត្តិករទេសចរណ៍ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងអ្នកលក់-អ្នកទិញ ស្តង់ពិព័រណ៍ប្រមាណ២០០ស្តង់ ដោយមានការដាក់តាំងបង្ហាញផលិតផលទេសចរណ៍ពីប្រតិបត្តិករទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ សេវាកម្មធ្វើដំណើរ សេវាកម្មសណ្ឋាគារ និងភាគីពាក់ព័ន្ធនៃបណ្តាប្រទេសសមាជិកអាស៊ានផងដែរ។ ពិព័រណ៍ទេសចរណ៍អន្តរជាតិនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់កំណើនទេសចរណ៍ក្នុងតំបន់ ជំរុញបង្កើតឱកាសអាជីវកម្មទេសចរណ៍ និងជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជាឱ្យកាន់តែទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារអាស៊ាន ព្រមទាំងជាឱកាសក្នុងការបង្កើតទំនាក់ទំនង អាជីវកម្មថ្មី កិច្ចសហប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍ និងការពង្រឹងភាពជាដៃគូទេសចរណ៍ជាតិ-អាស៊ាន […]