ព័ត៌មានអន្តរជាតិ

ភ្លៀងធ្លាក់ខ្លាំងនៅកូរ៉េខាងត្បូង មនុស្សបាត់បង់ជីវិតកើនដល់យ៉ាងហោច ១១នាក់ ក្នុងសប្តាហ៍នេះ

Nisaiy KP July 20, 2025 20/07/2025

(សេអ៊ូល)៖ នាថ្ងៃអាទិត្យ ទី២០ ខែកក្កដា មនុស្សយ៉ាងហោចម្នាក់បានស្លាប់ និង៤នាក់បានបាត់ខ្លួន អំឡុងការធ្លាក់ភ្លៀងខ្លាំង នៅប្រទេសកូរ៉េខាងត្បូង ជាហេតុនាំឱ្យតួលេខអ្នកបាត់បង់ជីវិតសរុប កើនដល់១១នាក់ហើយ ដោយសារតែបាតុភូតភ្លៀងធ្លាក់ខ្លាំងច្រើនថ្ងៃជាប់គ្នា ដែលបានបន្តវាយប្រហារប្រទេសអាស៉ីបូព៌ាមួយនេះ នៅក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ អាជ្ញាធរកូរ៉េខាងត្បូងបានឱ្យដឹងថា នៅថ្ងៃអាទិត្យនេះ ទឹកភ្លៀងកម្រិតជិតដល់១៧០មីលីម៉ែត្រ បានធ្លាក់លើស្រុក Gapyeong ក្នុង​ខេត្ត Gyeonggi ដែលមានចម្ងាយ៧០គីឡូម៉ែត្រ ពីភាគកើតរដ្ឋធានីសេអ៊ូល។ មនុស្សម្នាក់ដែលស្លាប់ គឺជាស្រ្តីវ័យ៧០ឆ្នាំប្លាយ ដែលផ្ទះរបស់គាត់ ត្រូវបានគ្រោះរអិលបាក់ដីវាយប្រហារ កាលពីម៉ោងជិត៥ទាបភ្លឺ។ មនុស្សយ៉ាងហោច ៤នាក់ផ្សេងទៀត ក៏ត្រូវអាជ្ញាធរជឿថា បានបាត់ខ្លួនផងដែរ។ គួរបញ្ជាក់ថា ឥឡូវតួលេខអ្នកស្លាប់សរុប អំឡុងភ្លៀងធ្លាក់ខ្លាំងរយៈពេល ៥ថ្ងៃជាប់គ្នាមកនេះនៅកូរ៉េខាងត្បូង បានកើនដល់យ៉ាងហោច១១នាក់ ហើយអ្នកបាត់ខ្លួនកើនដល់ជិត១០នាក់។ ភាគច្រើននៃអ្នកបាត់បង់ជីវិតទាំងនោះ គឺស្ថិតនៅស្រុក Sancheong ក្នុងខេត្ត South Gyeongsang ដែលបានទទួលរង​ទឹកភ្លៀងធ្លាក់កម្រិតជិត៨០០មីលីម៉ែត្រ ចាប់តាំងតែពីថ្ងៃពុធមក៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

UPDATE: ចំនួនអ្នកបាត់បង់ជីវិតកើនដល់ ៣៧នាក់ និងបន្តបាត់ខ្លួន ៥នាក់ ក្នុងករណីក្រឡាប់ទូកទេសចរណ៍នៅតំបន់ Halong Bay ប្រទេសវៀតណាម

Nisaiy KP July 20, 2025 20/07/2025

(ហាណូយ)៖ នៅថ្ងៃអាទិត្យ ទី២០ ខែកក្កដា ក្រុមអ្នកសង្រ្គោះកំពុងស្ទុះស្ទាស្វែងរកអ្នកបាត់ខ្លួន៥នាក់ទៀត បន្ទាប់ពីមនុស្ស៣៧នាក់ បានបាត់បង់ជីវិតនៅពេលទូកទេសចរណ៍១គ្រឿង បានក្រឡាប់លិចនៅតំបន់ឆកសមុទ្រ Halong ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយប្រចាំប្រទេសវៀតណាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកវៀតណាម បានឱ្យដឹងថា ទូកទេសចរណ៍ឈ្មោះថា Wonder Sea ផ្ទុកអ្នកដំណើរសរុប៤៨នាក់ ដែលភាគច្រើនជាគ្រួសារអ្នកទេសចរមកពីរដ្ឋធានីហាណូយ រួមជាមួយក្រុមការងារទូក៥នាក់ បានជួបឧបទ្ទវហេតុខាងលើ កាលពីរសៀលថ្ងៃសៅរ៍សប្តាហ៍នេះ ដោយសារតែនៅសុខៗស្រាប់តែមានព្យុះភ្លៀងខ្លាំងភ្លាមៗ។ មនុស្ស១១នាក់ដែលនៅរស់ ត្រូវបានជួយសង្រ្គោះ ខណៈសាកសព៣៧នាក់ត្រូវស្រង់បាន ក្នុងនោះ៣នាក់ ជាបុគ្គលិកទូក។ សម្រាប់អ្នកបន្តបាត់ខ្លួន គឺមាន៣នាក់ជាភ្ញៀវទេសចរ និង២នាក់ជាបុគ្គលិកទូក។ គួរបញ្ជាក់ថា ក្នុងខែកក្កដាដដែលនេះ ក៏ទើបតែមានករណីលិចស្រឡាង១គ្រឿង នៅក្បែរឆ្នេរកោះទេសចរណ៍ដ៏ពេញនិយមរបស់​ប្រទេសឥណ្ឌូណេស៉ី គឺកោះ Bali ផងដែរ ដោយសោកនាដកម្មនោះ បានផ្តាច់ជីវិតមនុស្សយ៉ាងហោច១៨នាក់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ល្បែងស៊ីសងអនឡាញ ធ្វើឱ្យថៃបាត់ចំណូលរាប់លានដុល្លារ ក្នុងមួយឆ្នាំៗ 

Nisaiy KP July 20, 2025 20/07/2025

(បាងកក)៖ ល្បែងស៊ីសងអនឡាញ​ បានធ្វើឱ្យថៃបាត់ចំណូល ដោយលុយហូរចេញពីប្រទេស ជាង ១៥០ពាន់លានបាត ជារៀងរាល់ឆ្នាំ។ នេះបើតាមកាសែតថៃ The Nation។ តាម The Nation ជារៀងរាល់ឆ្នាំ ប្រាក់ ១៥០ពាន់លានបាត បានបាត់បង់តាមរយៈល្បែងស៊ីសងអនឡាញ ហើយប្រាក់ទាំងនេះទៀតសោតគឺជាផ្នែកមួយនៃទីផ្សារល្បែងស៊ីសងអនឡាញ ទាំងមូលដែលមានទំហំ ៣ទ្រីលានបាត ជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសថៃ និងជាផ្នែកមួយនៃប្រាក់ ៥០០ពាន់លានបាតនៃទីផ្សារល្បែងស៊ីសងអនឡាញ ដែលមិនត្រូវបានវិនិយោគឡើងវិញ នៅក្នុងសេដ្ឋកិច្ចថៃ។ ប្រឈមនឹងការបាត់ចំណូល អ្នកជំនាញក្នុងប្រទេសថៃ បានស្នើឱ្យមានដំណោះស្រាយមួយដើម្បីទប់ស្កាត់កុំឱ្យលុយហូរចេញពីប្រទេសថៃតាមរយៈល្បែងស៊ីសងអនឡាញ ហើយបង្វែរលុយ ទាំងនោះទៅជាការវិនិយោគសម្រាប់ការអភិវឌ្ឍជាតិ និងកំណើនសេដ្ឋកិច្ច ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ និងសុខមាលភាពសង្គម ដើម្បីធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាជនថៃ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

សហរដ្ឋអាមេរិក៖ មនុស្សជាង ២០នាក់រងរបួស បន្ទាប់ពីរថយន្តបេីកបំបុកហ្វូងមនុស្ស នៅទីក្រុង Los Angeles

Nisaiy KP July 20, 2025 20/07/2025

(វ៉ាស៉ីនតោន)៖ នាយកដ្ឋានពន្លត់អគ្គីភ័យរបស់ទីក្រុង Los Angeles បានឱ្យដឹងថា រថយន្តមួយគ្រឿងបានបើកបំបុកហ្វូងមនុស្សលើមហាវិថី Santa Monica នៃទីក្រុង កាលពីព្រឹកថ្ងៃសៅរ៍នេះ បណ្តាលឱ្យមនុស្សច្រេីនជាង ២០នាក់រងរបួស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ ២០២៥។ យ៉ាងហោចណាស់ជនរងគ្រោះ ៣នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ​ រីឯមួយចំនួនទៀតត្រូវរបួសធ្ងន់។ ភ្លាមៗ គេមិនទាន់ដឹងពីមូលហេតុនៃឧបទ្ទវហេតុនេះទេ។ តាមទូរទស្សន៍ CNN ទីតាំងកេីតហេតុ គឺនៅក្បែរកន្លែងប្រគុំតន្ត្រី៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

វៀតណាម៖ ក្រឡាប់ទូកទេសចរណ៍ នៅឈូងសមុទ្រ Halong បណ្តាលឱ្យមនុស្ស ៣នាក់បាត់បង់ជីវិត

Nisaiy KP July 20, 2025 20/07/2025

(ហាណូយ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ទូកទេសចរណ៍ផ្ទុកមនុស្សចំនួន ៥៣នាក់ រួមទាំងនាវិក ៥នាក់បានក្រឡាប់នៅឯឈូងសមុទ្រ Halong ប្រទេសវៀតណាម នារសៀលថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ដោយបានសម្លាប់មនុស្ស ៣នាក់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ហេតុការណ៍នេះបានកើតឡើងភ្លាមៗបន្ទាប់ពីព្យុះ Wipha បោកបក់ចូលសមុទ្រចិនខាងត្បូង ដោយនាំមកនូវខ្យល់បក់ខ្លាំង ភ្លៀងធ្លាក់ខ្លាំង និងផ្គររន្ទះនៅក្នុងតំបន់នោះ។ កាសែតកងទ័ពប្រជាជនរាយការណ៍ថា ក្រុមជួយសង្គ្រោះរកឃើញអ្នកនៅមានជីវិតចំនួន ១២នាក់ និងសាកសពមនុស្ស ៣នាក់។ អាជ្ញាធរមិនទាន់បង្ហាញព័ត៌មានលម្អិតអំពីភ្ញៀវទេសចរ ឬសញ្ជាតិរបស់ពួកគេនៅឡើយទេ ហើយប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត។ ឈូងសមុទ្រ Halong ដែលស្ថិតនៅចម្ងាយប្រហែល ២០០គីឡូម៉ែត្រភាគឦសានទីក្រុងហាណូយ បានទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ ដែលភាគច្រើនធ្វើដំណើរកម្សាន្តតាមទូកមួយយប់។ តាមការព្យាករ ព្យុះ Wipha ដែលជាព្យុះទីហ្វុងទីកម្រិត ៣ នឹងបោកបក់តាមឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសវៀតណាម នាដេីមសប្តាហ៍ក្រោយ។ ផលរំខានពីព្យុះក៏បានប៉ះពាល់ដល់ការធ្វើដំណើរតាមផ្លូវអាកាសផងដែរ ដោយជេីងហោះហេីរចូលមកអាកាសយានដ្ឋាន Noi Bai ចំនួន ៩ ត្រូវបង្វែរទៅចុះនៅអាកាសយានដ្ឋានផ្សេង ខណៈជើងហោះហើរចាកចេញចំនួន ៣ត្រូវបានផ្អាកបណ្តោះអាសន្ន៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

សេតវិមានបញ្ជាក់ថា លោក ត្រាំ មានជំងឺសសៃឈាមវ៉ែនបណ្ដាលឱ្យហើមជើង និងជាំដៃ

Liny Chan July 18, 2025 18/07/2025

(វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា បានឱ្យដឹងថាលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបានក្រុមគ្រូពេទ្យធ្វើរោគវិនិច្ឆយរកឃើញថាមាន ជំងឺសសៃឈាមវ៉ៃនដែលបណ្ដាលឱ្យជើងរបស់លោកហើម និងស្នាមជាំលើដៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt ដោយអានលិខិតមួយពីគ្រូពេទ្យរបស់លោក ត្រាំ នៅឯសន្និសីទសារព័ត៌មានបាននិយាយថាជើងរបស់លោក ត្រាំ ហើម ដោយសារជំងឺសរសៃឈាមវ៉ែន។ ក្រោយការបញ្ជាក់របស់លោកស្រី Leavitt សេតវិមានបានផ្ដល់ព័ត៌មានបន្ថែមថាជើងរបស់លោក ត្រាំ ហើមដោយសារតែជំងឺសសៃឈាមវ៉ែន ដែលបណ្ដាលមកពីឈាមត្រឡប់ពីជើងទៅបេះដូងវិញមិនគ្រប់គ្រាន់។ ជំងឺនេះតែងតែកើតឡើងជាធម្មតាលើមនុស្សមានអាយុចាប់ពី ៧០ឆ្នាំឡើងទៅ។ លោក ត្រាំ បច្ចុប្បន្ន មានអាយុ៧៩ឆ្នាំ។ លោក ត្រាំ មិនត្រូវបានក្រុមគ្រូពេទ្យរកឃើញថាមានបញ្ហាអាចឈានដល់ការគាំងបេះដូងនោះទេ រីឯក្រលៀនក៏មិនមានបញ្ហាអ្វីនោះដែរ ខណៈលោកស្រី Leavitt បានប្រាប់ ក្រុមអ្នកសារព័ត៌មានថាមិនមានអារម្មណ៍រងការរំខានដោយសារជំងឺឡើយ ហើយកំពុងស្ថិតក្រោមការតាមដាន និងព្យាបាល៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ស៊ីរី អះអាងពីការដកកងទ័ពចេញពីទីក្រុងមូលដ្ឋានរបស់ជនជាតិ Druze ក្រោយមានសំណើពីសហរដ្ឋអាមេរិក

Liny Chan July 17, 2025 17/07/2025

(ដាម៉ាស)៖ រដ្ឋាភិបាលស៊ីរី បានប្រកាសថាកងទ័ពរបស់ខ្លួនបានចាប់ផ្ដើមដកចេញពីទីក្រុង Sweida ហើយ នៅថ្ងៃពុធ ទី១៦ ខែកក្កដា បន្ទាប់ពីការវាយប្រហារតាម ផ្លូវអាកាសជាបន្តបន្ទាប់របស់អ៉ីស្រាអែលលើរដ្ឋធានីដាម៉ាស និងការអំពាវនាវរបស់សហរដ្ឋអាមេរិកឱ្យកងទ័ពស៊ីរីដលចេញពីទីក្រុងភាគខាងត្បូងមួយនេះដែលមាន ជនជាតិ Druze ភាគច្រើនរស់នៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ សហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អ៉ីស្រាអែល និងកំពុងព្យាយាមស្ដារទំនាក់ទំនងឡើងវិញជាមួយស៊ីរី បាននិយាយថាកិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ ដើម្បីស្ដារភាពស្ងប់ស្ងាត់ក្នុងតំបន់។ រដ្ឋាភិបាលស៊ីរីបានប្រកាសពីបទឈប់បាញ់ថ្មីមួយនៅក្នុងទីក្រុង Sweida ដែលនឹងនាំមកនូវការបញ្ឈប់ប្រតិបត្តិការយោធា ក្នុងទីក្រុង មួយនេះ បន្ទាប់ពីការប៉ះទង្គិចគ្នាដ៏ហិង្សាដែលអង្គការតាមដានស្ថានការណ៍សង្រ្គាមបាននិយាយថាបានសម្លាប់មនុស្សជាង ៣៥០នាក់ ចាប់តាំងពីថ្ងៃអាទិត្យសប្ដាហ៍មុន មក។ ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិស៊ីរី បានគូសបញ្ជាក់ដូច្នេះថា «កងទ័ពស៊ីរីបានចាប់ផ្ដើមដកចេញពីទីក្រុង Sweida ជាការអនុវត្តតាមលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងមួយ ក្រោយការបិទបញ្ចប់ការបោសសម្អាតក្រុមឧទ្ទាមក្រៅច្បាប់ក្នុងទីក្រុង Sweida»។ ប៉ុន្តែ សេចក្ដីថ្លែងការណ៍នេះមិនបានលើកឡើងពីការដក កងកម្លាំងសន្តិសុខមួយចំនួនរបស់រដ្ឋាភិបាល ដែលត្រូវបានដាក់ពង្រាយទៅកាន់ទីក្រុង Sweida កាលពីថ្ងៃអង្គារកន្លងទៅនេះនោះទេ។ គួរបញ្ជាក់ថា អ៉ីស្រាអែលដែលមានសហគមន៍ជនជាតិ Druze ក្នុងប្រទេសរបស់ខ្លួនដែរនោះ បានតាំងខ្លួនជាអ្នកការពារសហគមន៍ជនជាតិភាគតិចមួយនេះ បើទោះជា ក្រុមអ្នកវិភាគខ្លះបាននិយាយថាវាគ្រាន់តែជាលេសមួយដើម្បីបន្តគោលដៅយោធារបស់ខ្លួន ក្នុងការរក្សាឱ្យកងកម្លាំងរដ្ឋាភិបាលស៊ីរីស្ថិតនៅឱ្យឆ្ងាយពីតំបន់ព្រំដែនរវាង ប្រទេសទាំង២ក៏ដោយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រឿងអាស្រូវស្ត្រីម្នាក់ពាក់ព័ន្ធព្រះសង្ឃ កំពុងអង្រួនសហគមន៍សង្ឃក្នុងប្រទេសថៃ

Liny Chan July 17, 2025 17/07/2025

(បាងកក)៖ ប៉ូលិសនៅក្នុងប្រទេសថៃ បានឃាត់ខ្លួនស្ត្រីម្នាក់ដែលត្រូវបានចោទប្រកាន់ថាបានដើរទាក់ព្រះសង្ឃថៃដើម្បីរួមភេទ ហើយគំរាមទារលុយរាប់ម៉ឺនដុល្លារ បើមិនចង់ឱ្យរូបគេ ទម្លាយរឿងអាស្រូវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP។ រឿងអាស្រូវផ្លូវភេទពាក់ព័ន្ធនឹងព្រះសង្ឃខាងលើកំពុងអង្រួនវិស័យពុទ្ធសាសនានៅក្នុងប្រទេសថៃ និងជំរុញឱ្យមានការចោទសួរថាតើគេគួរតែពិនិត្យឡើងវិញលើច្បាប់គ្រប់គ្រងសហគមន៍ សង្ឃដែរឬទេ? តាមប៉ូលិសថៃ យ៉ាងហោចមានព្រះចៅអធិការ និងមន្ត្រីសង្ឃជាន់ខ្ពស់ ៩អង្គ មានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទជាមួយស្ត្រីម្នាក់ឈ្មោះ Wilawan Emsawat ឬមានរហ័ស្សនាមថា Golf មានអាយុ៣៥ឆ្នាំ។ នាង Golf ត្រូវបានប៉ូលិសថៃចាប់ខ្លួននៅក្នុងផ្ទះដ៏ប្រណិតមួយ នៅក្នុងទីក្រុង Nonthaburi បន្ទាប់ពីប៉ូលិសរកឃើញភស្តុតាងថាព្រះសង្ឃមួយអង្គបានផ្ទេរប្រាក់ជាង ១០ ០០០ដុល្លារ យកចេញពីគណនីរបស់វត្តព្រះសង្ឃអង្គនេះ ចូលទៅក្នុងគណនីធនាគាររបស់នាង Golf។ នាង Golf ត្រូវបានចាប់ខ្លួនពីបទគំរាមយកលុយ លាងលុយ និងទទួលផលចោរកម្ម។ ប្រាក់នេះត្រូវបានផ្ទេរកាលពីថ្ងៃ១៦ ខែកក្កដា ឆ្នាំ២០២៤ ដោយព្រះសង្ឃមានព្រះនាម Phra Theppatcharaporn ដែលកាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ បានលាចាកសិក្ខារបទ និងទទួលស្គាល់ថាពិតជាបានផ្ទេរប្រាក់រហូតដល់ទៅ ៣៤០ ០០០ដុល្លារឱ្យ Golf ។ ចំណែក នាង Golf ក៏បានសារភាពដែរថារូបនាងបានប្រាប់ព្រះសង្ឃអង្គនេះថានាងមានផ្ទៃពោះ និងបានស្នើឱ្យផ្ទេរប្រាក់ ៣៤០ […]

ទាហានថៃ៣នាក់ ជាន់គ្រាប់មីន ក្នុងនោះមា្នក់ដា-ច់ជើងម្ខាង ក្នុងពេលល្បាតក្បែរតំបន់ព្រំដែនកម្ពុជា-ថៃ

Liny Chan July 17, 2025 17/07/2025

(បាងកក)៖ មេបញ្ជាការភូមិភាគ២របស់ថៃ លោកឧត្តមសេនីយ៍ Boonsin Padklang បានឱ្យដឹងកាលពីថ្ងៃពុធ ទី១៦ ខែកក្កដាថាទាហានថៃ៣នាក់ បានរងរបួសអំឡុងប្រតិបត្តិការ ល្បាតដោយសារតែជាន់គ្រាប់មីន។ នេះបើតាមកាសែតថៃ Khaosod។ តាមលោក Boonsin Padklang ទាហានថៃទាំង៣នាក់ខាងលើត្រូវបានបញ្ជូនចេញពីមូលដ្ឋានប្រតិបត្តិការ Morakot ឆ្ពោះទៅកាន់ភ្នំលេខ ៤៨១ ស្ថិតនៅបណ្ដោយព្រំដែនកម្ពុជា និងថៃ ក្នុងខេត្ត Ubon Ratchathani។ ហេតុការណ៍ជាន់គ្រាប់មីននេះបានកើតឡើងកាលពីល្ងាចថ្ងៃពុធ នៅត្រង់ចំណុចកូអរដោនេ WA 220 86 ដែលជាអតីតសមរភូមិសង្រ្គាម ខណៈគ្រាប់មីនមួយចំនួននៅតែបន្តកប់នៅក្រោមដី ដោយពិបាកនឹងស្វែងរក និងបំផ្ទុះចោល។ គួរបញ្ជាក់ថា ហេតុការណ៍ផ្ទុះមីនខាងលើមានទាហានថៃម្នាក់ក្នុងចំណោមទាំង៣នាក់ខាងបានបាត់បង់ជើងម្ខាង រី២នាក់ទៀតដែលបានរងរបួសដែលនោះកំពុងស្ថិតនៅក្រោម ការតាមដានពីក្រុមគ្រូពេទ្យ ដោយមានស្ថានភាពល្អប្រសើរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រលកកម្តៅក្នុងរយៈពេលពីរខែ នៅអេស្ប៉ាញ បណ្ដាលឱ្យមនុស្សជិត ១២០០នាក់បាត់បង់ជីវិត

Liny Chan July 15, 2025 15/07/2025

(ម៉ាឌ្រីដ)៖ ក្រសួងបរិស្ថានអេស្ប៉ាញ បានប្រកាសនៅថ្ងៃចន្ទថា រលកកម្តៅបានបណ្តាលឲ្យមនុស្ស ១,១៨០នាក់ស្លាប់ ក្នុងរយៈពេលពីរខែចុងក្រោយនេះ ដែលជាការកើនឡើងយ៉ាងគំហុកបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២៥។ ទិន្នន័យបានបង្ហាញថា ជនរងគ្រោះភាគច្រើនបំផុតមានអាយុលើសពី ៦៥ឆ្នាំ ហើយជាងពាក់កណ្តាលជាស្ត្រី។ តំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺនៅភាគខាងជើងនៃប្រទេស ដែលជាតំបន់ដែលធ្លាប់តែអាកាសធាតុមិនសូវក្តៅខ្លាំងនៅរដូវក្តៅ បើធៀបនឹងតំបន់ផ្សេងទៀត។ ទោះយ៉ាងណា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សីតុណ្ហភាពនៅតំបន់ទាំងនោះបានកើនឡើងគួរឲ្យកត់សម្គាល់។ គួរបញ្ជាក់ថា សីតុណ្ហភាពនៅប្រទេសអេស្ប៉ាញក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ តែងតែឡើងលើស ៤០អង្សាសេ។ តួលេខអ្នកស្លាប់ចំនួន ១,១៨០នាក់នេះ គឺកើនឡើងយ៉ាងខ្លាំងពីចំនួនត្រឹមតែ ៧០នាក់ប៉ុណ្ណោះក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ក្រសួងបានចាត់ទុកតួលេខនេះថា «មានកម្រិតខ្លាំងក្លាមិនធ្លាប់មាន» ដោយបានចេញការប្រកាសអាសន្នពណ៌ក្រហមចំនួន ៧៦ដង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News