ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន បានអនុម័តសេចក្តីប្រកាសគ្រាអាសន្នសម្រាបរដ្ឋញូវយ៉ក ដែលកំពុងរងការវាយប្រហារដោយព្យុះរដូវរងា

Khmerpress December 27, 2022 27/12/2022

សេតវិមានកាលពីយប់ថ្ងៃចន្ទបានរាយការណ៍ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានអនុម័តសំណើប្រកាសអាសន្នសម្រាប់រដ្ឋញូវយ៉ក ដើម្បីឆ្លើយតបទៅនឹងព្យុះរដូវរងា ដែលបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ២៨ នាក់ នៅភាគខាងលិចរបស់រដ្ឋនាពេលថ្មីៗនេះ។ នៅក្នុងការអនុញ្ញាតសំណើរបស់អភិបាលរដ្ឋលោកស្រី Kathy Hochul លោក ចូ បៃដិន ក៏បានបញ្ជាឱ្យផ្តល់ជំនួយសហព័ន្ធបន្ថែមទៀត ដើម្បីបំពេញបន្ថែមកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋ និងជំនួយក្នុងតំបន់ ដោយសារលក្ខខណ្ឌគ្រាអាសន្នដែលបណ្តាលមកពីព្យុះរដូវរងា ដែលបានចាប់ផ្តើមនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។ សេចក្តីថ្លែងការណ៍បានបន្ថែមថា សកម្មភាពរបស់លោក បៃដិន អនុញ្ញាតឱ្យនាយកដ្ឋានសន្តិសុខមាតុភូមិ (DHS) ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នសហព័ន្ធ (FEMA) ដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងទាំងអស់ ជាមួយនឹង «គោលបំណងនៃការសម្រាលភាពលំបាក និងការឈឺចាប់ ដែលបណ្តាលមកពីគ្រោះអាសន្នលើប្រជាជនក្នុងតំបន់ និងផ្តល់ជំនួយសមរម្យសម្រាប់វិធានការសង្គ្រោះបន្ទាន់ដែលត្រូវការ»។ រំលឹកដែរថា យ៉ាងហោចណាស់មនុស្ស ២៧ នាក់ នៅក្នុងទីក្រុង Buffalo ត្រូវបានបញ្ជាក់ថាបានស្លាប់ នៅក្នុងអ្វីដែលលោកស្រី Hochul បានពិពណ៌នាថាជា «ព្យុះបំផ្លិចបំផ្លាញបំផុតនៅក្នុងប្រវត្តិសាស្ត្រដ៏យូរលង់របស់ទីក្រុង Buffalo»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

កូរ៉េខាងត្បូងរកឃើញអ្នកឆ្លងមេរោគ Naegleria fowleri ដែលជាមេរោគស៊ីខួក្បាលអ្នកជំងឺរហូតដល់បាត់បង់ជីវិតជាលើកដំបូង

Khmerpress December 27, 2022 27/12/2022

កូរ៉េខាងត្បូង៖ អាជ្ញាធរសុខាភិបាលនៃប្រទេសកូរ៉េខាងត្បូងបានរកឃើញករណីដំបូងនៃអ្នកជំងឺម្នាក់ ដែលបានស្លាប់បាត់បង់ជីវិតដោយសារមេរោគដ៏កាចសាហាវបំផុតមួយ ដោយមេរោគនោះបានស៊ីខួក្បាលរបស់ជនរងគ្រោះឡើងសុះមុនពេលអ្នកជំងឺត្រូវផុតដង្ហើមស្លាប់។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែធ្នូនេះបានបញ្ជាក់ថា មេរោគដ៏កម្រនេះមានឈ្មោះថា Naegleria fowleri (នេគ្លីរៀ ហ្វូឡេរី) ខណៈមេរោគប្រភេទធ្លាប់ត្រូវបានគេរកឃើញម្តងនៅអាមេរិក កាលពីឆ្នាំ ១៩៣៧។ ប្រភពខាងលើបានបន្តថា ករណីទីមួយនៃអ្នកជំងឺដែលបានឆ្លងមេរោគ Naegleria fowleri ​នៅក្នុងប្រទេសកូរ៉េខាងត្បូងគឺត្រូវបានរកឃើញចំពោះបុរសម្នាក់ ដែលមានអាយុជាង ៥០ឆ្នាំ មានប្រវត្តិធ្លាប់មកស្នាក់នៅក្នុងប្រទេសថៃរយៈពេល​ ៤សប្តាហ៍ និងបានត្រលប់ទៅដល់ប្រទេសកូរ៉េខាងត្បូងវិញកាលពីថ្ងៃទី ១០ខែធ្នូ ហើយក្រោយពីបានទៅដល់ប្រទេសកំណើតវិញគឺរូបគាត់បានផ្តើមចេញរោគសញ្ញានៃការឆ្លងមេរោគ Naegleria fowleri តែម្តង។ បើតាមក្រុមវេជ្ជបណ្ឌិតកូរ៉េខាងត្បូងបានបញ្ជាក់ថា អាការៈរបស់ជនរងគ្រោះគឺស្រដៀងគ្នាស្ទើរតែ ៩៩,៦% ទៅនឹងអ្នកមានជំងឺរលាកស្រោមខួក្បាលកម្រិតធ្ងន់ធ្ងរ តែរហូតមកទល់នឹងពេលនេះគេនៅមិនទាន់អាចកំណត់ជាផ្លូវការបានថា ជំងឺដែលបានសម្លាប់ជនរងគ្រោះរូបនេះជាជំងឺអ្វីឲ្យប្រាកដនោះទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ប្រទេសចិន​នឹង​បញ្ចប់​ការ​ធ្វើចត្តាឡីស័ក សម្រាប់​ជន​បរទេស​ដែល​ចូលមកប្រទេសរបស់ខ្លួន

Khmerpress December 27, 2022 27/12/2022

ប្រទេសចិនបានប្រកាសថា តម្រូវការដាក់ឱ្យនៅដាច់ពីគេសម្រាប់អ្នកដំណើរដែលចូលមកដល់ប្រទេសនេះ នឹងបញ្ចប់នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣។ វិធានការ​នេះ​ជា​វិធានការ​ចុងក្រោយ​បង្អស់​​ដែល​ត្រូវបាន​ដក​ចេញ ខណៈ​ដែល​ប្រទេស​ចិន បោះបង់​ចោល​គោលនយោបាយ​ zero​-COVID របស់ខ្លួន។ ប្រទេសចិនកំពុងមើលឃើញពីការផ្ទុះឡើងពាក់ព័ន្ធនឹង COVID-19 ហើយក្រុមបុគ្គលិកពេទ្យបាននិយាយថា ពួកគេកំពុងតស៊ូដើម្បីដោះស្រាយបញ្ហានេះ។ ជាមួយគ្នានេះ ប្រធានាធិបតីលោក Xi Jinping បានជំរុញឱ្យមន្ត្រីព្យាយាមតាមដែលអាចទៅបាន ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដែលបានដកស្រង់សម្តីគាត់បាននិយាយថា ប្រទេសនេះប្រឈមមុខនឹងស្ថានភាពថ្មី ដែលទាមទារឱ្យមានការឆ្លើយតបជាគោលដៅបន្ថែមទៀត។ ប្រទេស​ចិន​បាន​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ស្ថិតិតួលេខជំងឺ COVID-19 ប៉ុន្តែ​គេ​គិត​ថា​ មនុស្ស​រាប់​ពាន់​នាក់​អាច​នឹង​ស្លាប់​ជា​រៀង​រាល់​ថ្ងៃ។ ចាប់តាំងពីខែមីនា ឆ្នាំ២០២០ អ្នកដំណើរទាំងអស់ដែលមកដល់ប្រទេសចិន ត្រូវឆ្លងកាត់ការដាក់ឱ្យនៅដាច់ដោយឡែកពីគេជាកាតព្វកិច្ច។ ប៉ុន្តែ​រយៈពេល​ត្រូវ​បាន​កាត់​បន្ថយ​ជា​បន្តបន្ទាប់ ពី​បី​សប្តាហ៍​ មក​ត្រឹម​តែ​ប្រាំ​ថ្ងៃ​ប៉ុណ្ណោះ​នៅ​ពេល​បច្ចុប្បន្ន។ ក្រោមច្បាប់ថ្មីជំងឺ COVID-19 នឹងត្រូវទម្លាក់ថ្នាក់ ពីប្រភេទ A ទៅជាប្រភេទ B ដែលមានន័យថា ការដាក់ឱ្យនៅដាច់ពីគេនឹងមិនត្រូវបានអនុវត្តទៀតទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោក ហ្សេលេនស្គី ស្វែងរកជំនួយពីឥណ្ឌា ក្នុងការអនុវត្តផែនការសន្តិភាព

Khmerpress December 27, 2022 27/12/2022

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងថាលោកបានស្នើឱ្យឥណ្ឌា ផ្ដល់ការគាំទ្រ និងជួយដល់ការអនុវត្តផែនការសន្តិភាពរបស់លោក នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២។ កិច្ចសន្ទនាតាមទូរស័ព្ទរបស់លោក ហ្សេលេនស្គី និងលោក ម៉ូឌី ធ្វើឡើងនៅថ្ងៃចន្ទសប្ដាហ៍នេះ ស្របពេលដែលឥណ្ឌាបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៉ី ក្នុងបរិបទ បណ្ដាប្រទេសលោកខាងលិចដាក់ចេញវិធានការដាក់ទណ្ឌកម្មថ្មីៗបន្ថែម សំដៅរារាំងកុំឱ្យទីក្រុងមូស្គូមានលុយយកទៅធ្វើសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន។ នៅក្នុងសារមួយ បង្ហោះលើ Twitter លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ហើយជូនពរឥណ្ឌាឱ្យទទួលបាន ជោគជ័យក្នុងនាមអាណត្តិជាប្រធាន G20… នៅលើបណ្ដាញទំនាក់ទំនងសង្គមនេះ ហើយដែលខ្ញុំបានប្រកាសពីផែនការសន្តិភាព ហើយបច្ចុប្បន្ន ខ្ញុំស្នើឱ្យមានការចូលរួមពី ឥណ្ឌា នៅក្នុងការអនុវត្តផែនការនេះ»។ គួរបញ្ជាក់ថា លោក ហ្សេលេនស្គី កាលពីខែវិច្ឆិកាកន្លងទៅ ក៏ធ្លាប់បានអំពាវនាវផងដែរឱ្យបណ្ដាប្រទេស G20 អនុម័តទទួលស្គាល់ផែនការសន្តិភាព១០ចំណុចរបស់លោក ដើម្បីបិទបញ្ចប់សង្រ្គាមសព្វថ្ងៃ។ ឥណ្ឌានឹងកាន់តំណែងជាប្រធាន G20 នៅឆ្នាំ២០២៣ខាងមុខ […]

ចិនប្រកាសបញ្ឈប់ការចេញផ្សាយតួលេខប្រចាំថ្ងៃស្តីពីករណីឆ្លងជំងឺកូវីដ១៩ និងចំនួនមរណភាព ដោយចាប់ផ្ដើមពីថ្ងៃអាទិត្យនេះ

Khmerpress December 26, 2022 26/12/2022

រដ្ឋាភិបាលចិននិយាយថា ខ្លួននឹងបញ្ឈប់ការចេញផ្សាយតួលេខប្រចាំថ្ងៃស្តីពីករណីឆ្លងជំងឺ COVID-19 និងការស្លាប់ ចាប់ពីថ្ងៃអាទិត្យ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។ ខ្លួនបាននិយាយថា ព័ត៌មានដែលទាក់ទងនឹងជំងឺ COVID នឹងត្រូវបានបោះពុម្ពផ្សាយសម្រាប់ជាឯកសារយោង និងស្រាវជ្រាវប៉ុណ្ណោះ ដោយមិនបញ្ជាក់ពីមូលហេតុនៃការផ្លាស់ប្តូរ ឬថាតើ CDC ចិននឹងធ្វើបច្ចុប្បន្នភាពអំពីជំងឺ COVID ញឹកញាប់ប៉ុណ្ណា។ រំលឹកផងដែរថា ប្រទេសចិនបានបញ្ឈប់ការចេញផ្សាយចំនួនករណី COVID-19 ដែលមិនមានរោគសញ្ញា តាំងតែពីថ្ងៃទី១៤ ខែធ្នូ ដោយលើកឡើងពីភាពលំបាកក្នុងការទទួលបានតួលេខច្បាស់លាស់ ព្រោះអីមនុស្សជាច្រើនដែលគ្មានរោគសញ្ញា មិនបានទៅធ្វើតេស្ត PCR នោះទេ។ ការបញ្ឈប់ការរាយការណ៍ពីករណីឆ្លងប្រចាំថ្ងៃ និងការស្លាប់សរុប បានកើតឡើងនៅពេលដែលមានការព្រួយបារម្ភកើនឡើង ជុំវិញកង្វះខាតព័ត៌មានសំខាន់ៗ ចាប់តាំងពីទីក្រុងប៉េកាំងបានធ្វើការផ្លាស់ប្តូរយ៉ាងខ្លាំងចំពោះគោលនយោបាយ zero-COVID ដែលបានធ្វើឱ្យពលរដ្ឋរាប់រយលាននាក់របស់ខ្លួនស្ថិតនៅក្រោមការបិទខ្ទប់ ដោយឥតឈប់ឈរ និងផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំង ដល់ប្រទេសសេដ្ឋកិច្ចធំបំផុតទី ២ របស់ពិភពលោកមួយនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សមាគមបាល់ទាត់ជប៉ុន បានស្នើឱ្យលោកគ្រូ Moriyasu Hajime នៅបន្ដដឹកនាំក្រុមជម្រើសជាតិជប៉ុន

Khmerpress December 26, 2022 26/12/2022

សមាគម​បាល់ទាត់​ជប៉ុន (JFA) ​បាន​ស្នើ​ឱ្យ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បុរស គឺលោក Moriyasu Hajime បន្ត​កាន់​មុខ​តំណែង​របស់​គាត់។ JFA បាននឹងកំពុងពិចារណាថា តើគួរយកនរណាមកដឹកនាំក្រុម ខណៈដែលកិច្ចសន្យារបស់លោក Moriyasu បានផុតកំណត់ នៅចុងបញ្ចប់នៃ FIFA World Cup ដែលប្រព្រឹត្តនៅប្រទេសកាតា។ រំលឹកដែរផងថា ជប៉ុន​បាន​ឡើង​ទៅ​វគ្គ​ ១៦ ​ក្រុម​ចុង​ក្រោយ ​បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​ខ្លាំង​អាល្លឺម៉ង់ និង​អេស្ប៉ាញ​ក្នុង​វគ្គ​ចែក​ពូល ប៉ុន្តែ​មិន​អាច​ឈាន​ទៅ​វគ្គ​ ៨​ក្រុម​ ចុង​ក្រោយ ​ដូច​ដែល​ក្រុម​បាន​សង្ឃឹមនោះឡើយ។ នៅពេលដែល JFA និងលោក Moriyasu បានយល់ព្រមលើព័ត៌មានលម្អិតនៃកិច្ចសន្យា រយៈពេលកាន់មុខតំណែងរបស់គាត់នឹងត្រូវបញ្ចប់លុះត្រាមានការយល់ព្រមពីគណៈកម្មាធិការប្រតិបត្តិរបស់សមាគម។ ជាមួយគ្នានេះ នៅពេលលោក Moriyasu បង្ហាញខ្លួនក្នុងកម្មវិធីរបស់ទូរទស្សន៍ NHK បន្ទាប់ពីត្រឡប់មកពីប្រទេសកាតា គាត់មានអារម្មណ៍វិជ្ជមានក្នុងការបន្តដឹកនាំក្រុមជម្រើសជាតិរបស់ជប៉ុន។ ប្រធាន JFA លោក Tashima Kohzo ក៏បានសរសើរគ្រូបង្វឹករូបនេះ ដែលអាចឱ្យមានការរួបរួមក្នុងចំណោមកីឡាករ ហើយបាននិយាយថា គាត់គឺជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខភាពមានសមត្ថភាពសម្រាប់ការងារកំពូល៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

មេចុងភៅ Salt Bae ត្រូវបានស្ថាប័នបាល់ទាត់អាមេរិក US Open Cup ហាមឃាត់មិនឱ្យចូលរួមទស្សនា ដោយសារអាកប្បកិរិយា​របស់​គាត់​នៅព្រឹត្តិការណ៍ World Cup កន្លងទៅ

Khmerpress December 26, 2022 26/12/2022

មេចុងភៅលោក Salt Bae ត្រូវ​បានគេ​ហាម​មិន​ឱ្យ​ចូល​រួម​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់​ធំ​មួយនៅ​អាមេរិក ដោយ​សារ​អាកប្បកិរិយា​របស់​គាត់​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រក្នុងព្រឹត្តិការណ៍ World Cup កន្លងទៅថ្មីៗនេះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail ។ យោងតាមការបង្ហោះដោយ US Open Cup ដែលមានតម្លៃស្មើនឹង FA Cup របស់អង់គ្លេស នៅលើ Twitter កាលពីថ្ងៃអង្គារបានឱ្យដឹងថា ពួកគេហាមប្រាមមេចុងភៅដ៏ល្បីខាងរោយអំបិលម្នាក់នេះ មិនឱ្យចូលរួមព្រឹត្តិការណ៍ដ៏សំខាន់របស់ពួកគេនោះទេ។ លោក Salt Bae ឈ្មោះពិតថា Nusret Gokce ត្រូវបានគេរិះគន់យ៉ាងខ្លាំងចំពោះការបង្កភាពច្របូកច្របល់ បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup នៅប្រទេសកាតា នៅពេលដែលគាត់ចូលទៅក្នុងទីលាន ដេញតាមតារាល្បីៗ ចូលកៀកជិត Lionel Messi និងបំពានច្បាប់ FIFA ដោយកាន់ និងថើបពាន World Cup ដោយគ្មានការអនុញ្ញាត។ ជាងនេះទៅទៀត វីដេអូបន្ទាប់ពីវគ្គផ្តាច់ព្រ័ត្រ ក៏បានបង្ហាញអាកប្បកិរិយាមិនសមរម្យរបស់គាត់ នៅពេលដែល Messi បានប្រឹងប្រែងគេចពី Salt Bae ប៉ុន្តែគាត់នៅតែចូលទៅជិត Messi […]

ពលរដ្ឋអាមេរិក ១,៥លាននាក់ កំពុងគ្មានអគ្គិសនីប្រើប្រាស់ និង ៧០%នៃពលរដ្ឋសរុបកំពុងស្ថិតក្រោមហានិភ័យ ក្រោយសីតុណ្ហភាពចុះត្រជាក់ខ្លាំង

Khmerpress December 24, 2022 24/12/2022

អាមេរិក៖ យ៉ាងយោចណាស់មានពលរដ្ឋអាមេរិកប្រមាណជា ១,៥លាននាក់កំពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែធ្នូនេះ។ បញ្ហាអសកម្មនេះបានកើតឡើងក្រោយពេលដែរតំបន់សំខាន់ៗជាច្រើននៅសហរដ្ឋអាមេរិកបានរងនូវការគំរាមគំហែងដោយខ្យល់ព្យុះ ខណៈសីតុណ្ហភាពបានចុះត្រជាក់ក្នុងកម្រិងដ៏ទាបបំផុតមួយ។ ប្រភពខាងលើបានបន្តថា ទន្ទឹមនឹងភ្លើងអគ្គិសនីត្រូវបានកាត់ផ្តាច់នៅតាមតំបន់មួយចំនួនហើយ មានជើងហោះហើររាប់ពាន់ជើងត្រូវបានអាជ្ញាធរអាកាសចរណ៍អាមេរិកសម្រេចលុបចោលភ្លាមៗផងដែរមុនពេលបុណ្យណូអែលចូលមកដល់។ ជាងនេះទៅទៀតអាជ្ញាធរអាមេរិកបានព្រមាណជា នឹងមានពលរដ្ឋអាមេរិកប្រមាណជា ២៤០លាននាក់ ឬស្មើនឹង ៧០% នៃពលរដ្ឋសរុបនឹងត្រូវរស់នៅក្រោមសម្ពាធនៃហានិភ័យអាកាសធាតុ ខណៈសីតុណ្ហភាពនៅតាមតំបន់ខ្លះអាចនឹងចុះត្រជាក់រហូតដល់ -៤៨អង្សាសេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោក ហ្សេលេនស្គី អំពាវនាវឱ្យប្រជាជនអ៊ុយក្រែនប្រុងប្រយ័ត្ន ចំពោះការវាយប្រហាររបស់រុស្ស៉ី កំលុងរដូវបុណ្យ Christmas

Khmerpress December 24, 2022 24/12/2022

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានក្រើនរំឭកប្រជាជនអ៊ុយក្រែនឱ្យប្រុងប្រយ័ត្ន អំពីលទ្ធភាពកើនឡើងនៃការវាយប្រហាររបស់រុស្ស៉ី កំលុងរដូវបុណ្យគ្រីស្មាស់ (Christmas) ខាងមុខនេះ ដោយលោកបានទទូចឱ្យពួកគេ យកចិត្តទុកដាក់ជាប់​ចំពោះសំឡេងស៉ីរ៉ែនប្រកាសអាសន្ន ពេលមានការវាយប្រហារតាមផ្លូវអាកាស និងត្រូវចេះជួយគ្នាទៅវិញទៅមក។ នេះបើតាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២។ ក្នុងការថ្លែងសារជាប្រចាំរាល់យប់របស់លោកកាលពីថ្ងៃសុក្រ លោក ហ្សេលេនស្គី បានប្រាប់ថា លោកបានជួបពិភាក្សាជាមួយ បណ្តាមេបញ្ជាការយោធាជាន់ខ្ពស់របស់អ៊ុយក្រែន ដើម្បីពិនិត្យនិងវាយតម្លៃលើស្ថានការណ៍បច្ចុប្បន្ន ហើយលោកបានបន្តថា រដ្ឋាភិបាលកំពុងត្រៀម​លក្ខណៈសម្រាប់សេណារីយ៉ូផ្សេងៗ នៃសកម្មភាពដែលរុស្ស៉ីអាចនឹងធ្វើឡើង។ លោកប្រធានាធិបតីអ៊ុយក្រែនបានបន្ថែមថា ខណៈរដូវបុណ្យ Christmas ចូលមកដល់ ពួករុស្ស៉ីអាចនឹងបង្កើនសកម្មភាពវាយប្រហារ ដ្បិតពួកគេមិនខ្វល់អំពីគុណតម្លៃសាសនាគ្រិស្ត ឬក៏គុណតម្លៃណាមួយផ្សេងទៀតឡើយ។ ទន្ទឹមគ្នានោះ លោក ហ្សេលេនស្គី ក៏បាន​ងាកទៅព្រមានដាក់រុស្ស៉ីផ្ទាល់ផងដែរថា ប្រជាជនរុស្ស៉ីទាំងអស់ត្រូវតែយល់ឱ្យច្បាស់ថា ការប្រព្រឹត្តអំពើអាក្រក់ នឹងតែងតែទទួលការឆ្លើយតបទៅវិញ។ គួរបញ្ជាក់ថា កាលពីពាក់កណ្តាលខែធ្នូនេះ វិមានក្រឹមឡាំងបានប្រកាសមុនជាស្រេចថា នឹងគ្មានឡើយបទឈប់បាញ់ជាបណ្តោះអាសន្ន នៅក្នុងរដូវកាលបុណ្យណូអែល៕ ផ្តល់សិទ្ធិដោយ៖ freshnews

ព្យុះព្រិលធ្ងន់ធ្ងរនៅសហរដ្ឋអាមេរិក បង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍ លុបចោលជើងហោះហើរ ៥,៧០០ជើងបន្ថែមទៀត

Khmerpress December 24, 2022 24/12/2022

(វ៉ាស៉ីនតោន)៖ ក្រុមហ៊ុនអាកាសចរណ៍បាននាំគ្នាលុបចោលជើងហោះហើរ សរុបប្រមាណជា៥,៧០០ជើង កាលពីថ្ងៃសុក្រសប្តាហ៍នេះ ស្របពេលដែលព្យុះព្រិលយ៉ាងខ្លាំងក្លា បានបង្កផលប៉ះពាល់ចំពោះ ប្រតិបត្តិការនៅតាមអាកាសយានដ្ឋានទូទាំងសហរដ្ឋអាមេរិក ក៏ដូចជាការំខានដល់អ្នកដែលត្រូវធ្វើដំណើរ កំលុងរដូវបុណ្យឈប់សម្រាករាប់សែននាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២។ ទិន្នន័យពីវែបសាយតាមដានជើងហោះហើរ FlightAware បានបង្ហាញថា តួលេខខាងលើជាកំណើនទ្វេដង ធៀបនឹងជើងហោះហើរសរុបជិត២,៧០០ជើង ដែលត្រូវបានលុបចោលកាលពីថ្ងៃព្រហស្បតិ៍ ខណៈសម្រាប់ថ្ងៃសៅរ៍សប្តាហ៍នេះ ជើងហោះហើរសរុបជាង១,០០០ជើង ត្រូវបានលុបចោលរួចជាស្រេចហើយ នៅទូទាំងប្រទេសអាមេរិក។ នៅក្នុងថ្ងៃសុក្រដដែល អាមេរិកបានមើលឃើញ ជើងហោះហើរចំនួន ១០,៤០០ជើងទៀត ត្រូវបានពន្យារពេល ក្នុងនោះជាង ៤០ភាគរយ គឺធ្វើប្រតិបត្តិការដោយ ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់អាមេរិក ដូចជា American Airlines. United Airlines, Delta Air Lines និង Southwest Airlines បន្ទាប់ពីជើងហោះហើរ១១,៣០០ជើង ត្រូវបានពន្យារពេលកាលពីថ្ងៃព្រហស្បតិ៍។ គួរបញ្ជាក់ថា ឥទ្ធិពលនៃព្យុះរដូវរងាខាងលើ ក៏បានបង្កការរាំងស្ទះដល់ ការធ្វើដំណើរតាមផ្លូវដែកនិងថ្នូវថ្នល់ហាយវ៉េ ក្នុងសហរដ្ឋអាមេរិកផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews