ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍មួយរបស់ថៃអនុញ្ញាតឲ្យអ្នកដំណើរអាចនាំយកសត្វចិញ្ចឹមជិះក្នុងយន្តហោះជាមួយគ្នាបាន

Khmerpress June 14, 2022 14/06/2022

ថៃ៖ ក្រុមហ៊ុនអាកាសចរណ៍មួយនៅក្នុងប្រទេសថៃបានសម្រេចអនុវត្តឲ្យអ្នកដំណើរអាចនាំយកសត្វចិញ្ចឹមជាទីស្រលាញ់របស់ពួកគាត់ជិះក្នុងយន្តហោះជាមួយគ្នាបាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger កាលពីថ្ងៃចន្ទ ទី១៣ ខែមិថុនាម្សិលមិញនេះ។ ក្រុមហ៊ុនអាកាសចរណ៍ដំបូងគេដែលបានរៀបចំគម្រោងធ្វើដំណើរពិសេសនេះមានឈ្មោះថា Nok Air ហើយកញ្ចប់ធ្វើដំណើរដោយមានរួមបញ្ចូលទាំងសត្វចិញ្ចឹមនោះមានឈ្មោះថា “Pet On Board”។ ប្រភពខាងលើបានបន្តថា កញ្ចប់ធ្វើដំណើរ “Pet On Board” ត្រូវបានអនុវត្តក្រោមលក្ខខណ្ឌមួយចំនួនដូចជា៖ -អនុវត្តសម្រាប់ជើងហោះក្នុងស្រុក​ ពីទីក្រុងបាងកកឆ្ពោះទៅកាន់ខេត្តឈៀងម៉ៃ -ចំនួនសត្វចិញ្ចឹមដែលត្រូវបានអនុញ្ញាតមានត្រឹមតែ ១ក្បាលប៉ុណ្ណោះ -ចំពោះតម្លៃសំបុត្រវិញគឺអ្នកដំណើរអាចទិញជាកញ្ចប់បាន ដោយសំបុត្រសម្រាប់មនុស្ស ២នាក់ និងសត្វមួយក្បាល មានតម្លៃ ១២,៩៩៩ បាត (៣៧២ ដុល្លារអាមេរិក)៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ប្រទេសវេណេហ្ស៊ុយអេឡា បានកត់ត្រាករណីដំបូងនៃជំងឺអុតស្វា Monkeypox ពីអ្នកដំណើរម្នាក់មកពីប្រទេសអេស្ប៉ាញ

Khmerpress June 13, 2022 13/06/2022

រដ្ឋាភិបាលវេណេហ្ស៊ុយអេឡាបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានកត់ត្រាករណីដំបូងនៃជំងឺអុតស្វា Monkeypox ពីបុរសម្នាក់ ដែលបានចូលមកប្រទេសនេះ តាមរយៈអាកាសយានដ្ឋានសំខាន់របស់ខ្លួននៅជិតទីក្រុងការ៉ាកាស ក្រោយពីបានត្រឡប់មកពីទីក្រុងម៉ាឌ្រីត របស់ប្រទេសអេស្ប៉ាញ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល Magaly Gutierrez បាននិយាយនៅលើបណ្ដាញ Twitter ថា ឥឡូវនេះ ក្រុមការងារកំពុងការតាមដានរកមើលអ្នកដែលមានទំនាក់ទំនងជាមួយអ្នកជំងឺ។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«គាត់ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកភ្លាមៗ ការធ្វើតេស្តពាក់ព័ន្ធត្រូវបានអនុវត្ត ហើយសំណាករបស់គាត់ត្រូវបានបញ្ជាក់ថាវិជ្ជមាន»។ យ៉ាងណា រដ្ឋាភិបាល​មិន​បាន​បញ្ជាក់​ពី​អាយុ​របស់​បុរស​ម្នាក់នោះ​ទេ។ គួរឱ្យដឹងដែរថា អាហ្សង់ទីន គឺជាប្រទេសអាមេរិកឡាទីនដំបូងគេ ដែលបញ្ជាក់ពីករណីនៃជំងឺអុតស្វា ខណៈដែលអេស្ប៉ាញ ចក្រភពអង់គ្លេស និងព័រទុយហ្គាល់ បានកត់ត្រាករណីភាគច្រើន ប៉ុន្តែសុទ្ធតែជាករណីស្រាលៗប៉ុណ្ណោះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ខាតមិនចេះតិច! ទណ្ឌ-កម្មទៅលើរុស្ស៊ី ធ្វើឱ្យក្រុមហ៊ុនសកលលោក ខាតបង់ជាង ៥៩ពាន់លានដុល្លារ ខណៈបញ្ហាហិរញ្ញវត្ថុក៏កាន់តែរីកធំទៅៗ

Khmerpress June 13, 2022 13/06/2022

គិតមកទល់ពេលនេះ គឺរយៈពេលជាង ១០០ថ្ងៃហើយ ដែលសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែននៅតែបន្ត ហើយការអូសបន្លាយពេលនេះបានបង្កឱ្យមានផលប៉ះពាល់ជាច្រើន និងកាន់តែធំៗទៅ។ ជាក់ស្ដែង សង្រ្គាមនេះបង្កឱ្យសេដ្ឋកិច្ចពិភពលោកច្របូលច្របល់ ប្រទេសជាច្រើនជួបបញ្ហាកង្វះស្បៀងអាហារ ប្រេង ខណៈក្រុមហ៊ុនតូច-ធំ ក៏ជួបបញ្ហាដូចគ្នា។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ក្រុមហ៊ុនជាច្រើននៅលើសកលលោក បានបង្ហាញពីការខាតបង់ជាង ៥៩ពាន់លានដុល្លារពីអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី ជាមួយនឹងបញ្ហាផ្នែកហិរញ្ញវត្ថុដែលកាន់តែធំៗទៅ នៅពេលដែលទណ្ឌកម្មប៉ះពាល់ដល់សេដ្ឋកិច្ច និងការបិទការលក់ដែលនៅតែបន្ត។ អាជីវកម្មលោកខាងលិចជិត ១០០០អាជីវកម្ម បានសន្យាថានឹងចាកចេញ ឬ កាត់បន្ថយប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីការលុកលុយរបស់ប្រទេសរុស្ស៊ីទៅលើអ៊ុយក្រែន នេះបើយោងតាមអ្នកស្រាវជ្រាវ Yale ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនអាហាររហ័ស McDonald’s Corp. រំពឹងថានឹងកត់ត្រាបន្ទុកគណនេយ្យពី ១.២ ពាន់លានដុល្លារទៅ ១.៤ពាន់លានដុល្លារ បន្ទាប់ពីយល់ព្រមលក់ភោជនីយដ្ឋានរុស្ស៊ីរបស់ខ្លួនទៅឱ្យអ្នកទទួលអាជ្ញាប័ណ្ណក្នុងស្រុក។ ក្រុមហ៊ុន Exxon Mobil Corp. បានយកប្រាក់ចំនួន ៣.៤ ពាន់លានដុល្លារ បន្ទាប់ពីបានបញ្ឈប់ប្រតិបត្តិការនៅគម្រោងប្រេង និងឧស្ម័ននៅ Far East របស់រុស្ស៊ី។ ក្រុមហ៊ុនផលិតស្រាបៀរ Budweiser Anheuser-Busch […]

កូរ៉េខាងជើង បាញ់សាកល្បងកាំភ្លើងធំជាច្រើនគ្រាប់ ក្រោយលោក គីម ជុងអ៊ុន សន្យាពង្រឹងសមត្ថភាពយោធា

Khmerpress June 13, 2022 13/06/2022

(សេអ៊ូល)៖ កូរ៉េខាងជើង បានបាញ់សាកល្បងកាំភ្លើងធំជាច្រើនគ្រាប់ នៅចន្លោះម៉ោង ៨៖០៧នាទី ដល់ម៉ោង ១១៖០៣នាទីព្រឹក កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍នេះកន្លងទៅនេះ ជាការបង្ហាញសាច់ដុំ មួយថ្ងៃបន្ទាប់ពីលោក គីម ជុងអ៊ុន សន្យាពង្រឹងសមត្ថភាពយោធា។ នេះបើតាមយោធាកូរ៉េខាងត្បូង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន យោធាកូរ៉េខាងត្បូងមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ ដោយគ្រាន់តែឱ្យដឹងថាការបាញ់កាំភ្លើងធំរបស់កូរ៉េខាងជើង គឺជាសកម្មភាពធម្មតា នៃការបាញ់សាកល្បងកាំភ្លើងធំរយៈចម្ងាយខ្លី និងរយៈកម្ពស់ទាប។ គួរបញ្ជាក់ថា ការបាញ់កាំភ្លើងធំខាងលើរបស់កូរ៉េខាងជើង កើតមានឡើងបន្ទាប់ពីលោក គីម ជុងអ៊ុន បានបង្ហើបពីគោលបំណងបន្តអភិវឌ្ឍ និងពង្រឹង សមត្ថភាពយោធា ដើម្បីការពារអធិបតេយ្យភាពនៃប្រទេសរបស់លោក ខណៈលោកបិទបញ្ចប់កិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េ ចំពោះមុខការបារម្ភថាទីក្រុងព្យុងយ៉ាងអាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ ឆាប់ៗនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

គ្រួសារមួយនាំគ្នារៀបចំពិធីអបអរកូនស្រីទើបប្រលងចប់ តែមិនមែនសាទរចំពោះលទ្ធផលប្រលងឡើយគឺអបអរ​ “នាងអាចមានស្នេហាបានហេីយ”

Khmerpress June 12, 2022 12/06/2022

ចិន៖ គ្រួសារធំមួយបាននាំគ្នាទៅរៀបចំពិធីអបអរសាទរយ៉ាងអធិកអធមនៅមុខមណ្ឌលប្រលងមួយកន្លែង​ដើម្បីលើកទឹកចិត្តចំពោះកូនស្រីម្នាក់ដែលត្រូវបញ្ចប់ការប្រលងថ្នាក់ជាតិដើម្បីចូលរៀនថ្នាក់មហាវិទ្យាល័យ។ យ៉ាងណាក្តីពិធីនោះមិនមែនជាការសាទរចំពោះលទ្ធផលប្រលងឡើយ តែវាជាការអបអរក្នុងឱកាសដែលកូនស្រីទើបប្រលងចប់រូបនោះដល់ពេលដែលអាចមានស្នេហាបាន។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post បានឲ្យដឹងថា សកម្មភាពដ៏កម្រខាងលើនេះត្រូវបានគេប្រទះឃើញកើតមាននៅក្នុងក្រុង Mangshi ខេត្ត ​Yunnan ភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃពុធកន្លងទៅនេះ ដែលជាថ្ងៃបិទបញ្ចប់ការប្រលង Gaokao (ការប្រលងថ្នាក់ជាតិដើម្បីចូលរៀនថ្នាក់មហាវិទ្យាល័យ) នៅទូទាំងប្រទេសចិន។ ប្រភពខាងលើបានបន្តថា នៅក្នុងក្បួនអបអរសាទរនោះមានទាំងការលើកបដា ច្រៀង រាំ ប្រើឧបករណ៍ភ្លេង ថតរូប ខណៈសមាជិកចូលរួមក្នុងក្បួនមានដូចជាម្តាយឪពុក អ៊ំពូមីង និងបងប្អូនរបស់យុវសិស្សភេទស្រីម្នាក់ឈ្មោះ Deng Ziling។ គួរបញ្ជាក់ថា Gaokao គឺជាកម្មវិធីប្រលងដ៏សំខាន់បំផុតមួយសម្រាប់កូនសិស្សទូទាំងប្រទេសចិន ព្រោះបើមិនអាចជាប់ការប្រលងនេះទេគឺគ្មានឱកាសចូលរៀនតាមមហាវិទ្យាល័យឡើយនិងគ្មានលទ្ធភាពស្វែងការងារល្អបាននោះទេ។ ជាទូទៅដើម្បីជាប់ការប្រលងនេះកូនសិស្សត្រូវខំប្រឹងប្រែងរៀនសូត្រនិងត្រៀមខ្លួនមុនយ៉ាងតិចមួយឆ្នាំ ហើយក្នុងអំឡុងពេលត្រៀមខ្លួននេះកូនសិស្សភាគច្រើនគឺគ្មានពេលសម្រាប់ការកំសាន្តសប្បាយឡើយ ហើយចំពោះរឿងស្នេហាវិញគឺជារឿងដែលត្រូវចៀសវាងបំផុតទើបមានពេលវេលាផ្តោតលើការសិក្សាគ្រប់គ្រាន់។ បើតាមក្រុមគ្រួសាររបស់យុវសិស្ស Deng Ziling បានប្រាប់ឲ្យដឹងថា ពួកគាត់មិនបានគិតដល់លទ្ធផលនៃការប្រលងយ៉ាងម៉េចនោះទេ ហើយការរៀបចំសកម្មភាពនេះក៏មិនមែនផ្តោតសំខាន់ឲ្យកូនស្រីរបស់ពួកគាត់ត្រូវតែមានស្នេហាដែរ តែអ្វីៗគ្រប់យ៉ាងនេះត្រូវបានធ្វើឡើងដើម្បីឲ្យកូនស្រីរបស់ពួកគាត់អាចមានអារម្មណ៍សប្បាយរីករាយ ដ្បិតរូបនាងមានសម្ពាធចំពោះការប្រលងមួយនេះយ៉ាងខ្លាំងអស់រយៈពេលជាច្រើនខែមកហើយ៕ ផ្តល់សិទ្ធិដោយ៖ Khmernote

WHO បានចេញរបាយការណ៍ថា នៅតែមិនអាចសន្និដ្ឋានពីប្រភពដើមនៃមេរោគកូវីដ-១៩ បាន ខណៈទិន្នន័យមួយចំនួនពីប្រទេសចិនត្រូវបានបាត់បង់

Khmerpress June 11, 2022 11/06/2022

កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ក្រុមប្រឹក្សាវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោកស្តីពីប្រភពដើមនៃមេរោគថ្មីដែលមិនធ្លាប់មានពីមុនមក (SAGO) បានចេញផ្សាយរបាយការណ៍បឋមមួយថា «លទ្ធផល​នៃ​ការ​រក​ឃើញ​ប្រភព​ដើម​នៃ​ជំងឺ​កូវីដ-១៩ ឬ Covid-19 ដែល​បាន​រីក​រាលដាល​ពាសពេញ​ពិភពលោក ចាប់តាំងពីការផ្ទុះឡើងដំបូងនៅទីក្រុង Wuhan ខេត្តហ៊ូប៉ីរបស់ប្រទេសចិន នៅចុងឆ្នាំ២០១៩ រហូតមកដល់ពេលនេះ គឺប្រភពដើមនៃមេរោគ កូវីដ-១៩ មិនទាន់ត្រូវបានកំណត់នៅឡើយទេ ដោយសារទិន្នន័យមួយចំនួនពីប្រទេសចិនបាត់។ ទន្ទឹមនឹងនេះ ក្រុមអ្នកជំនាញរបស់ WHO នៅតែបើកចំហចំពោះភស្តុតាងវិទ្យាសាស្ត្រនាពេលអនាគតទាំងអស់ ដើម្បីសាកល្បងយ៉ាងទូលំទូលាយនូវសម្មតិកម្មយ៉ាងសមហេតុផលទាំងអស់ រួមទាំងភាពដែលអាចទៅរួចនៃគ្រោះថ្នាក់នៅមន្ទីរពិសោធន៍វិទ្យាសាស្ត្រ។ សម្រាប់ទិន្នន័យដែលបានបាត់ទៅ ជាពិសេសទិន្នន័យរបស់ប្រទេសចិន ដែលបានរកឃើញក្រុមអ្នកឆ្លងមេរោគកូវីដ-១៩ដំបូងបង្អស់ កាលពីខែធ្នូ ឆ្នាំ២០១៩ វាពិតជាមិនអាចទៅរួចឡើយដែលនឹងអាចបញ្ជាក់អំពីដើមកំណើតដ៏ច្បាស់លាស់នៃមេរោគ ថាវាបានឆ្លងមកកាន់មនុស្សបានយ៉ាងដូចម្តេច ក្រោយពីមានការឆ្លងរីករាលដាលពាសពេញពិភពលោក ក្នុងអំឡុងពេលជាង២ឆ្នាំកន្លងមក ដែលបណ្តាលអោយចំនួនអ្នកឆ្លងជុំវិញពិភពលោកមានរហូតដល់ទៅ ៥៣៤លាននាក់ ចំណែកអ្នកបាត់បង់ជីវិត ៦.៣១លាននាក់។ ការបញ្ជាក់ប្រាប់អំពីប្រភព ឬ ដើមកំណើតរបស់មេរោគនៅក្នុងសត្វប្រភេទផ្សេងៗ ត្រូវប្រើពេលជាច្រើនឆ្នាំ ដោយអ្នកវិទ្យាសាស្រ្តត្រូវ ចំណាយពេលដល់ទៅ ១៥ឆ្នាំ ក្នុងការស្វែងរកពូជសត្វប្រចៀវផ្សេងៗ ដែលអាចជាកំណើតនៃមេរោគកូរ៉ូណាបំប្លែងថ្មី ឬ SARs ដែលជាសាច់ញាតិរបស់មេរោគកូវីដ-១៩៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ចិនព្រមានអាមេរិកថា “ប៉េកាំងនឹងមិនស្ទាក់ស្ទើរក្នុងការធ្វើសង្គ្រាមនោះទេជុំវិញបញ្ហាកោះតៃវ៉ាន់”

Khmerpress June 11, 2022 11/06/2022

សិង្ហបុរី៖ “ទីក្រុងប៉េកាំងនឹងមិនស្ទាក់ស្ទើរក្នុងការធ្វើសង្គ្រាមនោះទេ ប្រសិនបើកោះតៃវ៉ាន់ហ៊ានប្រកាសរដ្ឋឯករាជ្យ” នេះបើយោងតាមប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងការពារចិនដែលបានថ្លែងព្រមានទៅកាន់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ទី១០​ ខែមិថុនាម្សិលមិញនេះ។ ការព្រមានខ្លាំងៗនេះត្រូវបានធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រីការពារចិន Wei Fenghe បានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខ Shangri-La Dialogue នៅក្នុងប្រទេសសិង្ហបុរី ហើយការព្រមាននោះទៀតសោធគឺត្រូវបានធ្វើនៅក្នុងជំនួបដោយផ្ទាល់និងជាលើកដំបូងជាមួយលោក Lloyd Austin ដែលជារដ្ឋមន្ត្រីការពារជាតិអាមេរិកផងដែរ។ លោក Wei Fenghe រដ្ឋមន្ត្រីការពារចិន  រដ្ឋមន្ត្រីការពារជាតិចិនរូបនេះបានបញ្ជាក់ច្បាស់ៗថា ប្រសិនបើអ្នកណាម្នាក់ហ៊ានមកបំបែកកោះតៃវ៉ាន់ចេញពីប្រទេសចិននោះគឺចិននឹងប្រកាសសង្គ្រាមភ្លាមៗដោយមិនស្ទាក់ស្ទើរនោះទេ បើទោះជាសង្គ្រាមនោះត្រូវចំណាយអស់ច្រើនយ៉ាងណាក៏ដោយ។ គួររម្លឹកជូនថា ភាពតានតឹងរវាងចិននិងអាមេរិកចំពោះកោះតៃវ៉ាន់នេះមិនមែនជារឿងថ្មីឡើយ ដ្បិតនាពេលកន្លងមកអាមេរិកគឺជាអ្នកជួយគាំទ្រកោះតៃវ៉ាន់ឲ្យផ្តាច់ខ្លួនជារដ្ឋឯករាជ្យ ខណៈចិននៅតែចិញ្ចឹមចិត្តរក្សាកោះតែវ៉ាន់ទុកជាផ្នែកមួយនៃប្រទេសរបស់ខ្លួន បើទោះជាតៃវ៉ាន់មានប្រព័ន្ធដឹកនាំនិងរដ្ឋបាលដាច់ដោយឡែកមួយពីរដ្ឋបាលរបស់ក្រុងប៉េកាំងក៏ដោយ។ យ៉ាងណាក្តី ភាពតានតឹងនេះបានកើនឡើងមួយកម្រិតទៀត បន្ទាប់ពីពេលថ្មីៗនេះលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានប្រកាសជាសាធារណៈថា អាមេរិកនឹងជួយការពារកោះតៃវ៉ាន់គ្រប់បែបយ៉ាងពីការឈ្លានពានរបស់ចិន។ គួរបញ្ជាក់ថា ការថ្លែងរបស់លោក ចូ បៃឌិននេះគឺជាការនិយាយចំៗនិងជាសាធារណៈលើកដំបូងហើយសម្រាប់អាមេរិក ដ្បិតនាពេលកន្លងមករដ្ឋបាលអាមេរិកគ្រាន់តែបង្ហាញជំហរគាំទ្រតៃវ៉ាន់ត្រឹមជាលក្ខណៈការទូតប៉ុណ្ណោះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ធនាគារ ADB អនុម័តកម្ចី ៤,៣ប៊ីលានដុល្លារសម្រាប់គម្រោងស្តារផ្លូវដែក នៅប្រទេសហ្វីលីពីន

Khmerpress June 11, 2022 11/06/2022

(ម៉ានីល)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានអនុម័តប្រាក់កម្ចីរហូតដល់ ៤,៣ប៊ីលានដុល្លារសម្រាប់គម្រោងផ្លូវដែកនៅក្នុងប្រទេសហ្វីលីពីន ដែលជាការជំរុញដែលត្រូវការយ៉ាងខ្លាំងសម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកដែលមានវ័យចំណាស់របស់ប្រទេសនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទិន្នន័យរបស់រដ្ឋាភិបាលហ្វីលីពីនបានបង្ហាញថា ហ្វីលីពីនមានផ្លូវរថភ្លើងចម្ងាយជាង ១.១០០គីឡូម៉ែត្រមុនពេលមានសង្គ្រាមលោកលើកទី២ ប៉ុន្តែគិតត្រឹមឆ្នាំ២០១៦ ផ្លូវដែកដែលអាចប្រតិបត្តិការបានមានប្រវែងត្រឹមតែ ៧៧គីឡូម៉ែត្រប៉ុណ្ណោះ ដែលស្ថិតនៅឆ្ងាយពីគេបើធៀបនឹងប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ី។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា លោក Ahmed Saeed អនុប្រធានធនាគារ ADB បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គម្រោង South Commuter Railway ប្រវែង ៥៥គីឡូម៉ែត្រនៅហ្វីលីពីន គឺជាហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធធំបំផុតរបស់ ADB នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិករហូតមកដល់បច្ចុប្បន្ន។ គម្រោងនេះនឹងកាត់បន្ថយពេលវេលាធ្វើដំណើរពាក់កណ្តាលរវាងទីក្រុងម៉ានីល និងទីក្រុង Calamba ក្នុងខេត្ត Laguna ពីរយៈពេលធ្វើដំណើរបច្ចុប្បន្ន ២ម៉ោងកន្លះ។ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសជប៉ុន (JICA) កំពុងផ្តល់មូលនិធិសម្រាប់ការទិញរថភ្លើង និងប្រព័ន្ធផ្លូវដែក។ រាល់ហេដ្ឋារចនាសម្ព័ន្ធដែលផ្តល់ហិរញ្ញប្បទានដោយធនាគារ ADB ដូចជាការងារស៊ីវិលសម្រាប់ស្ពានទ្រផ្លូវដែក ស្ថានីយ៍ចំនួន ១៨ ស្ពាន ផ្លូវរូងក្រោមដី និងអគារស្ថានីយ នឹងត្រូវបានរចនាឡើងដើម្បីឱ្យមានភាពធន់នឹងគ្រោះមហន្តរាយ និងអាចទប់ទល់ព្យុះទីហ្វុង និងការរញ្ជួយដីបាន។ ក្នុងឆ្នាំ២០១៩ […]

ក្រសួងពាណិជ្ជកម្មថៃ មិនអនុញ្ញាតឱ្យក្រុមហ៊ុនផលិតមីជាច្រើន​រួមទាំងមី “ម៉ាម៉ា” ឡើងថ្លៃនោះទេ ទោះមានការស្នើសុំច្រើនដងក៏ដោយ

Khmerpress June 11, 2022 11/06/2022

កាលពីថ្ងៃទី៣០ ខែមេសា កន្លងទៅនេះ Thai President Foods ក្រុមហ៊ុនផលិតមីម៉ាម៉ាបានជូនដំណឹងដល់ដៃគូពាណិជ្ជកម្ម និងអ្នកលក់រាយរបស់ខ្លួនពីការឡើងថ្លៃលើតម្លៃមីម៉ាម៉ាប្រភេទកញ្ចប់ដ៏ពេញនិយម ចាប់ពីខែឧសភាតទៅ។ យ៉ាងណាមិញមកទល់ពេលនេះ ក្រសួងពាណិជ្ជកម្ម បានប្រាប់ក្រុមហ៊ុនផលិតមី ដែលជាអាហារដ៏ពេញនិយមសម្រាប់ប្រជាជនថៃជាច្រើន ឱ្យរក្សាតម្លៃលក់រាយត្រឹម ៦បាត ក្នុងមួយកញ្ចប់ ឱ្យបានយូរតាមដែលអាចធ្វើទៅបាន។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Jurin Laksanawisit បាននិយាយកាលពីថ្ងៃសុក្រថា លោកនឹងមិនអនុញ្ញាតឱ្យមានការឡើងថ្លៃណាមួយក្នុងពេលឆាប់ៗនេះទេ ទោះបីជាមានការស្នើសុំម្តងហើយម្តងទៀតរបស់អ្នកផលិតក្នុងរយៈពេលជាច្រើនខែកន្លងមកក៏ដោយ។ តម្លៃលក់រាយនឹងរក្សានៅតម្លៃ ៦បាតក្នុងមួយកញ្ចប់ដដែល ដោយនាយកដ្ឋាន​ពាណិជ្ជកម្ម​ផ្ទៃក្នុង​មិន​ទាន់​អនុញ្ញាត​ឲ្យ​ដំឡើង​ថ្លៃ​នៅ​ឡើយ​ទេ។ ទោះជាយ៉ាងណាក្ដី លោក Jurin ដែលជាឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងការអាណិតអាសូរចំពោះអ្នកផលិតមីកញ្ចប់ ដែលបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនដែលកំពុងបន្ត។ លោក​ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា មនុស្ស​ជា​ច្រើន​ទំនង​ជា​នឹង​ផ្អាក​ផលិតកម្ម​ប្រសិន​បើ​ពួក​គេ​មិន​អាច​រក​ប្រាក់​ចំណេញ​បាន ប៉ុន្តែ​វា​នឹង​នាំ​ឱ្យ​មាន​បញ្ហា​ថ្មី​នៃ​ទំនិញ​មិន​មាន​ក្នុង​ទីផ្សារ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

រុស្ស៊ី-ចិន បើកសម្ពោធស្ពានឆ្លងព្រំដែនថ្មីរួមគ្នា ខណៈទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ

Khmerpress June 11, 2022 11/06/2022

(មូស្គូ)៖ រុស្ស៊ី និងចិនបានបើកសម្ពោធស្ពានឆ្លងព្រំដែនថ្មីមួយនៅភាគខាងកើតនៅថ្ងៃសុក្រ ទី១០ មិថុនានេះ ដែលពួកគេសង្ឃឹមថា នឹងជំរុញពាណិជ្ជកម្មបន្ថែមទៀត ខណៈកំណើតសេដ្ឋកិច្ចទីក្រុងម៉ូស្គូបានដើរថយក្រោយ បន្ទាប់ពីលោកខាងលិចបានដាក់ទណ្ឌកម្មលើសកម្មភាពរបស់រុស្ស៉ីនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០២២។ ទីភ្នាក់ងារសារព័ត៌មាន RIA បានរាយការណ៍ថា ស្ពានតភ្ជាប់ទីក្រុង Blagoveshchensk របស់រុស្ស៊ី ទៅកាន់ទីក្រុង Heihe របស់ប្រទេសចិន ឆ្លងកាត់ទន្លេ Amur ដែលត្រូវបានគេស្គាល់នៅក្នុងប្រទេសចិនថា Heilongjiang មានប្រវែងជាង ១គីឡូម៉ែត្រ និងមានតម្លៃប្រមាណ ៣៤២លានដុល្លារអាមេរិក។ អាជ្ញាធររុស្ស៊ីបាននិយាយថា ស្ពាននេះនឹងនាំទីក្រុងមូស្គូ និងទីក្រុងប៉េកាំងកាន់តែជិតស្និទ្ធជាមួយគ្នា ដោយការជំរុញពាណិជ្ជកម្មបន្ថែម បន្ទាប់ពីពួកគេបានប្រកាសភាពជាដៃគូ «គ្មានដែនកំណត់» កាលពីខែកុម្ភៈ ដែលមិនយូរប៉ុន្មានមុនពេលប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ជូនកងកម្លាំងឈ្លានពានប្រទេសអ៊ុយក្រែន៕ ផ្តល់សិទ្ធិដោយ៖ freshnews