ព័ត៌មានអន្តរជាតិ

អត្រាអ្នកគ្មានការងារធ្វើនៅក្នុងប្រទេសថៃ បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់ក្នុងរយៈពេល ១៦ឆ្នាំមកនេះ

Khmerpress November 23, 2021 23/11/2021

អត្រាអ្នកគ្មានការងារធ្វើរបស់ប្រទេសថៃបានឡើងដល់កម្រិតខ្ពស់នៅក្នុងត្រីមាសទី៣ នៃឆ្នាំនេះ ដោយសារការរឹតបន្តឹងនៃជំងឺ កូវីដ-១៩ ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សកម្មភាពសេដ្ឋកិច្ច និងការងារ។ ការកើនឡើងនេះ គឺមិនធ្លាប់មានពីមុនឡើយក្នុងរយៈពេល ១៦ឆ្នាំមកនេះ។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus អត្រាគ្មានការងារធ្វើបានកើនឡើងដល់ ២.២៥% នៅក្នុងត្រីមាសទី៣ ដែលស្មើនឹងចំនួនកម្មករ ៨៧០,០០០ នាក់ដែលគ្មានការងារធ្វើ ពី ១.៨៩% ក្នុងរយៈពេលបីខែមុន និងអត្រាគ្មានការងារធ្វើ ២.៥២% នៅក្នុងត្រីមាសទីមួយកាលពីឆ្នាំ២០០៥។ ជាមួយគ្នានេះដែរ ធនាគារកណ្តាលបាននិយាយថា ចំនួនអ្នកគ្មានការងារធ្វើត្រូវបានគេរំពឹងថានឹងមានចំនួន ៣.៤ លាននាក់នៅចុងឆ្នាំ២០២១ នេះ។ គួរបញ្ជាក់ថា នៅក្នុងត្រីមាសទី៣ ការងារសរុបបានធ្លាក់ចុះ ០.៦% ធៀបនឹងឆ្នាំមុនមកត្រឹម ៣៧.៧លាននាក់ ដោយវិស័យសណ្ឋាគារ/ភោជនីយដ្ឋាន និងសំណង់បាត់បង់ការងារច្រើនជាងគេបំផុត៕ ដោយ៖ ខ្មែរណូត

អាជ្ញាធរថៃគ្រោងចាត់វិធានការតឹងរឹងជាមួយក្រុមពលរដ្ឋដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩

Khmerpress November 23, 2021 23/11/2021

ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Nation Thailand បានឲ្យដឹងថា អាជ្ញាធរថៃគ្រោងនឹងចាត់វិធានការតឹងរឹងជាមួយក្រុមពលរដ្ឋដែលមិនបានទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ក្រោយអាជ្ញាធររកឃើញថា ក្រុមពលរដ្ឋដែលមិនបានទៅចាក់វ៉ាក់សាំងទាំងនោះអាចជាភ្នាក់ងារចម្លងមេរោគយ៉ាងសកម្មនៅតាមសហគមន៍។ បើតាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលថៃបានបង្ហាញថា គិតត្រឹមពេលនេះមានពលរដ្ឋថៃយ៉ាងយោចណាស់ ១០ លាននាក់ដែលមិនទាន់បានទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩សូម្បីតែមួយដូស​ ហើយនេះវាគឺជាតួលេខអ្នកមិនចាក់វ៉ាក់សាំងដ៏ច្រើនមួយ បើធៀបទៅនឹងចំនួនពលរដ្ឋគោលដៅដែលត្រូវមកចាក់វ៉ាក់សាំងនៅទូទាំងប្រទេសថៃ។ បើតាមលោកវេជ្ជបណ្ឌិត Kiattibhoom Vongrachit ដែលជាលេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាលថៃបានឲ្យដឹងកាលពីថ្ងៃចន្ទ ទី២២ ខែវិច្ឆិកាម្សិលមិញនេះថា ប្រសិនបើក្រុមពលរដ្ឋទាំង ១០លាននាក់នេះមិនប្រញាប់ទៅចាក់វ៉ាក់សាំងនោះទេ អាជ្ញាធរសុខាភិបាលថៃក៏មិនអាចសម្រេចការចាក់វ៉ាក់សាំងតាមផែនការដែលបានគ្រោងទុកដែរ ខណៈតាមគម្រោងគឺអាជ្ញាធរសុខាភិបាលថៃរំពឹងនឹងចាក់វ៉ាក់សាំងជូនពលរដ្ឋឲ្យបាន ៧៥% នៃចំនួនពលរដ្ឋសរុបនៅត្រឹមចុងឆ្នាំ ២០២១ នេះ។ បើផែនការចាក់វ៉ាក់សាំងមិនអាចសម្រេចតាមការគ្រោងទុកនោះទេ គម្រោងនៃការបើកប្រទេសឲ្យត្រលប់មករកភាពធម្មតាវិញក៏មិនអាចធ្វើឡើងដោយរលូនដែរ។ លោកវេជ្ជបណ្ឌិតរូបនេះបានបញ្ជាក់ថា វិធានការដែលអាជ្ញាធរនឹងអនុវត្តចំពោះក្រុមពលរដ្ឋមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នោះ គឺហាមឃាត់ពួកគេមិនឲ្យចូលរួមក្នុងសកម្មភាពសាធារណៈណា ដែលមានហានិភ័យនៃការរាតត្បាតជំងឺកូវីដ ១៩៕ ដោយ៖ ខ្មែរណូត

ទិន្នន័យសាកល្បងវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Pfizer បង្ហាញថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពរយៈពេលវែងចំពោះមនុស្សវ័យជំទង់

Khmerpress November 23, 2021 23/11/2021

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Pfizer Inc បាននិយាយកាលពីថ្ងៃចន្ទ ខែវិច្ឆិកា ទី២២ នេះថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ខ្លួន មានប្រសិទ្ធភាពបង្ការជំងឺកូវីដ១៩ ក្នុងរយៈពេលវែងបានយ៉ាងរឹងមាំ។ នេះបើយោងតាមការសិក្សាដំណាក់កាលចុងក្រោយដែលធ្វើឡើងក្នុងចំណោមមនុស្សវ័យជំទង់ដែលមានអាយុពី១២ ដល់១៥ ចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្រុមហ៊ុនបាននិយាយថា ក្នុងរយៈពេលពី០៧ថ្ងៃទៅជាង០៤ខែ បន្ទាប់ពីការចាក់វ៉ាក់សាំងលើកទី២ នឹងមានប្រសិទ្ធភាព១០០%ប្រឆាំងនឹងជំងឺកូវីដ១៩។ គួរបញ្ជាក់ថា វ៉ាក់សាំងនេះត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់ករណីបន្ទាន់ចំពោះមនុស្សដែលមានអាយុពី១២ ទៅ១៥ឆ្នាំ ដោយរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិកក្នុងខែឧសភា ហើយបានផ្តល់ការយល់ព្រមពេញលេញសម្រាប់ការប្រើប្រាស់ចំពោះមនុស្សដែលមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅក្នុងខែសីហា៕ ផ្តល់សិទ្ធិដោយ៖ freshnews

អរគុណមិត្តជប៉ុន! ជប៉ុនត្រៀមផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាង ៣លានដូសដល់ប្រទេសចំនួន ៩ រួមទាំងកម្ពុជា

Khmerpress November 22, 2021 22/11/2021

រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi បាននិយាយកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា ប្រទេសជប៉ុនគ្រោងនឹងផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៣.៧ លានដូស ដល់ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ៩ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kyodo News។ ការផ្តល់វ៉ាក់សាំងនេះដែរ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីធានាបាននូវសិទ្ធិទទួលបានដោយយុត្តិធម៌ចំពោះការចាក់វ៉ាក់សាំង។ ជាមួយគ្នានេះ ទីក្រុងតូក្យូនឹងផ្តល់វ៉ាក់សាំង កូវីដ-១៩ ដែលផលិតដោយ AstraZeneca Plc នៅក្នុងប្រទេសជប៉ុន ទៅដល់ប្រទេស បង់ក្លាដែស កម្ពុជា ឡាវ តុងហ្គា វ៉ានូអាទូ នីការ៉ាហ្គា អេហ្ស៊ីប ស៊ីរី និងយេម៉ែន ក្រោមកម្មវិធី COVAX Facility ដែលគាំទ្រដោយអង្គការសហប្រជាជាតិ។ គួរបញ្ជាក់ផងដែរថា ជប៉ុន​បាន​បរិច្ចាគ​វ៉ាក់សាំង​ការពារជំងឺ កូវីដ-១៩ ​ប្រមាណ​៣០​លាន​ដូស​រួច​ទៅ​ហើយ​ដល់​ប្រទេស​ជាច្រើនទៀត។​ ហើយ ប្រទេសជប៉ុន នឹងបន្តផ្តល់វ៉ាក់សាំងបន្ថែមទៀត ដោយគិតគូរពីស្ថានភាពដូចជា ការផលិតក្នុងស្រុក ភាពអាចរកបាននៃវ៉ាក់សាំង… និងតម្រូវការវ៉ាក់សាំងនៅក្នុងប្រទេស និងតំបន់នីមួយៗ៕ ដោយ៖ ខ្មែរណូត

ប្រទេសចិន កំពុងជួយឥណ្ឌូនេស៊ី បង្កើតមជ្ឈមណ្ឌលផលិតវ៉ាក់សាំង កូវីដ-១៩

Khmerpress November 22, 2021 22/11/2021

ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសឥណ្ឌូនេស៊ី លោក Xiao Qian បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ថា ប្រទេសចិនកំពុងគាំទ្រយ៉ាងសកម្មដល់ប្រទេសឥណ្ឌូនេស៊ី ក្នុងការកសាងមជ្ឈមណ្ឌលផលិតវ៉ាក់សាំងកូវីដ-១៩។ លោក Xiao បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការវ៉ាក់សាំងបានក្លាយជា ចំណុចលេចធ្លោថ្មីនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ ជាមួយគ្នានោះដែរ លោកបានកត់សម្គាល់ថា ក្រុមហ៊ុនចិនចំនួន៥ កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយសមភាគីឥណ្ឌូនេស៊ីរបស់ពួកគេ ដើម្បីគាំទ្រការផលិតវ៉ាក់សាំងតាមរយៈផ្លូវបច្ចេកទេសផ្សេងៗគ្នា។ គួរឱ្យដឹងថា ប្រទេសឥណ្ឌូនេស៊ីកំពុងប្រកួតប្រជែងជាមួយឥណ្ឌា និងសាធារណរដ្ឋកូរ៉េ ដើម្បីក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្ទេរចំណេះដឹងសម្រាប់ការផលិតវ៉ាក់សាំងកូវីដ-១៩ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕ ដោយ​៖ ខ្មែរណូត

ក្រុមហ៊ុនផលិតរថយន្តដ៏ល្បី Honda កំពុងពិចារណាសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនី (EV) នៅក្នុងប្រទេសថៃ

Khmerpress November 22, 2021 22/11/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ក្រុមហ៊ុន Honda Automobile (Thailand) កំពុងពិចារណាសាងសង់រោងចក្រអាគុយរថយន្តអគ្គិសនី (EV) នៅក្នុងប្រទេសថៃ ដើម្បីបម្រើដល់ឧស្សាហកម្មរថយន្តអគ្គិសនី ដែលកំពុងរីកចម្រើន។ បើតាមសារព័ត៌មានដដែល ក្រុមហ៊ុនកំពុងធ្វើការសិក្សាអំពីលទ្ធភាពមួយទៅលើគំនិតដែលនឹងកាត់បន្ថយការនាំចូលថ្មពីប្រទេសជប៉ុន ដោយការ​ប្រើ​ថ្ម​នាំ​ចូល​ដើម្បី​ដំឡើង​រថយន្ត​នៅ​ប្រទេស​ថៃ​នេះ នាំ​ឱ្យ​តម្លៃ​ផលិតកម្ម​ខ្ពស់​ជាង។ ប៉ុន្តែទោះជាយ៉ាងណាក្ដី ក្រុមហ៊ុនបានបដិសេធមិនបញ្ជាក់លម្អិតនោះទេ។ លោក Noriyuki Takakura ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Honda Automobile (Thailand) បាននិយាយថា ក្រុមហ៊ុនបានប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថ្មី ដែលល្អសម្រាប់បរិស្ថាន ខណៈដែលខ្លួនបានចូលរួមកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីត។ គួរឱ្យដឹងថា នៅក្នុងប្រទេសថៃ ក្រុមហ៊ុន Honda នឹងផ្តោតលើរថយន្តអគ្គិសនីកូនកាត់ (HEVs) និងរថយន្តអគ្គិសនីពីថ្ម (BEVs)។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ តម្រូវការសម្រាប់រថយន្តអគ្គិសនីពីថ្ម (BEVs) នឹងត្រូវការពេលវេលាដើម្បីឱ្យមានកើនឡើង៕ ដោយ៖ ខ្មែរណូត

អូស្ត្រាលី នឹងបន្ធូរបន្ថយវិធានការរឹតត្បិតព្រំដែនអន្តរជាតិ ដើម្បីទទួលស្វាគមន៍កម្មករជំនាញឡើងវិញ

Khmerpress November 22, 2021 22/11/2021

(ស៊ីដនី)៖ អូស្ត្រាលី អាចនឹងប្រកាសនៅថ្ងៃចន្ទនេះ ពីផែនការបន្ធូរបន្ថយវិធានការរឹតត្បិតព្រំដែនអន្តរជាតិ ដោយអនុញ្ញាតឱ្យជនអន្តោប្រវេសន៍មានជំនាញ និងនិស្សិត អាចធ្វើដំណើរចូលមកក្នុងប្រទេសរបស់ខ្លួនឡើងវិញ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ Reuters នៅថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។ សារព័ត៌មាន Australian Financial Review ដោយផ្អែកលើការស្រង់សម្ដីពីមន្ត្រីជាន់ខ្ពស់អូស្ត្រាលីម្នាក់ បានឱ្យដឹងថារដ្ឋាភិបាលសហព័ន្ធអូស្ត្រាលី មានផែនការ អនុញ្ញាតឱ្យជនអន្តោប្រវេសន៍ដែលជាកម្មករជំនាញ ជាពិសេសមកពីកូរ៉េខាងត្បូង និងជប៉ុន ត្រឡប់ចូលមកក្នុងប្រទេសដោយមិនចាំបាច់ធ្វើចត្តាឡីស័ក នៅមុនថ្ងៃបុណ្យណូអែល។ លោក ចូស ហ្រ្វៃដិនបឺគ (Josh Frydenberg) ជារដ្ឋមន្ត្រីរតនាគារជាតិអូស្ត្រាលី បានបញ្ជាក់ដូច្នេះថា «ការបើកព្រំដែនរបស់យើង ឡើងវិញប្រកបដោយសុវត្ថិភាព សម្រាប់ជនអន្តោប្រវេសន៍ជាកម្មករជំនាញ និងនិស្សិតមកពីបរទេសអាចនឹងជួយពន្លឿនការស្ដារសេដ្ឋកិច្ចរបស់យើង តាមរយៈ ការជួយដោះស្រាយកង្វះខាតកម្លាំងពលកម្ម»។ គួរបញ្ជាក់ថា អូស្ត្រាលីបានសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនកាលពីខែមីនា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល COVID-19 ជាមួយការអនុវត្តវិធានការរឹតត្បិត យ៉ាងតឹងរ៉ឹង។ បច្ចុប្បន្ន អូស្ត្រាលីមានអ្នកឆ្លង COVID-19 ប្រមាណ ២០០,០០០នាក់ ក្នុងនោះស្លាប់ ១,៩៤៨នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

សិង្ហបុរី បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «១,៦៧០ករណី» និងបាត់បង់ជីវិត ០៨នាក់បន្ថែមទៀត ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ

Khmerpress November 22, 2021 22/11/2021

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន១,៦៧០ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ សម្រាប់រយៈពេលដូចគ្នានេះ ប្រទេសអាស៊ានមួយនេះក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន០៨នាក់បន្ថែមទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបនៅទូទាំប្រទេសកើនដល់៦៦២នាក់ ខណៈករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសកើនដល់ ២៥២,១៨៨ករណី។ ករណីឆ្លងថ្មីប្រចាំថ្ងៃនៅថ្ងៃនេះគឺមានការធ្លាក់ចុះបន្តិចមកវិញ បើប្រៀបធៀបនឹងតួលេខឆ្លងប្រចាំថ្ងៃដែលបានរាយការណ៍ កាលពីថ្ងៃពុធម្សិលមិញដែលមានចំនួន១,៩៣១ករណី។ សូមជំរាបថា ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីមួយរយៈចុងក្រោយនេះ កំពុងប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថៃ៖ មនុស្ស ៦,៥៩៥នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៥៣នាក់បាត់បង់ជីវិត ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ

Khmerpress November 20, 2021 20/11/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃសៅរ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៦,៥៩៥ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៥៣នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៨,៤៧៨នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ២,០៥៧,៥៧៥ករណី ក្នុងនោះមានអ្នកស្លាប់ ២០,៣៥៦នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៩៤៩,៣៣២នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៨៧.៦៣លានដូស ក្នុងនោះប្រជាជន ៣៨.៣៩លាននាក់ (៥៤.៨៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ផ្តល់សិទ្ធិដោយ៖ freshnews

ទីក្រុងប៉េកាំងប្រទេសចិន ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់កុមារអាយុពី៣ ដល់១១ឆ្នាំ

Khmerpress November 20, 2021 20/11/2021

(ប៉េកាំង)៖ ថ្មីៗនេះទីក្រុងប៉េកាំង ប្រទេសចិន បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំពោះកុមារអាយុពី៣ ដល់១១ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។ គួរបញ្ជាក់ថា ប្រទេសចិនបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចបំផុតនៅលើពិភពលោក ដែលចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំពោះកុមារតូច។ សម្រាប់ប្រទេសគុយបា ក៏ជាប្រទេសមួយក្នុងចំណោមនោះផងដែរ ដែលបានចាប់ផ្តើមការចាក់វ៉ាក់សាំងសម្រាប់កុមារអាយុក្រោម២ឆ្នាំ។ បច្ចុប្បន្នសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុបជាច្រើនអនុញ្ញាតឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់តែកុមារអាយុ ១២ឆ្នាំឡើងលើប៉ុណ្ណោះ ខណៈបណ្តាប្រទេសទាំងនេះកំពុងឆ្ពោះទៅបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុពី៥ទៅ១១ឆ្នាំយ៉ាងឆាប់រហ័ស៕ ផ្តល់សិទ្ធិដោយ៖ freshnews