ព័ត៌មានអន្តរជាតិ

អង្គការនានាជំរុញឲ្យរដ្ឋាភិបាលអូស្ត្រាលី បរិច្ចាគវ៉ាក់សាំងបង្ការកូវីដ-១៩ «២០លានដូស» ដល់ COVAX ដើម្បីជួយសង្គ្រោះប្រទេសក្រីក្រ

Khmerpress October 11, 2021 11/10/2021

(កង់បេរ៉ា)៖ ក្រុមអង្គការជាច្រើននៅក្នុងប្រទេសអូស្ត្រាលី បានជំរុញឱ្យរដ្ឋាភិបាលទីក្រុងកង់បេរ៉ា បរិច្ចាគវ៉ាក់សាំង COVID-19 រាប់លានដូសបន្ថែមទៀត ដើម្បីជួយដល់បណ្ដាប្រទេសដទៃ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១។ នៅក្នុងសេចក្ដីថ្លែងការណ៍រួមរបស់ខ្លួនចេញផ្សាយនៅថ្ងៃចន្ទនេះ ក្រុមអង្គការខាងលើដដែលបានអំពាវនាវឱ្យរដ្ឋាភិបាលអូស្ត្រាលី បរិច្ចាគវ៉ាក់សំាំង COVID-19 យ៉ាងហោចណាស់ចំនួន ២០លានដូស តាមរយៈកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក ដែលមានគោលដៅធានាឱ្យបានថា បណ្ដាប្រទេសក្រីក្រ ឬកំពុងអភិវឌ្ឍទទួលបានវ៉ាក់សាំងគ្រប់គ្រាន់ ចាក់ជូនប្រជាជនរបស់ពួកគេ។ គួរបញ្ជាក់ថា បើតាមសេចក្ដីថ្លែងការណ៍ខាងលើ ក្រុមប្រទេសក្រីក្រ ឬប្រទេសមានប្រាក់ចំណូលកម្រិតទាបចំនួន ១៩ នឹងមិនអាចសម្រេចបាន នូវអាត្រាចាក់វ៉ាក់សាំងពេញលេញជូនប្រជាជនរបស់ខ្លួន ៧០ភាគរយ ដូចការចង់បានរបស់ WHO នៅត្រឹមពាក់កណ្តាលឆ្នាំ២០២២ នោះឡើយ។ ប្រសិនបើមិនមានការជួយគាំទ្រ ជាបន្ទាន់ទេនោះ ប្រទេសទាំងអស់នេះនឹងត្រូវការពេល រហូតដល់លើសឆ្នាំ ២០៣០ ឯណោះ ទើបពួកគេអាចសម្រេចគោលដៅនេះបាន៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប៉ូលិសថៃព្រមានថា រឿង “Squid Game” អាចបណ្តុះស្មារតីហិ.ង្សាចំពោះអ្នកទស្សនានិងហាមមិនឲ្យក្មេងៗមើលរឿងនេះឡើយ

Khmerpress October 11, 2021 11/10/2021

ថៃ៖ កាលពីថ្ងៃអាទិត្យទី១០ ខែតុលា ម្សិលមិញនេះ ប៉ូលិសថៃបានធ្វើការព្រមានជាសាធារណៈថា ខ្សែភាពយន្តដែលកំពុងពេញនិយមមួយរបស់ប្រទេសកូរ៉េខាងត្បូងគឺរឿង “Squid Game” មានឈុតឆាកមិនសមរម្យជាច្រើនដែលជាអាចជះឥទ្ធិពលអាក្រក់ដល់អ្នកទស្សនា ជាពិសេសគឺក្រុមអ្នកទស្សនាវ័យក្មេងតែម្តង។ បើតាមលោកវរសេនីយ៍ទោ Kissana Phathanacharoen អ្នកនាំពាក្យអគ្គស្នងការនគបាលជាតិថៃបានបញ្ជាក់ថា នៅក្នុងរឿង “Squid Game” មានឈុតធ្វើទារុណកម្មនិងសម្លាប់មនុស្សយ៉ាងសាហាវ ហើយសម្រាប់អត្ថន័យនៅក្នុងសាច់រឿងអំពើហិង្សាទាំងនោះគឺជាផ្នែកមួយនៃការលេងល្បែងមរណដោយយកជីវិតមនុស្សធ្វើជាដើ​មទុក។ វរសេនីយ៍ទោរូបនេះបានបន្តថា សម្រាប់អ្នកទស្សនាវ័យក្មេងនិងបានមើលរឿងនេះតែម្នាក់ឯងទៀតនោះគឺពួកគេងាយនឹងទទួលយកផ្នត់គំនិតនៅក្នុងសាច់រឿងទៅអនុវត្តក្នុងជីវិតជាក់ស្តែងខ្លាំងណាស់។ រហូតមកទល់នឹងពេលនេះប៉ូលិសថៃបានអំពាវនាវឲ្យម្តាយឪពុកគ្រប់រូបត្រូវយកចិត្តទុកដាក់កុំឲ្យកូនតូចៗរបស់ពួកគាត់មើលរឿងនេះឲ្យសោះ ដ្បិតនៅក្នុងរយៈពេលនៃការបិទខ្ទប់ប្រទេសព្រោះវិបត្តិកូវីដ ១៩ នេះ ការទស្សនាខ្សែភាពយន្តតាមប្រព័ន្ធអ៊ីនធឺណិតគឺជាជម្រើសនៃការកំសាន្តដ៏ពេញនិយមបំផុត។ សូមបញ្ជាក់ថា “Squid Game” ជាខ្សែភាពយន្តដែលត្រូវបាននិពន្ធនិងដឹកនាំដោយលោក Hwang Dong-hyuk បានចេញផ្សាយតាម Netflix កាលពីថ្ងៃ ១៧ ខែ កញ្ញាកន្លងទៅ ហើយបច្ចុប្បន្នខែ្សភាពយន្តមួយនេះទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនានៅជុំវិញពិភពលោក៕ ដោយ៖ ខ្មែរណូត

អាជីវកម្មនានាបើកទ្វារឡើងវិញនៅស៊ីដនី, អូស្ត្រាលីកំពុងរៀនរស់ជាមួយកូវីដ-១៩ ខណៈអត្រាចាក់វ៉ាក់សាំងកើនដល់កម្រិតខ្ពស់

Khmerpress October 11, 2021 11/10/2021

(ស៉ីដនី)៖ ហាងកាហ្វេ កន្លែងហាត់ប្រាណ និងភោជនីយដ្ឋាននៅក្នុងទីក្រុងស៊ីដនី (Sydney) នៃរដ្ឋញូសោតវែលស៍ (New South Wales) ប្រទេសអូស្រ្តលី នៅថ្ងៃចន្ទនេះបានបើកទទួលស្វាគមន៍អតិថិជន ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ (ចំនួន ០២ដូស) ឡើងវិញហើយ បន្ទាប់ពីការបិទខ្ទប់អស់រយៈពេលជិត ៤ខែ ខណៈប្រទេសនេះមានបំណងចាប់ផ្តើមរស់នៅ ជាមួយជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ តាមរយៈអត្រាចាក់វ៉ាក់សាំងកម្រិតខ្ពស់ និងដើម្បីបើកប្រទេសឡើងវិញបន្តិចម្តងៗ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១។ ហាងស្រាមួយចំនួននៅក្នុងទីក្រុងស៊ីដនី ដែលជាទីក្រុងមានប្រជាជនរស់នៅ ច្រើនបំផុតរបស់ប្រទេសអូស្រ្តាលី ក៏បានបើកទ្វារឡើងវិញនៅវេលាម៉ោង ១២៖០១កណ្ដាលអធ្រាត្រ (ម៉ោងក្នុងស្រុក) ផងដែរនៅថ្ងៃចន្ទនេះ ខណៈមិត្តភក្តិ និងក្រុមគ្រួសារអាចជួបជុំគ្នាផឹកស្រាបាន ទាំងកណ្តាលអធ្រាត្រ។ នៅក្រោមច្បាប់បន្ធូរបន្ថយវិធានការនេះ អ្នកដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញចំនួន ១០នាក់អាចប្រមូលផ្តុំគ្នានៅក្នុងផ្ទះបាន ខណៈ ១០០នាក់អាចចូលរួមពិធីមង្គលការ និងពិធីបុណ្យសពបាន។ ប៉ុន្តែអ្នកដែលមិនបានទទួលការចាក់វ៉ាក់សាំង ត្រូវតែនៅក្នុងផ្ទះរហូតដល់ថ្ងៃទី០១ ខែធ្នូ។ លោក ដូមីនិច ភែរ៉ូតថេត (Dominic Perrottet) អភិបាលរដ្ឋ […]

លោក គីម ជុងអ៊ុន ជំរុញឲ្យមន្ត្រីទាំងឡាយជួយបង្កើនជីវភាពរស់នៅ នៃប្រជាជនកូរ៉េខាងជើង ចំពោះមុខវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ

Khmerpress October 11, 2021 11/10/2021

(សេអ៊ូល)៖ មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអំពាវនាវឲ្យមន្ត្រីទាំងឡាយ គិតគូរជាសំខាន់ទៅលើការធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជន មានភាពប្រសើរឡើង ចំពោះមុខវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលប្រទេសនេះកំពុងបន្តជួយប្រទះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដែលត្រូវបានដកស្រង់ដោយ Reuters នាព្រឹកថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១។ ការថ្លែងរបស់លោក គីម ជុងអ៊ុន ដូចខាងលើនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យម្សិលមិញ នៅក្នុងឱកាសដែលលោកបានចូលរួម ក្នុងពិធីរំលឹកខួបទី ៧៦ឆ្នាំ នៃការបង្កើតគណបក្សពលករកូរ៉េ ដែលជាបក្សកាន់អំណាចតែមួយគត់ នៅក្នុងប្រទេសកូរ៉េខាងជើង។ ពិធីរំលឹកខួបឆ្នាំនេះ គឺមានតែការសម្តែងសិល្បៈ, បាញ់កាំជ្រួច, និងការដើរដង្ហែក្បួនបែបកម្សាន្តប៉ុណ្ណោះ ដោយពុំមានការធ្វើព្យុហយាត្រាយោធានោះឡើយ។ នៅក្នុងឱកាសនោះ លោក គីម ជុងអ៊ុន បានថ្លែងយ៉ាងដូច្នេះថា «មធ្យោបាយតែមួយគត់សម្រាប់ការជំរុញការងារដ៏សំខាន់ ដែលមិនធ្លាប់មានពីមុនមក ទោះបីជាស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ នោះគឺគណបក្សទាំងមូលត្រូវតែរួបរួមគ្នា…។ មន្រ្តីទាំងឡាយមិនគួរប្រាថ្នាចង់បានឯកសិទ្ធិ និងការអនុគ្រោះឡើយ តែគួរគិតគូរជានិច្ចថា តើការងាររបស់ពួកគេរំលោភបំពាន ផលប្រយោជន៍របស់ប្រជាជន ឬបង្កបញ្ហាដល់ប្រជាជន»។ គួរបញ្ជាក់ថា សេដ្ឋកិច្ចប្រទេសកូរ៉េខាងជើង បានហែលឆ្លងវិបត្តិយ៉ាងធំធេង នោះគឺទណ្ឌកម្មពីសំណាក់សហគមន៍អន្តរជាតិ ទៅលើកម្មវិធីនុយក្លេអ៊ែរ។ បន្ថែមពីនេះ […]

ប្រទេសវៀតណាមរកឃើញករណីជំងឺកូវីដ១៩ ថ្មីចំនួន ៣,៥១៣ ករណី ដែលជាចំនួនឆ្លងប្រចាំថ្ងៃតិចបំផុតក្នុងរយៈពេលជិត ៣ ខែកន្លងមកនេះ

Khmerpress October 11, 2021 11/10/2021

ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ពីករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ៣,៥១៣ ករណី កាលពីយប់ថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១ ដែលធ្វើឱ្យចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងរលកឆ្លងបច្ចុប្បន្នមានដល់ ៨៣៥,០៣៧ ករណី ខណៈវាក៏ជាតួលេខទាបបំផុតប្រចាំថ្ងៃក្នុងរយៈពេល ៨៦ថ្ងៃ កន្លងមកនេះ។ ការស្លាប់ចំនួន ១១៣ ករណី ក៏ត្រូវបានគេរាយការណ៍កាលពីថ្ងៃអាទិត្យផងដែរ ដែលធ្វើឱ្យចំនួននៃការស្លាប់ទាំងអស់មានដល់ ២០,៥៥៥ ករណី ដែលស្មើនឹង ២.៤% នៃចំនួនករណីឆ្លងទាំងអស់។ ទន្ទឹមនឹងនេះ អ្នកជំងឺ COVID-19 ចំនួន ២១,៣៩៨ នាក់ ត្រូវបានប្រកាសជាសះស្បើយ ដែលនាំឱ្យការជាសះស្បើយទាំងអស់មានដល់ ៧៨២,១៩៩ ករណី។ គិតមកទល់នឹងពេលនេះ ប្រទេសវៀតណាមបានចាក់វ៉ាក់សាំងបង្ការដល់ពលរដ្ឋជាង ៣៨.២ លាននាក់ ហើយមានពលរដ្ឋជាង ១៤.៩ លាននាក់ បានចាក់វ៉ាក់សាំងបង្ការពេញលេញ។ ឥឡូវនេះក្រសួងដឹកជញ្ជូនរបស់វៀតណាមបានសម្រេចចាប់ផ្តើមការហោះហើរជារៀងរាល់ថ្ងៃ លើផ្លូវចំនួន ១៩ រួមទាំងផ្លូវមួយរវាងទីក្រុងហាណូយ និងទីក្រុងហូជីមិញចាប់ពីថ្ងៃអាទិត្យ ដោយសារមើលឃើញពីការធ្លាក់ចុះនៃករណីថ្មីៗនារយៈពេលចុងក្រោយនេះ៕ ដោយ៖ ខ្មែរណូត

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង សន្យាថានឹងបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់ ដោយសន្តិវិធី

Khmerpress October 9, 2021 09/10/2021

(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីងបានសន្យាថានឹងសម្រេចឱ្យយ៉ាងពេញលេញនូវការបង្រួបបង្រួមជាតិជាមួយកោះតៃវ៉ាន់ដោយសនិ្តវិធី ហើយលើកនេះ លោកមិនបានព្រមានត្រង់ៗពីការប្រើប្រាស់កម្លាំងយោធានោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៩ ខែតុលា ឆ្នាំ២០២១។ ការសន្យារបស់លោក ស៊ី ជិនពីង កើតមានឡើងក្នុងសុន្ទរកថាមួយនៅឯសាលវិមានប្រជាជនចិននៅឯទីក្រុងប៉េកាំង នាឱកាសប្រារព្ធខួបនៃការធ្វើបដិវត្តន៍ផ្ដួលរំលំ របបរាជានិយមចិនកាលពីឆ្នាំ១៩១១ នៅថ្ងៃសៅរ៍នេះ។ លោក ស៊ី ជិនពីង បានបញ្ជាក់ដូច្នេះថា «ការបង្រួបបង្រួមជាតិដោយសន្តិវិធី គឺជាផលប្រយោជន៍រួមសម្រាប់ ប្រជាជនតៃវ៉ាន់ ប៉ុន្តែចិននឹងការពារដែនអធិបតេយ្យភាពរបស់ខ្លួន និងឯកភាពជាតិ»។ លោកបន្ថែមថាគ្មាននរណាម្នាក់អាចមើលស្រាលពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំ និងសមត្ថភាពដ៏ខ្លាំងក្លា របស់ប្រជាជនចិនក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីបានឡើយ»។ គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោក ស៊ី ជិនពីង ហាក់ដូចជាមានភាពទន់ភ្លន់ជាងមុន ដោយកាលពីខែកក្កដាកន្លងទៅលោកផ្ទាល់បានព្រមានចំៗថានឹង ប្រើប្រាស់កម្លាំងយោធាដើម្បីបង្រួបបង្រួមជាតិ និងបំផ្លាញរាល់ការប៉ុនប៉ងទាំងឡាយណាដែលចង់ឱ្យតៃវ៉ាន់មានឯករាជ្យភាព ឬមានកម្លាំងខាងក្រៅណាមួយព្យាយាម បំបែកតៃវ៉ាន់ចេញពីចិនដីគោក។ តែទោះជាយ៉ាងណាក៏ដោយ ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោក ស៊ី ជិនពីង កោះតៃវ៉ាន់បាននិយាយថាទីក្រុងប៉េកាំង គួរតែបញ្ឈប់ការគំរាមកំហែង ហើយមានតែប្រជាជនតៃវ៉ាន់ទេដែលជាអ្នកសម្រេចជោគវាសនារបស់ខ្លួនឯង៕ ផ្តល់សិទ្ធិដោយ៖ freshnews

ភោជនីយដ្ឋានលិចទឹកមួយកន្លែងកំពុងល្បីខ្លាំងនៅថៃ ខណៈថៃកំពុងរងនូវឥទ្ធិពលខ្យល់ព្យុះនិងជំនន់ទឹកភ្លៀងស្ទើរតែទូទាំងប្រទេស

Khmerpress October 9, 2021 09/10/2021

ថៃ៖ ខណៈដែលថៃកំពុងទទួលរងនូវឥទ្ធិពលខ្យល់ព្យុះនិងជំនន់ទឹកភ្លៀងយ៉ាងឆាប់រហ័សដែលបង្កឲ្យមាន បញ្ហារំខានដល់ការរស់នៅនិងអាជីវកម្មជាច្រើនកន្លែងនៅទូទាំងប្រទេសនោះ ស្រាប់តែមានភោជនីយដ្ឋានលិចទឹកមួយបានលេចរូបរាងឡើងនិងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងរហូតមានបណ្តាញសារព័ត៌អន្តរជាតិល្បីៗជាច្រើនសម្រេចចុះផ្សាយអត្ថបទអំពីភោជនីយដ្ឋានោះទៀតផង។ យោងតាមបណ្តាញសារព័ត៌មាន The Thaiger បានបញ្ជាក់ថា ភោជនីយដ្ឋានលិចទឹកមួយកន្លែងនោះមានឈ្មោះថា The Chao Phraya International Cafe មានទីតាំងនៅតាមមាត់ទន្លេចាវប្រាយ៉ាស្ថិតនៅក្នុងទឹកដីខេត្ត Nonthaburi ដែលជាខេត្តនៅជាប់នឹងក្រុងបាងកកតែម្តង។ បើយោងតាមវីដេអូរបស់បណ្តាញសារព័ត៌មាន South China Moring Post បានបង្ហាញថា ភោជនីយដ្ឋានមួយនេះមានអាហារពិសេសមួយប្រចាំហាងគឺសាច់អាំង ហើយដើម្បីទៅអង្គុយញ៉ាំសាច់អាំងនោះបានអតិថិជនទាំងអស់ត្រូវដើរលុយទឹកជិតត្រឹមជង្គង់ ហើយក្នុងពេលអង្គុយញ៉ាំវិញពួកគេក៏ត្រូវប្រឈមនឹងទឹករលកដែលបក់មកពីកណ្តាលទន្លេផងដែរ។ បើទោះជាយ៉ាងណាក្តី​ អតិថិជនទាំងអស់ហាក់មិនធុញទ្រាន់នឹងការដើរលុយទឹក ឬក៏ខ្លាចទឹករលកបោកបក់យកពួកគេចូលទៅក្នុងទន្លេឡើយ ផ្ទុយទៅវិញពួកគេបានបង្ហាញនូវអារម្មណ៍ស្រស់ស្រាយនិងសប្បាយរីករាយយ៉ាងខ្លាំង ពេលបានទៅដល់ភោជនីយដ្ឋានមួយនេះ ដ្បិតវាជាបរិយាកាសថ្មីប្លែកដែលពួកគេមិនធ្លាប់ឆ្លងកាត់ទាល់តែសោះ។ លោកអ្នកអាចទស្សនាទិដ្ឋភាពទាំងស្រុងនៅក្នុងភោជនីយដ្ឋានលិចទឹកមួយនេះ ដូចក្នុងវីដេអូខាងក្រោម៖

ឥណ្ឌូនេស៊ី គ្រោងកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរបរទេស ដើម្បីស្ដារទេសចរណ៍ឡើងវិញ

Khmerpress October 9, 2021 09/10/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus បានឱ្យដឹងថា ប្រទេសឥណ្ឌូនេស៊ីគ្រោងកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរបរទេស។ រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូនេស៊ីលោក Airlangga Hartarto បាននិយាយថា រយៈពេលធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរបរទេស ត្រូវបានគេរំពឹងថានឹងត្រូវកាត់បន្ថយពី ៨ ថ្ងៃមក ៥ ថ្ងៃវិញ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃទី ៧ ខែតុលា កន្លងទៅនេះ លោក Airlangga បានបញ្ជាក់ថា ជាមួយនឹងស្ថានភាពបច្ចុប្បន្នរយៈពេលនៃការធ្វើចត្តាឡីស័កនឹងត្រូវកាត់បន្ថយមកត្រឹម ៥ថ្ងៃ ប៉ុន្តែទោះជាយ៉ាងណាក្ដី ការសម្រេចចិត្តនេះ ដំបូងត្រូវទទួលបានការយល់ព្រមពីទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយ (BNFB) ក្រសួងមហាផ្ទៃ និងក្រសួងដឹកជញ្ជូនជាមុនសិន។ យោងតាមរដ្ឋមន្ត្រីក្រសួងសាធារណការបានឲ្យដឹង ថាភ្ញៀវដែលចូលមកត្រូវធ្វើចត្តាឡីស័ករយៈពេល ៨ថ្ងៃ ខណៈបទបញ្ជានេះកំពុងប្រឈមនឹងការរិះគន់ជាច្រើនពីអាជីវកម្មទេសចរណ៍។ ជាមួយគ្នានេះ លោក Bali Ketut Ardana ប្រធានសមាគមសមាគមទេសចរណ៍និងទេសចរណ៍ឥណ្ឌូនេស៊ី (ASITA) បាននិយាយថា បទប្បញ្ញត្តិបច្ចុប្បន្នជាច្រើនកំពុងបង្កការលំបាកដល់ភ្ញៀវទេសចរដូចជា ការធ្វើចត្តាឡីស័ក ការធ្វើតេស្ត PCR និងទិដ្ឋាការជាដើម៕ ដោយ៖ ខ្មែរណូត

សហរដ្ឋអាមេរិកនឹងចាប់ផ្ដើមបើកទទួលអ្នកដំណើរបរទេស ដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទទួលស្គាល់ដោយ WHO ចាប់ពីខែវិច្ឆិកាខាងមុខនេះ

Khmerpress October 9, 2021 09/10/2021

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) បាននិយាយថា សហរដ្ឋអាមេរិកនឹងបើកទ្វារទទួលអ្នកទស្សនាអន្ដរជាតិ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ ដែលអនុញ្ញាតដោយនិយតករអាមេរិក ឬអង្គការសុខភាពពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ រំលឹកឡើងវិញដែរថា កាលពីថ្ងៃទី២០ ខែកញ្ញា កន្លងទៅថ្មីៗនេះ សហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងដកការរឹតបន្តឹងលើអ្នកដំណើរតាមយន្តហោះចាប់ពីខែវិច្ឆិកា ដែលមកពី ៣៣ ប្រទេសរួមមាន៖ ចិន ឥណ្ឌា ប្រេស៊ីល និងប្រទេសនៅអឺរ៉ុបភាគច្រើន ប៉ុន្តែកាលនោះខ្លួនមិនបានបញ្ជាក់ថា តើវ៉ាក់សាំងប្រភេទណានឹងត្រូវបានអនុញ្ញាតនោះទេ។ អ្នកនាំពាក្យ CDC បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃសុក្រនេះថា៖«វ៉ាក់សាំងចំនួន ៦ ដែលត្រូវបានអនុញ្ញាតដោយ FDA អនុញ្ញាត ឬ អនុម័ត និង ចុះបញ្ជីសម្រាប់ការប្រើប្រាស់ក្នុងគ្រាអាសន្ន ដោយអង្គការសុខភាពពិភពលោក នឹងអាចបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់ការធ្វើដំណើរទៅសហរដ្ឋអាមេរិកបាន»។ CDC ក៏បាននិយាយដែរថា៖ «ដើម្បីជួយពួកគេក្នុងការរៀបចំប្រព័ន្ធ យើងបានជូនដំណឹងដល់ក្រុមហ៊ុនអាកាសចរណ៍នៅដើមសប្តាហ៍នេះ» អំពីវ៉ាក់សាំងដែលនឹងត្រូវទទួលការអនុញ្ញាតឱ្យចូលមកបាន។ CDC បានបន្ថែមថា ខ្លួននឹងចេញសេចក្តីណែនាំ និងព័ត៌មានបន្ថែមទៀត នៅពេលដែលតម្រូវការធ្វើដំណើរត្រូវសម្រេចរួច៕ ដោយ៖ ខ្មែរណូត

វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីៗចំនួន «៤,៨០៦ករណី» និងបាត់បង់ជីវិត ១១៤នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

Khmerpress October 9, 2021 09/10/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសុក្រនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន ៤,៨០៦ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ សុទ្ធតែជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ២,២១៥នាក់។ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន១១៤នាក់បន្ថែមទៀតផងដែ។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី០៨ខែតុលា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៨៣១,៦៤៣នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៧៥៩,៤៨២នាក់ ចំណែកចំនួនអ្នកស្លាប់សរុបចំនួន ២០,៣៣៧នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews