ព័ត៌មានជាតិ

សម្តេចតេជោ ប្រធានព្រឹទ្ធសភា៖ ការរើសអើងជាតិសាសន៍នៅក្នុងប្រទេសថៃ កំពុងឡើងកម្ដៅ ដូច្នេះពលរដ្ឋខ្មែរ ពិសេសពលករ គួរវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីកុំឱ្យគេប្រមាថ

Liny Chan June 16, 2025 16/06/2025

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឱ្យពលរដ្ឋខ្មែរ ពិសេសពលករ គួរវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីកុំឱ្យគេប្រមាថ ខណៈដែរ ការរើសអើងជាតិសាសន៍នៅក្នុងប្រទេសថៃ កំពុងឡើងកម្ដៅ។ បច្ចុប្បន្ន នៅប្រទេសកម្ពុជាមានការងារជាច្រើន កំពុងត្រូវការកម្លាំងពលកម្ម។ ការគូសបញ្ជាក់របស់សម្តេចតេជោ បានធ្វើឡើងនៅក្នុងការអញ្ជើញថ្លែងសារពិសេសជូនជនរួមជាតិ ក្នុងសម័យប្រជុំពេញអង្គលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ ថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។ ឆ្លៀតនាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់សមាគមន៍ធនាគារ និងសមាគមន៍មីក្រូហិរញ្ញវត្ថុ ចំពោះការប្រកាសអនុគ្រោះ និងបន្ធូបន្ថយដល់បងប្អូនពលករខ្មែរដែលវិលត្រលប់ពីថៃមកវិញតាមរយៈការដោះស្រាយលើការបង់ធនាគារ ឬការប្រាក់ជាដើម។ សម្ដេចតេជោ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលវិលត្រលប់ពីថៃមកខ្មែរវិញ សូមខិតខំបំពេញការងារនៅខ្មែរឡើងវិញ ដើម្បីជួយជីវភាព និងគ្រួសារ ខណៈនៅកម្ពុជាកំពុងមានតម្រូវការពលកម្មការងារច្រើន៕ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ភារកិច្ចដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្តទាំង៧ ជាប់ព្រំដែនថៃ ផ្តល់សេវា និងការសម្របសម្រួល ចាំបាច់នានា ដល់ពលករខ្មែរ មានបំណងត្រឡប់មកកម្ពុជាវិញ

Liny Chan June 16, 2025 16/06/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំ​ដល់​ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្តទាំង៧ ជាប់ព្រំដែនថៃ ផ្តល់សេវា និងការសម្របសម្រួលដល់ពលករខ្មែរមានបំណងត្រឡប់មកកម្ពុជា។ តាមរយៈសារសំឡេងផ្សព្វផ្សាយតាមបណ្តាញសង្គមនាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី បានណែនាំទៅឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ប្រាក់ទៅស្ថានកុងស៊ុលខ្មែរនៅ​ប្រទេសថៃ ជួយសម្រួលឯកសារនានា ដែលពលករខ្មែរខ្វះខាតសម្រាប់ឆ្លងដែន​មកកម្ពុជា។ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានណែនាំទៅលោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំផ្តល់ព័ត៌មាន និងភ្ជាប់ការងារជូនដល់ពលករដែលត្រឡប់មកវិញ។ សម្តេចមហាបវរធិបតី ក៏បានណែនាំទៅឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកអន្តោប្រវេសន៍ និងអភិបាលរាជធានី និងខេត្តជាប់ព្រំដែនថៃ ត្រៀមលក្ខណៈសម្បត្តិក្នុងការដឹកជញ្ជូនពលករដែលត្រឡប់មកវិញផងដែរ។ សូមបញ្ជាក់ថា ក្នុងកំលុងពេលដែលកម្ពុជា និងថៃ មានវិវាទព្រំដែនជាមួយគ្នា​នេះ មានជនជ្រុលនិយមថៃមួយចំនួនបានគំរាមដេញពលករខ្មែរត្រឡប់មក​ប្រទេសវិញ ហើយពលរដ្ឋថៃ ដែលមានភាពជ្រុលនិយមខ្លះ ក៏បានរើសអើង​សម្រាប់ពលករខ្មែរផងដែរ។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសស្វាគមន៍ពលករខ្មែរឱ្យត្រឡប់​មក​វិញបើពួកគេមានបំណងត្រឡប់មកវិញ។ ពលករខ្មែរជាចំណែកមួយយ៉ាងធំ […]

លោក កើត ឆែ និងលោកស្រី យុត សុវណ្ណរីដា ចូលរួមឧបត្ថម្ភថវិកា ១០,០០០ដុល្លារ ដល់កងទ័ពជួរមុខដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ

Liny Chan June 16, 2025 16/06/2025

(ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងលោកស្រី យុត សុវណ្ណរីដា បានប្រកាសឧបត្ថម្ភថវិកា ១០,០០០ដុល្លារ ដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការចូលរួមឧបត្ថម្ភថវិការបស់ លោក កើត ឆែ និងលោកស្រី យុត សុវណ្ណរីដា គឺជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ សម្តេចតេជោ ហ៊ុន សែន តាមរយៈថ្លែងការណ៍ចេញពីព្រឹទ្ធសភា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លង់មួយនៃខឿនការពារជាតិរបស់កម្ពុជា។ ឆ្លៀតឱកាសនេះ យើងខ្ញុំសូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុតពីជំងឺដង្កាត់ទាំងឡាយ ហើយឈ្នះអស់ខ្មាំងសត្រូវ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

កិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន(JBC)! កម្ពុជា បដិសេធយ៉ាងដាច់ខាតមិនទទួលស្គាល់ផែនទីដែលថៃគូសជាឯកតោភាគី​​ យកមកជាសំអាងរឿងព្រំដែន

Nisaiy KP June 15, 2025 15/06/2025

(ភ្នំពេញ)៖ កម្ពុជាបានបង្ហាញជំហរបដិសេធយ៉ាងដាច់ខាតមិនទទួលស្គាល់ផែនទី ដែលភាគីថៃបានគូសជាឯកតោភាគី ហើយយកមកប្រើប្រាស់ជាសំអាង ដែលជាប្រភពចម្បងនាំមកនូវជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ នាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន និងទៅអនាគត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ពាក់ព័ន្ធនឹងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន(JBC) ដែលបានរៀបចំឡើងរវាងភាគី កម្ពុជា-ថៃ ដោយភាគីកម្ពុជា​ដឹកនាំដោយ​លោក ឡាំ ជា រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា និងលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ ទីប្រឹក្សាក្រសួងការបរទេសថៃ និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ។ បើយោងតាមសេចក្តីប្រកាសព័ត៍មាននៃកិច្ច​ប្រជុំនេះ ភាគីកម្ពុជាលោក ឡាំ ជា បានបញ្ជាក់ថា ក្រៅពីតំបន់ទាំងបួនដែលស្ថិតក្នុងបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ភាគីកម្ពុជា​នៅតែប្រកាន់ជំហរ និងសុច្ឆន្ទៈក្នុងការបន្តសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែន ដោយប្រើប្រាស់យន្តការគណៈកម្មការចម្រុះ ព្រំដែន (JBC) កម្ពុជា-ថៃ។ លោក ឡាំ ជា ក៏បានបញ្ជាក់អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រកាន់យកនូវសន្តិភាពនិយម និងចង់បានព្រំដែនមួយប្រកបដោយសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ជាមួយភាគីថៃ ដោយផ្អែកលើមូលដ្ឋានលិខិតបទដ្ឋានគតិយុត្ត និងផែនទីដែលបានឯកភាពគ្នា ដូចមាន ចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ ២០០០ ដែលភាគីទាំងពីរបានឯកភាពគ្នាប្រើប្រាស់ ផែនទីមាត្រដ្ឋាន […]

កម្ពុជា បង្ហាញលទ្ធផលផ្លូវការ នៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ

Nisaiy KP June 15, 2025 15/06/2025

(ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ បង្ហាញអំពីលទ្ធផល នៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ ក្រោយដំណើរការអស់រយៈពេលពីរថ្ងៃ នៅប្រទេសកម្ពុជា។ ផ្អែកតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន ទទួលបានបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំចង្អៀត ភាគីទាំងពីរបានបន្តពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គ នៃគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ ដោយបានឯកភាពអនុម័តលើរបៀបវារៈចំនួន៤ ដូចខាងក្រោម៖ *ទី១៖ ពិនិត្យ និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំលើកទី៤ របស់អនុគណៈកម្មការ បច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ ថៃ-កម្ពុជា ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តសៀមរាប*ទី២៖ ពិនិត្យ និងពិភាក្សាលើការកែសម្រួល TOR ឆ្នាំ២០០៣ ពាក់ព័ន្ធការផលិតផែនទី អ័រតូហ្វូតូ (ជំហាន២ ក្នុងចំណុច៤ នៃ TOR)*ទី៣៖ ពិភាក្សា និងអនុម័តលើការបញ្ជូនក្រុមវាស់វែងចម្រុះ ចុះវាស់វែង និងខណ្ឌសីមាព្រំដែន នៅលើដីជាក់ស្តែងនៅចន្លោះទីតាំងពិតប្រាកដ នៃបង្គោលព្រំដែនដែលបានឯកភាពគ្នា(កំណាត់ខ្សែព្រំដែនដើរតាមផ្លូវទឹក និងកំណាត់ខ្សែត្រង់)*ទី៤៖ ពិភាក្សាលើសេចក្តីណែនាំលើការវាស់វែងនៅ Sector 6 (ចំណុច IX នៃកិច្ចប្រជុំ លើកទី៤ និងកិច្ចប្រជុំពិសេសរបស់ […]

គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ ត្រូវបានបិទបញ្ចប់ ជាមួយការចុះហត្ថលេខាលើកំណត់ហេតុរួមគ្នា តែមិនទាន់បង្ហាញលទ្ធផលផ្លូវការ

Nisaiy KP June 15, 2025 15/06/2025

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ ដែលបានដំណើរការរយៈពេល២ថ្ងៃ ត្រូវបានបិទបញ្ចប់ហើយ។ ចុងក្រោយនៃការបិទបញ្ចប់កិច្ចប្រជុំនេះ ភាគីកម្ពុជា-ថៃ បានចុះហត្ថលេខាលើកំណត់ហេតុរួមគ្នាមួយផងដែរ តែមិនទាន់ត្រូវបានគេបង្ហាញជាផ្លូវការណាមួយអំពីលទ្ធផល នៃកិច្ចប្រជុំរយៈពេលពីរថ្ងៃនេះឡើយ។ កិច្ចប្រជុំនេះ ភាគីកម្ពុជា ដឹកនាំដោយ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំណែកភាគីរដ្ឋាភិបាលថៃ តំណាងដោយលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន ដែលជាមន្រ្តីការទូតជើងចាស់ជំនាន់ជម្លោះព្រះវិហារ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ បន្ដកិច្ចប្រជុំថ្ងៃទី២ ក្រោយចំណាយពេលមួយកំណាត់ថ្ងៃលើកិច្ចប្រជុំចង្អៀត

Nisaiy KP June 15, 2025 15/06/2025

(ភ្នំពេញ)៖ នៅវេលាម៉ោង២រសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅរាជធានីភ្នំពេញ បានបន្ដកិច្ចប្រជុំថ្ងៃទី២ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារភូគីត្រាភ្នំពេញ បន្ទាប់ពីចាយពេលវេលាអស់មួយកំណាត់ថ្ងៃ លើកិច្ចប្រជុំចង្អៀត។ កិច្ចប្រជុំនេះ ភាគីកម្ពុជា ដឹកនាំដោយ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំណែកភាគីរដ្ឋាភិបាលថៃ តំណាងដោយលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន ដែលជាមន្រ្តីការទូតជើងចាស់ជំនាន់ជម្លោះព្រះវិហារ។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំថ្ងៃទី១ កាលពីម្សិលមិញ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន កិច្ចការព្រំដែនកម្ពុជា បានបញ្ជាក់ដោយខ្លីថា «កិច្ចប្រជុំប្រព្រឹត្តទៅដោយរលូន»។លោករដ្ឋមន្ត្រី ឡាំ ជា មិនបានផ្តល់អត្ថាធិប្បាយអ្វីច្រើនលើកិច្ចប្រជុំនេះទេ។ មុនដំណើរការកិច្ចប្រជុំនេះ ភាគីកម្ពុជា-ថៃ បានរៀបចំកិច្ចប្រជុំចង្អៀតមួយផងដែរ ហើយកិច្ចប្រជុំចង្អៀតនោះ មានអ្នកចូលរួមត្រឹម១០នាក់ប៉ុណ្ណោះ ដោយកម្ពុជាចំនួន៥នាក់ និងថៃចំនួន៥នាក់។ យ៉ាងណាមិញ លទ្ធផលនៃកិច្ចប្រជុំចង្អៀតនោះ មិនទាន់ត្រូវបានភាគីទាំង២នាក់បញ្ជាក់ឲ្យដឹងនៅឡើយទេ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

កិច្ចប្រជុំចង្អៀតរបស់គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ ថ្ងៃទី២ មិនទាន់បញ្ចប់នៅឡើយទេ, ប្រជុំផ្លូវការត្រូវអូសបន្លាយពេល

Nisaiy KP June 15, 2025 15/06/2025

(ភ្នំពេញ)៖ គិតត្រឹមម៉ោង១២៖៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ កិច្ចប្រជុំចង្អៀតរបស់គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ ថ្ងៃទី២ នៅរាជធានីភ្នំពេញ មិនទាន់បញ្ចប់នៅឡើយទេ ខណៈការប្រជុំនេះបានចាប់ផ្ដើមតាំងពីអំឡុងម៉ោង៩ព្រឹកមកម្ល៉េះ។ កិច្ចប្រជុំចង្អៀតនៅថ្ងៃនេះ បានចំណាយពេលវេលាយូរជាងថ្ងៃទី១៤ ខែមិថុនាម្សិលមិញ ដូច្នេះហើយកិច្ចប្រជុំផ្លូវការនៅថ្ងៃទី២ ក៏ត្រូវបានអូសបន្លាយពេលវេលា និងមិនទាន់ច្បាស់លាស់ថាត្រូវចាប់ផ្ដើមនៅពេលណាដែរ ពោលរង់ចាំការបញ្ចប់កិច្ចប្រជុំចង្អៀត។ សេចក្ដីរាយការណ៍ពីភ្នាក់ងារ នៅទីតាំងប្រជុំដែលប្រព្រឹត្តទៅនាសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ បានបញ្ជាក់ថា អ្នកសារព័ត៌មានជាតិ និងអន្ដរជាតិជាច្រើនស្ថាប័ន កំពុងរង់ចាំផ្ដិតយករូបភាព និងខ្លឹមសារនៃកិច្ចប្រជុំចង្អៀត ក៏ដូចជាកិច្ចប្រជុំផ្លូវការនៅមុខបន្ទប់ប្រជុំកាលពីម្សិលមិញយ៉ាងអន្ទះសារ។ យ៉ាងណាមិញ របៀបវារៈនៃកិច្ចប្រជុំនៅថ្ងៃនេះ ក៏មិនទាន់ត្រូវបានមន្ដ្រីបញ្ជាក់ឲ្យដឹងនោះដែរ។ កិច្ចប្រជុំនេះ ភាគីកម្ពុជាបន្ដដឹកនាំដោយ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំណែកភាគីរដ្ឋាភិបាលថៃ តំណាងដោយលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន ដែលជាមន្រ្តីការទូតជើងចាស់ជំនាន់ជម្លោះព្រះវិហារ។ លោក ឡាំ ជា នៅក្នុងពេលធ្វើដំណើរទៅកាន់បន្ទប់ប្រជុំចង្អៀត បានបង្ហើបប្រាប់អ្នកសារព័ត៌មានថា នឹងមានការចុះហត្ថលេខាមួយនៅពេលបញ្ចប់កិច្ចប្រជុំ ប៉ុន្ដែលោកមិនបានបញ្ជាក់ថា អ្វីដែលជាកម្មវត្ថុនៃការចុះហត្ថលេខានោះទេ។ សូមជម្រាបថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំថ្ងៃទី១ […]