ព័ត៌មានជាតិ

BREAKING: នៅព្រឹកនេះសភាពការណ៍នៅសមរភូមិថ្មដា ខេត្តពោធិ៍សាត់ អូរ៣ជាន់ ខេត្តបន្ទាយមានជ័យ ទិសតាក្របី ខេត្តឧត្តរមានជ័យ សៀមបន្តផ្លោង

Liny Chan December 16, 2025 16/12/2025

(ព្រំដែន)៖ គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ សភាពការណ៍នៅសមរភូមិថ្មដា ខេត្តពោធិ៍សាត់ អូរ៣ជាន់ ខេត្តបន្ទាយមានជ័យ ទិសតាក្របី ខេត្តឧត្តរមានជ័យ សៀមបន្តផ្លោង។ យ៉ាងណាក៏ដោយការបាញ់ជាបន្ដបន្ទាប់​របស់​យោធា​ថៃ មិនអាចធ្វើអ្វីកងកម្លាំង​កម្ពុជាបាននោះទេ ពោលកងកម្លាំងកម្ពុជានៅបន្ដ​ឈរជើង​យ៉ាងរឹងមាំបំផុត ព្រមទាំងធ្វើការបាញ់តបតទៅវិញ ដើម្បីការពារដែន​អធិបតេយ្យ​ពីការរំលោភ​បំពានឈ្លានពានរបស់ភាគីថៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ប្រធានាធិបតី ដូណាល់ ត្រាំ៖ «យើងបានដោះស្រាយបញ្ចប់សង្រ្គាមចំនួន៨ ហើយមានសង្រ្គាមមួយកំពុងមានបញ្ហាបន្តិចបន្តួចគឺ ថៃនិងកម្ពុជា ហើយកំពុងមានមនុស្សស្លាប់ រឿងបែបនេះមិនគួរកើតឡើងទេ ប៉ុន្តែយើងនឹងដោះស្រាយវា» !

Liny Chan December 16, 2025 16/12/2025

(សេតវិមាន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានថ្លែងថា សង្រ្គាមរវាងកម្ពុជា និងថៃ កំពុងមានមនុស្សស្លាប់រឿងបែបនេះមិនគួរកើតឡើងទេ យើងនឹងចូលដោះស្រាយសង្រ្គាមនេះ។ ការថ្លែងរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅក្នុងកម្មវិធីមួយនៅក្នុងសេតវិមាននាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ (ម៉ោងនៅអាមេរិក)។ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានថ្លែងយ៉ាងដូច្នេះថា៖ «សូមអរគុណច្រើន។ យើងមានកិច្ចសន្ទនាដ៏ល្អកាលពី១ម៉ោងមុន ជាមួយបណ្ដាមេដឹកនាំអឺរ៉ុប។ ភាគច្រើនក្នុងចំណោមពួកគេមានជាប់ពាក់ព័ន្ធនឹងសង្រ្គាមជាមួយរុស្ស៉ី និងអ៊ុយក្រែន។ យើងបានពិភាក្សាគ្នាយ៉ាងវែងអន្លាយ ហើយមានរឿងជាច្រើនមើលទៅហាក់ដូចជាដំណើរការល្អ ប៉ុន្តែយើងបាននិយាយតាំងពីយូរមកហើយ ហើយវាជារឿងដ៏ពិបាក។ ដូចអ្នកទាំងអស់គ្នាដឹង យើងបានដោះស្រាយបញ្ចប់សង្រ្គាមចំនួន៨ ហើយមានសង្រ្គាមមួយ កំពុងមានបញ្ហាបន្តិចបន្តួច កាលពីម្សិលមិញ នោះគឺរវាងថៃនិងកម្ពុជា តែយើងនឹងដោះស្រាយវា។ មានមនុស្សកំពុងស្លាប់។ រឿងបែបនេះមិនគួរកើតឡើងទេ ហើយសូមកោតសរសើរដល់ពួកគេដែលកំពុងធ្វើការដោះស្រាយ ជម្លោះនេះ»៕⁩ ផ្ដល់សិទ្ធិដោយ៖ Fresh News

BREAKING: ទាហានឈ្លានពានថៃ កំពុងបន្តបាញ់ផ្លោងនៅសមរភូមិជោគជ័យ ព្រៃចាន់ និងបឹងត្រកួន, ពួកវាបញ្ជូនទ័ពថ្មើរជើងបុកចូលព្រៃចាន់ តែមិនអាចទម្លុះកម្លាំងយើងបាន

Liny Chan December 16, 2025 16/12/2025

(ព្រំដែន)៖ រហូតមកដល់វេលាម៉ោង៨៖៣០នាទី ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ទាហានឈ្លានពានថៃ បានប្រើប្រាស់កាំភ្លើងធំ និងកម្លាំងថ្មើរជើង បាញ់យ៉ាងខ្លាំងនៅសមរភូមិព្រៃចាន់ ភូមិជោគជ័យ និងបឹងត្រកួន ខេត្តបន្ទាយមានជ័យ។ ពួកវាបានបញ្ជូនទ័ពថ្មើរជើងវ៉ៃបុកចូលសមរភូមិព្រៃចាន់យ៉ាងខ្លាំង តែមិនអាចទម្លុះកម្លាំងយើងនៅទីនោះបាន។ ជាការឆ្លើយតប កម្លាំងកម្ពុជាបានបាញ់តបតទៅវិញយ៉ាងខ្លាំងក្លា មិនឲ្យចូលមកឈរជើង និងកាន់កាប់ទីតាំងយើងបាននោះទេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ស្ថានទូតរុស្ស៉ីក្នុងទីក្រុងបាងកក ទាត់ចោលព័ត៌មានដែលថាមានពលរដ្ឋរុស្ស៉ីធ្វើជាទាហានស៊ីឈ្នួលក្នុងជម្លោះរវាងថៃ និងកម្ពុជា

Liny Chan December 15, 2025 15/12/2025

(បាងកក)៖ ស្ថានទូតរុស្ស៉ីក្នុងទីក្រុងបាងកក បាននិយាយនៅថ្ងៃចន្ទ ទី១៥ ខែធ្នូ ថាសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថៃមួយចំនួនដែលអះអាងថាមានពលរដ្ឋរុស្ស៉ីបានធ្វើជាទាហានស៊ីឈ្នួលនៅក្នុងជម្លោះព្រំដែន រវាងថៃ និងកម្ពុជា គឺជារឿងមិនពិតនោះទេ។ នេះបើតាមកាសែតថៃ Khaosod។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះលើទំព័រ Facebook ផ្លូវការរបស់ខ្លួន ស្ថានទូតរុស្ស៉ីបាននិយាយថាព័ត៌មានដែលពលរដ្ឋរុស្ស៉ីមួយចំនួនធ្វើជាទាហានស៊ីឈ្នួលក្នុងជម្លោះរវាងប្រទេសទាំង២ គឺជារឿងមិនពិត ហើយ ទំនងជាត្រូវបានប្រឌិតឡើងដោយពីប្រភពនៅខាងក្រៅតំបន់។ ស្ថានទូតបន្ថែមថាការចោទប្រកាន់បែបនេះអាចធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់ពលរដ្ឋរុស្ស៉ីនៅក្នុងប្រទេសថៃ ដែលស្នាក់នៅក្នុងប្រទេសមួយនេះ ជាភ្ញៀវទេសចរណ៍ ឬធ្វើជំនួញ ហើយក៏អាចបំផ្លាញដល់ទំនាក់ទំនងយូរអង្វែងរវាងរុស្ស៉ី និងថៃផងដែរ។ តាមស្ថានទូតរុស្ស៉ី ទីក្រុងមូស្គូរក្សាទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទាំងជាមួយកម្ពុជា និងថៃ ហើយគាំទ្រដល់ដំណោះស្រាយសន្តិវិធីដើម្បីបិទបញ្ចប់ជម្លោះព្រំដែន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

BREAKING: មហាអំណាចចិន ប្រកាសប្តេជ្ញាជំរុញឲ្យមានបទឈប់បាញ់រវាង កម្ពុជានិងថៃ ហើយចូលតុចរចាដើម្បីសន្តិភាព

Liny Chan December 15, 2025 15/12/2025

(ប៉េកាំង)៖ ប្រទេសចិនសង្ឃឹមថា កម្ពុជា និងថៃ នឹងអនុវត្តការអត់ធ្មត់ជាអតិបរមា ហើយចាត់វិធានការទាំងអស់ ដែលនាំទៅដល់ការបញ្ឈប់ការប្រយុទ្ធគ្នា និងបន្ថយភាពតានតឹងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបទេសចិន លោក Guo Jiakun នៅថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ ២០២៥។ លោក Guo Jiakun បានបន្ថែមថា ចិននឹងបន្ត ដោយមើលលើឆន្ទៈរបស់ភាគីទាំងពីរ ក្នុងការធ្វើការឱ្យអស់ពីសមត្ថភាព ដើម្បីជំរុញការចរចាដើម្បីសន្តិភាព និងដើរតួនាទីស្ថាបនាតាមរបៀបរបស់យើង ដើម្បីនាំមកនូវបទឈប់បាញ់ និងការស្តារសន្តិភាពរវាងប្រទេសទាំងពីរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

នាយកដ្ឋានឧតុនិយមថៃ ចេញសារព្រមានថា ពីថ្ងៃទី១៥-១៦ ខែធ្នូ ប្រទេសថៃអាចជួបព្យុះភ្លៀង ទឹកជំនន់ អាកាសធាតុត្រជាក់ និងខ្យល់ខ្លាំង

Liny Chan December 15, 2025 15/12/2025

(បាងកក)៖ នាយកដ្ឋានឧតុនិយមថៃ បានព្រមានថា នឹងមានភ្លៀងធ្លាក់កម្រិតច្រើនទៅធ្ងន់ធ្ងរ ទឹកជំនន់ភ្លាមៗ ហើយផ្នែកខាងលើនៃប្រទេសថៃ នឹងមានអាកាសធាតុត្រជាក់ខ្លាំង ខ្យល់បោកបក់ និងចុះត្រជាក់។ នេះបើយោងតាមការចេញផ្សាយកាសែត Khaosod នៅថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ ២០២៥។ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៥ តំបន់ភាគខាងត្បូងប្រទេសថៃ នឹងបន្តមានភ្លៀងធ្លាក់ខ្លាំង តាមតំបន់មួយចំនួន ពិសេសខេត្ត Phatthalung, Songkhla, Pattani, Yala, Narathiwat, Trang, និង Satun។ នេះ​ដោយសារ​ខ្យល់មូសុង​ឦសាន​មាន​កម្លាំង​ខ្លាំង​គួរសម ​ដែល​គ្របដណ្តប់​ឈូង​សមុទ្រ​ថៃ និង​ភាគខាងត្បូង​ប្រទេស​ថៃ​។ ចំពោះ​ស្ថានភាព​សមុទ្រ​នៅ​ឈូង​សមុទ្រ​ភាគ​ខាងក្រោម​នៃ​ប្រទេស​ថៃ ខ្យល់​នឹង​មាន​កម្លាំង​ខ្លាំង ដោយ​មាន​រលក​កម្ពស់​២ម៉ែត្រ ទៅ៣​ម៉ែត្រ។ នៅតំបន់ដែលមានព្យុះផ្គររន្ទះ រលកអាចលើសពី ៣ម៉ែត្រ។ ចំណែក​នៅ​សមុទ្រ​ Andaman ​ឆ្នេរ និង​តំបន់​ដែលមាន​ផ្គរ​រន្ទះ នឹង​មាន​រលក​ខ្ពស់​ជាង​២​ម៉ែត្រ​ ជាមួយខ្យល់បោកបក់ខ្លាំង។ នាយកដ្ឋានឧតុនិយម ក៏ព្រមានពីអាកាសធាតុចុះត្រជាក់ ខ្យល់បក់ខ្លាំង ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ជាច្រើនផងដែរ៕ផ្ដល់សិទ្ធិដោយ៖ Fresh News

កម្ពុជានៅតែជាទីទាក់ទាញរបស់ភ្ញៀវទេសចរ! នាវាទេសចរណ៍ WESTERDAM បន្តដឹកភ្ញៀវទេសចរជិត ២ពាន់នាក់ ចូលទស្សនាក្នុងប្រទេសកម្ពុជា

Liny Chan December 15, 2025 15/12/2025

(ភ្នំពេញ)៖ នាវាទេសចរណ៍ឈ្មោះ WESTERDAM សញ្ជាតិ HOLLAND ដែលមានប្រវែងបណ្តោយ ២៨៥.២២ម៉ែត្រ ប្រវែងទទឹង៣២.២០ម៉ែត្រ ជម្រៅ ៨.១០ម៉ែត្រ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ បានចូលចតនៅកំពង់ផែស្វ័យ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជា រយៈពេល ១ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៨០០នាក់ (ស្រី ១៥៧នាក់) មាន ៤០សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ១ ៨៧៧នាក់ (ស្រី ៩៩៩នាក់) មាន៤៣សញ្ជាតិ ហើយចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៨២៤នាក់) និងអូស្រ្តាលី (២៩៩នាក់)៕ ផ្ដល់សិទ្ធិដោយ៖ Fresh Nesws