(ភ្នំពេញ)៖ ប្រធាននាយកដ្ឋានបឋមសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត កាន់ ពុទ្ធី បានណែនាំដល់អាណាព្យាបាលទាំងឡាយជំរុញកូនៗឱ្យអានសៀវភៅ និងកាត់បន្ថយការមើលទូរស័ព្ទ ដែលរំខានដល់ការសិក្សារៀនសូត្ររបស់ពួកគេ។ ការណែនាំរបស់លោកបណ្ឌិត កាន់ ពុទ្ធី បានធ្វើឡើងក្នុបពិធីប្រគល់សញ្ញាបត្រ លិខិតសរសើរ និងមេដាយជូនសិស្សទទួលបានជ័យលាភីក្នុងឆ្នាំសិក្សា២០២៣-២០២៤ របស់សាលាជេនសាណាចំនួន ៥៥៨នាក់ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។ សាលាជេនសាណា គ្រឹះស្ថានអប់រំចំណេះដឹងទូទៅមួយ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលសិស្សឱ្យទទួលបានចំណេះដឹង និងបំណិនជីវិតផ្សេងៗអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ នៅថ្ងៃទី២០ ខែតុលា សាលាបានរៀបចំពិធីប្រគល់សញ្ញាបត្រ លិខិតសរសើរ និងមេដាយជូនសិស្សទទួលបានជ័យលាភីក្នុងឆ្នាំសិក្សា២០២៣-២០២៤។ ក្នុងពិធីនោះ លោកស្រី ដួង សុវណ្ណារ៉ា នាយិកាសាលា បានធ្វើរបាយការណ៍ស្វាគមន៍ ដោយសង្កត់ធ្ងន់លើស្ថានភាពសាលាដែលមានសិស្សកើនឡើងជាលំដាប់ពីមួយឆ្នាំ ទៅមួយឆ្នាំ ជាក់ស្ដែងឆ្នាំសិក្សា ២០២៤-២០២៥ នេះសាលាមានថ្នាក់់បឋមសិក្សាចំណេះទូទៅ ថ្នាក់ភាសាអង់គ្លេស ថ្នាក់កុំព្យូទ័រ, ភាសាចិន ដែលមានសិស្សទាំងអស់ចំនួន៤,៥០០នាក់ ជាមួយគ្រូបង្រៀនសរុប ១០៥នាក់។ លោកស្រី បានបន្តថា សាលាបានយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងគុណភាព ប្រសិទ្ធភាពអប់រំ និងសមត្ថភាពគ្រូបង្រៀនជាកត្តាសំខាន់។ បើទោះបីជាយ៉ាងណា ភាពជោគជ័យលើការអប់រំរបស់សាលាក៏មិនអាចខ្វះបានពីការចូលរួមពេញលេញរបស់ឪពុកម្ដាយ អាណាព្យាបាលសិស្សផងដែរ។ […]