(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ បានអះអាងថា ជនទាំងឡាយណាដែលប្រព្រឹត្តអំពើពុករលួយ ក្នុងការជ្រើសរើសមន្ដ្រីរាជការសាធារណៈ នឹងប្រឈមជាមួយការចាត់វិធានការតាមផ្លូវច្បាប់ ពិសេសមានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ។ ក្នុងឱកាសអញ្ជើញអធិបតីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល, សម្ដេចធិបតី ហ៊ុន ម៉ាណែត បានព្រមានមិនឲ្យមានការលូកលាន់ចូលក្នុងដំណើរការប្រឡងជ្រើសរើសមន្ដ្រីរាជការ ពីអ្នកដែលមិនពាក់ព័ន្ធនោះឡើយ ពោលធ្វើយ៉ាងនេះដើម្បីធានាសុក្រឹត្យភាព និងធានានូវភាពជឿជាក់។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងមានករណីចង់ស៉ីឡាក់ មិនមែនអត់ទេ ប៉ុន្ដែត្រូវការចូលរួមពី ACU (អង្គភាពប្រឆាំងអំពើពុករលួយ) និងអនុវត្តច្បាប់ដោយ ACU។ ខ្ញុំសូមអំពាវនាវឲ្យគណៈកម្មការ និងអ្នកពាក់ព័ន្ធទាំងអស់ សូមចូលរួមដើម្បីជំរុញធានាសុក្រឹត្យភាព ដើម្បីធានានូវភាពជឿជាក់ ធានានូវចូលបានដោយសមត្ថភាពនៃមន្ដ្រីរបស់យើង។ សម័យឥឡូវមិនមែនប្រឡងមិនជាប់ មន្ដ្រីដាច់ពោះទេ យើងមានជម្រើសផ្សេងច្រើននៅក្នុងការងារ ពិសេសសុំការចូលរួមពីបេក្ខជន និងក្រុមគ្រួសារតែម្ដង»។ បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, ការប្រឡងចូលបម្រើការងារជាមន្ដ្រីរាជការ ត្រូវផ្ដើមចេញពីទឹកចិត្តនៃការស្រលាញ់ និងចង់បម្រើប្រជាពលរដ្ឋដោយស្មោះស្ម័គ្រ មិនមែនជាការវិនិយោគនោះទេ។ ពិតមែនហើយប្រសិនបើមានការវិនិយោគ ក៏មិនមែនវិនិយោគជាថវិកានោះដែរ ពោលត្រូវវិនិយោគកម្លាំងចិត្ត កម្លាំងកាយ ខិតខំប្រឹងប្រែងរៀនសូត្រ មិនត្រូវវិនិយោគរកខ្សែ […]