(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចប្រគល់ភារកិច្ចជូនលោក គី តិច ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដើម្បីការពារប្រជាពលរដ្ឋ និងធ្វើជាតំណាងប្រជាពលរដ្ឋ នៅក្នុងសំណុំរឿងទាំងឡាយដែលកំពុងចាត់ការដោយស្ថាប័នអយ្យការ និង ស្ថាប័នតុលាការ នៃគម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា។ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ មុននឹងចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសកូរ៉េខាងត្បូងរយៈពេល៤ថ្ងៃ សម្តេចធិបតីហ៊ុន ម៉ាណែត បានបង្ហោះសារអមដោយលិខិតសិទ្ធិប្រទានប្រគល់ភារកិច្ចជូនលោក គី តិច ដែលមានខ្លឹមសារទាំងស្រុងដូច្នេះថា៖ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ នៅក្នុងគម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា, ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ដែលរងគ្រោះក្នុងករណីគម្រោងរបស់អតីតឧកញ៉ា ឡេងចាន់ណា ដែលបានស្នើសុំកិច្ចអន្តរាគមន៍ពីខ្ញុំ, ខ្ញុំបានសម្រេចប្រគល់ភារកិច្ចជូនឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដើម្បីការពារប្រជាពលរដ្ឋ និងធ្វើជាតំណាងប្រជាពលរដ្ឋ នៅក្នុងសំណុំរឿងទាំងឡាយ ដែលកំពុងចាត់ការដោយស្ថាប័នអយ្យការ និង ស្ថាប័នតុលាការ។ ខ្ញុំសូមយកឱកាសនេះ ដើម្បីបញ្ជាក់អំពីចំណាត់ការជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល និងរបស់រូបខ្ញុំផ្ទាល់ពាក់ព័ន្ធនឹងករណីនេះ។ ក្រោយពេលដែលឃើញមានផ្សព្វផ្សាយ តាមប្រព័ន្ធបណ្ដាញសង្គមអំពីករណីទាមទារសំណង របស់ប្រជាពលរដ្ឋដែលបានវិនិយោគ នៅលើគម្រោង ប្រ៊ីលានស៊ីធី នៅខេត្តសៀមរាប […]