ព័ត៌មានអន្តរជាតិ

រដ្ឋ Penang ប្រទេសម៉ាឡេស៉ី ស្នើឱ្យពលរដ្ឋកាត់បន្ថយការប្រើប្រាស់ទឹក ចំពេលមានការថយចុះទឹកនៅក្នុងទំនប់

Liny Chan August 22, 2024 22/08/2024

(គូឡាឡាំពួ)៖ អ្នកស្រុកនៅក្នុងរដ្ឋ Penang នៃប្រទេសម៉ាឡេស៉ី ត្រូវបានស្នើឱ្យកាត់បន្ថយការប្រើប្រាស់ទឹកប្រចាំថ្ងៃរបស់ពួកគេ ចំពេលមានក្តីបារម្ភកាន់តែកើនឡើង អំពីលទ្ធភាពនៃកង្វះខាតទឹក ដោយសារតែកម្រិតទឹកទំនប់ធ្លាក់ចុះ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ ២០២៤។ ក្រុមហ៊ុនផ្គត់ផ្គង់ទឹក Penang Water Supply Corporation ដែលទទួលខុសត្រូវផ្តល់សេវាកម្ម នៅក្នុងរដ្ឋមួយនេះ បានឱ្យដឹងថា ឥលូវនេះ សមត្ថភាពនៃទំនប់ Air Hitam មាន ២៧.៦ភាគរយ និងនៅទំនប់ Teluk Bahang មាន ១៥.២ភាគរយ។ ​នាយកប្រតិបត្តិក្រុមហ៊ុន លោក K Pathmanthan និយាយថា សមត្ថភាពទាបនៃទំនប់ទាំងពីរ កំពុងគំរាមកំហែងដល់ការផ្គត់ផ្គង់ទឹក សម្រាប់អ្នកប្រើប្រាស់ជិត ៧៥,០០០នាក់។ ទឹកនៅក្នុងទំនប់ទាំងពីរថយចុះ ដោយសារតែអាកាសធាតុក្តៅហួតហែង ចាប់តាំងពីត្រីមាសចុងក្រោយនៃឆ្នាំ ២០២៣ ខណៈដែលវាត្រូវ​បាន​រចនា និង​សាងសង់​ឡើង​ដើម្បី​ចាក់​បំពេញ​ដោយ​ទឹកភ្លៀង ហើយ​មិន​អាចបំពេញ​តាម​មធ្យោបាយ​ផ្សេង​បាន​ឡើយ។ បាតុភូត​នេះ​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ទំនប់​ ក្នុងរដ្ឋ Penang ប៉ុណ្ណោះ​ទេ តែក៏កំពុងប៉ះពាល់ដល់ទំនប់សំខាន់ៗ […]

ថៃប្រកាសរកឃើញករណីជំងឺ mpox ឬអុតស្វា ហើយសង្ស័យអាចជាប្រភេទបំប្លែងថ្មី

Liny Chan August 21, 2024 21/08/2024

(បាងកក)៖ នៅថ្ងៃពុធនេះ ថៃបានរាយការណ៍ពីការរកឃើញ ករណីជំងឺ mpox ឬអុតស្វា ហើយអាចជាប្រភេទបំប្លែងថ្មី បន្ទាប់ពី​អង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នកម្រិតខ្ពស់សាជាថ្មី សម្រាប់ជំងឺនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤។ ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងនៃប្រទេសថៃ បានប្រាប់ថា អ្នកជំងឺខាងលើគឺជាជនជាតិអឺរ៉ុបម្នាក់ ដែលបានធ្វើដំណើរមកពី ប្រទេសមួយនៅអាហ្រ្វិក។ រូបគេកំពុងត្រូវបានដាក់ ឱ្យធ្វើចត្តាឡីស័ក នៅឯមន្ទីរពេទ្យ ខណៈអាជ្ញាធរថៃកំពុងរង់ចាំ លទ្ធផលធ្វើតេស្ត​ពីមន្ទីរពិសោធ ដើម្បីកំណត់ប្រភេទមេរោគថា តើវាជា mpox Clade 1 ឬក៏ Clade 1b។ មួយរយៈចុងក្រោយនេះ ជំងឺ mpox ប្រភេទបំប្លែងថ្មីគឺ Clade 1b បានជំរុញឱ្យមានការកើនឡើងខ្លាំង នូវការឆ្លងរីករាលដាលនៃជំងឺនេះ នៅទ្វីបអាហ្រ្វិក រួមមានប្រទេសដូចជា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ប៊ូរុនឌី កេនយ៉ា រវ៉ាន់ដា និងអ៊ូហ្កង់ដា ជាដើម។ បើតាម WHO mpox […]

រុស្ស៉ី អះអាងថាបាញ់កម្ទេចដ្រូនអ៊ុយក្រែន ១០គ្រឿង ដែលប្រុងវាយប្រហារលើទីក្រុងមូស្គូ

Liny Chan August 21, 2024 21/08/2024

(មូស្គូ)៖ ប្រព័ន្ធការពារដែនអាកាសរុស្ស៉ី បានបាញ់កម្ទេចដ្រូន១០គ្រឿងរបស់អ៊ុយក្រែន ដែលមានគោលដៅវាយប្រហារលើទីក្រុងមូស្គូ នៅថ្ងៃពុធ ទី២១ ខែសីហានេះ ។ នេះជាការបញ្ជាក់របស់ចៅហ្វាយក្រុងមូស្គូ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ នៅក្នុងសារបង្ហោះលើបណ្ដាញ​ Telegram ចៅហ្វាយក្រុងមូស្គូ លោក Sergei Sobyanin បាននិយាយថានេះជាការប៉ុនប៉ងវាយប្រហារទ្រង់ទ្រាយធំមួយលើទីក្រុងមូស្គូ ដោយប្រើដ្រូន។ តាមលោក Sobyanin ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់កម្ទេចដ្រូន១០គ្រឿង ហើយមិនមានសេចក្ដីរាយការណ៍ពីការខូចខាត ឬជនរងគ្រោះ នោះទេ។ ការប៉ុនប៉ងវាយប្រហារដោយដ្រូនលើទីក្រុងមូស្គូ កើតមានឡើង ខណៈអ៊ុយក្រែនបានបើកការវាយលុកចូលក្នុងតំបន់ Kursk របស់រុស្ស៉ី ជាទីដែលទីក្រុងកៀវ អះអាងថាកងកម្លាំងអ៊ុយក្រែនវាយដណ្ដើមគ្រប់គ្រងបានជាង ៨០ទីតាំង។ គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២២មក អ៊ុយក្រែនបានប្រើប្រាស់ដ្រូន ដើម្បីវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេង និងឧស្ម័ននៅក្នុងប្រទេសរុស្ស៉ីជារឿយៗ។ កាលពីដើម ខែសីហានេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានកោតសរសើរកងកម្លាំងរបស់លោក សម្រាប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេងក្នុងទឹកដី រុស្ស៉ី ដោយនិយាយថាការវាយប្រហារទាំងនេះអាចនឹងចូលរួមចំណែកនំាទៅរកការបិទបញ្ចប់សង្រ្គាម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ឥណ្ឌា បើកការស៊ើបអង្កេតប្រឆាំងការលក់បង្ខូចថ្លៃលើដែកនាំចូលពីវៀតណាម

Liny Chan August 21, 2024 21/08/2024

(ក្រុងបង់ហ្កាលលូរុ)៖ ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌាបានឱ្យដឹងថា ប្រទេសឥណ្ឌាបានផ្តួចផ្តើមការស៊ើបអង្កេតប្រឆាំងការលក់បង្ខូចថ្លៃលើផលិតផលដែកមួយចំនួនដែលនាំចូលពីប្រទេសវៀតណាម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌាថា ការស៊ើបអង្កេតប្រឆាំងការលក់បង្ខូចថ្លៃនេះដែលនឹងវិភាគផលវិបាក និងការគំរាមកំហែងនៃការកើតមានផលវិបាកដល់ឧស្សាហកម្មក្នុងស្រុក ឆ្លើយតបទៅនឹងការជំរុញរបស់ក្រុមហ៊ុនផលិតដែកថែបឈានមុខគេរបស់ប្រទេសឥណ្ឌាដូចជាក្រុមហ៊ុន JSW Steel និងក្រុមហ៊ុន ArcelorMittal Nippon Steel។ វិធានការនេះធ្វើឡើងបន្ទាប់ពីការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងទីផ្សារដែកថែបរបស់ឥណ្ឌា ដោយតម្លៃបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៣ឆ្នាំដោយសារតែការកើនឡើងនៃការនាំចូល និងការធ្លាក់ចុះការនាំចេញ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាទំនិញ BigMint។ ទោះបីជាឥណ្ឌាគឺជាប្រទេសផលិតដែកឆៅធំជាងគេទីពីររបស់ពិភពលោកក៏ដោយ ក៏ប្រទេសនេះបានក្លាយជាប្រទេសនាំចូលដែកសុទ្ធ (នាំចូលច្រើនជាងនាំចេញ) ក្នុងឆ្នាំសារពើពន្ធដែលបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ Fresh News

មន្ត្រី WHO ថាជំងឺ mpox ឬអុតស្វា មិនមែនជាកូវីដ១៩ថ្មី នោះទេ

Liny Chan August 21, 2024 21/08/2024

(បែរឡាំង)៖ មន្ត្រីជាន់ខ្ពស់ម្នាក់របស់អង្គការសុខភាពពិភពលោក WHO បាននិយាយថាជំងឺ mpox ឬអុតស្វា មិនថាជាមេរោគបំប្លែងចាស់ ឬថ្មី គឺមិនមែនជា ជំងឺរាតត្បាតសកល ឬក៏ជំងឺកូវីដ១៩ថ្មីនោះទេ ពីព្រោះអាជ្ញាធរសុខាភិបាកដឹងពីរបៀបគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ថ្លែងក្នុងសន្និសីទសារព័ត៌មានខ្លីមួយ កាលពីថ្ងៃអង្គារ ទី២០ ខែសីហា លោក Hans Kluge ជានាយកអង្គការ WHO ប្រចាំទ្វីបអឺរ៉ុបបានគូសបញ្ជាក់ដូច្នេះថា «យើងអាច ហើយត្រូវតែទប់ស្កាត់ mpox ជាមួយគ្នា»។ លោកបន្ថែមថា «រៀបដែលយើងឆ្លើយតបក្នុងពេលបច្ចុប្បន្ន និងនៅប៉ុន្មានឆ្នាំទៅមុខ នឹងក្លាយជាការធ្វើតេស្ដមួយដ៏សំខាន់ សម្រាប់អឺរ៉ុប និងពិភពលោកទាំងមូល»។ គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃទី១៤ ខែសីហា បានប្រកាសចាត់ទុកជំងឺ Mpox ​ឬអុតស្វា ជាភាពអាសន្នសុខាភិបាលសាធារណៈសកល ជាលើកទី២ ក្នុងរយៈពេល២ឆ្នាំ បន្ទាប់ពីមេរោគបំប្លែងថ្មីនៃជំងឺនេះឈ្មោះ clade Ib បានផ្ទុះឡើងនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងបានរាលដាល ទៅកាន់ប្រទេសជិតខាងជាច្រើន។ តាម WHO​ ជំងឺ Mpox ឬអុតស្វា អាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកមានជំងឺ។ […]

តៃវ៉ាន់ សម្ញែងឫទ្ធអំណាចមីស៊ីល ក្នុងការធ្វើតេស្ដ នៅឯមូលដ្ឋានដ៏សំខាន់មួយ

Liny Chan August 20, 2024 20/08/2024

(តៃវ៉ាន់)៖ តៃវ៉ាន់ នៅថ្ងៃអង្គារ ទី២០ ខែសីហា បានធ្វើតេស្ដបាញ់មីស៊ីលចេញពីប្រព័ន្ធខែលប្រឆាំងមីស៊ីល នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន អំឡុងដំណើរទស្សនកិច្ច ទៅកាន់កន្លែងធ្វើតេស្ដមីស៊ីលដ៏សំខាន់ ស្ថិតនៅតំបន់ដាច់ស្រយាលមួយនៃឆ្នេរភាគអាគ្នេយ៍របស់តៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តៃវ៉ាន់ ដែលត្រូវបានចិនចាត់ទុកថាជាខេត្តមួយរបស់ខ្លួន បានតវ៉ាប្រឆាំងនឹងការបង្កើនការធ្វើសកម្មភាពយោធារបស់ចិន ខណៈប៉េកាំងកំពុងព្យាយាមអះអាងពីអធិបតេយ្យ លើតៃវ៉ាន់ រីឯតៃប៉ិក ព្យាយាមពង្រឹងសមត្ថភាពយោធា។ មីស៊ីលគឺជាប្រព័ន្ធអាវុធដ៏សំខាន់បំផុតនៅក្នុងយុទ្ធសាស្ត្រការពារខ្លួនរបស់តៃវ៉ាន់ ដែលមានទាំងប្រព័ន្ធខែល ប្រឆាំងមីស៊ីលផលិតដោយសហរដ្ឋអាមេរិក និងផលិតនៅក្នុងស្រុក។ អ្នកនាំពាក្យក្រសួងការពារជាតិតៃវ៉ាន់ លោក Sun Li-fang បាននិយាយថា ការធ្វើតេស្តបាញ់មីស៊ីលបានធ្វើឡើងនៅមូលដ្ឋាន Jiupeng ស្ថិតនៅតំបន់ Pingtung របស់ តៃវ៉ាន់ ជាមួយការធ្វើតេស្ដបាញ់មីស៊ីលចេញពីប្រព័ន្ធខែលមីស៊ីល Patriot ផលិតដោយអាមេរិក និងប្រព័ន្ធខែលមីស៊ីល Sky Bow III អភិវឌ្ឍដោយតៃវ៉ាន់ ខណៈនាវាចម្បាំងមួយគ្រឿងក៏បានបាញ់តេស្ដមីស៊ីល RIM-66 Standard មួយគ្រាប់ផងដែរ។ គួរបញ្ជាក់ថា មូលដ្ឋាន Jiupeng គឺជាកន្លែងដែលក្រុមហ៊ុនផលិតអាវុធតៃវ៉ាន់ National Chung-Shan Institute of Science and […]

លោក បៃដិន នឹងប្រាប់ក្រុមអ្នកប្រជាធិបតេយ្យ ឱ្យរួបរួមគ្នាគាំទ្រលោកស្រី Harris ផ្តួលលោក Trump

Liny Chan August 20, 2024 20/08/2024

(វ៉ាស៉ីនតោន)៖ នៅពេលទៅដល់ទីក្រុង Chicago ដើម្បីបើកសមាជរបស់គណបក្សប្រជាធិបតេយ្យ លោកប្រធានាធិបតី ចូ បៃដិន នឹងស្នើដល់ក្រុមអ្នកប្រជាធិបតេយ្យឱ្យរួបរួមគ្នាគាំទ្រអនុប្រធានាធិបតី លោកស្រី Kamala Harris ដើម្បីផ្តួលគូប្រជែង លោក Donald Trump បេក្ខជនរបស់គណបក្សសាធារណរដ្ឋ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ ២០២៤។ ក្រុមអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ បានជួបជុំគ្នាក្នុងសមាជជាតិរបស់ពួកគេ នៅឯទីលាន United Center នៃទីក្រុង Chicago ខណៈដែលវត្តមានរបស់ លោក បៃដិន ដើម្បីបើកយុទ្ធការ​រយៈ​ពេល​ ៤​ថ្ងៃនៅទីនោះ នឹង​តំណាងឱ្យការផ្ទេរប្រជាប្រិយភាពទៅឱ្យ លោកស្រី Harris បន្ទាប់ពីលោកសម្រេចចិត្តបោះបង់ការប្រកួតប្រជែងតំណែងប្រធានាធិបតីនៅអាណត្តិទី ២ ក្នុងការបោះឆ្នោតសហរដ្ឋអាមេរិក នៅខែវិច្ឆិកា។ តាមការគ្រោងទុក នៅម៉ោង ១០ និង ៥០នាទីយប់ថ្ងៃចន្ទ (ម៉ោងនៅអាមេរិក) លោក បៃដិន ក៏នឹងលើកយកបញ្ហារបស់ លោក Trump មកបរិយា​ថា​ជា​ការ​គំរាមកំហែង​ដល់​លទ្ធិប្រជាធិបតេយ្យ​​អាមេរិក ហើយនិយាយ​​អំពី​សមិទ្ធិផល​នៃ​រដ្ឋបាល Biden-Harris។ […]

នាយករដ្ឋមន្រ្តីឥណ្ឌា នឹងបំពេញទស្សនកិច្ចទៅកាន់អ៊ុយក្រែន ក្នុងសប្តាហ៍នេះ

Liny Chan August 20, 2024 20/08/2024

(ញូវដែលី)៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi នឹងបំពេញទស្សនកិច្ចទៅកាន់អ៊ុយក្រែន នាថ្ងៃសុក្រសប្តាហ៍នេះ បន្ទាប់ពីទីក្រុងកៀវបានរិះគន់រូបលោក អំលុងទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី កាលពីខែមុន។ នេះបើតាមការផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០២៤។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ក្រសួងការបរទេសនៃរដ្ឋាភិបាលទីក្រុងញូវដែលី បានប្រកាសឱ្យដឹងថា ជាដំបូង លោក Modi នឹងបំពេញទស្សនកិច្ចទៅកាន់ប៉ូឡូញ នៅថ្ងៃព្រហស្បតិ៍ មុនបន្តដំណើរទៅអ៊ុយក្រែននៅថ្ងៃបន្ទាប់។ ក្រសួងការបរទេសឥណ្ឌា បានបន្ថែមថា អំឡុងទស្សនកិច្ចខាងលើ លោក Modi នឹងពិភាក្សាអំពីស្ថានការណ៍សង្រ្គាមនៅអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលនឹងត្រូវជួបលោក Modi បាននិយាយថា វានឹងជាដំណើរទស្សនកិច្ច​លើកដំបូងរបស់មេដឹកនាំឥណ្ឌា ទៅកាន់អ៊ុយក្រែន គិតចាប់តាំងពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ី បានផ្ទុះឡើងកាលពីឆ្នាំ២០២២ ហើយនឹងមានការចុះហត្ថលេខាលើឯកសារមួយចំនួន។ គួរបញ្ជាក់ថា កាលពីខែកក្កដាកន្លងទៅ លោក Modi បានបំពេញទស្សនកិច្ចទៅកាន់រុស្ស៉ី ស្របពេលរុស្ស៉ីបានវាយប្រហារបាញ់​ស្រោចលើ ទីក្រុងមួយចំនួនរបស់អ៊ុយក្រែន ហើយផ្តាច់ជីវិតមនុស្សរាប់សិបនាក់ ក្នុងនោះរួមមានទាំង នៅមន្ទីរពេទ្យកុមារមួយកន្លែង ក្នុងរដ្ឋធានីកៀវផងដែរ។ អំឡុងទស្សនកិច្ចនាពេលនោះ លោកនាយករដ្ឋមន្រ្តីឥណ្ឌា […]

ព្យុះភ្លៀងនៅភាគកណ្តាលប្រទេសចិន បណ្តាលឱ្យមនុស្ស ៥០នាក់បាត់បងជីវិត និង១៥នាក់បាត់ខ្លួន

Liny Chan August 20, 2024 20/08/2024

(ចាងសា)៖ គិតត្រឹមយប់ថ្ងៃចន្ទនេះ មនុស្ស៥០នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ និង ១៥នាក់ផ្សេងទៀតនៅតែបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយព្យុះទីហ្វុង បានវាយប្រហារទីក្រុង Zixing ខេត្តហ៊ូណាន ភាគកណ្តាលប្រទេសចិន នេះបើយោងតាមអាជ្ញាធរក្នុងតំបន់ ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។ ព្យុះភ្លៀងដែលបង្កឡើងដោយព្យុះទីហ្វុង Gaemi បានធ្វើឱ្យទីក្រុង Zixing រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចាប់តាំងពីចុងខែកក្កដា ដោយបង្កឱ្យមានទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដី។ គ្រោះធម្មជាតិនេះបានបំផ្លាញផ្ទះជាង ១,៧០០ គ្រួសារ និងបណ្តាលឱ្យមានការរអិលបាក់ដី និងការបាក់រលំជាង ៦៥,០០០ កន្លែងនៅក្នុងទីក្រុង Zixing ។ មន្ត្រីបាននិយាយថា មនុស្ស ២៣,៤១៩ នាក់ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពជាបន្ទាន់ ខណៈដែលភ្លៀងធ្លាក់ខ្លាំងបានបង្កការបំផ្លិចបំផ្លាញយ៉ាងខ្លាំងនៅទូទាំងទីក្រុងដែលមានទីតាំងស្ថិតនៅក្នុងដីគោកមួយនេះ។ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងការកសាងឡើងវិញក្រោយគ្រោះមហន្តរាយកំពុងដំណើរការ៕ ផ្ដល់សិទ្ធិដោយ៖​Fresh News

ទាហានកូរ៉េខាងជើងម្នាក់ទៀត រត់ចូលដីកូរ៉េខាងត្បូង

Liny Chan August 20, 2024 20/08/2024

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង Yonhap បានរាយការណ៍ថាទាហានកូរ៉េខាងជើងម្នាក់ទៀត បានឆ្លងព្រំដែនផ្នែកខាងកើតនៃតំបន់ឧបទ្វីបកូរ៉េ រត់ចូលក្នុង ទឹកដីកូរ៉េខាងត្បូង នៅព្រឹកថ្ងៃអង្គារ ទី២០ ខែសីហានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តាម Yonhap ទាហានកូរ៉េខាងជើងខាងលើបានរត់ចូលតំបន់ Goseong ស្ថិតនៅឆ្នេរភាគខាងកើត របស់កូរ៉េខាងត្បូងជាប់ព្រំដែនជាមួយកូរ៉េខាងជើង ហើយរូបគេ ត្រូវបានឃុំខ្លួនដោយឆ្មាំព្រំដែនកូរ៉េខាងត្បូង ដែលបានតាមដានសកម្មភាពរបស់ទាហានកូរ៉េខាងជើងរូបនេះ។ ចំណែក មន្ត្រីម្នាក់មកពីក្រសួងការពារជាតិកូរ៉េខាងត្បូង ក៏បានឱ្យដឹងដែរថាយោធាបានឃុំខ្លួនមនុស្សម្នាក់ ដែលគេជឿជាក់ថាជាទាហានកូរ៉េខាងជើង ខណៈអាជ្ញាធរកំពុងសួរចម្លើយដើម្បីចង់ដឹងថាទាហានរូបនោះរត់ចូលដី កូរ៉េខាងត្បូង ក្នុងគោលបំណងអ្វី? គួរបញ្ជាក់ថា បើតាម Yonhap ទាហានកូរ៉េខាងជើងខាងលើដែលរត់ចូលដីកូរ៉េខាងត្បូងមានឋានៈជាពលបាល។ កាលពីដើមខែសីហាកន្លងទៅ ទាហានកូរ៉េខាងជើង ម្នាក់ ក៏បានរត់ចូលដីកូរ៉េខាងត្បូងផងដែរ នៅឯឆ្នេរភាគខាងលិច។ ការរត់ចេញពីកូរ៉េខាងជើងគឺជារឿងដ៏គ្រោះថ្នាក់ និងកម្របំផុត ហើយភាគច្រើននៃអ្នកចង់រត់ចេញពី ប្រទេសមួយនេះមានបំណងធ្វើដំណើរឆ្ពោះទៅកាន់កូរ៉េខាងត្បូង ឬប្រទេសទី៣៕ ផ្ដល់សិទ្ធិដោយ៖ Fresh News