ព័ត៌មានអន្តរជាតិ

មនុស្សច្រើនជាង៥០នាក់ កំពុងបាត់ខ្លួននៅឡើយ បន្ទាប់ពីគ្រោះរញ្ជួយដីនៅជប៉ុន

Khmerpress January 4, 2024 04/01/2024

(តូក្យូ)៖ មនុស្សច្រើនជាង ៥០នាក់ត្រូវបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា កំពុងបាត់ខ្លួននៅឡើយ ខណៈក្រុមសង្រ្គោះជប៉ុនបន្តព្យាយាមស្វែងរកពួកគេ ៣ថ្ងៃមកហើយបន្ទាប់ពីគ្រោះរញ្ជួយដីវាយប្រហារប្រទេសជប៉ុន បណ្តាលឲ្យមនុស្សស្លាប់កើនឡើងដល់ ៧៨នាក់គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា ឆ្នាំ២០២៤។ ស្របពេលដែលប្រតិបត្តិការស្វែងរក អ្នកនៅរស់រានមានជីវិតកំពុងបន្ត សហគមន៍ជាច្រើននៅតែតែស្ងប់ស្ងាត់ ដោយសារតែក្តីបារម្ភអំពីបំណាក់ដី និងការផ្លូវបិទនៅភាគកណ្តាលប្រទេសជប៉ុន។ អាជ្ញាធរក្នុងតំបន់ បាននិយាយថា ហេតុការណ៍រញ្ជួយដីដ៏ខ្លាំក្លាអមដោយការរញ្ជួយដីកម្រិតតិចតួចទៀតនោះ បណ្តាលឲ្យមនុស្សចំនួន ៣៣០នាក់រងរបួស។ មកទល់នឹងថ្ងៃព្រហស្បតិ៍នេះ ស្ថានភាពរបស់មនុស្សចំនួន ៥១នាក់នៅតែមិនទាន់អាចបញ្ជាក់បាន។ ពលរដ្ឋប្រហែល ២៩,០០០គ្រួសារ នៅខេត្ត Ishikawa ត្រូវគ្មានអគ្គិសនីប្រើប្រាស់ ហើយផ្ទះជាង ១១០,០០០ខ្នង នៅទូទាំង Ishikawa និងតំបន់ជិតខាងចំនួន ២មិនមានទឹកសម្រាប់ប្រើប្រាស់។ គួរបញ្ជាក់ថា ទាហាន អ្នកពន្លត់អគ្គិភ័យ និងប៉ូលិសរាប់ពាន់នាក់មកពីទូទាំងប្រទេសជប៉ុន កំពុងស្វែងរកមនុស្ស នៅតាមគំនរបាក់បែកនៃផ្ទះឈើ និងអគារពាណិជ្ជកម្មដែលដួលរលំ ដោយសង្ឃឹមថានឹងមាននៅមានជីវិត៕ ផ្តល់សិទ្ធិដោយ៖ freshnews

មាសត្រូវបានជួញដូរដល់ជាង ៣០០០ ដុល្លារក្នុងមួយតម្លឹង

Khmerpress January 4, 2024 04/01/2024

(ហាណូយ)៖ តម្លៃដុំមាសរបស់ក្រុមហ៊ុនវៀតណាម Saigon Jewelry បានកើនឡើង ០,៦៧% ដល់ ៧៥,៥លានដុង (៣ ០៩៩,៦៦ដុល្លារ) ក្នុងមួយតម្លឹងកាលពីព្រឹកថ្ងៃពុធសប្តាហ៍នេះ។ នេះបើយោងតាមសារព័ត៌មាន VN Express របស់វៀតណាម។ សារព័ត៌មាន VN Express បានរាយការណ៍ថា តម្លៃចិញ្ចៀនមាសបានធ្លាក់ចុះ ០,១៦% ដោយជួញដូរមកនៅត្រឹម ៦៣,០៥លានដុង (២៧០៩ដុល្លារ) ក្នុងមួយតម្លឹង។ មួយតម្លឹងមាសស្មើនឹង ៣៧,៥ ក្រាម ឬ ១,២អោន។ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ តម្លៃមាសក្នុងទីផ្សារពិភពលោកនៅក្នុងឆ្នាំថ្មី២០២៤ ស្ថិតក្រោមសម្ពាធដោយសារការកើនឡើងតម្លៃប្រាក់ដុល្លារអាមេរិក ប៉ុន្តែបានរក្សាមូលដ្ឋានរបស់ខ្លួនដោយសារមានការរំពឹងថា ធនាគារកណ្តាលអាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះ និងដោយសារការកើនឡើងនូវក្តីបារម្ភជុំវិញការវាយប្រហារលើការដឹកជញ្ជូនទំនិញនៅសមុទ្រក្រហម។ តម្លៃមាសសម្រាប់ទិញលក់ភ្លាមៗមានស្ថិរភាពដោយជួញដូរក្នុងតម្លៃ ២ ០៦១,៥៩ដុល្លារក្នុងមួយអោនកាលពីថ្ងៃអង្គារ នៅម៉ោង ២កន្លះរសៀលបន្ទាប់ពីការកើនឡើង ០,៨% នៅដើមវគ្គជួញដូរដដែលនេះ។ តម្លៃមាសក្នុងកិច្ចសន្យាសម្រាប់ចែកចាយអនាគតនៅអាមេរិកបានធ្លាក់ចុះ ០,១% ដោយជូញដូរក្នុងតម្លៃ ២០៧០,៣ដុល្លារក្នុងមួយអោន។ សន្ទស្សន៍តម្លៃប្រាក់ដុល្លារបានកើនឡើង ០,៨% ដែលជាកំណើនខ្ពស់បំផុតគិតចាប់តាំងពីខែកក្កដា ឆ្នាំ២០២៣មក ដែលធ្វើឱ្យមាសដុំដែលទិញលក់ជាប្រាក់ដុល្លារមានតម្លៃកាន់តែថ្លៃសម្រាប់អតិថិជននៅក្រៅប្រទេស។ នេះបើយោងតាមសារព័ត៌មាន VN Express៕ […]

ខេត្តមួយចំនួនរបស់ចិន ចេញការព្រមានពីអ័ព្ទផ្សែងក្រាស់ ខណៈជើងហោះហើរពីទីក្រុងស៊ាងហៃត្រូវពន្យារពេល

Khmerpress January 4, 2024 04/01/2024

(ប៉េកាំង)៖ អ័ព្ទផ្សែងយ៉ាងក្រាស់កំពុងគ្របដណ្តប់លើខេត្តមួយចំនួនរបស់ចិន នៅថ្ងៃព្រហស្បតិ៍នេះ ដែលអាចបង្កជាគ្រោះថ្នាក់ និងនាំឲ្យមានការបិទផ្លូវហាយវ៉េ ពន្យារពេលជើងហោះហើរពីទីក្រុងស៊ាងហៃ ហើយមន្រ្តីឧតុនិយមក៏បានចេញការព្រមាន និងសេចក្តីណែនាំជាច្រើន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា ឆ្នាំ២០២៤។ មជ្ឈមណ្ឌលឧតុនិយមជាតិ បានឲ្យដឹងថា អ័ព្ទក្រាស់បានជះឥទ្ធិពលលើខេត្ត Shandong, Hubei, Hunan, Jiangxi និង Fujian ជាមួយនិងកម្រិតអាចមើលឃើញក្រោម ២០០ម៉ែត្រ ខណៈផ្នែកខ្លះនៃភាគខាងត្បូងខេត្ត Jiangsu និងភាគខាងត្បូងនៃខេត្ត Anhui មានកម្រិតអាចមើលឃើញក្រោម ៥០ម៉ែត្រ។ មន្រ្តីតាមដានអាកាសធាតុបានចេញការព្រមានពណ៌លឿង និងទឹកក្រូចសម្រាប់ផ្សែងអ័ព្ទ ចាប់ពីម៉ោង ៧ និង៤៥នាទីព្រឹក (ម៉ោងក្នុងតំបន់)។ អ័ព្ទនេះនឹងបន្តកើតឡើងពាសពេញតំបន់រហូតដល់ថ្ងៃសុក្រនេះ។ ទូរទស្សន៍ CCTV បានរាយការណ៍ថា ផ្នែកខ្លះនៃខេត្ត Anhui ត្រូវចេញការព្រមានពណ៌ក្រហមដែលជាកម្រិតធ្ងន់ធ្ងរបំផុត ហើយផ្លូវហាយវ៉េនានាត្រូវបិទចរាចរណ៍ជាបណ្តោះអាសន្ន។ នៅក្នុងទីក្រុង Nanjing រដ្ឋធានីរបស់ខេត្ត Jiangsu ទីតាំងជាច្រើនក៏បានរងនូវឥទ្ធពិលនៃអ័ព្ទក្រាស់ៗ រំខានដល់សេវាដឹកជញ្ជូនសាធារណៈក្នុងកម្រិតផ្សេងៗគ្នា។ បើតាម App តាមដានការហោះហើរ FlightView […]

តើវាអាចទៅរួចដោយរបៀបណា? មនុស្សជិត ៤០០នាក់ប្រើពេលត្រឹម​ ៩០វិនាទីប៉ុណ្ណោះដើម្បីជម្លៀសខ្លួនចេញពីយន្តហោះដែលឆេះនៅជប៉ុន

Khmerpress January 3, 2024 03/01/2024

ជប៉ុន៖ ហេតុការណ៍គ្រោះថ្នាក់រ​វាងយន្តហោះចំំនួន ២ ដែលបានប៉ះទង្គិចគ្នានៅព្រលានយន្តហោះក្នុងប្រទេសជប៉ុនកាលពីល្ងាចម្សិលមិញនៅតែជាប្រធានបទដ៏ក្តៅគគុកមួយសម្រាប់ក្រុមអ្នកជំនាញផ្នែកអាកាសចរណ៍ និងបណ្តាញសារព័ត៌មានល្បីៗជាច្រើននៅជុំវិញពិភពលោក។ ជាក់ស្តែងកាសែត Channel News Asia នៅរសៀលថ្ងៃទី៣ ខែ​មករានេះ បានចុះផ្សាយអត្ថបទមួយដោយបង្ហាញនូវការចាប់អារម្មណ៍អំពីរៀបដែលអ្នកដំណើរ និងក្រុមអ្នកបម្រើការងារនៅលើយន្តហោះសរុបជិត ៤០០អាចរត់គេចខ្លួនពីយ​​ន្តហោះដែលឆេះបានដោយប្រើពេលត្រឹមតែ ៩០វិនាទីប៉ុណ្ណោះ។ ប្រភពខាងបានបញ្ជាក់ថា វាគឺជារឿងដ៏មិនគួរឲ្យជឿមួយដែលមនុស្សជិត ៤០០នាក់ប្រើពេលត្រឹមតែ ១នាទីកន្លះដើម្បីរត់គេចចេញឧប្បតិ្តហេតុភ្លើងឆេះយន្តហោះដោយសុវត្ថិភាព ពោលគឺគ្មានអ្នកណាម្នាក់ក្នុងចំណោមពួកគេបានរងរបួសធ្ងន់ធ្ងរនោះទេ។ ប្រភពខាងលើបានបន្តថា​ អ្វីដែលគេអាចកត់សម្គាល់បាននោះ គឺក្រុមអ្នកដំណើរនៅលើយន្តហោះទាំងអស់មិនភ័យស្លន់ស្លោររហូតបាត់បង់ម្ចាស់ការលើខ្លួនឯងឡើយ ផ្ទុយទៅវិញពួកគេបានស្តាប់ និងអនុវត្តតាមពិធីការក្នុងគ្រាមានអាសន្នយ៉ាងខ្ជាប់ខ្ជួន ពោលគឺពួកគេព្យាយាមលោតរំអិលខ្លួនចេញតាមទ្វារចេញក្នុងគ្រាមានអាសន្នគ្រប់ៗគ្នា មិនបានខ្វាយខ្វល់ជាមួយនឹងសម្ភារៈនៅលើយន្តហោះឡើយ។ បន្ថែមពីលើនេះទៀត ច្រកចេញពេលមានអាសន្ននិងពោងសម្រាប់លោតរំអិលខ្លួននោះក៏ដំណើរការបានយ៉ាងល្អទៀត ទើបធ្វើឲ្យពួកគេអាចប្រើប្រាស់ពេលវេលាដ៏ខ្លីដើម្បីរក្សាអាយុជីវិតរបស់ពួកគេបាន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត  

អតីតរដ្ឋមន្រ្តីសុខាភិបាលវៀតណាម និងមនុស្សជាង៣០នាក់ទៀត ឡើងជំនុំជម្រះក្តីនៅតុលាការ ពាក់ព័ន្ធការស៉ីសំណូករឿងឧបករណ៍តេស្តកូវីដ

Khmerpress January 3, 2024 03/01/2024

(ហាណូយ)៖ នៅថ្ងៃពុធនេះ អតីតរដ្ឋមន្រ្តីសុខាភិបាលនៃប្រទេសវៀតណាម ព្រមទាំងបុគ្គលសរុប៣៧នាក់ផ្សេងទៀត បានឡើងជំនុំជម្រះក្តី​នៅតុលាការក្នុងទីក្រុងហាណូយ ពាក់ព័ន្ធសំណុំរឿង នៃការផលិតនិងចែកចាយឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ១៩ ដែលមានតម្លៃថ្លៃជ្រុល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤។ ក្នុងរឿងអាស្រូវគេហៅថា The Viet A Scandal ក្រុមមន្រ្តីជាន់ខ្ពស់វៀតណាម បានរងការចោទប្រកាន់ថា បានជួយសម្របសម្រួល កិច្ចព្រមព្រៀងទំហំខ្ទង់រាប់លានដុល្លារ ដើម្បីផ្គត់ផ្គង់ទៅកាន់​មន្ទីរពេទ្យនិងសហគមន៍នៅក្នុងប្រទេសវៀតណាម នូវឧបករណ៍ធ្វើតេស្តកូវីដ១៩ ដែលផលិតដោយក្រុមហ៊ុនឈ្មោះ Viet A នៅក្នុងតម្លៃមួយ ដែលត្រូវបានបំប៉ោងឱ្យថ្លៃជ្រុលខ្លាំង។ ក្នុងចំណោមបុគ្គលដែលបានឡើងសវនាការនាថ្ងៃពុធនេះ គឺរួមមានទាំងអតីតរដ្ឋមន្រ្តីសុខាភិបាល លោក Nguyen Thanh Long ដែលត្រូវបានចោទថា ទទួលសំណូកគិតជាទឹកប្រាក់២.២៥លានដុល្លារ និងអតីតអភិបាលក្រុងហាណូយ លោក Chu Ngoc Anh ដែលរងការចោទពីបទបំពានច្បាប់ ស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។ មន្រ្តីរដ្ឋាភិបាលព្រមទាំងធុរជននិងពាណិជ្ជករ សរុបទាំងអស់យ៉ាងហោច១០០នាក់ ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេស ក្រោមការសង្ស័យ​ជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវខាងលើ។ បើតាមការប៉ាន់ប្រមាណ ក្រុមហ៊ុន Viet A រកចំណូលពីរឿងនេះ […]

សន្ទុះគាំទ្ររថយន្តអគ្គិសនីចិន BYD កំពុងកើនឡើងកាន់តែខ្លាំង ជាមួយនឹងចំនួនដាក់លក់សរុបជាង ៣លានគ្រឿងក្នុងឆ្នាំ២០២៣

Khmerpress January 3, 2024 03/01/2024

(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនីយក្សរបស់ចិន BYD បានបង្ហោះលទ្ធផលនៃ ចំនួនលក់រថយន្តរបស់ខ្លួនសរុបសម្រាប់ឆ្នាំ២០២៣ ដែលបង្ហាញពីចំនួនកើនឡើងខ្ពស់ដល់ទៅ ៦១.៩ភាគរយឯណោះ ដែលគិតជាចំនួនរថយន្តនាំចេញសរុបមានប្រមាណ ៣.០២លានគ្រឿង។ ការកើនឡើងនេះ គឺជាជោគជ័យដ៏ធំបំផុតរបស់ BYD ដែលកើនលើសពីកំណត់ត្រាឆ្នាំ២០២២ របស់ខ្លួនដែលលក់បានត្រឹមតែ ២.៣៥លានគ្រឿង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤។ BYD ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផលិត និងលក់រថយន្តអគ្គិសនី (BEVs) រួមជាមួយរថយន្តអគ្គិសនីកូនកាត់ (Plug-in Hybrid) ដែលជាលទ្ធផលនៃចំនួនលក់រថយន្តអគ្គិសនីសរុបរបស់ BYD សម្រាប់ឆ្នាំ២០២៣នេះរួមមាន រថយន្តអគ្គិសនីទូទៅលក់បានចំនួន ១.៦លានគ្រឿង និងរថយន្តអគ្គិសនីប្រភេទ Plug-in Hybrid លក់បានចំនួន ១.៤លានគ្រឿង។ ដោយឡែកតាមរយៈការបង្ហើបពី BYD បានឱ្យដឹងសន្ទុះដាក់លក់រថយន្តអគ្គិសនីរបស់គេគិតត្រឹមចុងឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ពោលគឺក្នុងខែធ្នូ BYD បានដាក់លក់រថយន្តអគ្គិសនីទូទៅបានរហូតដល់ទៅចំនួន ១៩០,៧៥៤គ្រឿង និងរថយន្តអគ្គិសនីប្រភេទ Plug-in Hybrid បានចំនួន ៣៤០,១៧៨គ្រឿងសម្រាប់តែរយៈពេលមួយខែប៉ុណ្ណោះ។ គួរជម្រាបដែរថា ខាងលើនេះគឺជា លទ្ធផលបឋមពីក្រុមហ៊ុន BYD ខណៈលទ្ធផលផ្លូវការនៅមិនទាន់ចេញផ្សាយនៅឡើយនោះទេ។ […]

ថៃអនុម័តវិធានការកាត់បន្ថយពន្ធលើស្រា និងក្លឹបរាត្រី ដើម្បីជំរុញវិស័យទេសចរណ៍

Khmerpress January 3, 2024 03/01/2024

(បាងកក)៖ អ្នកនាំពាក្យរដ្ឋាភិបាលថៃបានឱ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃបានអនុម័តវិធានការកាត់បន្ថយពន្ធលើភេសជ្ជៈមានជាតិអាល់កុល និងកន្លែងកម្សាន្ត ដើម្បីជំរុញទេសចរណ៍។ នេះបើយោតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ លោក Chai Wacharonke បានប្រាប់អ្នកយកព័ត៌មានថា ពន្ធលើស្រានឹងត្រូវកាត់បន្ថយពី ១០ ភាគរយមកនៅត្រឹម ៥ ភាគរយ ហើយពន្ធលើស្រាស្ពៀរៀតនឹងកាត់បន្ថយពី ១០ ភាគរយមកនៅត្រឹម ០ភាគរយ ខណៈដែលពន្ធលើកន្លែងកម្សាន្តនឹងកាត់បន្ថយពី ១០ភាគរយមកនៅត្រឹម ៥ភាគរយ។ លោកបន្ថែមថាថា វិធានការពន្ធនឹងផុតកំណត់នៅចុងឆ្នាំនេះ។ ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីអាជ្ញាធរនានារបស់ថៃកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ បានបន្ថែមម៉ោងបើកដំណើរការសម្រាប់កន្លែងកម្សាន្តចំនួន ២ម៉ោងដែលនឹងបើកដំណើរការរហូតដល់ម៉ោង ៤ទៀបភ្លឺសម្រាប់អ្នកមកកម្សាន្តពេលយប់ និងភ្ញៀវទេសចរ។ រដ្ឋលេខាធិការអចិន្ត្រៃយ៍ក្រសួងហិរញ្ញវត្ថុលោក Lavaron Sangsnit បានថ្លែងនៅក្នុងសន្និសីទកាសែតដាច់ដោយឡែកមួយថា ការបាត់បង់ប្រាក់ចំណូលពន្ធនឹងត្រូវបានប៉ះប៉ូវមកវិញជាមួយនឹងប្រាក់ចំណូលបន្ថែមពីភ្ញៀវទេសចរ។ ទេសចរណ៍គឺជាកត្តាជំរុញដ៏សំខាន់សម្រាប់សេដ្ឋកិច្ចថៃដែលជាសេដ្ឋកិច្ចធំទីពីរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទិន្នន័យរបស់រដ្ឋាភិបាលថៃបានបង្ហាញថា កាលពីឆ្នាំមុន ប្រទេសថៃសម្រេចបានទិសដៅទេសចរណ៍របស់ខ្លួនចំនួន ២៨លាននាក់ ដែលបង្កើតប្រាក់ចំណូលបានចំនួន ១,២ពាន់ពាន់លានបាត។ លោក Lavaron បានថ្លែងថា នៅឆ្នាំ២០២៤ រដ្ឋាភិបាលកំពុងកំណត់ទិសដៅនៃការមកដល់របស់ភ្ញៀវទេសចរជាង ៣៤លាននាក់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្តល់សិទ្ធិដោយ៖ freshnews

គិតមកដល់ពេលនេះក្រុមហ៊ុន Masimo បានចំណាយប្រាក់អស់ខ្ទង់ ១០០លានដុល្លារ ជុំវិញការតស៊ូផ្លូវច្បាប់ជាមួយ Apple

Khmerpress January 3, 2024 03/01/2024

(បរទេស)៖ តាមរយៈការចុះផ្សាយថ្មីៗនេះបានឱ្យដឹងថា ការតស៊ូផ្លូវច្បាប់របស់ក្រុមហ៊ុន Masimo ជាមួយនិង Apple រហូតមកដល់ពេលនេះ បានធ្វើឱ្យខាតបង់ប្រាក់អស់ប្រមាណ ១០០លានដុល្លារ ជុំវិញការលួចប៉ាតង់ប្រើនៅក្នុង Apple Watch។ តែយ៉ាងណាបើទោះបីជាខាតបង់ច្រើនក៏ពិតមែន CEO ក្រុមហ៊ុន Masimo បានបញ្ជាក់ថា ខ្លួននឹងមិនបញ្ឈប់ការប្តឹងផ្តល់ជាដាច់ខាត រហូតដល់ Apple ព្រមសងសំណងទៅខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Apple Insider នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។ ជម្លោះរវាងក្រុមហ៊ុនទាំងពីរនេះ បានចាប់ផ្តើមចាប់តាំងពីខែមករា ឆ្នាំ២០២០មកម្លេះ នៅពេលនោះ Masimo បានចោទប្រកាន់ Apple ពីបទឃុបឃិតជាមួយនឹងបុគ្គលិករបស់ខ្លួន និងលួចយកប៉ាតង់បច្ចេកវិទ្យាត្រួតពិនិត្យលើមុខងារសុខភាព យកទៅប្រើនៅក្នុង Apple Watch។ បញ្ហានេះទើបតែចាប់ផ្តើមបើកកកាយខ្លាំងនៅអំឡុងពាក់កណ្តាលខែធ្នូ ដោយគណៈកម្មការពាណិជ្ជកម្មអន្តរជាតិ របស់សហរដ្ឋអាមេរិក (ITC) បានសម្រេចថា Apple បានរំលោភលើប៉ាតង់បច្ចេកវិទ្យាវេជ្ជសាស្រ្ត ដែលកាន់កាប់ដោយ Masimo នៅក្នុងបច្ចេកវិទ្យាវាស់អុកស៊ីហ្សែនក្នុងឈាម ដែលប្រើក្នុង Apple Watch Series 9 និង […]

ជប៉ុន បើកការស៊ើបអង្កេតលើករណីឆេះយន្ដហោះ នៅឯអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ

Khmerpress January 3, 2024 03/01/2024

(តូក្យូ)៖ ជប៉ុន កំពុងរៀបចំការស៉ើបអង្កេតលើករណីបុកគ្នារវាងយន្តហោះពីរគ្រឿង នៅឯអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ កាលពីល្ងាចថ្ងៃអង្គារ ម្សិលមិញនេះ (ម៉ោងក្នុងតំបន់) ដែលកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីគេហទំព័រឧស្សាហកម្មអាកាសចរណ៍ពិភពលោក (the global airline industry) ជូនដំណឹងអំពីការព្រមានថ្មីៗជុំវិញសុវត្ថិភាពផ្លូវហោះហើរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤។ មនុស្សចំនួន ៣៧៩នាក់នៅលើយន្តហោះ Airbus A350 របស់ក្រុមហ៊ុន Japan Airlines បាននាំគ្នារត់ចេញ បន្ទាប់ពីយន្តហោះនេះបុកយន្តហោះល្បាតសមុទ្រ De Havilland Dash-8 របស់ឆ្មាំសមុទ្រជប៉ុន ដោយបានសម្លាប់ពីឡុត ៥នាក់ក្នុងចំណោម ៦នាក់នៅលើយន្ដហោះល្បាតសមុទ្រនេះ។ ក្រុមប្រឹក្សាសុវត្ថិភាពផ្នែកដឹកជញ្ជូលរបស់ប្រទេសជប៉ុន (JTSB) នឹងដឹកនាំការស៉ើបអង្កេតនេះ ដោយមានការចូលរួមពីភ្នាក់ងារនៅក្នុងប្រទេសបារាំងដែលជា កន្លែងសាងសង់យន្តហោះ និងចក្រភពអង់គ្លេសដែលជាកន្លែងផលិតម៉ាស៉ីននៃយន្តហោះ។ បើតាមក្រុមអ្នកជំនាញ វាលឿនពេកក្នុងការកំណត់លើមូលហេតុ ហើយគ្រោះថ្នាក់ភាគច្រើនគឺមកពីកត្តារួមផ្សំ ប៉ុន្តែក្រុមអ្នកស៉ើបអង្កេតនឹងស្វែងយល់ឲ្យបានច្បាស់ លើការណែនាំ ដែលផ្តល់ឲ្យពីអ្នកបញ្ជាយន្តហោះទាំងពីរគ្រឿងនោះ រួមទាំងការពិនិត្យលម្អិតលើប្រព័ន្ធយន្តហោះ និងអាកាសយានដ្ឋាន។ គួរបញ្ជាក់ថា តាមការសិក្សាក្នុងទីក្រុងវ៉ាស៉ីនតោន បានរកឃើញថា ការដាច់ទំនាក់ទំនង […]

អ្នកបាត់បង់ជីវិតកើនដល់ ៦២នាក់ បន្ទាប់ពីប្រទេសជប៉ុន រងគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៦រ៉ិចទ័រ

Khmerpress January 3, 2024 03/01/2024

(តូក្យូ)៖ អាជ្ញាធរជប៉ុន នៅព្រឹកថ្ងៃពុធ ទី៣ ខែមករា នេះបានឱ្យដឹងថា តួលេខអ្នកស្លាប់បានបន្តកើនដល់ ៦២នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ បានវាយប្រហារចំ​តំបន់ភាគកណ្តាលប្រទេសជប៉ុន កាលពីថ្ងៃចូលឆ្នាំសកលកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។ ក្រុមអ្នកជួយសង្រ្គោះកំពុងបន្តប្រតិបត្តិការរបស់ពួកគេ នៅក្នុងខេត្ត Ishikawa ជាទីដែលទទួលរងគ្រោះខ្លាំងក្លាជាងគេ ជាមួយមនុស្សស្លាប់កើនដល់ ៦២នាក់ និងមនុស្សរាប់ម៉ឺននាក់នៅតែបន្តគ្មានអគ្គិសនីប្រើប្រាស់នៅឡើយ។ បើតាមមន្ត្រីក្នុងតំបន់ម្នាក់ទទួលខុសត្រូវលើការឆ្លើយតបទៅនឹង គ្រោះមហន្តរាយក្នុងខេត្ត Ishikawa មនុស្សច្រើនជាង ៣០០នាក់ផ្សេងទៀតក៏បានរងរបួសផងដែរ ក្នុងនោះមាន២០នាក់រងរបួសធ្ងន់។ គួរបញ្ជាក់ថា គ្រោះរញ្ជួយដីខ្លាំងៗបន្តបន្ទាប់គ្នា ក្នុងនោះរួមមានទាំងកម្រិត៧.៦រ៉ិចទ័រ បានវាយប្រហារជប៉ុន កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ គិតចាប់តាំងពីពេលនោះ ជប៉ុនបានកត់ត្រាការកើតមានរំញ័រ សរុបយ៉ាងហោច១៥៥លើក។ អាជ្ញាធរជប៉ុន ក៏បានប្រកាសអាសន្នពីរលកស៊ូណាមិ​ផងដែរ ប៉ុន្តែនៅព្រឹកថ្ងៃអង្គារនេះ បានសម្រេចដកការប្រកាសអាសន្ននោះចេញវិញ៕ ផ្តល់សិទ្ធិដោយ៖ freshnews​