ព័ត៌មានអន្តរជាតិ

តួឯកក្នុងរឿង «Titanic» និងកំពូលមហាសេដ្ឋី Jeff Bezos ផ្តល់មូលនិធិខ្ទង់ ២០០លានដុល្លារ ដើម្បីការពារព្រៃ «Amazon»

Nisaiy KP July 2, 2023 02/07/2023

(បរទេស)៖ តារាសម្តែងប្រុសល្បីឈ្មោះតួឯកក្នុងរឿង «Titanic» លោក Leonardo Dicaprio និងកំពូលមហាសេដ្ឋី Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon ត្រូវបានរាយការណ៍មកថា បានចូលរួមបរិច្ចាគប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីការពារតំបន់ព្រៃ Amazon។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Daily Mail នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣។ យោងតាមព័ត៌មានបានឲ្យដឹងថា អង្គការមិនរកប្រាក់ចំណេញពីរគឺ DiCaprio’s Re:Wild conservation របស់តារាប្រុស Leonardo DiCaprio និង Bezos’s Nature Solutions របស់កំពូលមហាសេដ្ឋី Jeff Bezos បានបរិច្ចាគប្រាក់ ២០០លានដុល្លារទៅក្នុងមូលនិធី «Protect Our Planet (POP) Challenge» មានគោលដៅយកប្រាក់នោះ ទៅការពារព្រៃ Amazon ខណៈការបរិច្ចាគប្រាក់ទាំងនេះ នឹងគាំទ្រដល់ការពង្រីក និងការគ្រប់គ្រងតំបន់ការពាររបស់ប្រទេសប្រេស៊ីល និងទឹកដីជនជាតិដើមភាគតិច។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញដោយតារាប្រុស DiCaprio បាននិយាយថា «យើងត្រូវបានបំផុសគំនិតដោយគោលដៅដ៏ធំ និងមានមហិច្ឆតារបស់ប្រទេសប្រេស៊ីល […]

ខ្យល់ព្យុះកំបុតត្បូងបានបោកបក់កាត់ទីក្រុងជនបទនៃប្រទេសកាណាដា បណ្ដាលឱ្យប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋ ហើយព្រឹត្តិការណ៍អបអរសាទរនៅទូទាំងប្រទេសត្រូវបានលុបចោល

Nisaiy KP July 2, 2023 02/07/2023

(កាណាដា)៖ មានខ្យល់ព្យុះកំបុតត្បូងមួយដ៏សាហាវបានបោកបក់កាត់ទីក្រុងជនបទមួយនៃប្រទេសកាណាដា ដែលនៅក្នុងហេតុការណ៍នេះ បានបង្កអោយមានការខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនគ្រួសារ ស្របគ្នានេះរាល់ព្រឹត្តិការណ៍អបអរសាទរនៅទូទាំងប្រទេសត្រូវបានលុបចោលផងដែរ។ រូបភាពដែលទទួលបាន ក៏ដូចជាបានផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមភាគច្រើនខ្យល់ព្យុះបានប៉ះពាល់ខ្លាំងនៅទីក្រុង Didsbury រដ្ឋ Alberta។ ទីប្រជុំជនក្បែរៗនោះ រួមទាំងទីក្រុង Carstairs ក៏បានទទួលរងឥទ្ធិពលដោយសារខ្យល់ព្យុះកំបុតត្បូងដ៏ធំនេះផងដែរ បានបន្ថែមទៀតថាខ្យល់ព្យុះកំបុតត្បូងអាចផ្លាស់ទីក្នុងល្បឿន ២៥ ម៉ាយក្នុងមួយម៉ោងដែលវាមានភាពគ្រោះថ្នាក់បំផុត និងអាចគំរាមកំហែងដល់អាយុជីវិត។ លើសពីនេះ ប្រទេសកាណាដាបានចេញសេចក្តីប្រកាសអាសន្នឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះខ្យល់ព្យុះកំបុតត្បួងនេះ ព្រោះវាមានខ្យល់បក់បោកខ្លាំង គ្រាប់ព្រឹលធំៗ និងភ្លៀងធ្លាក់ខ្លាំង។ ផ្ដល់សិទ្ធិដោយ៖ Khmernote

លោក បៃដិន នឹងទទួលស្វាគមន៍នាយករដ្ឋមន្រ្តីស៊ុយអែត នាសប្តាហ៍ក្រោយ ដើម្បីជជែកអំពី NATO និងអ៊ុយក្រែន

Nisaiy KP July 2, 2023 02/07/2023

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ សេតវិមានបានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងទទួលស្វាគមន៍ដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្រ្តីស៊ុយអែត លោក អ៊ូហ្វ គ្រីស្ទើសុន (Ulf Kristersson) នាសប្តាហ៍ក្រោយ ដើម្បីពិភាក្សាគ្នាអំពីអង្គការណាតូ (NATO) និងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២ ខែកក្កដា ឆ្នាំ២០២៣។ សេតវិមានបាននិយាយ ក្នុងសេចក្តីថ្លែងការណ៍ថា កំលុងជំនួបពិភាក្សានាថ្ងៃពុធសប្តាហ៍ក្រោយ មេដឹកនាំទាំងពីរនឹងពិនិត្យទៅលើ ការកើនឡើងនៃ​កិច្ចសហប្រតិបត្តិការសន្តិសុខ ហើយគូសបញ្ជាក់ជាថ្មីនូវទស្សនៈដែលថា ស៊ុយអែតគួរត្រូវបានអនុញ្ញាឱ្យក្លាយជាសមាជិក NATO ក្នុងពេលឆាប់ៗ តាមតែអាចធ្វើទៅរួច។ សេតវិមានបានបន្តថា លោក បៃដិន នឹងលោក គ្រីស្ទើសុន ក៏នឹងជជែកគ្នាផងដែរ អំពីការប្តេជ្ញារួមរបស់ភាគីទាំងពីរនៅក្នុង​ការគាំទ្រអ៊ុយក្រែន ចំពោះមុខសង្រ្គាមឈ្លានពាន ដែលមិនទាន់រកឃើញទីបញ្ចប់របស់រុស្ស៉ី។ គួរបញ្ជាក់ថា ស៊ុយអែតបានស្នើសុំចូលរួមក្នុងអង្គការ NATO កាលពីខែឧសភា ឆ្នាំ២០២២ ពោលគឺរយៈពេល៣ខែ ក្រោយរុស្ស៉ីឈ្លានពានលើ​អ៊ុយក្រែន ប៉ុន្តែពាក្យស្នើសុំរបស់ទីក្រុងស្តុកខុល ដែលចាំបាច់ត្រូវឆ្លងកាត់ ការផ្តល់សច្ចាប័នពីប្រទេសជាសមាជិកទាំង៣១ របស់ […]

ធនាគារពិភពលោក បង្កើនការព្យាករសេដ្ឋកិច្ចរបស់ថៃ ប្រចាំឆ្នាំ២០២៣ ដល់ ៣.៩ភាគរយ

Nisaiy KP July 2, 2023 02/07/2023

(បាងកក)៖ ធនាគារពិភពលោក (WB) បានឱ្យដឹងនៅសប្តាហ៍នេះថា សេដ្ឋកិច្ចរបស់ប្រទេសថៃ ត្រូវបានព្យាករថានឹងកើនឡើង ៣.៩ភាគរយនៅឆ្នាំនេះ ដែលខ្ពស់ជាងអត្រា ៣.៦ភាគរយ ដែលបានព្យាករកន្លងមកដោយសារកំណើនប្រើប្រាស់ឯកជន និងការងើបឡើងវិញនៃវិស័យទេសចរណ៍។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ សេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះ បានកើនឡើង ២.៦ភាគរយក្នុងឆ្នាំ២០២២ នៅពេលដែលវិស័យទេសចរណ៍របស់ខ្លួនចាប់ផ្តើមងើបឡើងវិញ ក្រោយពេលដែលវិធានការទប់ស្កាត់ ការធ្វើដំណើរទាក់ទងនឹងជំងឺរាតត្បាតត្រូវបានបន្ធូរបន្ថយ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ ដោយដកស្រង់សេចក្តីប្រកាសព័ត៌មាន ចេញផ្សាយដោយធនាគារពិភពលោកថា កំណើនសេដ្ឋកិច្ចថៃត្រូវបានរំពឹងថានឹងកើនឡើង ៣.៦ភាគរយនៅឆ្នាំ២០២៤ និង ៣.៤ភាគរយនៅឆ្នាំ២០២៥ ដោយវិស័យទេសចរណ៍ និងការប្រើប្រាស់ឯកជន នៅតែជាកត្តាចម្បងក្នុងការជំរុញកំណើនសេដ្ឋកិច្ច ខណៈដែលតម្រូវការខាងក្រៅធ្លាក់ចុះ។ ការវិលត្រលប់មកវិញរបស់ភ្ញៀវទេសចរ ជាពិសេសពីប្រទេសចិន បានពង្រឹងចក្ខុវិស័យទេសចរណ៍របស់ប្រទេសថៃ។ ធនាគារពិភពលោកបានឱ្យដឹងថា ការមកដល់របស់ភ្ញៀវទេសចរ ត្រូវបានព្យាករថានឹងកើនឡើងដល់ ២៨,៥លាននាក់ដែលលើសពីការរំពឹងទុកនៅឆ្នាំនេះ ពោលគឺស្មើនឹង ៨៤ភាគរយនៃកម្រិតមុនកើតមានជំងឺរាតត្បាតនៅឆ្នាំ២០៩៕ ផ្ដល់សិទ្ធិដោយ៖Freshnews

រុស្សី បើកដំណើរការជើងហោះហើរទៅកាន់គុយបាឡើងវិញ

Nisaiy KP July 2, 2023 02/07/2023

(មូស្គូ)៖ ក្រុមហ៊ុនអាកាសចរណ៍ Rossiya ដែលជាផ្នែកមួយនៃក្រុមហ៊ុន Aeroflot របស់រុស្ស៉ី នៅថ្ងៃសៅរ៍នេះបានបន្តជើងហោះហើរទៅកាន់ប្រទេសគុយបាឡើងវិញ បន្ទាប់ពីបានផ្អាកចាប់តាំងពីបណ្តាប្រទេសលោកខាងលិចបិទរុស្ស៉ីចេញពីដែនអាកាសរបស់ពួកគេ ជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់អ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១ ខែកក្កដា ឆ្នាំ២០២៣។ ក្រុមហ៊ុន Aeroflot បានឲ្យដឹងថា ជើងហោះហើរលើកដំបូងដែលបានចាប់ផ្តើម គឺមានសេវាកម្មពីរដងក្នុងមួយសប្តាហ៍ ដោយចេញពីអាកាសយានដ្ឋាន Sheremetyevo ទីក្រុងមូស្គូ ទៅកាន់រមណីយដ្ឋាន Varadero របស់គុយបា។ កាលពីខែឧសភា ឧបនាយករដ្ឋមន្ត្រី ទេសចរណ៍ កីឡា វប្បធម៌ និងទំនាក់ទំនងរុស្សី លោក ឌីមីទ្រី ឆឺនីសិនកូ (Dmitry Chernyshenko) បានប្រកាសថា ជើងហោះហើរធម្មតាទៅកាន់ប្រទេសគុយបា ដែលត្រូវបិទដែនអាកាសពីប្រទេសអមិត្តនឹងចាប់ផ្តើមឡើងវិញនៅខែកក្កដានេះ។ គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍រុស្ស៉ី បានផ្អាកជើងហោះហើរទៅកាន់ប្រទេសគុយបា ម៉ិកស៉ិក និងសាធារណរដ្ឋដូមីនីក កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២២ ៤ថ្ងៃបន្ទាប់ពីរុស្ស៉ីឈ្លានពានអ៊ុយក្រែន៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

Foxconn នឹងវិនិយោគជាង ២០០លានដុល្លារ ក្នុងគម្រោងចំនួន ២នៅភាគខាងជើងប្រទេសវៀតណាម

Khmerpress July 1, 2023 01/07/2023

(បរទេស)៖ ក្រុមហ៊ុនផលិត និងដំឡើងគ្រឿងអេឡិចត្រូនិកកិច្ចសន្យាធំជាងបំផុតរបស់ពិភពលោក Foxconn បានទទួលការយល់ព្រមពីប្រទេសវៀតណាមហើយក្នុងការវិនិយោគដែលមានតម្លៃប្រមាណ ២៤៦លានដុល្លារក្នុងគម្រោងថ្មីចំនួនពីរនៅខេត្ត Quang Ninh ភាគខាងជើងប្រទេសវៀតណាម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣។ ប្រភពពីអាជ្ញាធរខេត្ត Quang Ninh បាននិយាយថា គម្រោងវិនិយោគពីក្រុមហ៊ុន Foxconn ដែលមានប្រមាណ ២៤៦លានដុល្លារនេះ នឹងបង្កើនការវិនិយោគបន្ថែមទៀតដែលអាចឈានដល់ ៣ពាន់លានដុល្លារឯណោះ ដើម្បីផ្តោតលើការផលិត និងផ្គុំគ្រឿងបន្លាស់រថយន្តអគ្គិសនី។ គម្រោងវិនិយោគរបស់ Foxconn ត្រូវបានប្រភពគូសបញ្ជាក់ថា ទឹកប្រាក់ដែលមានតម្លៃ ២០០លានដុល្លារនឹងចូលទៅក្នុងរោងចក្រផលិតឆ្នាំងសាករថយន្តអគ្គិសនី និងសមាសធាតុថ្មីមួយចំនួនទៀតដែលគ្រោងចាប់ផ្តើមផលិតកម្មនៅខែមករា ឆ្នាំ២០២៥ខាងមុខនេះ ជាមួយនឹងបុគ្គលិកប្រហែល ១,២០០នាក់។ ចំណែកទឹកប្រាក់ ៤៦លានដុល្លារដែលនៅសេសសល់គឺ សម្រាប់រោងចក្រផលិតគ្រឿងអេឡិចត្រូនិក និងទូរគមនាគមន៍ ដោយគ្រោងនឹងចាប់ផ្តើមនៅខែតុលា ឆ្នាំ២០២៤។ គួរជម្រាបដែរថា ក្រុមហ៊ុន Foxconn ដែលបានទៅវិនិយោគនៅប្រទេសវៀតណាមជិតពីរទស្សវត្សរ៍មកហើយនោះ ក៏មានគម្រោងបង្កើតរោងចក្រថ្មីមួយបន្ថែមទៀតនៅខេត្ត Nghe An ភាគកណ្តាល ដែលនេះបង្ហាញថា Foxconn ទំនងជាកាត់ចិត្តពីចិនកាន់តែខ្លាំងហើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រធាន​សមាគម​បាល់ទាត់​ថៃ​ត្រៀមលាលែង​ពី​តំណែង​ ដើម្បីទទួលខុសត្រូវចំពោះបរាជ័យយកមេដាយមាស និងចលាចលក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា

Khmerpress July 1, 2023 01/07/2023

ប្រធាន​សមាគម​បាល់ទាត់​ថៃ (FAT) លោក Somyot Poompanmoung បាន​ប្រកាស​ថា ​លោក​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​លាលែង​ពី​តំណែង​ តាម​សំណើ​របស់​ឧបនាយករដ្ឋមន្ត្រី​ថៃ Prawit Wongsuwan។ ជាមួយគ្នានេះ លោក Somyot នឹងជូនដំណឹងអំពីលទ្ធផល ក៏ដូចជាមូលហេតុនៃការលាលែងពីតំណែងទៅកាន់សហព័ន្ធបាល់ទាត់អាស៊ាន (AFF) សហព័ន្ធបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA)។ មុននេះ នៅក្នុងមហាសន្និបាតគណៈកម្មាធិការអូឡាំពិកថៃ លោក Prawit Wongsuwan បាននិយាយថា ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ លោក Somyot Poompanmoung ត្រូវតែលាលែងពីតំណែង ដើម្បីទទួលខុសត្រូវចំពោះការបរាជ័យរបស់ថៃក្នុងការឈ្នះមេដាយមាសនៅស៊ីហ្គេម ឆ្នាំ២០២៣។ ហើយ​ជម្លោះ​រវាង​កីឡាករ និង​បុគ្គលិក​ នៅ​ស៊ីហ្គេម​ ដែល​កម្ពុជាធ្វើជាម្ចាស់ផ្ទះ ​ធ្វើ​ឱ្យ​ខូច​កេរ្តិ៍ឈ្មោះ​ប្រទេសថៃ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Man Utd ព្រមព្រៀងទិញខ្សែបម្រើ Mount របស់ Chelsea ក្នុងតម្លៃ ៦៩លានដុល្លារ

Naren July 1, 2023 01/07/2023

(ឡុងដ៍)៖ Manchester United បានយល់ព្រមក្នុងការចុះកិច្ចសន្យា នាំយកខ្សែបម្រើសញ្ជាតិអង់គ្លេស Mason Mount មកពីក្លិប Chelsea ក្នុងតម្លៃបឋម ៥៥លានផោន (៦៩លានដុល្លារអាមេរិក)។ នេះបើយោងតាមរបាយការណ៍ ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣។ បិសាចក្រហម នឹងចំណាយប្រាក់បន្ថែម ៥លានផោន អាស្រ័យលើការបង្ហាញខ្លួន និងការលេងបានល្អ របស់កីឡាករ Mount នៅកីឡដ្ឋាន Old Trafford។ នេះបើតាមរបាយការណ៍បានបន្ថែម។ កីឡាករវ័យ ២៤ឆ្នាំ ដែលកិច្ចសន្យារបស់លោកជាមួយតោខៀវ Chelsea នឹងផុតកំណត់នៅឆ្នាំក្រោយនោះ ត្រូវបានគេដឹងថា បានព្រមព្រៀងចុះហត្ថលេខា លើកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយ Manchester United ដោយមានជម្រើសថែម ១ឆ្នាំទៀតផងដែរ។ ការសម្រេចនូវកិច្ចព្រមព្រៀង ជាមួយនឹងកីឡាករ Mount នឹងជួយបង្កើនជម្រើស សម្រាប់អ្នកចាត់ការក្លិប United លោក Erik ten Hag ក្នុងតំបន់បម្រើ។ Mount […]

ក្រុមហ៊ុនទេសចរណ៍ធំបំផុតរបស់ចិន ប្រកាសចំណាយថវិកាសរុប១ពាន់លានយ៉ន់ ដើម្បីលើកទឹកចិត្តឱ្យបុគ្គលិកយកកូន

Khmerpress June 30, 2023 30/06/2023

(ប៉េកាំង)៖ ក្រុមហ៊ុនទេសចរណ៍ចិន Trip.com Group នាថ្ងៃសុក្រនេះ បានប្រកាសថា ខ្លួននឹងផ្តល់ប្រាក់៥០,០០០យ៉ន់ (៦,៨៩៧ដុល្លារ) ដល់បុគ្គលិកសម្រាប់កូនម្នាក់ៗ ដែលពួកគេមាន គិតចាប់ថ្ងៃទី១ ខែកក្កដាតទៅ ខណៈវាគឺជាយុទ្ធនាការដំបូងបំផុត ធ្វើឡើងក្រុមហ៊ុនឯកជនធំមួយនៅប្រទេសចិន ស្របពេលដែលប្រទេសអាស៉ីមួយនេះ កំពុងប្រឈមនឹងចំនួនប្រជាជន ដែលមានវ័យចំណាស់ភាគច្រើន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣។ ក្រុមហ៊ុនខាងលើ ដែលជាភ្នាក់ងារទេសចរណ៍អនឡាញធំបំផុតមួយលើពិភពលោក និងធំបំផុតប្រចាំប្រទេសចិន ជាមួយអ្នកប្រើប្រាស់សរុប ៤០០លាននាក់ បាននិយាយថា ក្រុមហ៊ុននឹងឧបត្ថម្ភថវិកាសម្រាប់បុគ្គលិកដែលជាឪពុក-ម្តាយ ក្នុងចំនួន១០,០០០យ៉ន់ ជារៀងរាល់ឆ្នាំ សម្រាប់រយៈពេល៥ឆ្នាំ សម្រាប់កូនម្នាក់ៗរបស់បុគ្គលិកខ្លួន នៅជុំវិញពិភពលោក ដែលកើតក្រោយយុទ្ធនាការនេះចាប់ផ្តើម។ យោងតាម​ការវាយតម្លៃរបស់ក្រុមហ៊ុន Trip.com Group កម្មវិធីផ្តល់ថវិកាលើកទឹកចិត្តនេះ នឹងត្រូវចំណាយប្រាក់សរុប ១ពាន់លានយ៉ន់ ស្មើ​នឹងខ្ទង់១៣៨លានដុល្លារអាមេរិក។ គួរបញ្ជាក់ថា កាលពីចន្លោះឆ្នាំ១៩៨០ ដល់ឆ្នាំ២០១៥ ប្រទេសចិនបានអនុវត្តគោលនយោបាយ ដែលអនុញ្ញាតឱ្យប្រជាជន អាចមានកូន​តែម្នាក់ប៉ុណ្ណោះក្នុងមួយគ្រួសារ។ កាលពីឆ្នាំ២០២១ អាជ្ញាធរចិនបាននិយាយថា ប្តីប្រពន្ធអាចមានកូនបានរហូតដល់៣នាក់ ក៏ប៉ុន្តែសូម្បី​អំលុងឆ្នាំនៃការបិទខ្ទប់ប្រទេសដោយសារកូវីដ១៩ ក៏ដោយ […]

ការសិក្សាមួយបានរកឃើញថា ការរស់នៅក្បែរតំបន់បៃតងជួយធ្វើឲ្យលោកអ្នកក្មេងជាងវ័យ ២ឆ្នាំកន្លះ

Khmerpress June 30, 2023 30/06/2023

អាមេរិក៖ ការរស់នៅក្បែរតំបន់ដែលមានរុក្ខជាតិបៃតងអាចធ្វើឲ្យលោកអ្នកមានសុខភាពល្អក្មេងជាងវ័យជាង ២ឆ្នាំ នេះបើយោងតាមការសិក្សាមួយដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនានេះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តនៅក្នុងសាលាវេជ្ជសាស្រ្ត Feinberg នៃសាកលវិទ្យាល័យ Northwestern ដែលមានមូលដ្ឋាននៅក្នុងរដ្ឋ Illinois សហរដ្ឋអាមេរិក។ បើតាមលោកសាស្រ្តាចារ្យ Kyeezu Kim ដែលជាអ្នកដឹកនាំការសិក្សាខាងលើនេះបានពន្យល់ថា ការរស់នៅក្បែរ ការស្រូបយក ឬការប៉ះពាល់ជាមួយនឹងបរិយាកាសបៃតងជាប្រចាំបានផ្តល់គុណប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាពសរសៃឈាមបេះដូង ជួយជម្រុញឲ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយ ជួយទប់ស្កាត់ការរងគ្រោះពីរលកកម្តៅ និងជួយកាត់បន្ថយអត្រានៃការស្លាប់មួយផ្នែកផងដែរ។ លោកសាស្រ្តាចារ្យបានបន្តថា គុណប្រយោជន៍ទាំងអស់នេះនឹងជួយធ្វើឲ្យលោកអ្នកមានសុខភាពល្អនិងមើលទៅគឺក្មេងជាងវ័យចំនួន ២ឆ្នាំកន្លះឯណោះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត