ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក នឹងប្រកាសផ្ដល់កញ្ចប់ជំនួយយោធាថ្មីបន្ថែម សម្រាប់អ៊ុយក្រែន

Khmerpress March 3, 2023 03/03/2023

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នឹងប្រកាសពីកញ្ចប់យោធាថ្មីមានទំហំទឹកប្រាក់ជាង ៤០០លានដុល្លារ ក្នុងនោះរួមមានទាំងគ្រាប់រំសេវ សម្រាប់អ៊ុយក្រែន ហើយកញ្ចប់ជំនួយនេះអាចនឹងត្រូវបានប្រកាស នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ​នៅថ្ងៃសុក្រ​ ទី៣ ខែមីនា ឆ្នាំ២០២៣។ កញ្ចប់ជំនួយយោធាថ្មីបន្ថែមសម្រាប់អ៊ុយក្រែន ត្រូវបានគេរំពឹងដែរថានឹងក្លាយជារបៀបវារៈសំខាន់នៅពេលលោកប្រធានាធិបតី ចូ បៃដិន និងអធិការបតីអាល្លឺម៉ង់ ជួបពិភាក្សាការងារនៅឯសេតវិមាន នៅថ្ងៃសុក្រសប្ដាហ៍នេះដែរ។ បើតាមក្រុមមន្ត្រីអាមេរិក កញ្ចប់ជំនួយយោធាថ្មីខាងលើរបស់សហរដ្ឋអាមេរិក អាចនឹងមានដូចជាគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធមីស៊ីល HIMARS គ្រាប់រំសេវសម្រាប់រថពាសដែក ប្រយុទ្ធ Bradley រួមទាំងរថពាសដែកប្រើជាស្ពានចម្លងទៀតផង។ គួរបញ្ជាក់ថា ជំនួយយោធាថ្មីនេះត្រូវបានផ្ដល់មូលនិធិនៅក្រោមច្បាប់ Presidential Drawdown Authority ឬ PDA ដែលអនុញ្ញាតឱ្យប្រធានាធិបតីអាមេរិកអាចដកអាវុធ ឬបញ្ជូនជំនួយយោធាដោយយក ចេញពីឃ្លាំងស្ដុករបស់សហរដ្ឋអាមេរិក ដោយមិនចាំបាច់ឆ្លងកាត់ការអនុម័តពីសភានោះទេ ជាការឆ្លើយតបទៅនឹងភាពអាសន្ន៕ ផ្តល់សិទ្ធិដោយ៖ freshnews

នារីថៃម្នាក់បានកុម្ម៉ង់បាច់លុយទុក surprise មិត្តប្រុសនៅថ្ងៃបញ្ចប់​ការ​សិក្សា ប៉ុន្តែត្រូវអ្នកដឹកជញ្ជូនដឹកទៅបាត់គ្មានស្រមោលរហូតដល់ពេលនេះ

Khmerpress March 3, 2023 03/03/2023

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times បានឱ្យដឹងថា នារី​ជនជាតិថៃម្នាក់​បានបាត់បាច់លុយ ដែលមានតម្លៃជាង ៥០,០០០​ បាត ឬប្រមាណ ១,៥០០ ដុល្លារ បន្ទាប់ពីនាងបានកុម្ម៉ង់បាច់លុយតាម Online ហើយត្រូវអ្នកដឹកជញ្ជូនយកទៅបាត់ស្រមោល។ នារីនោះមានឈ្មោះថា Sunitra Boonyaem បានកុម្ម៉ង់បាច់លុយដែលមានតម្លៃ ៥៣,៥៥០ បាត ដើម្បីជា​កាដូ​ក្នុង​ថ្ងៃ​បញ្ចប់​ការ​សិក្សារបស់មិត្តប្រុស ហើយបានប្រាប់ភាគីអ្នកលក់ឱ្យផ្ញើបាច់លុយដល់ផ្ទះរបស់នាង នៅស្រុក Bang Sao Thong ក្នុងខេត្ត Samut Prakan។ យ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមកនាងមិនបានទទួលបាច់លុយនោះទេ។ ការពិតទៅ ម្ចាស់ហាងបានរៀបចំឱ្យអ្នកដឹកជញ្ជូនយកទំនិញទៅឱ្យនាង Sunitra Boonyaem ហើយអ្នកដឹកជញ្ជូនក៏បានជិះទៅទីតាំងផងដែរ (មើលតាមចំណង GPS) ប៉ុន្តែនៅពេលទៅដល់ទីតាំងគោលដៅ អ្នកដឹកជញ្ជូនម្នាក់នោះបានចុចសញ្ញា «បានទទួលទំនិញ» ទាំងដែលនារីរូបនោះមិនបានទទួលអ្វីនោះទេ។ នាងក៏បានទូរស័ព្ទទៅរកអ្នកដឹកភ្លាមៗ ប៉ុន្តែបុគ្គលនោះបាននិយាយថា មានអ្នកបានទទួលបាច់លុយរួចហើយ។ នាងក៏បានទាមទាររករូបថតបញ្ជាក់ការផ្ដល់ទំនិញ ប៉ុន្តែបុគ្គលនោះបាននិយាយថា គាត់មិនបានថតវាទុកនោះទេ។ បន្ទាប់មកនាង​បានដាក់បណ្ដឹងទៅប៉ុស្ដិ៍ប៉ូលិស ហើយ​ក្រោយ​មកនាងក៏​បានស្នើទំព័រ​ហ្វេសប៊ុក Sai Mai Tong Rot ឱ្យជួយស្វែងរកអ្នកដឹកម្នាក់នោះ ប៉ុន្តែមិនទាន់មានតម្រុយអ្វីនៅឡើយទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Tesla សង់ស្ថានីយ៍សាកថ្មរថយន្តល្បឿនលឿននៅថៃជាលើកដំបូង ដោយសាកថ្មត្រឹម ១៥នាទីអាចជិះបានជាង ៣០០គីឡូម៉ែត្រ

Khmerpress March 2, 2023 02/03/2023

ថៃ៖ ក្រុមហ៊ុន Tesla បានសាងសង់ស្ថានីយ៍សាកថ្មរថយន្តឆាប់រហ័សនៅក្នុងប្រទេសថៃជាលើកដំបូងហើយ ខណៈស្ថានីយ៍ដ៏ទំនើបនេះក៏ជាស្ថានីយ៍ដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ បើយោងទៅតាមការចុះផ្សាយរបស់ ASEAN Skyline បានបញ្ជាក់ថា ស្ថានីយ៍ថ្មីនេះត្រូវបានបង្កើតឡើងនៅឯជាន់ដាក់រថយន្តក្រោមដី នៃអគារពាណិជ្ជកម្ម CentralWorld ដែលស្ថិតនៅកណ្តាលទីក្រុងបាងកក។ ប្រភពខាងលើបានបន្តថា ស្ថានីយ៍សាកថ្មមួយកន្លែងនេះមានឈ្មោះថា First Supercharger Station ដែលមានខ្សែសម្រាប់សាកថ្មចំនួន ៩ផ្សេងគ្នា ដូចនេះគឺវាមានន័យថា​ គេអាចសាកថ្មរថយន្តបានចំនួន ៩គ្រឿងក្នុងពេលដំណាលគ្នា។ ចំណុចដែលគួរចាប់អារម្មណ៍របស់ស្ថានីយ៍សាកថ្មឆាប់រហ័សមួយនេះ គឺគេត្រូវការពេលសាកថ្មត្រឹមតែ ១៥នាទីប៉ុណ្ណោះដើម្បីអនុញ្ញាតឲ្យរថយន្តអាចធ្វើដំណើរបានក្នុងចម្ងាយរហូតដល់ ៣២២គីឡូម៉ែត្រ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោក គីម ជុងអ៊ុន៖ «កូរ៉េខាងជើង ត្រូវតែសម្រេចគោលដៅបង្កើនផលិតភាពកសិកម្ម ដោយគ្មានការបរាជ័យ»

Khmerpress March 2, 2023 02/03/2023

(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំលោក គីម ជុងអ៊ុន បានជំរុញដល់មន្ត្រីរដ្ឋាភិបាលធ្វើឲ្យប្រាកដថានឹងសម្រេចបាន នូវគោលដៅបង្កើនផលិតកម្មគ្រាប់ធញ្ញជាតិរបស់ខ្លួន «ដោយមិនបរាជ័យ» ចំពេលមានរបាយការណ៍ពីការខ្វះខាតស្បៀងអាហាររបស់ទីក្រុងព្យុងយ៉ាង កាន់តែធ្ងន់ធ្ងរទៅៗ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០២៣។ អ្នកនាំពាក្យក្រសួងបង្រួបបង្រួមកូរ៉េ លោក គូ ប្យ៉ុងសុំា (Koo Byoung-sam) បាននិយាយកាលពីខែកុម្ភៈកន្លងទៅនេះថា «យើងអាចវិនិច្ឆ័យពីការខ្វះខាតស្បៀងនៅទីនោះថា ជាបញ្ហាធ្ងន់ធ្ងរ។ ទីក្រុងព្យុងយ៉ាង ហាក់ដូចជាបានស្នើសុំជំនួយស្បៀងអាហារពីកម្មវិធីស្បៀងអាហារពិភពលោកថែមទៀតផង»។ នៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំដ៏សំខាន់របស់គណបក្សកាន់អំណាច កាលពីថ្ងៃពុធសប្តាហ៍នេះ លោក គីម បានគូសបញ្ជាក់ថា «ដើម្បីសម្រេចឲ្យបានការបង្កើនទិន្នផលកសិកម្មទូទាំងប្រទេស គឺគួរតែយកចិត្តទុកដាក់លើការជម្នះភាពយឺតយ៉ាវក្នុងការណែនាំអំពីបច្ចេកទេសកសិកម្ម ហើយសំខាន់ត្រូវផ្តោតលើការបង្កើនទិន្នផលក្នុងមួយហិកតានៅគ្រប់កសិដ្ឋានទាំងអស់»។ គួរបញ្ជាក់ថា កូរ៉េខាងជើង ដែលត្រូវបានចាត់ទុកថាជាប្រទេសឯកោនោះ បានស្ថិតក្រោមការដាក់ទណ្ឌកម្មជាច្រើនលើកម្មវិធីអាវុធរបស់ខ្លួន ជាហេតុដែលត្រូវតស៊ូអស់រយៈពេលជាយូរដើម្បីចិញ្ចឹមប្រជាជនរបស់ខ្លួន។ ក្រោយមកកូរ៉េខាងជើង ក៏ត្រូវទប់ស្កាត់ជំងឺកូវីដ១៩ដោយការដាក់ប្រទេសឲ្យស្ថិតក្រោមវិធានការយ៉ាងតឹងរឹង ចាប់តាំងពីដើមឆ្នាំ២០២០ ហើយទើបតែបន្តធ្វើពាណិជ្ជកម្មឡើងវិញជាមួយប្រទេសចិនកាលពីឆ្នាំ២០២២។ មិនត្រឹមតែប៉ុណ្ណោះប្រទេសមួយនេះ តែងទទួលរងនូវគ្រោះទុរ្ភិក្សជាប្រចាំ ដោយកាលពីឆ្នាំ១៩៩០ បានសម្លាប់មនុស្សរាប់សែននាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

អាមេរិកលក់មីស៉ីលសម្រាប់បំពាក់លើយន្តហោះចម្បាំង F-16 មានតម្លៃសរុប៦១៩លានដុល្លារ ឱ្យកោះតៃវ៉ាន់

Khmerpress March 2, 2023 02/03/2023

(វ៉ាស៉ីនតោន)៖ មន្ទីរបញ្ចកោណបានប្រកាសកាលពីថ្ងៃពុធសប្តាហ៍នេះថា សហរដ្ឋអាមេរិកបានយល់ព្រមឱ្យមានការលក់ មីស៉ីលគិតជាទឹកប្រាក់សរុបស្មើនឹង ៦១៩លានដុល្លារសម្រាប់យន្តហោះចម្បាំង F-16 ទៅកោះតៃវ៉ាន់ ខណៈទង្វើនេះត្រូវគេរំពឹងថា មុខជានឹងនាំឱ្យចិនបញ្ចេញប្រតិកម្មខឹងសម្បារទៀតជាមិនខានឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០២៣។ កញ្ចប់នៃការលក់មីស៉ីលខាងលើ រួមមានមីស៉ីល AGM-88B HARM ចំនួន១០០គ្រាប់, AIM-120C-8 AMRAAM ចំនួន២០០គ្រាប់ ព្រមទាំងសម្ភារ និងមីស៉ីលមិនពិតសម្រាប់ការហ្វឹកហាត់របស់យន្តហោះចម្បាំង F-16 ផងដែរ។ ក្រសួងការពារជាតិអាមេរិក បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា ការលក់មីស៉ីលនេះនឹងជួយជំរុញសមត្ថភាពរបស់តៃវ៉ាន់ ក្នុងការការពារដែនអាកាសរបស់ខ្លួនផ្ទាល់ ក៏ដូចជាសន្តិសុខក្នុងតំបន់ ហើយពង្រឹងសមត្ថភាព​ធ្វើប្រតិបត្តិការរួមគ្នាជាមួយសហរដ្ឋអាមេរិក។ ពាក់ព័ន្ធនឹងការលក់សព្វាវុធខាងលើ ក្រសួងការបរទេសអាមេរិក ក៏បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយផងដែរ ដោយនិយាយថា វាស្របទៅតាម​ច្បាប់ទំនាក់ទំនងតៃវ៉ាន់របស់សហរដ្ឋអាមេរិក និងគោលនយោបាយចិនតែមួយរបស់ទីក្រុងវ៉ាស៉ីនតោន ដែលទទួលស្គាល់ថាប្រទេសចិនគឺមានតែមួយ​គត់។ ចំណែកតៃវ៉ាន់វិញបានសម្តែងការស្វាគមន៍ចំពោះការលក់អាវុធអាមេរិក ដែលជាលើកទីមួយសម្រាប់ឆ្នាំនេះ និងជាលើកទី៩ នៅក្រោមអាណត្តិប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ គួរបញ្ជាក់ថា ទីក្រុងវ៉ាស៉ីនតោនគឺជាខ្នងបង្អែកដ៏សំខាន់បំផុតរបស់ទីក្រុងតៃប៉ិ នៅលើឆាកអន្តរជាតិ ហើយក៏ជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំផងដែរ បើទោះបីជាភាគី​ទាំងពីរ ពុំមានទំនាក់ទំនងការទូតផ្លូវការរវាងគ្នាក៏ដោយ។ ការគាំទ្ររបស់អាមេរិកចំពោះតៃវ៉ាន់នេះហើយ […]

BREAKING: សភាជាតិវៀតណាម បោះឆ្នោតជ្រើសតាំងលោក Vo Van Thuong ជាប្រធានាធិបតីថ្មីជាផ្លូវការ

Khmerpress March 2, 2023 02/03/2023

(ហាណូយ)៖ ប្រធានសភាវៀតណាម លោក វឿង ឌីង ហួយ (Vuong Dinh Hue) បានឱ្យដឹងថាសភាជាតិនៅថ្ងៃព្រហស្បតិ៍នេះបានបោះឆ្នោតជ្រើសរើសតាំង លោក វ៉ូ វ៉ាន់ធឿង (Vo Van Thuong) ជាប្រធានាធិបតីថ្មីនៃប្រទេសវៀតណាមជាផ្លូវការហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០២៣។ ការបោះឆ្នោតជ្រើសតាំងនេះ ធ្វើឡើងនៅក្នុងសម័យប្រជុំវិសាមញ្ញមួយ ដោយសមាជិកសភាវៀតណាមធ្វើការបោះឆ្នោតទទួលស្គាល់លោក ធឿង បន្ទាប់ពីគណបក្សកុម្មុយនិស្ដវៀតណាម បានតែងតាំងលោក ធឿង ជាប្រធានាធិបតីថ្មីកាលពីថ្ងៃពុធ ទី១ ខែមីនានេះ។ ជាមួយគ្នានោះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយវៀតណាម លោក វ៉ូ វ៉ាន់ធឿង ត្រូវបានបោះឆ្នោតជ្រើសរើសតាំងជា ប្រធានាធិបតីថ្មីរបស់វៀតណាម ក្នុងសំឡេងគាំទ្រ ៩៨.៣៨ភាគរយ។ លោក​ ធឿង មានអាយុ៥២ឆ្នាំ ជាសមាជិកវ័យក្មេងជាងគេបង្អស់ នៅក្នុងការិយាល័យនយោបាយដ៏មានឥទ្ធិពលរបស់បក្ស និងត្រូវបានចាត់ទុកជា មនុស្សដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយអគ្គលេខាធិការបក្សគឺលោក ង្វៀន ភូទ្រុង (Nguyen Phu Trong) […]

ឧទ្ធម្ភាគចក្រពេទ្យមួយគ្រឿងបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងបំផុត ខណៈកំពុងហោះហើរនាំយកអ្នកជំងឺម្នាក់ទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ

Khmerpress March 2, 2023 02/03/2023

ហ្វីលីពីន៖ អាជ្ញាធរហ្វីលីពីនកំពុងដាក់ពង្រាយក្រុមអ្នករុករកនិងក្រុមអ្នកជួយជនរងគ្រោះជាច្រើននាក់​ដើម្បីតាមស្វែងរកឧទ្ធម្ភាគចក្រពេទ្យមួយគ្រឿង ដែលបានបាត់ខ្លួនតាំងពីថ្ងៃពុធ ទី១ ខែមីនាម្សិលមិញម្លេះ ខណៈរហូតមកទល់នឹងពេលនេះគេនៅមិនទាន់ទទួលបានតម្រុយណាមួយអំពីឧទ្ធម្ភាគចក្រនោះទាល់តែសោះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែមីនានេះបានបញ្ជាក់ថា នៅក្នុងឧទ្ធម្ភាគចក្រនោះមានផ្ទុកមនុស្សចំនួន ៥នាក់ ដោយក្នុងនោះមានទាំងអ្នកជំងឺម្នាក់ផងដែរ។ ប្រភពខាងលើបានបន្តថា ឧទ្ធម្ភាគចក្រមួយគ្រឿងនេះគឺជាឧទ្ធម្ភាគចក្ររបស់អង្គភាព Philippine Adventist Medical Aviation Services​ ដែលជាស្ថាប័នមិនរកប្រាក់ចំណូលមួយ និងតែងតែជួយសង្គ្រោះជនរងគ្រោះយ៉ាងយកចិត្តទុកដាក់បំផុតនាពេលកន្លងមក។ ការបាត់ខ្លួនកាលពីថ្ងៃម្សិលមិញនេះគឺបានកើតឡើងនៅក្នុងអំឡុងពេលដែលឧទ្ធម្ភាគចក្រព្យាយាមដឹកអ្នកជំងឺពីតំបន់ដាច់ស្រយាលទៅកាន់មន្ទីរពេទ្យទំនើបក្នុងទីក្រុង តែសំណាងអាក្រក់ឧទ្ធម្ភាគចក្របាត់ខ្លួនពេលត្រូវហោះកាត់ឆ្នេរសមុទ្រ Sulu ភាគខាងត្បូងនៃប្រទេសហ្វីលីពីន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ប្រទេសចិនបន្ធូរបន្ថយវិធានការធ្វើតេស្កូវីដ១៩ សម្រាប់អ្នកដំណើរមកពីប្រទេសមួយចំនួន រួមទាំងកម្ពុជា

Naren March 2, 2023 02/03/2023

(ប៉េកាំង)៖ ប្រទេសចិន នៅថ្ងៃពុធនេះបានប្រកាសបន្ធូរបន្ថយវិធានការធ្វើតេស្តរកកូវីដ១៩ សម្រាប់អ្នកដំណើរមកពីប្រទេសមួយចំនួន ដែលក្នុងនោះមានប្រទេសសិង្ហបុរី ម៉ាឡេស៉ី ហ្វីលីពីន កម្ពុជា និងនូវែលសេឡង់ផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣។ ប្រទេសចិន នឹងលែងត្រូវការលទ្ធផលតេស្តពីម៉ាស៉ីន PCR រយៈពេលមិនលើសពី ៤៨ម៉ោងមុនពេលចេញដំណើរទៀតហើយ សម្រាប់អ្នកដំណើរមកពីប្រទេសមួយចំនួនខាងលើនេះ។ ផ្ទុយទៅវិញ អ្នកដំណើរដែលមានសិទ្ធិហោះហើរត្រង់ទៅកាន់ប្រទេសចិន គ្រាន់តែត្រូវធ្វើតេស្តរហ័សមុនពេលឡើងយន្តហោះរយៈពេល ៤៨ម៉ោងប៉ុណ្ណោះ។ អ្នកដំណើរត្រូវបញ្ចូលលទ្ធផលតេស្តអវិជ្ជមានរបស់ពួកគេ ទៅក្នុងគេហទំព័រគយចិន ឬតាមរយៈកម្មវិធី app របស់ពួកគេ។ ដូច្នេះ ក្រុមហ៊ុនអាកាសចរណ៍ នឹងមិនត្រួតពិនិត្យលទ្ធផលតេស្តអវិជ្ជមានរបស់អ្នកដំណើរទៀតទេ។ ក្នុងសេចក្តីជូនដំណឹងមួយរបស់ស្ថានទូតចិនប្រចាំប្រទេសសិង្ហបុរី បានបញ្ជាក់ថា អ្នកដំណើរគឺនៅតែតម្រូវឲ្យធ្វើដំណើរទៅកាន់ប្រទេសចិន ជាមួយនឹងលទ្ធផលតេស្តអវិជ្ជមានដដែល ប៉ុន្តែជាការធ្វើតេស្តរហ័សដោយខ្លួនឯង។ វិធានការទប់ស្កាត់កូវីដ១៩កំពុងត្រូវបានបន្ធូរបន្ថយ ស្របតាមស្ថានភាពបច្ចុប្បន្ននៃការរាតត្បាត និងដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរប្រជាជនទៅវិញទៅមក។ វិធានការនេះក៏ត្រូវបានបន្ធូរបន្ថយផងដែរ សម្រាប់អ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី ថៃ ស្វីស និងរុស្ស៊ី។ គួរបញ្ជាក់ថា បន្ទាប់ពីបិទព្រំដែនដើម្បីទប់ស្កាត់កូវីដ១៩ រយៈពេល៣ឆ្នាំមកនេះ ប្រទេសចិនបានប្រកាសបើកព្រំដែនពេញលេញឡើងវិញ កាលពីចុងខែធ្នូ ឆ្នាំ២០២២។ ក្រោយមក នៅថ្ងៃទី៨ ខែមករា […]

ទីបំផុតទីក្រុងហុងកុង សម្រេចលុបចោលកាតព្វកិច្ចពាក់ម៉ាស ចាប់ពីថ្ងៃទី១ ខែមីនា ក្រោយអនុវត្តអស់រយៈពេល៣ឆ្នាំ

Khmerpress February 28, 2023 28/02/2023

(ហុងកុង)៖ លោក ចន លី (John Lee) អភិបាលទីក្រុងហុងកុងនៃប្រទេសចិន នៅថ្ងៃអង្គារនេះ បានប្រកាសថា ហុងកុងនឹងលុបចោលកាតព្វកិច្ចពាក់ម៉ាស នៅដើមខែក្រោយនេះ ដែលវាត្រូវបានមើលឃើញថា ជាការព្យាយាមទាក់ទាញត្រឡប់មកវិញ នូវអ្នកដំណើរនិងអាជីវកម្ម ហើយស្តារជីវិតរស់នៅធម្មតាឱ្យដូចដើម គិតចាប់តាំងតែពីគោលការណ៍រឹតត្បិតឹងរ៉ឹង ត្រូវបានដាក់ចេញជាលើកដំបូងនៅក្នុងទីក្រុង​មជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ កាលពីជាង៣ឆ្នាំមុន ដើម្បីប្រឆាំងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ លោក លី បាននិយាយថា ការលុបចោលកាតព្ចកិច្ចពាក់ម៉ាស នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃពុធសប្តាហ៍នេះ។ លោកអភិបាលក្រុងហុងកុង បានលើកឡើងយ៉ាង​ដូច្នេះថា «យើងគិតថានេះគឺជាពេលវេលាដ៏សមរម្យបំផុត ដើម្បីធ្វើការសម្រេចចិត្តបែបនេះ។ វាគឺជាសារបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ហុងកុងកំពុងត្រឡប់​ទៅរកភាពប្រក្រតីឡើងវិញ»។ បើតាមលោក លី នៅកន្លែងប្រឈមហានិភ័យខ្ពស់ ដូចជាមន្ទីរពេទ្យជាដើម គឺអ្នកគ្រប់គ្រងអាចសម្រេចដោយខ្លួនឯងថា គួរឬ​មិនគួរតម្រូវឱ្យមានការពាក់ម៉ាស សម្រាប់បុគ្គលិកនិងអ្នកដែលចូលទៅកាន់កន្លែងទាំងនោះ។ គួរបញ្ជាក់ថា ទីក្រុងហុងកុងនិងទីក្រុងម៉ាកាវ សុទ្ធតែបានអនុវត្តគោលនយោបាយសូន្យកូវីដ ដូចទៅនឹងប្រទេសចិនដែរ សម្រាប់រយៈពេល៣ឆ្នាំកន្លងមកនេះ។ ហុងកុងបានចាប់ផ្តើមបន្ធូរបន្ថយវិធានការតឹងរ៉ឹងរបស់ខ្លួនបណ្តើរៗ កាលពីឆ្នាំមុន ប៉ុន្តែកាតព្វកិច្ចពាក់ម៉ាស ត្រូវបានអនុវត្តជាប់ចាប់ពីឆ្នាំ២០២០ រហូតមក។​ រីឯទីក្រុងម៉ាកាវបានប្រកាសកាលពីថ្ងៃទី២៦​ […]

តួគីរងការវាយប្រហារដោយគ្រោះរញ្ជួយដីថ្មីមួយបន្ថែមទៀត ដែលបណ្តាលឲ្យពលរដ្ឋម្នាក់បាត់បង់ជីវិតនិងជាង ១០០នាក់ផ្សេងទៀតរងរបួស

Khmerpress February 28, 2023 28/02/2023

តួគី៖ គ្រោះរញ្ជួយដីបានកើតមាននៅក្នុងប្រទេសតួគីជាថ្មីម្តងទៀតកាលពីថ្ងៃចន្ទ ទី២៧ ខែកុម្ភៈម្សិលមិញ ​នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ គ្រោះរញ្ជួយដីថ្មីនេះបានកើតមាននៅក្នុងកម្រិត ៥,៦ រ៉ិចទ័រ និងបានកើតឡើងនៅក្នុងជ​ម្រៅដី ៦,១៥ គីឡូម៉ែត្រ ហើយវាគឺជាគ្រោះរញ្ជួយដីទី ៣ហើយ បើគិតត្រឹមរយៈពេល ៣សប្តាហ៍ចុងក្រោយនេះ។ ប្រភពខាងលើបានបន្តថា ហេតុការណ៍រញ្ជួយដីដែលបានកើតឡើងកាលពីម្សិលមិញនេះបានផ្តាច់យកជីវិតពលរដ្ឋតួគីម្នាក់ ខណៈពលរដ្ឋចំនួន ១១០នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថា បានរងរបួសធ្ងន់និងស្រាល។ ជាងនេះទៅទៀតគ្រោះរញ្ជួយដីក៏បានបំផ្លាញអគារចំនួន ២៩កន្លែងបន្ថែមទៀតផងដែរ។ គួរបញ្ជាក់ជូនថា ក្នុងហេតុការណ៍រញ្ជួយដីទាំង ៣ដងចុងក្រោយនេះបានសម្លាប់ពលរដ្ឋតួគីនិងស៊ីរីអស់ជាង ៥០,០០០នាក់ ខណៈពលរដ្ឋរាប់លានផ្សេងទៀតកំពុងតែរងផលប៉ះពាល់យ៉ាងខ្លាំងនិងត្រូវការជំនួយផ្នែកមនុស្សធម៌ជាបន្ទាន់ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត