ព័ត៌មានអន្តរជាតិ

BREAKING: ចារកម្មលោកខាងលិច ព្រមានថារុស្ស៊ីមានផែនការបញ្ជូន ទាហានស៊ីឈ្នួល ១,០០០នាក់ ទៅកាន់អ៊ុយក្រែន

Khmerpress March 5, 2022 05/03/2022

(វ៉ាស៊ីនតោន)៖ មន្ត្រីចារកម្មលោកខាងលិចជាន់ខ្ពស់ម្នាក់ បាននិយាយថារុស្ស៊ីមានផែនការបញ្ជូនទាហានស៊ីឈ្នួលបន្ថែម ១,០០០នាក់ ចូលទៅកាន់ ប្រទេសអ៊ុយក្រែន នៅប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្ដាហ៍ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃសៅរ៍ ទី៥ ខែមីនា ឆ្នាំ២០២២។ បើតាមសារព័ត៌មាន CNN មន្ត្រីខាងលើដដែលក៏បានព្រមានដែរថាទីក្រុងម៉ូស្គូ អាចនឹងបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំ ដោយទម្លាក់ គ្រាប់បែកលើទីក្រុងជាច្រើនរបស់អ៊ុយក្រែន ដើម្បីបង្ខំឱ្យទីក្រុងកៀវ ចុះចាញ់ ហើយការវាយប្រហារបែបនេះនឹងធ្វើឱ្យជនស៊ីវិលក្នុងចំនួនដ៏ច្រើន អាច នឹងបាត់បង់ជីវិត។ ក្រុមមន្ត្រីអាមេរិកធ្លាប់បានចោទប្រកាន់ថា ទាហានស៊ីឈ្នួលរបស់រុស្ស៊ីមួយចំនួន បានស្ថិតនៅក្នុងប្រទេសអ៊ុយក្រែនរួចទៅហើយ ដើម្បីចូលរួមក្នុង ប្រតិបត្តិការយោធារបស់លោក ពូទីន៕ ផ្តល់សិទ្ធិដោយ៖ freshnews

លោក ហ្សេលេនស្គី រិះគន់ NATO ថាមិនទាន់បានធ្វើអ្វីសោះ ក្រៅតែពីបញ្ជូនម៉ាស៊ូត ៥០តោនមកឱ្យអ៊ុយក្រែន

Khmerpress March 5, 2022 05/03/2022

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បាននិយាយថាកិច្ចប្រជុំកំពូលរបស់អង្គការ NATO បានបង្ហាញពីភាពទន់ខ្សោយ ហើយថា NATO មិនទាន់បានធ្វើអ្វីទាល់តែសោះ ក្រៅតែពីបញ្ជូនម៉ាស៊ូត ៥០តោនមកឱ្យអ៊ុយក្រែន។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសៅរ៍ ទី៥ ខែមីនា ឆ្នាំ២០២២។ លោក ហ្សេលេស្គី ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសារវីដេអូ នៅថ្ងៃសុក្រសប្ដាហ៍នេះ។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានលើកឡើងដូច្នេះថា «កិច្ចប្រជំកំពូលរបស់អង្គការ NATO នៅថ្ងៃនេះ (ថ្ងៃសុក្រ) គឺជាកិច្ចប្រជុំកំពូលដ៏ទន់ខ្សោយ និងពោរពេញដោយភាពច្របូកច្របល់ ពោលគឺជាកិច្ចប្រជុំកំពូលមួយដែលបង្ហាញថាគ្មាននរណាម្នាក់ចាត់ទុកថាការប្រយុទ្ធដើម្បីសេរីភាពនៅក្នុងតំបន់អឺរ៉ុប គឺជាគោលបំណងទី១»។ លោក ហ្សេលេស្គី ក៏បានចោទប្រកាន់ប្រទេសជាសមាជិក NATO មួយចំនួនផងដែរថាកំពុងបើកភ្លើងបៃតងឱ្យរុស្ស៊ី ចាប់ផ្ដើមទម្លាក់គ្រាប់បែកលើ ទីក្រុង និងភូមិជាច្រើនរបស់អ៊ុយក្រែន បន្ទាប់ពីបដិសេធការបង្កើតតំបន់គ្មានការហោះហើរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

រុស្ស៊ី បិទគេហទំព័រសារព័ត៌មានជាច្រើន ក្នុងនោះរួមមានទាំង BBC និងទូរទស្សន៍អាល្លឺម៉ង់ DW

Khmerpress March 5, 2022 05/03/2022

(មូស្គូ)៖ ទីភ្នាក់ងារឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី បាននិយាយថា ខ្លួនបានសម្រេចចិត្តរឹតត្បិតការចូលទៅកាន់គេហទំព័រនៃប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យមួយចំនួន រួមមានទាំងគេហទំព័ររបស់សារព័ត៌មាន BBC ផងដែរ ទៅតាមសំណើររបស់រដ្ឋអាជ្ញា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Al Jazeera នៅថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២។ បើតាមទីភ្នាក់ងារឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី រូសកុមណាដហ័្សរ (Roskomnadzor)គេហទំព័រផ្សេងទៀតដែលវាត្រូវបានរឹតត្បិតលើ ការចូលប្រើប្រាស់រួមមាន គេហទំព័រព័ត៌មានឯករាជ្យ Meduza, ទូរទស្សន៍អាល្លឺម៉ង់ Deutsche Welle (DW) និងគេហទំព័រជាភាសារុស្សីរបស់ វិទ្យុអាស៊ីសេរីអឺរ៉ុប និងវិទ្យុសេរីភាព Svoboda ដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក៕ ផ្តល់សិទ្ធិដោយ៖ freshnews

រុស្ស៊ី៖ អ្នកចែកចាយព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងកងទ័ព អាចប្រឈមមុខជាប់ពន្ធនាគារ ១៥ឆ្នាំ

Khmerpress March 4, 2022 04/03/2022

(ម៉ូស្គូ)៖ សភារុស្ស៊ី នៅថ្ងៃសុក្រនេះ បានអនុម័តច្បាប់ថ្មីមួយដែលនឹងអាចដាក់ទោសជាប់ពន្ធនាគាររហូតដល់ទៅ ១៥ឆ្នាំ សម្រាប់អ្នកដែល ចែកចាយព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងកងកម្លាំងប្រដាប់អាវុធ ឬកងទ័ព ខណៈទីក្រុងម៉ូស្គូកំពុងចាត់វិធានការវាយបកទៅនឹងព័ត៌មានស្ដីពី សង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២។ ក្រុមមន្ត្រីរុស្ស៊ី បានអះអាងម្ដងហើយម្ដងទៀថាព័ត៌មានក្លែងក្លាយ កំពុងត្រូវបានផ្សព្វផ្សាយដោយបច្ចាមិត្តរបស់រុស្ស៊ី ដូចជាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច ក្នុងចេតនាបង្កចលាចល និងការបែកបាក់នៅក្នុងចំណោមប្រជាជនរុស្ស៊ី។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន សភារុស្ស៊ីបានបញ្ជាក់ដូច្នេះថា «ប្រសិនបើព័ត៌មានក្លែងក្លាយទាំងនោះ បង្កផលវិបាកធ្ងន់ធ្ងរ នោះអ្នកប្រព្រឹត្តនឹងត្រូវជាប់ពន្ធនាគារ១៥ឆ្នាំ»។ លើសពីនេះទៅទៀត បើតាមច្បាប់ថ្មីនេះ រាល់ការចែកចាយព័ត៌មានក្លែងក្លាយ ឬការអំពាវនាវ ជាសាធារណឱ្យមានការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី នឹងត្រូវបានចាត់ទុកថាបទល្មើសព្រហ្មទណ្ឌ៕ ផ្តល់សិទ្ធិដោយ៖ freshnews

លោក ហ្សេលេនស្គី ជំរុញឱ្យមេដឹកនាំពិភពលោករួមគ្នាបញ្ឈប់សកម្មភាពរុស្ស៊ី, មុនពេលគ្រោះមហន្តរាយនុយក្លេអ៊ែរផ្ទុះឡើង

Khmerpress March 4, 2022 04/03/2022

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចោទប្រកាន់រុស្ស៊ីថា មានចេតនាវាយប្រហារលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia បណ្តាលឲ្យអគ្គីភ័យឆាបឆេះយ៉ាងខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២។ នៅក្នុងសុន្ទរកថាជាវីដេអូមួយនៅថ្ងៃសុក្រនេះ លោកក៏បានអំពាវនាវផងដែរដល់បណ្តាមេដឹកនាំជុំវិញពិភពលោក ឱ្យរួមគ្នាបញ្ឈប់សកម្មភាព របស់រុស្ស៉ី មុនពេលមានគ្រោះមហន្តរាយនុយក្លេអ៊ែរកើតឡើង។ «ពេលនេះរថពាសដែករបស់រុស្ស៊ី កំពុងបាញ់ផ្លោងគ្រាប់លើរោងចក្រ ថាមពលនុយក្លេអ៊ែរ ហើយពួកគេរុស្ស៊ីដឹងពីអ្វីដែលពួកគេកំពុងវាយប្រហារ»។ នេះជាការបញ្ជាក់របស់លោក ហ្សេលេនស្គី។ លោក ហ្សេលេនស្គី Zelensky ក៏រំឮកឡើងវិញដែរនូវសោកនាដកម្ម នៅឯរោងនុយក្លេអ៊ែរ Chernobyl និងជនរងគ្រោះទាំងអស់ក្នុង មហន្តរាយនោះ សម្រាប់ប្រជាជនអ៊ុយក្រែន, អឺរ៉ុប និងសម្រាប់មនុស្សទាំងអស់ តើមានជនរងគ្រោះប៉ុន្មាននាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: កងទ័ពរុស្ស៊ី ចូលកាន់កាប់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia របស់អ៊ុយក្រែន

Khmerpress March 4, 2022 04/03/2022

(កៀវ)៖ កងទ័ពរុស្ស៊ីនៅថ្ងៃសុក្រនេះ បានចូលទៅដល់ទីតាំងនៃរោងចក្រថាមពលនុយក្លេអ៊ែរមួយកន្លែង របស់អ៊ុយក្រែនដែលត្រូវបានភ្លើង ឆាបឆេះ ក្រោយការប៉ះទង្គិចគ្នា ពេញមួយយប់ម្សិលមិញ។ នេះបើតាមក្រុមមន្ត្រីអធិការកិច្ចអ៊ុយក្រែន ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២។ ក្រុមមន្ត្រីអ៊ុយក្រែន បានបញ្ជាក់ដូច្នេះថា «ដែនដីនៃរោងចក្រថាមពលនុយក្លេអ៊ែរហ្សាប៉ូរីសហ្ស៊ីយ៉ា (Zaporizhzhia) កំពុងត្រូវបានកាន់កាប់ ដោយកងទ័ពរុស្ស៊ី»។ ហ្សាប៉ូរីសហ្ស៊ីយ៉ា គឺជារោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតនៅក្នុងតំបន់អឺរ៉ុប។ គួរបញ្ជាក់ថា រដ្ឋាភិបាលអ៊ុយក្រែន បានចោទប្រកាន់ថារុស្ស៊ីថា បានវាយប្រហារលើរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា (Zaporizhzhia) ដោយបង្កឱ្យមានអគ្គិភ័យឆាបឆេះ និងការព្រួយបារម្ភពីការលេចធ្លាយសារធាតុវិទ្យុសកម្ម។ ប៉ុន្តែ អគ្គិភ័យត្រូវបានពន្លត់ ហើយ រីឯក្រុមបុគ្គលិកកំពុងបន្តធ្វើប្រតិបត្តិការរ៉េអាក់ទ័រ និងផ្គត់ផ្គង់ថាមពលស្របទៅតាមវិធានការសុវត្ថិភាពជាប្រក្រតី៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រតិបត្តិករកាស៊ីណូ និងហ្គេមនៅកម្ពុជា NagaCorp ប្រកាសផ្អាក​គម្រោងអភិវឌ្ឍន៍រមណីយដ្ឋាន និងល្បែង​ក្នុង​ប្រទេស​រុស្ស៊ី

Khmerpress March 4, 2022 04/03/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia បានឱ្យដឹងថា ប្រតិបត្តិករកាស៊ីណូ និងហ្គេមនៅកម្ពុជា NagaCorp Ltd បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងផ្អាកគម្រោងហ្គេម និងរមណីយដ្ឋានរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីការលុកលុយទៅលើប្រទេសអ៊ុយក្រែន។ ប្រតិបត្តិករកាស៊ីណូ និងហ្គេម បានប្រកាសថា ការអភិវឌ្ឍន៍គម្រោងរមណីយដ្ឋានរបស់ខ្លួននៅទីក្រុង Vladivostok ប្រទេសរុស្ស៊ីនឹងត្រូវផ្អាកដោយគ្មានការកំណត់។ គួររម្លឹកថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានទាក់ទាញទណ្ឌកម្មលោកខាងលិចយ៉ាងធ្ងន់ធ្ងរ និងបានជំរុញឱ្យក្រុមហ៊ុនមួយចំនួនកាត់ទំនាក់ទំនងជាមួយប្រទេសនេះ ដោយការដឹកជញ្ជូនទ្រព្យសម្បត្តិរបស់ពួកគេ ឬបញ្ឈប់ប្រតិបត្តិការតែម្ដង៕ ដោយ៖ ខ្មែរណូត

CDC ថៃព្យាករណ៍ថា តួលេខអ្នកឆ្លងកូវីដ-១៩ នៅថៃអាចកើនដល់ខ្ទង់ ១០០,០០០នាក់ក្នុងមួយថៃក្នុងអំឡុងពេលបុណ្យចូលឆ្នាំនៅខែក្រោយនេះ

Khmerpress March 4, 2022 04/03/2022

ថៃ៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងថៃបានព្យាករណ៍ថា តួលេខអ្នកឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃនៅក្នុងប្រទេថៃអាចនឹងកើនឡើងដល់ខ្ទង់ ១០០,០០០នាក់នៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីថៃនៅពាក់កណ្តាលខែក្រោយនេះឬតាមធម្មតាគេតែងហៅថា “សង្ក្រាន្តថៃ” នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍។ គួររម្លឹកថា តួលេខអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេថៃបានបន្តកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ ដោយបានកើនឡើងពីខ្ទង់ជាង ១ម៉ឺននាក់មកដល់ខ្ទង់ជាង ២ម៉ឺននាក់ក្នុងមួយថ្ងៃ។ សម្រាប់របាយការណ៍នៅក្នុងថ្ងៃសុក្រ ទី៤ ខែកុម្ភៈនេះគឺអាជ្ញាធរសុខាភិបាលថៃបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ២៣,៨៣៤នាក់ និងស្លាប់ ៥៤នាក់។ គិតជាសរុបរួមត្រឹមពេលនេះ តួលេខអ្នកឆ្លងជំងឺកូវីដ-១៩ សរុបនៅក្នុងប្រទេសថៃមានជាង ២,៩ លាននាក់ និងស្លាប់សរុបជាង ២,៣ម៉ឺននាក់ ខណៈតួលេខអ្នកចាក់វ៉ាក់សាំងវិញគឺមានពលរដ្ឋថៃ ៧១,២ %បានចាក់វ៉ាក់សាំងរួចរាល់ចំនួន ២ដូស និងពលរដ្ឋ ២៩,៧% បានចាក់រហូតដល់ដូសជម្រុញ៕ ដោយ៖ ខ្មែរណូត

សហភាពអឺរុប គាំទ្រការផ្តល់សិទ្ធិស្នាក់នៅបណ្ដោះអាសន្ន ដល់ជនភៀសខ្លួនអ៊ុយក្រែន

Khmerpress March 4, 2022 04/03/2022

(ព្រុចសែល)៖ បណ្ដារដ្ឋមន្ត្រីមហាផ្ទៃ នៃប្រទេសជាសមាជិកសហភាពអឺរ៉ុប បានផ្តល់ការគាំទ្រជាឯកច្ឆន្ទ ដល់ផែនការផ្តល់កន្លែងស្នាក់នៅ បណ្តោះអាសន្ន សម្រាប់ពលរដ្ឋអ៊ុយក្រែន ដែលរត់ចេញពីការវាយប្រហាររបស់រុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២។ រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក ហ្សេរ៉ាល់ ដាម៉ាណំាង (Gerald Darmanin) បានពណ៌នាថាការគំាទ្រនេះមានសារៈសំខាន់ និងជាប្រវត្តិសាស្ត្រ ដែលនឹង ផ្តល់សិទ្ធិដល់ពលរដ្ឋអ៊ុយក្រែន ស្រដៀងគ្នានឹងជនភៀសខ្លួនជាផ្លូវការ សម្រាប់រយៈពេលមួយឆ្នាំ ហើយអាចបន្តជាថ្មីទៀតបាន។ វិធានការការពារនឹង ត្រូវអនុវត្តចំពោះពលរដ្ឋអ៊ុយក្រែន និងអ្នកដែលមានសិទ្ធិស្នាក់នៅរយៈពេលវែង ឬស្ថានភាពជនភៀសខ្លួនក្នុងប្រទេសអ៊ុយក្រែន។ ជុំវិញបញ្ហានេះដែរ ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការផ្ទៃក្នុង លោកស្រី អ៊ីលវ៉ា ចូហាន់សុន (Ylva Johansson) បានលើកឡើងថាមនុស្សជិត ១លាននាក់ បានភៀសខ្លួនចេញពីអ៊ុយក្រែន រួចចូលទៅក្នុងទឹកដីសហភាពអឺរ៉ុប តាមរយៈប្រទេសប៉ូឡូញ រូម៉ានី ស្លូវ៉ាគី និងហុងគ្រី។ តែជាមួយគ្នាសហភាពអឺរ៉ុប បានបង្ហាញពីការរួបរួម និងសមត្ថភាព ក្នុងការធ្វើសកម្មភាពដែលមិនធ្លាប់មានពីមុនមក ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

សង្រ្គាមអ៊ុយក្រែន៖ អាមេរិក បង្កើត «ខ្សែទូរស័ព្ទបន្ទាន់ថ្មីមួយ» ជាមួយរុស្ស៊ី ដើម្បីបញ្ចៀសជម្លោះដោយផ្ទាល់

Khmerpress March 4, 2022 04/03/2022

(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក បានបង្កើតខ្សែទូរស័ព្ទបន្ទាន់ថ្មីមួយ ជាមួយក្រសួងការពារជាតិរុស្ស៊ីដើម្បីបញ្ចៀស ការយល់ច្រឡំ ឬជម្លោះយោធាដោយផ្ទាល់ដោយចៃដន្យណាមួយរវាងមហាអំណាចទាំង២ នៅក្នុងតំបន់អឺរ៉ុប ខណៈកងទ័ពរុស្ស៊ីនៅតែបន្តវាយសម្រុក ចូលទឹកដីអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២។ ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើការស្រង់សម្ដីពីមន្ត្រីជាន់ខ្ពស់អាមេរិក ដែលបានប្រាប់ទូរទស្សន៍ NBC ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះជុំវិញការបង្កើតខ្សែទូរស័ព្ទបន្ទាន់ខាងលើ។ មន្ត្រីរូបនេះបានបញ្ជាក់ដូច្នេះថា «ក្រសួងការពារជាតិអាមេរិក ទើបតែបានបង្កើតខ្សែទូរស័ព្ទបន្ទាន់មួយ ជាមួយក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃទី១ ខែមីនាកន្លងទៅនេះ ក្នុងគោលបំណងបង្ការ និងបញ្ចៀសកុំឱ្យមានការយល់ច្រឡំ, ជម្លោះយោធា ឬភាពតានតឹងដោយផ្ទាល់រវាងប្រទេសទាំង២»។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ក៏ធ្លាប់បានបង្កើតខ្សែទូរស័ព្ទក្រហមដោយជោគជ័យជាមួយរុស្ស៊ីផងដែរ កាលពីអតីតកាល ក្នុងនោះរួមមានទាំងអំឡុង សង្រ្គាមនៅស៊ីរី ជាទីដែលទីក្រុងម៉ូស្គូ បានធ្វើអន្តរាគមន៍យោធាគាំទ្ររដ្ឋាភិបាលលោកប្រធានាធិបតី បាស្សា អាល់អាសាដ។ ទីក្រុងវ៉ាស៊ីនតោន បានអះអាងថាមិនមានកងទ័ពអាមេរិកណាម្នាក់នៅក្នុងប្រទេសអ៊ុយក្រែនទេ ប៉ុន្តែអាមេរិក និងប្រទេសជាសមាជិកមួយចំនួនរបស់ NATO កំពុងបារម្ភ ខ្លាចក្រែងសង្រ្គាមនៅអ៊ុយក្រែនរាលដាលឆ្លងហួសព្រំដែន។ បន្ថែមពីលើនេះ សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តរបស់ខ្លួនក៏កំពុងបញ្ជូនជំនួយក្នុងនោះមានទាំងអាវុធ ឱ្យអ៊ុយក្រែនផងដែរ ដែលនេះហើយជាក្ដីបារម្ភ ថាសង្រ្គាមនឹងកាន់តែក្ដៅគគុក ខណៈរុស្ស៊ីបានព្រមានហើយថាអ្នកដែលលូកដៃជួយអ៊ុយក្រែន […]