ព័ត៌មានអន្តរជាតិ

អាមេរិកសម្រេចដាក់ទណ្ឌកម្មចំពោះក្រុមឥស្សរជនរុស្ស៊ីជាច្រើននាក់

Khmerpress March 4, 2022 04/03/2022

កាលពីថ្ងៃព្រហស្បតិ៍ ទី ៣ ខែមីនា ម្សិលមិញនេះ អាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើមហាសេដ្ឋីរុស្ស៊ីដែលជាក្រុមមនុស្សជិតស្និតជាមួយនិងប្រធានាធិបតី ​វ្ល៉ាឌីមៀ ពូទីន ដែលនេះជាការដាក់សម្ពាធចុងក្រោយមួយទៅលើវិមានក្រឹមឡាំងដើម្បីឲ្យបឈ្ឈប់សកម្មភាពឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែន។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ក្រុមមហាសេដ្ឋីទាំងនោះគឺជាមនុស្សសំខាន់ឬអាចហៅថា ជាបេះដូងនៃរបបដឹកនាំរបស់លោកប្រធានាធិបតី ​វ្ល៉ាឌីមៀ ពូទីន ហើយការដាក់ទណ្ឌកម្មនោះក៏សំដៅចំពោះក្រុមគ្រួសារនិងក្រុមការងាររបស់ពួកមហាសេដ្ឋីទាំងអស់នោះផងដែរ។ បើតាមសេចក្តីថ្លែងការរបស់សេតវិមានអាមេរិកបានបញ្ជាក់ថា ក្រុមមហាសេដ្ឋីរុស្ស៊ីនិងសមាជិកគ្រួសាររបស់ពួកគេនឹងត្រូវហាមឃាត់មិនឲ្យធ្វើដំណើរមកអាមេរិក កាត់ចេញពីប្រព័ន្ធហិរញ្ញវត្ថុអាមេរិក និងបង្កកទ្រព្យសម្បត្តិដែលពួកគេកំពុងកាន់កាប់ដូចជា កប៉ាល់ អាផាតមិន លុយកាក់ និងប្រាក់ចំណេញផ្សេងៗដែលគ្មានប្រភពច្បាស់លាស់។ បើតាមលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា គិតត្រឹមពេលនេះអាមេរិកបានសម្រេចដាក់ទណ្ឌកម្មចំពោះក្រុមឥស្សរជនរុស្ស៊ីបានជាង ៥០នាក់ហើយ ខណៈអាមេរិកក៏កំពុងកំបន្តបើការស្រាវជ្រាវដើម្បីកំណត់អត្តសញ្ញាណក្រុមឥស្សរជនរុស្ស៊ីជាច្រើននាក់បន្ថែមទៀតដែលពួកគេកំពុងរស់នៅតាមបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក៕ ដោយ៖ ខ្មែរណូត

BREAKING: អ៊ុយក្រែន ថារោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ត្រូវបានអគ្គិភ័យឆាបឆេះ ក្រោយការវាយប្រហារពីកងទ័ពរុស្ស៊ី

Khmerpress March 4, 2022 04/03/2022

(កៀវ)៖ អាជ្ញាធរអ៊ុយក្រែន បានឱ្យដឹងថារោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា (Zaporizhzhia) បាន និងកំពុងត្រូវបានអគ្គីភ័យឆាបឆេះ នៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីការវាយប្រហាររបស់កងទ័ពរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២។ ថ្លែងនៅក្នុងសារមួយបង្ហោះលើ Twitter រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូលេបា (Dmytro Kuleba) បានបញ្ជាក់ដូច្នេះថា «កងទ័ពរុស្ស៊ី កំពុងបើកការវាយប្រហារចេញពីគ្រប់ទិស លើរោងចក្រ Zaporizhzhia ដែលជារោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតនៅក្នុងតំបន់អឺរ៉ុប។ អគ្គីភ័យកំពុង ឆាបឆេះរួចទៅហើយ»។ បើតាមអាជ្ញាធរអ៊ុយក្រែន ក្រុមអ្នកពន្លត់អគ្គិភ័យមិនទាន់អាចធ្វើប្រតិបត្តិការរបស់ពួកគេបានឡើយទេ ខណៈកងទ័ពរុស្ស៊ីនៅតែបន្តការវាយប្រហារ៕ ផ្តល់សិទ្ធិដោយ៖ freshnews

រុស្ស៉ីប្រកាសផ្អាកការផ្គត់ផ្គង់ម៉ាស៉ីនគ្រាប់រ៉ុក្កែត ឱ្យសហរដ្ឋអាមេរិក ដើម្បីសងសឹកនឹងការដាក់ទណ្ឌកម្ម

Khmerpress March 4, 2022 04/03/2022

(ម៉ូស្គូ)៖ ទីភ្នាក់ងារអវកាសរុស្ស៉ី រ៉ូកូស្មូស (Roscosmos) នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសឱ្យដឹងថា ប្រទេសរុស្ស៉ីសម្រេចបញ្ឈប់ការផ្គត់ផ្គង់ម៉ាស៉ីនគ្រាប់រ៉ុក្កែតទៅកាន់សហរដ្ឋអាមេរិកហើយ ដើម្បីសងសឹកចំពោះការដាក់ទណ្ឌកម្មរបស់អាមេរិក ប្រឆាំងលើរុស្ស៉ីជុំវិញវិបត្តិសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមីនា ឆ្នាំ២០២២។ ប្រធានទីភ្នាក់ងារអវកាសរុស្ស៉ី លោក ឌីមីទ្រី រ៉ូហ្កោហ្ស៉ីន (Dmitry Rogozin) បានបន្ថែមទៀតថា ទីភ្នាក់ងារ Roscosmos ក៏នឹងលែងបន្តផ្តល់សេវាកម្មផ្សេងៗ ដល់ម៉ាស៉ីនគ្រាប់រ៉ុក្កែត ដែលខ្លួនបានប្រគល់ឱ្យអាមេរិក នាពេលកន្លងមកផងដែរ។ មិនតែប៉ុណ្ណោះ បើតាមលោក Rogozin រុស្ស៉ីនឹងបញ្ចប់កិច្ចសហប្រតិបត្តិការជាមួយអាមេរិក ជុំវិញការធ្វើពិសោធន៍នៅស្ថានីយអវកាសអន្តរជាតិ ISS ថែមទៀតផង។ គួរបញ្ជាក់ថា រ៉ុក្កែតសំខាន់ៗចំនួន២ របស់សហរដ្ឋអាមេរិក គឺពឹងផ្អែកលើការប្រើប្រាស់ម៉ាស៉ីនរុញច្រាន ដែលទិញមកពីប្រទេសរុស្ស៉ី។ ក្នុងនោះរួមមានរ៉ុក្កែត អាត់ឡាស់ ហ្វាយ (Atlas V) របស់ក្រុមហ៊ុន ULA ដែលមានតួនាទីចម្បង ក្នុងការបញ្ជូនសម្ភារៈសំខាន់ៗ របស់ក្រសួងការពារជាតិអាមេរិក ក៏ដូចជាបេសកកម្មអវកាសតម្លៃរាប់ពាន់លានដុល្លារ របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ដោយរ៉ុក្កែតនេះ […]

អង់គ្លេសបញ្ជាក់ថា រុស្ស៉ីនៅតែអាចបញ្ជូនប្រេង និងឧស្ម័នទៅឱ្យខ្លួនបាន ព្រោះទណ្ឌកម្មមិនហាមហាត់នោះទេ

Khmerpress March 3, 2022 03/03/2022

(ឡុងដ៍)៖ ក្រសួងដឹកជញ្ជូនអង់គ្លេស កាលពីថ្ងៃពុធសប្តាហ៍នេះ បានឱ្យដឹងថា រុស្ស៉ីនៅតែបន្តបញ្ជូនប្រេងនិងឧស្ម័ន ទៅកាន់ចក្រភពអង់គ្លេសបាន ទោះបីបម្រាមត្រូវបានដាក់លើកប៉ាល់រុស្ស៉ី មិនឱ្យចូលកំពង់ផែអង់គ្លេសក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមីនា ឆ្នាំ២០២២។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ អង់គ្លេសបានអនុម័តច្បាប់មួយ ដែលហាមឃាត់រាល់កប៉ាល់មានជាប់ពាក់ព័ន្ធជាមួយប្រទេសរុស្ស៉ី មិនឱ្យចូលកំពង់ផែរបស់ខ្លួននោះទេ ដែលវាផ្នែកនៃការដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូ ជុំវិញការវាយប្រហារអ៊ុយក្រែន។ ច្បាប់នេះត្រូវអនុវត្តទៅលើកប៉ាល់ទាំងឡាយ ដែលរុស្ស៉ីជាម្ចាស់កម្មសិទ្ធិ, ជាអ្នកធ្វើប្រតិបត្តិការ, ជាអ្នកគ្រប់គ្រង, ជាអ្នកជួល ឬក៏កប៉ាល់ ដែលចុះឈ្មោះ ឬប្រើទង់ជាតិរុស្ស៉ី។ គួរបញ្ជាក់ថា យ៉ាងណាក្តី បើតាមក្រសួងដឹកជញ្ជូនអង់គ្លេស ទណ្ឌកម្មខាងលើផ្តោតតែលើកប៉ាល់ផ្ទាល់ប៉ុណ្ណោះ មិនមែនទៅលើទំនិញរបស់កប៉ាល់ឡើយ ដូច្នេះហើយមិនមានការហាមឃាត់ កប៉ាល់ដែលចុះបញ្ជីនៅប្រទេសផ្សេង ដឹកជញ្ជូនប្រេងនិងឧស្ម័នរុស្ស៉ី ទៅកាន់ចក្រភពអង់គ្លេសនោះទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ទាហាន​រុស្ស៊ី​ម្នាក់បាន​ស្រក់​ទឹក​ភ្នែក នៅពេលពលរដ្ឋអ៊ុយក្រែនឱ្យទូរស័ព្ទតេទៅរកម្ដាយ ដើម្បីបញ្ជាក់ថា «គាត់មិនកើតអ្វីទេ»

Khmerpress March 3, 2022 03/03/2022

នៅក្នុងវីដេអូ​​មួយដែលបានបង្ហោះដោយ Daily Mail បាន​បង្ហាញ​ពី​ទាហាន​រុស្ស៊ី​ម្នាក់ ដែលកំពុង​​ផឹក​តែបណ្ដើរ និងស្រក់ទឹកភ្នែកបណ្ដើរ នៅពេលដែល​ពលរដ្ឋ​អ៊ុយក្រែន ​បាន​ទូរស័ព្ទ​ទៅ​ម្ដាយ​របស់​គាត់​ដើម្បី​ប្រាប់​គាត់​ថា ​គាត់​មិន​បានកើតអី​ទេ បើទោះបីជាភាគីខាងអ៊ុយក្រែនបានចាប់ខ្លួនគាត់ក៏ដោយ។ ពោលគឺទាហានរុស្ស៊ីម្នាក់នោះ បានសារភាពចុះចាញ់ ហើយរូបគេត្រូវបានពលរដ្ឋ និង​រថយន្ត​ជា​ច្រើន ចោមរោមនៅក្នុងហេតុការណ៍នោះ។ ខណៈពេលដែលគាត់កំពុងហូបនំ និងផឹកតែ ដែលពលរដ្ឋអ៊ុយក្រែនបានប្រគល់ឱ្យ ក៏មានស្រ្តីម្នាក់ទៀតបានឱ្យទូរស័ព្ទមកគាត់ ដើម្បីទាក់ទងទៅម្ដាយប្រាប់ពីសុខទុក្ខរបស់គាត់ ទើបបានជាគាត់អួលដើមក ហើយទប់ទឹកភ្នែកមិនជាប់តែម្ដងទៅ។ ទាហានម្នាក់នោះមិន​បាននិយាយ​អ្វី ​ក្រៅ​ពីសម្រួលអារម្មណ៍នៅ​ពេល​គាត់ហូបនំ និង​ផឹកតែ ដែលពលរដ្ឋបានប្រគល់ឱ្យ​ ហើយ​បញ្ចប់​ការទូរស័ព្ទជាមួយម្ដាយ ដោយ​ការ​ថើប​ទៅ​កាន់​ម្ដាយ​របស់​គាត់។ បើតាមវីដេអូដដែលនោះបានបង្ហាញថា រូបគាត់បានហូបនំ និងផឹកតែ ដូចជាមិនបានហូបអាហារគ្រប់គ្រាន់រាប់ថ្ងៃមកហើយ។ គួរឱ្យដឹងដែរថា វីដេអូឃ្លីបនោះបានលេចចេញឡើយ នៅចំពេលដែលមានសេចក្តីរាយការណ៍មកថា ទាហានរុស្ស៊ីខ្លះកំពុងបំផ្លាញរថយន្តខ្លួនឯង ហើយយល់ព្រមចុះចាញ់ ដែលបញ្ជាក់ថា ពួកគេមិនបានត្រូវការសង្គ្រាមរវាងប្រទេសទាំង ២ នោះទេ។ មានទាហានរុស្ស៊ីមួយចំនួនបានយំ និងត្អូញត្អែរពីការខ្វះខាតការផ្គត់ផ្គង់ជាដើម៕ ដោយ៖ ខ្មែរណូត

UN ទាមទារឱ្យរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែនជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ

Khmerpress March 3, 2022 03/03/2022

(យូអិន)៖ ប្រទេសភាគច្រើននៃពិភពលោក បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលទាមទារឱ្យរុស្ស៊ី ដកកងកម្លាំង យោធារបស់ខ្លួនទាំងស្រុងចេញពីអ៊ុយក្រែនជាបន្ទាន់ និងដោយគ្មានលក្ខណ្ឌ។ នេះបើតាមការចេញផ្សាយដោយសារព័តមាន Al Jazeera នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០២២។ ដំណោះស្រាយនេះត្រូវបានអនុម័ត នៅឯសម័យប្រជុំបន្ទាន់ដ៏កម្រនៃមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅក្នុង ទីក្រុងញូយ៉ក) ដោយទទួលបានសំឡេងគាំទ្រពីរដ្ឋចំនួន១៤១ ក្នុងចំណោមរដ្ឋជាសមាជិកទាំង១៩៣ របស់អង្គការសហប្រជាជាតិ។ ប្រទេសចិន, ឥណ្ឌា និងអាហ្រ្វិកខាងត្បូងស្ថិតក្នុងចំណោមប្រទេសចំនួន៣៥ ដែលបានអនុប្បវាទ ខណៈប្រទេសចំនួន៥ គឺប្រទេសអេរីត្រេ កូរ៉េខាងជើង, ស៊ីរី, បេឡារុស បានបោះឆ្នោតប្រឆាំង៕ ផ្តល់សិទ្ធិដោយ៖ freshnews

ធ្ងន់ករហើយ! ធនាគារពិភពលោក ប្រកាសបញ្ឈប់គម្រោងទាំងអស់នៅប្រទេសរុស្ស៊ី និងបេឡារុស្ស

Khmerpress March 3, 2022 03/03/2022

ធានាគារពិភពលោកបាននិយាយកាលពីថ្ងៃពុធ ទី០២ មីនាថា ខ្លួនបានបញ្ឈប់គម្រោងទាំងអស់នៅក្នុងប្រទេសរុស្ស៊ី និងបេឡារុស្ស ដោយការបញ្ឈប់នេះមានប្រសិទ្ធិភាពភ្លាមៗបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និង “អរិភាពប្រឆាំងនឹងប្រជាជនអ៊ុយក្រែន” ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ធនាគារអភិវឌ្ឍន៍ពហុភាគីបាននិយាយថា ខ្លួនមិនបានអនុម័តប្រាក់កម្ចីថ្មីណាមួយ ឬការវិនិយោគនៅក្នុងប្រទេសរុស្ស៊ីចាប់តាំងពីឆ្នាំ២០១៤ ដែលជាឆ្នាំដែលរុស្ស៊ីបញ្ចូលតំបន់គ្រីមេនៃអ៊ុយក្រែន។ ទន្ទឹមនឹងនេះ ធនាគារបាននិយាយថា ខ្លួនមិនបានអនុម័តការផ្តល់ប្រាក់កម្ចីថ្មីដល់បេឡារុស្សទេ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២០ នៅពេលដែលសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើប្រទេសនេះជុំវិញការបោះឆ្នោតប្រធានាធិបតីដែលមានជម្លោះ។ ការសម្រេចចិត្តបញ្ឈប់គម្រោងទាំងអស់នៅក្នុងប្រទេសរុស្ស៊ី និងបេឡារុស្ស បានកើតឡើងមួយថ្ងៃបន្ទាប់ពីមេដឹកនាំធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិបាននិយាយថា ពួកគេកំពុងប្រជែងគ្នាដើម្បីផ្តល់មូលនិធិបន្ថែមរាប់ពាន់លានដុល្លារដល់អ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែខាងមុខនេះ ដោយព្រមានថាសង្រ្គាមអាចនឹងកើតឡើង៕​ ដោយ៖ ខ្មែរណូត

អាមេរិក ចោទរុស្ស៊ីថាកំពុងបំផ្លាញ «សេរីភាពសារព័ត៌មាន» តាមរយៈការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ

Khmerpress March 3, 2022 03/03/2022

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានចោទប្រកាន់រុស្ស៊ីថាកំពុងប្រកាសសង្រ្គាមទាំងស្រុងលើសេរីភាព និងការពិតនៃប្រព័ន្ធផ្សព្វផ្សាយ តាមរយៈ ការបិទសារព័ត៌មានឯករាជ្យ និងដើម្បីរារាំងកុំឱ្យប្រជាជនរុស្ស៊ី ដឹងឮពីសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Al Jazeera នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០២២។ ការចោទប្រកាន់ខាងលើរបស់សហរដ្ឋអាមេរិក ធ្វើឡើងនៅចំពេលដែលបណ្ដាប្រទេសក្នុងសហភាពអឺរ៉ុប នាំគ្នាបិទប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី ក្នុងនោះរួមមានទាំង Sputnik និង RT។ ការបិទនេះត្រូវបានអឺរ៉ុបអះអាងថាជាការទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធនឹងសង្រ្គាម របស់រុស្ស៊ី នៅអ៊ុយក្រែន។ នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ដូច្នេះថា «រដ្ឋាភិបាល រុស្ស៊ី បាន និងកំពុងគាបសង្កត់លើ Twitter Facebook និង Instagram ដែលប្រជាជនរុស្ស៊ី ប្រើប្រាស់ដើម្បីទទួលបានព័ត៌មានឯករាជ្យ និងបញ្ចេញមតិ»។ ក្រសួងការបរទេសអាមេរិក បន្ថែមទៀតថាប្រជាជនរុស្ស៊ីក៏បានប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ដើម្បីភ្ជាប់ពួកគេទៅកាន់ពិភពលោកខាងក្រៅ ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រជាជនក្នុងតំបន់អឺរ៉ុបកណ្ដាល សម្រុកទិញថ្នាំការពារសារធាតុវិទ្យុសកម្ម ក្រោយលោក ពូទីន ដាក់កងកម្លាំងនុយក្លេអ៊ែរប្រុងជើងការ

Khmerpress March 3, 2022 03/03/2022

(វ៉ាសូវី)៖ ប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន និងបទបញ្ជារបស់លោកប្រធានាធិបតី វ្លាឌីមៀ ពូទីន ឱ្យកងកម្លាំងនុយក្លេអ៊ែរស្ថិតនៅក្នុង លក្ខណៈប្រុងជើងការខ្ពស់ត្រៀមខ្លួនប្រយុទ្ធ បាន និងកំពុងបង្កឱ្យមានរលកភ័យខ្លាច នៅក្នុងតំបន់អឺរ៉ុបកណ្ដាល ដោយប្រជាជនមួយចំនួនបាននាំគ្នា សម្រុកទិញថ្នាំអ៉ីយ៉ូឌីន (iodine) ដែលពួកគេជឿថាអាចការពារពួកគេពីសារធាតុវិទ្យុសកម្ម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០២២។ លោក នីកូឡាយ កូស្ដូវ (Nikolay Kostov) ជាប្រធានសម្ព័ន្ធឱសថម្នាក់ក្នុងប្រទេសប៊ុលហ្ការី បានបញ្ជាក់ដូច្នេះថា «នៅក្នុងរយៈពេល ៦ថ្ងៃមកនេះ ឱសថស្ថាននានានៅក្នុងប្រទេសប៊ុលហ្ការី បានលក់ដាច់អស់នូវថ្នាំអ៉ីយ៉ូឌីន (iodine) ដែលពួកគេទុកសម្រាប់លក់រយៈពេលមួយឆ្នាំ។ ចំណែកឯ ឱសថស្ថានមួយចំនួនទៀត ក៏បានលក់ថ្នាំប្រភេទនេះអស់ពីស្ដុកផងដែរ ហើយយើងបានបញ្ជាទិញថ្នាំ iodine បន្ថែម ប៉ុន្តែខ្ញុំបារម្ភខា្លចថាវាមិនគ្រប់ គ្រាន់»។ បន្ថែមពីលើនេះ ប្រជាជនអឺរ៉ុបរាប់ចាប់ប៉ូឡូញ រហូតដល់ប៊ុលហ្ការីក៏ត្រូវបានគេរាយការណ៍ដែរថាបានរៀបចំលិខិតឆ្លងដែន, ចាក់សាំងបំពេញ យានជំនិះរបស់ពួកគេ ដើម្បីត្រៀមភៀសខ្លួនគ្រប់ពេលវេលាក្នុងករណីមានគ្រោះអាសន្នកើតឡើង៕ ផ្តល់សិទ្ធិដោយ៖ freshnews

អ៊ុយក្រែន សុខចិត្តចេញ​លក់មូលបត្របំណុល​សង្គ្រាម ដើម្បីរកប្រាក់ ២៧០លានដុល្លារ គាំទ្រ​វិស័យ​យោធា ខណៈ​ក្បួន​រថយន្ត​រុស្ស៊ី​ដ៏ធំ​បិទ​នៅ​ក្រុង​គៀវ

Khmerpress March 3, 2022 03/03/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន businessinsider បានឱ្យដឹងថា អ៊ុយក្រែន​បាន​ងាក​ទៅ​រក​ហិរញ្ញវត្ថុ​បែប​ប្រពៃណី​ដោយ​ការ​ចេញ​មូលបត្របំណុល​សង្គ្រាម​ ដើម្បី​ឱ្យ​ប្រទេស​អឺរ៉ុប​ខាង​កើត​ជួយផ្តល់​មូលនិធិ​ការពារ​ខ្លួន​ប្រឆាំង​នឹង​លោក Vladimir Putin ខណៈ​កម្លាំង​រុស្ស៊ី​កាន់​តែ​ច្រើន​កៀក​នឹង​ក្រុង Kyiv។ នៅក្នុងការបង្ហោះ LinkedIn ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសអ៊ុយក្រែនបាននិយាយថា ខ្លួនបានដាក់លក់មូលបត្របំណុលយោធាដែលមានតម្លៃ ប្រមាណ ២៧០លានដុល្លារ។ ប្រាក់ចំណូលដែលបានមកពីការលក់នេះបើយោងតាម ​​tweet ពីក្រសួង “នឹងត្រូវបានប្រើដើម្បីបំពេញតម្រូវការរបស់កងកម្លាំងប្រដាប់អាវុធនៃប្រទេសអ៊ុយក្រែន និងដើម្បីធានាការផ្តល់ដោយគ្មានការរំខាននៃតម្រូវការហិរញ្ញវត្ថុរបស់រដ្ឋនៅក្រោមសង្រ្គាម” ។ ការលក់បំណុល បានកើតឡើងនៅពេលដែលក្បួនរថយន្តយោធាប្រវែង ៤០ម៉ាយត្រូវបានគេប្រទះឃើញនៅជិតទីក្រុង Kyiv ខណៈដែលកងកម្លាំងរបស់លោក ពូទីន បានបាញ់ផ្លោងទៅលើរដ្ឋធានីអ៊ុយក្រែន និងកន្លែងផ្សេងទៀតរួមទាំងទីក្រុងធំៗ។ គួរឱ្យដឹងថា ការចេញលក់​មូលបត្របំណុល​សង្គ្រាមគឺជាទង្វើមួយក្នុងចំណោមសកម្មភាពជាច្រើន ដែលអ៊ុយក្រែនបានធ្វើ ដើម្បីផ្តល់មូលនិធិការពារខ្លួនប្រឆាំងនឹងរុស្ស៊ី ដែលបានបើកការឈ្លានពានពេញលក្ខណៈរបស់ខ្លួនកាលពីសប្តាហ៍មុន។ ប្រទេសនេះបានរៃអង្គាសប្រាក់បាន ២៤.១ លានដុល្លារជា bitcoin និង ether ក្នុងចំណោមរូបិយប័ណ្ណគ្រីបតូ និងទ្រព្យសម្បត្តិឌីជីថលផ្សេងទៀត បន្ទាប់ពីគណនី Twitter ផ្លូវការរបស់ខ្លួនបានបង្ហោះអាសយដ្ឋានកាបូបឌីជីថលដែលមនុស្សអាចបរិច្ចាគ។ លើសពីនេះធនាគារកណ្តាលរបស់ប្រទេសនេះ​ ក៏បានបង្កើតគណនីពិសេសមួយសម្រាប់ប្រជាជនជុំវិញពិភពលោកក្នុងការបរិច្ចាគមូលនិធិដើម្បីជួយដល់យោធា៕ ដោយ៖ ខ្មែរណូត