ក្រោយកើតមានគ្រោះរញ្ជួយដីកម្រិត ៧,១រ៉ិចទ័រនៅជប៉ុន មនុស្ស ១៣នាក់បានបាត់បង់ជីវិត និងមួយចំនួនកំពុងបាត់ខ្លួន
ជប៉ុន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៣នាក់បានស្លាប់បាត់បង់ជីវិតក្រោយកើតមានគ្រោះរញ្ជួយដីនៅក្នុងប្រទេសប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៩ ខែកក្កដា។ សូមបញ្ជាក់ជូនថា គ្រោះរញ្ជួយដីដែលបានវាយប្រហារប្រទេសជប៉ុននោះគឺបានកើតឡើងក្នុងកម្រិត ៧,១រ៉ិចទ័រ និងបានកើតឡើងតាំងពីតែថ្ងៃម្សិលមិញម្លេះ។
ភ្លាមៗក្រោយកើតមានគ្រោះរញ្ជួយដីគឺពុំមានរបាយការណ៍ស្តីពីជនរងគ្រោះនោះទេ តែឥទ្ធិពលរបស់គ្រោះរញ្ជួយដីបានបង្កឱ្យមានគ្រោះថ្នាក់ជាច្រើនបានកើតឡើង និងបណ្តាលឱ្យមានអ្នកស្លាប់ជាបន្តបន្ទាប់។ ជាក់ស្តែងឥទ្ធិពលរបស់គ្រោះរញ្ជួយដីបានបណ្តាលឱ្យមានហេតុការណ៍ផ្ទុះហ្គាសនិងបង្កជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅនៅក្នុងផ្សារទំនើបមួយកន្លែងក្នុងទីក្រុង Kumamoto ដែលស្ថិតនៅលើកោះ Kyushu ភាគខាងត្បូង នៃប្រទេសជប៉ុន ហើយបានបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសធ្ងន់ស្រាលជាច្រើននាក់ ខណៈគិតត្រឹមពេលនេះក៏មានមនុស្សមួយចំនួនកំពុងបាត់ខ្លួនផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia