វៀតណាមឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់ ៤រូប ជុំវិញករណីពុករលួយក្នុងការនាំចេញទុរេនទៅប្រទេសចិន
វៀតណាម៖ អាជ្ញាធរវៀតណាមសម្រេចឃាត់ខ្លួនមន្ត្រីចំនួន ៤នាក់ ជុំវិញករណីប្រព្រឹត្តអំពើពុករលួយក្នុងការនាំចេញទុរេនទៅកាន់ប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី ២៩ ខែកក្កដា។ នៅក្នុងចំណោមជនសង្ស័យទាំង ៤នាក់នោះ រួមមាន លោក Hoang Trung ដែលជាអនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងបរិស្ថាន លោក Nguyen Quang Hieu ដែលជាអនុប្រធាននាយកដ្ឋានផលិតកម្មដំណាំនិងការពាររុក្ខជាតិ និង ២រូបផ្សេងទៀតគឺជាមន្ត្រីនៃក្រសួងកសិកម្ម។
ប្រភពខាងលើបានបន្តថា លោក Hoang Trung ត្រូវបានចោទប្រកាន់ពីបទបានទទួលសំណូក ប្រើអំណាចខុសច្បាប់ ចេញគោលនយោបាយខុសច្បាប់ និងបង្កើតអាជ្ញាបណ្ណរង ដើម្បីផ្តល់ផលប្រយោជន៍ផ្តាច់មុខដល់ក្រុមហ៊ុនមួយចំនួន និងរកប្រាក់ចំណេញខុសច្បាប់បានយ៉ាងច្រើន។ គាត់ត្រូវបានឃាត់ខ្លួន និងបណ្តេញចេញពីបក្សកុម្មុយនីស្តវៀតណាម នៅថ្ងៃទី២៨ កក្កដា។ ចំពោះលោក Nguyen Quang Hieu វិញត្រូវបានចោទប្រកាន់ពីបទ បានប្រើអំណាចខុសច្បាប់ និងបានចេញគោលនយោបាយខុសច្បាប់។ ដោយឡែកមន្ត្រីនៃក្រសួងកសិកម្ម ២រូបផ្សេងទៀតត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំឯកសារផ្លូវការ។
បើតាមអាជ្ញាធរវៀតណាមបានបញ្ជាក់ថា សកម្មភាពពុករលួយទាំងអស់នេះបានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ក្រុមកសិករដាំទុរេន អាជីវកម្មនាំចេញ ថវិការដ្ឋ និងកេរ្តិ៍ឈ្មោះវិស័យកសិកម្មវៀតណាមទាំងមូលផងដែរ។ យ៉ាងណាក្តី អាជ្ញាធរវៀតណាមនៅមិនទាន់បញ្ជាក់អំពីទំហំទោស ដែលមានមន្ត្រីម្នាក់ត្រូវទទួលនៅឡើយទេ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time