Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន សន្យាលើកយកបញ្ហាសិទ្ធិមនុស្ស ដាក់នៅលើតុប្រជុំជាមួយលោក វ៉្លាឌីមៀ ពូទីន

BY Khmerpress May 31, 2021
លោក ចូ បៃដិន សន្យាលើកយកបញ្ហាសិទ្ធិមនុស្ស ដាក់នៅលើតុប្រជុំជាមួយលោក វ៉្លាឌីមៀ ពូទីន

(វីលមីងតុន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសន្យានឹងប្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន នៅឯកិច្ចប្រជុំកំពូលរបស់មេដឹកនាំទាំងពីរ ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនាខាងមុខនេះថា ទីក្រុងវ៉ាស៊ីនតោននឹងមិនអនុញ្ញាតឱ្យទីក្រុងម៉ូស្គូ «រំលោភបំពាន» លើសិទ្ធិមនុស្សឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១។

ជំនួបទល់មុខគ្នាជាមួយប្រធានាធិបតីរុស្ស៊ី នឹងកើតឡើងជាលើកដំបូង ចំពេលមហាអំណាចយោធាទាំងពីរ កំពុងមានភាពតានតឹងរវាងគ្នា ដែលមិនធ្លាប់បានជួបប្រទះជាយូរមកហើយ ដោយទីក្រុងវ៉ាស៊ីនតោនបានបង្ហាញមហិច្ឆតា ចង់គាបសង្កត់រុស្ស៊ីបន្ថែម ជាជាងការស្តារទំនាក់ទំនង និងវិស័យនានាដែលប្រេះស្រាំនោះ ឲ្យប្រសើរឡើងវិញ។

លោកប្រធានាធិបតី ចូ បៃដិន បានគូសបញ្ជាក់នៅក្នុងសុន្ទរកថាមួយ នៅមុនកិច្ចប្រជុំកំពូល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែមិថុនាខាងមុខនេះថា «ខ្ញុំនឹងជួបជាមួយលោកប្រធានាធិបតី ពូទីន ក្នុងរយៈពេលពីរទៅបីសប្តាហ៍ខាងមុខទៀត នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីបញ្ជាក់ឲ្យច្បាស់ថា យើងនឹងមិនឈរនូវស្ងៀម និងអនុញ្ញាតឱ្យមានការរំលោភបំពាន ទៅលើសិទ្ធិមនុស្សនោះឡើយ»។

គួរបញ្ជាក់ថា ចាប់តាំងពីចូលកាន់តំណែង លោក ចូ បៃដិន បានដាក់ទណ្ឌកម្មថ្មីៗប្រឆាំងនឹងទីក្រុងម៉ូស្គូ ជុំវិញអ្វីដែលសហរដ្ឋអាមេរិកបានចាត់ទុកថា ប្រទេសរុស្ស៊ីបានបើកការវាយប្រហារផ្នែកព័ត៌មានវិទ្យា ចូលទៅក្នុងក្រុមហ៊ុនដ៏ធំមួយរបស់សហរដ្ឋអាមេរិក សូឡាវីនស៍ (SolarWinds) និងការជ្រៀតជ្រែកម្តងហើយម្តងទៀត ចូលទៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០២០ កន្លងទៅនេះ។ លើសពីនេះទីក្រុងវ៉ាស៊ីនតោន ក៏បានរិះគន់ទីក្រុងម៉ូស្គូយ៉ាងចាស់ដៃចំពោះការបំពុល និងការចាប់ឃុំខ្លួនមេបក្សប្រឆាំងរុស្ស៉ី លោក អេឡិចហ្សៃ ណាវ៉ាល់នី (Alexei Navalny) ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: