ចំណេះដឹង

៥គន្លឹះជោគជ័យពី កញ្ញា អន ម៉ូនីតា និស្សិតខ្មែររៀននៅស្វីស និងយុវជនដ៏ឆ្នើមរបស់កម្ពុជា កំពុងធ្វើឱ្យអន្តរជាតិស្ញើចសរសើរ និងល្បីល្បាញខ្លាំង

BY
Khmerpress
December 12, 2022
៥គន្លឹះជោគជ័យពី កញ្ញា អន ម៉ូនីតា និស្សិតខ្មែររៀននៅស្វីស និងយុវជនដ៏ឆ្នើមរបស់កម្ពុជា កំពុងធ្វើឱ្យអន្តរជាតិស្ញើចសរសើរ និងល្បីល្បាញខ្លាំង

(ភ្នំពេញ)៖ កន្លងមក មហាជនបានជ្រាបរួចមកហើយពីសមត្ថភាពដ៏អស្ចារ្យរបស់កញ្ញា អន ម៉ូនីតា ដែលជានារីមានលក្ខណសម្បត្តិល្អទាំងព្រម ពោលគឺទាំងស្រស់ស្អាត ឆ្លាត ក្លាហាន និងរៀនពូកែ ព្រមទាំងខ្លាំងលើវិស័យកីឡា និងសប្បុរសធម៌ បូករួមជាមួយនឹងគុណធម៌ និងសីលធម៌ខ្ពស់។

សមត្ថភាពដ៏អស្ចារ្យរបស់កញ្ញា អន ម៉ូនីតា បានធ្វើឱ្យមហាជនស្ញប់ស្ញែងជាខ្លាំង និងចាត់ទុកកញ្ញាជានារីពហុជំនាញព្រោះថា ម៉ូនីតា ជានារីវ័យក្មេងដែលខ្លាំងគ្រប់វិស័យ ទាំងផ្នែកសិក្សារៀនសូត្រពូកែគ្រប់មុខវិជ្ជា ជាយុវជនដ៏ឆ្នើមផ្នែកកីឡា ហើយបើងាកមកវិស័យសប្បុរធម៌វិញកញ្ញា អន ម៉ូនីតា ក៏ជាយុវជនគំរូមួយរូប ក្នុងសកម្មភាពសង្គមដ៏គួរឱ្យកោតសរសើរផងដែរ។

លើសពីនេះ កញ្ញាក៏ជាអ្នកជំនួញស្រីវ័យក្មេងថែមទៀត ដោយបច្ចុប្បន្នកញ្ញាគឺជា Founder and Chairwoman of MERLIONSGEYECONSULTANT Co.,ltd។

ទន្ទឹមនឹងការក្លាយជាអ្នកជំនួញស្រីវ័យក្មេងដែលខ្លាំងគ្រប់វិស័យនេះ កញ្ញា អន ម៉ូនីតា បានចែករំលែកគន្លឹះសំខាន់ៗ ៥យ៉ាងនៅក្នុងជីវិត ដើម្បីផ្ដល់ជាគំរូល្អសម្រាប់យុវជនស្រករក្រោយៗអាចយកតម្រាប់តាម៖

*ទី១៖ ក្ដីស្រមៃ៖ នៅពេលដែលយើងស្រឡាញ់អ្វីមួយ សូមកុំឱ្យវានៅត្រឹមជាក្ដីស្រមៃ ត្រូវបង្ហាញឆន្ទៈប្រឹងប្រែងធ្វើឱ្យបានល្អបំផុត និងឱ្យអស់ពីសមត្ថភាព ជៀសវាងការគិតចោលៗ បើស្រឡាញ់អ្វីមួយ ត្រូវតាំងចិត្តធ្វើវាឱ្យបានសម្រេច។

*ទី២៖ កុំអំនួតលើខ្លួនឯង៖ ទោះបីជាយើងពូកែយ៉ាងណា ខ្លាំងយ៉ាងណា ល្អយ៉ាងណាក៏ដោយ ក៏ត្រូវឱនលំទោនជានិច្ច ព្រោះយើងមិនអាចរស់នៅក្នុងសង្គមតែម្នាក់ឯងបានទេ ពោលគឺមនុស្សម្នាក់ៗមានចំណេះជំនាញខុសៗគ្នា យើងគប្បីដាក់ខ្លួនរៀនសូត្រពីគ្រប់មជ្ឈដ្ឋានជុំវិញខ្លួន។

*ទី៣៖ ការស្ដាប់ធម៌៖ ធម៌ជាផ្នែកមួយដ៏សំខាន់នៅក្នុងជីវិតមនុស្សម្នាក់ៗ ដែលអាចដោះស្រាយបញ្ហាផ្លូវចិត្តមួយចំនួនធំ។ ធម៌អាចធ្វើឱ្យយើងចេះរំងាប់ចិត្ត ធ្វើឱ្យយើងកាន់តែរឹងមាំយល់ដឹងពីសច្ចភាពក្នុងជីវិតរស់នៅ មានន័យថាទោះបីជាយើងចេះយ៉ាងណា ពូកែយ៉ាងណា បើគ្មានធម៌ក្នុងខ្លួនដើម្បីដោះស្រាយបញ្ហាផ្សេងៗ អាចធ្វើឱ្យយើងអន្តរាយដល់ខ្លួនឯងទាំងទ្រព្យសម្បត្តិ និងជីវិត។

*ទី៤៖ ការសេពគប់មនុស្ស បើចង់សម្រេចក្ដីស្រមៃ យើងត្រូវចេះជ្រើសរើសសេពគប់មនុស្ស និង មជ្ឈដ្ឋានជុំវិញមួយដែលល្អ មានគុណធម៌ មានសីលធម៌ ជាពិសេសមនុស្សដែលមានក្ដីស្រមៃស្រដៀង ឬដូចយើង កុំសម្លឹងមើលទឹកលុយជាធំ ត្រូវសម្លឹងមើលទឹកចិត្តជាមុន។

*ទី៥៖ អបាយមុខ៖ ជំហានដ៏សំខាន់មួយទៀត ដើម្បីឆ្ពោះទៅរកជីវិតដែលជោគជ័យ យើងគួរចៀសវាងអបាយមុខទាំង ៣ គឺស្រី ស្រា ល្បែង ដែលវាអាចនាំឱ្យយើងវិនាសអន្តរាយមិនអាចសម្រេចគោលដៅបានឡើយ។

ការចែករំលែកគន្លឹះសំខាន់ៗរបស់កញ្ញា អន ម៉ូនីតា គឺធ្វើឡើងក្នុងគោលបំណងចង់បណ្ដុះបណ្ដាលកូនខ្មែរទាំងអស់ ជាពិសេសនារីៗត្រូវធ្វើខ្លួនឱ្យមានតម្លៃ និងមានសមត្ថភាពខ្ពស់អាចរស់នៅដោយឯករាជ្យ ទៅលើផ្នែកហិរញ្ញវត្ថុ អាចចិញ្ចឹមជីវិត ចិញ្ចឹមគ្រួសារដោយមិនចាំបាច់ពឹងពាក់លើមនុស្សប្រុស ហើយធ្វើឱ្យបុរសមើលឃើញពីតម្លៃស្រ្តីខ្មែរថាខ្លាំងកម្រិតណា អាចរស់នៅដោយគ្មានបុរសបាន និងអាចផ្លាស់ប្ដូរផ្នត់គំនិតថាស្រ្តីមានសមត្ថភាព ធ្វើកិច្ចការងារគ្រប់យ៉ាងដូចបុរសដែរ អាចនិយាយបានថា ជានារីដែលបុរសគ្រប់រូបប្រាថ្នាចង់បាន។

សូមរម្លឹកថា និស្សិតឆ្នើមកញ្ញា អន ម៉ូនីតា បានទទួលការកោតស្ងប់ស្ងែងក្រៃលែងជាមួយនឹងសមត្ថភាពលេចធ្លោក្នុងវិស័យសិក្សា ដោយមកដល់ពេលនេះកញ្ញាទទួលបានសញ្ញាបត្រនិទ្ទេស A ព្រមទាំងទទួលបានមេដាយ និងពានរង្វាន់ពីការប្រកួតប្រជែងមិនតិចជាង៧០ច្បាប់នោះឡើយ។ កញ្ញាក៏មានស្នាដៃឆ្នើមក្នុងវិស័យកីឡា និងកិច្ចការសង្គមធម៌ជាច្រើនផងដែរ។

កញ្ញា អន ម៉ូនីតា ធ្លាប់បានថ្លែងថា កញ្ញាធ្លាប់ទទួលបានអាហារូបករណ៍ពីមហាវិទ្យាល័យជាច្រើនកន្លែង ទាំងក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស។

បច្ចុប្បន្ន កញ្ញាកំពុងតែសិក្សានៅសាកលវិទ្យាល័យ គ្រប់គ្រងអាជីវកម្ម និងសណ្ឋាគារ (Business & Hotel Management) ជំនាញ Specialist Hospitality Management ដែលស្ថិតនៅទីក្រុង Luzern ប្រទេសស្វីស ជាប្រទេសដែលមានថ្លៃសិក្សាថ្លៃជាងគេ និងមានសន្តិភាពជាងគេនៅលើពិភពលោក។

និស្សិតខ្មែរដ៏ឆ្នើមរូបនេះបានបន្តថា ទាំងការសិក្សាក្នុងប្រទេសនិងក្រៅប្រទេស កញ្ញាតែងទទួលបានចំណាត់ថ្នាក់លេខ១ប្រចាំសាលា ពោលគឺបាននិទ្ទេស A គ្រប់មុខវិជ្ជា។ ម្យ៉ាងវិញទៀត កញ្ញាក៏តែងតែចូលរួមប្រកួតប្រជែង និងទទួលបានមេដាយ និងពានរង្វាន់ផ្នែកភាសាអង់គ្លេស គណិតវិទ្យា អក្សរសាស្រ្ត ព្រមទាំងទទួលបានសញ្ញបត្រលេខ១ខាងចរិយាសម្បត្តិល្អប្រសើរថែមទៀតផង។

ក្រៅពីភាពលេចធ្លោក្នុងវិស័យសិក្សា យុវតីឆ្នើមរបស់កម្ពុជារូបនេះក៏ប្រសប់នឹងវិស័យកីឡាផងដែរ។ ម៉ូនីតាជាជើងឯករត់ម៉ារ៉ាតុង (Marathon) ដែលប្រកួតប្រជែងជាមួយសាលាល្បីៗ ដូចជា ISPP, Logos, Northbridge, CIA ដោយទទួលបានជ័យលាភីលេខ១, ផ្នែកកីឡាការ៉ាតេ ម៉ូនីតាទទួលបានចំណាត់ថ្នាក់លេខ៣ និងទទួលបានមេដាយពីការប្រកួតកីឡាជាច្រើនទៀត ជាពិសេសបាញ់កាំភ្លើង ជិះសេះ ហែលទឹក ជ្រមុជទឹក វាយកូនបាល់លើតុ និងការប្រណាំងទូកជាដើម។

ទោះបីមមាញឹកនឹងការសិក្សានិងកីឡាយ៉ាងនេះក្ដី កញ្ញា អន ម៉ូនីតា ក៏តែងតែចុះធ្វើសកម្មភាពសង្គមធម៌យ៉ាងផុសផុលផងដែរ។ ដោយសារតែហេតុនេះហើយទើបកញ្ញា អន ម៉ូនីតា បានក្លាយជាយុវជនគំរូនិងទទួលបានពានរង្វាន់អ្នកបង្កើតសន្តិភាពកាលពីឆ្នាំ២០២០ (Peace award Maker 2020) ដែលជាពានរង្វាន់សន្តិភាពសម្រាប់ប្រយោជន៍អ្នកដទៃប្រកបដោយចីរភាពដល់ពិភពលោក។

កញ្ញា ម៉ូនីតា បានបន្ថែមថា មិនថារវល់យ៉ាងណា កញ្ញាតែងតែខិតខំអស់ពីកម្លាំងចិត្តជួយដល់កុមារក្រីក្រឱ្យទទួលបានចំណេះដឹង ជួយផ្ដល់ការអប់រំស្មារតីដល់អ្នកដទៃឱ្យដើរលើវិថីត្រឹមត្រូវប្រកបដោយគុណធម៌។ តាមរយៈកិច្ចការទាំងនេះហើយ កញ្ញា ម៉ូនីតា ក៏បានបង្កើតពាក្យស្លោកផ្ទាល់ខ្លួនមួយដែរថា «ប្រទេសជាតិមួយរីកចម្រើនបាន ចាំបាច់ត្រូវការមានធនធានមនុស្ស ប្រៀបដូចជាមនុស្សយើងអាចរស់នៅបាន ចាំបាច់ត្រូវការបច្ច័យ៤ គឺអាហារ ថ្នាំសង្កូវ ជម្រក និងសម្លៀកបំពាក់» ហើយតែងផ្សព្វផ្សាយពាក្យស្លោកនេះទៅកាន់មនុស្សម្នាជាច្រើន៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: