ចំណេះដឹង

ជំងឺផ្លូវចិត្ត Hoarding Disorder ធ្វើអោយមនុស្សចូលចិត្តរស់នៅក្នុងបន្ទប់ ដែលរាយប៉ាយដូចគំនរសម្រាម ហើយយើងគួរតែជួយពួកគាត់ជាជាងស្តីបន្ទោស

BY
Liny Chan
February 1, 2023
ជំងឺផ្លូវចិត្ត Hoarding Disorder ធ្វើអោយមនុស្សចូលចិត្តរស់នៅក្នុងបន្ទប់ ដែលរាយប៉ាយដូចគំនរសម្រាម ហើយយើងគួរតែជួយពួកគាត់ជាជាងស្តីបន្ទោស

កាលពីពេលថ្មីៗនេះ ករណីនារីវ័យក្មេងម្នាក់ដែលរស់នៅក្នុងបន្ទប់ជួលពោរពេញដោយគំនរសំរាម បានល្បីល្បាញខ្លាំងនៅលើបណ្ដាញសង្គម។ ករណីនេះ មិនមែនមានតែនៅប្រទេសកម្ពុជាយើងទេ គ្រាន់តែមិនសូវសំបូរដូចនៅក្រៅប្រទេស ហើយបើតាមអ្នកវិទ្យាសាស្រ្ត និងការសិក្សាស្រាវជ្រាវ ករណីនេះ គឺជាជំងឺផ្លូវចិត្តម្យ៉ាង ដែលគេហៅថា “hoarding disorder”។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC និងគេទំព័រសុខភាពធំៗជាច្រើន បានឱ្យដឹងថា “hoarding disorder” គឺជាសញ្ញានៃរោគផ្លូវចិត្ត ដែលនាំឱ្យបុគ្គលដែលមានជំងឺនេះ ចូលចិត្តទុក និងពង្រាយរបស់របស់អត់ប្រយោជន៍ ពាសពេញផ្ទះ ឬ បន្ទប់ដូចគំនរសំរាម ដោយពួកគេយល់ថា របស់ទាំងនោះមានតែមួយគត់ និងពួកគេអាចត្រូវការប្រើនៅពេលក្រោយ។ លើសពីនេះ ពួកគេ ទុកវាដើម្បីរម្លឹកអនុស្សាវរីយ៍ ហើយពួកគេចូលចិត្តរស់នៅក្នុងសភាពបែបនេះ ដោយយល់ថាវាមានសុវត្ថិភាព។

តើ ជំងឺផ្លូវចិត្ត “hoarding disorder” បង្ហាញសញ្ញាអ្វីខ្លះ?

អ្នកកើតរោគ “hoarding disorder” ខុសពីអ្នកចូលចិត្តប្រមូលស្តុកទុករបស់ស្រលាញ់ដូចជា តុក្កតា សៀវភៅចាស់ៗ ជាដើម ដែលគេហៅថា “collecting”។ សញ្ញាដែលបញ្ជាក់ថា អ្នកកើត “hoarding disorder” មានដូចជា៖

– ចូលចិត្តប្រមូល របស់របស់ទុក ជាពិសេសរបស់របរមិនចាំបាច់ ដូចជា​ថង់ ជាដើម ឱ្យគរដូចភ្នំ
– ពិបាកចាត់ថ្នាក់ និងរៀបចំទុកដាក់របស់របរ
– ពិបាកក្នុងការសម្រេចចិត្ត
– ពិបាកផ្ចង់អារម្មណ៍ក្នុងការធ្វើកិច្ចការផ្ទះ ដូចជា ចម្អិនអាហារ និងសម្អាតជាដើម
-​ ហួងហែងរបស់របរ ឬ សំរាមដែលបានគរទុក
– មានទំនាក់ទំនងមិនល្អជាមួយមិត្តភក្កិ និងគ្រួសារ

ជាមួយគ្នានេះ បញ្ហាសុខភាពផ្លូវចិត្តមួយចំនួនក៏នាំឱ្យកើតរោគ “hoarding disorder” ដែររួមមាន៖

– ជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ (៥០.៧ ភាគរយ)
– ជំងឺផ្លូវចិត្ត ដូចជាជំងឺវិកលចរិក
– ជំងឺថប់បារម្ភទូទៅ (២៤.៤ ភាគរយ)
– ការភ័យខ្លាចសង្គមខាងក្រៅ (២៣.៥ ភាគរយ)
– ជំងឺមិនអស់មិនហើយ ជាជំងឺម្យ៉ាងដែលចូលចិត្តធ្វើរឿងដដែលៗ (OCD) (១៨ភាគរយ)

ក្នុងករណីខ្លះ “hoarding disorder” ក៏អាចកើតឡើងដោយសារការរស់នៅដោយធ្វេសប្រហែសរបស់ខ្លួនឯងដែរ ដូចជា៖

– ការរស់នៅម្នាក់ឯង
– អ្នកមិនទាន់រៀបការ
– ធ្លាប់មានកុមារភាពខ្វះខាត ទាំងការខ្វះខាតសម្ភារៈ ឬទំនាក់ទំនងមិនល្អជាមួយសមាជិកដទៃទៀតនៃគ្រួសារ
– ប្រវត្តិគ្រួសារដែលមានជំងឺ “hoarding disorder”
– ធំធាត់ឡើងក្នុងផ្ទះដែលគ្មានរបៀបរៀបរយ និងសណ្ដាប់ធ្នាប់ល្អ

ជំងឺ “hoarding disorder” នេះ មិនងាយស្រួលទេក្នុងការព្យាបាល ហើយបច្ចុប្បន្ននេះ ក៏មិនមានថ្នាំដែលត្រូវបានអនុម័តដោយរដ្ឋបាលចំណីអាហារ និងឱសថ (FDA) សម្រាប់ព្យាបាលបញ្ហានេះដែរ។ ប៉ុន្តែបើក្នុងករណីដែលអ្នកសង្ស័យថា ខ្លួនឯងមានជំងឺនេះ ឬ ឃើញអ្នកកើតជំងឺនេះ យើងគួរស្វែងរកអ្នកពិភាក្សា ឬ លើកទឹកចិត្ត៕

អត្ថបទ៖ លីនី
ប្រភព៖ bbc , healthjade

Share This Post: