Mom Me

ទារកកាចយំយប់ មិនងាយគេង ម៉ាក់ប៉ាគួរសាកល្បងលួងតាមវិធីទាំងនេះ

BY
Liny Chan
January 3, 2023
ទារកកាចយំយប់ មិនងាយគេង ម៉ាក់ប៉ាគួរសាកល្បងលួងតាមវិធីទាំងនេះ

ជឿជាក់ថា ម៉ាក់ៗមិនតិចទេដែលសម្រាលកូនហើយជួបបញ្ហាកូនកាចយំយប់ ជាពិសេសពិបាកលួងអោយអូនតូចគេង ។ បញ្ហានេះបើប៉ះអ្នកម៉ាក់ដែលធ្លាប់មានកូនរួច អាចនឹងមិនសូវពិបាកឡើយព្រោះមានបទពិសោធន៍ តែបើប៉ះលើម៉ាក់ៗទើបមានកូនដំបូងវិញប្រាកដជាពិបាកមិនខាន។ ដើម្បីលួងទារកទើបនឹងកើតអោយបាត់យំ និងឆាប់គេង អ្នកម៉ាក់អាចសាកល្បងតាមវិធីទាំង ៥ ខាងក្រោមនេះ៖

១.រក្សាភាពស្ងាត់ ហើយយោគខ្លួនកូន៖ វិធីនេះនឹងជួយអោយទារកបាត់យំភ្លាមៗហើយឆាប់គេងលក់ទៀតផង ដោយតម្រូវឱ្យអ្នកម៉ាកលើកអូនតូចដោយដៃទ្រក្បាលអូនតូចឱ្យផ្អៀង បន្ទាប់មកគ្រវីអូនតូចតិចៗ។

២. ដាក់អូនតូចឱ្យគេងផ្អៀង៖ ដោយសារនៅក្មេងខ្ចី ទារកតែងតែជួបបញ្ហាមិនស្រួលនៅក្នុងក្រពះ ដូចជាបញ្ហារំលាយអាហារជាដើម ដូច្នេះនៅពេលទារកយំអ្នកគួរសាកល្បងដាក់ទារកឱ្យគេងផ្អៀងទៅឆ្វេង ព្រោះវាអាចជួយសម្រួលដល់ក្រពះ ហើយនៅពេលទារកបាត់យំ សឹមដាក់ទារកមកគេងផ្ងារវិញដើម្បីឱ្យគេងលក់ស្រួល និងបានយូរ។​

៣.រុំកូនក្នុងភួយទន់ៗ៖ ការធ្វើបែបនេះ​ ត្រូវបានគេហៅថា “swaddling” ដែលជាទម្លាប់មួយដែលគេតែងតែធ្វើតៗគ្នាច្រើនជំនាន់មកហើយ។ “swaddling” ត្រូវបានគេឱ្យដឹងថា អាចធ្វើឱ្យទារកមានអារម្មណ៍កក់ក្ដៅ និងសុវត្ថិភាព ដូចពួកគេនៅក្នុងផ្ទៃម្ដាយដែរ ដូច្នេះដើម្បីប្រើវិធីនេះលួងកូន អ្នកម៉ាក់ត្រូវការភួយ ឬ កន្សែង ស្ដើងល្មម ហើយទន់ មករុំដោយដាក់ដៃ និងជើងចូលក្នុងឱ្យបានល្អ មួយសន្ទុះក្រោយមកកូននឹងបាត់យំ។

៤. បំបៅកូន៖ ព្យាយាមបំបៅទឹកដោះដល់កូនពេលអូនតូចយំ ព្រោះពេលខ្លះទារកអាចឃ្លានដោយសារហេតុផលមួយចំនួនដែលធ្វើឱ្យកូនរករឿង ហេតុនេះហើយអ្នកម៉ាក់គួរសាកល្បងវិធីនេះជាមុនសិន ព្រោះអូនតូចនឹងបដិសេធបើសិនជាពួកគគេដែលមិនឃ្លាន បន្ទាប់មកចាំជ្រើសរើសប្រើវិធីផ្សេងទៀត។​

៥. បង្កើត White Noise៖ “White Noise” គឺជាសម្លេងដែលទារកតែងតែលឺនៅពេលនៅក្នុងផ្ទៃម្ដាយ។ ពេលលូតលាស់នៅក្នុងស្បូន ទារកតែងតែលឺសម្លេងរបស់សរីរាង្គខាងក្នុងរបស់ម្ដាយដូចជា៖ សំលេងបេះដូងលោត លំហូរឈាម ជាដើម ដូចនេះហើយអ្នកអាចបង្កើតសម្លេងនេះបាន ដោយប្រើឧបករណ៍ដែលគេបង្កើតឡើងសម្រាប់ទារក។ តាមការសិក្សា Archives of Disease in Childhood នៅក្នុងឆ្នាំ១៩៩០ បានរកឃើញថា “White Noise” អាចមានប្រយោជន៍ក្នុងការជួយលួងទារក ដោយក្នុងចំណោមទារកទើបនឹងកើត ៤០នាក់ដែលត្រូវបានសិក្សា ៨០% អាចគេងលក់ក្នុងរយៈពេល ៥នាទីបន្ទាប់ពីពួកគេលឺសំលេង “White Noise” នេះ៕

អត្ថបទ៖ លីនី
ប្រភព៖ mommysmagazine

Share This Post: