Mom Me

អ្នកម្តាយ ឬសមាជិកគ្រួសារគួរយល់ដឹងអំពីវិធីសាស្ត្រខ្លះៗ ក្នុងការងូតទឹកឱ្យទារក!

BY
Naren
January 10, 2023
អ្នកម្តាយ ឬសមាជិកគ្រួសារគួរយល់ដឹងអំពីវិធីសាស្ត្រខ្លះៗ ក្នុងការងូតទឹកឱ្យទារក!

មន្ទីរពេទ្យកាល់ម៉ែត្របានឱ្យដឹងថា បន្ទាប់ពីសម្រាលបុត្ររួច ការងូតទឹកឱ្យទារកនឹងប្រព្រឹត្តទៅជាប្រចាំជារៀងរាល់ថ្ងៃ។ ដូចនេះអ្នកម្តាយ ឬសមាជិកគ្រួសារគួរយល់ដឹងអំពីវិធីសាស្ត្រខ្លះៗ ដើម្បីផ្តល់ភាពងាយស្រួល និងជាអត្ថប្រយោជន៍សម្រាប់ក្រុមគ្រួសារ។ លោកអ្នកអាចត្រៀមលក្ខណៈ និងអនុវត្តដោយខ្លួនឯង តាមលំដាប់និងដំណាក់កាលដូចខាងក្រោម៖

១) ការត្រៀមលក្ខណៈទុកជាមុន៖
ក) សុវត្ថិភាពៈ
– ផ្លូវកាយ(ទារកមិនត្រូវនៅម្នាក់ឯង)
– ផ្លូវចិត្ត(មនុស្សចាស់មានទំនាក់ទំនងជាមួយទារក)
ខ) ផាសុកភាពនិងភាពសុខស្រួលៈ
– កាយវិការថ្នមៗ និយាយលេងជាមួយទារក
– ប្រុងប្រយ័ត្នពេលណាដែលមានភាពត្រជាក់
គ) ការរៀបចំៈ
– សម្ភារគ្រប់គ្រាន់ និងនៅទំនេរ
– ការគោរពអនាម័យ
– កាយវិកា សកម្មភាពសមហេតុសមផល
ឃ) ការថែទាំត្រូវធ្វើឲ្យបានហ្មត់ចត់

២) ការអនុវត្តន៍៖
ក) មុនធ្វើការថែទាំៈ
– គ្រប់សម្ភារទាំងអស់ត្រូវបានរៀបចំក្នុងបន្ទប់ដែលត្រូវងូតទឹក (កាធុនងូតទឹក ទែរម៉ូម៉ែតកំដៅវាស់ទឹកនិងទារក កន្សែង សំលៀកបំពាក់ កន្ទបរបស់ទារក កុំប្រេស សំឡី ធុងសំរាមនៅជិត)
– សម្ភារ និងកន្លែងងូតស្អាត និងត្រូវបានសម្លាប់មេរោគ
– សីតុណ្ហភាពទឹកត្រូវបានត្រួតពិនិត្យ (បើគ្មានទែម៉ូម៉ែត្រសំរាប់វាស់ ត្រូវយកសីតុណ្ហភាពជាមួយផ្នែកខាងក្នុងនៃដើមដៃ)
– បញ្ចូលទឹកនូវ ៣៨ អង្សារសេ (បើចាំបាច់ត្រួតពិនិត្យសីតុណ្ហភាពនៃបន្ទប់)
– ប្រុងប្រយ័ត្នចំពោះគុណភាព និងសីតុណ្ហភាពនៃទឹក

ខ) នៅពេលងូតទឹក:
– លាងដៃមុនការចាប់ផ្តើមថែទាំ
– ជៀសវាងការធ្វើឲ្យទារករងារ (ទារកនៅស្រាតរយៈពេលខ្លីបំផុត)
– លើកដាក់ទារកជាមួយកាយវិការៗថ្នម និងនិយាយជាមួយទារក
– ដកកន្ទបសំអាតកន្លែងគូថបើសិនមានលាមក។ លាងដៃជាមួយសាប៊ូ ឬទឹកអ៊ីដ្រូអាល់កុលលីក
– លាងសំអាតរាងកាយទារកជាមួយសាប៊ូសមស្របបើចាំបាច់
– ជូតសំអាតតាមលំដាប់ដូចនេះ ផ្នត់ ក ឃ្លៀក ខ្នង ពោះ ផ្នត់ក្រលៀន ភ្លៅ(ខាងលើនិងក្រោម) ផ្នែកខាងក្រៅនៃប្រដាប់ភេទ (ទៅពីក្រោមពោះដល់រន្ធគូថ) និងគូថ
– ចាប់ទប់ទារកក្រោមឃ្លៀកឲ្យបានល្អពេលងូតទឹក
– សំងួតឲ្យបានល្អដោយផ្តិតថើៗ ជាពិសេសកន្លែងផ្នត់
– ជូតសំអាតមុខ (ប្រយ័ត្ន ត្រចៀក និងភ្នែក)
– ធ្វើការថែទាំសំអាតផ្ចិត
– ពាក់កន្ទបថ្មីស្អាត
– ពាក់សំលៀកបំពាក់ផ្នែកខាងលើនៃទារក
– បិទកន្ទប និងបញ្ចប់ការពាក់សំលៀកបំពាក់របស់ទារក
– លាងសំអាតដៃដោយសាប៊ូ ឬទឹកអ៊ីដ្រូអាល់កុលលីក (Solution Hydro Alcoolique)

ឃ) ក្រោយពេលងូតទឹកៈ
– ដាក់ទារកក្នុងកន្លែងសមរម្យ និងគ្របកម្រាលស្អាត
– ជូតសម្អាតសម្ភារ និងទីតាំងងូតទឹក
– រៀបទុកដាក់សម្ភារ
– លាងសំអាតដៃ៕ ប្រភព៖ មន្ទីរពេទ្យកាលម៉ែត្រ

Share This Post: