Mom Me

កុមារ អូទីសឹ្សម ភាគច្រើនបង្ហាញរោគសញ្ញាក្នុងអាយុចន្លោះពី១ឆ្នាំ ទៅ ២ឆ្នាំ

BY
Liny Chan
January 5, 2023
កុមារ អូទីសឹ្សម ភាគច្រើនបង្ហាញរោគសញ្ញាក្នុងអាយុចន្លោះពី១ឆ្នាំ ទៅ ២ឆ្នាំ

នាយកសាលាអប់រំពិសេស ក្រុងតាខ្មៅបញ្ជាក់ថា កុមារអូទីស្សឹមភាគច្រើនបង្ហាញរោគសញ្ញាក្នុងអាយុចន្លោះចាប់ពី១ឆ្នាំទៅ២ឆ្នាំដោយយើងអាចមើលដឹងតាមរយៈសកម្មភាពនិងកាយវិការរបស់ពួកគេ។

លោក ចាន់ សារិន នាយកសាលាអប់រំពិសេសក្រុងតាខ្មៅបានប្រាប់វិទ្យុជាតិកម្ពុជាថា អូទីស្សឹមមិនមែនជាជំងឺទេ វាគឺជាប្រភេទពិការភាពនៃការអភិវឌ្ឍន៍ខួរក្បាលនិងផ្លូវចិត្តរបស់កុមារដែលជាហេតុនាំឲ្យប៉ះពាល់ទៅដល់ការលូតលាស់រាងកាយសតិបញ្ញាស្មារតីប៉ះពាល់ផ្នែកទំនាក់ទំនងសង្គមនិងស្ដែងចេញនូវអាកប្បកិរិយាកុមារ។

លោកបន្តថា កុមារអូទីស្សឹមពិបាកក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃរួមមានឪពុកម្ដាយបងប្អូននិងកុមារដទៃដោយបង្ហាញកាយ វិការខុសប្លែកពីមនុស្សធម្មតា។

លោកបន្តទៀតថា កុមារអូទីស្សឹមភាគច្រើនបង្ហាញរោគសញ្ញាក្នុងអាយុចន្លោះពី១ឆ្នាំទៅ២ឆ្នាំដោយយើងអាចតេស្ត ដឹងតាមកាយវិការ ទះដៃ ក្តាប់ដៃ រឹងរូស ស្រែកយំខ្លាំងៗ មិនចេះនិយាយ ឬនិយាយជាសំឡេងសត្វជាដើម។ល។

លោកបញ្ជាក់ថា ទោះបីយើងអាចសម្គាល់កុមារអូទីស្សឹមតាមសកម្ម ភាពប្រចាំថ្ងៃខ្លះៗក៏ដោយ ក៏យើងមិនអាចដឹងច្បាស់ថាកុមារទាំងអស់នោះអូទីសឹ្សមកម្រិតណានោះទេដូច្នេះចាំបាច់បំផុតមាតាបិតាត្រូវយកកូនទៅជួបជាមួយនឹងវេជ្ជបណ្ឌិតជំនាញកុមារឬគ្រូពេទ្យផ្នែកចិត្តសាស្ត្រដើម្បីសាកសួរនិងពិនិត្យឲ្យបានច្បាស់លាស់ទើបការបណ្តុះបណ្តាលគាត់មាន ប្រសិទ្ធភាព ។

សំឡេង:”យើងអាចវិភាគមើលកុមារអូទីស្សឹមបានតាមរយៈការតេស្តតែមិនមែនតេស្តឈាមនោះទេគឺតេស្តពីបំណិនសម្បទាចលនាសម្បទា ចលនាតូច ចលនាធំ និងបំណិនសង្គមផ្សេងៗយើងអាចដឹងថាកុមារនោះមានបញ្ហាអូទីស្សឹមតែយើងផ្ដល់ឱកាសឲ្យអាណាព្យាបាលយកកូនទៅជួបគ្រូពេទ្យជំនាញជាមុនសិន ដើម្បីឲ្យគ្រូពេទ្យបញ្ជាក់ថាកុមារនោះមានអូទីសឹ្សមកម្រិតណាចឹងយើងអាចមើលដឹងតែគេមិនអាចធ្វើតេស្តឈាមដើម្បីបញ្ជាក់ពីរោគសញ្ញានោះទេ”។

លោកនាយកសាលាអប់រំពិសេសក្រុងតាខ្មៅ ក៏បានអំពាវនាវដល់អាណាព្យាបាលទាំងអស់ដែលមានកូនអូទីស្សឹមបើដឹងថាកូនមានអូទីស្សឹមហើយត្រូវបញ្ជូន​កុមារ​មាន​ពិការ​ភាព​​សតិបញ្ញានិងអូទីស្សឹម ទៅ​សាលារៀនឲ្យបានទាន់ពេលវេលាពិសេសក្នុងអំឡុងកុមារមានអាយុ៣ឆ្នាំនឹង​ជួយ​ឱ្យ​ពួក​គេ​​​​ចេះ​ជួយ​ខ្លួន​ឯង អាច​រស់​ក្នុង​សង្គម និង​អាច​ទំនាក់​ទំនង​ជា​មួយ​មនុស្ស​ទូទៅ​​ ដូច​មនុស្ស​ធម្មតា​ដែរ​។ ប៉ុន្តែ​បើ​អាណា​ព្យាបាល​​មិន​បញ្ជូន​កូន ​ឱ្យ​ទៅ​រៀន​នៅ​ក្នុង​សាលា​ទេ ប្រៀបបាននឹង​ធ្វើ​បាប​ខ្លួន​ឯង និង​ធ្វើ​បាប​​កូន​​ពេញ​មួយ​ជីវិតព្រោះកុមារអូទីស្សឹមដែលមានអាយុច្រើនពិបាកក្នុងការកែប្រែឥរិយាបថឱ្យត្រឡប់មកចូលសង្គមវិញដូចកុមារដទៃ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: