ព័ត៌មានជាតិ

ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់អង់គ្លេស ជាង៤០ម៉ឺនដូស ត្រូវបានដឹកមកដល់កម្ពុជាហើយ, ពិធីប្រគល់នឹងធ្វើឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន រសៀលនេះ

BY
Khmerpress
August 5, 2021
ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់អង់គ្លេស ជាង៤០ម៉ឺនដូស ត្រូវបានដឹកមកដល់កម្ពុជាហើយ, ពិធីប្រគល់នឹងធ្វើឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន រសៀលនេះ

ភ្នំពេញ)៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ៤១៥,០០០ដូស ដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនអង់គ្លេស ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាមុននេះហើយ ខណៈដែលពិធីប្រគល់ និងទទួល នឹងធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវេលាម៉ោង២៖៣០នាទីរសៀលថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២១នេះ។

វ៉ាក់សាំងដែលចក្រភពអង់គ្លេសផ្តល់មកកម្ពុជានេះ គឺជាជំនួយទ្វេភាគី ជាការផ្តល់ដោយផ្ទាល់មកកម្ពុជាតែម្តង មិនបានឆ្លងកាត់តាមមជ្ឈមណ្ឌលកូវ៉ាក់នោះឡើយ។ ចក្រភពអង់គ្លេសជាប្រទេសទី៣ហើយ ដែលបានផ្តល់ជំនួយវ៉ាក់សាំងមកកាន់កម្ពុជា ជាលក្ខខណៈទ្វេភាគី បន្ទាប់ពីប្រទេសចិន និងជប៉ុន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានបញ្ជាក់ថា តាមរយៈជំនួយវ៉ាក់សាំងពីប្រទេសជាមិត្ត រួមមានចិន ជប៉ុន និងអង់គ្លេសជាដើមនេះ គឺបានបង្ហាញនូវនយោបាយចម្រុះពណ៌របស់កម្ពុជាជាមួយប្រទេសជាមិត្ត។ មិនមែនមានតែចិន ឬលំអៀងទៅរកចិន ដូចការចោទប្រកាន់មួយចំនួននោះឡើយ។

ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យកាលពីថ្ងៃទី០១ ខែសីហា កន្លងទៅនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា «ពេលនេះលែងនិយាយអីកើតហើយថា ហ៊ុន សែន ស្អីក៏ពឹងចិន ព្រោះជប៉ុន ឱ្យមកក៏យក អាមេរិកឱ្យមកក៏យក អង់គ្លេសឱ្យមកក៏យក អូស្ត្រាលី ឱ្យមកក៏យក ខ្ញុំមិនដែលបដិសេធពីពេលណា។ គ្រាន់តែខ្ញុំដឹងច្បាស់ថា ប្រភពណាជាប្រភពបង្អែក ដែលផ្គត់ផ្គង់ឱ្យយើង ទាំងផ្តល់ជំនួយផង ទាំងទិញបានផង»។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានបញ្ជាក់ដែរថា រាល់ជំនួយវ៉ាក់សាំងទ្វេភាគី គឺសម្តេចនឹងចេញទទួលដោយផ្ទាល់នៅព្រលានយន្តហោះ។
សូមបញ្ជាក់ថា មកដល់ពេលនេះកម្ពុជា ទទួលបានជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពីប្រទេសជាមិត្តរួមមាន៖ ចិន ចំនួន ៣.២លានដូស, ជប៉ុន ១លានដូស និងអង់គ្លេស ៤១៥,០០០ដូស។ កម្ពុជា ក៏ទទួលបានវ៉ាក់សាំងពីមជ្ឈមណ្ឌលកូវ៉ាក់ ចំនួន ១,៣៨៤,១០០ដូស៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: